អត្ថបទសិក្សា ១២
ចូរគិតអំពីអារម្មណ៍របស់អ្នកឯទៀត
«ចូរអ្នកទាំងអស់គ្នា . . . កើតទុក្ខជាមួយគ្នា . . . មានចិត្តអាណិតមេត្ដា»។—១ពេ. ៣:៨
ចម្រៀងលេខ៩០ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក
សេចក្ដីសង្ខេបa
១. យោងទៅតាមពេត្រុសទី១ ៣:៨ ហេតុអ្វីយើងចូលចិត្តនៅជិតមនុស្សដែលចេះយល់អារម្មណ៍និងគិតអំពីសុខទុក្ខរបស់យើង?
យើងចូលចិត្តនៅជិតមនុស្សដែលចេះយល់អារម្មណ៍និងគិតអំពីសុខទុក្ខរបស់យើង។ ដើម្បីយល់អារម្មណ៍របស់យើង ពួកគេព្យាយាមស្រមៃថាបើពួកគេស្ថិតក្នុងស្ថានភាពដូចយើង ពួកគេនឹងមានទស្សនៈនិងអារម្មណ៍យ៉ាងណា។ ពួកគេគិតទុកជាមុនអំពីសេចក្ដីត្រូវការរបស់យើង ហើយបន្ទាប់មកផ្ដល់ជំនួយដល់យើង ជួនកាលមុនដែលយើងសុំជំនួយពីពួកគេទៅទៀត។ យើងឲ្យតម្លៃចំពោះមនុស្សដែលចេះ«កើតទុក្ខជាមួយ»bយើង។—សូមអាន ពេត្រុសទី១ ៣:៨
២. ហេតុអ្វីយើងប្រហែលជាត្រូវព្យាយាមបង្ហាញចិត្តអាណិតមេត្ដា?
២ ក្នុងនាមជាគ្រិស្តសាសនិក យើងទាំងអស់គ្នាចង់បង្ហាញសេចក្ដីអាណិតមេត្ដា ឬយល់អារម្មណ៍អ្នកឯទៀត។ ប៉ុន្តែ គឺមិនតែងតែស្រួលឲ្យយើងធ្វើដូច្នេះទេ។ ហេតុអ្វី? មូលហេតុមួយគឺដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ។ (រ៉ូម ៣:២៣) ដូច្នេះយើងត្រូវយកឈ្នះទំនោរចិត្តគិតតែអំពីខ្លួនឯងដែលយើងមានតាំងពីកំណើត។ យើងក៏ប្រហែលជាពិបាកយល់អារម្មណ៍អ្នកឯទៀតដោយសាររបៀបដែលយើងបានត្រូវចិញ្ចឹមអប់រំ ឬកាលៈទេសៈដែលយើងធ្លាប់ជួបប្រទះ។ មួយវិញទៀត យើងប្រហែលជាទទួលឥទ្ធិពលពីចិត្តគំនិតរបស់មនុស្សដែលនៅជុំវិញយើង។ នៅគ្រាចុងក្រោយបង្អស់នេះ មនុស្សជាច្រើនមិនគិតអំពីអារម្មណ៍របស់អ្នកឯទៀតទេ។ ផ្ទុយទៅវិញ ពួកគេ«ស្រឡាញ់តែខ្លួនឯង»។ (២ធី. ៣:១, ២) តើអ្វីអាចជួយយើងឲ្យយកឈ្នះបញ្ហាដែលធ្វើឲ្យយើងពិបាកគិតអំពីអារម្មណ៍របស់អ្នកឯទៀត?
៣. (ក) តើយើងអាចរីកចម្រើនក្នុងការបង្ហាញថាយើងគិតអំពីអារម្មណ៍របស់អ្នកឯទៀតយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ យើងអាចរីកចម្រើនក្នុងការចេះយល់អារម្មណ៍របស់អ្នកឯទៀតដោយយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក។ ព្រះយេហូវ៉ាជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយលោកទុកគំរូដ៏ល្អបំផុតក្នុងការបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ (១យ៉ូន. ៤:៨) លោកយេស៊ូបានបង្ហាញគុណសម្បត្ដិដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះ។ (យ៉ូន. ១៤:៩) ពេលលោកនៅផែនដី លោកបានបង្ហាញអំពីរបៀបដែលមនុស្សជាតិអាចបង្ហាញសេចក្ដីអាណិតមេត្ដា។ នៅដើមដំបូងក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ានិងលោកយេស៊ូបានបង្ហាញថាលោកទាំងពីរគិតអំពីអារម្មណ៍របស់អ្នកឯទៀត។ បន្ទាប់មក យើងនឹងពិចារណាអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់លោកទាំងពីរ។
គំរូរបស់ព្រះយេហូវ៉ាក្នុងការបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត
៤. តើអេសាយ ៦៣:៧-៩បង្ហាញយ៉ាងណាថាព្រះយេហូវ៉ាគិតអំពីអារម្មណ៍របស់អ្នកបម្រើលោក?
៤ គម្ពីរបង្រៀនថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកបម្រើលោកនិងអារម្មណ៍របស់ពួកគេ។ ជាឧទាហរណ៍ សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាពេលជនជាតិអ៊ីស្រាអែលសម័យបុរាណបានរងទុក្ខវេទនា។ បណ្ដាំរបស់ព្រះចែងថា៖ «ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ»។ (សូមអាន អេសាយ ៦៣:៧-៩) ក្រោយមកតាមរយៈសាការីដែលជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានប្រកាសថាពេលគេធ្វើបាបរាស្ត្ររបស់លោក គឺហាក់ដូចជាគេធ្វើបាបលោកដែរ។ ព្រះយេហូវ៉ាបានប្រាប់អ្នកបម្រើរបស់លោកថា៖ «អ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ»។ (សាក. ២:៨) ឧទាហរណ៍នេះបង្ហាញយ៉ាងអស្ចារ្យអំពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាចំពោះរាស្ត្ររបស់លោក!
៥. សូមលើកឧទាហរណ៍អំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីជួយរាស្ត្ររបស់លោកដែលរងទុក្ខវេទនា។
៥ ព្រះយេហូវ៉ាមិនគ្រាន់តែមានចិត្តអាណិតមេត្ដាចំពោះអ្នកបម្រើលោកដែលរងទុក្ខប៉ុណ្ណោះទេ តែលោកក៏ចាត់វិធានការដើម្បីជួយពួកគេដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាយល់អំពីការឈឺចាប់របស់ជនជាតិអ៊ីស្រាអែលពេលពួកគេបានរងទុក្ខដោយសារការធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប ហើយលោកចង់ចាត់វិធានការដើម្បីធ្វើឲ្យពួកគេលែងឈឺចាប់ទៀត។ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ . . . ក៏បានឮពាក្យគេអំពាវនាវ . . . អញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ។ ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកសាសន៍អេស៊ីព្ទ»។ (និក្ខ. ៣:៧, ៨) ដោយសារព្រះយេហូវ៉ាមានសេចក្ដីអាណិតមេត្ដាចំពោះរាស្ត្រលោក លោកបានរំដោះពួកគេពីការធ្វើជាខ្ញុំបម្រើ។ រាប់រយឆ្នាំក្រោយមក នៅស្រុកដែលព្រះបានសន្យា ជនជាតិអ៊ីស្រាអែលបានរងការវាយប្រហារពីពួកសត្រូវ។ តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា? លោក«អាណិតអាសូរដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ»។ ម្ដងទៀត សេចក្ដីអាណិតមេត្ដារបស់ព្រះយេហូវ៉ាបានជំរុញចិត្តលោកឲ្យជួយរាស្ត្ររបស់លោក។ លោកបានចាត់ពួកចៅក្រមឲ្យមកសង្គ្រោះជនជាតិអ៊ីស្រាអែលពីពួកសត្រូវ។—ចៅ. ២:១៦, ១៨
៦. សូមលើកឧទាហរណ៍អំពីពេលដែលព្រះយេហូវ៉ាបង្ហាញថាលោកគិតអំពីអារម្មណ៍របស់អ្នកដែលមានទស្សនៈមិនត្រឹមត្រូវ។
៦ សូម្បីតែពេលដែលមនុស្សមានទស្សនៈមិនត្រឹមត្រូវ ក៏ព្រះយេហូវ៉ានៅតែបង្ហាញថាលោកគិតអំពីអារម្មណ៍របស់ពួកគេ។ សូមពិចារណាអំពីគំរូរបស់យ៉ូណាស។ ព្រះបានចាត់អ្នកប្រកាសទំនាយនេះឲ្យទៅប្រកាសដំណឹងអំពីការវិនិច្ឆ័យទោសអ្នកក្រុងនីនីវេ។ ពេលពួកគេប្រែចិត្ត ព្រះបានសម្រេចចិត្តមិនបំផ្លាញពួកគេ។ ប៉ុន្តែ យ៉ូណាសមិនសប្បាយចិត្តចំពោះការសម្រេចចិត្តនេះទេ។ គាត់«ខឹង»ដោយសារទំនាយដែលគាត់បានប្រកាសអំពីការវិនិច្ឆ័យទោសមិនបានសម្រេច។ ប៉ុន្តែ ព្រះយេហូវ៉ាបានអត់ធ្មត់នឹងយ៉ូណាស ហើយបានជួយគាត់កែប្រែទស្សនៈរបស់គាត់។ (យ៉ូណ. ៣:១០–៤:១១) ក្រោយមក យ៉ូណាសបានយល់អំពីអ្វីដែលព្រះយេហូវ៉ាចង់បង្រៀនគាត់។ ម្យ៉ាងទៀត លោកប្រើគាត់ឲ្យកត់ទុកកំណត់ហេតុនេះដើម្បីជាប្រយោជន៍ដល់យើង។—រ៉ូម ១៥:៤c
៧. តើការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះអ្នកបម្រើរបស់លោកពង្រឹងទំនុកចិត្តយើងយ៉ាងណា?
៧ ការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះរាស្ត្រលោកនៅសម័យបុរាណ ពង្រឹងទំនុកចិត្តយើងថាលោកមានចិត្តអាណិតមេត្ដាចំពោះអ្នកបម្រើរបស់លោក។ លោកដឹងអំពីការឈឺចាប់និងទុក្ខវេទនារបស់យើងម្នាក់ៗ។ ព្រះយេហូវ៉ា«ជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់»។ (២រប. ៦:៣០) លោកយល់អស់ទាំងគំនិតរបស់យើង និងអារម្មណ៍កប់ជ្រៅក្នុងចិត្ត ព្រមទាំងកម្រិតសមត្ថភាពរបស់យើង។ ម្យ៉ាងទៀត «លោកនឹងមិនឲ្យ[យើង]រងការល្បួងហួសពីសមត្ថភាពស៊ូទ្រាំរបស់[យើង]ឡើយ»។ (១កូ. ១០:១៣) នេះពិតជាសម្រាលទុក្ខយើងមែន!
គំរូរបស់លោកយេស៊ូក្នុងការបង្ហាញ ការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត
៨-១០. តើចំណុចអ្វីខ្លះច្បាស់ជាបានជួយលោកយេស៊ូឲ្យបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត?
៨ កាលដែលលោកយេស៊ូរស់នៅផែនដី លោកបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកឯទៀត។ យ៉ាងហោចណាស់មានចំណុចបីយ៉ាងដែលច្បាស់ជាបានជួយលោកយេស៊ូឲ្យបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ទី១ ដូចដែលបានរៀបរាប់នៅខាងលើ លោកយេស៊ូបានបង្ហាញគុណសម្បត្ដិដូចបិតារបស់លោកយ៉ាងល្អឥតខ្ចោះ។ ដូចបិតារបស់លោក លោកយេស៊ូស្រឡាញ់មនុស្សជាតិ។ ទោះជាលោកសប្បាយរីករាយចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើក្នុងការជួយព្រះយេហូវ៉ាក្ដី លោកយេស៊ូមានអំណរជាពិសេសចំពោះ«ពួកមនុស្សលោក»។ (សុភ. ៨:៣១) សេចក្ដីស្រឡាញ់បានជំរុញចិត្តលោកយេស៊ូឲ្យគិតអំពីអារម្មណ៍របស់អ្នកឯទៀត។
៩ ទី២ ដូចព្រះយេហូវ៉ា លោកយេស៊ូអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស។ លោកអាចស្គាល់បំណងចិត្តនិងអារម្មណ៍របស់ពួកគេ។ (ម៉ាថ. ៩:៤; យ៉ូន. ១៣:១០, ១១) ដូច្នេះ ពេលលោកយេស៊ូឃើញថាមនុស្សណាម្នាក់ឈឺចិត្ត ការយកចិត្តទុកដាក់របស់លោកចំពោះពួកគេបានជំរុញចិត្តលោកឲ្យសម្រាលទុក្ខពួកគេ។—អេ. ៦១:១, ២; លូក. ៤:១៧-២១
១០ ទី៣ លោកយេស៊ូធ្លាប់ឆ្លងកាត់ការពិបាកមួយចំនួនដែលមនុស្សជួបប្រទះ។ ជាឧទាហរណ៍ លោកយេស៊ូបានធំឡើងក្នុងក្រុមគ្រួសារក្រីក្រមួយ។ ដោយធ្វើការជាមួយនឹងយ៉ូសែបដែលជាឪពុកចិញ្ចឹមរបស់លោក លោកយេស៊ូបានរៀនធ្វើកិច្ចការដែលប្រើកម្លាំង។ (ម៉ាថ. ១៣:៥៥; ម៉ាក. ៦:៣) ប្រហែលជាយ៉ូសែបបានស្លាប់មុនពេលដែលលោកយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោកនៅផែនដី។ ដូច្នេះ លោកយេស៊ូទំនងជាធ្លាប់ឆ្លងកាត់ការឈឺចាប់ដែលមកពីការបាត់បង់បុគ្គលជាទីស្រឡាញ់។ ម្យ៉ាងទៀត លោកយេស៊ូធ្លាប់រស់នៅក្នុងក្រុមគ្រួសារមួយដែលមានជំនឿផ្សេងពីគ្នា។ (យ៉ូន. ៧:៥) កាលៈទេសៈទាំងនោះនិងអ្វីៗផ្សេងទៀត ទំនងជាបានជួយលោកយេស៊ូឲ្យយល់អំពីការពិបាកនិងអារម្មណ៍របស់មនុស្សធម្មតា។
១១. តើការយកចិត្តទុកដាក់របស់លោកយេស៊ូចំពោះអ្នកឯទៀត បានសឲ្យឃើញជាពិសេសនៅពេលណា? សូមពន្យល់។ (សូមមើលរូបភាពនៅក្រប)
១១ ការយកចិត្តទុកដាក់របស់លោកយេស៊ូចំពោះអ្នកឯទៀត បានសឲ្យឃើញជាពិសេសពេលលោកធ្វើអព្ភូតហេតុ។ លោកយេស៊ូមិនបានធ្វើអព្ភូតហេតុដោយសារលោកត្រូវតែធ្វើទេ តែលោក«មានចិត្តក្ដួលអាណិត»ចំពោះពួកអ្នកដែលកំពុងរងទុក្ខ។ (ម៉ាថ. ២០:២៩-៣៤; ម៉ាក. ១:៤០-៤២) ជាឧទាហរណ៍ សូមស្រមៃគិតអំពីអារម្មណ៍របស់លោកយេស៊ូ កាលដែលលោកនាំបុរសថ្លង់ម្នាក់ទៅឆ្ងាយពីបណ្ដាជន ហើយធ្វើឲ្យគាត់ជាសះស្បើយ ឬកាលដែលលោកប្រោសកូនប្រុសតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ។ (ម៉ាក. ៧:៣២-៣៥; លូក. ៧:១២-១៥) លោកយេស៊ូមានចិត្តអាណិតអាសូរចំពោះមនុស្សទាំងនោះ ហើយចង់ជួយពួកគេ។
១២. តើយ៉ូហាន ១១:៣២-៣៥បង្ហាញយ៉ាងណាថាលោកយេស៊ូយល់អារម្មណ៍របស់ម៉ាថានិងម៉ារៀ?
១២ លោកយេស៊ូបង្ហាញថាលោកយល់អារម្មណ៍របស់ម៉ាថានិងម៉ារៀ។ ពេលលោកឃើញពួកគាត់កើតទុក្ខដោយសារឡាសាដែលជាប្អូនប្រុសរបស់ពួកគាត់បានស្លាប់ «លោកយេស៊ូក៏ស្រក់ទឹកភ្នែក»។ (សូមអាន យ៉ូហាន ១១:៣២-៣៥) អ្វីដែលធ្វើឲ្យលោកយំមិនមែនដោយសារលោកបានបាត់បង់មិត្តជិតស្និទ្ធទេ ពីព្រោះលោកដឹងថាលោកនឹងប្រោសឡាសាឲ្យរស់ឡើងវិញ។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកយេស៊ូយំគឺដោយសារលោករំជួលចិត្តនិងយល់អំពីការឈឺចាប់របស់មិត្តជាទីស្រឡាញ់របស់លោក។
១៣. តើយើងទទួលការលើកទឹកចិត្តយ៉ាងដូចម្ដេចពីការដឹងអំពីអារម្មណ៍របស់លោកយេស៊ូចំពោះយើង?
១៣ ការដឹងអំពីអារម្មណ៍ដែលលោកយេស៊ូមានចំពោះអ្នកឯទៀតផ្ដល់ប្រយោជន៍ជាច្រើនដល់យើង។ យើងស្រឡាញ់លោកដោយសារលោកប្រព្រឹត្តចំពោះអ្នកឯទៀតដោយសេចក្ដីអាណិតមេត្ដា។ (១ពេ. ១:៨) យើងទទួលការលើកទឹកចិត្តដោយដឹងថាឥឡូវលោកកំពុងគ្រប់គ្រងជាស្តេចនៃរាជាណាចក្ររបស់ព្រះ។ មិនយូរទៀត លោកនឹងបំបាត់ចោលទុក្ខវេទនាទាំងអស់។ ដោយសារលោកយេស៊ូក៏ធ្លាប់រស់នៅផែនដីដូចយើងដែរ លោកគឺជាបុគ្គលដ៏ល្អបំផុតដើម្បីជួយមនុស្សជាតិឲ្យរួចផុតពីការឈឺចាប់និងទុក្ខវេទនាដែលមកពីការគ្រប់គ្រងរបស់សាថាន។ ពិតមែន ការមានអ្នកគ្រប់គ្រងដែលអាច«យល់ភាពទន់ខ្សោយរបស់យើង»ពិតជាពរមួយសម្រាប់យើងមែន។—ហេ. ២:១៧, ១៨; ៤:១៥, ១៦
ចូរយកតម្រាប់ព្រះយេហូវ៉ានិងលោកយេស៊ូ
១៤. យោងទៅតាមអេភេសូរ ៥:១, ២ តើយើងចង់ធ្វើអ្វី?
១៤ ពេលយើងពិចារណាអំពីគំរូរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ នេះជំរុញចិត្តយើងឲ្យព្យាយាមយល់អារម្មណ៍របស់អ្នកឯទៀតកាន់តែខ្លាំង។ (សូមអាន អេភេសូរ ៥:១, ២) យើងមិនអាចឃើញអ្វីដែលនៅក្នុងចិត្តរបស់មនុស្សដូចលោកទាំងពីរទេ។ ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមយល់អារម្មណ៍និងសេចក្ដីត្រូវការរបស់អ្នកឯទៀត។ (២កូ. ១១:២៩) ខុសពីមនុស្សក្នុងពិភពលោកដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន យើងព្យាយាម‹យកចិត្តទុកដាក់ចំពោះអ្នកឯទៀត មិនគិតអំពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ›។—ភី. ២:៤
១៥. ជាពិសេស តើអ្នកណាត្រូវបង្ហាញការយល់អារម្មណ៍របស់អ្នកឯទៀត?
១៥ ជាពិសេសពួកអ្នកចាស់ទុំក្នុងក្រុមជំនុំត្រូវបង្ហាញការយល់អារម្មណ៍អ្នកឯទៀត។ ពួកគេដឹងថាពួកគេទទួលខុសត្រូវចំពោះព្រះយេហូវ៉ាអំពីរបៀបដែលពួកគេថែរក្សាចៀមរបស់លោក។ (ហេ. ១៣:១៧) ដើម្បីជួយបងប្អូនរួមជំនឿ ពួកអ្នកចាស់ទុំត្រូវមានចិត្តអាណិតមេត្ដា។ តើពួកអ្នកចាស់ទុំអាចបង្ហាញការចេះយល់អារម្មណ៍របស់អ្នកឯទៀតយ៉ាងដូចម្ដេច?
១៦. តើអ្នកចាស់ទុំដែលយកចិត្តទុកដាក់ចំពោះអ្នកឯទៀតធ្វើអ្វី ហើយហេតុអ្វីនេះគឺសំខាន់?
១៦ អ្នកចាស់ទុំដែលយល់អារម្មណ៍របស់អ្នកឯទៀត ចំណាយពេលជាមួយនឹងបងប្អូនរួមជំនឿ។ គាត់សួរសំណួរផ្សេងៗ ហើយបន្ទាប់មកស្ដាប់ដោយអត់ធ្មត់និងដោយបង្ហាញការយកចិត្តទុកដាក់។ នេះកាន់តែសំខាន់ បើចៀមជាទីស្រឡាញ់ណាម្នាក់ចង់ប្រាប់អំពីអារម្មណ៍របស់គាត់ ប៉ុន្តែគាត់ពិបាករៀបរាប់។ (សុភ. ២០:៥) ពេលអ្នកចាស់ទុំសុខចិត្តចំណាយពេលជាមួយនឹងបងប្អូនរួមជំនឿ គាត់និងបងប្អូនទាំងនោះទុកចិត្តគ្នាកាន់តែខ្លាំង កាន់តែជិតស្និទ្ធ និងស្រឡាញ់គ្នាកាន់តែខ្លាំង។—សកម្ម. ២០:៣៧
១៧. តើបងប្អូនជាច្រើននិយាយថាគុណសម្បត្ដិសំខាន់បំផុតរបស់ពួកអ្នកចាស់ទុំគឺជាអ្វី? សូមលើកឧទាហរណ៍មួយ។
១៧ បងប្អូនជាច្រើននិយាយថាគុណសម្បត្ដិរបស់អ្នកចាស់ទុំដែលមានតម្លៃបំផុតចំពោះពួកគេ គឺពេលអ្នកចាស់ទុំគិតអំពីអារម្មណ៍របស់អ្នកឯទៀត។ ហេតុអ្វី? បងស្រីអាតាឡែតនិយាយថា៖ «នេះធ្វើឲ្យយើងស្រួលនិយាយជាមួយពួកគាត់ជាង ដោយសារយើងដឹងថាពួកគាត់នឹងយល់អារម្មណ៍របស់យើង»។ គាត់បន្ថែមថា៖ «យើងអាចដឹងថាពួកគាត់យល់អារម្មណ៍របស់យើងតាមរបៀបដែលពួកគាត់និយាយមកកាន់យើងពេលដែលយើងនិយាយជាមួយគ្នា»។ ដោយចិត្តកតញ្ញូ បងប្រុសម្នាក់ចាំថា៖ «អ្នកចាស់ទុំម្នាក់រលីងរលោងទឹកភ្នែក កាលដែលខ្ញុំប្រាប់គាត់អំពីស្ថានភាពរបស់ខ្ញុំ។ ខ្ញុំចាំរូបភាពនោះជានិច្ច»។—រ៉ូម ១២:១៥
១៨. តើយើងអាចបង្ហាញថាយើងយល់អារម្មណ៍របស់អ្នកឯទៀតយ៉ាងដូចម្ដេច?
១៨ មិនមានតែអ្នកចាស់ទុំប៉ុណ្ណោះទេ ដែលត្រូវបង្ហាញថាពួកគេយល់អារម្មណ៍របស់អ្នកឯទៀត។ យើងទាំងអស់គ្នាអាចមានគុណសម្បត្ដិនេះ។ តើតាមរបៀបណា? សូមព្យាយាមយល់អំពីការពិបាកដែលសមាជិកក្រុមគ្រួសារនិងបងប្អូនរួមជំនឿកំពុងជួបប្រទះ។ សូមបង្ហាញការយកចិត្តទុកដាក់ចំពោះយុវវ័យក្នុងក្រុមជំនុំ ព្រមទាំងបងប្អូនដែលឈឺ បងប្អូនវ័យចាស់ និងអ្នកដែលបានបាត់បង់បុគ្គលជាទីស្រឡាញ់។ សូមសួរសុខទុក្ខពួកគេ។ សូមស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលពួកគេប្រាប់អំពីអារម្មណ៍របស់ខ្លួន។ សូមជួយពួកគេឲ្យដឹងថាអ្នកពិតជាយល់អំពីស្ថានភាពរបស់ពួកគេ។ សូមស្នើសុំជួយពួកគេ។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញសេចក្ដីស្រឡាញ់យ៉ាងស្មោះ។—១យ៉ូន. ៣:១៨
១៩. ហេតុអ្វីយើងត្រូវផ្លាស់ប្ដូរតាមកាលៈទេសៈពេលព្យាយាមជួយអ្នកឯទៀត?
១៩ ពេលព្យាយាមជួយអ្នកឯទៀត យើងត្រូវចេះផ្លាស់ប្ដូរតាមកាលៈទេសៈ។ ហេតុអ្វី? ពីព្រោះមនុស្សមានប្រតិកម្មខុសៗគ្នាចំពោះទុក្ខលំបាក។ អ្នកខ្លះចង់និយាយអំពីបញ្ហារបស់ពួកគេ រីឯអ្នកខ្លះទៀតមិនសូវចង់និយាយទេ។ ដូច្នេះ ទោះជាយើងចង់ផ្ដល់ជំនួយដល់ពួកគេក្ដី យើងមិនគួរសួរសំណួរដែលធ្វើឲ្យពួកគេមានអារម្មណ៍មិនស្រួលនោះទេ។ (១ថែ. ៤:១១) សូម្បីតែក្នុងករណីដែលបងប្អូនប្រាប់អំពីអារម្មណ៍របស់ពួកគេ ក៏យើងប្រហែលជាមិនតែងតែមានទស្សនៈដូចពួកគេនោះទេ។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ថា នេះជាអារម្មណ៍របស់ពួកគេ។ យើងចង់រហ័សស្ដាប់ និងមិនរហ័សនិយាយ។—ម៉ាថ. ៧:១; យ៉ា. ១:១៩
២០. តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
២០ យើងចង់យល់អារម្មណ៍របស់អ្នកឯទៀតក្នុងក្រុមជំនុំ តែយើងក៏ចង់បង្ហាញគុណសម្បត្ដិដ៏គួរឲ្យសរសើរនេះក្នុងកិច្ចបម្រើផ្សាយដែរ។ តើយើងអាចបង្ហាញការចេះយល់អារម្មណ៍អ្នកឯទៀតយ៉ាងដូចម្ដេច ពេលយើងបង្រៀនពួកគេឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ? យើងនឹងពិចារណាអំពីរឿងនេះនៅអត្ថបទបន្ទាប់។
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
a ព្រះយេហូវ៉ានិងលោកយេស៊ូគិតអំពីអារម្មណ៍របស់អ្នកឯទៀត។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់លោកទាំងពីរ។ យើងក៏នឹងពិចារណាអំពីមូលហេតុដែលយើងត្រូវយល់អំពីអារម្មណ៍របស់អ្នកឯទៀតនិងរបៀបដែលយើងអាចធ្វើដូច្នេះ។
b ការពន្យល់ពាក្យ: ការ«កើតទុក្ខជាមួយ»មានន័យថាការព្យាយាមយល់អារម្មណ៍របស់អ្នកឯទៀតនិងមានអារម្មណ៍ដូចពួកគេ។ (រ៉ូម ១២:១៥) ក្នុងអត្ថបទនេះ ពាក្យ«កើតទុក្ខជាមួយ»និង«យកចិត្តទុកដាក់» មានអត្ថន័យដូចគ្នា។
c ព្រះយេហូវ៉ាក៏បានបង្ហាញចិត្តអាណិតមេត្ដាចំពោះអ្នកបម្រើដ៏ស្មោះត្រង់ឯទៀតដែលធ្លាក់ទឹកចិត្តឬភ័យខ្លាច។ សូមគិតអំពីកំណត់ហេតុអំពីហាណា (១សាំ. ១:១០-២០) អេលីយ៉ា (១ព. ១៩:១-១៨) និងអេបេឌមេលេក (យេ. ៣៨:៧-១៣; ៣៩:១៥-១៨)។
d ការពណ៌នាអំពីរូបភាព: កិច្ចប្រជុំរបស់យើងផ្ដល់ឱកាសជាច្រើនឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ក្នុងរូបភាព យើងឃើញ (១) អ្នកចាស់ទុំម្នាក់បង្ហាញសេចក្ដីសប្បុរសពេលគាត់និយាយជាមួយនឹងអ្នកផ្សាយវ័យក្មេងម្នាក់និងម្ដាយរបស់គាត់ (២) ឪពុកម្នាក់និងកូនស្រីរបស់គាត់ជួយបងស្រីវ័យចាស់ម្នាក់ឲ្យចូលក្នុងឡាន និង(៣) អ្នកចាស់ទុំពីរនាក់ស្ដាប់យ៉ាងយកចិត្តទុកដាក់ ពេលបងស្រីម្នាក់សុំការណែនាំ។