ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៥-១១ ខែតុលា
w៨៧-E ១/៩ ទំ.២៩
សំណួរពីអ្នកអាន
ពេលដែលព្រះកត់ទុកឈ្មោះបុគ្គលម្នាក់ក្នុង«បញ្ជីជីវិត»ដែលបញ្ជាក់ថាព្រះចាំនិងពេញចិត្តគាត់ នេះមិនធានាថាគាត់បានទទួលជីវិតដែលគ្មានទីបញ្ចប់ដូចលោកបានកំណត់ទុកជាស្រេច ឬជាអ្វីមួយដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ ស្ដីពីពួកអ៊ីស្រាអែល ម៉ូសេបានសួរព្រះយេហូវ៉ាថា៖ «តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះអំពើបាបរបស់គេផង ពុំនោះសោត សូមលុបឈ្មោះទូលបង្គំពីបញ្ជីដែលទ្រង់បានកត់ទុកចេញដែរ»។ ព្រះបានតបថា៖ «ឯអ្នកណាដែលបានធ្វើបាបនឹងអញ នោះអញនឹងលុបឈ្មោះអ្នកនោះឯងពីបញ្ជីចេញ»។ (និក្ខមនំ ៣២:៣២, ៣៣) ទោះបីជាព្រះពេញចិត្តនិងបានកត់ឈ្មោះបុគ្គលណាម្នាក់ក្នុង«បញ្ជី»របស់លោកក៏ដោយ តែបុគ្គលនោះក៏នៅតែអាចលែងស្ដាប់បង្គាប់និងបោះបង់ជំនឿដែរ។ បើនេះកើតឡើង នោះព្រះនឹង«លុបឈ្មោះរបស់អ្នកនោះចេញពីសៀវភៅជីវិត»។—ការបើកបង្ហាញ ៣:៥
ថ្ងៃទី១២-១៨ ខែតុលា
it-2-E ទំ.៤៦៦-៤៦៧
ឈ្មោះ
ការស្គាល់ឈ្មោះរបស់ព្រះមានន័យថាយើងស្គាល់លោកច្បាស់ដូចជា គោលបំណង សកម្មភាពនិងគុណសម្បត្តិផ្សេងៗរបស់លោកដែលបានត្រូវបង្ហាញក្នុងបណ្ដាំរបស់លោក។ យើងបានរៀនពីចំណុចនេះក្នុងកំណត់ហេតុរបស់ម៉ូសេ ដែលជាបុរសម្នាក់ដែលព្រះយេហូវ៉ា‹ស្គាល់យ៉ាងជិតស្និទ្ធ›។ (និក្ខ. ៣៣:១២) ម៉ូសេមានឯកសិទ្ធឃើញសិរីរុងរឿងរបស់ព្រះដោយផ្ទាល់ និងឮការ«ប្រកាសពីព្រះនាម‹យេហូវ៉ា›»។ (និក្ខ. ៣៤:៥) ការប្រកាសនោះមិនត្រឹមតែជាការបញ្ជាក់ពីឈ្មោះព្រះយេហូវ៉ាម្ដងហើយម្ដងទៀតនោះទេ តែបានប្រាប់ពីគុណសម្បត្តិនិងសកម្មភាពរបស់ព្រះ។ (និក្ខ. ៣៤:៦, ៧) ដូចគ្នាដែរ បទចម្រៀងរបស់ម៉ូសេដែលមានពាក្យថា៖ «ខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា»រៀបរាប់អំពីរបៀបដែលព្រះបានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលនិងបុគ្គលិកលក្ខណៈរបស់លោក។—ចោ. ៣២:៣-៤៤
w០៩-E ១/៥ ទំ.១៨ វ.៣-៥
ពេលព្រះយេហូវ៉ារៀបរាប់អំពីខ្លួនលោក
អ្វីដំបូងដែលព្រះយេហូវ៉ារៀបរាប់អំពីខ្លួនលោកគឺលោកជា‹ព្រះដែលមានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្ដោស›។ (ខ៦) ព្រះយេហូវ៉ាចង់ឲ្យយើងដឹងថាលោកថែទាំអ្នកបម្រើរបស់លោកដូចឪពុកម្ដាយដែលថ្នាក់ថ្នមកូនៗដោយសេចក្ដីស្រឡាញ់ និងដោយយកចិត្តទុកដាក់នឹងអ្វីដែលពួកគេត្រូវការ។—ទំនុកតម្កើង ១០៣:៨, ១៣
បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ថាលោក«យឺតនឹងខ្ញាល់»។ (ខ៦) លោកមានចិត្តអត់ធ្មត់នឹងអ្នកបម្រើទាំងអស់របស់លោកនៅផែនដី ដោយទ្រាំទ្រនឹងកំហុសរបស់ពួកគេហើយទុកពេលឲ្យពួកគេកែប្រែ។—ពេត្រុសទី២ ៣:៩
ព្រះបានមានប្រសាសន៍បន្ថែមថាលោក«មានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ»។ (ខ៦) សេចក្ដីសប្បុរសឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់គឺជាគុណសម្បត្តិដែលមានតម្លៃ ដែលធ្វើឲ្យចំណងមិត្តភាពដែលលោកមានជាមួយរាស្ត្រលោកមាំមួននិងមិនសាបសូន្យឡើយ។ (ចោទិយកថា ៧:៩) ព្រះយេហូវ៉ាក៏ជា«ព្រះនៃសេចក្ដីពិត» ដូច្នេះយើងអាចមានទំនុកចិត្តទាំងស្រុងទៅលើអ្វីដែលលោកបានមានប្រសាសន៍ដែលរួមបញ្ចូលសេចក្ដីសន្យារបស់លោកអំពីអនាគត។—ទំនុកតម្កើង ៣១:៥
w០៩-E ១/៥ ទំ.១៨ វ.៦
ពេលព្រះយេហូវ៉ារៀបរាប់អំពីខ្លួនលោក
ព្រះយេហូវ៉ាអត់ទោសចំពោះ«សេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប»។ (ខ៧) លោក«បំរុងតែនឹងអត់ទោស»អ្នកដែលធ្វើខុសដែលបានប្រែចិត្ត។ (ទំនុកតម្កើង ៨៦:៥) ដំណាលគ្នានោះ ព្រះយេហូវ៉ាមិនប្រណីនឹងសេចក្ដីអាក្រក់ឡើយ។ លោកពន្យល់ថាលោកនឹង«មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ (ខ៧)
w៩៨-E ១/៩ ទំ.២០ វ.៥
ចូរឲ្យអ្វីដែលសំខាន់មានអាទិភាពក្នុងជីវិត!
បីដងក្នុងមួយឆ្នាំ បុរសទាំងអស់ដែលជាជនជាតិអ៊ីស្រាអែលនិងបុរសដែលបានដូរសាសនាបានត្រូវបង្គាប់ឲ្យឡើងទៅជួបព្រះយេហូវ៉ា។ ដោយសារការរៀបចំនេះជួយពួកគេក្នុងការគោរពប្រណិប័តន៍ព្រះ ដូច្នេះមេគ្រួសារបាននាំប្រពន្ធនិងកូនៗទៅជាមួយដែរ។ ប៉ុន្តែ ពេលពួកគេមិននៅ តើអ្នកណានឹងការពារផ្ទះនិងដីចម្ការរបស់ពួកគេពីការវាយប្រហារពីសត្រូវ? ព្រះយេហូវ៉ាសន្យាថា៖ «កាលណាឯងឡើងមកនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង៣ដងក្នុង១ឆ្នាំ នោះនឹងគ្មានអ្នកណាលោភចង់បានស្រុករបស់ឯងឡើយ»។ (និក្ខមនំ ៣៤:២៤) ពួកអ៊ីស្រាអែលត្រូវមានជំនឿដើម្បីអាចមានទំនុកចិត្តថាបើពួកគេចាត់ទុកការគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត នោះពួកគេនឹងមិនបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេឡើយ។ តើព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់លោកឬទេ? លោកពិតជាធ្វើដូច្នេះមែន!
ថ្ងៃទី១៩-២៥ ខែតុលា
w១៤-E ១៥/១២ ទំ.៤ វ.៤
ព្រះយេហូវ៉ាផ្ដល់ពរដ៏បរិបូរដល់អ្នកដែលស្ម័គ្រចិត្ត
អ្វីដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តបំផុតគឺមិនមែនគ្រឿងបូជាប៉ុណ្ណោះទេ តែចិត្តស្ម័គ្ររបស់អ្នកដែលបានបូជាគ្រឿងនោះដើម្បីគាំទ្រការគោរពប្រណិប័តន៍ពិត។ នេះក៏ជំរុញចិត្តពួកគេឲ្យចង់ផ្ដល់ពេលវេលានិងកម្លាំងរបស់ពួកគេផងដែរ។ កំណត់ហេតុគម្ពីរចែងថា៖ «អស់ស្ត្រីណាដែលប៉ិនប្រសប់នឹងវេញដោយដៃ . . . អស់ស្ត្រីណាដែលមានចិត្តបណ្ដាលដោយគេចេះធ្វើ នោះក៏នាំគ្នាវេញរោមពពែ»។ បន្ថែមទៅទៀត ព្រះយេហូវ៉ាបានឲ្យបេតសាលាល«មានគំនិតវាងវៃ មានយោបល់ ហើយឲ្យមានចំណេះចេះធ្វើការគ្រប់មុខ»។ តាមពិត ព្រះបានធ្វើឲ្យបេតសាលាលនិងអូហូលីអាប់មានជំនាញដែលពួកគាត់ត្រូវការដើម្បីបង្ហើយកិច្ចការដែលព្រះប្រគល់ឲ្យពួកគាត់។—និក្ខមនំ ៣៥:២៥, ២៦, ៣០-៣៥
ថ្ងៃទី២៦ ខែតុលា–ថ្ងៃទី១ ខែវិច្ឆិកា
it-1-E ទំ.៨២ វ.៣
ទីបូជា
ទីបូជាសម្រាប់ដុតគ្រឿងក្រអូបគឺនៅក្នុងត្រសាលនៅមុខវាំងនននៃទីបរិសុទ្ធបំផុត ហេតុនេះគម្ពីរចែងថាទីបូជានោះគឺ«នៅមុខហឹបនៃសេចក្ដីបន្ទាល់»។—និក្ខ. ៣០:១, ៦; ៤០:៥, ២៦, ២៧
it-1-E ទំ.១១៩៥
គ្រឿងក្រអូប
គ្រឿងក្រអូបវិសុទ្ធដែលប្រើនៅត្រសាលក្នុងតំបន់ស្ងាត់ជ្រងំបានត្រូវលាយដោយគ្រឿងផ្សំផ្សេងៗដែលមានតម្លៃថ្លៃដែលពួកអ៊ីស្រាអែលបានផ្ដល់ឲ្យ។ (និក្ខ. ២៥:១, ២, ៦; ៣៥:៤, ៥, ៨, ២៧-២៩) ពេលព្រះយេហូវ៉ាឲ្យការណែនាំនៃរបៀបលាយគ្រឿងវិសុទ្ធនេះ លោកប្រាប់ម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូបហើយយកប៌ូរ នឹងកំញានសុទ្ធស្មើគ្នា ត្រូវផ្សំគ្នាធ្វើជាគ្រឿងក្រអូបតាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ទាំងបង់អំបិលផង នេះជាគ្រឿងក្រអូបស្អាត ហើយបរិសុទ្ធ ត្រូវយកខ្លះលំអិតឲ្យម៉ដ្ដ នាំទៅដាក់នៅមុខទីបន្ទាល់ក្នុងត្រសាលជំនុំជាកន្លែងដែលអញមកជួបនឹងឯង ត្រូវឲ្យឯងរាល់គ្នារាប់គ្រឿងនេះជាបរិសុទ្ធជាទីបំផុត»។
it-1-E ទំ.៨២ វ.១
ទីបូជា
ទីបូជាសម្រាប់គ្រឿងបូជាដុតបានត្រូវធ្វើឡើងដោយ ឈើអាកាស្យាដែលជាហឹបមួយដែលគ្មានគ្របឬបាត។ ទីបូជានោះមាន«ស្នែង»ចេញពីជ្រុងទាំងបួនខាង ហើយបានត្រូវស្រោបដោយលង្ហិន។ ប្រដាប់ប្រដាទាំងអស់សម្រាប់ទីបូជាសុទ្ធតែធ្វើពីលង្ហិន ហើយរួមបញ្ចូលធុង ចបចូកផែះ ផើងសម្រាប់ទ្រឈាមសត្វ សមសម្រាប់សាច់ និងជើងពាន។—និក្ខ. ២៧:១-៨; ៣៨:១-៧, ៣០; ជន. ៤:១៤
it-1-E ទំ.៣៦
ឈើអាកាស្យា
មែកឈើអាកាស្យាមានសំបកគ្រើមៗពណ៌ខ្មៅដែលគ្របលើឈើដ៏ធ្ងន់ហើយមាំ។ សត្វល្អិតមិនអាចស៊ីឈើនោះបានឡើយ ហើយឈើនោះក៏សំបូរនៅតំបន់ស្ងាត់ជ្រងំដែរ។ ហេតុនេះហើយវាជាឈើដ៏ល្អបំផុតសម្រាប់សង់ត្រសាលនិងធ្វើប្រដាប់ប្រដារបស់ត្រសាលនោះ។