ជំពូកទី៥
ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ
១, ២. (ក) តើអំណោយបែបណាដែលមានតម្លៃវិសេសចំពោះអ្នក? (ខ) ហេតុអ្វីថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ?
តើអ្វីជាអំណោយវិសេសបំផុតដែលអ្នកធ្លាប់ទទួល? អំណោយមួយអាចមានតម្លៃ ទោះជាវាមិនសូវថ្លៃប៉ុន្មានក៏ដោយ។ ពេលដែលអំណោយនោះនាំឲ្យអ្នកសប្បាយ ឬក៏បំពេញនូវសេចក្ដីត្រូវការណាមួយរបស់អ្នក អំណោយនោះពិតជាវិសេសណាស់ចំពោះអ្នក។
២ ក្នុងចំណោមអំណោយទាំងអស់ដែលព្រះផ្ដល់ឲ្យយើង មានអំណោយមួយដែលយើងត្រូវការខ្លាំងបំផុត។ នោះជាអំណោយដ៏វិសេសដែលព្រះបានឲ្យដល់មនុស្សជាតិ។ ក្នុងជំពូកនេះ យើងនឹងរៀនថាព្រះយេហូវ៉ាបានចាត់លោកយេស៊ូដែលជាបុត្ររបស់លោកជាថ្លៃលោះ ដើម្បីយើងអាចរស់ជារៀងរហូតបាន។ (សូមអាន ម៉ាថាយ ២០:២៨) ការដែលព្រះយេហូវ៉ាចាត់លោកយេស៊ូឲ្យមកផែនដីសម្រាប់ជាថ្លៃលោះ នោះបង្ហាញថាព្រះពិតជាស្រឡាញ់យើងខ្លាំងណាស់។
តើថ្លៃលោះជាអ្វី?
៣. ហេតុអ្វីមនុស្សស្លាប់?
៣ ថ្លៃលោះជាវិធីដែលព្រះយេហូវ៉ាលោះមនុស្សជាតិពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (អេភេសូរ ១:៧) ដើម្បីយល់នូវមូលហេតុដែលយើងត្រូវការថ្លៃលោះ នោះយើងត្រូវដឹងនូវអ្វីដែលបានកើតឡើងក្នុងសួនអេដែនរាប់ពាន់ឆ្នាំមុន។ អាដាមនិងអេវ៉ាដែលជាឪពុកម្ដាយដំបូងរបស់យើងបានធ្វើអំពើខុសឆ្គង។ ដោយសារពួកគេមានភាពខុសឆ្គង ពួកគេបានស្លាប់។ ដូច្នេះយើងក៏ត្រូវស្លាប់ដែរ ដោយសារយើងទទួលភាពខុសឆ្គងជាមត៌កពីអាដាមនិងអេវ៉ា (សូមមើលលេខ៩ក្នុងកំណត់នៅចុងសៀវភៅ)។
៤. តើអាដាមជាអ្នកណា ហើយតើគាត់មានជីវិតបែបណា?
៤ ពេលព្រះយេហូវ៉ាបានបង្កើតអាដាមដែលជាបុរសទី១ លោកបានឲ្យគាត់នូវអ្វីមួយដ៏វិសេសបំផុត ពោលគឺជីវិតល្អឥតខ្ចោះ។ ហេតុនេះ អាដាមមានរូបកាយនិងចិត្តគំនិតល្អឥតខ្ចោះ។ គាត់នឹងមិនទៅជាឈឺ ចាស់ ហើយក៏មិនស្លាប់ដែរ។ ដោយសារព្រះយេហូវ៉ាបានបង្កើតអាដាម នោះលោកប្រៀបដូចជាឪពុករបស់គាត់។ (លូកា ៣:៣៨) ព្រះយេហូវ៉ាប្រស្រ័យទាក់ទងជាមួយនឹងអាដាមជាទៀងទាត់។ លោកបានពន្យល់គាត់យ៉ាងច្បាស់នូវអ្វីដែលលោកតម្រូវពីគាត់ ហើយលោកបានឲ្យគាត់នូវកិច្ចការដែលគាត់ពេញចិត្ត។—លោកុប្បត្តិ ១:២៨-៣០; ២:១៦, ១៧
៥. ពេលគម្ពីរចែងថាអាដាមបានត្រូវបង្កើតមក«ឲ្យដូចរូបអង្គទ្រង់» តើនេះមានន័យអ្វី?
៥ អាដាមបានត្រូវបង្កើត«ឲ្យដូចរូបអង្គទ្រង់»។ (លោកុប្បត្តិ ១:២៧) នេះមានន័យថាព្រះយេហូវ៉ាផ្ដល់ឲ្យគាត់នូវគុណសម្បត្ដិដូចលោក រួមបញ្ចូលសេចក្ដីស្រឡាញ់ ប្រាជ្ញា យុត្ដិធម៌ និងអំណាច។ លោកក៏បានឲ្យអាដាមមានចិត្តសេរីដែរ។ អាដាមមិនមែនដូចជាមនុស្សយន្តទេ។ ព្រះបានបង្កើតគាត់ឲ្យចេះសម្រេចចិត្តធ្វើល្អឬធ្វើអាក្រក់។ បើអាដាមបានសម្រេចចិត្តស្ដាប់បង្គាប់ព្រះ គាត់អាចរស់ជារៀងរហូតក្នុងសួនឧទ្យាន។
៦. ពេលដែលអាដាមមិនស្ដាប់បង្គាប់ព្រះ តើគាត់បានបាត់បង់អ្វីខ្លះ? តើនោះមានឥទ្ធិពលយ៉ាងណាមកលើយើងទាំងអស់គ្នា?
៦ នៅពេលដែលអាដាមមិនស្ដាប់បង្គាប់ព្រះ ហើយបានទទួលការកាត់ទោសឲ្យត្រូវស្លាប់ នោះគាត់បានបាត់បង់នូវអ្វីៗដែលមានតម្លៃក្រៃលែង ពោលគឺចំណងមិត្តភាពពិសេសជាមួយនឹងព្រះយេហូវ៉ា ជីវិតល្អឥតខ្ចោះ និងលំនៅក្នុងសួនឧទ្យាន។ (លោកុប្បត្តិ ៣:១៧-១៩) អាដាមនិងអេវ៉ាសម្រេចចិត្តឈប់ស្ដាប់បង្គាប់ព្រះ ដូច្នេះពួកគេមិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ។ ដោយសារអាដាមបានប្រព្រឹត្តអំពើខុសឆ្គង នោះ«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) ពេលអាដាមប្រព្រឹត្តអំពើខុសឆ្គង នោះប្រៀបដូចជាគាត់«លក់»ខ្លួនគាត់ និងយើងទាំងអស់គ្នាឲ្យធ្វើជាខ្ញុំបម្រើភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (រ៉ូម ៧:១៤) ប៉ុន្តែ តើយើងមានសេចក្ដីសង្ឃឹមឬទេ? ពិតជាមានមែន។
៧, ៨. តើថ្លៃលោះជាអ្វី?
៧ តើថ្លៃលោះជាអ្វី? ជាទូទៅថ្លៃលោះរួមបញ្ចូលអ្វីពីរយ៉ាង។ ទី១ ថ្លៃលោះជាតម្លៃដែលត្រូវចេញដើម្បីលោះអ្នកណាម្នាក់ឬទិញអ្វីមួយមកវិញ។ ទី២ ថ្លៃលោះជាតម្លៃដែលត្រូវបង់ដើម្បីសងថ្លៃនៃអ្វីមួយ។
៨ ក្រោយពីអាដាមបានប្រព្រឹត្តអំពើខុសឆ្គង គ្មានមនុស្សជាតិណាម្នាក់អាចសងការបាត់បង់ដ៏ធំក្រៃលែងរបស់គាត់បានឡើយ។ ដូច្នេះ នេះធ្វើឲ្យយើងទាំងអស់គ្នាទទួលសេចក្ដីស្លាប់។ ប៉ុន្តែ ព្រះយេហូវ៉ាផ្ដល់នូវវិធីលោះយើងពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។ សូមយើងរៀនអំពីថ្លៃលោះនិងរបៀបដែលយើងអាចទទួលប្រយោជន៍ពីថ្លៃលោះនោះ។
វិធីដែលព្រះយេហូវ៉ាផ្ដល់ថ្លៃលោះ
៩. តើត្រូវការថ្លៃលោះបែបណា?
៩ មិនមានយើងណាម្នាក់អាចលោះជីវិតល្អឥតខ្ចោះដែលអាដាមបានបាត់បង់នោះឡើយ។ ហេតុអ្វី? ពីព្រោះយើងទាំងអស់គ្នាមានភាពមិនល្អឥតខ្ចោះ។ (ទំនុកតម្កើង ៤៩:៧, ៨) ថ្លៃលោះនោះគឺត្រូវមានតម្លៃស្មើនឹងអ្វីដែលអាដាមបានបាត់បង់។ ដូច្នេះ ត្រូវការមនុស្សល្អឥតខ្ចោះម្នាក់ទៀតដើម្បីបង់ថ្លៃលោះនោះ។ ម្ល៉ោះហើយ ថ្លៃលោះនោះបានត្រូវហៅថា«ថ្លៃលោះមនុស្សទាំងអស់»។—ធីម៉ូថេទី១ ២:៦
១០. តើព្រះយេហូវ៉ាផ្ដល់ថ្លៃលោះយ៉ាងដូចម្ដេច?
១០ តើព្រះយេហូវ៉ាផ្ដល់ថ្លៃលោះនោះយ៉ាងដូចម្ដេច? លោកបានចាត់បុត្រដែលលោកស្រឡាញ់ខ្លាំងបំផុតឲ្យមកផែនដី។ បុត្រនេះគឺលោកយេស៊ូដែលព្រះបានបង្កើតមុនអ្វីៗទាំងអស់។ (យ៉ូហានទី១ ៤:៩, ១០) លោកយេស៊ូស្ម័គ្រចិត្តចាកចេញពីបិតានិងលំនៅរបស់លោកនៅស្ថានសួគ៌។ (ភីលីព ២:៧) ព្រះយេហូវ៉ាបានផ្ទេរជីវិតលោកយេស៊ូពីស្ថានសួគ៌មកផែនដី ហើយលោកបានកើតជាមនុស្សល្អឥតខ្ចោះដោយគ្មានភាពខុសឆ្គងទាល់តែសោះ។—លូកា ១:៣៥
១១. តើមនុស្សម្នាក់អាចលោះមនុស្សទាំងអស់យ៉ាងដូចម្ដេច?
១១ អាដាមដែលជាបុរសទី១បានធ្វើឲ្យបាត់បង់ជីវិតល្អឥតខ្ចោះសម្រាប់មនុស្សជាតិទាំងអស់ ពេលដែលគាត់មិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។ តើមនុស្សម្នាក់ទៀតអាចដកយកសេចក្ដីស្លាប់ពីមនុស្សទាំងអស់ដែលជាកូនចៅរបស់អាដាមបានទេ? ពិតជាបាន។ (សូមអាន រ៉ូម ៥:១៩) លោកយេស៊ូគ្មានភាពខុសឆ្គងទេ ហើយលោកប្រគល់ជីវិតល្អឥតខ្ចោះរបស់លោកជាថ្លៃលោះ។ (កូរិនថូសទី១ ១៥:៤៥) ជីវិតល្អឥតខ្ចោះរបស់លោកអាចលោះកូនចៅទាំងអស់របស់អាដាមពីសេចក្ដីស្លាប់។—កូរិនថូសទី១ ១៥:២១, ២២
១២. ហេតុអ្វីលោកយេស៊ូត្រូវរងទុក្ខវេទនាខ្លាំងដូច្នេះ?
១២ គម្ពីររៀបរាប់ថាលោកយេស៊ូបានរងទុក្ខវេទនាយ៉ាងខ្លាំងមុននឹងលោកស្លាប់។ លោកត្រូវគេវាយនឹងខ្សែតីយ៉ាងសាហាវព្រៃផ្សៃ ត្រូវគេបោះដែកគោលព្យួរនឹងបង្គោល ហើយត្រូវស៊ូទ្រាំនឹងការឈឺចាប់រហូតដល់ស្លាប់។ (យ៉ូហាន ១៩:១, ១៦-១៨, ៣០) ហេតុអ្វីលោកយេស៊ូត្រូវរងការឈឺចាប់ខ្លាំងដូច្នេះ? ដោយសារសាថានបានចោទប្រកាន់ថាគ្មានមនុស្សណាម្នាក់នឹងរក្សាភាពស្មោះត្រង់ចំពោះព្រះទេ បើបុគ្គលនោះប្រឈមមុខនឹងការល្បងលឬទុក្ខលំបាកយ៉ាងខ្លាំងនោះ។ ក៏ប៉ុន្តែ ទោះជាលោកយេស៊ូដែលជាមនុស្សល្អឥតខ្ចោះបានរងទុក្ខវេទនាយ៉ាងខ្លាំងក៏ដោយ ក៏លោកនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះបានដែរ។ សូមគិតទៅមើល ព្រះយេហូវ៉ាច្បាស់ជារីករាយខ្លាំងយ៉ាងណាចំពោះលោកយេស៊ូ! (សូមមើលលេខ១៥ក្នុងកំណត់នៅចុងសៀវភៅ)។—សុភាសិត ២៧:១១
១៣. តើថ្លៃលោះបានត្រូវបង់យ៉ាងដូចម្ដេច?
១៣ តើថ្លៃលោះបានត្រូវបង់យ៉ាងដូចម្ដេច? លោកយេស៊ូប្រគល់តម្លៃនៃជីវិតរបស់លោកជូនបិតាវិញ។ នៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. ជាខែរបស់ជនជាតិយូដា ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកសត្រូវប្រហារជីវិតលោកយេស៊ូ។ (ហេប្រឺ ១០:១០) បីថ្ងៃក្រោយមក ព្រះយេហូវ៉ាបានប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ មិនមែនជារូបកាយសាច់ឈាមទេ តែជាបុគ្គលវិញ្ញាណ។ ក្រោយពីលោកយេស៊ូត្រឡប់ទៅឯបិតានៅស្ថានសួគ៌វិញ លោកបានប្រគល់តម្លៃនៃជីវិតដ៏ល្អឥតខ្ចោះជាថ្លៃលោះជូនព្រះយេហូវ៉ា។ (ហេប្រឺ ៩:២៤) ឥឡូវថ្លៃលោះនោះបានត្រូវបង់រួចហើយ ដូច្នេះយើងមានឱកាសរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។—សូមអាន រ៉ូម ៣:២៣, ២៤
តើអ្នកអាចទទួលប្រយោជន៍អ្វីពីថ្លៃលោះ?
១៤, ១៥. តើយើងត្រូវធ្វើអ្វីដើម្បីឲ្យព្រះអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើង?
១៤ យើងបានពិចារណាខ្លះហើយអំពីប្រយោជន៍ដែលមកពីអំណោយដ៏វិសេសបំផុតរបស់ព្រះ។ ដូច្នេះ សូមយើងពិចារណាថែមទៀតអំពីប្រយោជន៍ដែលយើងអាចទទួលនៅឥឡូវនេះនិងនៅអនាគត។
១៥ អំពើខុសឆ្គងរបស់យើងបានត្រូវអភ័យទោសឲ្យ។ ដោយសារភាពមិនល្អឥតខ្ចោះ នោះគឺពិបាកណាស់ឲ្យយើងធ្វើអ្វីដែលត្រឹមត្រូវជានិច្ច។ យើងទាំងអស់គ្នាចេះធ្វើខុស ជួនកាលយើងនិយាយខុស ហើយក៏ធ្វើអ្វីដែលខុសដែរ។ (កូឡុស ១:១៣, ១៤) តើតាមរបៀបណាយើងអាចទទួលការអភ័យទោសពីព្រះ? យើងត្រូវសោកស្ដាយយ៉ាងស្មោះចំពោះអ្វីដែលយើងបានធ្វើខុស ហើយត្រូវមានចិត្តរាបទាបសុំការអភ័យទោសពីព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ យើងអាចមានទំនុកចិត្តថាលោកនឹងអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើង។—យ៉ូហានទី១ ១:៨, ៩
១៦. តើយើងត្រូវធ្វើអ្វីដើម្បីមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស?
១៦ យើងអាចមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ បើសមត្ថភាពវិនិច្ឆ័យរបស់យើងប្រាប់ថាយើងបានធ្វើអ្វីមួយខុស នោះយើងមានអារម្មណ៍បន្ទោសខ្លួន ប្រហែលជារហូតដល់អស់សង្ឃឹម ហើយគិតថាខ្លួនគ្មានតម្លៃ។ ប៉ុន្តែ កុំអស់សង្ឃឹមឡើយ។ បើយើងអង្វរសុំព្រះយេហូវ៉ាលើកលែងទោស នោះយើងអាចប្រាកដថាលោកនឹងស្ដាប់យើង ហើយអភ័យទោសឲ្យយើង។ (ហេប្រឺ ៩:១៣, ១៤) ព្រះយេហូវ៉ាចង់ឲ្យយើងជម្រាបលោកអំពីកង្វល់និងភាពទន់ខ្សោយរបស់យើង។ (ហេប្រឺ ៤:១៤-១៦) ជាលទ្ធផល យើងអាចមានសេចក្ដីសុខសាន្តជាមួយនឹងព្រះ។
១៧. តើយើងអាចទទួលពរអ្វីខ្លះដោយសារលោកយេស៊ូស្លាប់ដើម្បីយើង?
១៧ យើងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ គម្ពីរចែងថា៖ «ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូ ជាម្ចាស់របស់យើង»។ (រ៉ូម ៦:២៣) ដោយសារលោកយេស៊ូស្លាប់ដើម្បីយើង យើងអាចរស់ជារៀងរហូត ហើយមានសុខភាពល្អឥតខ្ចោះ។ (ការបើកបង្ហាញ ២១:៣, ៤) ក៏ប៉ុន្តែ តើយើងត្រូវធ្វើអ្វីដើម្បីទទួលពរទាំងនេះ?
តើអ្នកនឹងបង្ហាញជំនឿលើថ្លៃលោះឬទេ?
១៨. ហេតុអ្វីយើងដឹងថាព្រះយេហូវ៉ាស្រឡាញ់យើង?
១៨ សូមគិតអំពីពេលដែលអ្នកណាម្នាក់ឲ្យអំណោយដ៏វិសេសមួយដល់អ្នក អ្នកច្បាស់ជាសប្បាយចិត្តណាស់ មែនទេ? ថ្លៃលោះគឺជាអំណោយដ៏វិសេសបំផុត ដូច្នេះយើងគួរអរគុណព្រះយេហូវ៉ាចំពោះអំណោយនោះ។ សៀវភៅយ៉ូហាន ៣:១៦ ចែងថា៖«ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក»។ ពិតណាស់ ព្រះយេហូវ៉ាស្រឡាញ់យើងយ៉ាងខ្លាំងបានជាលោកឲ្យលោកយេស៊ូដែលជាបុត្រជាទីស្រឡាញ់មកស្លាប់ជំនួសយើង។ ម្យ៉ាងទៀត យើងដឹងថាលោកយេស៊ូក៏ស្រឡាញ់យើងដែរ ដោយសារលោកលះបង់ជីវិតដើម្បីយើង។ (យ៉ូហាន ១៥:១៣) ហេតុនេះ ថ្លៃលោះជាអំណោយមួយដែលគួរជំរុញចិត្តអ្នកឲ្យជឿជាក់ថា ព្រះយេហូវ៉ានិងលោកយេស៊ូពិតជាស្រឡាញ់អ្នកខ្លាំងណាស់។—កាឡាទី ២:២០
១៩, ២០. (ក) តើអ្នកអាចក្លាយទៅជាសម្លាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកមានជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ?
១៩ ឥឡូវយើងបានពិចារណាអំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះ ដូច្នេះ តើអ្នកអាចធ្វើជាសម្លាញ់របស់លោកបានទេ? មិនមែនជាការងាយស្រួលទេឲ្យស្រឡាញ់បុគ្គលណាម្នាក់ដែលអ្នកមិនស្គាល់។ នៅយ៉ូហាន ១៧:៣ ប្រាប់ថាយើងអាចស្គាល់ព្រះយេហូវ៉ា។ កាលដែលអ្នកខំព្យាយាមស្គាល់លោក នោះអ្នកនឹងស្រឡាញ់លោកកាន់តែខ្លាំង ហើយអ្នកនឹងចង់ធ្វើឲ្យលោកពេញចិត្ត នៅទីបំផុតអ្នកនឹងក្លាយទៅជាសម្លាញ់របស់លោក។ ដូច្នេះ សូមបន្តរៀនអំពីព្រះយេហូវ៉ាដោយសិក្សាគម្ពីរ។—យ៉ូហានទី១ ៥:៣
២០ បង្ហាញជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ គម្ពីរចែងថា៖ «អ្នកណាដែលបង្ហាញជំនឿលើបុត្ររបស់លោក អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូហាន ៣:៣៦) តើការបង្ហាញជំនឿមានន័យយ៉ាងណា? នេះមានន័យថាយើងត្រូវធ្វើតាមអ្វីដែលលោកយេស៊ូបានបង្រៀនយើង។ (យ៉ូហាន ១៣:១៥) យើងមិនគ្រាន់តែនិយាយថាយើងជឿលើលោកយេស៊ូប៉ុណ្ណោះទេ តែយើងក៏ត្រូវប្រព្រឹត្តស្របតាមជំនឿរបស់ខ្លួនផងដែរ។ នៅយ៉ាកុប ២:២៦ ប្រាប់ថា៖ «ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់ហើយ»។
២១, ២២. (ក) ហេតុអ្វីជារៀងរាល់ឆ្នាំយើងគួរចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត? (ខ) តើយើងនឹងរៀនអំពីអ្វីនៅជំពូកទី៦និងទី៧?
២១ ចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត។ នៅល្ងាចមុនពេលដែលលោកយេស៊ូស្លាប់ លោកបានបង្រៀនយើងថា យើងគួររំលឹកមរណភាពរបស់លោក។ ដូច្នេះ យើងធ្វើពិធីនេះជារៀងរាល់ឆ្នាំ ហើយយើងហៅថាពិធីរំលឹកមរណភាពរបស់គ្រិស្ត ឬ«ពិធីអាហារល្ងាចរបស់លោកម្ចាស់»។ (កូរិនថូសទី១ ១១:២០; ម៉ាថាយ ២៦:២៦-២៨) លោកយេស៊ូចង់ឲ្យយើងនឹកចាំថាលោកបានផ្ដល់ជីវិតល្អឥតខ្ចោះរបស់លោកជាថ្លៃលោះសម្រាប់យើង។ ហេតុនេះ លោកមានប្រសាសន៍ថា៖ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ (សូមអាន លូកា ២២:១៩) ពេលអ្នកចូលរួមពិធីរំលឹក អ្នកបង្ហាញថាអ្នកនឹកចាំថ្លៃលោះនិងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះយេហូវ៉ានិងលោកយេស៊ូមានចំពោះយើង (សូមមើលលេខ១៦ក្នុងកំណត់នៅចុងសៀវភៅ)។
២២ ថ្លៃលោះជាអំណោយដ៏វិសេសបំផុតសម្រាប់យើង។ (កូរិនថូសទី២ ៩:១៤, ១៥) មិនត្រឹមតែប៉ុណ្ណោះ អំណោយដ៏វិសេសនោះនឹងផ្ដល់ប្រយោជន៍ដល់មនុស្សរាប់លាននាក់ដែលបានស្លាប់។ នៅជំពូកទី៦និងទី៧ យើងនឹងរៀនអំពីរឿងនេះ។