ចូរយកតម្រាប់ជំនឿរបស់ពួកគាត់ | អេណុក
«គាត់បានធ្វើឲ្យព្រះពេញចិត្ត»
នៅសម័យបុរាណមានបុរសម្នាក់ឈ្មោះអេណុក គាត់មានអាយុវែងណាស់។ យើងប្រហែលជាពិបាកស្រមៃគិតអំពីអាយុរបស់គាត់។ គាត់មានអាយុប្រហែលជា៣៦៥ឆ្នាំ គឺច្រើនជាង៤ដងនៃអាយុរបស់មនុស្សនៅសព្វថ្ងៃនេះ! ទោះជាអេណុកមានអាយុដូចនោះក៏ដោយ តែគាត់មិនជាចាស់ណាស់ណាទេនៅសម័យរបស់គាត់។ ជាង៥.០០០ឆ្នាំមុន មនុស្សមានអាយុវែងជាងអាយុរបស់មនុស្សបច្ចុប្បន្នឆ្ងាយណាស់។ ជាឧទាហរណ៍ អាដាមដែលជាបុរសដំបូង គាត់បានរស់នៅជាង៦០០ឆ្នាំ ពេលអេណុកកើតមក។ រួចមក អាដាមបានបន្តរស់ប្រហែលជា៣០០ឆ្នាំថែមទៀត! ប៉ុន្តែ កូនចៅខ្លះរបស់អាដាមមានអាយុវែងជាងអាដាមទៅទៀត។ ដូច្នេះ ពេលអេណុកអាយុ៣៦៥ឆ្នាំ គាត់ប្រហែលជានៅតែមានកម្លាំងរឹងមាំនិងស្វាហាប់ ហើយតាមមើលទៅគាត់អាចរស់យូរតទៅទៀតបាន។ ក៏ប៉ុន្តែ គាត់មិនបានរស់យូរជាងនោះទេ។
អេណុកទំនងជាស្ថិតក្នុងគ្រោះថ្នាក់ដែលអាចបាត់បង់ជីវិត។ សូមស្រមៃគិត គាត់កំពុងរត់គេចខ្លួន គាត់មិនអាចឈប់គិតអំពីប្រតិកម្មរបស់មនុស្សដែលគាត់ទើបតែប្រកាសប្រាប់ដំណឹងពីព្រះនោះទេ។ ពួកមនុស្សទាំងនោះមានទឹកមុខពោរពេញទៅដោយកំហឹង។ ពួកគេស្អប់គាត់ណាស់ ហើយពួកគេមើលងាយដំណឹងរបស់គាត់ ថែមទាំងស្អប់ព្រះដែលបានចាត់គាត់ឲ្យមកទៀតផង។ ពួកគេមិនអាចវាយប្រហារព្រះយេហូវ៉ាដែលជាព្រះរបស់អេណុកទេ តែពួកគេអាចវាយប្រហារអេណុកបាន! តាមមើលទៅ អេណុកប្រហែលជាឆ្ងល់ថា តើគាត់អាចជួបក្រុមគ្រួសារគាត់ម្ដងទៀតឬទេ? តើគាត់បាននឹកគិតអំពីប្រពន្ធនិងកូនស្រីរបស់គាត់ ឬកូនប្រុសគាត់ឈ្មោះមធូសាឡានិងឡាមេកដែលជាចៅឬទេ? (លោកុប្បត្តិ ៥:២១-២៣, ២៥) ដូច្នេះ តើសត្រូវនឹងសម្លាប់គាត់បានទេ?
គម្ពីរមិនបានរៀបរាប់ច្រើនអំពីអេណុកទេ មានតែខគម្ពីរបីប៉ុណ្ណោះដែលបាននិយាយយ៉ាងខ្លីអំពីអេណុក។ (លោកុប្បត្តិ ៥:២១-២៤; ហេប្រឺ ១១:៥; យូដាស ១៤, ១៥) ក៏ប៉ុន្តែ ខទាំងប៉ុន្មាននោះល្មមគ្រប់គ្រាន់ឲ្យយើងយល់អំពីបុរសដែលមានជំនឿដ៏រឹងមាំនេះ។ តើអ្នកកំពុងចិញ្ចឹមក្រុមគ្រួសារឬទេ? តើអ្នកធ្លាប់ប្រឈមមុខនឹងបញ្ហាដោយសារអ្នកកាន់ជំហរមាំមួនចំពោះអ្វីដែលអ្នកដឹងថាជារឿងត្រឹមត្រូវឬទេ? បើដូច្នោះមែន អ្នកអាចរៀនយ៉ាងច្រើនពីជំនឿរបស់អេណុក។
‹អេណុកជាអ្នកដើរជាមួយនឹងព្រះពិត›
ពេលអេណុកកើតមក មនុស្សជាតិមានការប្រព្រឹត្តអាក្រក់ហើយ។ អេណុកជាមនុស្សជំនាន់ទី៧តំណពីអាដាម។ អាដាមនិងអេវ៉ាធ្លាប់មានជីវិតល្អឥតខ្ចោះ តែបានបាត់បង់វិញ។ ដូច្នេះ កូនចៅអាដាមនៅសម័យនោះមានរូបកាយស្ទើរតែល្អឥតខ្ចោះ។ ហេតុនេះហើយបានជាពួកគេនៅតែមានអាយុវែង។ ប៉ុន្តែ សីលធម៌និងការគោរពប្រណិប័តន៍របស់ពួកគេអាប់ឱនយ៉ាងខ្លាំង។ មានអំពើហិង្សាសឹងតែគ្រប់កន្លែង។ អំពើបែបនោះចាប់ផ្ដើមមានតាំងពីមនុស្សជំនាន់ទី២មកម្ល៉េះ ពេលដែលកាអ៊ីនបានសម្លាប់ប្អូនប្រុសគាត់ឈ្មោះអេបិល។ កូនចៅម្នាក់របស់កាអ៊ីនមើលទៅជាមនុស្សដែលចូលចិត្តអំពើឃោរឃៅ និងការសងសឹងខ្លាំងជាងកាអ៊ីនទៅទៀត! នៅជំនាន់ទី៣ មនុស្សប្រព្រឹត្តអាក្រក់កាន់តែខ្លាំង។ ពេលនោះមនុស្សចាប់ផ្ដើមហៅរកនាមព្រះយេហូវ៉ា តែមិនមែនដោយសារចង់គោរពប្រណិប័តន៍ព្រះទេ។ តាមពិត ពួកគេបានប្រើនាមដ៏ពិសិដ្ឋរបស់ព្រះ តាមរបៀបដែលមិនបង្ហាញការគោរពចំពោះលោកទាល់តែសោះ។—លោកុប្បត្តិ ៤:៨, ២៣-២៦
នៅសម័យអេណុកពោរពេញទៅដោយការគោរពបូជាដែលមិនបង្ហាញការគោរពចំពោះនាមរបស់ព្រះ។ កាលដែលអេណុកធំឡើង គាត់ត្រូវធ្វើការសម្រេចចិត្តថា តើគាត់នឹងធ្វើតាមមនុស្សអាក្រក់ទាំងនោះ ឬក៏ស្វែងរកព្រះយេហូវ៉ាជាព្រះពិតដែលជាអ្នកបង្កើតផ្ទៃមេឃនិងផែនដីវិញ? គំរូរបស់អេបិលច្បាស់ជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តរបស់អេណុក។ អេបិលបានត្រូវគេសម្លាប់ដោយសារគាត់គោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្ត។ ដូចអេបិលដែរ អេណុកបានសម្រេចចិត្តស្វែងរកព្រះយេហូវ៉ា ហើយកាន់ជំនឿមាំមួន។ នៅលោកុប្បត្តិ ៥:២២ ប្រាប់យើងថា៖ «[អេណុក]ក៏ដើរជាមួយនឹងព្រះ[ពិត]»។ ការបញ្ជាក់នោះសឲ្យឃើញច្បាស់ថាអេណុកជាបុរសដែលកោតខ្លាចព្រះក្នុងពិភពលោកដែលមិនគោរពព្រះ។ គាត់ជាមនុស្សដំបូងដែលគម្ពីរពណ៌នាយ៉ាងនោះ។
ខគម្ពីរដដែលនោះប្រាប់ថាអេណុកបន្តដើរជាមួយនឹងព្រះយេហូវ៉ា ឬគោរពប្រណិប័តន៍លោកជានិច្ច ទោះជាក្រោយពីគាត់មានកូនប្រុសឈ្មោះមធូសាឡាហើយក៏ដោយ។ ដូច្នេះ អេណុកក្លាយទៅជាមេគ្រួសារ ពេលដែលគាត់មានអាយុប្រហែលជា៦៥ឆ្នាំ។ គាត់មានប្រពន្ធ តែគម្ពីរមិនបានប្រាប់ឈ្មោះប្រពន្ធរបស់គាត់ទេ ហើយក៏មិនបានប្រាប់ជាក់លាក់នូវចំនួន‹កូនប្រុសកូនស្រី›របស់គាត់ដែរ។ បើឪពុកជាអ្នកគោរពប្រណិប័តន៍ព្រះ កាលដែលកំពុងចិញ្ចឹមអប់រំនិងផ្គត់ផ្គង់ក្រុមគ្រួសារ គាត់ច្បាស់ជាព្យាយាមថែរក្សាក្រុមគ្រួសារតាមការណែនាំរបស់ព្រះ។ អេណុកយល់ថាព្រះយេហូវ៉ាតម្រូវឲ្យគាត់រក្សាភាពស្មោះត្រង់ជានិច្ចចំពោះប្រពន្ធរបស់គាត់។ (លោកុប្បត្តិ ២:២៤) ម្យ៉ាងទៀត អេណុកប្រាកដជាបានខំអស់ពីសមត្ថភាពដើម្បីបង្ហាត់បង្រៀនកូនអំពីព្រះយេហូវ៉ា។ តើនេះនាំឲ្យមានលទ្ធផលអ្វី?
គម្ពីរមិនសូវរៀបរាប់ច្រើនអំពីរឿងនោះទេ។ គម្ពីរមិនបានចែងអំពីជំនឿរបស់មធូសាឡាដែលជាកូនប្រុសរបស់គាត់ឡើយ គ្រាន់តែប្រាប់ថាមធូសាឡាមានអាយុវែងជាងគេក្នុងកំណត់ហេតុគម្ពីរ។ នៅឆ្នាំដែលមធូសាឡាស្លាប់ មានទឹកជំនន់ដ៏ធំក្រៃលែងជន់លិចពិភពលោក។ មធូសាឡាមានកូនប្រុសម្នាក់ឈ្មោះឡាមេក។ ឡាមេកបានរស់នៅទាន់អេណុកដែលជាជីតារបស់គាត់អស់ជាង១០០ឆ្នាំ។ ពេលឡាមេកធំឡើង គាត់បានបង្ហាញជំនឿយ៉ាងអស្ចារ្យ។ ព្រះយេហូវ៉ាបានដឹកនាំឡាមេកឲ្យប្រាប់ទុកជាមុនអំពីណូអេដែលជាកូនប្រុសរបស់គាត់។ ទំនាយនោះបានក្លាយទៅជាការពិតក្រោយពីទឹកជំនន់ដ៏ធំនោះ។ ដូចអេណុកដែលជាតាទួត ណូអេបានត្រូវបញ្ជាក់ថាជាអ្នកដែលដើរជាមួយនឹងព្រះ។ ណូអេមិនធ្លាប់បានជួបអេណុកទេ។ ប៉ុន្តែ អេណុកបានទុកគំរូដ៏ល្អប្រសើរ។ ណូអេអាចរៀនអំពីគំរូដ៏ល្អនោះពីឡាមេកដែលជាឪពុក ឬពីមធូសាឡាដែលជាជីតា ឬក៏ប្រហែលជាពីយ៉ារេឌដែលជាឪពុករបស់អេណុក។ យ៉ារេឌបានស្លាប់ពេលណូអេអាយុ៣៦៦ឆ្នាំ។—លោកុប្បត្តិ ៥:២៥-២៩; ៦:៩; ៩:១
សូមគិតអំពីភាពខុសគ្នារវាងអេណុកនិងអាដាម។ ទោះជាអាដាមជាមនុស្សល្អឥតខ្ចោះក្ដី តែគាត់បានធ្វើខុសចំពោះព្រះយេហូវ៉ា ហើយបន្សល់ទុកឲ្យកូនចៅរបស់គាត់នូវទុក្ខវេទនា និងចិត្តគំនិតប្រឆាំងបះបោរ។ ផ្ទុយទៅវិញ ទោះជាអេណុកមិនល្អឥតខ្ចោះ តែគាត់ដើរជាមួយនឹងព្រះ ហើយគាត់ទុកគំរូល្អដែលជាជំនឿដ៏អស្ចារ្យឲ្យកូនចៅរបស់គាត់។ អាដាមស្លាប់ ពេលអេណុកមានអាយុ៣០៨ឆ្នាំ។ តើកូនចៅរបស់អាដាមបានសោកស្ដាយដោយសារបុព្វបុរសដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននេះបានស្លាប់ឬទេ? យើងមិនដឹងទេ។ ទោះជាយ៉ាងណាក៏ដោយ អេណុកបានបន្ត«ដើរជាមួយនឹងព្រះ[ពិត]»។—លោកុប្បត្តិ ៥:២៤
បើអ្នកកំពុងផ្គត់ផ្គង់ក្រុមគ្រួសារ សូមពិចារណាអំពីអ្វីដែលអ្នកអាចរៀនពីជំនឿរបស់អេណុក។ ពិតមែនតែការទំនុកបម្រុងក្រុមគ្រួសារគឺសំខាន់ តែការដែលសំខាន់ជាងនោះទៅទៀតគឺការជួយក្រុមគ្រួសារឲ្យរៀនអំពីព្រះ។ (ធីម៉ូថេទី១ ៥:៨) អ្នកអាចធ្វើដូច្នោះ តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត។ បើអ្នកសម្រេចចិត្តដើរជាមួយនឹងព្រះដូចអេណុក ចូរអនុញ្ញាតឲ្យខ្នាតតម្រារបស់ព្រះណែនាំជីវិតអ្នក។ យ៉ាងនោះ អ្នកនឹងទុកគំរូល្អប្រសើរឲ្យក្រុមគ្រួសាររបស់អ្នកធ្វើតាម។
អេណុក«បានប្រកាសទំនាយអំពីអ្នកទាំងនោះ»
អេណុកប្រហែលជាមានអារម្មណ៍ឯកោ ដោយសារមានតែគាត់ប៉ុណ្ណោះដែលមានជំនឿលើព្រះក្នុងសង្គមមនុស្សដែលគ្មានជំនឿសោះ។ ប៉ុន្តែ តើព្រះយេហូវ៉ាដែលជាព្រះរបស់គាត់បានកត់សម្គាល់ជំនឿរបស់គាត់ទេ? ព្រះបានកត់សម្គាល់មែន។ នៅថ្ងៃមួយ ព្រះយេហូវ៉ាបានប្រស្រ័យទាក់ទងជាមួយនឹងអេណុកជាអ្នកបម្រើដ៏ស្មោះត្រង់របស់លោក។ ព្រះឲ្យអេណុកទៅប្រកាសប្រាប់ដំណឹងដល់មនុស្សនៅសម័យរបស់គាត់។ ម្ល៉ោះហើយ ព្រះបានជ្រើសរើសអេណុកឲ្យធ្វើជាអ្នកប្រកាសទំនាយម្នាក់ ហើយគាត់ជាអ្នកប្រកាសទំនាយដំបូងដែលដំណឹងរបស់គាត់បានត្រូវកត់ទុកក្នុងគម្ពីរ។ យើងដឹងដូច្នេះ ដោយសារយូដាសដែលជាប្អូនប្រុសរបស់លោកយេស៊ូ បានត្រូវដឹកនាំឲ្យសរសេរអំពីពាក្យសម្ដីរបស់អេណុក ច្រើនសតវត្សរ៍ក្រោយមក។a
តើទំនាយរបស់អេណុកប្រាប់អំពីអ្វី? ទំនាយនោះប្រាប់ថា៖ «មើល! ព្រះយេហូវ៉ាបានមកជាមួយនឹងទេវតាបរិសុទ្ធរាប់ម៉ឺនរបស់លោក ដើម្បីដាក់ទោសមនុស្សទុច្ចរិត ហើយបញ្ជាក់នូវទោសកំហុសរបស់ពួកគេក្នុងអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្តយ៉ាងទុច្ចរិត ហើយស្តីអំពីសម្ដីដ៏គួរខ្ពើមរអើមដែលមនុស្សទុច្ចរិតជាអ្នកប្រព្រឹត្តអំពើខុសឆ្គងបានពោលប្រឆាំងលោក»។ (យូដាស ១៤, ១៥) ចំណុចដំបូងដែលអ្នកប្រហែលជាកត់សម្គាល់គឺថាពាក្យសម្ដីអេណុកជាទម្រង់អតីតកាល ហាក់ដូចជាព្រះបានធ្វើឲ្យទំនាយនោះកើតឡើងរួចហើយ។ ហេតុនេះហើយបានជាទំនាយក្រោយៗមកទៀតមានលំនាំដូចគ្នា។ បើនិយាយឲ្យចំទៅ ទំនាយដែលប្រកាសទុកជាមុននោះគឺច្បាស់ដល់ម្ល៉េះ បានជាការរៀបរាប់នោះហាក់ដូចជាបានកើតឡើងរួចហើយ!—អេសាយ ៤៦:១០
អេណុកប្រហែលជាបានប្រកាសផ្សាយដំណឹងជំនុំជម្រះដល់មនុស្សទាំងអស់ តើអ្នកអាចស្រមៃឃើញគាត់កំពុងប្រកាសដំណឹងនោះឬទេ? សូមកត់សម្គាល់អំពីដំណឹងព្រមានដ៏ខ្លាំងនោះ ក្នុងដំណឹងនោះមានបួនដងដែលប្រើពាក្យ«ទុច្ចរិត»ដើម្បីផ្ដន្ទាទោសមនុស្ស និងការប្រព្រឹត្តរបស់ពួកគេ។ ទំនាយនោះព្រមានដល់មនុស្សទាំងអស់ថា សង្គមដែលពួកគេបានស្ថាបនាឡើងតាំងពីពេលដែលអាដាមនិងអេវ៉ាបានត្រូវបណ្ដេញចេញពីសួនអេដែន នោះគឺអាក្រក់សុទ្ធសាធ។ ដូច្នេះ សង្គមមនុស្សដ៏អាក្រក់នោះនឹងមកដល់ទីបញ្ចប់ ពេលព្រះយេហូវ៉ាមកជាមួយ«ទេវតាបរិសុទ្ធរាប់ម៉ឺន»ដែលជាកងទ័ពទេវតាដ៏ខ្លាំងក្លា ដែលតម្រៀបគ្នាប្រុងចូលច្បាំង ដើម្បីនាំមកនូវការបំផ្លាញចោល។ ដោយចិត្តក្លាហាន អេណុកបានប្រកាសដំណឹងព្រមានពីព្រះ ហើយគាត់ធ្វើដូច្នេះតែម្នាក់ឯង! ពេលនោះឡាមេកនៅក្មេងនៅឡើយ គាត់ប្រហែលជាបានឃើញចិត្តក្លាហានរបស់ជីតាគាត់ ហើយគាត់បានស្ញប់ស្ញែងជីតាគាត់យ៉ាងខ្លាំង។ យើងអាចយល់អារម្មណ៍របស់ឡាមេក។
ជំនឿរបស់អេណុកអាចជំរុញចិត្តយើងឲ្យសួរខ្លួនយើងថា តើយើងមានទស្សនៈដូចព្រះចំពោះពិភពលោកដែលយើងកំពុងរស់នៅនេះឬទេ? ដំណឹងវិនិច្ឆ័យដែលអេណុកបានប្រកាសយ៉ាងក្លាហាននោះ ក៏ទាក់ទងនឹងពិភពលោកសព្វថ្ងៃនេះដែរ។ ស្របទៅតាមការព្រមានរបស់អេណុក ព្រះយេហូវ៉ាបាននាំឲ្យមានទឹកជំនន់ដ៏ធំក្រៃលែង មកបំផ្លាញមនុស្សដែលមិនគោរពប្រណិប័តន៍លោកនៅសម័យណូអេ។ ប៉ុន្តែ ការបំផ្លាញនោះជាគំរូសម្រាប់ការបំផ្លាញដ៏ធំជាង ដែលនឹងមកដល់នៅពេលខាងមុខ។ (ម៉ាថាយ ២៤:៣៨, ៣៩; ពេត្រុសទី២ ២:៤-៦) នៅសព្វថ្ងៃនេះ ព្រះនិងបណ្ដាទេវតាដ៏បរិសុទ្ធរបស់លោកកំពុងត្រៀមជាស្រេច ដើម្បីនាំមកនូវការវិនិច្ឆ័យដ៏សុចរិតប្រឆាំងនឹងពិភពលោកដែលមិនគោរពប្រណិប័តន៍លោក។ ដូច្នេះ យើងម្នាក់ៗត្រូវចាំជានិច្ចអំពីការព្រមានរបស់អេណុក ហើយចូលរួមប្រាប់មនុស្សឯទៀតអំពីការព្រមាននោះ។ ក្រុមគ្រួសារនិងមិត្តភក្ដិប្រហែលជាលែងរាប់អានយើង។ ម្ដងម្កាល យើងប្រហែលជាមានអារម្មណ៍ឯកោ។ ប៉ុន្តែ សូមចាំថា ព្រះយេហូវ៉ាមិនដែលបោះបង់ចោលអេណុកទេ ហើយលោកក៏នឹងមិនបោះបង់ចោលអ្នកបម្រើស្មោះត្រង់របស់លោកនៅសព្វថ្ងៃនេះដែរ!
«អេណុកបានត្រូវយកចេញ ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់»
តើអេណុកទទួលមរណៈភាពតាមរបៀបណា? មរណៈភាពរបស់អេណុកគឺអាថ៌កំបាំងនិងគួរឲ្យចាប់អារម្មណ៍ជាងជីវិតរបស់គាត់ទៅទៀត។ កំណត់ហេតុនៅលោកុប្បត្តិចែងថាអេណុក (ឬហេណុក) «ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ»។ (លោកុប្បត្តិ ៥:២៤) តើតាមរបៀបណាព្រះបានយកអេណុកទៅ? ក្រោយមកសាវ័កប៉ូលបានពន្យល់ថា៖ «ដោយសារជំនឿ អេណុកបានត្រូវយកចេញ ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់ ហើយគេមិនអាចរកគាត់ឃើញឡើយ ពីព្រោះព្រះបានយកគាត់ចេញហើយ ព្រោះមុនពេលដែលគាត់ត្រូវយកចេញ គាត់ទទួលការបញ្ជាក់ថា គាត់បានធ្វើឲ្យព្រះពេញចិត្ត»។ (ហេប្រឺ ១១:៥) តើប៉ូលចង់មានន័យអ្វីដោយនិយាយពាក្យថា«បានត្រូវយកចេញ ដើម្បីកុំឲ្យជួបសេចក្ដីស្លាប់»? អ្នកបកប្រែគម្ពីរខ្លះនិយាយថាព្រះយកអេណុកទៅស្ថានសួគ៌។ ប៉ុន្តែ នេះមិនអាចទៅរួចទេ ពីព្រោះគម្ពីរបង្ហាញថាលោកយេស៊ូគ្រិស្តជាបុគ្គលដំបូងបង្អស់ដែលបានត្រូវប្រោសឲ្យទៅស្ថានសួគ៌។—យ៉ូហាន ៣:១៣
តើក្នុងន័យអ្វីដែលអេណុក«បានត្រូវយកចេញ»ដើម្បីកុំឲ្យគាត់ជួប«សេចក្ដីស្លាប់»? ព្រះយេហូវ៉ាទំនងជាធ្វើឲ្យអេណុកស្លាប់ដោយស្រួល និងមិនឲ្យគាត់រងអំពើហិង្សា ឬឲ្យគាត់ស្លាប់ក្នុងកណ្ដាប់ដៃពួកសត្រូវឡើយ។ ប៉ុន្តែមុនដំបូង អេណុកបានទទួល«ការបញ្ជាក់ថា គាត់បានធ្វើឲ្យព្រះពេញចិត្ត»។ តើតាមរបៀបណា? មុនពេលដែលអេណុកស្លាប់ តាមមើលទៅព្រះបានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតអំពីផែនដីដែលជាសួនឧទ្យាន។ ក្រោយពីបានឃើញក្នុងគំនិតនូវការពេញចិត្តពីព្រះយេហូវ៉ា នោះអេណុកក៏បានស្លាប់ទៅ។ ស្តីអំពីអេណុកនិងបុរសស្ត្រីស្មោះត្រង់ឯទៀត សាវ័កប៉ូលបានសរសេរថា៖ «អ្នកទាំងអស់នោះបានស្លាប់ដោយមានជំនឿ»។ (ហេប្រឺ ១១:១៣) លុះក្រោយមក សត្រូវរបស់អេណុកប្រហែលជារកសាកសពរបស់គាត់។ ប៉ុន្តែ ពួកគេ«មិនអាចរកគាត់ឃើញឡើយ» នេះទំនងជាដោយសារព្រះយេហូវ៉ាធ្វើឲ្យលែងមានសាកសពគាត់ទៀត ដើម្បីកុំឲ្យពួកសត្រូវប្រមាថមើលងាយ ឬប្រើសាកសពគាត់ដើម្បីលើកស្ទួយសាសនាមិនពិត។b
ដោយយល់អំពីបទគម្ពីរទាំងនោះ សូមឲ្យយើងព្យាយាមស្រមៃគិតអំពីជីវិតចុងក្រោយរបស់អេណុក។ សូមចាំថានេះគ្រាន់តែជាហេតុការណ៍មួយដែលអាចកើតឡើងចំពោះអេណុក។ អេណុកកំពុងរត់ គាត់កាន់តែខ្សោះកម្លាំង។ ពួកសត្រូវដេញតាមគាត់យ៉ាងប្រកិត ពួកគេមានកំហឹងយ៉ាងខ្លាំងចំពោះដំណឹងវិនិច្ឆ័យដែលអេណុកបានប្រកាស។ ពេលនោះ អេណុកក៏រត់ទៅលាក់ខ្លួននៅកន្លែងមួយ តែគាត់ដឹងថាគាត់មិនអាចលាក់ខ្លួនបានយូរទេ។ បន្ដិចទៀតពួកសត្រូវច្បាស់ជារកគាត់ឃើញ ហើយពួកគេនឹងវាយសម្លាប់គាត់យ៉ាងសាហាវ។ កាលដែលគាត់សម្រាកបន្ដិច គាត់ក៏បានអធិដ្ឋានទៅព្រះ រួចគាត់ក៏មានសេចក្ដីសុខសាន្តក្នុងចិត្ត។ បន្ទាប់មក ព្រះបានបើកបង្ហាញឲ្យអេណុកឃើញក្នុងគំនិត ហើយអ្វីដែលគាត់បានឃើញនោះច្បាស់ដល់ម្ល៉េះ បានជាគាត់គិតថាគាត់កំពុងនៅទីនោះតែម្ដង។
សូមស្រមៃថា អេណុកបានឃើញក្នុងគំនិតអំពីពិភពលោកមួយដែលខុសគ្នាស្រឡះពីពិភពលោកដែលគាត់កំពុងរស់នៅ។ តាមមើលទៅ ពិភពលោកនោះស្រស់ស្អាតខ្លាំងណាស់ដូចសួនអេដែន តែគ្មានទេវតាចេរូប៊ីននៅចាំយាមដើម្បីកុំឲ្យមនុស្សចូលទៅខាងក្នុងទេ។ នៅទីនោះ មនុស្សច្រើនរាប់មិនអស់ ទាំងប្រុសទាំងស្រីមានសុខភាពល្អ មានកម្លាំងកាយមាំមួន និងស្វាហាប់។ ពួកគេពោរពេញទៅដោយសេចក្ដីសុខសាន្តរវាងគ្នានិងគ្នា។ គ្មានការស្អប់គ្នា គ្មានការបៀតបៀនខាងសាសនា ដូចដែលអេណុកកំពុងជួបនោះឡើយ។ អេណុកដឹងថាព្រះយេហូវ៉ាស្រឡាញ់គាត់ ហើយពេញចិត្តគាត់យ៉ាងខ្លាំង។ គាត់ដឹងច្បាស់ថាទីនោះជាកន្លែងដែលគាត់នឹងរស់នៅ ជាលំនៅរបស់គាត់។ កាលដែលគាត់ពេញទៅដោយអារម្មណ៍សុខសាន្ត នោះអេណុកក៏បិទភ្នែក ហើយលុងលក់ស្លាប់ទៅ។
ទោះជាអេណុកបានស្លាប់អស់រយៈពេលយូរហើយក៏ដោយ តែគាត់នៅក្នុងការនឹកចាំរបស់ព្រះជានិច្ច! ដូចសេចក្ដីសន្យារបស់លោកយេស៊ូដែលថា នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងការនឹកចាំរបស់ព្រះនឹងឮសំឡេងរបស់គ្រិស្ត ហើយចេញពីផ្នូរមក ពេលនោះពួកគេនឹងឃើញពិភពលោកថ្មីដ៏សែនស្អាត និងពេញទៅដោយសន្ដិភាព។—យ៉ូហាន ៥:២៨, ២៩
តើអ្នកចង់នៅទីនោះដែរឬទេ? សូមគិតទៅមើលថាអ្នកនឹងរំភើបចិត្តខ្លាំងយ៉ាងណាដែលបានជួបអេណុក។ សូមគិតអំពីអ្វីៗដែលគួរឲ្យទាក់ទាញចិត្ត ដែលអ្នកអាចរៀនពីគាត់! អេណុកអាចប្រាប់យើងថាការស្រមៃគិតរបស់យើងអំពីជីវិតចុងក្រោយរបស់គាត់នោះជាការពិតមែនឬយ៉ាងណា។ ប៉ុន្តែ មានអ្វីដ៏សំខាន់មួយដែលយើងត្រូវរៀនពីគាត់នៅឥឡូវនេះតែម្ដង។ បន្ទាប់ពីបាននិយាយអំពីអេណុក ប៉ូលបានបន្តទៀតថា៖ «បើគ្មានជំនឿ មិនអាចធ្វើឲ្យព្រះពេញចិត្តបានឡើយ»។ (ហេប្រឺ ១១:៦) នេះជាមូលហេតុដ៏សំខាន់មួយដែលយើងម្នាក់ៗគួរយកតម្រាប់ជំនឿ និងចិត្តក្លាហានរបស់អេណុក!
a បណ្ឌិតខ្លះខាងគម្ពីរអះអាងថា យូដាសបានកត់ទុកសម្ដីរបស់អេណុក ដោយដកស្រង់ពីសៀវភៅមួយឈ្មោះថាសៀវភៅអេណុក។ ប៉ុន្តែ សៀវភៅនោះជាសៀវភៅរឿងព្រេងដែលគ្មានប្រភពច្បាស់លាស់ទេ ហើយមនុស្សចេះតែនិយាយថាអេណុកបានសរសេរសៀវភៅនោះ។ សៀវភៅអេណុកនោះប្រាប់ត្រឹមត្រូវអំពីទំនាយរបស់អេណុក តែទំនាយក្នុងសៀវភៅអេណុកនោះប្រហែលជាបានត្រូវដកស្រង់ពីឯកសារមួយដែលសព្វថ្ងៃនេះបានបាត់បង់ ឬពីការប្រាប់តគ្នាពីមាត់មួយទៅមាត់មួយ។ យូដាសប្រហែលជាដកស្រង់ព័ត៌មានពីឯកសារដែលបានបាត់បង់នោះ ឬប្រហែលជាគាត់ដឹងអំពីអេណុកតាមរយៈលោកយេស៊ូ ដែលបានឃើញពីស្ថានសួគ៌នូវជីវិតរបស់អេណុក។
b ស្រដៀងគ្នាដែរ ព្រះទំនងជាបានធ្វើឲ្យសពម៉ូសេនិងសពលោកយេស៊ូលែងមានទៀត ដើម្បីកុំឲ្យអ្នកណាយកសាកសពពួកគាត់ប្រើក្នុងគោលបំណងមិនត្រឹមត្រូវ។—ចោទិយកថា ៣៤:៥, ៦; លូកា ២៤:៣-៦; យូដាស ៩