ក្រុមគ្រួសារគ្រិស្តសាសនិក ចូរធ្វើតាមគំរូលោកយេស៊ូ!
«គ្រិស្តបាន . . . ទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។—១ពេ. ២:២១
១. (ក) តើបុត្ររបស់ព្រះរួមចំណែកយ៉ាងណាក្នុងការបង្កើតរបស់សព្វសារពើ? (ខ) តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះមនុស្ស?
ពេលដែលព្រះបង្កើតផ្ទៃមេឃនិងផែនដី បុត្រច្បងរបស់លោកនៅជិតលោក«ដូចជាមេជាង»។ ពេលព្រះយេហូវ៉ាធ្វើគម្រោងហើយបង្កើតសត្វនិងរុក្ខជាតិផ្សេងៗជាច្រើននៅផែនដី ព្រមទាំងពេលលោករៀបចំសួនឧទ្យានដែលជាទីលំនៅសម្រាប់មនុស្ស នោះបុត្ររបស់ព្រះក៏បានសហការជាមួយបិតាក្នុងការបង្កើតរបស់សព្វសារពើដែរ។ បុត្ររបស់ព្រះ ដែលក្រោយមកគេហៅថាលោកយេស៊ូ លោកមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្ស។ លោកយេស៊ូមាន«សេចក្ដីអំណរដោយនៅជាមួយនឹងពួកមនុស្សលោក»។—សុភ. ៨:២៧-៣១; លោ. ១:២៦, ២៧
២. (ក) តើព្រះយេហូវ៉ាបានផ្ដល់អ្វីដើម្បីជួយមនុស្សមិនល្អឥតខ្ចោះ? (ខ) តើគម្ពីរផ្ដល់ការណែនាំអំពីលក្ខណៈអ្វីនៃជីវិតមនុស្ស?
២ ក្រោយគូស្វាមីភរិយាដំបូងបានប្រព្រឹត្តអំពើខុសឆ្គង នោះការលោះមនុស្សពីភាពខុសឆ្គងបានក្លាយទៅជាផ្នែកដ៏សំខាន់មួយក្នុងបំណងរបស់ព្រះយេហូវ៉ា។ ដើម្បីសម្រេចបំណងនោះ ព្រះយេហូវ៉ាបានផ្ដល់ថ្លៃលោះតាមរយៈការបូជាលោះរបស់គ្រិស្ត។ (រ៉ូម ៥:៨) ម្យ៉ាងទៀត ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវគម្ពីរដែលជាបណ្ដាំរបស់លោក ហើយគម្ពីរនេះប្រាប់យើងនូវវិធីដែលអាចទទួលជោគជ័យក្នុងជីវិត ទោះជាមានភាពខុសឆ្គងដែលយើងបានឆ្លងពីឪពុកម្ដាយដំបូងរបស់យើងក៏ដោយ។ (ទំនុក. ១១៩:១០៥) ក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា លោកផ្ដល់ការណែនាំដើម្បីជួយរាស្ត្ររបស់លោកឲ្យមានសុភមង្គលក្នុងគ្រួសារ ហើយឲ្យគ្រួសារមានភាពស្និទ្ធស្នាលជារៀងរហូត។ ស្តីអំពីចំណងអាពាហ៍ពិពាហ៍ សៀវភៅលោកុប្បត្តិចែងថា បុរសត្រូវ«នៅជាប់នឹងប្រពន្ធ . . . ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។—លោ. ២:២៤
៣. (ក) តើលោកយេស៊ូបានបង្រៀនអ្វីស្តីអំពីអាពាហ៍ពិពាហ៍? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានដៅបញ្ជាក់ថា មនុស្សដែលបានរៀបការហើយត្រូវរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធជារៀងរហូត។ លោកក៏បង្រៀនគោលការណ៍ផ្សេងៗ ហើយបើមនុស្សអនុវត្តតាម នោះនឹងជួយក្រុមគ្រួសារឲ្យជៀសចេញពីចិត្តគំនិត និងការប្រព្រឹត្តដែលអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍ឬសុភមង្គលគ្រួសារ។ (ម៉ាថ. ៥:២៧-៣៧; ៧:១២) អត្ថបទនេះនឹងពិភាក្សារបៀបដែលសេចក្ដីបង្រៀនរបស់លោកយេស៊ូនិងគំរូរបស់លោកពេលនៅផែនដី អាចជួយស្វាមី ភរិយា មាតាបិតា និងបុត្រធីតាឲ្យមានជីវិតដែលគាប់ចិត្តនិងមានសុភមង្គល។
វិធីដែលស្វាមីជាគ្រិស្តសាសនិកឲ្យកិត្ដិយសភរិយា
៤. តើតួនាទីរបស់លោកយេស៊ូនិងស្វាមីដែលជាគ្រិស្តសាសនិកមានភាពស្រដៀងគ្នាយ៉ាងណា?
៤ ព្រះបានតែងតាំងស្វាមីជាប្រមុខឬមេគ្រួសារ ដូចលោកយេស៊ូជាប្រមុខនៃក្រុមជំនុំ។ សាវ័កប៉ូលប្រាប់ថា៖ «ប្ដីជាប្រមុខរបស់ប្រពន្ធ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ ជារូបកាយរបស់លោកដែលលោកបានសង្គ្រោះ។ ប្ដីទាំងឡាយអើយ! ចូរស្រឡាញ់ប្រពន្ធជាដរាប ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ»។ (អេភ. ៥:២៣, ២៥) ប្រាកដហើយ ការប្រព្រឹត្តរបស់លោកយេស៊ូទៅលើអ្នកកាន់តាមលោក ជាគំរូអំពីរបៀបបុរសគ្រិស្តសាសនិកត្រូវប្រព្រឹត្តទៅលើភរិយារបស់ខ្លួន។ សូមឲ្យយើងពិចារណាវិធីខ្លះៗដែលលោកយេស៊ូប្រើអំណាចដែលលោកទទួលពីព្រះ។
៥. តើលោកយេស៊ូប្រើអំណាចរបស់លោកទៅលើអ្នកកាន់តាមលោកយ៉ាងដូចម្ដេច?
៥ លោកយេស៊ូ«ស្លូតក៏មានចិត្តរាបទាប»។ (ម៉ាថ. ១១:២៩) លោកតែងតែចាត់វិធានការដោយឥតបង្អង់ ហើយលោកមិនដែលបដិសេធក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ (ម៉ាក. ៦:៣៤; យ៉ូន. ២:១៤-១៧) លោកជូនឱវាទឲ្យអ្នកកាន់តាមលោកដោយក្ដីសប្បុរស ហើយលោកធ្វើដូច្នោះម្ដងហើយម្ដងទៀតបើចាំបាច់។ (ម៉ាថ. ២០:២១-២៨; ម៉ាក. ៩:៣៣-៣៧; លូក. ២២:២៤-២៧) យ៉ាងណាក៏ដោយ លោកមិនបានស្តីឲ្យឬធ្វើឲ្យពួកគាត់អាម៉ាស់មុខទេ ហើយលោកក៏មិនធ្វើឲ្យពួកគាត់មានអារម្មណ៍ថា ពួកគាត់គ្មានតម្លៃឬគ្មានសមត្ថភាពធ្វើតាមសេចក្ដីបង្រៀនរបស់លោក។ ផ្ទុយទៅវិញ លោកសរសើរនិងលើកទឹកចិត្តអ្នកកាន់តាមលោក។ (លូក. ១០:១៧-២១) លោកយេស៊ូប្រព្រឹត្តទៅលើអ្នកកាន់តាមលោកដោយក្ដីស្រឡាញ់និងមេត្ដាករុណា ហើយនេះនាំឲ្យពួកគាត់គោរពលោក!
៦. (ក) តើស្វាមីអាចទាញយកមេរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្តទៅលើអ្នកកាន់តាមលោក? (ខ) តើពេត្រុសបំផុសទឹកចិត្តឲ្យស្វាមីធ្វើអ្វី?
៦ ស្វាមីអាចទាញយកមេរៀនពីគំរូរបស់លោកយេស៊ូថា ការធ្វើជាប្រមុខឬមេគ្រួសារ មិនមានន័យថាគាត់ត្រូវប្រើអំណាចផ្ដាច់ការទេ។ ផ្ទុយទៅវិញ មេគ្រួសារជាគ្រិស្តសាសនិកត្រូវប្រព្រឹត្តដោយក្ដីស្រឡាញ់ ដោយលះបង់ប្រយោជន៍ខ្លួន និងដោយការគោរព។ សាវ័កពេត្រុសបំផុសទឹកចិត្តស្វាមីឲ្យយកតម្រាប់តាមការប្រព្រឹត្តរបស់លោកយេស៊ូដែលប្រកបដោយក្ដីស្រឡាញ់ ដោយ«រួមរស់»ជាមួយភរិយាហើយ«ឲ្យកិត្ដិយសដល់នាង»។ (សូមអាន ពេត្រុសទី១ ៣:៧) ដូច្នេះហើយ តើធ្វើដូចម្ដេចឲ្យស្វាមីប្រើអំណាចដែលគាត់បានទទួលពីព្រះ ហើយនៅដំណាលគ្នានោះឲ្យកិត្ដិយសភរិយាដែលនាងសមទទួលនោះ?
៧. តើស្វាមីអាចឲ្យកិត្ដិយសភរិយាដោយវិធីណា? សូមរៀបរាប់ឧទាហរណ៍មួយ។
៧ វិធីមួយដែលស្វាមីអាចឲ្យកិត្ដិយសភរិយាគឺដោយគិតអំពីទស្សនៈនិងអារម្មណ៍របស់នាង មុនសម្រេចចិត្តរឿងណាមួយដែលមានឥទ្ធិពលទៅលើក្រុមគ្រួសារ។ ប្រហែលជាត្រូវសម្រេចចិត្តអំពីការរើផ្ទះ ការផ្លាស់ប្ដូរការងារ ឬក៏អំពីរឿងធម្មតាដូចជាទៅដើរលេងនៅឯណា ឬអំពីការកាត់បន្ថយការចំណាយរបស់គ្រួសារដើម្បីទប់ទល់នឹងបញ្ហាទំនិញឡើងថ្លៃ។ រឿងទាំងអស់នេះប៉ះពាល់ទៅលើក្រុមគ្រួសារ ដូច្នេះបើស្វាមីគិតអំពីទស្សនៈរបស់ភរិយា នេះបង្ហាញក្ដីសប្បុរសដល់នាង។ ណាមួយទៀត នេះក៏មានប្រយោជន៍ដែរ ពីព្រោះការគិតអំពីទស្សនៈរបស់ភរិយាអាចជួយស្វាមីឲ្យធ្វើការសម្រេចចិត្តដែលមានតុល្យភាព និងធ្វើការសម្រេចចិត្តដែលបង្ហាញពីការយល់ចិត្តភរិយា។ ពេលស្វាមីធ្វើដូច្នេះ នោះធ្វើឲ្យភរិយាស្រួលគាំទ្រគាត់ជាង។ (សុភ. ១៥:២២) ស្វាមីជាគ្រិស្តសាសនិកដែលឲ្យកិត្ដិយសភរិយា គាត់មិនត្រឹមតែទទួលសេចក្ដីស្រឡាញ់និងការគោរពពីភរិយាប៉ុណ្ណោះទេ តែសំខាន់ជាងនេះទៅទៀត គឺធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តផងដែរ។—អេភ. ៥:២៨, ២៩
វិធីដែលភរិយាគោរពស្វាមីយ៉ាងជ្រាលជ្រៅ
៨. ហេតុអ្វីបានជាយើងមិនគួរធ្វើតាមគំរូរបស់នាងអេវ៉ា?
៨ លោកយេស៊ូជាគំរូល្អឥតខ្ចោះសម្រាប់ភរិយាជាគ្រិស្តសាសនិកស្តីអំពីការចុះចូលចំពោះប្រមុខ។ ទស្សនៈរបស់លោកយេស៊ូចំពោះប្រមុខ និងចិត្តគំនិតរបស់នាងអេវ៉ាដែលជាមនុស្សដំបូងបង្អស់ដែលបានរៀបការ នោះគឺខុសគ្នាឆ្ងាយណាស់! នាងអេវ៉ាមិនមែនជាគំរូល្អឲ្យភរិយាធ្វើតាមនោះឡើយ។ ព្រះបានតែងតាំងមេគ្រួសារឲ្យនាង ហើយតាមរយៈមេគ្រួសារនោះ ព្រះយេហូវ៉ាបានផ្ដល់ឲ្យការណែនាំ។ ប៉ុន្តែ នាងអេវ៉ាមិនបានឲ្យតម្លៃទៅលើការរៀបចំនេះទេ ព្រោះនាងមិនព្រមធ្វើតាមការណែនាំដែលអាដាមបានប្រាប់។ (លោ. ២:១៦, ១៧; ៣:៣; ១កូ. ១១:៣) ពិតមែនតែនាងអេវ៉ាបានត្រូវបំភាន់ ប៉ុន្តែគប្បីឲ្យនាងសុំយោបល់ពីស្វាមីថា នាងគួរជឿឬមិនគួរជឿសំឡេងដែលអះអាងថាវាដឹងពីអ្វីដែល«ព្រះទ្រង់ជ្រាប»។ ផ្ទុយទៅវិញ នាងហ៊ានបង្គាប់ស្វាមី។—លោ. ៣:៥, ៦; ១ធី. ២:១៤
៩. តើលោកយេស៊ូទុកគំរូអ្វីចំពោះការចុះចូល?
៩ ខុសស្រឡះពីនេះ លោកយេស៊ូទុកគំរូដ៏ល្អឥតខ្ចោះស្តីអំពីការចុះចូលចំពោះអ្នកដឹកនាំរបស់លោក។ ចិត្តគំនិតនិងគន្លងជីវិតរបស់លោកបង្ហាញថា លោក«មិនដែលគិតអំពីការដណ្ដើមយកឋានៈរបស់ព្រះ ពោលគឺការតាំងខ្លួនឲ្យស្មើព្រះនោះទេ»។ ផ្ទុយទៅវិញ «លោកបានលះបង់អ្វីៗទាំងអស់ ហើយយកសណ្ឋានជាខ្ញុំបម្រើ»។ (ភី. ២:៥-៧) សព្វថ្ងៃ ក្នុងនាមជាស្តេចដែលកំពុងគ្រប់គ្រង លោកយេស៊ូនៅតែមានចិត្តគំនិតដូចនេះដែរ។ លោកចុះចូលដោយចិត្តរាបទាបចំពោះបិតានៅស្ថានសួគ៌ក្នុងគ្រប់ការទាំងអស់ ហើយគាំទ្រការដឹកនាំរបស់បិតាដែរ។—ម៉ាថ. ២០:២៣; យ៉ូន. ៥:៣០; ១កូ. ១៥:២៨
១០. តើភរិយាអាចគាំទ្រការដឹកនាំរបស់ស្វាមីយ៉ាងណា?
១០ យកល្អឲ្យភរិយាដែលជាគ្រិស្តសាសនិកយកតម្រាប់តាមលោកយេស៊ូដោយគាំទ្រការដឹកនាំរបស់ស្វាមី។ (សូមអាន ពេត្រុសទី១ ២:២១; ៣:១, ២) សូមពិចារណាអំពីកាលៈទេសៈមួយដែលភរិយាមានឱកាសគាំទ្រការដឹកនាំរបស់ស្វាមី។ កូនចង់ធ្វើអ្វីមួយដែលត្រូវសុំការអនុញ្ញាតពីមាតាបិតា ហើយពេលនោះកូនមកសួរម្ដាយ។ ដោយសារមាតាបិតាមិនបានពិភាក្សាអំពីរឿងនេះពីមុន នោះគឺសមរម្យឲ្យនាងសួរកូនថា «តើកូនសួរប៉ាហើយនៅ?»។ ប្រសិនបើកូនមិនទាន់ នោះនាងគួរនិយាយរឿងនេះជាមួយស្វាមីមុនសម្រេចចិត្ត។ ម្យ៉ាងទៀត មិនគប្បីឲ្យភរិយាដែលជាគ្រិស្តសាសនិកជំទាស់ស្វាមីឬប្រឆាំងមតិរបស់គាត់នៅមុខកូនឡើយ។ ប្រសិនបើនាងមិនយល់ស្របនឹងស្វាមីអំពីរឿងណាមួយ នោះនាងនឹងនិយាយជាមួយគាត់តែពីរនាក់។—អេភ. ៦:៤
លោកយេស៊ូទុកគំរូឲ្យមាតាបិតា
១១. តើលោកយេស៊ូទុកគំរូអ្វីសម្រាប់មាតាបិតា?
១១ ទោះជាលោកយេស៊ូមិនដែលរៀបការឬមានកូនក៏ដោយ តែលោកជាគំរូល្អប្រសើរសម្រាប់មាតាបិតាដែលជាគ្រិស្តសាសនិក។ តើលោកជាគំរូល្អយ៉ាងណា? លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកដោយក្ដីស្រឡាញ់ និងដោយចិត្តអត់ធ្មត់តាមរយៈពាក្យសម្ដីនិងគំរូ។ លោកយេស៊ូបានបង្ហាញពួកគាត់នូវរបៀបដែលអាចបំពេញភារកិច្ចដែលលោកប្រគល់ឲ្យ។ (លូក. ៨:១) ចរិតនិងការប្រព្រឹត្តរបស់លោកយេស៊ូទៅលើអ្នកកាន់តាមលោក បានបង្រៀនពួកគាត់នូវរបៀបដែលគួរប្រព្រឹត្តទៅលើគ្នាទៅវិញទៅមក។—សូមអាន យ៉ូហាន ១៣:១៤-១៧
១២, ១៣. បើមាតាបិតាចង់ឲ្យកូនធំឡើងជាមនុស្សដែលកោតខ្លាចព្រះ តើពួកគាត់ត្រូវធ្វើអ្វី?
១២ កូនច្រើនតែយកតម្រាប់តាមមាតាបិតា មិនថាល្អឬអាក្រក់ក្ដី។ ដូច្នេះ មាតាបិតាគួរសួរខ្លួនឯងថា ‹បើប្រៀបធៀបចំនួនម៉ោងដែលយើងចំណាយមើលទូរទស្សន៍ឬកម្សាន្តសប្បាយ ទៅនឹងចំនួនម៉ោងសម្រាប់សិក្សាគម្ពីរនិងចូលរួមក្នុងកិច្ចបម្រើផ្សាយ តើកូននឹងរៀនអ្វីខ្លះពីគំរូយើង? តើអ្វីពិតជាសំខាន់បំផុតក្នុងក្រុមគ្រួសារយើង? តើយើងទុកគំរូល្អដោយចាត់ទុកការគោរពប្រណិប័តន៍ដ៏ពិតសំខាន់បំផុតក្នុងជីវិតយើងទេ?›។ ច្បាប់របស់ព្រះត្រូវដិតជាប់ក្នុងចិត្តរបស់មាតាបិតាជាមុនសិន បើពួកគាត់ចង់ឲ្យកូនធំឡើងជាមនុស្សដែលកោតខ្លាចព្រះ។—ចោ. ៦:៦
១៣ កូននឹងដឹងបើមាតាបិតាខំប្រឹងអនុវត្តតាមគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ពាក្យសម្ដីនិងការបង្រៀនរបស់មាតាបិតានឹងជះឥទ្ធិពលខ្លាំងទៅលើកូន។ ក៏ប៉ុន្តែ បើកូនឃើញមាតាបិតានិយាយផ្សេងធ្វើផ្សិង នោះកូនប្រហែលជាសន្និដ្ឋានថា គោលការណ៍ក្នុងគម្ពីរមិនសូវសំខាន់ឬក៏គ្មានប្រយោជន៍។ ជាលទ្ធផល កូនប្រហែលជាចុះចាញ់ក្រោមការបង្ខិតបង្ខំពីមនុស្សក្នុងពិភពលោកនេះ។
១៤, ១៥. តើគប្បីឲ្យមាតាបិតាបណ្ដុះបណ្ដាលឲ្យកូនមានចិត្តចង់ធ្វើអ្វី? ហើយតើអ្វីជាវិធីមួយដើម្បីអាចធ្វើដូច្នោះ?
១៤ មាតាបិតាដែលជាគ្រិស្តសាសនិកយល់ឃើញថាការចិញ្ចឹមកូនគឺមិនគ្រាន់តែផ្គត់ផ្គង់សម្ភារៈប៉ុណ្ណោះទេ។ ដូច្នេះ បើមាតាបិតាបង្រៀនកូនឲ្យមានគោលដៅស្វែងរកទ្រព្យសម្បត្ដិតែប៉ុណ្ណោះ នោះមិនមែនជាការចេះគិតវែងឆ្ងាយទេ។ (សាស្ដ. ៧:១២) លោកយេស៊ូបង្រៀនអ្នកកាន់តាមលោកឲ្យស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន។ (ម៉ាថ. ៦:៣៣) ដូច្នេះហើយ ដោយយកតម្រាប់តាមលោកយេស៊ូ នោះមាតាបិតាដែលជាគ្រិស្តសាសនិកក៏គួរខំបណ្ដុះបណ្ដាលឲ្យកូនមានចិត្តចង់បម្រើព្រះកាន់តែច្រើន។
១៥ វិធីមួយដែលមាតាបិតាអាចធ្វើដូច្នេះ គឺដោយរកឱកាសឲ្យកូនសេពគប់ជាមួយបងប្អូនរួមជំនឿដែលបម្រើព្រះពេញពេល។ ប្រសិនបើយុវជនបានសេពគប់ជាមួយអ្នកត្រួសត្រាយពេញពេល ឬអ្នកត្រួតពិនិត្យមណ្ឌលនិងភរិយារបស់គាត់ នោះពិតជាលើកទឹកចិត្តយុវជននោះមែន។ ពួកសាសនទូតដែលមកលេងពីប្រទេសក្រៅ អ្នកដែលបម្រើនៅបេតអែល និងអ្នកដែលបម្រើផ្នែកសាងសង់អន្តរជាតិអាចនិយាយដោយរំភើបចិត្តអំពីអំណរដែលខ្លួនទទួលពីការបម្រើព្រះយេហូវ៉ា។ ភ្ញៀវទាំងនេះទំនងជារៀបរាប់បទពិសោធន៍ដែលគួរឲ្យចាប់អារម្មណ៍។ ពួកគាត់បម្រើព្រះដោយលះបង់ប្រយោជន៍ខ្លួន ហើយគំរូរបស់ពួកគាត់អាចជួយកូនរបស់អ្នកច្រើនណាស់ ឲ្យសម្រេចចិត្តបានល្អ មានគោលដៅដែលទាក់ទងនឹងកិច្ចបម្រើព្រះ ហើយទទួលការអប់រំគ្រប់គ្រាន់ដើម្បីអាចចិញ្ចឹមខ្លួនឯងពេលបម្រើព្រះពេញពេល។
បុត្រធីតា តើអ្វីនឹងជួយប្អូនឲ្យធ្វើតាមលោកយេស៊ូ?
១៦. តើកុមារយេស៊ូគោរពមាតាបិតាយ៉ាងណា? ហើយតើលោកយេស៊ូគោរពបិតានៅស្ថានសួគ៌យ៉ាងដូចម្ដេច?
១៦ បុត្រធីតាទាំងឡាយអើយ! លោកយេស៊ូក៏ជាគំរូល្អប្រសើរសម្រាប់ប្អូនដែរ។ យ៉ូសែបនិងម៉ារៀទទួលភារកិច្ចចិញ្ចឹមកុមារយេស៊ូហើយកុមារនេះបានស្ដាប់បង្គាប់ពួកគាត់។ (សូមអាន លូកា ២:៥១) គាត់ទទួលស្គាល់ថា ទោះជាយ៉ូសែបនិងម៉ារៀមានភាពមិនល្អឥតខ្ចោះក៏ដោយ ព្រះបានប្រគល់ភារកិច្ចឲ្យពួកគាត់ចិញ្ចឹមអប់រំ។ ដោយហេតុនេះ កុមារយេស៊ូត្រូវគោរពពួកគាត់។ (ចោ. ៥:១៦; ម៉ាថ. ១៥:៤) ពេលធំឡើង លោកយេស៊ូតែងតែធ្វើអ្វីដែលបិតានៅស្ថានសួគ៌ពេញចិត្ត។ នេះបានសេចក្ដីថា លោកត្រូវទប់ទល់នឹងការល្បងល។ (ម៉ាថ. ៤:១-១០) ជួនកាលប្អូនៗយុវវ័យក៏ប្រហែលជាមានអ្វីដែលល្បងលប្អូនឲ្យមិនស្ដាប់តាមមាតាបិតាដែរ។ ដូច្នេះ តើអ្វីអាចជួយប្អូនឲ្យធ្វើតាមគំរូរបស់លោកយេស៊ូ?
១៧, ១៨. (ក) តើប្អូនៗយុវវ័យប្រឈមមុខការបង្ខិតបង្ខំបែបណាខ្លះនៅសាលា? (ខ) ដើម្បីប្អូនៗអាចយកឈ្នះការល្បងល តើប្អូនគួរចងចាំអំពីអ្វី?
១៧ មិត្តរួមថ្នាក់ភាគច្រើនរបស់ប្អូនប្រហែលជាមិនសូវឬគ្មានការគោរពចំពោះគោលការណ៍ក្នុងគម្ពីរ។ ពួកគាត់ប្រហែលជាចង់បង្ខំឲ្យប្អូនចូលរួមធ្វើអ្វីដែលខុស ហើយសើចចំអកឲ្យ ពេលប្អូនមិនព្រមធ្វើ។ តើមិត្តរួមថ្នាក់ធ្លាប់បង្អាប់ប្អូនដោយសារប្អូនមិនព្រមធ្វើតាមគេទេ? បើធ្លាប់ តើប្អូនមានអារម្មណ៍យ៉ាងណា? ប្អូនដឹងហើយថា បើប្អូនខ្លាចគេហើយបណ្ដោយខ្លួនទៅធ្វើតាមគេ នោះប្អូននឹងធ្វើឲ្យមាតាបិតានិងព្រះយេហូវ៉ាខកចិត្ត។ តើនឹងមានអ្វីកើតឡើងដល់ប្អូនបើធ្វើតាមមិត្តរួមថ្នាក់? ប្រហែលជាប្អូនមានគោលដៅធ្វើជាអ្នកត្រួសត្រាយ ជំនួយការខាងកិច្ចបម្រើ ឬបម្រើនៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាងឬបម្រើនៅបេតអែល តើការសេពគប់ជាមួយមិត្តរួមថ្នាក់ជួយប្អូនឲ្យសម្រេចគោលដៅរបស់ប្អូនបានទេ?
១៨ ប្អូនៗយុវវ័យក្នុងក្រុមជំនុំគ្រិស្តសាសនិក តើប្អូនធ្លាប់ស្ថិតក្រោមកាលៈទេសៈដែលល្បងលជំនឿរបស់ប្អូនទេ? តើប្អូនបានធ្វើអ្វី? សូមគិតអំពីលោកយេស៊ូដែលជាគំរូរបស់ប្អូន។ លោកមិនព្រមចុះចាញ់នឹងការល្បងលទេ ហើយលោកបានកាន់ជំហរមាំមួននឹងអ្វីដែលលោកជ្រាបថាត្រឹមត្រូវ។ ប្រសិនបើប្អូនចាំចំណុចនេះ នោះប្អូននឹងមានកម្លាំងចិត្តប្រាប់មិត្តរួមថ្នាក់យ៉ាងច្បាស់ថា ប្អូនមិនព្រមចូលរួមធ្វើអ្វីដែលប្អូនដឹងថាជាអំពើខុស។ ដូចលោកយេស៊ូ ចូរបន្តប្រមូលអារម្មណ៍ទៅលើឱកាសដើម្បីមានជីវិតដ៏សប្បាយក្នុងកិច្ចបម្រើនិងការស្ដាប់បង្គាប់ព្រះយេហូវ៉ា។—ហេ. ១២:២
គន្លឹះសុភមង្គលគ្រួសារ
១៩. តើការរស់នៅបែបណានាំឲ្យមានសុភមង្គលពិត?
១៩ ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តចង់ឲ្យមនុស្សសប្បាយរីករាយ។ ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ យើងនៅតែអាចមានសុភមង្គលមួយកម្រិតបាន។ (អេ. ៤៨:១៧, ១៨; ម៉ាថ. ៥:៣) លោកយេស៊ូបង្រៀនសេចក្ដីពិតដែលជាមូលដ្ឋានដើម្បីឲ្យមនុស្សមានសុភមង្គល ហើយសេចក្ដីបង្រៀនរបស់លោកយេស៊ូមិនមានតែប៉ុណ្ណឹងទេ ប៉ុន្តែលោកក៏បានបង្រៀនអំពីការរស់នៅដ៏ល្អបំផុតដែរ។ បន្ថែមទៅទៀត លោកទុកគំរូល្អឲ្យយើង ចេះគិតថ្លឹងថ្លែង ហើយមិនបានបាត់បង់លំនឹងក្នុងជីវិត។ ទោះបីយើងមានមុខនាទីអ្វីក៏ដោយក្នុងក្រុមគ្រួសារ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ពីការធ្វើតាមគំរូរបស់លោកយេស៊ូ។ ដូច្នេះ សូមឲ្យស្វាមី ភរិយា មាតាបិតា និងបុត្រធីតាទាំងឡាយ ធ្វើតាមគំរូរបស់លោកយេស៊ូ! ការទទួលសេចក្ដីបង្រៀននិងការធ្វើតាមគំរូរបស់លោកយេស៊ូ ពិតជាគន្លឹះដើម្បីមានជីវិតដែលគាប់ចិត្តនិងមានសុភមង្គល។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើស្វាមីគួរប្រើអំណាចដែលទទួលពីព្រះយ៉ាងណាក្នុងក្រុមគ្រួសារ?
• តើភរិយាអាចយកតម្រាប់តាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច?
• តើមាតាបិតាអាចទាញមេរៀនអ្វីពីរបៀបដែលលោកយេស៊ូប្រព្រឹត្តទៅលើអ្នកកាន់តាមលោក?
• តើប្អូនៗយុវវ័យអាចរៀនអ្វីពីគំរូរបស់លោកយេស៊ូ?
[រូបភាពនៅទំព័រ១៣]
មុនសម្រេចចិត្តរឿងណាមួយដែលមានឥទ្ធិពលទៅលើគ្រួសារ តើស្វាមីដែលប្រកបដោយក្ដីស្រឡាញ់នឹងធ្វើអ្វី?
[រូបភាពនៅទំព័រ១៥]
តើកាលៈទេសៈណាខ្លះដែលភរិយាមានឱកាសគាំទ្រការដឹកនាំរបស់ស្វាមី?
[រូបភាពនៅទំព័រ១៦]
កូនយកតម្រាប់តាមទម្លាប់ល្អរបស់មាតាបិតា