អត្ថបទសិក្សា ១៣
ចូរយល់អារម្មណ៍អ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ
«[លោក]មានចិត្តក្ដួលអាណិតដល់ពួកគេ . . . រួចមក លោកចាប់ផ្ដើមបង្រៀនពួកគេអ្វីៗជាច្រើន»។—ម៉ាក. ៦:៣៤
ចម្រៀងលេខ៧០ ចូរស្វែងរកអ្នកណាដែលទទួលអ្នកជាភ្ញៀវ
សេចក្ដីសង្ខេបa
១. តើគុណសម្បត្ដិអ្វីរបស់លោកយេស៊ូទាក់ទាញចិត្តយើង? សូមពន្យល់។
គុណសម្បត្ដិមួយរបស់លោកយេស៊ូដែលទាក់ទាញចិត្តយើង គឺលោកយល់អំពីបញ្ហាផ្សេងៗរបស់មនុស្សមិនល្អឥតខ្ចោះ។ ពេលលោកយេស៊ូនៅផែនដី លោក«អរសប្បាយជាមួយនឹងអ្នកដែលកំពុងអរសប្បាយ» ហើយ«យំជាមួយនឹងអ្នកដែលកំពុងយំ»។ (រ៉ូម ១២:១៥) ជាឧទាហរណ៍ ពេលអ្នកកាន់តាមលោក៧០នាក់បានត្រឡប់មកជួបលោកវិញទាំងមានអំណរ ក្រោយពីពួកគេបានផ្សព្វផ្សាយ លោកយេស៊ូ«បានត្រេកអរពន់ពេកដោយសារសកម្មពលបរិសុទ្ធរបស់ព្រះ»។ (លូក. ១០:១៧-២១) ប៉ុន្តែ ពេលលោកបានឃើញពួកអ្នកដែលកើតទុក្ខដោយសារឡាសាបានស្លាប់ លោកយេស៊ូ«មានចិត្តក្ដុកក្ដួលក៏រំជួលចិត្តយ៉ាងខ្លាំង»។—យ៉ូន. ១១:៣៣
២. តើអ្វីបានជួយលោកយេស៊ូឲ្យបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្ស?
២ ទោះជាលោកយេស៊ូជាមនុស្សល្អឥតខ្ចោះក្ដី លោកមានចិត្តមេត្ដាករុណានិងអាណិតអាសូរចំពោះមនុស្សមិនល្អឥតខ្ចោះ។ តើអ្វីបានជួយលោកឲ្យមានគុណសម្បត្ដិទាំងនេះ? គឺសេចក្ដីស្រឡាញ់ចំពោះមនុស្ស។ ដូចដែលបានរៀបរាប់នៅអត្ថបទមុន លោកមានអំណរជាពិសេសចំពោះ«ពួកមនុស្សលោក»។ (សុភ. ៨:៣១) សេចក្ដីស្រឡាញ់នេះបានជំរុញចិត្តលោកឲ្យស្គាល់របៀបគិតគូររបស់មនុស្សយ៉ាងច្បាស់។ សាវ័កយ៉ូហានពន្យល់ថា៖ «លោកជ្រាបអំពីអ្វីដែលនៅក្នុងចិត្តមនុស្សជាតិ»។ (យ៉ូន. ២:២៥) លោកយេស៊ូមានចិត្តអាណិតមេត្ដាចំពោះអ្នកឯទៀត។ មនុស្សដឹងថាលោកយេស៊ូស្រឡាញ់ពួកគេ ហើយនោះបានធ្វើឲ្យពួកគេស្ដាប់ដំណឹងអំពីរាជាណាចក្រដែលលោកបានផ្សព្វផ្សាយ។ ពេលយើងកាន់តែមានចិត្តអាណិតមេត្ដាចំពោះមនុស្ស នោះយើងនឹងកាន់តែបំពេញកិច្ចបម្រើរបស់យើងគ្រប់ជំពូកដោយប្រសិទ្ធភាព។—២ធី. ៤:៥
៣-៤. (ក) បើយើងចេះយល់អារម្មណ៍របស់អ្នកឯទៀត តើយើងនឹងមានទស្សនៈយ៉ាងណាចំពោះកិច្ចបម្រើផ្សាយ? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ សាវ័កប៉ូលបានដឹងថាគាត់មានភារកិច្ចផ្សព្វផ្សាយ ហើយយើងដឹងថាយើងក៏ត្រូវផ្សព្វផ្សាយដែរ។ (១កូ. ៩:១៦) ប៉ុន្តែ បើយើងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត យើងនឹងមិនគ្រាន់តែចាត់ទុកកិច្ចបម្រើផ្សាយថាជាកាតព្វកិច្ចប៉ុណ្ណោះទេ។ យើងចង់បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្ស និងពិតជាចង់ជួយពួកគេ។ យើងដឹងថា«ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្ម. ២០:៣៥) ពេលយើងកាន់តែមានទស្សនៈបែបនេះចំពោះកិច្ចបម្រើផ្សាយរបស់យើង យើងនឹងកាន់តែមានអំណរក្នុងកិច្ចការនោះ។
៤ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចបង្ហាញអ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយថាយើងយល់អារម្មណ៍របស់ពួកគេ។ ដំបូង យើងនឹងទាញយកមេរៀនពីទស្សនៈរបស់លោកយេស៊ូចំពោះមនុស្ស។ បន្ទាប់មក យើងនឹងពិចារណារបៀបបួនយ៉ាងដែលយើងអាចយកតម្រាប់លោកយេស៊ូ។—១ពេ. ២:២១
លោកយេស៊ូបានបង្ហាញថាលោកយល់អារម្មណ៍របស់អ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ
៥-៦. (ក) តើលោកយេស៊ូបានបង្ហាញការយល់អារម្មណ៍ចំពោះអ្នកណា? (ខ) ដូចបានត្រូវប្រកាសទុកជាមុននៅអេសាយ ៦១:១, ២ ហេតុអ្វីលោកយេស៊ូមានចិត្តក្ដួលអាណិតចំពោះពួកអ្នកដែលលោកបានផ្សព្វផ្សាយឲ្យ?
៥ សូមពិចារណាអំពីរបៀបមួយដែលលោកយេស៊ូបានបង្ហាញការចេះយល់អារម្មណ៍ចំពោះអ្នកឯទៀត។ នៅពេលមួយ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកអស់កម្លាំងជាខ្លាំង ដោយសារលោកនិងពួកគាត់បានផ្សព្វផ្សាយដំណឹងល្អដោយគ្មានពេលសម្រាកសោះ។ ពួកគាត់«គ្មានពេលទំនេរសោះ សូម្បីតែរកពេលបរិភោគក៏មិនបានផង»។ ដូច្នេះ លោកយេស៊ូបាននាំពួកអ្នកកាន់តាមលោក«ចេញទៅកន្លែងឆ្ងាយពីគេ»ដើម្បី«សម្រាកបន្ដិច»។ ប៉ុន្តែ មនុស្សមួយក្រុមធំបានរត់ទៅកន្លែងដែលលោកយេស៊ូនិងអ្នកកាន់លោកនឹងទៅ ហើយបានទៅដល់មុនពួកគាត់។ ពេលលោកយេស៊ូទៅដល់ទីនោះ ហើយបានឃើញមនុស្សទាំងនោះ តើលោកមានប្រតិកម្មយ៉ាងណា? លោក«មានចិត្តក្ដួលអាណិតbដល់ពួកគេ ពីព្រោះពួកគេប្រៀបដូចចៀមដែលគ្មានគង្វាល។ រួចមក លោកចាប់ផ្ដើមបង្រៀនពួកគេអ្វីៗជាច្រើន»។—ម៉ាក. ៦:៣០-៣៤
៦ ហេតុអ្វីលោកយេស៊ូមានចិត្តក្ដួលអាណិត ឬយល់អារម្មណ៍របស់មនុស្សទាំងនោះ? ពីព្រោះមនុស្សទាំងនោះ«ប្រៀបដូចចៀមដែលគ្មានគង្វាល»។ ប្រហែលជាលោកយេស៊ូបានឃើញថាអ្នកខ្លះជាអ្នកក្រ ហើយធ្វើការច្រើនម៉ោងដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ក្រុមគ្រួសារ។ អ្នកខ្លះទៀតប្រហែលជាកំពុងកើតទុក្ខដោយសារមនុស្សជាទីស្រឡាញ់បានស្លាប់។ បើដូច្នេះមែន លោកយេស៊ូទំនងជាយល់អំពីស្ថានភាពរបស់ពួកគេ។ ដូចបានរៀបរាប់នៅអត្ថបទមុន លោកយេស៊ូប្រហែលជាធ្លាប់ឆ្លងកាត់ការពិបាកទាំងនោះ។ លោកយេស៊ូបានយកចិត្តទុកដាក់ចំពោះអ្នកឯទៀត ហើយលោកចង់សម្រាលទុក្ខពួកគេ។—សូមអាន អេសាយ ៦១:១, ២
៧. តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច?
៧ តើយើងរៀនអ្វីពីគំរូរបស់លោកយេស៊ូ? ដូចមនុស្សនៅសម័យលោកយេស៊ូ មនុស្សនៅជុំវិញយើងគឺ«ប្រៀបដូចចៀមដែលគ្មានគង្វាល»។ ពួកគេមានបញ្ហាជាច្រើន។ យើងមានអ្វីដែលពួកគេត្រូវការ ពោលគឺដំណឹងអំពីរាជាណាចក្រព្រះ។ (បប. ១៤:៦) ដូច្នេះ យើងយកតម្រាប់ម្ចាស់របស់យើង ដោយផ្សព្វផ្សាយដំណឹងល្អពីព្រោះយើង«មានសេចក្ដីអាណិតមេត្ដាដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត»។ (ទំនុក. ៧២:១៣) យើងអាណិតមេត្ដាចំពោះមនុស្ស ហើយចង់ជួយពួកគេ។
របៀបយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត
៨. តើរបៀបមួយដែលយើងអាចបង្ហាញថាយើងយល់អារម្មណ៍របស់ពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយគឺជាអ្វី? សូមលើកឧទាហរណ៍។
៨ តើអ្វីអាចជួយយើងឲ្យបង្ហាញថាយើងយល់អារម្មណ៍របស់ពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ? យើងចង់ស្រមៃគិតអំពីគំនិតនិងអារម្មណ៍របស់ពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ រួចមកប្រព្រឹត្តទៅលើពួកគេដូចដែលយើងចង់ឲ្យអ្នកឯទៀតប្រព្រឹត្តចំពោះយើងបើយើងស្ថិតក្នុងស្ថានភាពដូចពួកគេ។c (ម៉ាថ. ៧:១២) សូមយើងពិចារណារបៀបបួនយ៉ាងដែលយើងអាចធ្វើដូច្នេះ។ ទី១ សូមគិតអំពីសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ។ ពេលយើងផ្សព្វផ្សាយដំណឹងល្អ តួនាទីរបស់យើងគឺស្រដៀងនឹងគ្រូពេទ្យ។ គ្រូពេទ្យល្អគិតអំពីសេចក្ដីត្រូវការរបស់អ្នកជំងឺម្នាក់ៗ។ គាត់សួរសំណួរ ហើយស្ដាប់យ៉ាងយកចិត្តទុកដាក់ ពេលដែលអ្នកជំងឺរៀបរាប់អំពីអាការ ឬរោគសញ្ញារបស់គាត់។ ជាជាងឲ្យថ្នាំដោយមិនបានគិតពិចារណាដល់អ្នកជំងឺ គ្រូពេទ្យប្រហែលជាចំណាយពេលដើម្បីពិនិត្យមើលអាការថែមទៀតរបស់អ្នកជំងឺ ហើយក្រោយមកព្យាបាលតាមរបៀបដែលត្រឹមត្រូវ។ ស្រដៀងគ្នាដែរ យើងមិនគួរព្យាយាមប្រើវិធីដូចគ្នាដើម្បីចាប់ផ្ដើមការសន្ទនាជាមួយនឹងអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយទេ។ ផ្ទុយទៅវិញ យើងគួរព្យាយាមយល់កាលៈទេសៈនិងទស្សនៈរបស់បុគ្គលម្នាក់ៗ។
៩. តើយើងមិនគួរសន្និដ្ឋានអំពីអ្វី? សូមពន្យល់។
៩ ពេលអ្នកជួបបុគ្គលណាម្នាក់ក្នុងកិច្ចបម្រើផ្សាយ សូមកុំឆាប់សន្និដ្ឋានថាអ្នកយល់អំពីកាលៈទេសៈរបស់គាត់ ឬយល់អំពីជំនឿរបស់គាត់ និងមូលហេតុដែលគាត់ជឿបែបនោះឡើយ។ (សុភ. ១៨:១៣) ផ្ទុយទៅវិញ សូមសួរសំណួរយ៉ាងប៉ិនប្រសប់។ (សុភ. ២០:៥) បើជាការសមរម្យក្នុងវប្បធម៌របស់អ្នក សូមសួរបុគ្គលនោះអំពីការងារ ក្រុមគ្រួសារ ទស្សនៈ និងប្រវត្ដិរបស់គាត់។ ពេលយើងសួរសំណួរបែបនេះ យើងផ្ដល់ឱកាសឲ្យពួកគេប្រាប់យើងអំពីមូលហេតុដែលពួកគេត្រូវការដំណឹងល្អ។ ពេលយើងដឹងអំពីមូលហេតុនោះ យើងអាចបង្ហាញការយល់អារម្មណ៍ចំពោះពួកគេ ដោយផ្ដល់ជំនួយដែលពួកគេត្រូវការដូចដែលលោកយេស៊ូបានធ្វើ។—សូមពិនិត្យបន្ថែម កូរិនថូសទី១ ៩:១៩-២៣
១០-១១. ស្របតាមអ្វីដែលបានត្រូវចែងនៅកូរិនថូសទី២ ៤:៧, ៨ តើរបៀបទី២ដែលយើងអាចបង្ហាញការយល់អារម្មណ៍ចំពោះអ្នកឯទៀតគឺជាអ្វី? សូមលើកឧទាហរណ៍។
១០ ទី២ សូមព្យាយាមស្រមៃគិតអំពីជីវិតរបស់មនុស្ស។ យើងអាចយល់ខ្លះៗអំពីស្ថានភាពរបស់ពួកគេ ពីព្រោះយើងក៏មានបញ្ហាដែលមនុស្សមិនល្អឥតខ្ចោះមាន។ (១កូ. ១០:១៣) យើងដឹងថាជីវិតក្នុងរបៀបរបបពិភពលោកនេះអាចធ្វើឲ្យមនុស្សពិបាកខ្លាំងណាស់។ យើងអាចស៊ូទ្រាំបានដោយសារតែមានជំនួយពីព្រះយេហូវ៉ា។ (សូមអាន កូរិនថូសទី២ ៤:៧, ៨) ប៉ុន្តែ សូមគិតអំពីពួកអ្នកដែលមិនមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ ពួកគេច្បាស់ជាពិបាករស់នៅក្នុងពិភពលោកនេះដោយគ្មានជំនួយពីលោក។ ដូចលោកយេស៊ូ យើងមានចិត្តអាណិតមេត្ដាចំពោះពួកគេ ហើយយើងចង់ប្រាប់ពួកគេនូវ«ដំណឹងល្អពីការប្រសើរ»។—អេ. ៥២:៧
១១ សូមពិចារណាអំពីគំរូរបស់បងប្រុសម្នាក់ឈ្មោះស៊ែហ្គេ។ មុនរៀនសេចក្ដីពិតបងស៊ែហ្គេជាមនុស្សស្ងាត់ស្ងៀមនិងអៀនខ្មាស។ គាត់ពិបាកនិយាយជាមួយនឹងអ្នកឯទៀតខ្លាំងណាស់។ នៅពេលមួយគាត់ចាប់ផ្ដើមសិក្សាគម្ពីរ។ បងស៊ែហ្គេនិយាយថា៖ «ពេលដែលខ្ញុំរៀនគម្ពីរ ខ្ញុំដឹងថាគ្រិស្តសាសនិកត្រូវប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្លួន។ ខ្ញុំពិតជាបានគិតថាខ្ញុំមិនអាចធ្វើដូច្នេះបានទេ»។ ប៉ុន្តែ គាត់បានគិតអំពីពួកអ្នកដែលមិនទាន់ឮអំពីសេចក្ដីពិត ហើយដឹងថាជីវិតរបស់ពួកគេច្បាស់ជាពិបាកខ្លាំងណាស់ដោយសារពួកគេមិនស្គាល់ព្រះយេហូវ៉ា។ គាត់និយាយថា៖ «អ្វីដែលខ្ញុំរៀន ធ្វើឲ្យខ្ញុំមានសុភមង្គលនិងសេចក្ដីសុខសាន្តក្នុងចិត្តជាខ្លាំង។ ខ្ញុំដឹងថាអ្នកឯទៀតត្រូវការឮសេចក្ដីពិតទាំងនោះដែរ»។ កាលដែលបងស៊ែហ្គេព្យាយាមយល់អារម្មណ៍របស់អ្នកឯទៀត គាត់កាន់តែមានចិត្តក្លាហានដើម្បីផ្សព្វផ្សាយ។ បងស៊ែហ្គេនិយាយថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលដែលការប្រាប់អ្នកឯទៀតអំពីគម្ពីរ ធ្វើឲ្យខ្ញុំកាន់តែមានជំនឿចិត្ត ហើយក៏ពង្រឹងជំនឿរបស់ខ្ញុំដែរ»។
១២-១៣. ហេតុអ្វីយើងត្រូវមានចិត្តអត់ធ្មត់ចំពោះពួកអ្នកដែលយើងបង្រៀន? សូមលើកឧទាហរណ៍។
១២ ទី៣ សូមអត់ធ្មត់ចំពោះពួកអ្នកដែលអ្នកបង្រៀន។ សូមចាំថាពួកគេប្រហែលជាមិនធ្លាប់ពិចារណាអំពីសេចក្ដីពិតខ្លះក្នុងគម្ពីរដែលយើងស្គាល់យ៉ាងច្បាស់នោះទេ។ ម្យ៉ាងទៀត មនុស្សជាច្រើនជឿជាក់ថាជំនឿរបស់ពួកគេគឺជាការពិត។ ពួកគេប្រហែលជាយល់ថាសាសនារបស់ពួកគេគឺជាអ្វីដ៏សំខាន់ដែលធ្វើឲ្យពួកគេមានភាពជិតស្និទ្ធជាមួយនឹងក្រុមគ្រួសារ វប្បធម៌ និងសហគមន៍របស់ពួកគេ។ តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច?
១៣ សូមគិតអំពីឧទាហរណ៍មួយ។ បើស្ពានចាស់ទ្រុឌទ្រោម នោះត្រូវការសង់ស្ពានថ្មី។ ជាទូទៅពេលកំពុងសង់ស្ពានថ្មី គេនៅតែប្រើស្ពានចាស់សិន។ ពេលស្ពានថ្មីសង់រួចហើយ គេអាចវាយកម្ទេចស្ពានចាស់នោះចោល។ ស្រដៀងគ្នាដែរ មុនយើងសុំឲ្យបុគ្គលណាម្នាក់បោះបង់សេចក្ដីបង្រៀនចាស់ៗនិងជំនឿដែលពួកគេចាត់ទុកថាមានតម្លៃ ដំបូងយើងប្រហែលជាត្រូវជួយពួកគេឲ្យស្គាល់និងស្រឡាញ់សេចក្ដីពិត ពោលគឺសេចក្ដីបង្រៀនក្នុងគម្ពីរដែលពួកគេមិនបានស្គាល់ មុនពេលពួកគេចាប់ផ្ដើមសិក្សាជាមួយយើង។ ទាល់តែធ្វើដូច្នេះ ទើបពួកគេអាចបោះបង់ជំនឿដែលពួកគេធ្លាប់មាន។ ប្រហែលជាត្រូវការពេលដើម្បីជួយមនុស្សឲ្យធ្វើការកែប្រែបែបនេះ។—រ៉ូម ១២:២
១៤-១៥. តើយើងអាចជួយពួកអ្នកដែលមិនសូវដឹង ឬមិនដឹងទាល់តែសោះអំពីសេចក្ដីសង្ឃឹមរស់ជារៀងរហូតលើផែនដីដែលជាសួនឧទ្យានយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
១៤ បើយើងមានចិត្តអត់ធ្មត់ចំពោះមនុស្សក្នុងកិច្ចបម្រើផ្សាយ យើងនឹងមិនរំពឹងថាពួកគេនឹងយល់ ឬព្រមទទួលយកសេចក្ដីពិតក្នុងគម្ពីរពេលដែលពួកគេឮជាលើកដំបូងនោះទេ។ ផ្ទុយទៅវិញ ការចេះយល់អារម្មណ៍របស់អ្នកឯទៀត ជំរុញចិត្តយើងឲ្យជួយពួកគេចេះវែកញែកអំពីបទគម្ពីរបន្ដិចម្ដងៗ។ ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលយើងអាចជួយបុគ្គលណាម្នាក់ឲ្យយល់អំពីសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីជាសួនឧទ្យាន។ មនុស្សជាច្រើនមិនសូវដឹង ឬមិនដឹងទាល់តែសោះអំពីសេចក្ដីបង្រៀននេះ។ ពួកគេប្រហែលជាជឿថាសេចក្ដីស្លាប់ជាទីបញ្ចប់ ហើយគ្មានសេចក្ដីសង្ឃឹមរស់ម្ដងទៀតទេ។ ឬពួកគេប្រហែលជាគិតថាមនុស្សល្អទាំងអស់ឡើងទៅស្ថានសួគ៌។ តើយើងអាចជួយពួកគេតាមរបៀបណា?
១៥ ដើម្បីជួយមនុស្សឲ្យយល់អំពីសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី បងប្រុសម្នាក់បានធ្វើដូចតទៅនេះ៖ ដំបូង គាត់អានលោកុប្បត្តិ ១:២៨។ បន្ទាប់មក គាត់បានសួរម្ចាស់ផ្ទះថាតើព្រះចង់ឲ្យមនុស្សជាតិរស់នៅកន្លែងណា ហើយក្នុងស្ថានភាពបែបណា។ មនុស្សភាគច្រើនឆ្លើយថា «នៅលើផែនដី ហើយក្នុងស្ថានភាពដ៏សប្បាយរីករាយ»។ បន្ទាប់មក បងប្រុសនោះអានអេសាយ ៥៥:១១ ហើយសួរថាតើគោលបំណងរបស់ព្រះបានផ្លាស់ប្ដូរឬទេ។ ជាទូទៅ ម្ចាស់ផ្ទះនឹងឆ្លើយថាមិនបានផ្លាស់ប្ដូរទេ។ ចុងក្រោយ បងប្រុសនោះអានទំនុកតម្កើង ៣៧:១០, ១១ ហើយសួរថាតើមនុស្សនឹងមានអនាគតបែបណា។ ដោយប្រើបទគម្ពីរទាំងនេះដើម្បីវែកញែកជាមួយនឹងម្ចាស់ផ្ទះ គាត់បានជួយមនុស្សជាច្រើនឲ្យយល់ថាព្រះនៅតែចង់ឲ្យមនុស្សល្អរស់ជារៀងរហូតលើផែនដីដែលជាសួនឧទ្យាន។
១៦-១៧. តាមសុភាសិត ៣:២៧ តើយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតតាមរបៀបណាខ្លះ? សូមលើកឧទាហរណ៍។
១៦ ទី៤ សូមស្វែងរកវិធីដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្ស។ ជាឧទាហរណ៍ តើយើងប្រហែលជាបានជួបបុគ្គលណាម្នាក់នៅចំពេលដែលគាត់មិនអាចនិយាយជាមួយនឹងយើងឬទេ? បើដូច្នេះ យើងអាចសុំទោសពួកគេ ហើយស្នើសុំត្រឡប់មកវិញនៅពេលល្អជាងសម្រាប់ពួកគេ។ ចុះយ៉ាងណាបើម្ចាស់ផ្ទះត្រូវការជំនួយក្នុងរឿងតូចតាចណាមួយ? ឬចុះបើអ្នកណាម្នាក់មិនអាចចេញពីផ្ទះដោយសារគាត់ឈឺឬមានវ័យចាស់ ហើយត្រូវការជំនួយធ្វើកិច្ចការមួយ? ក្នុងករណីបែបនេះ យើងប្រហែលជាអាចជួយបុគ្គលនោះ។—សូមអាន សុភាសិត ៣:២៧
១៧ បងស្រីម្នាក់បានទទួលលទ្ធផលល្អពីការបង្ហាញសេចក្ដីសប្បុរសក្នុងរឿងតូចតាច។ ដោយសារគាត់យកចិត្តទុកដាក់ចំពោះអ្នកឯទៀត គាត់បានសរសេរសំបុត្រឲ្យក្រុមគ្រួសារមួយដែលមានកូនស្លាប់។ ក្នុងសំបុត្រនោះ គាត់ក៏សរសេរពាក្យសម្រាលទុក្ខខ្លះពីបទគម្ពីរដែរ។ តើសំបុត្រនោះមានឥទ្ធិពលយ៉ាងណាលើក្រុមគ្រួសារនោះ? ម្ដាយដែលកើតទុក្ខនោះសរសេរថា៖ «ម្សិលមិញ ខ្ញុំឈឺចិត្តខ្លាំងណាស់។ អ្នកប្រហែលជាមិនដឹងថាសំបុត្ររបស់អ្នកបានជួយយើងច្រើនយ៉ាងណាទេ។ ខ្ញុំរៀបរាប់ពុំបានថាសំបុត្រនោះមានន័យខ្លាំងយ៉ាងណាចំពោះយើងទេ។ យើងពិតជាដឹងគុណអ្នក។ ម្សិលមិញ ខ្ញុំបានអានសំបុត្រនោះជាង២០ដង។ ខ្ញុំស្ទើរតែមិនជឿថាសំបុត្រនោះបង្ហាញអំពីសេចក្ដីសប្បុរស ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តយ៉ាងខ្លាំងបែបនេះទេ។ យើងសូមអរគុណដោយអស់ពីចិត្ត»។ ច្បាស់ណាស់ យើងអាចទទួលលទ្ធផលល្អពេលយើងស្រមៃគិតអំពីស្ថានភាពរបស់ពួកអ្នកដែលរងទុក្ខ រួចមកធ្វើអ្វីមួយដើម្បីជួយពួកគេ។
ចូររក្សាឲ្យមានទស្សនៈត្រឹមត្រូវ ចំពោះតួនាទីរបស់អ្នក
១៨. តាមកូរិនថូសទី១ ៣:៦, ៧ តើយើងចង់រក្សាឲ្យមានទស្សនៈត្រឹមត្រូវបែបណា?
១៨ យើងចង់រក្សាឲ្យមានទស្សនៈត្រឹមត្រូវចំពោះតួនាទីរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ យើងអាចរួមចំណែកក្នុងការជួយអ្នកឯទៀតឲ្យរៀនអំពីព្រះ ប៉ុន្តែយើងមិនមានតួនាទីសំខាន់បំផុតទេ។ (សូមអាន កូរិនថូសទី១ ៣:៦, ៧) ព្រះយេហូវ៉ាជាអ្នកដែលទាញនាំមនុស្សឲ្យមកឯលោក។ (យ៉ូន. ៦:៤៤) ការព្រមឬមិនព្រមទទួលយកដំណឹងល្អ គឺអាស្រ័យទៅលើចិត្តគំនិតរបស់បុគ្គលម្នាក់ៗ។ (ម៉ាថ. ១៣:៤-៨) សូមចាំថាមនុស្សភាគច្រើនមិនបានទទួលយកដំណឹងដែលលោកយេស៊ូផ្សាយទេ ហើយលោកជាអ្នកបង្រៀនដ៏ឧត្តមបំផុតដែលធ្លាប់រស់នៅ! ដូច្នេះ បើមនុស្សជាច្រើនដែលយើងព្យាយាមជួយមិនស្ដាប់ដំណឹងដែលយើងផ្សាយ យើងមិនគួរធ្លាក់ទឹកចិត្តឡើយ។
១៩. តើការចេះយល់អារម្មណ៍របស់អ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយនាំឲ្យយើងទទួលប្រយោជន៍អ្វីខ្លះ?
១៩ យើងនឹងទទួលលទ្ធផលល្អ ពេលយើងបង្ហាញថាយើងយល់អារម្មណ៍របស់អ្នកឯទៀតក្នុងកិច្ចបម្រើផ្សាយ។ យើងនឹងកាន់តែមានអំណរក្នុងកិច្ចបម្រើផ្សាយ។ យើងនឹងមានសុភមង្គលដែលមកពីការឲ្យគេ។ ម្យ៉ាងទៀត យើងធ្វើឲ្យពួកអ្នកដែល«មានចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»ស្រួលទទួលយកដំណឹងល្អជាង។ (សកម្ម. ១៣:៤៨) ដូច្នេះ «ដរាបណាយើងមានឱកាស នោះចូរយើងធ្វើល្អដល់មនុស្សទាំងអស់»។ (កាឡ. ៦:១០) យ៉ាងនេះ យើងនឹងមានអំណរដែលមកពីការធ្វើឲ្យបិតារបស់យើងដែលនៅស្ថានសួគ៌ទទួលការសរសើរតម្កើង។—ម៉ាថ. ៥:១៦
ចម្រៀងលេខ៦៤ ការចូលរួមប្រមូលផលដោយអំណរ
a ពេលយើងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត យើងអាចមានអំណរកាន់តែខ្លាំងក្នុងកិច្ចបម្រើផ្សាយ ហើយមនុស្សប្រហែលជាសុខចិត្តស្ដាប់ដំណឹងដែលយើងផ្សាយច្រើនជាង។ ហេតុអ្វី? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់លោកយេស៊ូ ព្រមទាំងរបៀបបួនយ៉ាងដែលយើងអាចបង្ហាញពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយថាយើងយល់អារម្មណ៍របស់ពួកគេ។
b ការពន្យល់ពាក្យ: ក្នុងករណីនេះ ពាក្យក្ដួលអាណិតមានន័យថាការមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលកំពុងរងទុក្ខ ឬអ្នកដែលបានត្រូវគេប្រព្រឹត្តដោយគ្មានមេត្ដា។ អារម្មណ៍បែបនេះប្រហែលជាជំរុញឲ្យបុគ្គលណាម្នាក់ធ្វើអ្វីក៏ដោយដែលគាត់អាចធ្វើដើម្បីជួយពួកគេ។
c សូមមើលអត្ថបទដែលមានចំណងថា «ក្នុងកិច្ចបម្រើផ្សាយ ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញ» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤។