«ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ត»តាម
«គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ»។—ហេព្រើរ ៥:១២
១. តើដោយដូចម្ដេចបានជាពាក្យនៅហេព្រើរ ៥:១២ អាចធ្វើឲ្យគ្រីស្ទានម្នាក់ខ្វល់ចិត្តបន្ដិច?
ពេលអ្នកអានពាក្យខាងលើនេះដែលបានបណ្ដាលមកពីព្រះ ដែលជាប្រធានបទគម្ពីរនៃអត្ថបទនេះ តើអ្នកខ្វល់ចិត្តបន្ដិចអំពីខ្លួនអ្នកផ្ទាល់ឬទេ? បើអ្នកខ្វល់ខ្វាយមែន អ្នកក៏មានអារម្មណ៍ដូចមនុស្សជាច្រើនដែរ។ យើងដឹងថា យើងត្រូវធ្វើជាអ្នកបង្រៀន ពីព្រោះយើងជាអ្នកកាន់តាមព្រះគ្រីស្ទ។ (ម៉ាថាយ ២៨:១៩, ២០) យើងដឹងថា គ្រាបច្ចុប្បន្ននេះតម្រូវឲ្យយើងបង្រៀនអ្នកដទៃយ៉ាងបន្ទាន់ដោយបំនិនច្រើនបំផុត។ យើងក៏ដឹងដែរថា ការបង្រៀនរបស់យើងអាចបណ្ដាលឲ្យពួកអ្នកដែលយើងបង្រៀននោះ ទទួលជីវិតឬក៏ស្លាប់បាន! (ធីម៉ូថេទី១ ៤:១៦) ហេតុនេះហើយបានជាយើងគួរសួរខ្លួនថា៖ ‹តើខ្ញុំកំពុងតែបំពេញភារៈជាអ្នកបង្រៀនអស់ពីសមត្ថភាពឬទេ? តើខ្ញុំអាចធ្វើឲ្យការបង្រៀនរបស់ខ្ញុំបានប្រសើរជាងយ៉ាងដូចម្ដេចបាន?›។
២, ៣. (ក) តើគ្រូបង្រៀនម្នាក់បានពន្យល់យ៉ាងណាអំពីមូលដ្ឋាននៃការបង្រៀនដ៏ល្អ? (ខ) តើព្រះយេស៊ូតាំងគំរូបែបណាសំរាប់យើង ស្តីអំពីការបង្រៀន?
២ ការខ្វល់ចិត្តបែបនេះមិនគួរនាំឲ្យយើងធ្លាក់ទឹកចិត្តឡើយ។ បើយើងចាត់ទុកការបង្រៀនជាអ្វីដែលត្រូវការតែបំនិនពិសេសនោះ យើងអាចមានអារម្មណ៍ថា ការខំព្យាយាមបង្កើនគុណភាពការបង្រៀនរបស់យើងគឺជាអ្វីដ៏ពិបាកពេក។ ក៏ប៉ុន្តែ សមត្ថភាពបង្រៀនយ៉ាងល្អនោះ ពាក់ព័ន្ធនឹងអ្វីដែលសំខាន់ជាងបំនិនទៅទៀត។ សូមកត់សម្គាល់នូវអ្វីដែលគ្រូបង្រៀនម្នាក់ដែលមានបទពិសោធន៍ច្រើនបានសរសេរក្នុងសៀវភៅរបស់គាត់ ស្តីអំពីការចេះបង្រៀន។ គាត់ពោលថា៖ «ការចេះបង្រៀនយ៉ាងល្អ មិនពាក់ព័ន្ធនឹងបច្ចេកទេសពិសេសឬរចនាបទផ្សេងៗ ឬមួយក៏គម្រោងសិក្សានិងការប្រព្រឹត្តយ៉ាងណាឡើយ។ . . . ការបង្រៀនច្រើនតែជាប់ទាក់ទិននឹងសេចក្ដីស្រឡាញ់ទៅវិញទេ»។ ទោះជាទស្សនៈរបស់គាត់មិនសំដៅទៅលើអ្នកបង្រៀនផ្នែកសាសនាក៏ដោយ តែចំណុចនោះច្បាស់ជាសំខាន់ស្តីអំពីការបង្រៀនដែលយើងជាជនគ្រីស្ទានអាចធ្វើតាមបានដែរ។ តើសំខាន់យ៉ាងណា?
៣ ព្រះយេស៊ូគ្រីស្ទជាអ្នកបង្រៀនដែលតាំងគំរូឲ្យយើង។ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកអ្នកកាន់តាមទ្រង់ថា៖ «ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ត»តាម។ (យ៉ូហាន ១៣:១៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ព្រះយេស៊ូមានបន្ទូលនោះសំដៅទៅលើគំរូរបស់ទ្រង់ក្នុងការបង្ហាញព្រះទ័យរាបទាប តែទ្រង់ក៏ពិតជាតាំងគំរូឲ្យយើងស្តីពីកិច្ចការចំបងរបស់ទ្រង់នៅលើផែនដីដែរ ពោលគឺ ការបង្រៀនមនុស្សនូវដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (លូកា ៤:៤៣) អាស្រ័យហេតុនេះ ប្រសិនបើអ្នកត្រូវជ្រើសរើសពាក្យតែមួយម៉ាត់ដើម្បីសម្គាល់កិច្ចបំរើផ្សាយរបស់ព្រះយេស៊ូ អ្នកច្បាស់ជានឹងជ្រើសរើសពាក្យ «សេចក្ដីស្រឡាញ់» មែនទេ? (កូល៉ុស ១:១៥; យ៉ូហានទី១ ៤:៨) ព្រះយេស៊ូស្រឡាញ់ព្រះយេហូវ៉ាជាព្រះវរបិតាសួគ៌ារបស់ទ្រង់ ជាងអ្វីៗទាំងអស់។ (យ៉ូហាន ១៤:៣១) ប៉ុន្តែ ជាគ្រូបង្រៀន ព្រះយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបពីរយ៉ាងទៀត។ ព្រះយេស៊ូស្រឡាញ់នូវសេចក្ដីពិតដែលទ្រង់បង្រៀន ហើយក៏ស្រឡាញ់ពួកបណ្ដាជនដែលទ្រង់បង្រៀនផងដែរ។ ឥឡូវ យើងសូមបញ្ជាក់ឲ្យបានច្បាស់ទៅទៀតលើកត្ដាទាំងពីរនេះនៃគំរូព្រះយេស៊ូ ដែលទ្រង់បានទុកឲ្យយើង។
ស្រឡាញ់សេចក្ដីពិតពីព្រះតាំងពីយូរយារមកហើយ
៤. តើព្រះយេស៊ូបណ្ដុះនូវព្រះទ័យស្រឡាញ់ចំពោះសេចក្ដីបង្រៀនរបស់ព្រះយេហូវ៉ាដល់កំរិតណា?
៤ ទស្សនៈរបស់គ្រូបង្រៀនចំពោះប្រធានបទដែលគាត់បង្រៀននោះ មានអានុភាពខ្លាំងទៅលើប្រសិទ្ធិភាពនៃការបង្រៀនរបស់គាត់។ សិស្សរបស់គាត់អាចឃើញនូវភាពកន្តើយរបស់គាត់ ហើយក៏អាចមានភាពកន្តើយដូចគាត់ដែរ។ ព្រះយេស៊ូមិនដែលបង្ហាញព្រះទ័យឥតអើពើចំពោះសេចក្ដីពិតទាំងឡាយដែលទ្រង់បង្រៀនអំពីព្រះយេហូវ៉ានិងព្រះរាជាណាចក្ររបស់ទ្រង់នោះទេ។ ជម្រៅព្រះទ័យស្រឡាញ់ដែលព្រះយេស៊ូមានចំពោះប្រធានបទនោះគឺខ្លាំងណាស់។ តាំងតែពីព្រះយេស៊ូជាសិស្សមួយរូបមកម្ល៉េះ ទ្រង់បានចាប់ផ្ដើមស្រឡាញ់ប្រធានបទនោះ។ ក្នុងកំឡុងរាប់សិបកោដិឆ្នាំមុនពេលព្រះយេស៊ូចាប់កំណើតជាមនុស្ស រាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់នេះបានខំរៀនសូត្រយ៉ាងខ្នះខ្នែង។ អេសាយ ៥០:៤, ៥ ចែងយ៉ាងត្រឹមត្រូវដូចតទៅនេះថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់បានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀនសូត្រហើយ ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្តឡើង។ ទ្រង់ដាស់ខ្ញុំរាល់តែព្រឹក គឺទ្រង់ដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្ដាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់បានបើកត្រចៀកខ្ញុំហើយ ខ្ញុំមិនបានរឹងចចេស ឬបែរក្រោយឡើយ»។
៥, ៦. (ក) តាមមើលទៅ តើព្រះយេស៊ូពិសោធអ្វី នៅពេលទ្រង់ទទួលបុណ្យជ្រមុជទឹកនោះ? ហើយតើនោះមានឥទ្ធិពលអ្វីទៅលើទ្រង់? (ខ) ស្តីអំពីការប្រើព្រះបន្ទូលរបស់ព្រះ តើព្រះយេស៊ូនិងសាតាំងខុសពីគ្នាយ៉ាងណា?
៥ ពេលព្រះយេស៊ូធំឡើងជាមនុស្សនៅលើផែនដី ទ្រង់នៅតែស្រឡាញ់ប្រាជ្ញាដែលមកពីព្រះជានិច្ច។ (លូកា ២:៥២) រួចមក ពេលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក ទ្រង់បានពិសោធអ្វីដ៏អស្ចារ្យមួយ។ លូកា ៣:២១ ប្រាប់ថា៖ «ស្រាប់តែមេឃរបើកឡើង»។ តាមមើលទៅ ចាប់ពីពេលនោះមក ព្រះយេស៊ូអាចចាំអំពីព្រះជន្មរបស់ទ្រង់តាំងពីមុនកំណើតរបស់ទ្រង់ជាមនុស្ស។ បន្ទាប់មក ព្រះយេស៊ូបានតមអាហារអស់៤០ថ្ងៃក្នុងទីរហោស្ថាន។ ព្រះយេស៊ូច្បាស់ជាបានត្រេកអរក្នុងការរំពឹងគិតអំពីគ្រាដែលព្រះយេហូវ៉ាបានបង្ហាត់បង្រៀនទ្រង់នៅស្ថានសួគ៌។ ក៏ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះសេចក្ដីពិតនៃព្រះ បានត្រូវល្បងល។
៦ ពេលដែលព្រះយេស៊ូអស់ព្រះកាយពលហើយថែមទាំងឃ្លានផងនោះ សាតាំងបានមកល្បួងទ្រង់។ បុត្រាពីររូបនេះរបស់ព្រះ មានភាពខុសគ្នាឆ្ងាយណាស់! បុត្រាទាំងពីររូបបានដកស្រង់ពាក្យពីបទគម្ពីរភាសាហេព្រើរដូចគ្នា តែម្នាក់ៗមានបំណងចិត្តដាច់ដោយឡែកពីគ្នា។ សាតាំងមិនចេះគោរពបន្ទូលរបស់ព្រះទាល់តែសោះ ដោយវាក្រឡៃបន្ទូលនោះទៅតាមគោលដៅអាត្មានិយមរបស់វា។ តាមពិត អ្នកបះបោររូបនេះបានមើលងាយសេចក្ដីពិតពីព្រះ។ តែផ្ទុយទៅវិញ ព្រះយេស៊ូបានដកស្រង់បទគម្ពីរដោយបង្ហាញនូវព្រះទ័យស្រឡាញ់បទគម្ពីរនោះយ៉ាងស្មោះ ហើយទ្រង់ក៏បានតបឆ្លើយដោយប្រើព្រះបន្ទូលរបស់ព្រះយ៉ាងប្រយ័ត្នប្រយែងដែរ។ ព្រះយេស៊ូមានព្រះជន្មរស់តាំងតែពីយូរយារមកហើយ មុននឹងបន្ទូលរបស់ព្រះបានត្រូវសរសេរលើកដំបូងនោះ តែទ្រង់នៅមានព្រះទ័យកោតស្ងើចនឹងបន្ទូលនោះដដែល។ បន្ទូលនោះជាសេចក្ដីពិតដែលមានតម្លៃ ហើយមកពីព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌! ព្រះយេស៊ូបានមានបន្ទូលប្រាប់សាតាំងថា បន្ទូលពីព្រះយេហូវ៉ានោះសំខាន់ជាងអាហារទៅទៀត។ (ម៉ាថាយ ៤:១-១១) ត្រូវមែន ព្រះយេស៊ូស្រឡាញ់នូវសេចក្ដីពិតទាំងឡាយដែលព្រះយេហូវ៉ាបានបង្រៀនដល់ទ្រង់។ ប៉ុន្តែ ជាអ្នកបង្រៀន តើព្រះយេស៊ូបង្ហាញនូវសេចក្ដីស្រឡាញ់នោះតាមរបៀបណាខ្លះ?
ព្រះយេស៊ូស្រឡាញ់នូវសេចក្ដីពិតទាំងឡាយដែលទ្រង់បង្រៀន
៧. តើដោយដូចម្ដេចបានជាព្រះយេស៊ូជៀសវាងការបង្កើតសេចក្ដីបង្រៀនរបស់អង្គទ្រង់ផ្ទាល់នោះ?
៧ ព្រះយេស៊ូបានសឲ្យឃើញជានិច្ចនូវសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដែលទ្រង់បង្រៀន។ បើព្រះយេស៊ូមានបំណងធ្វើនោះ ទ្រង់អាចលើកបញ្ជាក់គំនិតរបស់អង្គទ្រង់ផ្ទាល់បាន ដ្បិតទ្រង់មានចំណេះនិងប្រាជ្ញាច្រើនណាស់។ (កូល៉ុស ២:៣) យ៉ាងណាក្ដី ព្រះយេស៊ូបានរំឭកម្ដងហើយម្ដងទៀតចំពោះពួកអ្នកដែលស្ដាប់ទ្រង់ថា អ្វីៗទាំងអស់ដែលទ្រង់បង្រៀននោះ មិនមកពីគំនិតរបស់ព្រះយេស៊ូផ្ទាល់ទេ តែមកពីព្រះវរបិតារបស់ទ្រង់វិញ។ (យ៉ូហាន ៧:១៦; ៨:២៨; ១២:៤៩; ១៤:១០) ព្រះយេស៊ូស្រឡាញ់នូវសេចក្ដីពិតពីព្រះដល់ម្ល៉េះ បានជាទ្រង់មិនហ៊ានបង្រៀនគំនិតរបស់ទ្រង់ផ្ទាល់ជំនួសទេ។
៨. នៅដើមកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូ តើទ្រង់បានតាំងគំរូយ៉ាងណា ក្នុងការពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះ?
៨ នៅពេលដែលព្រះយេស៊ូចាប់ផ្ដើមកិច្ចបំរើផ្សាយសាធារណៈរបស់ទ្រង់ ទ្រង់បានតាំងគំរូភ្លាមៗ។ សូមពិចារណានូវរបៀបដែលព្រះយេស៊ូមានបន្ទូលប្រាប់ដល់រាស្ត្ររបស់ព្រះជាលើកទីមួយនោះ ថាទ្រង់ជាព្រះមេស្ស៊ីដែលត្រូវបានសន្យាពីមុនមក។ តើព្រះយេស៊ូឈរមុខបណ្ដាមនុស្សនិងលើកដំកើងខ្លួនជាព្រះគ្រីស្ទ រួចមកធ្វើអព្ភូតហេតុដ៏អស្ចារ្យទុកជាទីសំអាងឬទេ? ព្រះយេស៊ូមិនធ្វើដូច្នេះឡើយ។ ទ្រង់បានទៅសាលាប្រជុំជាទីកន្លែងដែលរាស្ត្ររបស់ព្រះនិយមអានបទគម្ពីរ។ នៅទីនោះព្រះយេស៊ូបានអានទំនាយពី អេសាយ ៦១:១, ២ ជូនពួកគេស្ដាប់ ហើយបានពន្យល់ថា ទំនាយពិតទាំងនោះសំដៅទៅលើទ្រង់។ (លូកា ៤:១៦-២២) អព្ភូតហេតុទាំងឡាយដែលព្រះយេស៊ូបានធ្វើនោះជួយបញ្ជាក់ថា ព្រះយេហូវ៉ាគាំទ្រទ្រង់មែន។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូតែងតែបង្រៀនដោយពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះ។
៩. ពេលព្រះយេស៊ូប្រឈមមុខនឹងពួកផារិស៊ី តើទ្រង់បង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
៩ ជួនកាលមានពួកអ្នកជ្រុលនិយមខាងសាសនារបស់ខ្លួនមកប្រឆាំងនឹងព្រះយេស៊ូ ហើយគេមកប្រកួតប្រជែងនឹងទ្រង់ដែរ។ ពេលនោះព្រះយេស៊ូមិនរវល់ផ្ចាញ់ផ្ចាលតបតនឹងគេទេ ទោះជាទ្រង់អាចឈ្នះលើគេបានក៏ដោយ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានបើកព្រះបន្ទូលរបស់ព្រះឆ្លើយបដិសេធវិញ។ ឧទាហរណ៍ សូមនឹកចាំពេលដែលពួកផារិស៊ីថ្កោលទោសអ្នកកាន់តាមព្រះយេស៊ូថា ពួកគេបានបំពានលើក្រិត្យវិន័យអំពីថ្ងៃឈប់សំរាក ដោយចាប់បូតគួរស្រូវបរិភោគពេលដើរកាត់ស្រែនោះ។ ព្រះយេស៊ូមានបន្ទូលឆ្លើយតបថា៖ «តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬ?»។ (ម៉ាថាយ ១២:១-៥) ពួកអ្នកជ្រុលនិយមខាងសាសនានោះ ដោយចាត់ទុកខ្លួនគេជាមនុស្សសុចរិត គេប្រហែលជាធ្លាប់អានកំណត់ហេតុនៅសាំយូអែលទី១ ២១:១-៦ ដែលបានបណ្ដាលមកពីព្រះហើយ។ បើដូច្នេះ ពួកគេមិនទាន់បានយល់នូវមេរៀនដ៏សំខាន់ក្នុងកំណត់ហេតុនោះនៅឡើយទេ។ ប៉ុន្តែ ព្រះយេស៊ូមិនគ្រាន់តែអានរឿងនោះប៉ុណ្ណោះទេ តែទ្រង់បានរំពឹងគិតអំពីដំណើររឿងនោះ ហើយបានទទួលស្គាល់គោលការណ៍និមួយៗ។ ព្រះយេស៊ូស្រឡាញ់គោលការណ៍នានាដែលព្រះយេហូវ៉ាបង្រៀនដោយសារបទគម្ពីរ។ ដូច្នេះហើយបានជាទ្រង់ប្រើកំណត់ហេតុមួយនោះ ព្រមទាំងឧទាហរណ៍មួយពីក្រិត្យវិន័យលោកម៉ូសេ ដើម្បីបង្ហាញអំពីក្រិត្យវិន័យមានលក្ខណៈសមហេតុសមផល។ ស្រដៀងគ្នាដែរ សេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ព្រះយេស៊ូបានជំរុញទ្រង់ឲ្យការពារព្រះបន្ទូលរបស់ព្រះពីពួកអ្នកដឹកនាំសាសនានោះ ដែលខិតខំនិយាយក្រឡៃបន្ទូលនោះតាមតែចិត្តគេ ឬចង់បិទបាំងបន្ទូលរបស់ព្រះដោយទំនៀមទំលាប់មួយគំនររបស់មនុស្ស។
១០. តើព្រះយេស៊ូបំពេញទំនាយខ្លះយ៉ាងដូចម្ដេច ស្តីអំពីគុណភាពនៃការបង្រៀនរបស់ទ្រង់?
១០ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះសេចក្ដីពិតដែលទ្រង់បង្រៀននោះ មិនអនុញ្ញាតឲ្យទ្រង់បង្រៀនច្រំដែលៗ ហាក់ដូចជាទ្រង់ធុញទ្រាន់ ឬមួយក៏គ្មានអារម្មណ៍នោះឡើយ។ ទំនាយពីព្រះសឲ្យឃើញថា ព្រះមេស្ស៊ីនឹង«មានសំនួនវោហារដ៏ពូកែ» ដោយ«ពោលពាក្យពីរោះស្ដាប់»។ (ទំនុកដំកើង ៤៥:២ (ស្មើនឹងទំនុកតម្កើង ៤៥:៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ); លោកុប្បត្តិ ៤៩:២១) ព្រះយេស៊ូបានបំពេញបទទំនាយទាំងនោះដោយរក្សាទុកសាររបស់ទ្រង់ជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ ហើយរស់រវើកផងដែរ។ ព្រះយេស៊ូតែងមាន«ព្រះបន្ទូលដ៏ផ្អែមពីរោះ» ពេលទ្រង់បង្រៀននូវសេចក្ដីពិតដែលទ្រង់ស្រឡាញ់។ (លូកា ៤:២២) ព្រះយេស៊ូច្បាស់ជាមានព្រះភក្ដ្រស្រស់បស់ ហើយព្រះនេត្រភ្លឺថ្លាដោយទ្រង់មានចំណាប់អារម្មណ៍ទៅលើអ្វីដែលទ្រង់បង្រៀន។ មនុស្សពិតជាគាប់ចិត្តស្ដាប់ការបង្រៀនរបស់ព្រះយេស៊ូណាស់ ហើយទ្រង់ក៏តាំងគំរូដ៏ល្អប្រសើរឲ្យយើងយកតម្រាប់តាម ពេលយើងនិយាយប្រាប់អ្នកឯទៀតអំពីអ្វីដែលយើងរៀន!
១១. ហេតុដូចម្ដេចបានជាសមត្ថភាពរបស់ព្រះយេស៊ូជាគ្រូបង្រៀននោះ មិនបណ្ដាលឲ្យទ្រង់មានអំនួត?
១១ ដោយសារព្រះយេស៊ូយល់យ៉ាងច្បាស់នូវសេចក្ដីពិតពីព្រះ ហើយទ្រង់មានសំនួនវោហារនោះ តើទ្រង់ចាប់ផ្ដើមមានអំនួតក្អេងក្អាងឬទេ? មនុស្សដែលជាគ្រូបង្រៀនល្អ ច្រើនតែមានអំនួត។ ប៉ុន្តែ សូមចងចាំថា ព្រះយេស៊ូមានប្រាជ្ញាដែលសឲ្យឃើញនូវព្រះទ័យកោតខ្លាចចំពោះព្រះវិញ។ ប្រាជ្ញាបែបនេះមិនចេះក្រអឺតក្រទមទេ ពីព្រោះ«ប្រាជ្ញា តែងនៅនឹងមនុស្សសុភាព»។ (សុភាសិត ១១:២) ហើយក៏មានអ្វីមួយទៀតដែលជួយបង្ការកុំឲ្យព្រះយេស៊ូក្លាយជាមនុស្សអំនួតឬក្រអឺតក្រទមដែរ។
ព្រះយេស៊ូស្រឡាញ់បណ្ដាមនុស្សដែលទ្រង់បង្រៀន
១២. តើព្រះយេស៊ូបង្ហាញយ៉ាងណា ថាទ្រង់មិនចង់បំភ័យសិស្សទ្រង់ឡើយ?
១២ ជម្រៅព្រះទ័យស្រឡាញ់របស់ព្រះយេស៊ូចំពោះមនុស្ស បានត្រូវសឲ្យឃើញច្បាស់ក្នុងការបង្រៀនរបស់ទ្រង់។ ការបង្រៀននោះមិនដូចការបង្រៀនរបស់មនុស្សអំនួតទេ ដែលអាចធ្វើឲ្យសិស្សមានអារម្មណ៍ថា ខ្លួនគេជាមនុស្សទាបថោកឬខ្វះសមត្ថភាព។ (សាស្ដា ៨:៩) ក្រោយពីពេត្រុសបានឃើញអព្ភូតហេតុមួយរបស់ព្រះយេស៊ូ ពេត្រុសភាំងដល់ម្ល៉េះ ហើយបានក្រាបខ្លួននៅទៀបព្រះជង្ឃព្រះយេស៊ូ។ ប៉ុន្តែព្រះយេស៊ូមិនចង់ឲ្យពួកអ្នកកាន់តាមទ្រង់មានអារម្មណ៍ភ័យរន្ធត់ចំពោះទ្រង់ឡើយ។ ព្រះយេស៊ូមានបន្ទូលថា៖ «កុំខ្លាចអី!» ហើយទ្រង់បានប្រាប់ពេត្រុសអំពីកិច្ចការដ៏គួរឲ្យរំភើបដែលគាត់ត្រូវរួមចំណែកធ្វើដែរនោះ ពោលគឺ ការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (លូកា ៥:៨-១០) ព្រះយេស៊ូសព្វព្រះហឫទ័យឲ្យសេចក្ដីស្រឡាញ់របស់សិស្សទ្រង់ចំពោះសេចក្ដីពិតទាំងឡាយអំពីព្រះ ជាអ្វីដែលជំរុញទឹកចិត្តពួកគេ មិនមែនដោយសារពួកគេខ្លាចគ្រូបង្រៀនទេ។
១៣, ១៤. តើព្រះយេស៊ូបង្ហាញថាទ្រង់យល់ទុក្ខធុរៈរបស់មនុស្ស តាមរបៀបណាខ្លះ?
១៣ សេចក្ដីស្រឡាញ់ដែលព្រះយេស៊ូមានចំពោះបណ្ដាមនុស្សដែលទ្រង់បង្រៀននោះ គឺឃើញជាក់ស្តែងដោយទ្រង់ចេះយល់ទុក្ខធុរៈរបស់ពួកគេ។ «កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) ព្រះយេស៊ូអាណិតមេត្ដាដល់មនុស្សរហេមរហាម ហើយព្រះទ័យរបស់ទ្រង់ជំរុញឲ្យទ្រង់ជួយពួកគេ។
១៤ សូមកត់សម្គាល់នូវគ្រាមួយផ្សេងទៀត ពេលព្រះយេស៊ូបង្ហាញថា ទ្រង់ចេះយល់ទុក្ខធុរៈអ្នកឯទៀត។ ស្ត្រីម្នាក់ឈឺធ្លាក់ឈាមបានមកពាល់ជាយព្រះពស្ត្រព្រះយេស៊ូក្នុងចំណោមមនុស្សមួយហ្វូងយ៉ាងធំ ស្រាប់តែជំងឺរបស់នាងបានជាសះស្បើយភ្លាម។ ព្រះយេស៊ូជ្រាបថា មានអំណាចចេញពីទ្រង់ តែទ្រង់មិនបានឃើញនរណាដែលបានត្រូវប្រោសឲ្យជានោះទេ។ ព្រះយេស៊ូទទូចសួរចង់ស្គាល់បុគ្គលម្នាក់នោះ។ ហេតុអ្វី? ដោយសារស្ត្រីនោះប្រហែលជាខ្លាចថា ព្រះយេស៊ូចង់ដាក់ទណ្ឌកម្មនាងដោយសារនាងបំពានលើក្រិត្យវិន័យឬច្បាប់របស់ពួកស្ក្រែបនិងពួកផារិស៊ី។ តែផ្ទុយទៅវិញ ព្រះយេស៊ូមានបន្ទូលថា៖ «កូនស្រីអើយ! សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ។ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ!»។ (ម៉ាកុស ៥:២៥-៣៤) សូមកត់សម្គាល់ថា បន្ទូលរបស់ព្រះយេស៊ូបញ្ជាក់នូវព្រះទ័យយោគយល់ចំពោះទុក្ខលំបាករបស់ស្ត្រីនោះ។ ព្រះយេស៊ូមិនគ្រាន់តែមានបន្ទូលថា៖ «ចូរឲ្យជាចុះ»ប៉ុណ្ណោះ តែទ្រង់មានបន្ទូលថា៖ ‹ចូរឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ›។ ក្នុងឃ្លានេះ ម៉ាកុសប្រើពាក្យដែលអាចបកប្រែចំៗថា «វាយវាត់នឹងខ្សែតី» ជារបៀបវាយម្យ៉ាងក្នុងការធ្វើទារុណកម្ម។ ដូច្នេះ ព្រះយេស៊ូបានទទួលស្គាល់ថា ជំងឺរបស់ស្ត្រីនោះបានបណ្ដាលឲ្យគាត់រងទុក្ខ ប្រហែលជាការឈឺចាប់ជាខ្លាំងខាងរាងកាយ ឬរហូតដល់ធ្វើទុក្ខខាងផ្លូវចិត្តផងក៏មិនដឹង។ ព្រះយេស៊ូបានយល់ទុក្ខធុរៈរបស់គាត់។
១៥, ១៦. ក្នុងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូ តើមានព្រឹត្ដិការណ៍អ្វីខ្លះដែលបញ្ជាក់ថា ទ្រង់ខំរកមើលតែលក្ខណៈល្អនៃមនុស្សម្នាក់ៗប៉ុណ្ណោះ?
១៥ ព្រះយេស៊ូក៏បានបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សដោយខំរកមើលតែគុណសម្បត្ដិរបស់ពួកគេ។ សូមពិនិត្យមើលអ្វីដែលបានកើតឡើងពេលព្រះយេស៊ូជួបនឹងលោកណាថាណែល ដែលក្រោយមកបានក្លាយជាសាវ័កម្នាក់របស់ព្រះយេស៊ូ។ «ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា៖ ‹នុ៎ះន៍! ជាសាសន៍អ៊ីស្រាអែលពិតមែនដែលឥតមានចិត្តឧបាយ›»។ ព្រះយេស៊ូបានប្រើអំណាចទ្រង់ដើម្បីមើលធ្លុះជ្រៅទៅក្នុងចិត្តគំនិតរបស់ណាថាណែល។ ត្រូវមែន ណាថាណែលជាមនុស្សមិនគ្រប់ល័ក្ខណ៍ ហើយមានកំហុសដូចយើងរាល់គ្នាដែរ។ ជាក់ស្តែងគឺពេលណាថាណែលឮដំណឹងអំពីព្រះយេស៊ូ គាត់បាននិយាយត្រង់ៗថា៖ «តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ?»។ (យ៉ូហាន ១:៤៥-៥១) ទោះជាព្រះយេស៊ូអាចមានបន្ទូលអំពីលក្ខណៈណាក៏ដោយរបស់ណាថាណែល តែទ្រង់សព្វព្រះហឫទ័យមានបន្ទូលលើកសរសើរលក្ខណៈល្អរបស់គាត់ និងបានបញ្ជាក់ពីភាពទៀងត្រង់របស់ណាថាណែលវិញ។
១៦ ដូចគ្នាដែរ ពេលមេទាហានមួយរូបដែលប្រហែលជាមនុស្សសាសន៍ដទៃ គឺជាជនជាតិរ៉ូម បានសុំព្រះយេស៊ូប្រោសឲ្យអ្នកបំរើគាត់បានជា នោះព្រះយេស៊ូជ្រាបថា ទាហាននោះមានបាបច្រើនដែរ។ មេទ័ពនៅជំនាន់នោះច្បាស់ជាមានគន្លងជីវិតពេញទៅដោយអំពើឃោរឃៅ សំឡាប់គេ និងថ្វាយបង្គំព្រះមិនពិតជាដើម។ ប៉ុន្តែ ព្រះយេស៊ូបានផ្ដោតអារម្មណ៍ទៅលើចំណុចល្អវិញ គឺជំនឿដ៏មុតមាំរបស់បុរសនោះ។ (ម៉ាថាយ ៨:៥-១៣) ក្រោយៗមកទៀត ពេលព្រះយេស៊ូមានបន្ទូលទៅកាន់ចោរកំណាចម្នាក់ដែលជាប់ព្យួរលើបង្គោលទារុណកម្មក្បែរទ្រង់ ព្រះយេស៊ូមិនបានបន្ទោសគាត់ដោយសារអំពើចោរកម្មដែលគាត់ធ្លាប់ប្រព្រឹត្តពីមុនទេ តែទ្រង់បានលើកទឹកចិត្តគាត់ដោយឲ្យគាត់មានសេចក្ដីសង្ឃឹមចំពោះពេលអនាគតវិញ។ (លូកា ២៣:៤៣) ព្រះយេស៊ូប្រាកដជាជ្រាបថា ការថ្កោលទោសឬមើលងាយមនុស្សឯទៀត គឺធ្វើឲ្យតែគេបាក់ទឹកចិត្តប៉ុណ្ណោះ។ ដោយសារព្រះយេស៊ូខំប្រឹងស្គាល់តែលក្ខណៈល្អរបស់មនុស្សម្នាក់ៗ នេះពិតជាបានលើកទឹកចិត្តពួកគេឲ្យខំប្រឹងច្រើនជាង។
ព្រះយេស៊ូសព្វព្រះហឫទ័យបំរើមនុស្ស
១៧, ១៨. ពេលព្រះយេស៊ូស្ម័គ្រព្រះទ័យចុះមកផែនដី ទ្រង់បានបង្ហាញថា ទ្រង់សព្វព្រះហឫទ័យបំរើមនុស្សលោក។ តើដោយដូចម្ដេច?
១៧ ការសព្វព្រះហឫទ័យបំរើមនុស្ស ជាទីសំអាងដ៏ខ្លាំងដែលសឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះមនុស្សលោកដែលទ្រង់បង្រៀន។ ព្រះយេស៊ូស្រឡាញ់មនុស្សជាតិតាំងពីមុនចាប់កំណើតជាមនុស្សទៅទៀត។ (សុភាសិត ៨:៣០, ៣១) ព្រះយេស៊ូប្រហែលជាមានទំនាក់ទំនងជាមួយមនុស្សលោក ដោយបំរើជា«ព្រះបន្ទូល» ឬអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា។ (យ៉ូហាន ១:១) ក៏ប៉ុន្តែ មូលហេតុម្យ៉ាងដែលព្រះយេស៊ូបានយាងចុះមកផែនដី គឺដើម្បីបង្រៀនមនុស្សដោយផ្ទាល់អង្គទ្រង់។ ដូច្នេះទ្រង់បានចាកចេញពីឋានៈដ៏ខ្ពស់របស់ទ្រង់នៅស្ថានសួគ៌ ហើយបាន«លះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ»។ (ភីលីព ២:៧; កូរិនថូសទី២ ៨:៩) កាលដែលព្រះយេស៊ូគង់នៅលើផែនដី ទ្រង់មិនតម្រូវឲ្យមនុស្សមកបំរើទ្រង់ទេ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានមានបន្ទូលថា៖ «កូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) ព្រះយេស៊ូបានបំពេញតាមបន្ទូលនោះមែន។
១៨ ព្រះយេស៊ូបានបំរើពួកអ្នកដែលទ្រង់បង្រៀនដោយព្រះទ័យរាបទាប ក៏បានលះបង់ខ្លួនដើម្បីពួកគេ។ ព្រះយេស៊ូបានយាងចុះឡើងគ្រប់ទិសទីក្នុងស្រុកសន្យា ហើយបានយាងដំណើរដោយថ្មើរជើងរាប់រយគីឡូម៉ែត្រក្នុងកិច្ចការផ្សព្វផ្សាយ ដោយមានបំណងចង់ជួបមនុស្សច្រើនបំផុត។ ព្រះយេស៊ូមានព្រះទ័យរាបទាបនិងស្រួលទាក់ទងជានិច្ច មិនដូចពួកស្ក្រែបនិងពួកផារិស៊ីដែលមានអំនួតនោះទេ។ មនុស្សគ្រប់បែបគ្រប់យ៉ាងបានមកជួបទ្រង់ដោយមានចិត្តសប្បាយ ហើយមិនមានចិត្តភ័យខ្លាចឡើយ រួមមានមនុស្សមានឈ្មោះបោះសម្លេង ទាហាន មេធាវី ស្ត្រីភេទ កុមារ រហូតដល់ពួកអ្នកក្រីក្រ អ្នកឈឺ និងពួកអ្នកដែលសង្គមមនុស្សនោះបានបន្សាត់ចោលផងដែរ។ ទោះបីព្រះយេស៊ូជាមនុស្សគ្រប់ល័ក្ខណ៍ក៏ដោយ ទ្រង់នៅតែចេះស្រេកឃ្លាននិងអស់ព្រះកាយពលដែរ។ សូម្បីតែពេលដែលទ្រង់អស់ព្រះកាយពល ឬចង់សំរាកបន្ដិច ឬមួយក៏ចង់ឆ្លៀតពេលដោយឡែកពីភាពឡូឡាដើម្បីអធិស្ឋានក្ដី នោះទ្រង់តែងតែផ្គត់ផ្គង់អ្វីដែលអ្នកដទៃត្រូវការជាជាងគាប់ព្រះហឫទ័យអង្គទ្រង់ផ្ទាល់។—ម៉ាកុស ១:៣៥-៣៩
១៩. តើព្រះយេស៊ូតាំងគំរូយ៉ាងដូចម្ដេច ស្តីអំពីការប្រស្រ័យទាក់ទងសិស្សទ្រង់ដោយព្រះទ័យរាបទាប អត់ធ្មត់ និងស្លូតបូតផង?
១៩ ព្រះយេស៊ូសព្វព្រះហឫទ័យបំរើពួកសិស្សរបស់ទ្រង់ដែរ។ ព្រះយេស៊ូបានធ្វើដូច្នេះដោយបង្រៀនពួកគេយ៉ាងអត់ធ្មត់ ដោយស្លូតបូតផង។ ពេលពួកគេមិនយល់ភ្លាមៗនូវមេរៀនចំបងខ្លះនោះ ព្រះយេស៊ូមិនក្រេវក្រោធឬស្តីបន្ទោសពួកគេទេ។ តែទ្រង់បានរិះរកវិធីថ្មីទៀតដើម្បីជួយឲ្យពួកគេយល់។ ឧទាហរណ៍ សូមគិតអំពីប៉ុន្មានដងដែលសិស្សទ្រង់បានឈ្លោះគ្នាដណ្ដើមឋានៈអ្នកណាធំជាងគេ។ ម្ដងហើយម្ដងទៀតរហូតដល់រាត្រីមុននឹងព្រះយេស៊ូសោយទិវង្គត ទ្រង់នៅតែបានរកវិធីបង្រៀនគេឲ្យចេះបង្ហាញចិត្តរាបទាបចំពោះគ្នាទៅវិញទៅមក។ ព្រះយេស៊ូមានបន្ទូលអំពីចិត្តរាបទាប ហើយអំពីរឿងផ្សេងៗទៀតដែរថា៖ «ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ត»តាម។—យ៉ូហាន ១៣:៥-១៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ម៉ាថាយ ២០:២៥; ម៉ាកុស ៩:៣៤-៣៧
២០. ព្រះយេស៊ូបានប្រើវិធីបង្រៀនខុសស្រឡះពីពួកផារិស៊ី។ តើទ្រង់ប្រើវិធីបង្រៀនយ៉ាងណា? ហើយតើហេតុអ្វីបានជាវិធីបង្រៀននោះមានប្រសិទ្ធិភាព?
២០ សូមកត់សម្គាល់ថា ព្រះយេស៊ូមិនបានប្រាប់ពួកសិស្សអំពីគំរូនោះប៉ុណ្ណោះទេ តែទ្រង់បាន«ធ្វើជាគំរូ»វិញ។ ព្រះយេស៊ូបានបង្រៀនពួកគេដោយតាំងគំរូសំរាប់ពួកគេ។ ព្រះយេស៊ូមិនបានមានបន្ទូលខ្លាំងៗដាក់ពួកគេ ហាក់ដូចជាទ្រង់ចាត់ទុកខ្លួនជាមនុស្សមានឋានៈខ្ពស់ដល់ម្ល៉េះបានជាទ្រង់មិនចាំបាច់ធ្វើអ្វីដែលទ្រង់បង្គាប់ឲ្យគេធ្វើឡើយ។ ពួកផារិស៊ីធ្លាប់តែប្រព្រឹត្តដូចនោះ។ ព្រះយេស៊ូបានមានបន្ទូលអំពីពួកផារិស៊ីថា៖ «គេគ្រាន់តែថា តែមិនធ្វើតាមទេ»។ (ម៉ាថាយ ២៣:៣) ដោយព្រះទ័យរាបទាប ព្រះយេស៊ូបានបង្ហាញដល់សិស្សទ្រង់នូវអត្ថន័យនៃការបង្រៀនរបស់ទ្រង់ ដោយប្រព្រឹត្តតាមអ្វីៗទាំងនោះ។ ដូច្នេះ ពេលព្រះយេស៊ូបង្គាប់ឲ្យសិស្សទ្រង់រស់នៅតាមរបៀបសាមញ្ញធម្មតាៗ ឲ្យជៀសវាងពីការចង់មានចង់បាន ពួកគេមិនចាំបាច់ព្រួយបារម្ភអំពីអ្វីដែលពួកគេត្រូវធ្វើទេ។ ពួកគេអាចឃើញសច្ចភាពនៃបន្ទូលទ្រង់ដែលថា៖ «កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ (ម៉ាថាយ ៨:២០) ព្រះយេស៊ូបានបំរើសិស្សទ្រង់ដោយមានព្រះទ័យរាបទាបក្នុងការតាំងគំរូឲ្យគេ។
២១. តើយើងនឹងពិគ្រោះអ្វីក្នុងអត្ថបទបន្ទាប់ទៀត?
២១ ព្រះយេស៊ូពិតជាអ្នកបង្រៀនដ៏ឧត្តមបំផុតដែលធ្លាប់រស់នៅលើផែនដីនេះ! អស់ទាំងមនុស្សដែលមានចិត្តស្មោះស ហើយបានឃើញនិងឮទ្រង់ បានឃើញយ៉ាងជាក់ស្តែងនូវសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះអ្វីដែលទ្រង់បង្រៀន ព្រមទាំងចំពោះមនុស្សដែលទ្រង់បង្រៀនផងដែរ។ យើងរាល់គ្នាសព្វថ្ងៃនេះដែលសិក្សាពីគំរូដែលព្រះយេស៊ូតាំងឲ្យយើង អាចឃើញសេចក្ដីស្រឡាញ់នោះដូចគ្នាដែរ។ ប៉ុន្តែ តើយើងអាចយកតម្រាប់តាមគំរូដ៏គ្រប់ល័ក្ខណ៍របស់ព្រះគ្រីស្ទ ដោយធ្វើយ៉ាងណា? អត្ថបទជាបន្ទាប់នឹងពិគ្រោះសំនួរនេះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការបង្រៀនដ៏ល្អត្រូវមានមូលដ្ឋានលើអ្វី? ហើយតើអ្នកណាបានតាំងគំរូធ្វើដូច្នេះ?
• តើព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដែលទ្រង់បង្រៀននោះ តាមវិធីណាខ្លះ?
• តើព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះបណ្ដាមនុស្សដែលទ្រង់បង្រៀននោះ ដោយដូចម្ដេច?
• តើមានការជាក់ស្តែងណាខ្លះដែលបង្ហាញថា ព្រះយេស៊ូសព្វព្រះហឫទ័យបំរើពួកអ្នកដែលទ្រង់បង្រៀនដោយព្រះទ័យរាបទាប?