ហូសេ
៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ «ចូរទៅស្រឡាញ់ស្ត្រីនោះម្ដងទៀត ដែលជាគូស្នេហ៍របស់បុរសផ្សេង ហើយកំពុងប្រព្រឹត្តអំពើផិតក្បត់ គឺស្រឡាញ់នាង+ ដូចខ្ញុំយេហូវ៉ាស្រឡាញ់ជនជាតិអ៊ីស្រាអែល+ កាលដែលពួកគេបែរទៅរកព្រះឯទៀត+ ហើយចូលចិត្តជូននំទំពាំងបាយជូរក្រៀម»។*
២ ដូច្នេះ ខ្ញុំក៏ទៅលោះនាងមកវិញ ដោយបង់ប្រាក់១៥ដុំ និងស្រូវបាលីទម្ងន់មួយហូម៉ើរ*កន្លះ។ ៣ រួចមក ខ្ញុំប្រាប់នាងថា៖ «នាងនៅជាកម្មសិទ្ធិរបស់ខ្ញុំអស់មួយរយៈពេល។ ដូច្នេះ នាងមិនត្រូវប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយមិនត្រូវរួមដំណេកជាមួយនឹងបុរសណាឡើយ។ ចំណែកខ្ញុំវិញ ខ្ញុំក៏នឹងមិនរួមដំណេកជាមួយនឹងនាងដែរ»។
៤ ព្រោះអស់រយៈពេលជាយូរ ជនជាតិអ៊ីស្រាអែលនឹងរស់នៅដោយគ្មានស្ដេច+ គ្មានអ្នកគ្រប់គ្រង គ្មានការជូនគ្រឿងបូជា គ្មានបង្គោលថ្ម គ្មានអេផូឌ+ និងគ្មានរូបព្រះ*ឡើយ។+ ៥ ក្រោយមក ជនជាតិអ៊ីស្រាអែលនឹងត្រឡប់មកវិញ ហើយស្វែងរកព្រះយេហូវ៉ាជាព្រះរបស់ពួកគេ+ ព្រមទាំងស្វែងរកដាវីឌជាស្ដេចរបស់ពួកគេដែរ។+ នៅគ្រាចុងក្រោយបង្អស់ ពួកគេនឹងវិលមករកព្រះយេហូវ៉ាដោយចិត្តកោតខ្លាច ហើយស្វែងរកគុណធម៌របស់លោក។+