សេរីភាពនៃសិរីល្អរបស់ពួកកូនព្រះមិនយូរប៉ុន្មានទៀត
«ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ . . . ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។—រ៉ូម ៨:២០, ២១
១. តើយញ្ញបូជារបស់ព្រះយេស៊ូបានត្រូវតំណាងក្នុងថ្ងៃបុណ្យធួនបាបយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាបានប្រទានរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ ជាយញ្ញបូជាលោះដែលបានបើកផ្លូវទៅជីវិតនៅស្ថានសួគ៌សំរាប់មនុស្ស១៤៤.០០០នាក់ និងសេចក្ដីសង្ឃឹមដ៏គ្មានទីបំផុតសំរាប់មនុស្សលោក។ (យ៉ូហានទី១ ២:១, ២) ដូចបានកត់សម្គាល់ក្នុងអត្ថបទមុននេះ យញ្ញបូជារបស់ព្រះយេស៊ូសំរាប់ពួកគ្រីស្ទានដែលបាននាំមកដោយវិញ្ញាណ គឺបានតំណាងនៅពេលដែលសម្ដេចសង្ឃអ៊ីស្រាអែល បានថ្វាយគោជាតង្វាយលោះបាបសំរាប់ខ្លួនលោក គ្រួសារលោក និងកុលសម្ព័ន្ធនៃលេវី ក្នុងថ្ងៃបុណ្យធួនបាបប្រចាំឆ្នាំ។ ក្នុងថ្ងៃដដែលនេះ លោកបានធ្វើយញ្ញបូជាពពែមួយជាតង្វាយលោះបាប សំរាប់ពួកអ៊ីស្រាអែលឯទៀត ដូចយញ្ញបូជារបស់ព្រះយេស៊ូក៏មានប្រយោជន៍ដល់មនុស្សទូទៅដែរ។ ពពែរស់មួយក៏បានដឹកចូលក្នុងទីរហោស្ថាន ជានិមិត្តរូបនៃការយកចេញបាបរបស់មនុស្សនៃឆ្នាំមុន។a—លេវីវិន័យ ១៦:៧-១៥, ២០-២២, ២៦
២, ៣. តើពាក្យរបស់ប៉ុលក្នុងរ៉ូម ៨:២០, ២១ មានន័យយ៉ាងណា?
២ ក្រោយពីរៀបរាប់សេចក្ដីសង្ឃឹមនៃមនុស្សលោក ដែលនឹងក្លាយទៅជា«ពួកកូនព្រះ» សាវ័កប៉ុលមានប្រសាសន៍ថា៖ «សេចក្ដីទន្ទឹងរបស់ជីវិតទាំងឡាយ នោះរង់ចាំតែពួកកូនរបស់ព្រះលេចមកឲ្យឃើញប៉ុណ្ណោះទេ ពីព្រោះជីវិតទាំងឡាយបានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រពីចិត្ត គឺដោយព្រោះព្រះអង្គ ដែលទ្រង់បញ្ចុះបញ្ចូលវិញ ដោយសង្ឃឹមថា ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។ (រ៉ូម ៨:១៤, ១៧, ១៩-២១) តើឃ្លានេះមានន័យយ៉ាងណា?
៣ នៅពេលដែលអ័ដាមជាឰយុកោរបស់យើងបានត្រូវបង្កើតមកជាមនុស្សគ្រប់ល័ក្ខណ៍ គាត់ក៏ជា«កូនព្រះ»។ (លូកា ៣:៣៨) ពីព្រោះបានប្រព្រឹត្តបាប គាត់ក៏ចូលក្នុង«ចំណងនៃសេចក្ដីពុករលួយ» ដែលបានឆ្លងរាលដាលដល់មនុស្សគ្រប់គ្នា។ (រ៉ូម ៥:១២) ព្រះបានអនុញ្ញាតឲ្យមនុស្សកើតក្នុង«សេចក្ដីឥតប្រយោជន៍» ដោយសារសេចក្ដីឥតគ្រប់ល័ក្ខណ៍ជាមរតករបស់គេ ប៉ុន្តែទ្រង់បានផ្ដល់ឲ្យសេចក្ដីសង្ឃឹមដោយសារ«ពូជ» គឺព្រះយេស៊ូគ្រីស្ទ។ (លោកុប្បត្តិ ៣:១៥; ២២:១៨; កាឡាទី ៣:១៦) វិវរណៈ ២១:១-៤ ចង្អុលប្រាប់ទៅគ្រា នៅពេលដែល‹ឥតមានសេចក្ដីស្លាប់ សេចក្ដីសោកសង្រេង សេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ›។ ពីព្រោះនេះជាសេចក្ដីសន្យាដល់«មនុស្សលោក» នេះគឺធានារ៉ាប់រងយើងថា សង្គមមនុស្សលោកក្នុងផែនដីថ្មី រស់នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្រ នឹងទទួលការធ្វើឲ្យបានល្អឡើងវិញនៃគំនិតនិងរូបកាយ និងជីវិតដ៏អស់កល្បជានិច្ចជា«ពួកកូនព្រះ»នៅលើផែនដី។ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ មនុស្សលោកដ៏ស្ដាប់បង្គាប់ «នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ»។ ក្រោយពីបានបង្ហាញជាស្មោះត្រង់ដល់ព្រះយេហូវ៉ាក្នុងកំឡុងការសាកល្បងចុងបំផុត ពួកគេនឹងបានសេរីភាពជារហូតតទៅ ពីបាបនិងសេចក្ដីស្លាប់ដែលមានជាមរតក។ (វិវរណៈ ២០:៧-១០) ពួកអ្នកនៅលើផែនដី នៅពេលនោះនឹង«បានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។
ពួកគេកំពុងពោលថា«អញ្ជើញមក»!
៤. តើ‹ការយកទឹកជីវិតដ៏ឥតចេញថ្លៃ›មានន័យយ៉ាងណា?
៤ នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែនដែលមាននៅពីមុខមនុស្សលោក! អញ្ចឹងហើយ បានជាពួកគ្រីស្ទានដែលបានត្រូវមកនាំដោយវិញ្ញាណ ដែលរស់នៅលើផែនដីនៅឡើយ គឺនាំមុខដ៏ខ្នះខ្នែងក្នុងការប្រកាសប្រាប់អ្នកដទៃអំពីរឿងនេះ! ជាពួកដែលនឹងក្លាយទៅជាផ្នែកនៃ«ប្រពន្ធថ្មោងថ្មី»របស់កូនចៀមដ៏សិរីល្អ ព្រះយេស៊ូគ្រីស្ទ នោះពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ គឺបានទាក់ទងនឹងការសម្រេចនៃពាក្យទំនាយទាំងនេះ៖ «ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា៖ ‹អញ្ជើញមក›! ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ (វិវរណៈ ២១:២, ៩; ២២:១, ២, ១៧) ផលប្រយោជន៍នៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ គឺមិនមែនសំរាប់តែមនុស្ស១៤៤.០០០នាក់នៃពួកចាក់ប្រេងតាំងប៉ុណ្ណោះទេ។ វិញ្ញាណរបស់ព្រះនៅខំធ្វើការតាមរយៈពួកនៅសល់នៃប្រពន្ធថ្មោងថ្មីនៅលើផែនដី ដោយពោលថា «អញ្ជើញមក»។ អស់អ្នកណាដែលឮ ហើយស្រេករកសេចក្ដីសុចរិត គឺបានអញ្ជើញឲ្យនិយាយថា ‹សូមមក›យកសំវិធានការដ៏បរិបូររបស់ព្រះយេហូវ៉ាសំរាប់សេចក្ដីសង្គ្រោះ។
៥. តើស្មរបន្ទាល់ព្រះយេហូវ៉ាសប្បាយចិត្តនឹងមានអ្នកណាក្នុងចំណោមគេ?
៥ ស្មរបន្ទាល់ព្រះយេហូវ៉ាមានជំនឿលើសំវិធានការរបស់ព្រះ ចំពោះជីវិតដោយសារព្រះយេស៊ូគ្រីស្ទ។ (កិច្ចការ ៤:១២) ពួកគេមានចិត្តសប្បាយ ដោយមានពួកស្មោះត្រង់ក្នុងចំណោមពួកគេ ដែលចង់រៀនអំពីគោលបំណងនិងធ្វើតាមព្រះហឫទ័យរបស់ព្រះ។ សាលព្រះរាជាណាចក្ររបស់គេ គឺបើកទ្វារសំរាប់មនុស្សគ្រប់គ្នា ដែលប្រាថ្នាចង់‹មកយកទឹកជីវិតដោយឥតចេញថ្លៃ› ក្នុង«គ្រាចុងបញ្ចប់»នេះ។—ដានីយ៉ែល ១២:៤
ការប្រែប្រួលកាលដែលពេលកន្លងទៅ
៦. តើវិញ្ញាណរបស់ព្រះមានប្រតិបត្ដិលើពួកអ្នកបំរើរបស់ព្រះយេហូវ៉ា ក្នុងកំឡុងគ្រាផ្សេងៗយ៉ាងដូចម្ដេច?
៦ ព្រះទ្រង់មានពេលវេលាដើម្បីនឹងសម្រេចគោលបំណងរបស់ទ្រង់ ហើយនេះគឺមានឥទ្ធិពលលើការប្រស្រ័យទាក់ទងរបស់ទ្រង់ជាមនុស្សលោក។ (សាស្ដា ៣:១; កិច្ចការ ១:៧) ថ្វីបើវិញ្ញាណរបស់ព្រះបានចាក់លើពួកអ្នកបំរើទ្រង់មុនសម័យគ្រីស្ទានក៏ដោយ នោះគេមិនបាននាំមកឲ្យធ្វើជាបុត្រវិញ្ញាណរបស់ទ្រង់ទេ។ ប៉ុន្តែ ចាប់ផ្ដើមជាមួយនឹងព្រះយេស៊ូ នោះពេលរបស់ព្រះយេហូវ៉ាបានមកដល់ ដើម្បីប្រើវិញ្ញាណបរិសុទ្ធឲ្យនាំមកមនុស្សប្រុសស្រីដែលថ្វាយខ្លួន ឲ្យទទួលមរតកនៅស្ថានសួគ៌។ ហើយចុះនៅសម័យរបស់យើងយ៉ាងណាដែរ? វិញ្ញាណបរិសុទ្ធដដែលនេះគឺមានឥទ្ធិពលលើ«ចៀមឯទៀត»របស់ព្រះយេស៊ូ ប៉ុន្តែគឺមិនធ្វើឲ្យគេមានសេចក្ដីសង្ឃឹមនិងសេចក្ដីប្រាថ្នាចំពោះជីវិតនៅស្ថានសួគ៌នោះឡើយ។ (យ៉ូហាន ១០:១៦) ដោយមានសេចក្ដីសង្ឃឹមដែលព្រះប្រទានឲ្យ សំរាប់ជីវិតអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ ពួកគេគាំទ្រដ៏សប្បាយរីករាយជួយពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ក្នុងការធ្វើបន្ទាល់ក្នុងកំឡុងប្រែប្រួលនេះ ពីពិភពលោកចាស់ទៅពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។—ពេត្រុសទី២ ៣:៥-១៣
៧. តើកិច្ចការច្រូតអ្វីដែលពួកសិស្សព្រះគម្ពីរ បានយកចិត្តទុកដាក់ធ្វើ ប៉ុន្តែ តើគេដឹងអ្វីអំពីសួនមនោរម្យ?
៧ ព្រះទ្រង់ចាប់ផ្ដើម‹នាំកូនជាច្រើនឲ្យបានសិរីល្អ› ដោយចាក់វិញ្ញាណបរិសុទ្ធនៅឯបុណ្យភិន្ដាកុសនៃឆ្នាំ ៣៣ស.យ. ហើយតាមប្រមើលទៅ ទ្រង់បានរៀបចំពេលដើម្បីយកឲ្យអស់«ពួកអ៊ីស្រាអែលនៃព្រះ»ខាងវិញ្ញាណ ដែលសរុបមាន១៤៤.០០០នាក់។ (ហេព្រើរ ២:១០; កាឡាទី ៦:១៦; វិវរណៈ ៧:១-៨) ចាប់ផ្ដើមក្នុងឆ្នាំ១៨៧៩ កិច្ចការច្រូតដែលទាក់ទងពួកគ្រីស្ទានចាក់ប្រេងតាំង តែងបានរៀបរាប់ក្នុងទស្សនាវដ្ដីនេះ។ ប៉ុន្តែពួកសិស្សព្រះគម្ពីរ (ឥឡូវនេះហៅជាស្មរបន្ទាល់ព្រះយេហូវ៉ា) ក៏បានស្គាល់បទគម្ពីរ ដែលមានសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចក្នុងផែនដីមនោរម្យ។ ជាឧទាហរណ៍ ប៉មយាម នៃខែកក្កដា ១៨៨៣ ចែងថា៖ «នៅពេលដែលព្រះយេស៊ូបានស្ថាបនាព្រះរាជាណាចក្រទ្រង់ កំទេចពួកអាក្រក់ជាដើម ផែនដីនេះនឹងក្លាយទៅជាទីមនោរម្យ . . . ហើយមនុស្សគ្រប់គ្នាក្នុងផ្នូរនឹងចេញពីផ្នូររបស់គេទៅក្នុងសួនមនោរម្យ។ ហើយដោយក្លាយទៅជាគោរពតាមច្បាប់ នោះគេនឹងអាចរស់នៅជានិរន្តរ៍»។ កាលដែលពេលកន្លងទៅ ការច្រូតយកពួកចាក់ប្រេងតាំងបានបន្ថយ ហើយបន្ដិចម្ដងៗ ពួកដែលឥតមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ បានច្រូតយកចូលក្នុងអង្គការរបស់ព្រះយេហូវ៉ា។ ក្នុងគ្រាចន្លោះនេះ ព្រះប្រទានដល់ពួកអ្នកបំរើចាក់ប្រេងតាំង ពួកគ្រីស្ទានដែលកើតជាថ្មី នូវការយោគយល់ដ៏គួរឲ្យកត់សម្គាល់។—ដានីយ៉ែល ១២:៣; ភីលីព ២:១៥; វិវរណៈ ១៤:១៥, ១៦
៨. តើតាមរបៀបណាដែលការយល់អំពីសេចក្ដីសង្ឃឹមខាងផែនដី បានរីកចំរើនក្នុងដើមទសវត្ស១៩៣០?
៨ ជាពិសេសតាំងពីឆ្នាំ១៩៣១ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមខាងផែនដី បានចូលរួមជាមួយក្រុមជំនុំគ្រីស្ទាន។ ក្នុងឆ្នាំនោះ ព្រះយេហូវ៉ាបានបំភ្លឺពួកគ្រីស្ទានដែលនៅសល់ដែលបាននាំមកដោយវិញ្ញាណ ឲ្យឃើញថា អេសេគាល ជំពូក៩ គឺសំដៅទៅពួកក្រុមខាងផែនដីនេះ ដែលកំពុងសម្គាល់ទុកសំរាប់សេចក្ដីសង្គ្រោះចូលទៅពិភពលោកថ្មីរបស់ព្រះ។ ក្នុងឆ្នាំ១៩៣២ គឺបានត្រូវសន្និដ្ឋានថា ពួកដែលមានលក្ខណៈដូចចៀមនៅសម័យនេះ គឺបានតំណាងដោយអ្នកចូលរួមរបស់យេហ៊ូវ គឺយ៉ូណាដាប។ (ពង្សាវតារក្សត្រទី២ ១០:១៥-១៧) ក្នុងឆ្នាំ១៩៣៤ បានឃើញច្បាស់ថា ពួក«យ៉ូណាដាប» ត្រូវ«ថ្វាយខ្លួន»គេជូនព្រះ។ ក្នុងឆ្នាំ១៩៣៥ «ពួកហ្វូងធំ»—ដែលបានយល់នៅពីមុនជាក្រុមខាងវិញ្ញាណទីពីរ ដែលនឹងជា«មិត្ត»នៃប្រពន្ធថ្មោងថ្មីរបស់ព្រះគ្រីស្ទក្នុងស្ថានសួគ៌—បានត្រូវសម្គាល់ជាចៀមឯទៀត ដែលមានសេចក្ដីសង្ឃឹមនៅលើផែនដី។ (វិវរណៈ ៧:៤-១៥; ២១:២, ៩; ទំនុកដំកើង ៤៥:១៤, ១៥) ហើយជាពិសេសតាំងពីឆ្នាំ១៩៣៥ ពួកចាក់ប្រេងតាំងបាននាំមុខក្នុងការស្វែងរកមនុស្សស្មោះ ដែលចង់រស់នៅជារៀងរហូតលើផែនដីមនោរម្យ។
៩. ក្រោយពីឆ្នាំ១៩៣៥ ហេតុអ្វីក៏ពួកគ្រីស្ទានខ្លះឈប់ទទួលទានវត្ថុតំណាងក្នុងអាហារល្ងាចរបស់ព្រះអម្ចាស់?
៩ ក្រោយពីឆ្នាំ១៩៣៥ ពួកគ្រីស្ទានខ្លះដែលបានទទួលទាននំប៉័ងនិងស្រានៅអាហារល្ងាចរបស់ព្រះអម្ចាស់ ក៏ឈប់ទទួលទានទៅ។ ហេតុអ្វី? ពីព្រោះគេដឹងថា សេចក្ដីសង្ឃឹមរបស់គេគឺនៅលើផែនដី មិនខាងស្ថានសួគ៌ទេ។ ស្ត្រីម្នាក់ដែលបានជ្រមុជទឹកក្នុងឆ្នាំ១៩៣០មានប្រសាសន៍ថា៖ «ថ្វីបើ[ការទទួលទាន] បានត្រូវចាត់ទុកជាអ្វីដែលត្រឹមត្រូវ ជាពិសេសចំពោះពួកអ្នកបំរើពេញពេលដ៏ខ្នះខ្នែង នោះខ្ញុំមិនបានជឿស៊ប់ថាខ្ញុំមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌នោះទេ។ រួចមក ក្នុងឆ្នាំ១៩៣៥ យើងបានឃើញជាក់ថា គឺកំពុងប្រមូលពួកហ្វូងធំ ដែលមានសេចក្ដីសង្ឃឹមរស់នៅរហូតនៅលើផែនដី។ យើងជាច្រើននាក់បានអរសប្បាយដោយយល់ថា យើងជាផ្នែកនៃហ្វូងធំនោះ ហើយយើងក៏ឈប់ទទួលទានវត្ថុតំណាង»។ សូម្បីប្រកាសនវត្ថុគ្រីស្ទានក៏មានការប្រែប្រួលប្រភេទដែរ។ កាលដែលប្រកាសនវត្ថុនៅឆ្នាំមុនៗ បានមានបំណងសំរាប់ពួកកាន់តាមព្រះយេស៊ូដែលបាននាំមកដោយវិញ្ញាណក្ដី តែតាំងពីឆ្នាំ១៩៣៥មក ប៉មយាម និងប្រកាសនវត្ថុផ្សេងទៀតនៃ‹អ្នកបំរើស្មោះត្រង់› គឺផ្ដល់អាហារខាងវិញ្ញាណដើម្បីសំរាប់សេចក្ដីត្រូវការ នៃពួកចាក់ប្រេងតាំងនិងគូកនដែលសង្ឃឹមរស់នៅលើផែនដី។—ម៉ាថាយ ២៤:៤៥-៤៧
១០. តើអ្នកចាក់ប្រេងតាំងដ៏ឥតស្មោះត្រង់ត្រូវដកចេញយ៉ាងដូចម្ដេច?
១០ ឧបមាថាអ្នកចាក់ប្រេងតាំងម្នាក់បានក្លាយទៅជាឥតស្មោះត្រង់។ តើនឹងមានអ្នកណាមកជំនួសទេ? ប៉ុលបានបង្ហាញជាច្រើនក្នុងការពិគ្រោះរបស់គាត់អំពីដើមអូលីវជានិមិត្តរូប។ (រ៉ូម ១១:១១-៣២) ប្រសិនបើត្រូវការយកកន្លែងជំនួសនៃបុគ្គលដែលបាននាំមកដោយវិញ្ញាណ នោះប្រហែលជាព្រះនឹងផ្ដល់ការត្រាស់ហៅខាងស្ថានសួគ៌ដល់មនុស្សណាម្នាក់ ដែលជំនឿរបស់ខ្លួនបានជាគំរូដ៏ល្អក្នុងកិច្ចបំរើបរិសុទ្ធដល់ទ្រង់អស់រយៈជាច្រើនឆ្នាំមកហើយ។—ប្រៀបធៀប លូកា ២២:២៨, ២៩; ពេត្រុសទី១ ១:៦, ៧
មូលហេតុជាច្រើនសំរាប់កតញ្ញូធម៌
១១. មិនថាយើងមានសេចក្ដីសង្ឃឹមប្រភេទណាក្ដី តើយ៉ាកុប ១:១៧ ធានារ៉ាប់រងអំពីអ្វី?
១១ នៅកន្លែងណាក៏ដោយដែលយើងបំរើព្រះយេហូវ៉ាដោយសេចក្ដីស្មោះត្រង់ នោះទ្រង់នឹងបំពេញសេចក្ដីត្រូវការ និងសេចក្ដីប្រាថ្នាដ៏ស្មោះរបស់យើង។ (ទំនុកដំកើង ១៤៥:១៦; លូកា ១:៦៧-៧៤) មិនថាយើងមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ដ៏ស្មោះ ឬសេចក្ដីសង្ឃឹមរបស់យើងនៅផែនដីក៏ដោយ យើងមានមូលហេតុដ៏ល្អសំរាប់កតញ្ញូធម៌ដល់ព្រះ។ ទ្រង់តែងតែធ្វើអ្វីៗដែលជាប្រយោជន៍សំរាប់អស់អ្នកដែលស្រឡាញ់ទ្រង់។ យ៉ាកុបមានប្រសាសន៍ថា«គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់ល័ក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ» គឺព្រះយេហូវ៉ា។ (យ៉ាកុប ១:១៧) សូមឲ្យយើងពិនិត្យមើលនូវអំណោយទាននិងពរខ្លះៗ។
១២. ហេតុអ្វីក៏យើងអាចនិយាយថា ព្រះយេហូវ៉ាប្រទានដល់អ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់នូវសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ?
១២ ព្រះយេហូវ៉ាបានប្រទានឲ្យពួកអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់នូវសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ។ ទ្រង់បានត្រាស់ហៅអ្នកខ្លះឲ្យរស់នៅលើស្ថានសួគ៌។ ចំពោះស្មរបន្ទាល់របស់ទ្រង់នៅមុនសម័យគ្រីស្ទាន ព្រះយេហូវ៉ាប្រទានសេចក្ដីសង្ឃឹមដ៏អស្ចារ្យនៃដំណើររស់ឡើងវិញ បានជីវិតអស់កល្បជានិច្ចនៅលើផែនដី។ ជាឧទាហរណ៍ អ័ប្រាហាំមានជំនឿក្នុងដំណើររស់ឡើងវិញ ហើយបានរង់ចាំ«ក្រុង១ ដែលមានឫសជញ្ជាំង»—ព្រះរាជាណាចក្រនៅស្ថានសួគ៌ ដែលលោកនឹងបានត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី។ (ហេព្រើរ ១១:១០, ១៧-១៩) ម្ដងនេះទៀត ក្នុងគ្រាចុងបញ្ចប់ ព្រះទ្រង់កំពុងប្រទានដល់មនុស្សរាប់លាននាក់ នូវសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។ (លូកា ២៣:៤៣; យ៉ូហាន ១៧:៣) យ៉ាងប្រាកដហើយ អ្នកណាម្នាក់ដែលព្រះយេហូវ៉ាបានប្រទានសេចក្ដីសង្ឃឹមដ៏អស្ចារ្យបែបនេះ ត្រូវតែមានអំណរគុណដ៏ជ្រាលជ្រៅ។
១៣. តើវិញ្ញាណរបស់ព្រះបានប្រតិបត្ដិលើរាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច?
១៣ ព្រះយេហូវ៉ាប្រទានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ជាអំណោយទានដល់រាស្ត្ររបស់ទ្រង់។ ពួកគ្រីស្ទានដែលទទួលសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ បានត្រូវចាក់ប្រេងតាំងដោយវិញ្ញាណបរិសុទ្ធ។ (យ៉ូហានទី១ ២:២០; ៥:១-៤, ១៨) ប៉ុន្តែ ពួកអ្នកបំរើរបស់ព្រះដែលមានសេចក្ដីសង្ឃឹមនៅផែនដី ក៏មានជំនួយនិងការដឹកនាំពីវិញ្ញាណបរិសុទ្ធដែរ។ ក្នុងចំណោមពួកនេះ គឺម៉ូសេ ដែលមានវិញ្ញាណរបស់ព្រះយេហូវ៉ា ហើយបុរស៧០នាក់ដែលបានតែងតាំងឲ្យជួយលោក ក៏មានវិញ្ញាណរបស់ព្រះដែរ។ (ជនគណនា ១១:២៤, ២៥) នៅក្រោមឥទ្ធិពលនៃវិញ្ញាណបរិសុទ្ធ បេតសាលាលបានបំរើជាអ្នកជំនាញសិប្បករ ដែលទាក់ទងនឹងរោងឧបោសថរបស់អ៊ីស្រាអែល។ (និក្ខមនំ ៣១:១-១១) វិញ្ញាណរបស់ព្រះបានធ្លាក់មកលើគេឌាន យែបថា សាំសុន ដាវីឌ អេលីយ៉ា អេលីសេ និងពួកអ្នកដទៃទៀត។ ថ្វីបើពួកបុគ្គលពីដើមទាំងនេះមិនទទួលសិរីល្អខាងស្ថានសួគ៌ក៏ដោយ តែពួកគេបានដឹកនាំនិងបានជួយដោយវិញ្ញាណបរិសុទ្ធ ដូចពួកចៀមឯទៀតរបស់ព្រះយេស៊ូសព្វថ្ងៃនេះដែរ។ ដូច្នេះ ការមានវិញ្ញាណរបស់ព្រះ មិនមានសេចក្ដីថា យើងមានការត្រាស់ហៅខាងស្ថានសួគ៌នោះឡើយ។ ប៉ុន្តែ វិញ្ញាណរបស់ព្រះយេហូវ៉ាផ្ដល់ការដឹកនាំ ជួយយើងឲ្យប្រកាសផ្សាយនិងបំពេញកិច្ចឯទៀតដែលព្រះចាត់ឲ្យធ្វើ គឺផ្ដល់ឥទ្ធិឫទ្ធិដ៏លើសលប់ ហើយផលិតឲ្យយើងមានផលផ្លែនៃសេចក្ដីស្រឡាញ់ អំណរ សុខសាន្ត ការអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ ជំនឿ សុភាព និងការទប់ចិត្ត។ (យ៉ូហាន ១៦:១៣; កិច្ចការ ១:៨; កូរិនថូសទី២ ៤:៧-១០; កាឡាទី ៥:២២, ២៣) តើយើងមិនត្រូវមានអំណរគុណចំពោះអំណោយទានពីព្រះនេះទេឬ?
១៤. តើយើងទទួលប្រយោជន៍ពីអំណោយទាននៃចំណេះនិងប្រាជ្ញារបស់ព្រះ យ៉ាងដូចម្ដេច?
១៤ ចំណេះនិងប្រាជ្ញាគឺជាអំណោយទានពីព្រះ ដែលយើងត្រូវមានអំណរគុណ មិនថាយើងមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ឬខាងផែនដី។ ចំណេះត្រឹមត្រូវអំពីព្រះយេហូវ៉ាជួយយើងឲ្យ‹ចេះពិចារណាមើលថាការអ្វីប្រសើរជាងគេ› ហើយ‹ឲ្យបានដើរបែបគួរនឹងព្រះយេហូវ៉ាក្នុងគ្រប់វិស័យទាំងអស់›។ (ភីលីព ១:៩-១១; កូល៉ុស ១:៩, ១០) ប្រាជ្ញារបស់ព្រះបំរើជាការការពារនិងការនាំផ្លូវក្នុងជីវិត។ (សុភាសិត ៤:៥-៧; សាស្ដា ៧:១២) ចំណេះនិងប្រាជ្ញាពិត គឺមានមូលដ្ឋានលើបន្ទូលរបស់ព្រះ ហើយពួកចាក់ប្រេងតាំងដែលនៅសល់ដ៏តិចតួច គឺទាក់ទាញចិត្តលើអ្វីដែលបានចែងអំពីសេចក្ដីសង្ឃឹមរបស់គេនៅស្ថានសួគ៌។ ប៉ុន្តែ សេចក្ដីស្រឡាញ់បន្ទូលរបស់ព្រះ ហើយមានការយល់ល្អ នោះមិនមែនជាផ្លូវរបស់ព្រះនៃការបង្ហាញថាយើងបានត្រាស់ហៅឲ្យទៅនៅស្ថានសួគ៌នោះទេ។ ពួកបុរសដូចម៉ូសេនិងដានីយ៉ែល ថែមទាំងបានសរសេរភាគខ្លះនៃព្រះគម្ពីរផង ប៉ុន្តែព្រះនឹងប្រោសគេឲ្យរស់ឡើងវិញនៅលើផែនដី។ ទោះជាយើងមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ឬផែនដីក្ដី យើងគ្រប់ៗគ្នាទទួលអាហារខាងវិញ្ញាណ តាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ដែលព្រះយេហូវ៉ាយល់ព្រម។ (ម៉ាថាយ ២៤:៤៥-៤៧) យើងមានអំណរគុណ ចំពោះចំណេះដែលយើងបានទទួលមកទល់ត្រឹមនេះ!
១៥. តើអ្វីជាអំណោយទានមួយក្នុងអំណោយទានដ៏ធំជាងគេរបស់ព្រះ ហើយតើយើងមានទស្សនៈយ៉ាងណា?
១៥ អំណោយទានដ៏ធំជាងគេមួយក្នុងអំណោយទានទាំងឡាយ គឺសំវិធានការដ៏ស្រឡាញ់នៃយញ្ញបូជាលោះរបស់ព្រះយេស៊ូ ដែលមានប្រយោជន៍ដល់យើងមិនថាយើងមានសេចក្ដីសង្ឃឹមខាងស្ថានសួគ៌ឬខាងផែនដី។ ព្រះទ្រង់បានស្រឡាញ់មនុស្សក្នុងលោក «ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) ហើយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូជំរុញទ្រង់«ឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) ដូចលោកយ៉ូហានបានពន្យល់ ព្រះយេស៊ូគ្រីស្ទ«ជាដង្វាយធួននឹងបាបយើងរាល់គ្នា [ពួកអ្នកចាក់ប្រេងតាំង] មិនត្រឹមតែបាបរបស់យើងរាល់គ្នាតែប៉ុណ្ណោះ គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ»។ (យ៉ូហានទី១ ២:១, ២) ដូច្នេះ យើងគ្រប់គ្នាត្រូវមានអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសំវិធានការដ៏ស្រឡាញ់នេះនៃសេចក្ដីសង្គ្រោះបានជីវិតអស់កល្បជានិច្ច។b
តើអ្នកនឹងមានវត្តមានទេ?
១៦. តើព្រឹត្ដិការណ៍ដ៏អស្ចារ្យអ្វីដែលនឹងធ្វើបុណ្យរំឭក ក្រោយពីថ្ងៃលិច នៅខែមេសា ទី១១ ១៩៩៨ ហើយតើអ្នកណាដែលគួរទៅ?
១៦ ការដឹងគុណចំពោះការលោះ ដែលព្រះប្រទានតាមរយៈបុត្ររបស់ទ្រង់ ត្រូវតែជំរុញយើងឲ្យមានវត្តមាននៅសាលព្រះរាជាណាចក្រឬកន្លែងឯទៀត ដែលស្មរបន្ទាល់ព្រះយេហូវ៉ានឹងមកប្រជុំគ្នា ក្រោយពីថ្ងៃលិច ទី១១ ខែមេសា ១៩៩៨ ដើម្បីនឹងធ្វើបុណ្យរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ។ ពេលដែលទ្រង់បានស្ថាបនាបុណ្យនេះជាមួយនឹងពួកសាវ័ករបស់ទ្រង់ ក្នុងរាត្រីចុងក្រោយនៃព្រះជន្មរបស់ទ្រង់លើផែនដី នោះព្រះយេស៊ូបានមានបន្ទូលថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ (លូកា ២២:១៩, ២០; ម៉ាថាយ ២៦:២៦-៣០) ពួកចាក់ប្រេងតាំងដែលនៅសល់ទាំងប៉ុន្មាន នឹងទទួលទាននៃនំប៉័ងឥតដំបែ ដែលតំណាងរូបកាយដ៏ឥតបាបរបស់ព្រះយេស៊ូ ហើយស្រាក្រហម គឺតំណាងឈាមរបស់ទ្រង់ ដែលបានចាក់បង្ហូរក្នុងយញ្ញបូជា។ ពួកគ្រីស្ទានដែលបាននាំមកដោយវិញ្ញាណតែប៉ុណ្ណោះ ដែលត្រូវទទួលទាននេះ ពីព្រោះមានតែពួកគេទេដែលនៅក្នុងកិច្ចព្រមព្រៀងថ្មី ហើយនៅក្នុងកិច្ចព្រមព្រៀងព្រះរាជាណាចក្រ ហើយមានសក្ខីភាពដ៏ឥតសង្ស័យនៃវិញ្ញាណបរិសុទ្ធរបស់ព្រះ ថាសេចក្ដីសង្ឃឹមរបស់គេគឺខាងស្ថានសួគ៌។ មនុស្សរាប់លាននាក់ទៀតនឹងមានវត្តមាន ជាអ្នកពិនិត្យមើលដ៏គោរពដែលមានអំណរគុណចំពោះសេចក្ដីស្រឡាញ់ ដែលព្រះនិងព្រះគ្រីស្ទបានបង្ហាញ ដែលទាក់ទងនឹងយញ្ញបូជារបស់ព្រះយេស៊ូ សំរាប់ជីវិតអស់កល្បជានិច្ច។—រ៉ូម ៦:២៣
១៧. តើយើងត្រូវចាំអ្វីដែលស្តីអំពីការចាក់ប្រេងតាំងដោយវិញ្ញាណ?
១៧ អតីតជំនឿខាងសាសនា និងអារម្មណ៍ដ៏ខ្លាំងដែលមានឡើងពីសេចក្ដីស្លាប់នៃបុគ្គលដ៏ស្ងួនភ្ងា ទុក្ខលំបាកដែលមានក្នុងជីវិតលើផែនដី ឬអារម្មណ៍នៃការបានទទួលពរដ៏ពិសេសពីព្រះយេហូវ៉ា ប្រហែលជានាំឲ្យបុគ្គលខ្លះសន្មតយ៉ាងខុសថា គេមានការត្រាស់ហៅខាងស្ថានសួគ៌។ ប៉ុន្តែ យើងគ្រប់ត្រូវចាំថា បទគម្ពីរមិនបញ្ជាយើងឲ្យទទួលវត្ថុតំណាងក្នុងពិធីបុណ្យរំឭក ដើម្បីបង្ហាញនូវការដឹងគុណរបស់យើងចំពោះយញ្ញបូជាលោះរបស់ព្រះយេស៊ូនោះទេ។ ម្យ៉ាងវិញទៀត ពួកចាក់ប្រេងតាំងដោយវិញ្ញាណ«មិនសម្រេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្ដាករុណាវិញ» ដែលព្រះអង្គបង្កើតព្រះយេស៊ូជាបុត្រខាងវិញ្ញាណ ហើយដែលនាំយកតែពួក១៤៤.០០០នាក់ប៉ុណ្ណោះឲ្យបានសិរីល្អ។—រ៉ូម ៩:១៦; អេសាយ ៦៤:៨
១៨. ចំពោះមនុស្សភាគច្រើនដែលបំរើព្រះយេហូវ៉ាសព្វថ្ងៃនេះ តើមានពរអ្វីនៅខាងមុខ?
១៨ ជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដីមនោរម្យ ជាសេចក្ដីសង្ឃឹមដែលព្រះប្រទានឲ្យដល់មនុស្សភាគច្រើន ដែលកំពុងបំរើព្រះយេហូវ៉ាក្នុងថ្ងៃជាន់ក្រោយបង្អស់។ (ធីម៉ូថេទី២ ៣:១-៥) មិនយូរប៉ុន្មានទៀត គេនឹងទទួលបានទីមនោរម្យដ៏អស្ចារ្យនេះ។ នៅពេលនោះ ចៅហ្វាយនឹងចាត់ចែងរឿងនៅលើផែនដីក្រោយការគ្រប់គ្រងនៅស្ថានសួគ៌។ (ទំនុកដំកើង ៤៥:១៦) ស្ថានភាពដ៏សុខសាន្តនឹងមាន កាលដែលមនុស្សនៅលើផែនដី ធ្វើតាមច្បាប់របស់ព្រះ ហើយរៀនថែមទៀតអំពីផ្លូវរបស់ព្រះយេហូវ៉ា។ (អេសាយ ៩:៦, ៧; វិវរណៈ ២០:១២) គឺនឹងមានកិច្ចការច្រើនដើម្បីធ្វើ ក្នុងការសង់ផ្ទះ និងការបង្ក្រាបរបស់នៅលើផែនដី។ (អេសាយ ៦៥:១៧-២៥) ហើយសូមគិតដល់ការជួបជុំគ្រួសារវិញដ៏សប្បាយ កាលដែលមនុស្សស្លាប់ចាប់ផ្ដើមរស់ឡើងវិញ! (យ៉ូហាន ៥:២៨, ២៩) ក្រោយពីការសាកល្បងចុងក្រោយ ពួកមនុស្សអាក្រក់ទាំងអស់នឹងលែងមានទៀតហើយ។ (វិវរណៈ ២០:៧-១០) នៅក្រោយរៀងរហូតទៅ ផែនដីនឹងមានពេញដោយមនុស្សគ្រប់ល័ក្ខណ៍ ដែល‹បានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ›។
[កំណត់សម្គាល់]
a សូមមើល Insight on the Scriptures, ក្បាលទី១, ទំព័រ ២២៥-៦
b សូមមើល ប៉មយាម ១៥ មីនា ១៩៩១ ទំព័រ ១៩-២២ (ភាសាអង់គ្លេស)
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើ‹ការយកទឹកជីវិតដ៏ឥតចេញថ្លៃ› មានន័យយ៉ាងណា?
◻ ថ្វីបើសេចក្ដីសង្ឃឹមរបស់យើងខាងស្ថានសួគ៌ឬខាងផែនដី តើមានមូលហេតុអ្វីចំពោះកតញ្ញូធម៌ដល់ព្រះ?
◻ តើការធ្វើបុណ្យប្រចាំឆ្នាំអ្វីដែលយើងរាល់គ្នាត្រូវទៅ?
◻ ចំពោះរាស្ត្រភាគច្រើនរបស់ព្រះយេហូវ៉ា តើមានអនាគតយ៉ាងណា?
[រូបភាពនៅទំព័រ៣២]
មនុស្សរាប់លាននាក់‹កំពុងយកទឹកជីវិតដ៏ឥតចេញថ្លៃ›។ តើអ្នកនៅក្នុងចំណោមពួកគេទេ?