ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅនាងរស់
សៀវភៅនាងរស់ជាកំណត់ហេតុពិតដែលធ្វើឲ្យមានអារម្មណ៍កក់ក្ដៅណាស់ ដោយបង្ហាញពីចិត្តស្មោះត្រង់ដែលស្ត្រីពីរនាក់មានចំពោះគ្នា។ នេះជាកំណត់ហេតុដែលសឲ្យឃើញនូវចិត្តអបអរចំពោះព្រះយេហូវ៉ានិងទំនុកចិត្តទៅលើរបៀបរៀបចំរបស់ទ្រង់។ នេះជារឿងដែលដៅបញ្ជាក់ថា ព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់ចំពោះវង្សត្រកូលរបស់ព្រះមេស្ស៊ី។ រឿងនេះទាក់ចិត្តទាញអារម្មណ៍យើងណាស់ ដោយរៀបរាប់អំពីអំណរនឹងការសោកសង្រេងរបស់ក្រុមគ្រួសារមួយ។ នេះហើយជាសាច់រឿងនៃសៀវភៅនាងរស់ ហើយក៏មានពត៌មានច្រើនថែមទៀតដែរ។
សៀវភៅនាងរស់បញ្ជាក់ពីរយៈពេលប្រហែលជា១១ឆ្នាំ «នៅក្នុងគ្រា ដែលពួកចៅហ្វាយ កំពុងកាន់កាប់ត្រួតត្រា»នៅស្រុកអ៊ីស្រាអែល។ (នាងរស់ ១:១) ព្រឹត្ដិការណ៍ដែលបានកត់ទុកក្នុងសៀវភៅនេះទំនងជាបានកើតឡើងនៅដើមសម័យរបស់ពួកចៅហ្វាយ ពីព្រោះលោកបូអូសដែលជាម្ចាស់ដីម្នាក់ក្នុងកំណត់ហេតុពិតនេះ គាត់ជាកូនរ៉ាហាបពីសម័យលោកយ៉ូស្វេ។ (យ៉ូស្វេ ២:១, ២; នាងរស់ ២:១; ម៉ាថាយ ១:៥) រឿងនេះទំនងជាបានត្រូវសរសេរដោយព្យាការីសាំយូអែលនៅឆ្នាំ១០៩០ មុនគ.ស.។ នេះជាសៀវភៅតែមួយគត់ក្នុងព្រះគម្ពីរដែលមានឈ្មោះរបស់ស្ត្រីដែលមិនមែនជាជនជាតិអ៊ីស្រាអែល។ សារក្នុងសៀវភៅនាងរស់គឺ«រស់នៅ ហើយពូកែផង»។—ហេព្រើរ ៤:១២
«កន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម»
ពេលដែលន៉ាអូមីនិងនាងរស់បានទៅដល់ភូមិបេថ្លេហិម នោះមនុស្សគ្រប់គ្នាផ្ដោតអារម្មណ៍លើពួកគាត់។ ស្ត្រីក្នុងភូមិនោះបានចង្អុលចំពោះអ៊ំស្រីម្នាក់នេះហើយសួរថា៖ «នេះតើជាន៉ាអូមីមែនឬអី?»។ ន៉ាអូមីបានតបឆ្លើយថា៖ «កុំហៅខ្ញុំថាន៉ាអូមីឡើយ។ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់! ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ»។—នាងរស់ ១:១៩-២១
ទុរភិក្សនៅស្រុកអ៊ីស្រាអែលកាលពីមុនបានជំរុញក្រុមគ្រួសាររបស់ន៉ាអូមីឲ្យចេញពីភូមិបេថ្លេហិមទៅរស់នៅស្រុកម៉ូអាប់ ហើយនៅពេលនោះគាត់មាន«ពោរពេញ»ក្នុងន័យថា មានស្វាមីនិងកូនប្រុសពីរនាក់។ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយបាននៅស្រុកម៉ូអាប់ នោះស្វាមីឈ្មោះអេលីម៉ាលេចបានស្លាប់ទៅ។ ក្រោយៗមកទៀត កូនប្រុសទាំងពីរនាក់រៀបការជាមួយនឹងស្ត្រីជនជាតិម៉ូអាប់ ឈ្មោះអ័រប៉ានិងនាងរស់។ ប្រមាណដប់ឆ្នាំបានកន្លងទៅទៀត ទើបកូនប្រុសទាំងពីរនាក់ស្លាប់ទៅទាំងអត់កូន ហើយនៅសល់ស្ត្រីបីនាក់ដែលគ្មានស្វាមី។ ន៉ាអូមីជាម្ដាយក្មេករបស់នាងទាំងពីរនាក់នោះ ហើយគាត់សម្រេចចិត្តត្រឡប់ទៅស្រុកយូដាវិញ។ ស្រីមេម៉ាយពីរនាក់របស់កូនន៉ាអូមីក៏បានចេញដំណើរជាមួយម្ដាយក្មេក។ នៅតាមផ្លូវ ន៉ាអូមីបង្ខំឲ្យកូនប្រសាទាំងពីរនាក់ត្រឡប់ទៅឯស្រុកម៉ូអាប់វិញ ដើម្បីរកស្វាមីពីសាសន៍របស់ខ្លួន។ អ័រប៉ាសុខចិត្តធ្វើតាមការបង្ខិតបង្ខំនោះ តែនាងរស់នៅតែចង់តាមន៉ាអូមីដោយនិយាយថា៖ «កន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្ដាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ។ សាសន៍របស់អ្នកម្ដាយនឹងបានជា សាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរ»។—នាងរស់ ១:១៦
ស្រីមេម៉ាយទាំងពីរនាក់នេះ ពោលគឺ ន៉ាអូមីនិងនាងរស់ បានទៅដល់ភូមិបេថ្លេហិមនៅរដូវដែលប្រជាជនចាប់ផ្ដើមច្រូតស្រូវឱក។ នាងរស់យកប្រយោជន៍ពីសិទ្ធិធ្វើតាមប្រការមួយដែលមានក្នុងច្បាប់របស់ព្រះ ដោយចាប់ផ្ដើមរើសសន្សំផលចំរូតក្នុងវាលស្រែដែលជាកម្មសិទ្ធិរបស់ញាតិសន្ដាននៃអេលីម៉ាលេច ពោលគឺ បុរសសាសន៍យូដាម្នាក់ឈ្មោះបូអូស ដែលមានវ័យចំណាស់បន្ដិច។ លោកបូអូសពេញចិត្តចំពោះនាងរស់ ដូច្នេះនាងក៏បន្តរើសសន្សំផលចំរូតពីស្រែគាត់«ទាល់តែចំរូតនៃស្រូវឱក នឹងស្រូវភោជ្ជសាលី»បានត្រូវបង្ហើយ។—នាងរស់ ២:២៣
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១:៨—ហេតុអ្វីបានជាន៉ាអូមីប្រាប់កូនប្រសាថា នាងទាំងពីរនាក់គួរត្រឡប់ទៅឯ«ផ្ទះម្ដាយឯងវិញរៀងខ្លួន» ជាជាងប្រាប់ឲ្យនាងទៅផ្ទះរបស់ឪពុកវិញ? កំណត់ហេតុមិនប្រាប់ថា ឪពុករបស់អ័រប៉ានៅរស់ឬអត់នៅពេលនោះទេ។ ក៏ប៉ុន្តែ ឪពុករបស់នាងរស់គឺនៅរស់មែន។ (នាងរស់ ២:១១) យ៉ាងណាក៏ដោយ ប្រហែលជាន៉ាអូមីបានសំដៅទៅលើផ្ទះម្ដាយដោយគិតថា ការនិយាយអំពីម្ដាយប្រហែលជានឹងនាំឲ្យពួកគេនឹកគិតអំពីការសំរាលទុក្ខដែលមកពីម្ដាយដែលបង្ហាញនូវសេចក្ដីស្រឡាញ់។ នេះពិតជាអាចធ្វើឲ្យកូនស្រីមានអារម្មណ៍ធូរស្រាលមែន ជាពិសេសនៅពេលដែលពួកគេកំពុងតែមានចិត្តសង្រេងដោយបានបែកចេញពីម្ដាយក្មេកដែលគេស្រឡាញ់នោះ។ ពំនោលរបស់ន៉ាអូមីក៏ប្រហែលជាបញ្ជាក់នូវគំនិតថា គាត់មិនមានផ្ទះសម្បែងស្អាតដូចជាម្ដាយរបស់នាងរស់និងអ័រប៉ានោះឡើយ។
១:១៣, ២១—តើព្រះយេហូវ៉ាបណ្ដាលឲ្យន៉ាអូមីកើតទុក្ខព្រួយជាខ្លាំងនោះឬទេ? ព្រះយេហូវ៉ាមិនបានបណ្ដាលឲ្យន៉ាអូមីកើតទុក្ខព្រួយទេ ហើយន៉ាអូមីក៏មិនចោទថាព្រះបានធ្វើបាបដល់នាងទេ។ ក៏ប៉ុន្តែ ដោយគិតអំពីអ្វីៗដែលបានកើតឡើងក្នុងជីវិតរបស់ខ្លួន នោះន៉ាអូមីគិតថាព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងគាត់។ ន៉ាអូមីចេះតែភ័យព្រួយហើយអស់សង្ឃឹម។ ម្យ៉ាងទៀត នៅសម័យនោះគេបានចាត់ទុកផលដែលកើតពីផ្ទៃ ជាពរដែលមកពីព្រះ ហើយភាពជាស្រីអារជាបណ្ដាសាវិញ។ ដោយសារន៉ាអូមីគ្មានចៅហើយកូនប្រុសពីរនាក់បានស្លាប់ទៅហើយ នោះគាត់ប្រហែលជាមានហេតុគិតថាព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងគាត់ឬបានធ្វើឲ្យគាត់អាម៉ាស់មុខ។
២:១២—តើនាងរស់បានទទួល«បំណាច់ដ៏ពោរពេញ»អ្វីពីព្រះយេហូវ៉ា? នាងរស់បានបង្កើតកូនប្រុសមួយ ហើយបានទទួលឯកសិទ្ធិក្លាយជាខ្សែរយៈម្នាក់ក្នុងវង្សត្រកូលដ៏សំខាន់បំផុត ជាអយ្យការបស់ព្រះយេស៊ូគ្រីស្ទ។—នាងរស់ ៤:១៣-១៧; ម៉ាថាយ ១:៥, ១៦
មេរៀនសំរាប់យើង:
១:៨; ២:២០: ទោះជាន៉ាអូមីបានរងទុក្ខលំបាកដ៏ខ្លោចផ្សាក្ដី គាត់បានរក្សាឲ្យមានទំនុកចិត្តទៅលើសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា។ យើងគួរធ្វើដូចគ្នាដែរ ជាពិសេសពេលដែលយើងជួបប្រទះទុក្ខលំបាកឬការល្បងលដ៏ខ្លាំង។
១:៩: ផ្ទះសម្បែងមិនគួរធ្វើជាទីកន្លែងដែលសមាជិកគ្រួសារបរិភោគអាហារនិងគេងសម្រាន្តប៉ុណ្ណោះទេ។ តែផ្ទះសម្បែងគួរជាទីកន្លែងសំរាប់សំរាកដោយសន្ដិសុខនិងមានសុខសាន្តជាមួយក្រុមគ្រួសារ។
១:១៤-១៦: អ័រប៉ាបាន«ត្រឡប់ទៅឯសាសន៍ហើយនឹងព្រះរបស់»នាងវិញ។ នាងរស់មិនបានធ្វើដូច្នេះទេ។ នាងរស់បានចេញពីភាពសុខសាន្ត សុខស្រួលនៅឯប្រទេសកំណើត ហើយបានរក្សាឲ្យមានភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ការបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះព្រះ និងការបង្ហាញនូវស្មារតីលះបង់អាចជួយការពារយើងពីការចុះចាញ់ដោយធ្វើតាមចិត្តប្រាថ្នាដ៏អត្តទត្ថ ហើយពីការ«ថយទៅវិញ ឲ្យត្រូវវិនាស»។—ហេព្រើរ ១០:៣៩
២:២: នាងរស់ចង់ទទួលប្រយោជន៍ពីសិទ្ធិរើសសន្សំផលដំណាំ ដែលជាសំវិធានការមួយសំរាប់ពួកអ្នកប្រទេសក្រៅនិងពួកអ្នកក្រទុគ៌ត។ នាងរស់មានចិត្តរាបទាប។ ជនគ្រីស្ទានណាដែលខ្វះខាត មិនគួរមានឫកខ្ពស់ដល់ម្ល៉េះបានជាមិនព្រមទទួលជំនួយពីបងប្អូនរួមជំនឿដែលស្រឡាញ់គាត់ ឬទទួលជំនួយពីរដ្ឋាភិបាលបើគាត់មានសិទ្ធិទទួលនោះ។
២:៧: ទោះបីនាងរស់មានសិទ្ធិរើសសន្សំផលដំណាំក្ដី នាងបានសូមការអនុញ្ញាតជាមុនសិន។ (លេវីវិន័យ ១៩:៩, ១០) នេះបង្ហាញថា នាងរស់ជាមនុស្សរាបសានិងសុភាព។ យកល្អឲ្យយើង«ស្វែងរកសេចក្ដីសុភាព» ពីព្រោះ«មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—សេផានា ២:៣; ទំនុកដំកើង ៣៧:១១
២:១១: នាងរស់មិនបានធ្វើជាញាតិសន្ដានប៉ុណ្ណោះទេ ចំពោះន៉ាអូមី។ នាងក៏ជាមិត្តសំឡាញ់ពិតផងដែរ។ (សុភាសិត ១៧:១៧) ន៉ាអូមីនិងនាងរស់មានមិត្តភាពដ៏ជាប់លាប់ពីព្រោះនេះមានមូលដ្ឋានលើគុណសម្បត្ដិដូចជាសេចក្ដីស្រឡាញ់ ចិត្តស្មោះត្រង់ ការយល់ចិត្តគ្នា សេចក្ដីសប្បុរសនិងស្មារតីលះបង់។ សំខាន់ជាងនេះទៅទៀត មិត្តភាពរបស់ពួកគាត់មានមូលដ្ឋានលើជំនឿខាងវិញ្ញាណ ពោលគឺ ចិត្តចង់បំរើព្រះយេហូវ៉ា ហើយចង់រួមចំណែកក្នុងចំណោមពួកអ្នកដែលថ្វាយបង្គំទ្រង់។ យើងក៏មានឱកាសល្អៗដែរ ដើម្បីបង្កើតឲ្យមានមិត្តសំឡាញ់ពិតក្នុងចំណោមពួកអ្នកថ្វាយបង្គំពិត។
២:១៥-១៧: ទោះបើបូអូសបានអនុញ្ញាតឲ្យនាងរស់ធ្វើការមិនសូវនឿយហត់ក៏ដោយ «នាងក៏រើសសន្សំនៅក្នុងស្រែនោះ រហូតដល់ល្ងាច»ដែរ។ នាងរស់ខំធ្វើការនឿយហត់មែន។ ជនគ្រីស្ទានយើងគួរមានកេរ្ដិ៍ឈ្មោះជាអ្នកធ្វើការយ៉ាងខ្នះខ្នែងដែរ។
២:១៩-២២: នៅពេលល្ងាច ន៉ាអូមីនិងនាងរស់បានពិគ្រោះជាមួយគ្នាយ៉ាងសប្បាយ ដោយអ្នកវ័យចាស់យកចិត្តទុកដាក់ចំពោះទង្វើរបស់អ្នកដែលក្មេងជាង ហើយស្ត្រីទាំងពីរនាក់ប្រាប់ពីគំនិតនិងអារម្មណ៍របស់ខ្លួនដោយឥតទើសទាល់។ ក្រុមគ្រួសារគ្រីស្ទានគួរតែមានស្ថានភាពដូចគ្នា មែនទេ?
២:២២, ២៣: នាងរស់បានសេពគប់ជាមួយនឹងពួកអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា មិនដូចនាងឌីណាដែលជាកូនស្រីរបស់យ៉ាកុបនោះទេ។ នាងរស់ជាគំរូល្អណាស់សំរាប់យើង!—លោកុប្បត្តិ ៣៤:១, ២; កូរិនថូសទី១ ១៥:៣៣
ន៉ាអូមីក្លាយជាមនុស្ស«ពោរពេញ»
ន៉ាអូមីមានវ័យចាស់ហើយមិនអាចបង្កើតកូនបានឡើយ។ ដូច្នេះ ន៉ាអូមីផ្ដល់ការណែនាំឲ្យនាងរស់ធ្វើជាអ្នកបង្កើតកូនជំនួសខ្លួន ដោយរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកលោះឬរៀបការស្នងត្រកូលតាមច្បាប់ជាសាច់ញាតិជិតដិតគ្នា ដែលមានន័យថា បងឬប្អូនថ្លៃឬក៏សាច់ញាតិផ្សេងយកនាងធ្វើជាភរិយា។ នាងរស់បានធ្វើតាមការណែនាំពីន៉ាអូមី ដោយសុំលោកបូអូសរៀបអាពាហ៍ពិពាហ៍ជាមួយនាងតាមច្បាប់ជាអ្នកលោះឬអ្នករៀបការស្នងត្រកូល។ បូអូសបានយល់ព្រម។ ក៏ប៉ុន្តែ មានសាច់ញាតិជិតដិតជាងបូអូសទៅទៀត ដែលមានសិទ្ធិទទួលនាងជាភរិយាជាជាង។
លោកបូអូសបានព្យាយាមដោះស្រាយរឿងនោះភ្លាម។ ស្អែកឡើងលោកបានទៅប្រមូលបុរសវ័យចំណាស់ដប់នាក់ពីភូមិបេថ្លេហិមឲ្យជួបជាមួយសាច់ញាតិរបស់ន៉ាអូមីដែលជិតដិតជាងលោក ហើយសួរគាត់ថា តើគាត់យល់ព្រមរៀបអាពាហ៍ពិពាហ៍ជាមួយនាងរស់តាមច្បាប់ជាសាច់ញាតិឬជាអ្នកលោះឬទេ? បុរសនោះមិនព្រមទេ។ អាស្រ័យហេតុនេះ បូអូសបានធ្វើជាអ្នកលោះឬអ្នកស្នងត្រកូលជំនួសដោយរៀបអាពាហ៍ពិពាហ៍ជាមួយនាងរស់តាមច្បាប់ជាសាច់ញាតិ។ ចំណងអាពាហ៍ពិពាហ៍របស់បូអូសនិងនាងរស់នាំឲ្យបង្កើតបានកូនប្រុសមួយឈ្មោះអូបិឌ ដែលជាជីតារបស់ស្តេចដាវីឌ។ បន្ទាប់ពីនាងរស់បង្កើតបានកូនប្រុសនោះ ស្ត្រីនៅភូមិបេថ្លេហិមក៏និយាយជាមួយន៉ាអូមីថា៖ «សូមឲ្យព្រះយេហូវ៉ា . . . បានប្រកបដោយព្រះពរ . . . កូននេះនឹងបានសំរាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក»។ (នាងរស់ ៤:១៤, ១៥) ស្ត្រីវ័យចំណាស់ដែលបានត្រឡប់មកភូមិបេថ្លេហិម«ដោយទទេ»នោះ បានត្រឡប់មាន«ពោរពេញ»វិញ!—នាងរស់ ១:២១
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
៣:១១—តើអ្វីបាននាំឲ្យនាងរស់មានកេរ្ដិ៍ឈ្មោះ«ជាស្ត្រីល្អត្រឹមត្រូវណាស់»? មនុស្សដទៃមិនបានកោតស្ញប់ស្ញែងចំពោះនាងរស់ដោយព្រោះនាងតុបតែងខ្លួន«ដោយបែបខាងក្រៅ ដូចជាក្រងសក់»និង«ពាក់មាសឬសំលៀកបំពាក់ផ្សេងៗឡើយ»។ ផ្ទុយទៅវិញ គេកោតស្ញប់ស្ញែងចំពោះលក្ខណៈរបស់នាងដែលបង្ហាញពី«មនុស្សលាក់កំបាំងក្នុងចិត្ត» ពោលគឺ ចិត្តស្មោះត្រង់និងសេចក្ដីស្រឡាញ់ ហើយចិត្តរាបទាប ចិត្តខ្នះខ្នែងនិងស្មារតីលះបង់។ ស្ត្រីណាដែលកោតខ្លាចព្រះហើយប្រាថ្នាចង់បាននូវកេរ្ដិ៍ឈ្មោះដូចនាងរស់ ក៏ត្រូវខិតខំបណ្ដុះឲ្យមានគុណសម្បត្ដិដូចនេះ។—ពេត្រុសទី១ ៣:៣, ៤; សុភាសិត ៣១:២៨-៣១
៣:១៤—ហេតុអ្វីបានជានាងរស់និងបូអូសភ្ញាក់ពីដេកមុនថ្ងៃរះ? នេះមិនបានន័យថាពួកគាត់បានប្រព្រឹត្តអំពើអសីលធម៌ក្នុងកំឡុងពេលយប់ ហើយចង់លាក់ទុករឿងនោះឡើយ។ អ្វីដែលនាងរស់បានធ្វើនៅយប់នោះទំនងជាសមស្របទៅតាមទម្លាប់របស់ស្ត្រីនៅសម័យនោះ ដែលចង់រៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុរសតាមច្បាប់ជាសាច់ញាតិជិតដិត។ នាងរស់បានធ្វើតាមការណែនាំរបស់ន៉ាអូមី។ ម្យ៉ាងទៀត របៀបដែលលោកបូអូសប្រព្រឹត្តតបស្នងនឹងនាងវិញ នោះបង្ហាញថាគាត់មិនចាត់ទុកទង្វើរបស់នាងជាការមិនសមរម្យឡើយ។ (នាងរស់ ៣:២-១៣) តាមមើលទៅ នាងរស់និងលោកបូអូសបានភ្ញាក់ឡើងពីព្រលឹមដើម្បីកុំឲ្យមនុស្សដទៃមានហេតុពោលពាក្យចចាមអារ៉ាម។
៣:១៥—ពេលដែលលោកបូអូសឲ្យនាងរស់នូវស្រូវឱក៦រង្វាល់នោះ តើនេះមានន័យសំខាន់អ្វី? ទង្វើនេះទំនងជាបានបញ្ជាក់ន័យថា គ្រាឈប់សំរាកសំរាប់នាងរស់គឺជិតដល់ហើយ ដូចជាថ្ងៃឈប់សំរាកដែលតែងតែមានបន្ទាប់ពីធ្វើការអស់ប្រាំមួយថ្ងៃ។ លោកបូអូសមានបំណងរៀបចំឲ្យនាងមាន«សេចក្ដីស្រាកស្រាន្ត»នៅក្នុងផ្ទះរបស់ស្វាមី។ (នាងរស់ ១:៩; ៣:១) ទស្សនៈមួយទៀតថា ប្រហែលជានាងរស់អាចទូលបានតែប្រាំមួយរង្វាល់ប៉ុណ្ណោះ។
៣:១៦—ហេតុអ្វីបានជាន៉ាអូមីសួរនាងរស់ថា៖ «តើឯងឬអី កូនអើយ»? តើន៉ាអូមីមិនស្គាល់កូនប្រសាឬ? ន៉ាអូមីប្រហែលជាមិនស្គាល់នាងមែន ដ្បិតម៉ោងដែលនាងរស់បានត្រឡប់ទៅឯន៉ាអូមីនោះ ប្រហែលជានៅយប់នៅឡើយ។ ក៏ប៉ុន្តែ សំនួរនោះក៏អាចបង្កប់អត្ថន័យថា ន៉ាអូមីចង់ដឹងថាតើនាងមានអត្តសញ្ញាណថ្មីដោយសារមានលទ្ធភាពរៀបអាពាហ៍ពិពាហ៍តាមច្បាប់ជាមួយសាច់ញាតិជិតដិតឬទេ?
៤:៦—បើអ្នកលោះឬអ្នកស្នងត្រកូលសុខចិត្តធ្វើតាមច្បាប់ដើម្បីជួយលោះបងប្អូនសាច់ញាតិរបស់ខ្លួន តើនេះអាច«បង្ខូច»មត៌ករបស់គាត់បានយ៉ាងណា? មុនដំបូង បើមនុស្សដែលបានធ្លាក់ខ្លួនក្រនោះបានលក់ដីដែលជាមត៌ករបស់ខ្លួន អ្នកលោះនោះត្រូវតែបង់ថ្លៃដើម្បីទិញដីនោះមកវិញ ឲ្យមានតម្លៃស្របទៅតាមចំនួនឆ្នាំដែលនៅសល់មុននឹងឆ្នាំសោមនស្សមកដល់។ (លេវីវិន័យ ២៥:២៥-២៧) បើធ្វើដូច្នេះ នោះកម្មសិទ្ធិរបស់គាត់ក៏ត្រូវមានតម្លៃថយចុះដែរ។ ម្យ៉ាងទៀត បើនាងរស់បង្កើតបានកូនប្រុសមួយ នោះកូនរបស់នាងត្រូវទទួលដីស្រែដែលបានទិញមកវិញនោះជាមត៌ក មិនមែនសាច់ញាតិឯទៀតរបស់អ្នកលោះនោះទេ។
មេរៀនសំរាប់យើង:
៣:១២; ៤:១-៦: លោកបូអូសបានធ្វើតាមការរៀបចំរបស់ព្រះយ៉ាងដិតដល់។ តើយើងកំពុងតែប្រុងស្មារតីធ្វើតាមរបៀបដែលព្រះកំណត់ឲ្យឬទេ?—កូរិនថូសទី១ ១៤:៤០
៣:១៨: ន៉ាអូមីបានទុកចិត្តលើបូអូស។ យើងគួរមានទំនុកចិត្តស្រដៀងគ្នាដែរ ចំពោះអ្នកជឿគ្នីគ្នាដែលមានចិត្តស្មោះភក្ដី មែនទេ? នាងរស់សុខចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយបងឬប្អូនថ្លៃឬក៏សាច់ញាតិផ្សេងទៀត ទោះជានាងមិនស្គាល់បុរសនោះ ដែលព្រះគម្ពីរមិនបានរៀបរាប់ឈ្មោះក្ដី។ (នាងរស់ ៤:១) ហេតុអ្វីបានជានាងយល់ព្រមធ្វើដូច្នេះ? គឺពីព្រោះនាងបានទុកចិត្តលើការរៀបចំរបស់ព្រះ។ តើយើងមានទំនុកចិត្តស្រដៀងគ្នាឬទេ? ជាឧទាហរណ៍ ពេលដែលយើងកំពុងតែរកគូអាពាហ៍ពិពាហ៍ តើយើងធ្វើតាមដំបូន្មានឲ្យ«រៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា»ឬទេ?—កូរិនថូសទី១ ៧:៣៩, ខ.ស.
៤:១៣-១៦: ទោះបើនាងរស់ជាស្ត្រីជនជាតិម៉ូអាប់ ហើយជាអតីតអ្នកថ្វាយបង្គំព្រះកេម៉ូសក្ដី នាងបានទទួលឯកសិទ្ធិពិសេសណាស់! រឿងនេះបញ្ជាក់ពីគោលការណ៍ដែលថា៖ «មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមានសេចក្ដីមេត្ដាករុណាវិញ»។—រ៉ូម ៩:១៦
ប្រហែលជាព្រះនឹង ‹ដំកើងអ្នកឡើងនៅវេលាកំណត់›ដែរ
សៀវភៅនាងរស់បានលើកតម្កើងព្រះយេហូវ៉ាជាព្រះដែលពេញទៅដោយសេចក្ដីសប្បុរសដ៏ស្មោះ ដែលសម្រេចការដើម្បីជួយអ្នកបំរើស្មោះត្រង់របស់ទ្រង់។ (របាក្សត្រទី២ ១៦:៩) ពេលដែលយើងរំពឹងគិតអំពីពរដែលនាងរស់បានទទួលនោះ យើងក៏ទទួលស្គាល់នូវប្រយោជន៍ដែលមកពីការទុកចិត្តលើព្រះដោយឥតស្ទាក់ស្ទើរ គឺដោយជឿទាំងស្រុងថា«មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។—ហេព្រើរ ១១:៦
នាងរស់ ន៉ាអូមីនិងលោកបូអូសបានទុកចិត្តទាំងស្រុងទៅលើការរៀបចំរបស់ព្រះយេហូវ៉ា ហើយពួកគាត់បានទទួលប្រយោជន៍ជាច្រើន។ ស្រដៀងគ្នាដែរ «គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់»។ (រ៉ូម ៨:២៨) ហេតុនេះហើយ ចូរឲ្យយើងធ្វើតាមដំបូន្មានរបស់សាវ័កពេត្រុសដែលថា៖ «ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ! ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។—ពេត្រុសទី១ ៥:៦, ៧
[រូបភាពនៅទំព័រ២៩]
តើអ្នកដឹងនូវមូលហេតុដែលនាងរស់មិនព្រមបោះបង់ចោលន៉ាអូមី?
[រូបភាពនៅទំព័រ៣០]
តើអ្វីបានជួយឲ្យនាងរស់មានកេរ្ដិ៍ឈ្មោះ«ជាស្ត្រីល្អត្រឹមត្រូវណាស់»?
[រូបភាពនៅទំព័រ៣១]
តើនាងរស់បានទទួល«បំណាច់ដ៏ពោរពេញ»អ្វីពីព្រះយេហូវ៉ា?