សំបុត្រជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូឡុស
១ ពីខ្ញុំ ប៉ូល ដែលជាសាវ័ក*របស់គ្រិស្ត*យេស៊ូស្របតាមបំណងប្រាថ្នារបស់ព្រះ និងពីធីម៉ូថេ+ជាប្អូនប្រុសរបស់យើង ២ ជូនចំពោះពួកអ្នកបរិសុទ្ធនិងបងប្អូនស្មោះត្រង់ទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្តនៅក្រុងកូឡុស៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតារបស់យើង។
៣ ពេលដែលយើងអធិដ្ឋានឲ្យអ្នករាល់គ្នា យើងតែងតែអរគុណព្រះជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ៤ ពីព្រោះយើងបានឮអំពីជំនឿដែលអ្នករាល់គ្នាមានក្នុងគ្រិស្តយេស៊ូ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះពួកអ្នកបរិសុទ្ធទាំងអស់ ៥ ដោយសារអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមទទួលអ្វីដែលបានត្រូវបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។+ អ្នករាល់គ្នាបានឮអំពីសេចក្ដីសង្ឃឹមនេះតាមរយៈការប្រកាសអំពីសេចក្ដីពិត ពោលគឺដំណឹងល្អ ៦ ដែលបានមកដល់អ្នករាល់គ្នា។ ដំណឹងល្អនោះក៏ដុះដាលបង្កើតផលពេញពិភពលោក+ ដូចដែលកំពុងដុះដាលបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានស្គាល់ច្បាស់នូវការពិតអំពីគុណដ៏វិសេសលើសលប់របស់ព្រះ។ ៧ នោះជាអ្វីដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាសជាទីស្រឡាញ់របស់យើង+ ដែលជាខ្ញុំបម្រើជាមួយនឹងយើង។ គាត់បម្រើគ្រិស្តយ៉ាងស្មោះត្រង់ ដើម្បីជាប្រយោជន៍ដល់យើង។ ៨ គាត់ក៏បានរៀបរាប់ប្រាប់យើងអំពីសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាដែលមកពីឫទ្ធានុភាពរបស់ព្រះដែរ។
៩ ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮរឿងនោះ យើងបានអធិដ្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ+ គឺសូមឲ្យអ្នករាល់គ្នាបានពោរពេញទៅដោយចំណេះត្រឹមត្រូវ+អំពីបំណងប្រាថ្នារបស់លោក ដោយមានប្រាជ្ញាសព្វគ្រប់និងការយល់ដឹងដែលឫទ្ធានុភាពរបស់លោកផ្ដល់ឲ្យ+ ១០ ប្រយោជន៍ឲ្យអ្នករាល់គ្នាប្រព្រឹត្តសមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា* ដើម្បីធ្វើឲ្យលោកពេញចិត្តទាំងស្រុង។ ដំណាលគ្នានោះ អ្នករាល់គ្នានឹងបន្តបង្កើតផលក្នុងគ្រប់ការល្អទាំងអស់ ព្រមទាំងមានចំណេះត្រឹមត្រូវអំពីព្រះកាន់តែច្រើនឡើងៗ។+ ១១ សូមឲ្យអ្នករាល់គ្នាទទួលកម្លាំងខ្លាំងក្លាពីឫទ្ធានុភាពរុងរឿងរបស់លោក+ ដើម្បីអ្នករាល់គ្នាអាចស៊ូទ្រាំនឹងការទាំងអស់ ដោយចិត្តអត់ធ្មត់និងមានអំណរ ១២ ហើយសូមឲ្យអ្នករាល់គ្នាអរគុណបិតានៅស្ថានសួគ៌ដែលបានធ្វើឲ្យអ្នករាល់គ្នាមានលក្ខណៈគ្រប់គ្រាន់ ដើម្បីមានចំណែកក្នុងមត៌ករបស់ពួកអ្នកបរិសុទ្ធ+ដែលនៅក្នុងពន្លឺ។
១៣ ព្រះបានសង្គ្រោះយើងពីអំណាចនៃភាពងងឹត+ ហើយផ្លាស់យើងទៅក្នុងរាជាណាចក្រនៃបុត្រជាទីស្រឡាញ់របស់លោក។ ១៤ ដោយសារបុត្ររបស់លោកបានរំដោះយើងដោយបង់ថ្លៃលោះ នេះមានន័យថាការខុសឆ្គង*របស់យើងបានត្រូវអភ័យទោស។+ ១៥ លោកនិងព្រះដែលយើងមើលមិនឃើញ មានលក្ខណៈដូចគ្នាទាំងស្រុង។+ លោកជាបុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត+ ១៦ ពីព្រោះអ្វីៗឯទៀតទាំងអស់នៅស្ថានសួគ៌និងនៅផែនដី បានត្រូវបង្កើតមកតាមរយៈលោក គឺអ្វីដែលមនុស្សមើលឃើញនិងអ្វីដែលមនុស្សមើលមិនឃើញ+ ទោះជាបល្ល័ង្ក ការគ្រប់គ្រង រដ្ឋាភិបាល ឬអាជ្ញាធរក្ដី។ អ្វីៗឯទៀតទាំងអស់បានត្រូវបង្កើតមកតាមរយៈលោក+ និងសម្រាប់លោក។ ១៧ ម្យ៉ាងទៀត មានលោកមុនអ្វីៗឯទៀតទាំងអស់+ ហើយតាមរយៈលោក អ្វីៗឯទៀតទាំងអស់បានត្រូវបង្កើតមក ១៨ ហើយលោកជាក្បាលនៃរូបកាយ ពោលគឺជាប្រមុខនៃក្រុមជំនុំ។+ លោកជាទីចាប់ផ្ដើមនៃអ្វីៗទាំងអស់ និងជាបុត្រច្បងដែលបានរស់ពីស្លាប់ឡើងវិញមុនគេ+ ដើម្បីឲ្យលោកអាចធ្វើជាអ្នកមុនគេក្នុងគ្រប់ការទាំងអស់ ១៩ ពីព្រោះព្រះពេញចិត្តឲ្យគ្រិស្តបានពេញខ្នាតក្នុងអ្វីៗទាំងអស់+ ២០ ហើយតាមរយៈគ្រិស្ត ព្រះផ្សះផ្សាអ្វីៗឯទៀតទាំងអស់ឲ្យជានឹងលោកឡើងវិញ+ ទោះជាអ្វីនៅផែនដី ឬនៅស្ថានសួគ៌ក្ដី ដោយធ្វើឲ្យមានសន្តិភាពតាមរយៈឈាម+របស់គ្រិស្តដែលបានត្រូវបង្ហូរលើបង្គោលទារុណកម្ម។*
២១ ពីមុនអ្នករាល់គ្នាធ្លាប់នៅដាច់ឆ្ងាយពីព្រះនិងជាសត្រូវរបស់ព្រះ ព្រោះអ្នករាល់គ្នាមានគំនិតលម្អៀងទៅរកអំពើទុច្ចរិត ២២ តែឥឡូវព្រះបានផ្សះផ្សាឲ្យអ្នករាល់គ្នាបានជានឹងលោកវិញ។ ព្រះបានធ្វើដូច្នេះតាមរយៈរូបកាយរបស់បុត្រលោកដែលបានស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាបរិសុទ្ធ ឥតសៅហ្មង និងគ្មានកន្លែងចាប់កំហុសបាន នៅចំពោះមុខលោក។+ ២៣ អ្នករាល់គ្នានឹងមានគុណសម្បត្តិទាំងនោះ ឲ្យតែអ្នករាល់គ្នាបន្តកាន់តាមជំនឿ+ ហើយកាន់ជំហរមាំមួន+លើគ្រឹះ+ ដោយមិនឲ្យអ្នកណាធ្វើឲ្យអ្នករាល់គ្នាចាកចេញពីសេចក្ដីសង្ឃឹមដែលមានមូលដ្ឋានលើដំណឹងល្អដែលអ្នករាល់គ្នាបានឮ និងដែលបានត្រូវប្រកាសក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ។+ ខ្ញុំ ប៉ូល បានត្រូវតែងតាំងឲ្យប្រកាសដំណឹងល្អនេះ។+
២៤ ឥឡូវខ្ញុំអរសប្បាយនឹងអ្វីដែលខ្ញុំរងទុក្ខដើម្បីអ្នករាល់គ្នា+ ហើយខ្ញុំកំពុងរងទុក្ខដូចគ្រិស្ត តែខ្ញុំត្រូវបន្តរងទុក្ខរហូតដល់ពេញកម្រិតដើម្បីរូបកាយរបស់គ្រិស្ត+ ពោលគឺក្រុមជំនុំ។+ ២៥ ខ្ញុំបានបម្រើរាស្ត្ររបស់ព្រះ* ដោយសារព្រះបានតែងតាំងខ្ញុំឲ្យធ្វើកិច្ចការនេះ+ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ ហេតុនេះហើយបានជាខ្ញុំព្យាយាមប្រកាសបណ្ដាំរបស់ព្រះអស់ពីសមត្ថភាព ២៦ គឺប្រកាសអាថ៌កំបាំងដ៏ពិសិដ្ឋ+ដែលបានត្រូវលាក់ពីពិភពលោក*+ និងមនុស្សដែលរស់នៅជំនាន់មុនៗ។ ប៉ុន្តែ ឥឡូវអាថ៌កំបាំងដ៏ពិសិដ្ឋនេះបានត្រូវបើកបង្ហាញដល់ពួកអ្នកបរិសុទ្ធរបស់លោក។+ ២៧ ព្រះពេញចិត្តធ្វើឲ្យពួកអ្នកបរិសុទ្ធរបស់លោកដែលនៅក្នុងចំណោមប្រជាជាតិនានា ដឹងអំពីទ្រព្យវិសេសនៃអាថ៌កំបាំងដ៏ពិសិដ្ឋនេះ+ គឺគ្រិស្តកំពុងរួបរួមជាមួយនឹងអ្នករាល់គ្នា ដែលមានន័យថាអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមរួមចំណែកក្នុងសិរីរុងរឿងរបស់លោក។+ ២៨ យើងប្រកាសផ្សាយអំពីលោក យើងដាស់តឿននិងបង្រៀនមនុស្សគ្រប់រូបអំពីលោកដោយប្រើប្រាជ្ញាទាំងអស់ ដើម្បីយើងអាចនាំមនុស្សគ្រប់រូបមកនៅចំពោះមុខព្រះ ដោយជួយពួកគេឲ្យធ្វើជាអ្នកកាន់តាមគ្រិស្តដែលមានភាពចាស់ទុំ។+ ២៩ នេះជាមូលហេតុដែលខ្ញុំខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយឫទ្ធានុភាពដែលលោកផ្ដល់ឲ្យខ្ញុំ។+