ដំណើរចាកចេញ
៣៨ បន្ទាប់មក បេសាលែលធ្វើទីបូជាមួយពីឈើអាកាស្យាសម្រាប់គ្រឿងបូជាដុត។ ទីបូជានោះមានរាងបួនជ្រុង ដែលមានបណ្ដោយប្រាំហត្ថ* ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ។+ ២ រួចគាត់ធ្វើស្នែងជាប់នឹងជ្រុងទាំងបួននៃទីបូជានោះ ហើយស្រោបទីបូជានោះដោយស្ពាន់។+ ៣ បន្ទាប់មក គាត់ធ្វើប្រដាប់ប្រដាផ្សេងៗសម្រាប់ប្រើនៅទីបូជា គឺធុងសម្រាប់ដាក់ផេះ ប៉ែល ចានគោម សម និងប្រដាប់ដាក់រងើកភ្លើង។ គាត់ធ្វើប្រដាប់ប្រដាទាំងនេះពីស្ពាន់។ ៤ គាត់ក៏ធ្វើប្រទាសពីស្ពាន់សម្រាប់ទីបូជា ហើយដាក់ប្រទាសនោះនៅក្រោមគែមទីបូជា ត្រង់ពាក់កណ្ដាល។ ៥ រួចគាត់ធ្វើកងបួននៅជ្រុងទាំងបួនក្បែរប្រទាសស្ពាន់នោះ សម្រាប់ស៊កដងស្នែង។ ៦ គាត់ធ្វើដងទាំងនោះពីឈើអាកាស្យា ហើយស្រោបដោយស្ពាន់។ ៧ រួចគាត់ស៊កដងទាំងនោះទៅក្នុងកងនៅសងខាងទីបូជាសម្រាប់សែង។ ទីបូជានោះមានរាងដូចប្រអប់ឈើដែលមានប្រហោងកណ្ដាល។
៨ បន្ទាប់មក គាត់ធ្វើអាងទឹកមួយនិងជើងទ្រវាពីស្ពាន់+ ដោយប្រើបន្ទះស្ពាន់ដែលពួកស្ត្រីប្រើដើម្បីឆ្លុះមុខ គឺពួកស្ត្រីដែលបានត្រូវចាត់ចែងឲ្យបម្រើនៅមាត់ទ្វារត្រសាលជំនុំ។
៩ រួចមក គាត់រៀបចំឲ្យមានទីធ្លាជុំវិញត្រសាល។+ នៅព្រំប្រទល់ខាងត្បូងទីធ្លា គាត់ធ្វើរនាំងពីក្រណាត់សាច់ល្អ ដែលមានប្រវែង១០០ហត្ថ។+ ១០ គាត់ដាក់បង្គោលស្ពាន់២០ដើមនិងជើងទ្រពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោល និងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១១ ចំណែកនៅព្រំប្រទល់ខាងជើងវិញ មានរនាំងប្រវែង១០០ហត្ថ ហើយមានបង្គោលស្ពាន់២០ដើម និងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១២ រីឯនៅព្រំប្រទល់ខាងលិច មានរនាំងប្រវែង៥០ហត្ថ ហើយមានបង្គោល១០ដើមនិងជើងទ្រ១០។ តម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ១៣ នៅព្រំប្រទល់ខាងកើត មានប្រវែង៥០ហត្ថ។ ១៤ ផ្នែកម្ខាងនៃព្រំប្រទល់នោះ មានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របី។ ១៥ ឯផ្នែកម្ខាងទៀត ក៏មានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របីដែរ។ ១៦ រនាំងដែលនៅជុំវិញទីធ្លាត្រសាលសុទ្ធតែធ្វើពីក្រណាត់សាច់ល្អ។ ១៧ ក្បាលបង្គោលរនាំងទាំងអស់ស្រោបដោយប្រាក់ ហើយតម្ពក់ កន្លាស់ និងកងសម្រាប់ភ្ជាប់ធ្វើពីប្រាក់ តែជើងទ្រធ្វើពីស្ពាន់វិញ។+
១៨ វាំងននច្រកចូលទីធ្លាមានប្រវែង២០ហត្ថ និងកម្ពស់៥ហត្ថស្មើនឹងកម្ពស់រនាំងទីធ្លា។ វាំងនននោះធ្វើពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។+ ១៩ នៅច្រកចូលនោះមានបង្គោលបួនដើមនិងជើងទ្របួនធ្វើពីស្ពាន់។ ក្បាលបង្គោល គាត់ស្រោបដោយប្រាក់ ហើយតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ គាត់ធ្វើពីប្រាក់។ ២០ ស្នឹងត្រសាលនិងស្នឹងរនាំងដែលនៅជុំវិញទីធ្លាត្រសាល សុទ្ធតែធ្វើពីស្ពាន់។+
២១ នៅខាងក្រោមនេះមានបញ្ជីប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលមានហឹបនៃសេចក្ដីរំលឹក។+ ពួកលេវីបានកត់ទុកក្នុងបញ្ជីតាមបង្គាប់របស់ម៉ូសេ+ ហើយពួកគេធ្វើការនៅក្រោមការដឹកនាំរបស់អ៊ីតតាម៉ា+ជាកូនរបស់អេរ៉ុន។ ២២ ឯបេសាលែល+ជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា គាត់បានធ្វើប្រដាប់ប្រដាទាំងអស់ដូចដែលព្រះយេហូវ៉ាបានបង្គាប់ម៉ូសេ។ ២៣ អូហូលាភ+ជាកូនរបស់អាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ជាជំនួយការរបស់គាត់។ អូហូលាភជាជាងចម្លាក់ និងចេះដេរប៉ាក់ ហើយចេះត្បាញពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា។
២៤ មាសទាំងអស់ដែលគេប្រើសម្រាប់កិច្ចការនៅកន្លែងបរិសុទ្ធ ស្មើនឹងចំនួនមាសនៃគ្រឿងបូជាសម្រាប់លើកចុះឡើង+ គឺ២៩ថាលិន* និង៧៣០ហ្សេគិល* តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ២៥ ឯប្រាក់ទាំងអស់ដែលមកពីពួកអ្នកមានឈ្មោះក្នុងបញ្ជីក្នុងចំណោមពួកជំនុំ គឺ១០០ថាលិន និង១.៧៧៥ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ២៦ ឯបុរសគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីអាយុ២០ឆ្នាំឡើងទៅ ពួកគេម្នាក់ៗបានបង់កន្លះហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ ពួកគេទាំងអស់មានចំនួន៦០៣.៥៥០នាក់។+
២៧ ប្រាក់ចំនួន១០០ថាលិន បានត្រូវយកទៅធ្វើជើងទ្រនៅកន្លែងបរិសុទ្ធ និងជើងទ្រសសរវាំងននសម្រាប់ខណ្ឌ។ ប្រាក់នោះធ្វើបានជើងទ្រ១០០ គឺជើងទ្រមួយមានទម្ងន់មួយថាលិន។+ ២៨ ឯប្រាក់ចំនួន១.៧៧៥ហ្សេគិល បេសាលែលបានយកទៅធ្វើតម្ពក់សម្រាប់បង្គោល ហើយស្រោបក្បាលបង្គោល រួចភ្ជាប់បង្គោលជាមួយគ្នា។
២៩ ចំណែកស្ពាន់ដែលបណ្ដាជនបានយកមកជូនជាគ្រឿងបូជា*មានចំនួន៧០ថាលិន និង២.៤០០ហ្សេគិល។ ៣០ គាត់បានយកស្ពាន់នោះទៅធ្វើជើងសសរច្រកចូលត្រសាលជំនុំ ធ្វើទីបូជា និងប្រទាស ព្រមទាំងប្រដាប់ប្រដាទាំងអស់ដែលប្រើប្រាស់នៅលើទីបូជា ៣១ ជើងទ្របង្គោលជុំវិញទីធ្លា និងជើងទ្របង្គោលច្រកចូលទីធ្លា ព្រមទាំងស្នឹងត្រសាលនិងស្នឹងរនាំង+ដែលនៅជុំវិញទីធ្លាត្រសាល។