ជំពូកទី១៣
រដ្ឋាភិបាលរបស់ព្រះដែលផ្ដល់នូវសន្ដិភាព
១ តើរដ្ឋាភិបាលរបស់មនុស្សមិនបានសម្រេចអ្វីខ្លះ?
តើលោកអ្នកបានសម្គាល់ឃើញទេថា រដ្ឋាភិបាលទាំងឡាយរបស់មនុស្ស សូម្បីតែរដ្ឋាភិបាលដែលមានចេតនាល្អក៏ដោយ ក៏មិនបានបំពេញសេចក្ដីត្រូវការដ៏ពិតរបស់ប្រជារាស្ត្របានទេ? គ្មានមួយណាបានដោះស្រាយបញ្ហានៃឧក្រិដ្ឋកម្មនិងសេចក្ដីស្អប់ពូជសាសន៍ ឬបានផ្ដល់ម្ហូបអាហារនិងលំនៅយ៉ាងត្រឹមត្រូវសំរាប់ប្រជារាស្ត្ររបស់ពួកគេបានឡើយ។ ពួកគេមិនបានធ្វើឲ្យពលរដ្ឋគេរួចទាំងស្រុងពីជម្ងឺបានទេ។ ក៏គ្មានរដ្ឋាភិបាលណាដែលអាចបញ្ឈប់នូវភាពចាស់ជរាឬសេចក្ដីស្លាប់ ឬក៏អាចធ្វើឲ្យមនុស្សស្លាប់មានជីវិតរស់ឡើងវិញបានដែរ។ សូម្បីតែសន្ដិភាពនិងសន្ដិសុខដ៏យូរអង្វែងក៏គ្មានមួយណាអាចផ្ដល់ឲ្យពលរដ្ឋគេបានទេ។ រដ្ឋាភិបាលរបស់មនុស្សគឺមិនមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាធំៗ ដែលមនុស្សបានជួបប្រទះទេ។
២ អ្វីដែលជាសារដ៏សំខាន់បំផុតនៃព្រះគម្ពីរ?
២ ព្រះដែលជាអ្នកបង្កើតយើង ទ្រង់ជ្រាបថាយើងត្រូវការជាចាំបាច់ នូវរដ្ឋាភិបាលដ៏សុចរិតមួយ ដែលនឹងធ្វើឲ្យមនុស្សទាំងអស់មានលទ្ធភាពអាចអរសប្បាយឲ្យបានពេញលេញនឹងជីវិតដែលប្រកបដោយសុភមង្គល។ ហេតុដូច្នេះហើយបានជាព្រះគម្ពីរចែងប្រាប់អំពីរដ្ឋាភិបាលមួយ ដែលនៅក្រោមការដឹកនាំរបស់ព្រះ។ ជាការពិត រដ្ឋាភិបាលដែលត្រូវបានសន្យាមកនេះ ជាសារដ៏សំខាន់បំផុតនៃព្រះគម្ពីរ។
៣ តើអេសាយ ៩:៦, ៧ បានចែងយ៉ាងណាខ្លះអំពីរដ្ឋាភិបាលរបស់ព្រះ?
៣ ប៉ុន្តែអ្នកប្រហែលជាសួរថា៖ ‹នៅកន្លែងណាដែលព្រះគម្ពីរបានចែងអំពីរដ្ឋាភិបាលព្រះនោះ›? ព្រះគម្ពីរបានចែងមែនអំពីការនេះ ឧទាហរណ៍នៅអេសាយ ៩:៦, ៧ បានចែងមកថា៖ «ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប នឹងជាម្ចាស់នៃមេត្រីភាព។ ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុត»។
៤ អ្នកណាជាបុត្រ ដែលទៅជាអ្នកគ្រប់គ្រងនៃរដ្ឋាភិបាលរបស់ព្រះ?
៤ នៅទីនេះព្រះគម្ពីរបានចែងអំពីកំណើតនៃបុត្រមួយ គឺជាព្រះរាជបុត្រាមួយអង្គ។ ក្រោយមក ‹ព្រះរាជបុត្រារបស់ស្តេចមួយអង្គនេះ› នឹងបានទៅជាអ្នកគ្រប់គ្រងមួយអង្គដ៏ធំ «ជាម្ចាស់នៃមេត្រីភាព»។ ទ្រង់នឹងមានភារៈជាអ្នកគ្រប់គ្រងលើរដ្ឋាភិបាលដែលពិតជាអស្ចារ្យមួយ។ រដ្ឋាភិបាលនេះនឹងនាំមកនូវសន្ដិភាពឲ្យផែនដីទាំងមូល ហើយសន្ដិភាពនោះនឹងឋិតថេរនៅជានិរន្តរ៍។ បុត្រដែលកំណើតរបស់ទ្រង់បានទាយទុកជាមុននៅអេសាយ ៩:៦, ៧ គឺជាព្រះយេស៊ូវ។ ពេលដែលបានប្រកាសពីកំណើតរបស់ទ្រង់ទៅស្រីក្រមុំបរិសុទ្ធឈ្មោះនាងម៉ារា ទេវតាម្នាក់ឈ្មោះកាព្រីយ៉ែលបានមានប្រសាសន៍អំពីព្រះយេស៊ូវថា៖ «ទ្រង់នឹងសោយរាជ្យ . . . ហើយរាជ្យទ្រង់នឹងមិនផុតឡើយ»។—លូកា ១:៣០-៣៣
ការបញ្ជាក់ពីសារៈសំខាន់នៃរាជាណាចក្រ
៥ (ក) តើសារៈសំខាន់នៃរាជាណាចក្របានត្រូវបង្ហាញយ៉ាងណានៅក្នុងព្រះគម្ពីរ? (ខ) តើព្រះរាជាណាចក្ររបស់ព្រះជាអ្វីទៅ ហើយរាជ្យនេះនឹងត្រូវធ្វើអ្វីខ្លះ?
៥ ពេលដែលពួកគេគង់នៅលើផែនដីនៅឡើយ កិច្ចការដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវគ្រីស្ទនិងពួកអ្នកគាំទ្រទ្រង់នោះ គឺជាការផ្សាយនិងបង្រៀនអំពីព្រះរាជាណាចក្រដែលនឹងត្រូវមកដល់។ (លូកា ៤:៤៣; ៨:១) ទ្រង់និងពួកគេបានធ្វើនិទ្ទេសអំពីរាជាណាចក្រនោះ ១៤០ដងនៅក្នុងព្រះគម្ពីរ។ ព្រះយេស៊ូវថែមទាំងបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានទៅព្រះថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) តើរាជាណាចក្រ ដែលគ្រីស្ទានបានអធិស្ឋានសូមនោះ ពិតជារដ្ឋាភិបាលមួយឬ? អ្នកប្រហែលជាមិនបានគិតពីរឿងនេះទេ ប៉ុន្តែព្រះរាជាណាចក្រនេះគឺពិតជារដ្ឋាភិបាលមួយមែន។ ព្រះរាជបុត្ររបស់ព្រះ ព្រះយេស៊ូវគ្រីស្ទ គឺជាស្តេចនៃព្រះរាជាណាចក្រនេះ។ ហើយផែនដីទាំងមូលនឹងទៅជាទឹកដីដែលទ្រង់គ្រប់គ្រងពីលើ។ តើជាការប្រសើរយ៉ាងណាទៅហ្ន៎ នៅពេលដែលមនុស្សលោកនឹងមិនបែកបាក់គ្នាទៅជាសាសន៍ជាច្រើនដែលប្រឆាំងនឹងគ្នា ប៉ុន្តែទាំងអស់នឹងសាមគ្គីគ្នាដោយសន្ដិភាព នៅក្រោមរាជរដ្ឋាភិបាលរបស់ព្រះទៅវិញ!
៦ ពេលដែលព្រះយេស៊ូវគង់នៅលើផែនដី ហេតុអ្វីក៏អាចនិយាយថារាជាណាចក្រ«ជិតដល់ហើយ»និង«នៅកណ្ដាលអ្នករាល់គ្នាហើយ»?
៦ លោកយ៉ូហាន-បាទីស្ទ បានចាប់ផ្ដើមប្រកាសពីរដ្ឋាភិបាលនេះ ដោយមានប្រសាសន៍ប្រាប់ប្រជាជនថា៖ «ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ»។ (ម៉ាថាយ ៣:១, ២) ហេតុអ្វីក៏លោកយ៉ូហានអាចមានប្រសាសន៍យ៉ាងនេះបាន? ពីព្រោះព្រះយេស៊ូវ ដែលទ្រង់នឹងទៅជាអ្នកគ្រប់គ្រងនៃរដ្ឋាភិបាលសួគ៌ារបស់ព្រះ ទ្រង់ជិតនឹងត្រូវបានជ្រមុជទឹកដោយសារលោក ហើយនឹងត្រូវបានចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ដូច្នេះអ្នកអាចយល់ពីមូលហេតុ ដែលព្រះយេស៊ូវក្រោយមកបានមានបន្ទូលប្រាប់ទៅពួកផារិស៊ីថា៖ «មើល នគរព្រះក៏នៅកណ្ដាលអ្នករាល់គ្នាហើយ»។ (លូកា ១៧:២១) រឿងនេះគឺពីព្រោះព្រះយេស៊ូវ ដែលព្រះបានតែងតាំងទ្រង់ជាស្តេច បានគង់នៅទីនោះជាមួយនឹងពួកគេ។ ក្នុងរយៈពេលបីឆ្នាំកន្លះនៃការប្រកាសនិងការបង្រៀនរបស់ទ្រង់ ព្រះយេស៊ូវដោយសារភក្ដីភាពរបស់ទ្រង់ចំពោះព្រះរហូតដល់បានទទួលមរណភាព បានសម្ដែងឲ្យឃើញជាភស្តុតាងថាទ្រង់សមនឹងមានសិទ្ធិនឹងធ្វើជាស្តេចមែន។
៧ តើអ្វីដែលបង្ហាញថារាជាណាចក្រជារឿងដ៏សំខាន់មួយ ពេលដែលព្រះយេស៊ូវគង់នៅលើផែនដីនោះ?
៧ ដើម្បីបង្ហាញថាព្រះរាជាណាចក្ររបស់ព្រះ ជារឿងដ៏សំខាន់នៅកំឡុងពេលកិច្ចបម្រើរបស់ព្រះយេស៊ូវ សូមយើងពិចារណាមើលពីអ្វីដែលកើតមានឡើង នៅថ្ងៃចុងក្រោយបង្អស់មុនមរណភាពរបស់ទ្រង់។ ព្រះគម្ពីរបានប្រាប់យើងថាប្រជាជនបានចោទប្រកាន់ព្រះយេស៊ូវដោយនិយាយថា៖ «មនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថាជាព្រះគ្រីស្ទ គឺជាស្តេចដែរ»។ ពេលដែលឮសេចក្ដីទាំងនេះ ចៅហ្វាយខេត្តរ៉ូម លោកប៉ុនទាស-ពីឡាត់បានសួរព្រះយេស៊ូវថា៖ «តើអ្នកជាស្តេចសាសន៍យូដាមែនឬអី»?—លូកា ២៣:១-៣
៨ (ក) តើព្រះយេស៊ូវបានមានបន្ទូលឆ្លើយយ៉ាងណា ពេលដែលទ្រង់បានត្រូវសួរថា តើទ្រង់ជាស្តេចទេនោះ? (ខ) តើព្រះយេស៊ូវទ្រង់ចង់មានន័យយ៉ាងណា ពេលដែលទ្រង់បានមានបន្ទូលថា រាជាណាចក្រទ្រង់«មិនត្រូវខាងស្ថាននេះទេ»?
៨ ព្រះយេស៊ូវមិនបានមានបន្ទូលឆ្លើយទៅសំនួររបស់លោកពីឡាត់ត្រង់ៗទេ ប៉ុន្តែបានមានបន្ទូលថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ»។ ព្រះយេស៊ូវបានមានបន្ទូលឆ្លើយតាមរបៀបនេះ ពីព្រោះព្រះរាជាណាចក្ររបស់ទ្រង់មិនមែនជារាជ្យដែលនៅផែនដីនេះទេ។ ទ្រង់នឹងត្រូវគ្រប់គ្រងពីស្ថានសួគ៌ មិនមែនដូចមនុស្សដែលគ្រងពីបល្ល័ង្កណាមួយនៅលើផែនដីឡើយ។ ដោយព្រោះតែរឿងចំណោទនោះស្តីអំពីសិទ្ធិរបស់ព្រះយេស៊ូវ ថាតើទ្រង់មានសិទ្ធិគ្រប់គ្រងជាស្តេចឬមិនមានទេនោះ លោកពីឡាត់ក៏បានសួរព្រះយេស៊ូវម្ដងទៀតថា៖ «ដូច្នេះ អ្នកជាស្តេចមែនឬ»?
៩ (ក) តើព្រះយេស៊ូវបានមានបន្ទូលប្រកាសនូវសេចក្ដីពិតដ៏អស្ចារ្យអ្វី? (ខ) តើអ្វីជាសំនួរដ៏សំខាន់សព្វថ្ងៃនេះ?
៩ យ៉ាងច្បាស់ណាស់ ព្រះយេស៊ូវត្រូវបានតុលាការកំពុងវិនិច្ឆ័យទោសដល់ព្រះជន្មរបស់ព្រះអង្គ ពីព្រោះទ្រង់បានប្រកាសនិងបង្រៀនអំពីរដ្ឋាភិបាលថ្មីមួយ។ ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលឆ្លើយទៅលោកពីឡាត់ថា៖ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។ (យ៉ូហាន ១៨:៣៦, ៣៧) មែនហើយ ព្រះយេស៊ូវបានប្រើជីវិតរបស់ទ្រង់នៅលើផែនដី ដើម្បីប្រាប់មនុស្សលោកពីសេចក្ដីពិតដ៏អស្ចារ្យអំពីរាជរដ្ឋាភិបាលរបស់ព្រះ។ នេះជាសារដ៏សំខាន់បំផុតរបស់ទ្រង់។ ហើយព្រះរាជាណាចក្រនេះក៏នៅជារឿងដ៏សំខាន់បំផុតសព្វថ្ងៃនេះដែរ។ យ៉ាងណាក៏ដោយ សំនួរទាំងនេះត្រូវការឆ្លើយជាចាំបាច់៖ តើរដ្ឋាភិបាលមួយណាជាការសំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ? តើជារដ្ឋាភិបាលរបស់មនុស្ស ឬក៏ជាព្រះរាជាណាចក្ររបស់ព្រះដែលមានព្រះគ្រីស្ទជាអ្នកគ្រប់គ្រង?
ការរៀបចំរដ្ឋាភិបាលថ្មីសំរាប់ផែនដី
១០ (ក) តើពេលណាដែលព្រះទ្រង់បានទតឃើញនូវសេចក្ដីត្រូវការនៃរដ្ឋាភិបាលថ្មីមួយ? (ខ) នៅក្នុងព្រះគម្ពីរ តើនៅកន្លែងណាដែលឯកសារយោងទីមួយបានត្រូវធ្វើឡើងចំពោះរដ្ឋាភិបាលនេះ? (គ) តើអ្នកណាត្រូវបានតំណាងដោយសត្វពស់?
១០ នៅពេលដែលសាតាំងបាននាំអ័ដាមនិងនាងអេវ៉ាឲ្យចូលរួមជាមួយវាក្នុងការបះបោរប្រឆាំង ពេលនោះហើយដែលព្រះយេហូវ៉ាបានទតឃើញសេចក្ដីត្រូវការជាចាំបាច់ នូវរដ្ឋាភិបាលថ្មីមួយសំរាប់មនុស្សលោក។ ដូច្នេះភ្លាមនោះ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អំពីព្រះបំណងទ្រង់ក្នុងការចាត់ចែងឲ្យមានរដ្ឋាភិបាលបែបនេះ។ ទ្រង់បានមានបន្ទូលសំដៅចំពោះរដ្ឋាភិបាលនេះ កាលដែលទ្រង់បានប្រកាសការវិនិច្ឆ័យទោសទៅលើសត្វពស់ ដែលតាមការពិតទ្រង់មានបន្ទូលទៅអារក្សសាតាំងថា៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេ»។—លោកុប្បត្តិ ៣:១៤, ១៥
១១ រវាងអ្នកណានឹងអ្នកណាដែលនឹងត្រូវកើតមានការសម្អប់នោះ?
១១ ប៉ុន្តែអ្នកប្រហែលជាសួរថា៖ ‹តើយ៉ាងដូចម្ដ៉េចក៏មិនឃើញនិយាយអ្វីសោះអំពីរដ្ឋាភិបាលនៅកន្លែងនេះ›? សូមយើងពិនិត្យឲ្យបានហ្មត់ចត់អំពីសេចក្ដីថ្លែងនេះ ហើយយើងនឹងបានយល់ពីការនេះ។ បទគម្ពីរនេះបានចែងថា នឹងមានសេចក្ដីខ្មាំងឬក៏ការស្អប់គ្នារវាងសាតាំងនិង«ស្ត្រី»។ បន្ថែមទៅទៀត នឹងមានការស្អប់គ្នារវាង«ពូជ»ឬក៏កូនចៅរបស់សាតាំង និង«ពូជ»ឬក៏កូនចៅរបស់ស្ត្រី។ ជាបឋម យើងត្រូវតែដឹង តើអ្នកណាជា«ស្ត្រី»នេះ។
១២ នៅក្នុងវិវរណៈជំពូកទី១២ តើអ្វីខ្លះបានត្រូវចែងអំពី«ស្ត្រី»នោះ?
១២ នាងមិនមែនជាស្ត្រីពីផែនដីទេ។ សាតាំងមិនមានការស្អប់ពិសេសចំពោះមនុស្សស្រីណាឡើយ។ ផ្ទុយទៅវិញ នេះជាស្ត្រីនិមិត្តរូបមួយ។ គឺថា នាងនេះជាតំណាងចំពោះអ្វីមួយផ្សេងទៅវិញ។ រឿងនេះបានត្រូវបង្ហាញនៅក្នុងសៀវភៅវិវរណៈ នៅចុងក្រោយបង្អស់នៃព្រះគម្ពីរ ដែលទីនោះមានពត៌មានអំពីនាងជាច្រើនទៅទៀត។ «ស្ត្រី»បានត្រូវពណ៌នាជា«ស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ»។ ដើម្បីជួយយើងឲ្យយល់អ្នកណាជាតំណាង«ស្ត្រី»នេះ សូមកត់សំគាល់ពីអ្វីដែលសៀវភៅវិវរណៈចែងបន្តទៅទៀតអំពីកូនរបស់នាង៖ «នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ»។—វិវរណៈ ១២:១-៥
១៣ តើអ្នកណាឬក៏អ្វីដែលតំណាងដោយ«កូនប្រុស»និង«ស្ត្រី»នោះ?
១៣ ការយល់ដឹងពីអ្នកណាឬអ្វីដែលជា«កូនប្រុស» នឹងជួយយើងឲ្យរកឃើញនូវអ្នកណាឬក៏អ្វីដែលជាតំណាង«ស្ត្រី»នោះ។ កូននោះមិនមែនជាបុគ្គលមែនទែនទេ ដូចជាស្ត្រីក៏មិនមែនជាមនុស្សស្រីពិតប្រាកដដែរ។ បទគម្ពីរនោះបានបង្ហាញថា «កូនប្រុស»នេះនឹង«ត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍»។ ដូច្នេះហើយ«កូន»នេះ តំណាងរដ្ឋាភិបាលរបស់ព្រះ ដោយមានព្រះយេស៊ូវគ្រីស្ទគ្រប់គ្រងជាស្តេច។ អញ្ចឹងហើយ«ស្ត្រី»តំណាងអង្គការរបស់ព្រះ រួបរួមដោយសត្តនិករដ៏ស្មោះត្រង់នៅស្ថានសួគ៌។ ដូចជា«កូនប្រុស»បានមកពី«ស្ត្រី» ដូច្នេះហើយសម្ដេចយេស៊ូវគ្រីស្ទ ក៏បានចេញមកពីអង្គការសួគ៌ា ដែលជាគណៈនៃសត្តនិករវិញ្ញាណដ៏ស្មោះត្រង់ នៅស្ថានសួគ៌ដែលធ្វើការជាមួយគ្នាដើម្បីសម្រេចនូវបំណងរបស់ព្រះ។ នៅកាឡាទី ៤:២៦ ហៅអង្គការនេះជា «ក្រុងយេរូសាឡិម ដែលនៅស្ថានលើ»។ ដូច្នេះហើយ នៅពេលដែលអ័ដាមនិងនាងអេវ៉ាបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះជាលើកទីមួយនោះ ព្រះយេហូវ៉ាបានរៀបចំឡើងនូវរាជរដ្ឋាភិបាលមួយ ដែលនឹងបានជាសេចក្ដីសង្ឃឹមចំពោះអ្នកណាដែលស្រឡាញ់សេចក្ដីសុចរិត។
ព្រះយេហូវ៉ានៅចាំសេចក្ដីសន្យារបស់ទ្រង់
១៤ (ក) តើព្រះយេហូវ៉ាទ្រង់បានបង្ហាញយ៉ាងណា ថាទ្រង់នៅចាំសេចក្ដីសន្យារបស់ទ្រង់អំពី«ពូជ»មួយដែលនឹងជាន់ក្បាលសាតាំង? (ខ) តើអ្នកណាជា«ពូជ»សន្យានោះ?
១៤ ព្រះយេហូវ៉ាមិនបានភ្លេចសេចក្ដីសន្យារបស់ទ្រង់ ក្នុងការបញ្ជូន«ពូជ»មួយដែលនឹងទៅជាអ្នកគ្រប់គ្រងលើរដ្ឋាភិបាលរបស់ទ្រង់នោះទេ។ អ្នកគ្រប់គ្រងនេះនឹងធ្វើឲ្យសាតាំងហិនវិនាសដោយជាន់កំទេចក្បាលវា។ (រ៉ូម ១៦:២០; ហេព្រើរ ២:១៤) ក្រោយមក ព្រះយេហូវ៉ាបានមានបន្ទូលថា ពូជសន្យានេះនឹងត្រូវមកតាមរយៈពូជអ័ប្រាហាំជាបុរសដ៏ស្មោះត្រង់ម្នាក់។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អ័ប្រាហាំថា៖ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង»។ (លោកុប្បត្តិ ២២:១៨) តើអ្នកណាជា«ពូជ»ដែលបានត្រូវសន្យាថានឹងមកតាមជួរអ័ប្រាហាំនេះ? ក្រោយមកព្រះគម្ពីរបានឲ្យចម្លើយដោយចែងថា៖ «រីឯសេចក្ដីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោក តែទ្រង់មិនបានមានបន្ទូលថា ‹នឹងពូជទាំងប៉ុន្មាន› ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា ‹នឹងពូជលោក១នោះឯង› គឺជាព្រះគ្រីស្ទ»។ (កាឡាទី ៣:១៦) ព្រះយេហូវ៉ាក៏បានមានបន្ទូលប្រាប់ទៅកូនប្រុសរបស់អ័ប្រាហាំ អ៊ីសាកនិងចៅរបស់លោកយ៉ាកុបទៀតថា «ពូជ»នៃ«ស្ត្រី»របស់ព្រះ នឹងមកតាមរយៈពូជអម្បូររបស់ពួកគេ។—លោកុប្បត្តិ ២៦:១-៥; ២៨:១០-១៤
១៥, ១៦ តើអ្វីដែលបញ្ជាក់ថា«ពូជ»បានត្រូវទៅជាស្តេចគ្រប់គ្រងមួយអង្គ?
១៥ ដើម្បីឲ្យបានយល់ច្បាស់ថា «ពូជ»នេះនឹងទៅជាស្តេចគ្រប់គ្រងមួយអង្គ យ៉ាកុបបានធ្វើសេចក្ដីបញ្ជាក់នេះទៅកូនប្រុសរបស់លោកឈ្មោះយូដាថា៖ «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្ដាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់»។ (លោកុប្បត្តិ ៤៩:១០) ព្រះយេស៊ូវគ្រីស្ទបានប្រសូតមកពីកុលសម្ព័ន្ធយូដា។ ទ្រង់បានបង្ហាញថាទ្រង់ជា«ស៊ីឡូរ» ដែលចំពោះទ្រង់«បណ្ដាជនទាំងឡាយនឹងចុះចូល»នោះ។—ហេព្រើរ ៧:១៤
១៦ ជិត៧០០ឆ្នាំក្រោយពីការថ្លែងទៅយូដានោះ ព្រះយេហូវ៉ាបានមានបន្ទូលអំពីស្តេចដាវីឌនៃកុលសម្ព័ន្ធយូដាថា៖ «គឺអញបានរកឃើញដាវីឌ ជាអ្នកបំរើអញ . . . អញនឹងធ្វើឲ្យពូជពង្សដាវីឌនៅជាប់ជាដរាប ហើយឲ្យរាជ្យបាននៅអស់កាលដែលផ្ទៃមេឃមាននៅផង»។ (ទំនុកដំកើង ៨៩:២០, ២៩) កាលដែលព្រះបានមានបន្ទូលថា«ពូជ»របស់ស្តេចដាវីឌបាននៅជាប់«អស់កាល»ហើយដែល«រាជ្យរបស់ទ្រង់»នឹងស្ថិតនៅមានរហូតដល់ពេល«ផ្ទៃមេឃមាននៅផង»នោះ តើទ្រង់ចង់មានព្រះបន្ទូលយ៉ាងណា? ព្រះយេហូវ៉ាទ្រង់បានសំដៅទៅសេចក្ដីដែលថា រាជរដ្ឋាភិបាលដែលស្ថិតនៅក្រោមអំណាចរបស់អ្នកគ្រប់គ្រងដែលបានតែងតាំងរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ នឹងស្ថិតនៅជានិរន្តរ៍បាន។ តើយើងបានដឹងរឿងនេះតាមរបៀបណា?
១៧ តើយ៉ាងណាបានជាយើងដឹងថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាអ្នកគ្រប់គ្រងដែលបានសន្យាមកនោះ?
១៧ សូមរំឭកឡើងវិញពីអ្វីៗដែលទេវតារបស់ព្រះយេហូវ៉ាកាព្រីយ៉ែលបានប្រាប់ទៅនាងម៉ារា អំពីបុត្រដែលត្រូវបានកើតនឹងនាង។ លោកបានមានប្រសាសន៍ថា៖ «នាងត្រូវថ្វាយព្រះនាមថា យេស៊ូវ»។ ប៉ុន្តែព្រះយេស៊ូវទ្រង់មិនត្រូវនៅតែជាកូនក្មេងម្នាក់ ឬក៏បុរសម្នាក់នៅលើផែនដីជារហូតនោះឡើយ។ កាព្រីយ៉ែលបានមានប្រសាសន៍បន្តទៅទៀតថា៖ «បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ»។ (លូកា ១:៣១-៣៣) តើនេះមិនមែនជាការអស្ចារ្យទេឬ ដែលព្រះយេហូវ៉ាទ្រង់បានធ្វើការរៀបចំដើម្បីតាំងឲ្យមានរដ្ឋាភិបាលដ៏សុចរិតមួយ ដើម្បីជាផលប្រយោជន៍ដ៏អស់កល្បជានិច្ចរបស់ពួកណាដែលស្រឡាញ់និងទុកចិត្តដល់ទ្រង់នោះ?
១៨ (ក) តើព្រះគម្ពីរបានពណ៌នាយ៉ាងណា ពីការបញ្ចប់នៃរដ្ឋាភិបាលទាំងឡាយនៅលើផែនដីនេះ? (ខ) តើរដ្ឋាភិបាលរបស់ព្រះនឹងធ្វើអ្វីខ្លះសំរាប់ប្រជាជន?
១៨ ឥឡូវនេះពេលវេលារឹតតែជិតហើយ ដែលរាជរដ្ឋាភិបាលរបស់ព្រះនឹងចាប់ផ្ដើមបំផ្លាញរដ្ឋាភិបាលទាំងអស់របស់លោកីយ៍។ នៅពេលនោះ ព្រះយេស៊ូវគ្រីស្ទនឹងបញ្ចេញសកម្មភាពជាស្តេចដែលប្រកបដោយជោគជ័យ។ ក្នុងការពណ៌នាអំពីការប្រយុទ្ធនេះ ព្រះគម្ពីរបានចែងថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ . . . គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដានីយ៉ែល ២:៤៤; វិវរណៈ ១៩:១១-១៦) ពេលរដ្ឋាភិបាលដទៃទាំងអស់នឹងត្រូវបានកំទេចចោលរួចអស់ហើយ រដ្ឋាភិបាលរបស់ព្រះនឹងបំពេញសេចក្ដីត្រូវការដ៏ពិតប្រាកដរបស់ប្រជាជន។ ព្រះយេស៊ូវគ្រីស្ទជាអ្នកគ្រប់គ្រង ទ្រង់នឹងទទួលរ៉ាប់រងមិនឲ្យមានរាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ណាមួយត្រូវមានជម្ងឺ ចាស់ជរា ឬស្លាប់ឡើយ។ ឧក្រិដ្ឋកម្ម លំនៅតោកយ៉ាក ការអត់ឃ្លាន និងបញ្ហាស្រដៀងនេះផ្សេងៗទៀតទាំងអស់ នឹងត្រូវដោះស្រាយរួចជាមិនខាន។ នៅគ្រប់ទីកន្លែងលើផែនដីទាំងមូល នឹងពោរពេញទៅដោយសន្ដិភាពនិងសន្ដិសុខដ៏ពិតប្រាកដ។ (ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣-៥) យ៉ាងណាក៏ដោយ យើងត្រូវតែរៀនថែមទៀតអំពីពួកអ្នកដែលនឹងទៅជាអ្នកគ្រប់គ្រង នៅក្នុងរាជរដ្ឋាភិបាលរបស់ព្រះនេះ។
[រូបភាពនៅទំព័រ១១២, ១១៣]
ព្រះយេស៊ូវទ្រង់បានបញ្ជូនអ្នកកាន់តាមទ្រង់ឲ្យទៅធ្វើកិច្ចការដ៏សំខាន់ដែលជាការប្រកាសអំពីរាជាណាចក្ររបស់ព្រះ
[រូបភាពនៅទំព័រ១១៤]
ពេលដែលទ្រង់ត្រូវតុលាការកំពុងវិនិច្ឆ័យទោសដល់ព្រះជន្មទ្រង់នោះ ព្រះយេស៊ូវទ្រង់នៅតែបន្តការប្រកាសអំពីរាជាណាចក្ររបស់ព្រះទៀត
[រូបភាពនៅទំព័រ១១៩]
តើអ្នកមានទស្សនៈយ៉ាងណាអំពីព្រះយេស៊ូវ—ជាស្តេចប្រកបដោយជោគជ័យមួយអង្គ ឬក៏ជាទារកដ៏ទន់ខ្សោយមួយ?