តើប្រព័ន្ធព្រះអាទិត្យដ៏អស្ចារ្យនេះកើតមកពីណា?
ទីតាំងប្រព័ន្ធព្រះអាទិត្យក្នុងលំហអាកាសមានលក្ខណៈសំខាន់ច្រើនយ៉ាង។ មុនដំបូង ប្រព័ន្ធព្រះអាទិត្យយើងមានទីតាំងឆ្ងាយពីកាឡាក់ស៊ីឯទៀតដែលបានប្រមូលផ្ដុំគ្នាក្នុងកាឡាក់ស៊ីមីលគីវ៉េ។ ដូច្នេះប្រព័ន្ធព្រះអាទិត្យយើងនេះស្ថិតនៅកន្លែងមួយដែលមិនមានហ្វូងតារាដ៏ច្រើនសម្បើមទេ។ តាមពិត ផ្កាយជាច្រើនដែលយើងឃើញពេលយប់មានចម្ងាយឆ្ងាយដល់ម្ល៉េះពីផែនដី បានជាពេលគេប្រើតេលេទស្សន៍ឬកែវយឹតដែលមានកម្លាំងខ្លាំងបំផុតក៏ដោយ ផ្កាយទាំងនោះនៅតែមើលទៅដូចជាតូចមែនទែន។ តើប្រព័ន្ធព្រះអាទិត្យយើងគួរមានទីតាំងឆ្ងាយពីកាឡាក់ស៊ីនិងផ្កាយឯទៀតដូចនេះឬទេ?
ប្រព័ន្ធព្រះអាទិត្យយើងត្រូវតែមានទីតាំងឆ្ងាយពីកាឡាក់ស៊ីមែន ដ្បិតបើផែនដីយើងស្ថិតនៅជិតពាក់កណ្ដាលកាឡាក់ស៊ីមីលគីវ៉េនេះ ហ្វូងតារាដ៏ច្រើនសម្បើមនោះអាចជះឥទ្ធិពលអាក្រក់លើផែនដីយើងនេះ។ ជាឧទាហរណ៍ គន្លងចរនៃផែនដីប្រហែលជានឹងមិនទៀង ហើយនេះអាចមានឥទ្ធិពលអាក្រក់លើជីវិតនៅផែនដីបាន។ ប៉ុន្តែយើងឃើញថា ប្រព័ន្ធព្រះអាទិត្យមានទីតាំងយ៉ាងល្អក្នុងកាឡាក់ស៊ីនេះ។ ជាលទ្ធផលផែនដីមិនធ្វើចលនាតាមគន្លងកាត់ពពកឧស្ម័ន ឬជិតផ្កាយដែលផ្ទុះជាដើម។ បើមានមែនជាហេតុដែលនាំឲ្យមានឥទ្ធិពលអាក្រក់លើជីវិតនៅផែនដី និងការឡើងសីតុណ្ហភាព ឬមានវិទ្យុសកម្ម។
ព្រះអាទិត្យជាផ្កាយដ៏ល្អមួយសម្រាប់ជីវិតលើផែនដី។ ព្រះអាទិត្យបញ្ចេញថាមពលយ៉ាងទៀងទាត់ហើយអាចធ្វើដូច្នេះជាយូរអង្វែងដែរ។ ព្រះអាទិត្យមិនជាផ្កាយធំពេកដែលមានកម្ដៅក្ដៅហួសហេតុនោះទេ។ តារាជាច្រើនក្នុងកាឡាក់ស៊ីមីលគីវ៉េនេះគឺតូចជាងព្រះអាទិត្យយើងឆ្ងាយណាស់! ដូច្នេះ ពន្លឺដែលចេញពីផ្កាយទាំងនោះមិនត្រឹមត្រូវសម្រាប់ជីវិតលើផែនដីទេ ហើយផ្កាយទាំងនោះក៏មិនបញ្ចេញកម្ដៅល្មមនឹងទ្រទ្រង់ជីវិតនៅភពណាទៀតដូចផែនដីយើងដែរ។ ម្យ៉ាងទៀត តារាជាច្រើនទាញតារាឯទៀតឲ្យធ្វើចលនាលើគន្លង ដូច្នេះផ្កាយទាំងនោះចេះតែវិលជុំវិញគ្នាឯង។ ប៉ុន្តែផ្ទុយទៅវិញ ព្រះអាទិត្យរបស់យើងជាផ្កាយមួយដែលមានទីតាំងដាច់តែឯង ហើយអត់មានទំនាញទាក់ទងផ្កាយឯទៀតទេ។ បើប្រព័ន្ធព្រះអាទិត្យយើងនេះមានផ្កាយពីរបីទុកជាសុរិយាបន្ថែម នោះទំនាញពីផ្កាយទាំងនោះនឹងធ្វើឲ្យប្រព័ន្ធព្រះអាទិត្យយើងលែងមានលំនឹង។
ទីតាំងប្រព័ន្ធព្រះអាទិត្យយើងនេះក្នុងលំហអាកាសមានលក្ខណៈសំខាន់មួយទៀត។ ភពធំៗទាំងប៉ុន្មានដែលនៅឆ្ងាយជាងគេពីព្រះអាទិត្យ ធ្វើចលនាលើគន្លងដែលជារង្វង់មូល ហើយជាលទ្ធផលភពទាំងនោះមិនមានឥទ្ធិពលទាញភពទាំងប៉ុន្មានដែលស្ថិតនៅជិតព្រះអាទិត្យឡើយ។a បន្ថែមទៅទៀត ភពធំៗដែលមានទីតាំងឆ្ងាយជាងគេពីព្រះអាទិត្យចេះតែការពារផែនដីដោយស្រូបអង្គធាតុផ្សេងៗ ឬធ្វើឲ្យអង្គធាតុទាំងនោះប្លាតចេញ។ ពួកវិទ្យាសាស្ត្រពន្យល់ថា៖ «ហេតុដែលអាចម៍ផ្កាយនិងផ្កាយដុះកន្ទុយមិនបុកព្រះធរណីច្រើនណាស់ណានោះ គឺដោយសារមានភពធំៗជុំវិញយើង ដូចភពព្រហស្បតិ៍ដែលសុទ្ធតែជាឧស្ម័ន»។ (សៀវភៅ Rare Earth—Why Complex Life Is Uncommon in the Universe របស់លោក Peter D. Ward និងលោក Donald Brownlee) ពួកវិទ្យាសាស្ត្របានរកឃើញប្រព័ន្ធឯទៀតដែលមានភពធំៗធ្វើចលនាលើគន្លងជុំវិញផ្កាយមួយ។ ប៉ុន្តែគន្លងចរនៃភពធំៗទាំងនោះមានឥទ្ធិពលខ្លាំងពេកលើភពដែលតូចជាង។
តួនាទីនៃព្រះចន្ទ
តាំងពីបុរាណមក មនុស្សបានកោតស្ងើច ហើយបានសរសេរកំណាព្យនិងចម្រៀងអំពីព្រះចន្ទ។ ជាឧទាហរណ៍ នៅសម័យបុរាណបុរសជនជាតិហេព្រើរម្នាក់ដែលជាអ្នកតែងកំណាព្យបានពិពណ៌នាថា ព្រះចន្ទ«នៅស្ថិតស្ថេររហូត»ហើយ«ជាទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ»។—ទំនុកតម្កើង ៨៩:៣៨, ខ.ស.; ៨៩:៣៧
ព្រះចន្ទមានឥទ្ធិពលសំខាន់លើជីវិតដែលរស់នៅលើផែនដី ជាក់ស្តែងគឺទំនាញព្រះចន្ទដែលធ្វើឲ្យមានទឹកជោរនិងទឹកនាច។ ពួកវិទ្យាសាស្ត្រយល់ថា ទឹកជោរនិងទឹកនាចមានឥទ្ធិពលលើចលនាមហាសមុទ្រដែលមានអានុភាពលើអាកាសធាតុនៅលើផែនដី។
ព្រះចន្ទក៏មានតួនាទីសំខាន់មួយទៀតដែលទាក់ទងនឹងគន្លងចរនៃផែនដីជុំវិញព្រះអាទិត្យ ដ្បិតទំនាញព្រះចន្ទធ្វើឲ្យអ័ក្សផែនដីមានលំនឹង។ យោងទៅតាមទស្សនាវដ្ដីមួយអំពីរឿងវិទ្យាសាស្ត្រ (ទស្សនាវដ្ដីNature) បើអត់មានព្រះចន្ទធ្វើចលនាលើគន្លងជុំវិញផែនដី នោះមុំអ័ក្សទ្រេតនឹងប្រែប្រួលបន្ដិចម្ដងៗ។ សូមគិតទៅមើល បើអ័ក្សផែនដីមិនទ្រេតសោះ នោះយើងក៏នឹងលែងមានរដូវកាលផ្សេងៗ ហើយជាលទ្ធផលក៏មិនសូវមានភ្លៀងដែរ។ ដោយសារអ័ក្សផែនដីទ្រេតតែប៉ុណ្ណេះ នោះក៏ជួយកុំឲ្យសីតុណ្ហភាពឡើងហួសកម្រិតដែលមនុស្សរស់មិនបាន។ តារាវិទូម្នាក់ឈ្មោះហ្សាក ឡាស្កា ពន្យល់ថា៖ «មូលហេតុដ៏អស្ចារ្យដែលធ្វើឲ្យអាកាសធាតុក្នុងបរិយាកាសយើងមានលំនឹង គឺដោយសារព្រះចន្ទ»វិលជុំវិញផែនដី។ ព្រះចន្ទមានទំហំធំបន្ដិច គឺធំជាងភពរណបនានាដែលវិលជុំវិញភពធំៗទាំងប៉ុន្មាន។
អ្នកសរសេរសៀវភៅលោកុប្បត្តិក្នុងព្រះគម្ពីរចាស់បុរាណ បានរៀបរាប់អំពីតួនាទីសំខាន់មួយទៀតរបស់ព្រះចន្ទ ពោលគឺសម្រាប់បំភ្លឺក្នុងវេលាយប់។—លោកុប្បត្តិ ១:១៦
តើទាំងអស់នេះកើតមកដោយឯកឯង ឬមានអ្នកបង្កើត?
យើងបានសង្កេតឃើញថា មានហេតុការណ៍ជាច្រើនទ្រទ្រង់ជីវិតនៅលើផែនដី ថែមទាំងផ្ដល់ហេតុឲ្យយើងសប្បាយនឹងជីវិតផង។ តើយើងគួរសន្និដ្ឋានយ៉ាងណា? តាមមើលទៅ មានទស្សនៈតែពីរប៉ុណ្ណោះ។ ទីមួយ យើងអាចសន្និដ្ឋានថា អ្វីៗទាំងអស់នេះបានកើតឡើងដោយឯកឯង គឺដោយចៃដន្យ។ ឬមួយក៏ទីពីរ យើងអាចសន្និដ្ឋានថា មានអ្នកបង្កើតមួយអង្គដែលមានគោលបំណងក្នុងការបង្កើតរបស់សព្វសារពើនេះ។
ប៉ុន្មានពាន់ឆ្នាំមុននេះ គេបានសរសេរក្នុងព្រះគម្ពីរបរិសុទ្ធថា ព្រះមួយអង្គដែលមានព្រះចេស្ដាខ្លាំងបំផុតបានគ្រោងសកលលោកនេះទុកជាមុន ហើយក្រោយមកបានបង្កើតអ្វីៗទាំងអស់។ បើសំណេរនោះមានសច្ចភាព នេះបានន័យថាស្ថានភាពក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះមិនបានកើតមកដោយឯកឯងឬដោយចៃដន្យទេ តែមានអ្នកធ្វើគម្រោងវិញ។ អ្នកបង្កើតនោះបានរាយការណ៍អំពីរបៀបដែលលោកបានរៀបចំអ្វីៗទាំងអស់ដើម្បីឲ្យជីវិតលើផែនដីអាចរស់នៅបាន។ អ្នកប្រហែលជានឹងភ្ញាក់ផ្អើល ពេលដឹងថារបាយការណ៍របស់អ្នកបង្កើតនោះមានចំណាស់ប្រមាណ៣.៥០០ឆ្នាំហើយ! អ្វីដែលរបាយការណ៍រៀបរាប់អំពីប្រវត្ដិសាស្ត្រនៃសកលលោកយើងនេះ គឺប្រហាក់ប្រហែលនឹងអ្វីដែលពួកវិទ្យាសាស្ត្រជឿថាបានកើតឡើងមែន។ យើងអាចអានរបាយការណ៍នោះក្នុងសៀវភៅលោកុប្បត្តិដែលជាផ្នែកមួយនៃព្រះគម្ពីរបរិសុទ្ធ។ សូមមើលកំណត់ហេតុនោះបន្ដិច។
កំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិអំពីកំណើតពិភពលោក
‹កាលដើមដំបូង ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី›។ (លោកុប្បត្តិ ១:១) ពាក្យដំបូងនេះក្នុងព្រះគម្ពីរសំដៅទៅលើកំណើតប្រព័ន្ធព្រះអាទិត្យ ដែលរួមបញ្ចូលផែនដីនិងហ្វូងតារាដ៏ច្រើនសម្បើមក្នុងរាប់លានកាឡាក់ស៊ីដែលប្រមូលផ្ដុំគ្នាជាសកលលោកយើងនេះ។ យោងទៅតាមព្រះគម្ពីរ កាលដំបូងផ្ទៃផែនដី«គ្មានរូបរាងនិងនៅទទេ»។ កាលនោះ គ្មានទ្វីបណានៅផ្ទៃផែនដី ហើយក៏គ្មានដីគោកណាសម្រាប់ដាំដំណាំដែរ។ ប៉ុន្តែ ពាក្យបន្តបន្ទាប់បញ្ជាក់ពីអ្វីដែលពួកវិទ្យាសាស្ត្រថាជាសារធាតុសំខាន់មួយដើម្បីឲ្យជីវិតលើផែនដីអាចរស់នៅបាន ពោលគឺទឹកជាច្រើន។ សកម្មពលរបស់ព្រះបាន«រេរាពីលើផ្ទៃទឹក»។—កំណើតពិភពលោក [លោកុប្បត្តិ] ១:២
ដើម្បីឲ្យមានទឹករាវនៅលើផ្ទៃភពណាមួយ ចម្ងាយភពនោះពីព្រះអាទិត្យមិនត្រូវឆ្ងាយពេកឬជិតពេកឡើយ។ អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះអនទ្រេ អ៊ីងហ្គឺសុលជាអ្នកស្រាវជ្រាវខាងភពផ្សេងៗ ហើយគាត់ពន្យល់អំពីអាកាសធាតុចាំបាច់ដើម្បីឲ្យមានទឹករាវនៅលើផ្ទៃភពថា៖ «ភពអង្គាររងាពេក ភពសុក្រក្ដៅពេក តែភពផែនដីមានសីតុណ្ហភាពល្មម»។ ដូចគ្នាដែរ ដើម្បីដុះចេញបាន រុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ របាយការណ៍ក្នុងព្រះគម្ពីររៀបរាប់ថា នៅដើមកំណើតពិភពលោកនោះ ព្រះដែលជាអ្នកបង្កើតបានធ្វើឲ្យពន្លឺពីព្រះអាទិត្យភ្លឺដល់ផ្ទៃទឹកដែលមានចំហាយទឹកជាពពកងងឹតរុំព័ទ្ធផែនដីប្រៀបដូចជា«កន្សែង»។—យ៉ូប ៣៨:៤, ៩; លោកុប្បត្តិ ១:៣-៥
ពេលអានខបន្តបន្ទាប់ទៀតក្នុងសៀវភៅលោកុប្បត្តិ យើងឃើញថាព្រះអង្គបានបង្កើត«ប្រឡោះ»ឬ«លំហ»មួយ។ (លោកុប្បត្តិ ១:៦-៨; ខ.ស.) ប្រឡោះនោះជាទីដែលចំហជាចន្លោះដែលពេញទៅដោយជាតិឧស្ម័នផ្សេងៗដែលជាបរិយាកាសរបស់ផែនដីយើងនេះ។
ព្រះគម្ពីរពន្យល់ទៀតថា ក្រោយនោះមក ព្រះបានធ្វើឲ្យដីគោកផុសចេញពីផ្ទៃទឹកដែលនៅទទេនោះ។ (លោកុប្បត្តិ ១:៩, ១០) តាមមើលទៅ ព្រះបានធ្វើឲ្យសំបកផែនដីរង្គើនិងប៉ោងឡើង។ នេះប្រហែលជាបានធ្វើឲ្យមានស្នាមភ្លោះ ព្រមទាំងបណ្ដាលឲ្យដីគោកផុសចេញពីផ្ទៃទឹកជាទ្វីបផ្សេងៗ។—ទំនុកដំកើង ១០៤:៦-៨
កាលដំបូងនោះ ព្រះប្រហែលជាបានបង្កើតឲ្យមានសារាយខៀវក្នុងមហាសមុទ្រ។ សារាយទាំងនេះបានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីផ្សំឧស្ម័នកាបូនិចនៃខ្យល់ជាមួយទឹកក្នុងការផលិតអាហារ។ ហើយក្នុងដំណើរផលិតអាហារនេះមានអុកស៊ីហ៊្សែនភាយចេញជាបន្តបន្ទាប់។ មកដល់ដំណាក់កាលទីបីក្នុងការបង្កើតអ្វីៗទាំងអស់នោះ ការផលិតអុកស៊ីហ៊្សែនឲ្យភាយចេញច្រើនថែមទៀតប្រហែលជាបានលឿនឡើង ពេលព្រះបង្កើតឲ្យមានរុក្ខជាតិគ្រប់បែបយ៉ាងដែលមានពាសពេញលើដីគោក។ ដោយសារមានបរិមាណអុកស៊ីហ៊្សែនច្រើនឡើងក្នុងបរិយាកាសនោះ នេះអាចផ្ដល់លទ្ធភាពឲ្យមនុស្សនិងសត្វដកដង្ហើមបាន។—លោកុប្បត្តិ ១:១១, ១២
ព្រះក៏បានបង្កើតសត្វល្អិតដែលយើងមើលមិនឃើញឲ្យរស់ក្នុងដីដើម្បីធ្វើឲ្យដីមានជីជាតិ។ (យេរេមា ៥១:១៥) សត្វល្អិតទាំងនេះស៊ីកាកសំណល់ឲ្យក្លាយជាជីជាតិដែលរុក្ខជាតិត្រូវការដើម្បីដុះឡើង។ សកម្មភាពបាក់តេរីពិសេសក្នុងដីយកសារធាតុអាសូតពីខ្យល់ដើម្បីឲ្យមានប្រយោជន៍សម្រាប់ការលូតលាស់នៃរុក្ខជាតិ។ គួរឲ្យអស្ចារ្យណាស់ ថាដីល្អមួយក្ដាប់អាចមានសត្វល្អិតជាង៦ពាន់លានរូប!
លោកុប្បត្តិ ១:១៤-១៩ រៀបរាប់អំពីដំណាក់កាលទីបួនក្នុងការបង្កើតរបស់សព្វសារពើ ដែលសំដៅទៅលើការរៀបចំឲ្យមានព្រះអាទិត្យ ព្រះចន្ទនិងផ្កាយទាំងឡាយ។ ពេលអានខទាំងនោះតែមួយភ្លែត អាចមើលទៅហាក់ដូចជាប្រឆាំងនឹងអ្វីដែលបានរៀបរាប់ក្នុងខមុនៗ។ ប៉ុន្តែ សូមនឹកចាំថា លោកម៉ូសេដែលជាអ្នកសរសេរសៀវភៅលោកុប្បត្តិ គាត់បានសរសេរកំណត់ហេតុអំពីកំណើតពិភពលោកដោយគិតពីអ្វីដែលមនុស្សនៅលើផែនដីនឹងឃើញ បើអាចមានវត្តមាននៅពេលនោះ។ តាមមើលទៅ បរិយាកាសផែនដីនៅគ្រានោះបានទៅជាស្រឡះល្មមនឹងឃើញព្រះអាទិត្យ ព្រះចន្ទនិងហ្វូងតារាទាំងឡាយ។
កំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិរៀបរាប់អំពីដំណាក់កាលទីប្រាំជាគ្រាបង្កើតសត្វនៅលើដីគោក ហើយដំណាក់កាលទី៦ជាពេលដែលមនុស្សបានត្រូវបង្កើតមក។—លោកុប្បត្តិ ១:២០-៣១
ព្រះបង្កើតមនុស្សឲ្យបានសប្បាយនឹងជីវិតនៅលើផែនដី
ពេលពិនិត្យមើលកំណត់ហេតុក្នុងសៀវភៅលោកុប្បត្តិ យើងអាចយល់ថាផែនដីនេះបានត្រូវបង្កើតមកឲ្យមនុស្សសប្បាយនឹងជីវិតនៅទីនេះ មែនទេ? តើអ្នកធ្លាប់ភ្ញាក់ពីគេង ឃើញពន្លឺថ្ងៃ ដកដង្ហើមយ៉ាងវែងនិងមានអារម្មណ៍សប្បាយថាមានជីវិតទេ? អ្នកប្រហែលជាធ្លាប់បានដើរក្នុងសួនច្បារ គយគន់មើលទេសភាពស្អាត ព្រមទាំងហិតក្លិនផ្កាក្រអូប។ ឬមួយក៏អ្នកបានដើរកាត់ចម្ការព្រមទាំងបេះផ្លែឈើដ៏ស្រស់និងមានឱជារសឆ្ងាញ់។ តាមពិត ជីវិតសប្បាយនឹងអ្វីទាំងនេះសុទ្ធតែពឹងផ្អែកលើ (១) ទឹកជាបរិបូរនៅលើផ្ទៃផែនដី (២) កម្ដៅនិងពន្លឺល្មមគ្រប់គ្រាន់ពីព្រះអាទិត្យ (៣) បរិយាកាសជុំវិញផែនដីដែលលាយឡំឧស្ម័នផ្សេងៗយ៉ាងត្រឹមត្រូវ និង (៤) ដីដែលមានជីជាតិ។
ភពអង្គារ ភពវេនូសនិងភពឯទៀតគ្មានរបស់ទាំងនេះទេ។ អ្វីៗទាំងអស់ក្នុងធម្មជាតិមិនបានកើតមកដោយឯកឯងឬដោយចៃដន្យឡើយ។ របស់ទាំងនេះបានត្រូវរៀបចំឡើងដើម្បីឲ្យមនុស្សយើងសប្បាយនឹងជីវិតនៅលើផែនដី។ ហើយអត្ថបទបន្ទាប់នឹងបញ្ជាក់ពីអ្វីដែលបានកត់ទុកក្នុងព្រះគម្ពីរថា ព្រះអង្គដែលបានបង្កើតផែនដីដ៏ស្រស់បំព្រងនេះ លោកក៏បានរៀបចំឲ្យនៅស្ថិតស្ថេរជារៀងរហូតផង។
[កំណត់សម្គាល់]
a ក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ភពទាំងបួនដែលជិតសុរិយាជាងគេ គឺភពពុធ ភពសុក្រ ភពផែនដីនិងភពអង្គារ សុទ្ធតែក្រាលដោយដីនិងថ្ម។ ភពទាំងប៉ុន្មានដែលឆ្ងាយពីសុរិយា គឺភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុសនិងភពណិបទូនច្រើនតែមានឧស្ម័ន។
[ប្រអប់នៅទំព័រ៦]
«សៀវភៅលោកុប្បត្តិបានត្រូវសរសេរចំពោះមនុស្សសាមញ្ញក្នុងកុលសម្ព័ន្ធមួយដែលច្រើនតែឃ្វាលសត្វ។ ដូច្នេះក្នុងនាមជាអ្នកធរណីវិទ្យា បើគេសុំឲ្យខ្ញុំពន្យល់ដល់មនុស្សបែបនោះនូវទស្សនៈរបស់យើងនៅសម័យនេះ ស្តីអំពីកំណើតផែនដីនិងជីវិតទាំងឡាយ ខ្ញុំក៏ត្រូវពន្យល់ដោយរបៀបស្រួលដូចបានរៀបរាប់ក្នុងជំពូកទីមួយនៃសៀវភៅលោកុប្បត្តិដែរ»។—អ្នកធរណីវិទ្យាឈ្មោះ Wallace Pratt
[ប្រអប់/រូបភាពនៅទំព័រ៧]
ផែនដីជាកន្លែងដ៏ល្អបំផុតដើម្បីពិនិត្យមើលភពផ្កាយឯទៀត
បើព្រះអាទិត្យមានទីតាំងនៅកន្លែងផ្សេងពីនេះក្នុងកាឡាក់ស៊ីមីលគីវ៉េ យើងមិនអាចមើលផ្កាយនានាឲ្យបានច្បាស់លាស់ដូចនេះឡើយ។ សៀវភៅមួយអំពីរឿងវិទ្យាសាស្ត្រពន្យល់ថា៖ «ប្រព័ន្ធព្រះអាទិត្យយើងមានទីតាំង[ក្នុងកាឡាក់ស៊ីមីលគីវ៉េនេះ] . . . ឆ្ងាយពីកន្លែងដែលហុយធូលីឬមានពន្លឺច្រើនពេក។ ដោយហេតុនេះយើងអាចមើលផ្កាយនានាដែលស្ថិតនៅជិតនិងឆ្ងាយយើងយ៉ាងច្បាស់ផងដែរ»។—សៀវភៅ The Privileged Planet
ម្យ៉ាងទៀត ទំហំនិងចម្ងាយរបស់ព្រះចន្ទពីផែនដីគឺល្មមដើម្បីឲ្យព្រះចន្ទបាំងព្រះអាទិត្យពេលមានសូរ្យគ្រាស។ ពេលមានសូរ្យគ្រាសដ៏ល្អអស្ចារ្យម្ដងម្កាល ពួកតារាវិទូមានឱកាសដើម្បីពិនិត្យមើលព្រះអាទិត្យឲ្យបានច្បាស់។ ការស្រាវជ្រាវបែបនេះបានជួយឲ្យពួកវិទ្យាសាស្ត្ររៀនច្រើនថែមទៀតអំពីរបៀបដែលផ្កាយបញ្ចេញពន្លឺ។
[រូបភាពនៅទំព័រ៥]
ព្រះចន្ទមានម៉ាសធំល្មមនឹងទាញផែនដីបាន កុំឲ្យមុំអ័ក្សទ្រេតប្រែប្រួល
[រូបភាពនៅទំព័រ៧]
ហេតុអ្វីបានជាអាចមានជីវិតរស់នៅលើផែនដីបាន? នេះស្រេចលើទឹកជាបរិបូរ កម្ដៅនិងពន្លឺល្មមគ្រប់គ្រាន់ បរិយាកាសជុំវិញផែនដីនិងដីដែលមានជីជាតិ
[អ្នកផ្ដល់សិទ្ធិ]
Globe: Based on NASA Photo; wheat: Pictorial Archive (Near Eastern History) Est.