ហេតុអ្វីអ្នកគួរប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
«ទេវតាមួយរូបរបស់ព្រះដែលខ្ញុំគោរពប្រណិប័តន៍និងបំពេញកិច្ចបម្រើពិសិដ្ឋជូន បានឈរនៅជិតខ្ញុំ»។—សកម្ម. ២៧:២៣
១. តើពួកអ្នកដែលនឹងទទួលការជ្រមុជទឹកបានធ្វើអ្វីខ្លះរួចហើយ? តើនេះនាំឲ្យមានសំណួរអ្វីខ្លះ?
នៅ ក្នុងសេចក្ដីបញ្ចប់នៃសុន្ទរកថាសម្រាប់ពួកអ្នកទទួលការជ្រមុជទឹក មានសំណួរមួយក្នុងចំណោមសំណួរពីរដែលពួកគេត្រូវឆ្លើយគឺ៖ «ដោយមានមូលដ្ឋានលើការបូជាជីវិតនៃលោកយេស៊ូគ្រិស្ត តើអ្នកបានប្រែចិត្តពីអំពើខុសឆ្គងរបស់អ្នក ហើយបានប្រគល់ខ្លួនជូនព្រះយេហូវ៉ាដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកឬទេ?»។ ហេតុអ្វីបានជាពួកគ្រិស្តសាសនិកត្រូវប្រគល់ខ្លួនជូនព្រះយេហូវ៉ា? តើការប្រគល់ខ្លួនជូនព្រះនាំឲ្យយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច? ហេតុអ្វីព្រះពេញចិត្តនឹងការគោរពប្រណិប័តន៍របស់យើង ដរាបណាយើងប្រគល់ខ្លួនជូនលោក? ដើម្បីយល់ចម្លើយចំពោះសំណួរទាំងនេះ យើងត្រូវពិចារណាជាមុនសិនថា តើការប្រគល់ខ្លួនជូនព្រះជាអ្វី?
២. តើការប្រគល់ខ្លួនជូនព្រះយេហូវ៉ាមានន័យអ្វី?
២ តើការប្រគល់ខ្លួនជូនព្រះមានន័យអ្វី? សូមកត់សម្គាល់របៀបដែលសាវ័កប៉ូលបានពណ៌នាអំពីចំណងមេត្រីភាពរបស់គាត់ជាមួយព្រះ។ នៅមុខមនុស្សជាច្រើនលើសំពៅដែលហៀបនឹងលិច គាត់បានហៅព្រះយេហូវ៉ាថា ជា«ព្រះដែលខ្ញុំគោរពប្រណិប័តន៍»។ (សូមអាន សកម្មភាព ២៧:២២-២៤) គ្រិស្តសាសនិកពិតទាំងឡាយគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ផ្ទុយទៅវិញ មនុស្សជាទូទៅក្នុងពិភពលោកស្ថិត«ក្រោមអំណាចរបស់មេកំណាច»។ (១យ៉ូន. ៥:១៩) ព្រះយេហូវ៉ាបានក្លាយទៅជាព្រះរបស់ពួកគ្រិស្តសាសនិក ពេលលោកទទួលការប្រគល់ខ្លួនដែលពួកគេបានធ្វើតាមរយៈការអធិដ្ឋាន។ ការប្រគល់ខ្លួននេះគឺជាសម្បថមួយដែលបុគ្គលម្នាក់ធ្វើដោយខ្លួនឯង។ ក្រោយមក បុគ្គលនោះទទួលការជ្រមុជទឹក។
៣. តើការជ្រមុជទឹករបស់លោកយេស៊ូតំណាងអ្វី? ហើយតើពួកអ្នកកាន់តាមលោកអាចយកតម្រាប់តាមគំរូរបស់លោកយ៉ាងដូចម្ដេច?
៣ លោកយេស៊ូទុកគំរូឲ្យយើងពេលលោកសម្រេចចិត្តផ្ទាល់ខ្លួនលោកដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ តាមពិត លោកបានប្រគល់ខ្លួនជូនព្រះរួចហើយ ព្រោះលោកបានកើតក្នុងប្រជាជាតិអ៊ីស្រាអែលដែលបានប្រគល់ខ្លួនជូនព្រះ។ ក៏ប៉ុន្តែ ពេលលោកទទួលការជ្រមុជទឹក លោកបានធ្វើអ្វីមួយដែលច្បាប់មិនបានតម្រូវ។ បណ្ដាំរបស់ព្រះបង្ហើបឲ្យដឹងថា លោកយេស៊ូបានមានប្រសាសន៍ថា៖ «ឱព្រះអើយ មើល! ខ្ញុំមក . . . ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក»។ (ហេ. ១០:៧; លូក. ៣:២១) ដូច្នេះ ការជ្រមុជទឹករបស់លោកយេស៊ូតំណាងការបង្ហាញខ្លួនចំពោះព្រះដើម្បីធ្វើតាមបំណងប្រាថ្នារបស់បិតា។ ពួកអ្នកកាន់តាមលោកយកតម្រាប់តាមគំរូរបស់លោកពេលពួកគេទទួលការជ្រមុជទឹក។ ប៉ុន្តែ ចំពោះពួកគេវិញ ការជ្រមុជទឹកជាការបង្ហាញជាសាធារណៈថា ពួកគេបានអធិដ្ឋានប្រគល់ខ្លួនជូនព្រះដោយផ្ទាល់។
របៀបដែលការប្រគល់ខ្លួនជូនព្រះនាំឲ្យយើងទទួលប្រយោជន៍
៤. តើចំណងមិត្តភាពរវាងដាវីឌនិងយ៉ូណាថានបង្ហាញយើងអ្វីខ្លះស្តីអំពីការសន្យាឬការប្ដេជ្ញាចិត្ត?
៤ ការប្រគល់ខ្លួនរបស់គ្រិស្តសាសនិកជារឿងធ្ងន់ធ្ងរមួយ មិនគ្រាន់តែជាការសន្យាឬការប្ដេជ្ញាចិត្តប៉ុណ្ណោះទេ។ ប៉ុន្តែ តើការប្រគល់ខ្លួនជូនព្រះនាំឲ្យយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច? តាមរយៈការប្រៀបធៀប សូមឲ្យយើងពិនិត្យមើលនូវរបៀបដែលសេចក្ដីសន្យាដែលមនុស្សធ្វើជាមួយគ្នានាំឲ្យមានប្រយោជន៍។ ឧទាហរណ៍មួយគឺអំពីចំណងមិត្តភាព។ ដើម្បីទទួលប្រយោជន៍ពីចំណងមិត្តភាព អ្នកត្រូវទទួលភារកិច្ចដែលអ្នកមានក្នុងនាមជាមិត្ត។ នេះរួមបញ្ចូលការប្ដេជ្ញាចិត្តរបស់អ្នកដែលថា អ្នកមានកាតព្វកិច្ចយកចិត្តទុកដាក់នឹងមិត្តភក្ដិ។ គម្ពីរបានពណ៌នាអំពីចំណងមិត្តភាពដ៏ល្អអស្ចារ្យមួយ ពោលគឺចំណងមិត្តភាពរវាងដាវីឌនិងយ៉ូណាថាន។ ពួកគាត់ក៏បានតាំងសញ្ញាឬសន្យាថានឹងធ្វើជាមិត្តសំឡាញ់នឹងគ្នា។ (សូមអាន សាំយូអែលទី១ ១៧:៥៧; ១៨:១, ៣) ទោះជាកម្រមានចំណងមិត្តភាពដែលមានការប្ដេជ្ញាចិត្តបែបនេះក៏ដោយ តែចំណងមិត្តភាពជាច្រើននឹងរឹតតែរឹងមាំ ពេលមិត្តភក្ដិតាំងចិត្តស្មោះនឹងគ្នា។—សុភ. ១៧:១៧; ១៨:២៤
៥. ដោយសារខ្ញុំបម្រើមានម្ចាស់ល្អ តើគាត់អាចទទួលប្រយោជន៍ជារៀងរហូតយ៉ាងដូចម្ដេច?
៥ ច្បាប់ដែលព្រះឲ្យបណ្ដាជនអ៊ីស្រាអែលពណ៌នាអំពីទំនាក់ទំនងមួយទៀតដែលមនុស្សអាចទទួលប្រយោជន៍ដោយធ្វើការសន្យាមួយ។ ប្រសិនបើបាវឬខ្ញុំបម្រើម្នាក់ចង់នៅរហូតជាមួយចៅហ្វាយឬម្ចាស់ល្អ គាត់អាចធ្វើការសន្យាជាមួយម្ចាស់ ជាការសន្យាដែលស្ថិតស្ថេរនិងមិនអាចកែបាន។ ច្បាប់នោះចែងថា៖ «បើបាវនោះនិយាយថា ខ្ញុំស្រឡាញ់ចៅហ្វាយខ្ញុំ នឹងប្រពន្ធកូនខ្ញុំណាស់ ខ្ញុំមិនចង់ចេញទៅទេ នោះចៅហ្វាយត្រូវនាំវាទៅឯចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬបង្គោលទ្វារណាក្ដី ហើយយកដែកចោះមកចោះត្រចៀកវា ដូច្នេះបាវនោះនឹងត្រូវនៅបំរើចៅហ្វាយជាដរាបទៅ»។—និក្ខ. ២១:៥, ៦
៦, ៧. (ក) តើការសន្យាឬការប្ដេជ្ញាចិត្តនាំឲ្យមនុស្សទទួលប្រយោជន៍យ៉ាងដូចម្ដេច? (ខ) តើនេះបញ្ជាក់អ្វីស្តីអំពីចំណងមេត្រីភាពរបស់យើងជាមួយព្រះយេហូវ៉ា?
៦ អាពាហ៍ពិពាហ៍ជាចំណងមួយដែលតម្រូវឲ្យមានការប្ដេជ្ញាចិត្តដ៏សំខាន់មួយ។ នេះជាការប្ដេជ្ញាចិត្តចំពោះមនុស្សម្នាក់មិនមែនចំពោះកិច្ចសន្យាណាមួយទេ។ មនុស្សដែលរួមរស់ជាមួយគ្នាដោយមិនរៀបការមិនអាចមានទំនុកចិត្តពិតប្រាកដថា គូរបស់ខ្លួននឹងនៅជាមួយគាត់រហូតទេបើមានបញ្ហា ហើយសូម្បីតែកូនរបស់ពួកគេក៏មានអារម្មណ៍ដូចគ្នាដែរ។ ប៉ុន្តែ គូដែលប្ដេជ្ញាចិត្តប្ដូរផ្ដាច់ជាមួយគ្នាក្នុងចំណងអាពាហ៍ពិពាហ៍ដែលពួកគេចាត់ទុកជាអ្វីដែលមានតម្លៃ នោះពួកគេមានមូលហេតុធ្វើតាមបទគម្ពីរដែលជំរុញទឹកចិត្តឲ្យព្យាយាមដោះស្រាយបញ្ហាដោយសេចក្ដីស្រឡាញ់។—ម៉ាថ. ១៩:៥, ៦; ១កូ. ១៣:៧, ៨; ហេ. ១៣:៤
៧ នៅសម័យគម្ពីរ ពេលមនុស្សធ្វើកិច្ចសន្យាដែលមិនអាចកែបានក្នុងពាណិជ្ជកម្មនិងការងារ នោះពួកគេទទួលប្រយោជន៍។ (ម៉ាថ. ២០:១, ២, ៨) សព្វថ្ងៃក៏ដូចគ្នាដែរ។ ជាឧទាហរណ៍ មុនយើងសម្រេចចិត្តចាប់ផ្ដើមចូលហ៊ុនគ្នារកស៊ី ឬចាប់ផ្ដើមធ្វើការឲ្យក្រុមហ៊ុនណាមួយ យើងទទួលប្រយោជន៍បើមានកិច្ចព្រមព្រៀងឬកិច្ចសន្យាជាលាយលក្ខណ៍អក្សរដែលមិនអាចកែប្រែបាន។ ដូច្នេះ ការសន្យាឬការប្ដេជ្ញាចិត្តនាំឲ្យមានទំនាក់ទំនងរឹតតែល្អក្នុងចំណងមិត្តភាព អាពាហ៍ពិពាហ៍ និងការងាររកស៊ី តែបើយើងប្រគល់ខ្លួនដោយឥតសំចៃជូនព្រះវិញ នោះយើងនឹងទទួលប្រយោជន៍ច្រើនជាងទៅទៀតក្នុងចំណងមេត្រីភាពរបស់យើងជាមួយព្រះយេហូវ៉ា! ឥឡូវ សូមឲ្យយើងពិចារណាអំពីរបៀបដែលមនុស្សពីសម័យមុនបានទទួលប្រយោជន៍ពីការប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងរបៀបដែលបញ្ជាក់ថានេះមិនគ្រាន់តែជាការប្ដេជ្ញាចិត្តប៉ុណ្ណោះទេ។
របៀបដែលការប្រគល់ខ្លួនជូនព្រះ នាំឲ្យប្រជាជាតិអ៊ីស្រាអែលទទួលប្រយោជន៍
៨. តើការប្រគល់ខ្លួនជូនព្រះមានន័យអ្វីចំពោះប្រជាជាតិអ៊ីស្រាអែល?
៨ ប្រជាជាតិអ៊ីស្រាអែលទាំងមូលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ពេលពួកគេស្បថចំពោះលោក។ ព្រះយេហូវ៉ាបានឲ្យពួកគេមកជួបជុំគ្នានៅជិតភ្នំស៊ីណាយ ហើយមានប្រសាសន៍ទៅកាន់ពួកគេថា៖ «បើឯងរាល់គ្នានឹងស្ដាប់តាមអញឥឡូវ ហើយកាន់តាមសេចក្ដីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍»។ បណ្ដាជនទាំងឡាយបានឆ្លើយដោយព្រមចិត្តគ្នាថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់សេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលមក»។ (និក្ខ. ១៩:៤-៨) ចំពោះប្រជាជាតិអ៊ីស្រាអែល ការប្រគល់ខ្លួនជូនព្រះមានន័យជ្រៅជាងការប្ដេជ្ញាចិត្តធ្វើអ្វីមួយ។ នេះមានន័យថា ព្រះយេហូវ៉ាជាម្ចាស់របស់ពួកគេ ហើយព្រះយេហូវ៉ាបានប្រព្រឹត្តទៅលើពួកគេដូចជាពួកគេ«ជារបស់ផង»លោក។
៩. តើប្រជាជាតិអ៊ីស្រាអែលទទួលប្រយោជន៍យ៉ាងដូចម្ដេចពីការប្រគល់ខ្លួនជូនព្រះ?
៩ ដោយសារបណ្ដាជនអ៊ីស្រាអែលជារបស់ផងព្រះយេហូវ៉ា ពួកគេបានទទួលប្រយោជន៍។ លោកស្មោះត្រង់ ហើយថែរក្សាពួកគេដូចជាមាតាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ថែរក្សាកូន។ ព្រះបានមានប្រសាសន៍ទៅប្រជាជាតិអ៊ីស្រាអែលថា៖ «តើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? អើ គេនឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ»។ (អេ. ៤៩:១៥) ព្រះយេហូវ៉ាបានណែនាំពួកគេតាមរយៈច្បាប់ លើកទឹកចិត្តពួកគេតាមរយៈពួកអ្នកប្រកាសទំនាយ ហើយការពារពួកគេដោយប្រើពួកទេវតា។ អ្នកតែងទំនុកតម្កើងបានសរសេរថា៖ «ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុប ហើយបញ្ញត្ដិ នឹងច្បាប់របស់ទ្រង់ដល់អ៊ីស្រាអែល ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀតយ៉ាងនោះឡើយ»។ (ទំនុក. ១៤៧:១៩, ២០; សូមអាន ទំនុកតម្កើង ៣៤:៧, ១៩; ៤៨:១៤) ដូចព្រះយេហូវ៉ាបានថែរក្សាប្រជាជាតិដែលជារបស់លោកនៅសម័យមុន លោកក៏នឹងថែរក្សាពួកអ្នកដែលប្រគល់ខ្លួនជូនលោកនៅសព្វថ្ងៃនេះដែរ។
មូលហេតុដែលយើងគួរប្រគល់ខ្លួនជូនព្រះ
១០, ១១. តើមនុស្សយើងកើតមកក្នុងក្រុមគ្រួសាររបស់ព្រះឬ? សូមពន្យល់។
១០ ពេលមនុស្សខ្លះគិតអំពីការប្រគល់ខ្លួនជូនព្រះនិងការទទួលការជ្រមុជទឹកជាគ្រិស្តសាសនិក ពួកគេប្រហែលជាឆ្ងល់ថា៖ ‹ហេតុអ្វីខ្ញុំមិនអាចគោរពប្រណិប័តន៍ព្រះដោយមិនចាំបាច់ប្រគល់ខ្លួនជូនលោក?›។ យើងយល់មូលហេតុយ៉ាងច្បាស់លាស់ ពេលយើងពិចារណាអំពីទស្សនៈរបស់ព្រះដែលលោកមានចំពោះយើងឥឡូវនេះ។ សូមចាំថា ដោយសារអាដាមបានប្រព្រឹត្តអំពើខុសឆ្គង នោះពេលយើងកើតមក យើងមិននៅក្នុងក្រុមគ្រួសាររបស់ព្រះឡើយ។ (រ៉ូម ៣:២៣; ៥:១២) ដូច្នេះ ការប្រគល់ខ្លួនជូនព្រះជាតម្រូវការដ៏ចាំបាច់ដើម្បីព្រះទទួលយើងចូលក្នុងក្រុមគ្រួសាររបស់លោក។ សូមឲ្យយើងពិនិត្យមើលមូលហេតុដែលយើងត្រូវធ្វើដូច្នេះ។
១១ ក្នុងចំណោមមនុស្សជាតិទាំងឡាយ គ្មាននរណាម្នាក់មានឪពុកបង្កើតដែលអាចផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ ដូចបំណងរបស់ព្រះឡើយ។ (១ធី. ៦:១៩) មនុស្សយើងមិនកើតមកជាបុត្ររបស់ព្រះទេ ពីព្រោះពេលគូស្វាមីភរិយាដំបូងបានប្រព្រឹត្តអំពើខុសឆ្គង មនុស្សជាតិបានត្រូវកាត់ផ្ដាច់ចេញពីបិតានិងព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលជាអ្នកបង្កើតរបស់ពួកគេ។ (សូមពិនិត្យបន្ថែម ចោទិយកថា ៣២:៥) តាំងពីពេលនោះមក មនុស្សជាតិបានឃ្លាតឆ្ងាយពីព្រះយេហូវ៉ា ហើយនៅក្រៅក្រុមគ្រួសាររបស់លោក។
១២. (ក) តើមនុស្សមិនល្អឥតខ្ចោះអាចក្លាយទៅជាសមាជិកគ្រួសាររបស់ព្រះបានយ៉ាងដូចម្ដេច? (ខ) តើមានដំណាក់កាលណាខ្លះដែលបុគ្គលម្នាក់ត្រូវធ្វើមុនទទួលការជ្រមុជទឹក?
១២ ទោះជាយ៉ាងណាក៏ដោយ យើងម្នាក់ៗអាចសុំឲ្យព្រះទទួលយកយើងចូលក្នុងក្រុមគ្រួសាររបស់លោកដែលមានសុទ្ធតែអ្នកបម្រើដែលលោកពេញចិត្ត។a តើយើងដែលជាអ្នកប្រព្រឹត្តអំពើខុសឆ្គងអាចធ្វើដូច្នេះបានយ៉ាងដូចម្ដេច? សាវ័កប៉ូលបានសរសេរថា៖ «យើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ តាមរយៈសេចក្ដីស្លាប់នៃបុត្ររបស់លោក កាលដែលយើងនៅជាសត្រូវ»។ (រ៉ូម ៥:១០) ពេលយើងទទួលការជ្រមុជទឹក យើងសុំឲ្យព្រះផ្ដល់នូវសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស ដើម្បីឲ្យលោកទទួលយកយើង។ (១ពេ. ៣:២១) ប៉ុន្តែ មុនការជ្រមុជទឹក មានដំណាក់កាលផ្សេងៗដែលយើងត្រូវធ្វើដូចជា យើងត្រូវស្គាល់ព្រះ ចេះទុកចិត្តលោក ប្រែចិត្ត ហើយផ្លាស់ប្ដូររបៀបរស់នៅរបស់យើងជាដើម។ (យ៉ូន. ១៧:៣; សកម្ម. ៣:១៩; ហេ. ១១:៦) ម្យ៉ាងទៀត មានអ្វីមួយទៀតដែលយើងត្រូវធ្វើមុនព្រះអាចទទួលយើងចូលក្នុងក្រុមគ្រួសាររបស់លោក។ តើនោះជាអ្វី?
១៣. ហេតុអ្វីសមហេតុសមផលឲ្យបុគ្គលម្នាក់ស្បថប្រគល់ខ្លួនជូនព្រះដើម្បីធ្វើជាសមាជិកគ្រួសាររបស់លោក?
១៣ មុនបុគ្គលម្នាក់ដែលនៅដាច់ឆ្ងាយពីព្រះយេហូវ៉ាអាចក្លាយទៅជាសមាជិកគ្រួសាររបស់លោក គាត់ត្រូវសន្យាជាឱឡារិកនឹងលោកជាមុនសិន។ ដើម្បីយល់មូលហេតុដែលបុគ្គលនោះត្រូវធ្វើដូច្នេះ សូមនឹកក្នុងចិត្តថា មានឪពុកម្នាក់ដែលមានគេគោរព បង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះចំពោះក្មេងម្នាក់ដែលជាកូនកំព្រា។ គាត់ចង់យកក្មេងនោះមកចិញ្ចឹមដូចជាសមាជិកម្នាក់ក្នុងគ្រួសាររបស់គាត់។ ឪពុកនោះត្រូវគេស្គាល់ថាជាបុរសល្អម្នាក់។ ប៉ុន្តែ មុននឹងគាត់ព្រមទទួលយកក្មេងនោះជាកូន គាត់ចង់ឲ្យក្មេងនោះសន្យាអ្វីមួយ។ ដូច្នេះ ឪពុកនោះនិយាយថា៖ «មុនខ្ញុំទទួលប្អូនជាកូន ខ្ញុំចង់ដឹងថាប្អូននឹងគោរពហើយស្រឡាញ់ខ្ញុំទុកដូចជាឪពុករបស់ប្អូន»។ លុះត្រាតែក្មេងនោះស្ម័គ្រចិត្តសន្យាជាឱឡារិកជាមុន ទើបបុរសនោះព្រមទទួលយកគាត់។ នេះសមហេតុសមផល មែនទេ? ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាព្រមទទួលយកអ្នកដែលស្ម័គ្រចិត្តស្បថប្រគល់ខ្លួនជូនលោក។ គម្ពីរចែងថា៖ «ឲ្យ[អ្នក]ប្រគល់រូបកាយរបស់ខ្លួនជាគ្រឿងបូជាដែលមានជីវិត ក៏បរិសុទ្ធ ហើយគាប់ចិត្តព្រះ»។—រ៉ូម ១២:១
ការប្រគល់ខ្លួនជូនព្រះបង្ហាញ ពីសេចក្ដីស្រឡាញ់និងជំនឿ
១៤. តើតាមរបៀបណាដែលការប្រគល់ខ្លួនជូនព្រះជាការបង្ហាញសេចក្ដីស្រឡាញ់?
១៤ ការស្បថថាយើងនឹងប្រគល់ខ្លួនជូនព្រះជាការបង្ហាញសេចក្ដីស្រឡាញ់ស្មោះអស់ពីចិត្តដែលយើងមានចំពោះព្រះយេហូវ៉ា។ នេះស្រដៀងគ្នានឹងសម្បថដែលមាននៅថ្ងៃរៀបការ។ កូនកំលោះដែលជាគ្រិស្តសាសនិកបង្ហាញសេចក្ដីស្រឡាញ់ដោយស្បថថា ទោះជាមានអ្វីកើតឡើងក៏ដោយ គាត់នៅតែមានភក្ដីភាពចំពោះកូនក្រមុំ។ សម្បថនេះជាការស្បថចំពោះនាងផ្ទាល់ មិនគ្រាន់តែជាការស្បថថានឹងធ្វើអ្វីមួយទេ។ បើកូនកំលោះនោះមិនស្បថដូច្នេះទេ គាត់យល់ថាគាត់មិនអាចមានឯកសិទ្ធិរស់នៅជាមួយនាងឡើយ។ ស្រដៀងគ្នានេះដែរ យើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការធ្វើជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ា លុះត្រាតែយើងស្បថថាប្រគល់ខ្លួនជូនលោក។ ដូច្នេះ ទោះបីយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ យើងប្រគល់ខ្លួនជូនព្រះពីព្រោះយើងចង់គោរពប្រណិប័តន៍លោក។ ដោយសារយើងជារបស់លោក យើងតាំងចិត្តស្មោះត្រង់នឹងលោកសូម្បីតែមានអ្វីកើតឡើងក៏ដោយ។—ម៉ាថ. ២២:៣៧
១៥. ពេលយើងប្រគល់ខ្លួនជូនព្រះ តើនេះបង្ហាញជំនឿរបស់យើងយ៉ាងដូចម្ដេច?
១៥ ពេលយើងប្រគល់ខ្លួនជូនព្រះ យើងបង្ហាញជំនឿរបស់យើង។ ហេតុអ្វី? ជំនឿដែលយើងមានចំពោះព្រះធ្វើឲ្យយើងមានទំនុកចិត្តថា ការចូលទៅជិតព្រះជាការល្អដល់យើង។ (ទំនុក. ៧៣:២៨) កាលដែលយើងរស់នៅក្នុងចំណោម«ជំនាន់មនុស្សខូចនិងវៀចវេរ» យើងដឹងថា មិនតែងតែស្រួលឲ្យយើងដើរតាមព្រះទេ តែយើងអាចទុកចិត្តលើព្រះដែលសន្យាថាលោកនឹងគាំទ្រការព្យាយាមរបស់យើង។ (ភី. ២:១៥; ៤:១៣) យើងដឹងថាយើងជាមនុស្សមិនល្អឥតខ្ចោះ តែយើងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងប្រព្រឹត្តមកលើយើងដោយសេចក្ដីមេត្ដាករុណា សូម្បីតែពេលយើងធ្វើខុសក៏ដោយ។ (សូមអាន ទំនុកតម្កើង ១០៣:១៣, ១៤; រ៉ូម ៧:២១-២៥) យើងជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ដល់យើងដោយសារយើងប្ដេជ្ញាចិត្តដើម្បីរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់យើង។—យ៉ូប ២៧:៥
ការប្រគល់ខ្លួនជូនព្រះនាំឲ្យយើងមានសុភមង្គល
១៦, ១៧. ហេតុអ្វីបានជាការប្រគល់ខ្លួនជូនព្រះយេហូវ៉ានាំឲ្យយើងមានសុភមង្គល?
១៦ ការប្រគល់ខ្លួនជូនព្រះយេហូវ៉ានាំឲ្យយើងមានសុភមង្គល ពីព្រោះនេះរួមបញ្ចូលការលះបង់ប្រយោជន៍ខ្លួន។ លោកយេស៊ូបានបញ្ជាក់ការពិតមួយពេលលោកមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្ម. ២០:៣៥) ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី លោកមានសុភមង្គលយ៉ាងពេញលេញដែលមកពីការឲ្យគេ។ ជួនកាល លោកមិនបានសម្រាក ពិសាអាហារ ឬគ្មានជីវិតសុខស្រួលទេ ដោយសារលោកជួយឲ្យអ្នកឯទៀតរកឃើញផ្លូវដែលនាំទៅដល់ជីវិត។ (យ៉ូន. ៤:៣៤) លោកយេស៊ូរំភើបចិត្តក្នុងការធ្វើឲ្យបិតារបស់លោករីករាយ។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំតែងតែធ្វើអ្វីដែល[ព្រះយេហូវ៉ា]ពេញចិត្ត»។—យ៉ូន. ៨:២៩; សុភ. ២៧:១១
១៧ យ៉ាងនេះ លោកយេស៊ូបង្ហាញពួកអ្នកកាន់តាមលោកអំពីរបៀបរស់នៅដែលនាំឲ្យស្កប់ចិត្ត ពេលលោកមានប្រសាសន៍ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ អ្នកនោះត្រូវប្រគល់ខ្លួនឲ្យព្រះ»។ (ម៉ាថ. ១៦:២៤) ការធ្វើដូច្នេះនាំឲ្យយើងចូលទៅជិតព្រះយេហូវ៉ាជាង។ គ្មាននរណាអាចយកចិត្តទុកដាក់ចំពោះយើងតាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់ដូចលោកយេស៊ូទេ មែនទេ?
១៨. ហេតុអ្វីការរស់នៅស្របតាមការប្រគល់ខ្លួនយើងជូនព្រះយេហូវ៉ានាំឲ្យមានសុភមង្គលច្រើនជាងប្រគល់ខ្លួនយើងទៅបុគ្គលណាម្នាក់ផ្សេងទៀតឬទៅអ្វីមួយ?
១៨ ពេលយើងប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយធ្វើតាមបំណងប្រាថ្នារបស់លោក នោះយើងបង្ហាញថាយើងរស់នៅស្របតាមការប្រគល់ខ្លួននោះ។ នេះនឹងនាំឲ្យយើងមានសុភមង្គលច្រើនជាងប្រគល់ខ្លួនយើងទៅបុគ្គលណាម្នាក់ផ្សេងទៀតឬទៅអ្វីមួយ។ ជាឧទាហរណ៍ មនុស្សជាច្រើនបានចំណាយពេលវេលា កម្លាំងចិត្តកម្លាំងកាយដើម្បីខំប្រឹងប្រមូលទ្រព្យសម្បត្ដិ តែមិនបានទទួលសុភមង្គលនិងការស្កប់ចិត្តពិតប្រាកដទេ។ ក៏ប៉ុន្តែ ពួកអ្នកដែលប្រគល់ខ្លួនជូនព្រះយេហូវ៉ាទទួលសុភមង្គលដ៏ស្ថិតស្ថេរ។ (ម៉ាថ. ៦:២៤) ពួកគេសប្បាយចិត្តដោយសារមានកិត្ដិយសធ្វើជា«អ្នករួមការងារជាមួយនឹងព្រះ» តែពួកគេមិនបានប្រគល់ខ្លួនដើម្បីកិច្ចការណាមួយទេ តែបានប្រគល់ខ្លួនជូនព្រះដែលឲ្យតម្លៃដល់ពួកគេ។ (១កូ. ៣:៩) គ្មាននរណាឲ្យតម្លៃចំពោះការលះបង់ប្រយោជន៍របស់ពួកគេស្មើនឹងលោកទេ។ លោកក៏នឹងធ្វើឲ្យពួកអ្នកស្មោះត្រង់របស់លោកទៅជាក្មេងវិញ ដើម្បីពួកគេអាចទទួលប្រយោជន៍ជារៀងរហូតពីការយកចិត្តទុកដាក់របស់លោក។—យ៉ូប ៣៣:២៥; សូមអាន ហេប្រឺ ៦:១០
១៩. តើអ្នកដែលប្រគល់ខ្លួនជូនព្រះយេហូវ៉ាមានឯកសិទ្ធិអ្វី?
១៩ ការប្រគល់ជីវិតអ្នកជូនព្រះយេហូវ៉ាធ្វើឲ្យអ្នកមានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយនឹងលោក។ គម្ពីរចែងថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ា. ៤:៨; ទំនុក. ២៥:១៤) នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាថាហេតុអ្វីជាការល្អឲ្យយើងប្រគល់ជីវិតយើងជូនព្រះយេហូវ៉ា ហើយក្លាយជារបស់លោក?
[កំណត់សម្គាល់]
a ពេលចប់ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូ នោះ«ពួកចៀមឯទៀត»របស់លោកនឹងក្លាយទៅជាបុត្ររបស់ព្រះ។ ក៏ប៉ុន្តែ ដោយសារពួកគេបានប្រគល់ខ្លួនជូនព្រះ ពួកគេមានសិទ្ធិហៅព្រះថា«បិតា» ហើយអាចត្រូវចាត់ទុកយ៉ាងត្រឹមត្រូវថាជាសមាជិកគ្រួសាររបស់ព្រះយេហូវ៉ា។—យ៉ូន. ១០:១៦; អេ. ៦៤:៨; ម៉ាថ. ៦:៩; បប. ២០:៥
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើការប្រគល់ខ្លួនជូនព្រះមានន័យយ៉ាងណា?
• តើការប្រគល់ខ្លួនជូនព្រះនាំឲ្យយើងទទួលប្រយោជន៍យ៉ាងដូចម្ដេច?
• ហេតុអ្វីបានជាគ្រិស្តសាសនិកត្រូវប្រគល់ខ្លួនជូនព្រះយេហូវ៉ា?
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១១]
ការរស់នៅសមស្របនឹងការប្រគល់ខ្លួនយើងជូនព្រះយេហូវ៉ា នាំឲ្យយើងមានសុភមង្គលដ៏ស្ថិតស្ថេរ