ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
៧ បងប្អូនអើយ តើមិនដឹងទេឬ (ព្រោះខ្ញុំកំពុងនិយាយទៅកាន់អ្នកដែលស្គាល់ច្បាប់*ហើយ) ថាច្បាប់គឺជាម្ចាស់លើមនុស្សដរាបណាដែលគេនៅរស់? ២ ជាឧទាហរណ៍ ច្បាប់ចែងថា ស្ត្រីដែលរៀបការហើយ ត្រូវនៅជាប់នឹងប្ដីដរាបណាដែលប្ដីនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ទៅ នាងរួចផុតពីច្បាប់របស់ប្ដីហើយ។+ ៣ ម្ល៉ោះហើយ ប្រសិនបើនាងរៀបការជាមួយនឹងបុរសផ្សេងទៀតកាលដែលប្ដីនាងនៅរស់ នោះគេនឹងចាត់ទុកនាងជាស្ត្រីផិតក្បត់។+ ប៉ុន្តែ ប្រសិនបើប្ដីនាងស្លាប់ហើយ នាងរួចពីច្បាប់របស់ប្ដី ហើយបើនាងរៀបការជាមួយនឹងបុរសផ្សេងទៀត នាងមិនមែនជាស្ត្រីផិតក្បត់ឡើយ។+
៤ ដូច្នេះ បងប្អូនខ្ញុំអើយ តាមរយៈរូបកាយរបស់គ្រិស្ត អ្នករាល់គ្នាបានរួចផុតពីច្បាប់* ហើយទៅជារបស់អ្នកផ្សេង+ ពោលគឺទៅជារបស់លោកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ+ ដើម្បីឲ្យយើងបង្កើតផលជូនព្រះ។+ ៥ ព្រោះពីមុន ពេលដែលយើងនៅធ្វើតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយនៅឡើយ សេចក្ដីប៉ងប្រាថ្នាខុសទាំងប៉ុន្មានដែលបានត្រូវសឲ្យឃើញតាមរយៈច្បាប់ បានបញ្ចេញឥទ្ធិពលមកលើរូបកាយរបស់យើង ដើម្បីឲ្យយើងបង្កើតផលដែលនាំឲ្យស្លាប់។+ ៦ ប៉ុន្តែ ឥឡូវនេះយើងបានរួចផុតពីចំណងនៃច្បាប់*ហើយ+ ព្រោះយើងប្រៀបដូចជាស្លាប់ចំពោះអ្វីដែលធ្លាប់ឃុំឃាំងយើង។ ដូច្នេះ យើងអាចទៅជាខ្ញុំបម្រើតាមរបៀបថ្មី គឺធ្វើតាមការណែនាំពីឫទ្ធានុភាពរបស់ព្រះ+ មិនមែនតាមរបៀបចាស់ ដោយធ្វើតាមក្បួនច្បាប់ជាលាយលក្ខណ៍អក្សរទេ។+
៧ តើយើងត្រូវនិយាយយ៉ាងណាវិញ? តើច្បាប់ចែងខុសឬ?* ច្បាស់ជាមិនអាចទេ! តាមការពិត ប្រសិនបើគ្មានច្បាប់ នោះខ្ញុំមិនដឹងថាការខុសឆ្គងជាអ្វីទេ។+ ជាឧទាហរណ៍ ប្រសិនបើច្បាប់មិនបានចែងថា៖ «អ្នកមិនត្រូវប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃ» នោះខ្ញុំមិនបានដឹងថាការប៉ងប្រាថ្នាចង់បានរបស់អ្នកដទៃគឺខុសឡើយ។+ ៨ ប៉ុន្តែ ភាពខុសឆ្គងបានឆ្លៀតឱកាសតាមរយៈបញ្ញត្ដិនោះ ហើយបណ្ដាលឲ្យខ្ញុំប៉ងប្រាថ្នាចង់បានរបស់សព្វបែបយ៉ាង ដែលជារបស់អ្នកដទៃ ព្រោះពេលគ្មានច្បាប់ ភាពខុសឆ្គងប្រៀបដូចជាស្លាប់ហើយ។+ ៩ តាមការពិត កាលដែលមិនទាន់មានច្បាប់ ខ្ញុំមានជីវិត។ ប៉ុន្តែ ក្រោយពីបញ្ញត្ដិបានមកដល់ហើយ ភាពខុសឆ្គងបានរស់ឡើងវិញ តែខ្ញុំបានស្លាប់។+ ១០ បញ្ញត្ដិនោះដែលគួរនាំទៅដល់ជីវិត+ បែរជានាំខ្ញុំទៅដល់សេចក្ដីស្លាប់វិញ។ ១១ ដោយសារបញ្ញត្ដិនោះ ភាពខុសឆ្គងបានឆ្លៀតឱកាសល្បួងលួងលោមខ្ញុំ ហើយបានសម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ។ ១២ ចំណែកឯច្បាប់វិញ នោះបរិសុទ្ធ ហើយបញ្ញត្ដិគឺបរិសុទ្ធ សុចរិតយុត្តិធម៌ និងល្អ។+
១៣ ដូច្នេះ តើអ្វីដែលល្អបាននាំឲ្យខ្ញុំស្លាប់ឬ? មិនអាចទៅរួចទេ! ប៉ុន្តែគឺភាពខុសឆ្គងវិញ ដែលបាននាំឲ្យខ្ញុំស្លាប់។ នេះបង្ហាញថាភាពខុសឆ្គងបាននាំឲ្យខ្ញុំស្លាប់តាមរយៈអ្វីដែលល្អនោះ+ ដើម្បីសឲ្យឃើញថាភាពខុសឆ្គងជាអ្វី។ ដូច្នេះ តាមរយៈបញ្ញត្ដិនោះបង្ហាញឲ្យឃើញថាភាពខុសឆ្គងពិតជាអាក្រក់ខ្លាំងណាស់។+ ១៤ ព្រោះយើងដឹងថាច្បាប់មកពីព្រះ* ប៉ុន្តែខ្ញុំជាសាច់ឈាម*ដែលបានត្រូវលក់ជាខ្ញុំបម្រើនៃភាពខុសឆ្គង។+ ១៥ ព្រោះខ្ញុំមិនយល់ថាខ្ញុំកំពុងធ្វើអ្វីទេ។ ព្រោះអ្វីដែលខ្ញុំចង់*ធ្វើ ខ្ញុំមិនធ្វើទេ តែខ្ញុំបែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ។ ១៦ ខ្ញុំយល់ស្របថាច្បាប់គឺល្អប្រសើរ តែខ្ញុំនៅតែធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ។ ១៧ ប៉ុន្តែ មិនមែនខ្ញុំទេដែលធ្វើការនោះ តែគឺជាភាពខុសឆ្គងដែលនៅក្នុងខ្លួនខ្ញុំវិញ។+ ១៨ ព្រោះខ្ញុំដឹងថាក្នុងខ្លួនខ្ញុំ ពោលគឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អសោះ ព្រោះខ្ញុំចង់ធ្វើអ្វីដែលល្អប្រសើរ តែខ្ញុំគ្មានសមត្ថភាពធ្វើការនោះឡើយ។+ ១៩ ព្រោះការល្អដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើទេ ប៉ុន្តែខ្ញុំមានទម្លាប់ធ្វើការអាក្រក់ដែលខ្ញុំមិនចង់ធ្វើវិញ។ ២០ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំមិនមែនជាអ្នកធ្វើទេ តែគឺជាភាពខុសឆ្គងដែលនៅក្នុងខ្លួនខ្ញុំវិញ។
២១ ដូច្នេះ ក្នុងករណីរបស់ខ្ញុំ ខ្ញុំឃើញថាមានច្បាប់មួយនេះ៖ ពេលខ្ញុំចង់ធ្វើអ្វីដែលត្រឹមត្រូវ នោះអ្វីដែលអាក្រក់នៅជាប់ជាមួយនឹងខ្ញុំ។+ ២២ ក្នុងចិត្តខ្ញុំ ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ+ ២៣ ប៉ុន្តែ ខ្ញុំសង្កេតឃើញថាមានច្បាប់មួយទៀតក្នុងរូបកាយ*របស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតរបស់ខ្ញុំ+ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង+ ដែលនៅក្នុងរូបកាយ*របស់ខ្ញុំ។ ២៤ ពិបាកចិត្តណាស់ខ្ញុំ! តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ? ២៥ ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង! ដូច្នេះ គំនិតរបស់ខ្ញុំជាខ្ញុំបម្រើច្បាប់របស់ព្រះ ប៉ុន្តែរូបកាយរបស់ខ្ញុំជាខ្ញុំបម្រើច្បាប់របស់ភាពខុសឆ្គង។+