តើអនាគតរបស់អ្នកនឹងទៅជាយ៉ាងណា?
ប្រសិនបើព្រះដ៏មានព្រះចេស្ដាបំផុតពិតជាប្រកបដោយសព្វញ្ញុភាព ហើយជ្រាបទាំងអស់អំពីរឿងនៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល តើរបស់ទាំងអស់មិននឹងកើតឡើងដូចព្រះបានឃើញនោះទេឬ? ប្រសិនបើព្រះបានឃើញហើយចេញក្រិត្យ នៃដំណើរនិងវាសនាផ្ដាច់ព្រ័ត្រនៃមនុស្សទាំងអស់ តើអាចពិតជានិយាយបានថាយើងមានសេរីភាពដើម្បីរើសយកដំណើរជីវិត និងអនាគតរបស់យើងឬ?
សំនួរទាំងនេះបានត្រូវប្រកែកវែកញែកជាច្រើនសតវត្សមកហើយ។ ការជំទាស់គំនិតនេះនៅធ្វើឲ្យបែកខ្ញែកសាសនាធំៗទាំងឡាយ។ តើសមត្ថភាពរបស់ព្រះដែលអាចដឹងអំពីអនាគត អាចផ្សះផ្សានឹងចិត្តសេរីរបស់មនុស្សបានទេ? តើយើងគួរតែរកចម្លើយនៅឯណា?
មនុស្សជាច្រើនលាននាក់នៅជុំវិញផែនដី នឹងស្របគំនិតថា ព្រះបានប្រាស្រ័យទាក់ទងជាមួយមនុស្ស តាមបន្ទូលរបស់ទ្រង់ ដូចបានជូនមកដោយអ្នកនាំសារ គឺព្យាការីរបស់ទ្រង់។ ជាឧទាហរណ៍ គម្ពីរកូរ៉ានសំដៅទៅការបើកសម្ដែង ជាអ្វីដែលមកពីព្រះ៖ ថូរ៉ា (ថូរ៉ា ច្បាប់ ឬសៀវភៅប្រាំរបស់ម៉ូសេ) សាពួ (ទំនុកដំកើង) និង អ៊ីនជេល (ដំណឹងល្អ បទគម្ពីរគ្រីស្ទានភាសាក្រិក ឬក៏«សញ្ញាថ្មី») ព្រមទាំងនឹងអ្វីដែលបានបង្ហាញប្រាប់ពួកព្យាការីរបស់អ៊ីស្រាអែល។
នៅក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិក យើងអានថា៖ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត»។ (ធីម៉ូថេទី២ ៣:១៦) យ៉ាងច្បាស់ណាស់ ការដឹកនាំឬការបំភ្លឺណាមួយដែលយើងទទួល នោះគួរតែមកពីព្រះ។ បើដូច្នេះ តើមិនជាការមានប្រាជ្ញាទេឬ ក្នុងការពិចារណាមើលសេចក្ដីសរសេររបស់ព្យាការីនៅសម័យបុរាណ? តើសេចក្ដីទាំងនេះបានប្រាប់យ៉ាងណាអំពីអនាគតរបស់យើង?
អនាគតដែលបានសរសេរទុកជាមុន
អ្នកណាមួយដែលបានអានបទគម្ពីរបរិសុទ្ធដឹងថា គឺមានបទទំនាយជាច្រើន។ ព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្របែបនេះ ដូចជាការធ្លាក់អំណាចនៃបាប៊ីឡូននៅសម័យបុរាណ ការសង់ឡើងវិញនៃក្រុងយេរូសាឡិម (នៅសតវត្សទីប្រាំមួយទៅសតវត្សទីប្រាំ ម.ស.យ.) ហើយការឡើងអំណាចនិងការចុះអំណាចនៃស្តេចពីបុរាណនៃរបស់សាសន៍មីឌី-ពើស៊ី និងក្រិក គឺបានទាយទុកជាមុនយ៉ាងល្អិតល្អន់។ (អេសាយ ១៣:១៧-១៩; ៤៤:២៤–៤៥:១; ដានីយ៉ែល ៨:១-៧, ២០-២២) ការសម្រេចនៃទំនាយបែបនេះ ជាភស្តុតាងយ៉ាងខ្លាំងមួយថា បទគម្ពីរបរិសុទ្ធគឺជាបន្ទូលរបស់ព្រះ ដ្បិតមានតែព្រះមួយអង្គប៉ុណ្ណោះ ដែលមានអំណាចមើលឃើញ ហើយព្រមទាំងសម្រេចនូវអ្វីដែលនឹងកើតឡើងនៅអនាគត។ ក្នុងន័យបែបនេះ បទគម្ពីរបរិសុទ្ធគឺពិតជាឯកសារដែលបានសរសេរទុកជាមុនមកមែន។
ព្រះអង្គទ្រង់បានប្រកាសថា៖ «អញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណ ក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថាគំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ› »។ (អេសាយ ៤៦:៩-១១; ៥៥:១០, ១១) ព្រះនាមរបស់ព្រះផ្ទាល់ គឺបានប្រាប់ពួកព្យាការីពីដើមនោះគឺជាព្រះយេហូវ៉ា ដែលមានន័យថា «ទ្រង់ដែលធ្វើឲ្យក្លាយជា»។a (លោកុប្បត្តិ ១២:៧, ៨; និក្ខមនំ ៣:១៣-១៥; ទំនុកដំកើង ៨៣:១៨) ព្រះបង្ហាញអង្គទ្រង់ជាព្រះដែលនឹងសម្រេចតាមពាក្យបន្ទូលរបស់ទ្រង់ ជាព្រះដែលតែងនាំឲ្យគោលបំណងរបស់ទ្រង់បានសម្រេច។
ដូច្នេះហើយ ព្រះបានប្រើអំណាចនៃការដឹងទុកជាមុនរបស់ទ្រង់ ដើម្បីសម្រេចគោលបំណងរបស់ទ្រង់។ ទ្រង់តែងប្រើអំណាចនេះដើម្បីព្រមានប្រាប់ពួកមនុស្សអាក្រក់អំពីការជំនុំជំរះដែលនឹងមានលើគេ ព្រមទាំងប្រទានពួកអ្នកបំរើរបស់ទ្រង់នូវសេចក្ដីសង្ឃឹមឲ្យបានសង្គ្រោះ។ តើព្រះប្រើអំណាចនេះដោយឥតមានព្រំដែនឬ? តើមានទីសំអាងណាខ្លះនៅក្នុងបទគម្ពីរបរិសុទ្ធ នៃរបស់ដែលព្រះបានសម្រេចមិនចង់ដឹងទុកជាមុនទេ?
តើព្រះដឹងទុកជាមុននូវរបស់ទាំងអស់ឬ?
ការវែកញែកទាំងអស់ដើម្បីគាំទ្រនៃបុព្វវាសនា គឺបានសំអាងលើការស្មាន ដែលថាដោយព្រះមានអំណាចដឹងអ្វីទាំងអស់ ហើយអាចសម្រេចព្រឹត្ដិការណ៍នៅអនាគត នោះទ្រង់ច្បាស់ជាដឹងអ្វីទាំងអស់ រួមទាំងសកម្មភាពនៅអនាគតនៃមនុស្សទាំងឡាយ។ ប៉ុន្តែ តើការស្មាននេះគឺត្រឹមត្រូវទេ? អ្វីដែលព្រះប្រាប់នៅក្នុងបទគម្ពីរបរិសុទ្ធរបស់ទ្រង់ បង្ហាញឲ្យឃើញផ្ទុយទៅវិញ។
ជាឧទាហរណ៍ បទគម្ពីរចែងថា «ព្រះទ្រង់ល្បងអ័ប្រាហាំ» ដោយបង្គាប់ឲ្យលោកធ្វើយញ្ញបូជាអ៊ីសាក ជាកូនរបស់របស់លោក សំរាប់តង្វាយដុត។ នៅពេលដែលអ័ប្រាហាំជិតនឹងធ្វើយញ្ញបូជាអ៊ីសាក នោះព្រះបានបញ្ឈប់លោក ដោយមានបន្ទូលថា៖ «ឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំច័យទុកនូវកូនឯងតែ១នេះនឹងអញសោះ»។ (លោកុប្បត្តិ ២២:១-១២) តើព្រះនឹងមានបន្ទូលបែបនេះ ប្រសិនបើទ្រង់ជ្រាបទុកជាមុនថា អ័ប្រាហាំនឹងស្ដាប់បង្គាប់តាមបញ្ជានេះ? តើនេះនឹងបានជាការល្បងលដ៏ស្មោះត្រង់ឬទេ?
ម្យ៉ាងទៀតនោះ ព្យាការីពីបុរាណរាយការណ៍ថា ព្រះបានមានបន្ទូលអំពីអង្គទ្រង់ ថាមាន‹ព្រះទ័យស្ដាយ›លើអ្វីដែលទ្រង់បានធ្វើ ឬគិតបំរុងនឹងធ្វើនោះ។ ជាឧទាហរណ៍ ព្រះមានបន្ទូលថា ទ្រង់«ស្ដាយ[ពីពាក្យហេព្រើរ ណាឆាម]ដែលទ្រង់បានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល»។ (សាំយូអែលទី១ ១៥:១១, ៣៥; ប្រៀបធៀប យេរេមា ១៨:៧-១០; យ៉ូណាស ៣:១០) ដោយព្រោះព្រះគឺល្អគ្រប់ល័ក្ខណ៍ នោះខទាំងនេះមិនអាចមានសេចក្ដីថា ព្រះបានធ្វើខុសដោយរើសតាំងសូលឲ្យធ្វើជាស្តេចទីមួយរបស់អ៊ីស្រាអែលនោះឡើយ។ ផ្ទុយទៅវិញ ខទាំងនេះត្រូវបញ្ជាក់ថា ព្រះមានព្រះទ័យស្ដាយ ដែលសូលបានក្លាយទៅជាឥតមានជំនឿហើយឥតស្ដាប់បង្គាប់ទៅទៀត។ ការប្រើពាក្យបែបនេះក្នុងការសំដៅទៅអង្គទ្រង់ នោះគឺឥតសមហេតុផលទេ ប្រសិនបើទ្រង់បានជ្រាបទុកជាមុនអំពីសកម្មភាពរបស់សូលនោះ។
ពាក្យដូចនេះក៏មានក្នុងបទគម្ពីរពីបុរាណភាគច្រើនដែរ កាលដែលសំដៅទៅសម័យរបស់លោកណូអេ បទគម្ពីរចែងថា៖ «នោះព្រះយេហូវ៉ាទ្រង់ស្ដាយ ដោយបានបង្កើតមនុស្សមកលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា៖ ‹អញនឹងលុបមនុស្សដែលអញបានបង្កើតមកឲ្យសូន្យបាត់ពីផែនដីចេញ . . . ដ្បិតអញស្ដាយដែលអញបានបង្កើតគេមក»។ (លោកុប្បត្តិ ៦:៦, ៧) នៅទីនេះដែរ គឺបង្ហាញអំពីសកម្មភាពរបស់មនុស្ស ដែលមិនបានសម្រេចទុកជាមុនដោយព្រះនោះទេ។ ព្រះទ្រង់មានព្រះទ័យស្ដាយ ទាំងឈឺចាប់ មិនមែនដោយសារសកម្មភាពរបស់ទ្រង់គឺជាខុសនោះឡើយ ប៉ុន្តែដោយសារអំពើអាក្រក់របស់មនុស្សបានរីកចំរើនឡើង។ ព្រះអាទិទេពបានស្ដាយ ដែលបានទៅជាចាំបាច់កំទេចមនុស្សទាំងអស់ លើកលែងតែលោកណូអេនិងគ្រួសាររបស់លោក។ ព្រះធានារ៉ាប់រងយើងថា៖ ‹អញមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ›។—អេសេគាល ៣៣:១១; ប្រៀបធៀប ចោទិយកថា ៣២:៤, ៥
ដូច្នេះ តើព្រះជ្រាបទុកជាមុន ហើយព្រមទាំងចេញក្រិត្យឲ្យអ័ដាមប្រព្រឹត្តអំពើបាប ហើយកម្មផលដ៏អាក្រក់ ដែលនឹងនាំឲ្យមានលើមនុស្សលោកឬ? អ្វីដែលយើងទើបតែបានពិចារណាមើល បង្ហាញថាគឺឥតពិតត្រឹមត្រូវទេ។ ម្យ៉ាងទៀត ប្រសិនបើព្រះបានដឹងទុកជាមុនអំពីរឿងនេះ នោះទ្រង់នឹងទៅជាអ្នកបង្កបង្កើតបាប នៅពេលដែលទ្រង់បានបង្កើតមនុស្ស ហើយដែលទ្រង់ទទួលខុសត្រូវដោយចេតនាចំពោះអំពើកំណាចនិងសេចក្ដីទុក្ខវេទនា។ យ៉ាងច្បាស់ណាស់ នេះគឺមិនអាចសមស្របនឹងអ្វីដែលបានប្រាប់អំពីអង្គទ្រង់ក្នុងព្រះគម្ពីរនោះទេ។ ទ្រង់ជាព្រះនៃសេចក្ដីស្រឡាញ់និងប្រកបដោយយុត្ដិធម៌ ដែលស្អប់អំពើកំណាច។—ទំនុកដំកើង ៣៣:៥; សុភាសិត ១៥:៩; យ៉ូហានទី១ ៤:៨
វាសនាពីររបស់មនុស្ស
បទគម្ពីរបរិសុទ្ធមិនបានប្រាប់ថា អនាគតរបស់បុគ្គលម្នាក់ គឺបានសម្រេចទុកជាមុនដោយព្រះនោះឡើយ។ ផ្ទុយទៅវិញ អ្វីដែលព្រះគម្ពីរប្រាប់ នោះគឺថាព្រះបានទាយប្រាប់ អំពីវាសនាពីរសំរាប់មនុស្ស។ ព្រះប្រទានឲ្យមនុស្សគ្រប់គ្នានូវចិត្តសេរី សំរាប់រើសយកវាសនាមួយណាជារបស់ខ្លួន។ ព្យាការីម៉ូសេនៅជាយូរយារមកហើយបានប្រកាសទៅអ៊ីស្រាអែលថា៖ «អញបានដាក់សំញែងទាំងជីវិត នឹងសេចក្ដីស្លាប់ . . . នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងស្ដាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯងដែរ»។ (ចោទិយកថា ៣០:១៩, ២០) ព្រះយេស៊ូក៏បានព្រមានប្រាប់ថា៖ «ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ (ម៉ាថាយ ៧:១៣, ១៤) ផ្លូវពីរ វាសនាពីរ។ អនាគតរបស់យើងគឺស្រេចទៅលើសកម្មភាពរបស់យើង។ ការស្ដាប់បង្គាប់តាមព្រះមានសេចក្ដីថាជីវិត ហើយឥតស្ដាប់បង្គាប់តាមទ្រង់ មានន័យថា សេចក្ដីស្លាប់។—រ៉ូម ៦:២៣
ព្រះ«បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើ ឲ្យប្រែចិត្តវិញ។ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្ដិធម៌»។ (កិច្ចការ ១៧:៣០, ៣១) ដូចមនុស្សភាគច្រើននៅសម័យរបស់លោកណូអេបានសម្រេចចិត្តមិនស្ដាប់បង្គាប់តាមព្រះ ហើយបានទទួលសេចក្ដីហិនវិនាស ដូច្នេះសព្វថ្ងៃនេះមនុស្សភាគច្រើនក៏មិនស្ដាប់បង្គាប់តាមបទបញ្ជារបស់ព្រះដែរ។ ប៉ុន្តែ ព្រះមិនបានសម្រេចទុកជាមុន ថាតើអ្នកណានឹងត្រូវវិនាស ហើយអ្នកណានឹងទទួលសេចក្ដីសង្គ្រោះនោះទេ។ តាមពិត ព្រះមានបន្ទូលថា ទ្រង់«មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩) សូម្បីតែមនុស្សអាក្រក់យ៉ាងណាក៏អាចប្រែចិត្តបានដែរ ឲ្យក្លាយទៅជាស្ដាប់បង្គាប់ ហើយធ្វើការកែប្រែដ៏ចាំបាច់ដើម្បីទទួលព្រះគុណរបស់ព្រះ។—អេសាយ ១:១៨-២០; ៥៥:៦, ៧; អេសេគាល ៣៣:១៤-១៦; រ៉ូម ២:៤-៨
ចំពោះអ្នកដែលស្ដាប់បង្គាប់តាម ព្រះសន្យាថាឲ្យជីវិតអស់កល្បជានិច្ចនៅក្នុងសួនមនោរម្យដ៏សុខសាន្ត លើផែនដីដែលទ្រង់បានសំអាតអំពើអាក្រក់ចេញហើយ អំពើឃោរឃៅ និងសង្គ្រាម ជាពិភពលោកដែលនឹងលែងមានការស្រេកឃ្លាន សេចក្ដីទុក្ខវេទនា ការឈឺចាប់ និងសេចក្ដីស្លាប់។ (ទំនុកដំកើង ៣៧:៩-១១; ៤៦:៩; អេសាយ ២:៤; ១១:៦-៩; ២៥:៦-៨; ៣៥:៥, ៦; វិវរណៈ ២១:៤) សូម្បីតែមនុស្សស្លាប់ក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយផ្ដល់ឲ្យគេនូវឱកាសដើម្បីបំរើព្រះ។—ដានីយ៉ែល ១២:២; យ៉ូហាន ៥:២៨, ២៩
អ្នកតែងទំនុកដំកើងចែងថា៖ «ចូរចំណាំមើលមនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុតនៃមនុស្សនោះមានសេចក្ដីសាន្តត្រាណ។ ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅមួយគ្នា។ ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ»។ (ទំនុកដំកើង ៣៧:៣៧, ៣៨) តើអនាគតរបស់អ្នកនឹងទៅជាយ៉ាងណា? នេះគឺស្រេចទៅលើអ្នកហើយ។ អ្នកបោះពុម្ពផ្សាយនៃទស្សនាវដ្ដីនេះនឹងសប្បាយរីករាយ ដើម្បីផ្ដល់ឲ្យអ្នកនូវពត៌មានថែមទៀត ដែលអាចជួយអ្នកឲ្យធ្វើការដើម្បីធានានូវអនាគតដ៏រីករាយ និងសុខសាន្តរបស់អ្នក។
[កំណត់សម្គាល់]
a ព្រះនាមព្រះយេហូវ៉ាមានជាង៧.០០០ដងនៅក្នុងបទគម្ពីរ សូមមើលខិត្តប័ណ្ណ ព្រះនាមដ៏ខ្ពស់បំផុត ដែលបានបោះពុម្ពនៅឆ្នាំ១៩៩៥ ដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
[ឃ្លាអក្សរធំនៅទំព័រ៦]
ព្រះប្រើអំណាចរបស់ទ្រង់នៃការដឹងទុកជាមុន ដើម្បីសម្រេចគោលបំណងរបស់ទ្រង់
[ឃ្លាអក្សរធំនៅទំព័រ៨]
ព្រះ«មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។—ពេត្រុសទី២ ៣:៩
[រូបភាពនៅទំព័រ៧]
ប្រសិនបើព្រះជ្រាបទុកជាមុនថា អ័ប្រាហាំនឹងសុខចិត្តធ្វើការយញ្ញបូជាកូនរបស់លោក តើនេះនឹងទៅជាការសាកល្បងដ៏ស្មោះត្រង់ទេ?