ដើមកំណើតនិងគោលបំណងនៃអាពាហ៍ពិពាហ៍
«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលថា៖ ‹ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ។ អញនឹងធ្វើឲ្យមានម្នាក់ជាជំនួយសំរាប់ជួយវា›»។—លោកុប្បត្តិ ២:១៨
១, ២. (ក) តើអាពាហ៍ពិពាហ៍បានចាប់ផ្ដើមយ៉ាងដូចម្ដេច? (ខ) តើបុរសស្ត្រីដំបូងច្បាស់ជាបានទទួលស្គាល់អ្វីអំពីអាពាហ៍ពិពាហ៍? (សូមមើលរូបភាពនៅដើមអត្ថបទ)
គឺជាការធម្មតាទេដែលមនុស្សរៀបការ។ ប៉ុន្តែ តើអាពាហ៍ពិពាហ៍បានចាប់ផ្ដើមយ៉ាងដូចម្ដេច ហើយតើអ្វីជាគោលបំណងនៃអាពាហ៍ពិពាហ៍? ការដឹងចម្លើយចំពោះសំណួរទាំងនេះនឹងជួយយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះអាពាហ៍ពិពាហ៍និងពរក្នុងចំណងអាពាហ៍ពិពាហ៍។ ព្រះបានបង្កើតមនុស្សដំបូង ពោលគឺអាដាម ហើយបានសុំគាត់ឲ្យដាក់ឈ្មោះសត្វផ្សេងៗ។ អាដាមបានឃើញថាសត្វទាំងអស់មានគូ «តែមិនឃើញមានជំនួយណាសំរាប់ឲ្យជួយគាត់សោះ»។ ដូច្នេះ ព្រះបានធ្វើឲ្យអាដាមដេកលក់ស៊ប់ ហើយបានដកយកឆ្អឹងជំនីមួយពីគាត់ដើម្បីបង្កើតស្ត្រីម្នាក់។ ព្រះយេហូវ៉ាបាននាំស្ត្រីនេះមកឲ្យអាដាម ហើយនាងបានទៅជាប្រពន្ធរបស់គាត់។ (សូមអាន លោកុប្បត្តិ ២:២០-២៤) យើងអាចឃើញថា អាពាហ៍ពិពាហ៍គឺជាអំណោយមួយពីព្រះយេហូវ៉ា។
២ ច្រើនឆ្នាំក្រោយមក លោកយេស៊ូបានមានប្រសាសន៍ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍នៅសួនអេដែន ដែលថា៖ «បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។ (ម៉ាថាយ ១៩:៤, ៥) ដោយសារព្រះបានយកឆ្អឹងជំនីពីអាដាមដើម្បីបង្កើតស្ត្រីដំបូង គូអាពាហ៍ពិពាហ៍នោះច្បាស់ជាបានទទួលស្គាល់ថាពួកគេជាគូនឹងគ្នា។ ព្រះយេហូវ៉ាមិនចង់ឲ្យប្ដីប្រពន្ធលែងលះគ្នា ឬមានគូលើសពីមួយនៅពេលដំណាលគ្នាឡើយ។
អាពាហ៍ពិពាហ៍គឺជាផ្នែកនៃគោលបំណងរបស់ព្រះយេហូវ៉ា
៣. តើអ្វីជាគោលបំណងដ៏សំខាន់មួយនៃអាពាហ៍ពិពាហ៍?
៣ អាដាមពេញចិត្តនឹងប្រពន្ធរបស់គាត់ណាស់ ហើយក្រោយមកគាត់បានដាក់ឈ្មោះនាងថាអេវ៉ា។ នាងគឺជាជំនួយរបស់គាត់ ហើយនាងមានសមត្ថភាពដែលអាដាមមិនមាន ប៉ុន្តែសមត្ថភាពនោះគឺចាំបាច់ដើម្បីឲ្យក្រុមគ្រួសាររបស់ពួកគេមានជោគជ័យ។ អាដាមនិងអេវ៉ានឹងមានសុភមង្គលជាមួយគ្នាជាប្ដីប្រពន្ធ។ (លោកុប្បត្តិ ២:១៨) គោលបំណងដ៏សំខាន់មួយនៃអាពាហ៍ពិពាហ៍គឺឲ្យមនុស្សមានពេញពាសលើផែនដី។ (លោកុប្បត្តិ ១:២៨) កូនប្រុសនិងកូនស្រីស្រឡាញ់ឪពុកម្ដាយរបស់ពួកគេ ប៉ុន្តែនៅទីបំផុតពួកគេនឹងត្រូវចាកចេញពីពួកគាត់ដើម្បីរៀបការ ហើយមានក្រុមគ្រួសារដោយខ្លួនឯង។ មនុស្សជាតិនឹងបង្កើតកូនឲ្យមានពេញពាសផែនដី ហើយធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន។
៤. តើមានអ្វីកើតឡើងចំពោះអាពាហ៍ពិពាហ៍ដំបូង?
៤ អាពាហ៍ពិពាហ៍ដំបូងលែងមានសុភមង្គល ពេលដែលអាដាមនិងអេវ៉ាមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ «ពស់ដំបូងបង្អស់»ដែលជាមេកំណាចសាថាន បានបោកបញ្ឆោតអេវ៉ាដោយប្រាប់នាងថាការបរិភោគផ្លែពី«ដើមដឹងខុសត្រូវ»នឹងធ្វើឲ្យនាងមានចំណេះដឹងដ៏ពិសេស។ សាថានបានអះអាងថាបើនាងបរិភោគផ្លែពីដើមឈើនោះ នោះនឹងឲ្យនាងសម្រេចចិត្តអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ អេវ៉ាមិនបានគោរពអាដាមដែលជាប្រមុខរបស់នាងទេ ពេលដែលនាងបានសម្រេចចិត្តបរិភោគផ្លែឈើនោះដោយមិននិយាយជាមួយគាត់ជាមុន។ ម្យ៉ាងទៀត អាដាមមិនបានស្ដាប់បង្គាប់ព្រះឡើយ ពេលគាត់ទទួលយកផ្លែឈើពីប្រពន្ធរបស់គាត់។—ការបើកបង្ហាញ ១២:៩; លោកុប្បត្តិ ២:៩, ១៦, ១៧; ៣:១-៦
ដើម្បីធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានជោគជ័យ ប្ដីប្រពន្ធត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួន
៥. តើយើងអាចរៀនអ្វីពីការតបឆ្លើយរបស់អាដាមនិងអេវ៉ាទៅកាន់ព្រះយេហូវ៉ា?
៥ ពេលព្រះយេហូវ៉ាបានសួរពួកគេ អាដាមបានទម្លាក់កំហុសទៅលើប្រពន្ធរបស់គាត់។ គាត់បាននិយាយថា៖ «ស្ត្រីដែលទ្រង់បានប្រទានឲ្យនៅជាមួយនឹងទូលបង្គំ វាឲ្យផ្លែឈើនោះមកទូលបង្គំ ទូលបង្គំក៏ទទួលទានទៅ»។ រីឯអេវ៉ាបានទម្លាក់កំហុសទៅលើសត្វពស់ដែលបានបោកបញ្ឆោតនាង។ (លោកុប្បត្តិ ៣:១២, ១៣) អាដាមនិងអេវ៉ាបានរកលេសចំពោះការមិនស្ដាប់បង្គាប់របស់ពួកគេ ហើយព្រះយេហូវ៉ាបានដាក់ទោសពួកបះបោរទាំងនោះ។ គំរូរបស់ពួកគេគឺជាការព្រមានសម្រាប់យើង! ដើម្បីធ្វើឲ្យចំណងអាពាហ៍ពិពាហ៍បានជោគជ័យ ប្ដីប្រពន្ធត្រូវស្ដាប់បង្គាប់ព្រះយេហូវ៉ា ហើយទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួន។
៦. តើអ្នកនឹងពន្យល់លោកុប្បត្តិ ៣:១៥យ៉ាងដូចម្ដេច?
៦ ទោះជាសាថានបានធ្វើអ្វីក៏ដោយនៅសួនអេដែន ព្រះយេហូវ៉ាបានធ្វើឲ្យប្រាកដថាមនុស្សជាតិមានសេចក្ដីសង្ឃឹមចំពោះពេលអនាគត។ សេចក្ដីសង្ឃឹមនេះគឺមានក្នុងទំនាយដំបូងនៅក្នុងគម្ពីរ។ (សូមអាន លោកុប្បត្តិ ៣:១៥) ទំនាយនោះបានបើកបង្ហាញថា«ពូជ»របស់«ស្ត្រី»នឹងកិនកម្ទេចសាថាន។ ទេវតាដ៏សុចរិតជាច្រើនរូបដែលបម្រើនៅស្ថានសួគ៌មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។ ពួកគាត់គឺប្រៀបដូចជាភរិយារបស់ព្រះយេហូវ៉ា។ លោកនឹងចាត់បុគ្គលម្នាក់ពីចំណោមបុគ្គលវិញ្ញាណទាំងនោះដែលនៅស្ថានសួគ៌ដើម្បី«កិន»មេកំណាច។ ពូជនោះនឹងផ្ដល់លទ្ធភាពឲ្យមនុស្សដែលស្ដាប់បង្គាប់ទទួលអ្វីដែលប្ដីប្រពន្ធដំបូងបានបាត់បង់។ មនុស្សដែលស្ដាប់បង្គាប់នឹងមានឱកាសរស់ជារៀងរហូតនៅផែនដី ដូចគោលបំណងរបស់ព្រះយេហូវ៉ា។—យ៉ូហាន ៣:១៦
៧. (ក) តាំងពីអាដាមនិងអេវ៉ាបានបះបោរ តើអ្វីបានកើតឡើងចំពោះអាពាហ៍ពិពាហ៍? (ខ) តើគម្ពីរតម្រូវអ្វីពីប្ដីនិងប្រពន្ធ?
៧ ការបះបោររបស់អាដាមនិងអេវ៉ាមានឥទ្ធិពលអាក្រក់ទៅលើចំណងអាពាហ៍ពិពាហ៍របស់ពួកគេនិងអាពាហ៍ពិពាហ៍ក្រោយមកទាំងអស់។ ជាឧទាហរណ៍ អេវ៉ានិងស្ត្រីទាំងអស់ដែលជាកូនចៅរបស់នាងទទួលរងការឈឺចាប់ពេលមានផ្ទៃពោះនិងពេលសម្រាលកូន។ ស្ត្រីចង់ទទួលយ៉ាងខ្លាំងនូវសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ពីប្ដីរបស់ពួកគេ ប៉ុន្តែប្ដីត្រួតត្រាលើប្រពន្ធ ហើយដូចដែលយើងឃើញនៅសព្វថ្ងៃនេះជួនកាលពួកគេថែមទាំងប្រើអំពើហិង្សាលើប្រពន្ធ។ (លោកុប្បត្តិ ៣:១៦) ព្រះយេហូវ៉ាតម្រូវឲ្យប្ដីធ្វើជាប្រមុខគ្រួសារដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយលោកតម្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីរបស់ពួកគេ។ (អេភេសូរ ៥:៣៣) ពេលប្ដីប្រពន្ធដែលជាគ្រិស្តសាសនិកសហការគ្នា នោះពួកគេអាចដោះស្រាយបញ្ហាជាច្រើន។
អាពាហ៍ពិពាហ៍ចាប់ពីសម័យអាដាមរហូតដល់សម័យទឹកជំនន់
៨. តើអាពាហ៍ពិពាហ៍មានប្រវត្ដិយ៉ាងណាចាប់ពីសម័យអាដាមរហូតដល់សម័យទឹកជំនន់?
៨ មុនអាដាមនិងអេវ៉ាបានស្លាប់ ពួកគេមានកូនប្រុសនិងកូនស្រី។ (លោកុប្បត្តិ ៥:៤) កាអ៊ីនដែលជាកូនប្រុសច្បងរបស់ពួកគេ បានរៀបការជាមួយនឹងសាច់ញាតិម្នាក់។ ឡាមេកដែលជាកូនចៅរបស់កាអ៊ីនគឺជាបុរសទី១ដែលគម្ពីរបានរៀបរាប់ថាមានប្រពន្ធពីរ។ (លោកុប្បត្តិ ៤:១៧, ១៩) ចាប់ពីសម័យអាដាមរហូតដល់សម័យណូអេ មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ អ្នកខ្លះក្នុងចំណោមអ្នកស្មោះត្រង់ទាំងនោះគឺ អេបិល អេណុក ព្រមទាំងណូអេនិងក្រុមគ្រួសាររបស់គាត់។ នៅសម័យណូអេ គម្ពីរចែងថា៖ «ពួកកូនប្រុសរបស់ព្រះគេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ»។ ដូច្នេះ ពួកគេ«ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»។ ប៉ុន្តែ នេះខុសពីធម្មជាតិ ហើយពួកទេវតានិងស្ត្រីទាំងនោះមានកូនដែលជាមនុស្សធំសម្បើមដ៏ឃោរឃៅដែលបានត្រូវហៅថាពួកនីហ្វីលីម។ ក្នុងអំឡុងពេលនោះ «ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ»។—លោកុប្បត្តិ ៦:១-៥
៩. តើព្រះយេហូវ៉ាបានធ្វើអ្វីចំពោះមនុស្សអាក្រក់នៅសម័យណូអេ ហើយតើយើងគួរទាញមេរៀនយ៉ាងណាពីអ្វីដែលបានកើតឡើងនៅសម័យនោះ?
៩ ព្រះយេហូវ៉ាបានមានប្រសាសន៍ថាលោកនឹងធ្វើឲ្យមានទឹកជំនន់លិចផែនដីដើម្បីបំផ្លាញមនុស្សអាក្រក់ទាំងអស់។ «ណូអេ ដែលជាអ្នកផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»បានប្រាប់មនុស្សទាំងនោះអំពីទឹកជំនន់ដែលនឹងមកដល់។ (ពេត្រុសទី២ ២:៥) ប៉ុន្តែ ពួកគេមិនបានស្ដាប់ណូអេទេ ដោយសារពួកគេរវល់ពេកនឹងកិច្ចការប្រចាំថ្ងៃ ដូចជារៀបការជាដើម។ លោកយេស៊ូបានប្រៀបប្រដូចសម័យណូអេទៅនឹងសម័យយើង។ (សូមអាន ម៉ាថាយ ២៤:៣៧-៣៩) សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនស្ដាប់ដំណឹងល្អអំពីរាជាណាចក្រព្រះដែលយើងផ្សាយទេ។ យើងកំពុងផ្សព្វផ្សាយដំណឹងនេះមុនពិភពលោកដ៏អាក្រក់នេះនឹងត្រូវបំផ្លាញចោល។ តើយើងរៀនអ្វីពីសម័យទឹកជំនន់? យើងមិនគួរឲ្យអ្វីផ្សេងៗដូចជាការរៀបអាពាហ៍ពិពាហ៍និងការមានកូន ទៅជាអ្វីដែលសំខាន់ដល់ម្ល៉េះចំពោះយើង បានជាយើងភ្លេចថាថ្ងៃរបស់ព្រះយេហូវ៉ាជិតមកដល់នោះទេ។
អាពាហ៍ពិពាហ៍ចាប់ពីសម័យទឹកជំនន់រហូតដល់សម័យលោកយេស៊ូ
១០. (ក) តើវប្បធម៌ជាច្រើនមានទស្សនៈយ៉ាងណាអំពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ? (ខ) តើអាប្រាហាំនិងសារ៉ាបានទុកគំរូល្អយ៉ាងណាក្នុងអាពាហ៍ពិពាហ៍របស់ពួកគាត់?
១០ ណូអេមានប្រពន្ធតែម្នាក់ ហើយកូនប្រុសបីនាក់របស់គាត់មានប្រពន្ធតែម្នាក់រៀងៗខ្លួន។ ប៉ុន្តែក្រោយទឹកជំនន់ បុរសជាច្រើននាក់មានប្រពន្ធលើសពីមួយ។ ក្នុងវប្បធម៌ជាច្រើន ការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺជាអ្វីដែលគេបានធ្វើជាទូទៅ ហើយថែមទាំងជាផ្នែកមួយនៃទំនៀមទម្លាប់សាសនាទៀតផង។ ពេលអាប្រាហាំនិងសារ៉ាបានរើទៅស្រុកកាណាន នៅជុំវិញពួកគាត់គឺពោរពេញទៅដោយមនុស្សដែលប្រាសចាកសីលធម៌ដែលមិនឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍។ ព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ា ដោយសារមនុស្សនៅទីនោះបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ អាប្រាហាំគឺខុសគ្នាពីមនុស្សទាំងនោះ។ គាត់គឺជាប្រមុខគ្រួសារដ៏ល្អ ហើយសារ៉ាបានទុកគំរូល្អក្នុងនាមជាប្រពន្ធដែលចុះចូលនឹងប្ដី។ (សូមអាន ពេត្រុសទី១ ៣:៣-៦) អាប្រាហាំបានធ្វើឲ្យប្រាកដថាអ៊ីសាកដែលជាកូនប្រុសរបស់គាត់រៀបការជាមួយនឹងស្ត្រីដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ម្យ៉ាងទៀត អ៊ីសាកក៏បានធ្វើដូច្នេះដែរចំពោះយ៉ាកុបដែលជាកូនប្រុសរបស់គាត់ ហើយកូនប្រុសរបស់យ៉ាកុបបានទៅជាបុព្វបុរសនៃកុលសម្ព័ន្ធ១២របស់អ៊ីស្រាអែល។
១១. តើច្បាប់ម៉ូសេបានការពារជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេច?
១១ ក្រោយមក ព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀង ឬកិច្ចសន្យាមួយជាមួយនឹងប្រជាជាតិអ៊ីស្រាអែល។ លោកបានផ្ដល់ច្បាប់ម៉ូសេឲ្យពួកគេ ហើយច្បាប់នោះបានជួយការពារប្ដីប្រពន្ធក្នុងការគោរពប្រណិប័តន៍របស់ពួកគេចំពោះព្រះយេហូវ៉ា។ ជាឧទាហរណ៍ មានច្បាប់ស្តីអំពីទំនៀមទម្លាប់អាពាហ៍ពិពាហ៍ ដែលរួមមានការមានគូអាពាហ៍ពិពាហ៍លើសពីមួយ ហើយជនជាតិអ៊ីស្រាអែលមិនបានត្រូវអនុញ្ញាតឲ្យរៀបការជាមួយនឹងអ្នកគោរពបូជាព្រះមិនពិតឡើយ។ (សូមអាន ចោទិយកថា ៧:៣, ៤) ពេលមានបញ្ហាធ្ងន់ធ្ងរកើតឡើងក្នុងអាពាហ៍ពិពាហ៍ ពួកបុរសចាស់ទុំបានជួយ។ ម្យ៉ាងទៀត ក៏មានច្បាប់ដែលប្រឆាំងនឹងការផិតក្បត់ ប្រចណ្ឌ និងការសង្ស័យដែរ។ ច្បាប់ម៉ូសេអនុញ្ញាតឲ្យមានការលែងលះគ្នា ប៉ុន្តែមានច្បាប់ដើម្បីការពារគូម្នាក់ៗ។ ជាឧទាហរណ៍ បុរសអាចលែងលះប្រពន្ធរបស់គាត់បានចំពោះ«សេចក្ដីណាដែលមិនគប្បី»។ (ចោទិយកថា ២៤:១) គម្ពីរមិនពន្យល់ថាអ្វីជា«មិនគប្បី»ទេ ប៉ុន្តែប្ដីមិនគួរយកកំហុសតូចតាចធ្វើជាមូលហេតុដើម្បីលែងលះប្រពន្ធរបស់គាត់ឡើយ។—លេវីវិន័យ ១៩:១៨
ចូរស្មោះត្រង់ចំពោះគូរបស់អ្នក
១២, ១៣. (ក) នៅសម័យម៉ាឡាគី តើបុរសខ្លះបានប្រព្រឹត្តយ៉ាងណាទៅលើប្រពន្ធរបស់ពួកគេ? (ខ) សព្វថ្ងៃនេះ បើបុគ្គលម្នាក់ដែលបានទទួលការជ្រមុជទឹកយកប្ដីឬប្រពន្ធរបស់អ្នកឯទៀត តើនឹងមានលទ្ធផលយ៉ាងណា?
១២ នៅសម័យម៉ាឡាគីដែលជាអ្នកប្រកាសទំនាយ ប្ដីជាច្រើននាក់ដែលជាជនជាតិយូដាបានរកលេសគ្រប់បែបយ៉ាងដើម្បីលែងលះប្រពន្ធរបស់ពួកគេ។ បុរសទាំងនោះលែងលះប្រពន្ធរបស់ពួកគេដើម្បីពួកគេអាចរៀបការជាមួយនឹងស្ត្រីវ័យក្មេងជាង ឬស្ត្រីដែលមិនបម្រើព្រះយេហូវ៉ា។ ក្នុងអំឡុងគ្រាដែលលោកយេស៊ូនៅផែនដី បុរសជនជាតិយូដានៅតែលែងលះប្រពន្ធរបស់ពួកគេ«ដោយមូលហេតុអ្វីក៏ដោយ»។ (ម៉ាថាយ ១៩:៣) ព្រះយេហូវ៉ាស្អប់ការលែងលះគ្នាទាំងនោះដែលខុសពីច្បាប់។—សូមអាន ម៉ាឡាគី ២:១៣-១៦
១៣ សព្វថ្ងៃនេះ ភាពមិនស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍មិនបានត្រូវអនុញ្ញាតឲ្យមានក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាឡើយ ហើយរឿងនេះមិនសូវកើតឡើងទេ។ ប៉ុន្តែ ឧបមាថាបុគ្គលម្នាក់ដែលបានទទួលការជ្រមុជទឹក ហើយដែលបានរៀបការបានប្រព្រឹត្តអំពើផិតក្បត់ រួចបានលែងលះដើម្បីរៀបការជាមួយនឹងអ្នកផ្សេង។ បើបុគ្គលនោះមិនបានប្រែចិត្ត នោះគាត់នឹងត្រូវបណ្ដាច់មិត្តភាពដើម្បីរក្សាក្រុមជំនុំឲ្យស្អាតស្អំនិងបរិសុទ្ធ។ (កូរិនថូសទី១ ៥:១១-១៣) បុគ្គលនោះត្រូវ‹ប្រព្រឹត្តយ៉ាងណាដែលបង្ហាញថាគាត់បានប្រែចិត្ត› មុននឹងទទួលគាត់ជាសមាជិកក្រុមជំនុំវិញ។ (លូកា ៣:៨; កូរិនថូសទី២ ២:៥-១០) គ្មានពេលដែលបានត្រូវកំណត់ជាក់លាក់ ដើម្បីឲ្យបុគ្គលនោះអាចត្រូវទទួលស្គាល់ជាសមាជិកក្រុមជំនុំវិញឡើយ។ តាមពិត អ្នកប្រព្រឹត្តអំពើខុសឆ្គងប្រហែលជាត្រូវការមួយរយៈពេល ដូចជាមួយឆ្នាំឬច្រើនជាងដើម្បីបង្ហាញថាគាត់ពិតជាបានប្រែចិត្ត ហើយដើម្បីបានត្រូវទទួលជាសមាជិកក្រុមជំនុំវិញ។ សូម្បីតែនៅពេលនោះក្ដី បុគ្គលនោះនឹងនៅតែត្រូវ«ឈរនៅមុខកន្លែងកាត់ក្ដីរបស់ព្រះ»។—រ៉ូម ១៤:១០-១២
អាពាហ៍ពិពាហ៍ក្នុងចំណោមគ្រិស្តសាសនិក
១៤. តើច្បាប់ម៉ូសេមានគោលបំណងអ្វី?
១៤ ប្រជាជាតិអ៊ីស្រាអែលនៅក្រោមច្បាប់ម៉ូសេអស់រយៈពេលជាង១.៥០០ឆ្នាំ។ ច្បាប់នោះបានជួយរាស្ត្ររបស់ព្រះតាមរបៀបជាច្រើន។ ជាឧទាហរណ៍ ច្បាប់នោះបានផ្ដល់គោលការណ៍ដល់បណ្ដាជនដើម្បីជួយពួកគេដោះស្រាយបញ្ហាក្នុងក្រុមគ្រួសារ។ ម្យ៉ាងទៀត ច្បាប់នោះក៏បានធ្វើជាគ្រូដែលនាំពួកគេទៅដល់មេស្ស៊ីដែរ។ (កាឡាទី ៣:២៣, ២៤) ច្បាប់នោះបានចប់ក្រោយលោកយេស៊ូស្លាប់ ហើយព្រះបានធ្វើការរៀបចំថ្មី។ (ហេប្រឺ ៨:៦) ប៉ុន្តែ មានអ្វីខ្លះដែលបានត្រូវអនុញ្ញាតឲ្យធ្វើនៅក្រោមច្បាប់ម៉ូសេ ដែលគ្រិស្តសាសនិកលែងបានត្រូវអនុញ្ញាតឲ្យធ្វើ។
១៥. (ក) ក្នុងក្រុមជំនុំគ្រិស្តសាសនិក តើមានខ្នាតតម្រាអ្វីសម្រាប់អាពាហ៍ពិពាហ៍? (ខ) តើគ្រិស្តសាសនិកគួរពិចារណាអ្វីខ្លះពេលគិតអំពីការលែងលះគ្នា?
១៥ នៅថ្ងៃមួយ ពួកផារិស៊ីបានសួរលោកយេស៊ូនូវសំណួរអំពីអាពាហ៍ពិពាហ៍។ លោកយេស៊ូបានតបឆ្លើយថាក្រោមច្បាប់ម៉ូសេព្រះយេហូវ៉ាបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលលែងលះគ្នាបាន ទោះជានោះមិនមែនជាអ្វីដែលព្រះចង់ឲ្យធ្វើពីដំបូងក៏ដោយ។ (ម៉ាថាយ ១៩:៦-៨) ចម្លើយរបស់លោកយេស៊ូបានបង្ហាញថាខ្នាតតម្រាដើមដំបូងរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍ គឺជាខ្នាតតម្រាសម្រាប់គ្រិស្តសាសនិក។ (ធីម៉ូថេទី១ ៣:២, ១២) ដោយសារគូអាពាហ៍ពិពាហ៍គឺជា«សាច់ឈាមតែមួយ» នោះពួកគេត្រូវនៅជាមួយគ្នារហូត។ សេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះព្រះយេហូវ៉ានិងចំពោះគ្នាទៅវិញទៅមកនឹងរក្សាពួកគេឲ្យមានសាមគ្គីភាព។ គូអាពាហ៍ពិពាហ៍ដែលលែងលះគ្នាដោយមិនមានអ្នកណាម្នាក់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទមិនអាចរៀបការជាមួយអ្នកផ្សេងបានទេ។ (ម៉ាថាយ ១៩:៩) បុគ្គលម្នាក់អាចសម្រេចចិត្តអភ័យទោសឲ្យគូដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ តែបានប្រែចិត្ត។ នេះគឺដូចហូសេដែលជាអ្នកប្រកាសទំនាយ បានអភ័យទោសឲ្យកូមើរដែលជាប្រពន្ធរបស់គាត់ដែលបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ហើយពេលដែលព្រះយេហូវ៉ាបានអភ័យទោសឲ្យជនជាតិអ៊ីស្រាអែលដែលបានប្រែចិត្ត។ (ហូសេ ៣:១-៥) ម្យ៉ាងទៀត បើបុគ្គលម្នាក់ដឹងថាគូអាពាហ៍ពិពាហ៍របស់គាត់បានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយសម្រេចចិត្តបន្តរួមដំណេកជាមួយនឹងគូដែលបានធ្វើខុស នោះមានន័យថាគាត់បានអភ័យទោសឲ្យគូនោះ។ បើដូច្នេះ គាត់លែងមានមូលហេតុស្របតាមគម្ពីរដើម្បីលែងលះគ្នាទៀត។
១៦. តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីភាពនៅលីវ?
១៦ លោកយេស៊ូបានមានប្រសាសន៍ថា សម្រាប់គ្រិស្តសាសនិកពិត មានមូលហេតុតែមួយគត់ដើម្បីលែងលះគ្នាគឺការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ បន្ទាប់មក លោកបាននិយាយអំពី«អ្នកដែលបានទទួលអំណោយទាន»ដែលជាភាពនៅលីវ។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលអាចទទួលយកអ្វីបែបនេះបាន ចូរទទួលយកចុះ»។ (ម៉ាថាយ ១៩:១០-១២) បងប្អូនជាច្រើននាក់បានសម្រេចចិត្តមិនរៀបការ ដោយសារពួកគេចង់បម្រើព្រះយេហូវ៉ាដោយគ្មានអ្វីមកបំបែរអារម្មណ៍ ហើយពួកគេគួរទទួលការសរសើរចំពោះការសម្រេចចិត្តរបស់ពួកគេ!
១៧. តើអ្វីអាចជួយគ្រិស្តសាសនិកឲ្យសម្រេចចិត្តថារៀបការឬនៅលីវ?
១៧ តើអ្វីអាចជួយបុគ្គលម្នាក់ឲ្យសម្រេចចិត្តថានៅលីវឬរៀបការ? បុគ្គលម្នាក់ៗត្រូវសម្រេចចិត្តថាគាត់អាចរក្សាភាពនៅលីវបានឬយ៉ាងណា។ សាវ័កប៉ូលបានបញ្ជាក់ថាភាពនៅលីវគឺជាអ្វីល្អប្រសើរ។ ប៉ុន្តែ គាត់ក៏បាននិយាយដែរថា៖ «ដោយសារ មានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទកើតឡើងជារឿយៗ ចូរឲ្យបុរសម្នាក់ៗ មានប្រពន្ធរៀងៗខ្លួន ហើយស្ត្រីម្នាក់ៗមានប្ដីរៀងៗខ្លួនចុះ»។ ប៉ូលបានបន្ថែមទៀតថា៖ «ប្រសិនបើពួកគាត់ទប់ចិត្តមិនបាន ចូររៀបការទៅចុះ ព្រោះបើរៀបការ នោះគឺប្រសើរជាងមានតណ្ហារោលរាល»។ ដូច្នេះ បុគ្គលម្នាក់ប្រហែលជាសម្រេចចិត្តរៀបការដើម្បីមិនឲ្យមានបំណងប្រាថ្នាយ៉ាងខ្លាំងខាងផ្លូវភេទនាំឲ្យគាត់មានទម្លាប់ស្ទាបអង្អែលអវយវៈភេទរបស់ខ្លួនដើម្បីបំពេញចំណង់ផ្លូវភេទ ឬប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ទោះជាយ៉ាងនេះក្ដី អ្នកដែលនៅលីវត្រូវពិចារណាថាពួកគេមានអាយុល្មមនឹងរៀបការបានឬយ៉ាងណា។ ប៉ូលបាននិយាយថា៖ «ប្រសិនបើមានអ្នកណាម្នាក់គិតថាការប្រព្រឹត្តរបស់ខ្លួនគឺមិនសមរម្យព្រោះនៅលីវ ហើយបើអ្នកនោះមិនក្មេងពេក អ្នកនោះត្រូវធ្វើដូចតទៅនេះ៖ ចូរឲ្យអ្នកនោះរៀបការទៅ បើចង់រៀបការ។ នោះមិនមែនជាការខុសឆ្គងទេ»។ (កូរិនថូសទី១ ៧:២, ៩, ៣៦; ធីម៉ូថេទី១ ៤:១-៣) បុគ្គលម្នាក់មិនគួរទទួលការលើកទឹកចិត្តឲ្យរៀបការដោយសារតែគាត់មានបំណងប្រាថ្នាយ៉ាងខ្លាំងខាងផ្លូវភេទដែលមនុស្សជាច្រើនមានក្នុងអំឡុងគ្រាយុវវ័យ។ បុគ្គលនោះប្រហែលជាមិនមានភាពចាស់ទុំល្មមដើម្បីបំពេញភារកិច្ចក្នុងអាពាហ៍ពិពាហ៍ឡើយ។
១៨, ១៩. (ក) តើអាពាហ៍ពិពាហ៍របស់គ្រិស្តសាសនិកគួរចាប់ផ្ដើមយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
១៨ អាពាហ៍ពិពាហ៍របស់គ្រិស្តសាសនិកគួរតែចាប់ផ្ដើមដោយបុរសម្នាក់និងស្ត្រីម្នាក់ដែលបានទទួលការជ្រមុជទឹក ហើយដែលស្រឡាញ់ព្រះយេហូវ៉ាអស់ពីដួងចិត្ត។ ពួកគេក៏គួរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំង បានជាពួកគេចង់រស់នៅជាមួយគ្នាអស់មួយជីវិត។ ព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យពួកគេ ដោយសារពួកគេបានធ្វើតាមឱវាទដែលឲ្យរៀបការតែជាមួយនឹង«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។ (កូរិនថូសទី១ ៧:៣៩) ម្យ៉ាងទៀត ចំណងអាពាហ៍ពិពាហ៍របស់ពួកគេនឹងជោគជ័យ បើពួកគេបន្តធ្វើតាមឱវាទពីគម្ពីរ។
១៩ សព្វថ្ងៃនេះ យើងកំពុងរស់នៅ«គ្រាចុងក្រោយបង្អស់» ហើយមនុស្សជាច្រើនមិនមានគុណសម្បត្ដិដែលពួកគេត្រូវការជាចាំបាច់ដើម្បីឲ្យអាពាហ៍ពិពាហ៍ទទួលជោគជ័យឡើយ។ (ធីម៉ូថេទី២ ៣:១-៥) ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីគោលការណ៍ដ៏ល្អប្រសើរពីគម្ពីរដែលអាចជួយគ្រិស្តសាសនិកឲ្យមានអាពាហ៍ពិពាហ៍ដែលជោគជ័យនិងដ៏សប្បាយរីករាយ ទោះជាមានការពិបាកផ្សេងៗនៅជុំវិញពួកគេក៏ដោយ។ នេះនឹងជួយពួកគេឲ្យបន្តដើរនៅលើផ្លូវដែលនាំទៅដល់ជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថាយ ៧:១៣, ១៤