ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅសាំយូអែលទី២
តើការទទួលស្គាល់អធិបតេយ្យរបស់ព្រះយេហូវ៉ាតម្រូវឲ្យយើងស្ដាប់បង្គាប់ទ្រង់យ៉ាងល្អឥតខ្ចោះឬ? តើបុគ្គលដែលបង្ហាញចិត្តស្មោះគ្រប់លក្ខណ៍តែងតែធ្វើអ្វីត្រឹមត្រូវចំពោះព្រះឬ? តើមនុស្សបែបណាដែលព្រះដ៏ពិតចាត់ទុកជាអ្នក«ដែលត្រូវនឹងព្រះហឫទ័យទ្រង់?»។ (សាំយូអែលទី១ ១៣:១៤) សៀវភៅសាំយូអែលទី២ផ្ដល់នូវចម្លើយដែលធ្វើឲ្យយើងស្កប់ចិត្តចំពោះសំនួរទាំងនេះ។
សាំយូអែលទី២ត្រូវបានសរសេរដោយកាឌ់និងណាថាន់ ជាព្យាការីពីរនាក់ដែលមានចំណងមេត្រីភាពដ៏ជិតស្និទ្ធនឹងស្តេចដាវីឌនៅអ៊ីស្រាអែលពីសម័យបុរាណ។a សៀវភៅនេះត្រូវបានសរសេរចប់នៅឆ្នាំ១០៤០ មុនគ.ស. ហើយពេលជិតដល់ទីបញ្ចប់នៃការសោយរាជ្យ៤០ឆ្នាំរបស់ដាវីឌ សៀវភៅនេះចែងអំពីដាវីឌនិងចំណងមេត្រីភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ កំណត់ហេតុនេះរៀបរាប់យ៉ាងរំភើបនូវរបៀបដែលសាសន៍ដែលធ្លាប់ប្រឆាំងគ្នាក្លាយទៅជាព្រះរាជាណាចក្រដែលរីកចំរើនក្រោមការគ្រប់គ្រងរបស់ស្តេចដ៏ក្លាហាន។ កំណត់ហេតុដ៏គួរឲ្យចាប់អារម្មណ៍នេះគឺពោរពេញទៅដោយការបង្ហាញអារម្មណ៍យ៉ាងជ្រាលជ្រៅ។
ដាវីឌ«ចំរើនកាន់តែខ្លាំងឡើង»
ប្រតិកម្មរបស់ដាវីឌចំពោះដំណឹងថាសូលនិងយ៉ូណាថានបានសោយទិវង្គតបង្ហើបឲ្យឃើញនូវអារម្មណ៍របស់ដាវីឌចំពោះទ្រង់ទាំងពីរអង្គនិងចំពោះព្រះយេហូវ៉ាដែរ។ ដាវីឌត្រូវបានតែងតាំងជាស្តេចលើកុលសម្ព័ន្ធយូដានៅក្រុងហេប្រុន។ បុត្ររបស់សូលនាមអ៊ីសបូសែតត្រូវបានតែងតាំងជាស្តេចលើដែនដីអ៊ីស្រាអែលទាំងប៉ុន្មាននោះ។ ដាវីឌ«ចំរើនកាន់តែខ្លាំងឡើង» ហើយប្រមាណប្រាំពីរឆ្នាំកន្លះក្រោយមក ដាវីឌសោយរាជ្យលើដែនដីអ៊ីស្រាអែលទាំងមូល។—សាំយូអែលទី២ ៥:១០
ដាវីឌចាប់យកក្រុងយេរូសាឡិមពីពួកយេប៊ូ ហើយលើកក្រុងនោះជារាជធានីនៃព្រះរាជាណាចក្ររបស់ទ្រង់។ ដាវីឌបានព្យាយាមយកហឹបនៃសេចក្ដីសញ្ញានៅលើកដំបូងឥតបានជោគជ័យទេ។ ប៉ុន្តែ នៅលើកទីពីរគឺទទួលបានជោគជ័យ ហើយដាវីឌរាំអរសប្បាយ។ ព្រះយេហូវ៉ាបានធ្វើកិច្ចសន្យាជាមួយនឹងដាវីឌចំពោះព្រះរាជាណាចក្រ។ ដាវីឌបានបង្ក្រាបពួកសត្រូវដោយសារព្រះគង់នៅជាមួយគាត់ជានិច្ច។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២:១៨—ហេតុអ្វីក៏ព្រះគម្ពីរចែងថាយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែលជាកូនទាំង៣នាក់របស់សេរូយ៉ាដែលជាម្ដាយទៅវិញ? នៅក្នុងបទគម្ពីរភាសាហេព្រើរ ធម្មតាវង្សត្រកូលគឺហៅតាមខ្សែរបស់ឪពុក។ ស្វាមីរបស់សេរូយ៉ាប្រហែលជាបានស្លាប់មុនអាយុ ឬស្វាមីគាត់មិនមែនជាបុគ្គលល្អដែលសមឲ្យកត់ទុកក្នុងព្រះគម្ពីរឡើយ។ ប្រហែលជាហេតុដែលកត់ទុកឈ្មោះសេរូយ៉ាពីព្រោះគាត់ជាប្អូនស្រីរបស់ដាវីឌឬប្អូនស្រីឪពុកតែមួយ។ (របាក្សត្រទី១ ២:១៥, ១៦) មានឯកសារយោងតែមួយគត់ដែលសំដៅទៅឪពុកនៃកូនទាំងបីគឺពេលដែលនិយាយអំពីកន្លែងបញ្ចុះសពនៅភូមិបេថ្លេហិម។—សាំយូអែលទី២ ២:៣២
៥:១, ២—តើអ៊ីសបូសែតបានសោយទិវង្គតអស់យូរប៉ុន្មានមុននឹងដាវីឌត្រូវគ្រប់គ្រងជាស្តេចលើដែនដីអ៊ីស្រាអែលទាំងមូល? គឺទំនងជាសមហេតុផលដោយសន្និដ្ឋានថាក្រោយពីស្តេចសូលសោយទិវង្គត នោះអ៊ីសបូសែតបានចាប់សោយរាជ្យអស់ពីរឆ្នាំ ហើយនេះគឺដំណាលគ្នានឹងពេលដែលដាវីឌបានចាប់ផ្ដើមសោយរាជ្យនៅក្រុងហេប្រុន។ ដាវីឌបានគ្រប់គ្រងស្រុកយូដាពីក្រុងហេប្រុនអស់ប្រាំពីរឆ្នាំកន្លះ។ បន្ដិចក្រោយពីបានក្លាយជាស្តេចលើដែនដីអ៊ីស្រាអែលទាំងមូលហើយ នោះដាវីឌបានដូរទៅនៅក្រុងយេរូសាឡិមដែលក្លាយជារាជធានី។ ហេតុដូច្នេះហើយ ក្រោយពីអ៊ីសបូសែតបានសោយទិវង្គតអស់ប្រាំឆ្នាំ នោះដាវីឌបានក្លាយទៅជាស្តេចគ្រប់គ្រងសាសន៍អ៊ីស្រាអែលទាំងមូល។—សាំយូអែលទី២ ២:៣, ៤, ៨-១១; ៥:៤, ៥
៨:២—តើសាសន៍ម៉ូអាប់ប៉ុន្មាននាក់បានស្លាប់ក្រោយពីច្បាំងជាមួយពួកអ៊ីស្រាអែល? ចំនួននេះប្រហែលជាអាចដឹងដោយវាស់មិនមែនដោយរាប់ចំនួនទេ។ ដាវីឌទំនងជាតម្រូវឲ្យសាសន៍ម៉ូអាប់ដេកនៅជិតៗគ្នាជាជួរ។ បន្ទាប់មក ដាវីឌក៏ឲ្យគេយកខ្សែវាស់ជួរទាំងនោះ។ តាមមើលទៅ ពួកម៉ូអាប់ពីរជួរឬពីរភាគបីគឺត្រូវបានប្រហារជីវិត ហើយពួកគេដែលមានប្រវែងខ្សែមួយជួរ ឬមួយភាគបីត្រូវបានសង្គ្រោះវិញ។
មេរៀនសំរាប់យើង:
២:១; ៥:១៩, ២៣: ដាវីឌបានទូលសុំយោបល់ព្រះយេហូវ៉ាមុននឹងដូរកន្លែងទៅនៅក្រុងហេប្រុន ហើយមុននឹងទៅច្បាំងពួកសត្រូវ។ យើងក៏ត្រូវស្វែងរកការណែនាំរបស់ព្រះយេហូវ៉ាមុននឹងធ្វើការសម្រេចចិត្តដែលទាក់ទងនឹងភាពខាងវិញ្ញាណរបស់យើង។
៣:២៦-៣០: ការសងសឹកនាំឲ្យមានលទ្ធផលមិនល្អ។—រ៉ូម ១២:១៧-១៩
៣:៣១-៣៤; ៤:៩-១២: ដាវីឌជាគំរូដ៏ល្អដោយសារមិនបានសងសឹកនិងធ្វើអាក្រក់ដល់សត្រូវ។
៥:១២: យើងមិនគួរភ្លេចថាព្រះយេហូវ៉ាបានអប់រំយើងតាមផ្លូវរបស់ទ្រង់ ហើយផ្ដល់លទ្ធភាពឲ្យយើងអាចចងមិត្តភាពជាមួយនឹងទ្រង់បាន។
៦:១-៧: ទោះជាដាវីឌមានបំណងចិត្តល្អក៏ដោយ តែការព្យាយាមយកហឹបតាមរយៈរទេះគោគឺបំពានច្បាប់របស់ព្រះ ហើយជាលទ្ធផលឥតទទួលបានជោគជ័យឡើយ។ (និក្ខមនំ ២៥:១៣, ១៤; ជនគណនា ៤:១៥, ១៩; ៧:៧-៩) អ៊ុសាក៏ស្ទុះទៅទប់ហឹបក៏បង្ហាញនូវបំណងចិត្តល្អ តែនេះមិនបានផ្លាស់ប្ដូរនូវអ្វីដែលព្រះតម្រូវឡើយ។
៦:៨, ៩: នៅក្នុងស្ថានការណ៍ដ៏ពិបាក មុនដំបូងដាវីឌខឹង រួចមកភ័យខ្លាច ប្រហែលថែមទាំងបន្ទោសព្រះយេហូវ៉ាចំពោះរឿងខ្លោចផ្សា។ យើងត្រូវចៀសវាងការបន្ទោសព្រះយេហូវ៉ាចំពោះបញ្ហាផ្សេងៗដែលយើងមាន ដោយសារយើងមិនធ្វើតាមសេចក្ដីបង្គាប់របស់ព្រះនោះ។
៧:១៨, ២២, ២៣, ២៦: ចិត្តរាបទាបរបស់ដាវីឌ ការមានភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា និងការយកចិត្តទុកដាក់ដើម្បីលើកដំកើងព្រះនាមរបស់ព្រះគឺជាគុណសម្បត្ដិដែលយើងត្រូវយកតម្រាប់តាម។
៨:២: ទំនាយដែលត្រូវបានទាយប្រមាណ៤០០ឆ្នាំមុនត្រូវបានសម្រេច។ (ជនគណនា ២៤:១៧) បន្ទូលរបស់ព្រះយេហូវ៉ាតែងកើតឡើងពិតមែន។
៩:១, ៦, ៧: ដាវីឌបានធ្វើតាមសេចក្ដីសន្យារបស់ទ្រង់។ យើងក៏ត្រូវខំព្យាយាមធ្វើតាមពាក្យសំដីរបស់យើងដែរ។
ព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការអាក្រក់កើតឡើង ដល់អ្នករើសតាំងរបស់ទ្រង់
ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅដាវីឌថា៖ «អញនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើងពីក្នុងគ្រួឯងឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេកនឹងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ»។ (សាំយូអែលទី២ ១២:១១) តើហេតុអ្វីបានជាព្រះយេហូវ៉ាប្រកាសដូច្នេះ? នេះគឺដោយសារដាវីឌបានប្រព្រឹត្តអំពើបាបជាមួយនឹងបាតសេបា។ ទោះជាដាវីឌបានប្រែចិត្តហើយត្រូវអត់ទោសឲ្យក៏ដោយ តែគាត់ក៏នៅតែទទួលផលនៃអំពើបាបនោះដែរ។
មុនដំបូង កូនដែលបាតសេបាសម្រាលត្រូវស្លាប់។ រួចមក កូនស្រីក្រមុំបរិសុទ្ធរបស់ដាវីឌឈ្មោះតាម៉ារត្រូវបានអាំណូនជាបងប្អូនបិតាតែមួយមាតាទីទៃពីគ្នាចាប់រំលោភ។ បងប្រុសបង្កើតរបស់នាងតាម៉ារឈ្មោះអាប់សាឡំមបានសងសឹកសម្លាប់អាំណូន។ អាប់សាឡំមបានឃុបឃិតទាស់នឹងឪពុក ហើយប្រកាសថាខ្លួនជាស្តេចនៅក្រុងហេប្រុន។ ដាវីឌត្រូវបានបង្ខំឲ្យរត់ចេញពីក្រុងយេរូសាឡិម។ អាប់សាឡំមបានរួមដំណេកនឹងអ្នកម្នាង១០នាក់របស់ឪពុក ដែលទុកចោលឲ្យមើលថែរក្សាផ្ទះនោះ។ ដាវីឌបានត្រឡប់មកសោយរាជ្យវិញក្រោយពីអាប់សាឡំមត្រូវបានសម្លាប់។ ការច្បាំងដោយសេបាពីកុលសម្ព័ន្ធបេនយ៉ាមីនបាននាំឲ្យសេបាស្លាប់។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
១៤:៧—តើអ្វីដែលត្រូវតំណាងដោយ«រងើកភ្លើងរបស់ខ្ញុំ»? រងើកភ្លើងគឺតំណាងកូនដែលនៅរស់។
១៩:២៩—ហេតុអ្វីបានជាដាវីឌមានប្រតិកម្មដូច្នេះដល់ការពន្យល់របស់មភីបូសែត? បន្ទាប់ពីបានឮមភីបូសែត នោះដាវីឌច្បាស់ជាបានដឹងថាខ្លួនបានប្រព្រឹត្តខុស នៅពេលដែលទទួលយកពាក្យរបស់ស៊ីបា។ (សាំយូអែលទី២ ១៦:១-៤; ១៩:២៤-២៨) ទំនងជានេះធ្វើឲ្យដាវីឌខឹង ហើយគាត់មិនចង់ដឹងមិនចង់ឮអំពីរឿងនោះទៀតទេ។
មេរៀនសំរាប់យើង:
១១:២-១៥: កំណត់ហេតុជាក់លាក់នេះអំពីភាពខុសឆ្គងរបស់ដាវីឌបានបញ្ជាក់ថាព្រះគម្ពីរគឺជាព្រះដែលបណ្ដាលឲ្យសរសេរ។
១១:១៦-២៧: នៅពេលដែលយើងប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ យើងមិនគួរខំលាក់បាំងដូចដាវីឌនោះទេ។ ផ្ទុយទៅវិញ យើងគួរសារភាពអំពើបាបរបស់យើងដល់ព្រះយេហូវ៉ា និងស្វែងរកជំនួយពីអ្នកចាស់ទុំក្នុងក្រុមជំនុំ។—សុភាសិត ២៨:១៣; យ៉ាកុប ៥:១៣-១៦
១២:១-១៤: ណាថាន់ទុកគំរូដ៏ល្អចំពោះអ្នកចាស់ទុំក្នុងក្រុមជំនុំ។ ពួកគាត់ត្រូវជួយអស់អ្នកដែលប្រព្រឹត្តអំពើបាបនិងកែផ្លូវរបស់គេ។ អ្នកចាស់ទុំត្រូវធ្វើកិច្ចការដោយប៉ិនប្រសប់។
១២:១៥-២៣: ដាវីឌមានទស្សនៈត្រឹមត្រូវចំពោះអ្វីដែលកើតឡើងដល់ខ្លួន នេះបានជួយគាត់ឲ្យធ្វើអ្វីដែលត្រឹមត្រូវក្នុងកាលជួបទុក្ខលំបាក។
១៥:១២; ១៦:១៥, ២១, ២៣: នៅពេលដែលឃើញជាក់ស្តែងថាអាប់សាឡំមនឹងឡើងសោយរាជ្យ នោះអំនួតនិងការចង់បានមុខមាត់បានបណ្ដាលឲ្យអ័ហ៊ីថូផែលដែលជាទីប្រឹក្សាដ៏ប៉ិនប្រសប់ក្លាយទៅជាអ្នកក្បត់ទៅវិញ។ ការមានប្រាជ្ញាតែឥតមានចិត្តរាបទាបនិងចិត្តស្មោះត្រង់អាចជាអន្ទាក់។
១៩:២៤, ៣០: មភីបូសែតពិតជាអបអរនូវសេចក្ដីសប្បុរសដ៏ស្មោះរបស់ដាវីឌ។ គាត់បានស្ម័គ្រចិត្តចុះចូលនឹងសេចក្ដីសម្រេចរបស់ស្តេចស្តីអំពីស៊ីបា។ បើយើងអបអរនឹងព្រះយេហូវ៉ាហើយអង្គការរបស់ទ្រង់ នោះនឹងជំរុញឲ្យយើងចេះចុះចូលដែរ។
២០:២១, ២២: ប្រាជ្ញារបស់មនុស្សម្នាក់អាចជួយមនុស្សជាច្រើនរួចពីគ្រោះថ្នាក់។—សាស្ដា ៩:១៤, ១៥
សូមឲ្យយើងធ្លាក់ «ទៅក្នុងកណ្ដាប់ព្រះហស្តនៃព្រះយេហូវ៉ា»
គឺមានទុរភិក្សអស់បីឆ្នាំពីព្រោះទោសពីការកំចាយឈាមដែលសូលបានបង្កឲ្យមាន ដោយសម្លាប់ពួកសាសន៍គីបៀន។ (យ៉ូស្វេ ៩:១៥) ដើម្បីសងសឹកនឹងការកំចាយឈាមនោះ ពួកសាសន៍គីបៀនសុំបុត្រប្រាំពីរនាក់របស់សូលយកមកប្រហារជីវិត។ ដាវីឌបានឲ្យពួកគេដល់សាសន៍គីបៀន ហើយក៏មានធ្លាក់ភ្លៀងដែលនាំឲ្យលែងមានភាពហួតហែងទៀត។ ពួកអ្នកមានមាឌធំសំបើមបួននាក់សាសន៍ភីលីស្ទីនត្រូវ«ស្លាប់ . . . ដោយដៃដាវីឌ នឹងពួកទ័ពទ្រង់»។—សាំយូអែលទី២ ២១:២២
ដាវីឌប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរដោយបង្គាប់ឲ្យធ្វើជំរឿនខុសច្បាប់។ គាត់ប្រែចិត្តនិងទុកឲ្យរឿងនេះ«ធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តនៃព្រះយេហូវ៉ា»ជាអ្នកសម្រេច។ (សាំយូអែលទី២ ២៤:១៤) ជាលទ្ធផល ៧០.០០០នាក់ស្លាប់ដោយសាររោគរាតត្បាត។ ដាវីឌធ្វើតាមបញ្ជារបស់ព្រះយេហូវ៉ា ហើយគ្រោះកាចនោះក៏ឈប់មាន។
ចម្លើយចំពោះសំនួរអំពីបទគម្ពីរ:
២១:៨—តើយ៉ាងដូចម្ដេចដែលមីកាលបុត្រីរបស់សូលមានបុត្រាប្រាំនាក់ តែនៅសាំយូអែលទី២ ៦:២៣ ចែងថានាងបានស្លាប់ដោយគ្មានបុត្រឡើយ? ការពន្យល់ដែលមនុស្សទទួលស្គាល់គឺថាកូនប្រាំនាក់ទាំងនេះគឺជាកូនរបស់នាងម្រ៉ាបជាប្អូនស្រីដែលរៀបការជាមួយនឹងអ័ទ្រីអែល។ ទំនងជានាងម្រ៉ាបស្លាប់មុនកំណត់ ហើយមីកាលដែលគ្មានកូនខ្លួនឯង ក៏យកកូនទាំងនោះមកចិញ្ចឹមបីបាច់។
២១:៩, ១០—តើរីសប៉ាបានយាមសពកូនប្រុសពីរនាក់និងចៅប្រាំនាក់របស់សូលអស់រយៈពេលប៉ុន្មាន ដែលពួកគេត្រូវពួកគីបៀនសម្លាប់នោះ? អ្នកទាំងប្រាំពីរនាក់នេះត្រូវបានគេព្យួរកសម្លាប់«នៅថ្ងៃដំបូងក្នុងរដូវចំរូត» ពោលគឺខែមីនាឬមេសា។ សពទាំងនោះត្រូវបានទុកនៅលើភ្នំ។ រីសប៉ាបានយាមសពទាំងយប់ទាំងថ្ងៃរហូតដល់ព្រះយេហូវ៉ាបានបង្ហាញថាកំហឹងរបស់ទ្រង់អន់ថយដោយបញ្ឈប់នូវភាពហួតហែង។ គ្មានភ្លៀងខ្លាំងនោះទេមុននឹងរដូវចំរូតចប់នៅខែតុលា។ ហេតុដូច្នេះហើយ រីសប៉ាបន្តយាមសពនោះអស់ប្រាំឬប្រាំមួយខែ។ ក្រោយមក ដាវីឌបានបង្គាប់ឲ្យគេយកឆ្អឹងបុរសទាំងនោះមកកប់។
២៤:១—ហេតុអ្វីក៏ការធ្វើជំរឿនជាអំពើបាបធ្ងន់ដែលដាវីឌបានធ្វើ? ការធ្វើជំរឿនមិនមែនជាការហាមក្នុងច្បាប់នោះទេ។ (ជនគណនា ១:១-៣; ២៦:១-៤) ព្រះគម្ពីរឥតចែងប្រាប់នូវមូលហេតុដែលដាវីឌចង់ធ្វើជំរឿននោះទេ។ យ៉ាងណាក៏ដោយ របាក្សត្រទី១ ២១:១ បញ្ជាក់ថាសាតាំងបានជំរុញគាត់ឲ្យធ្វើដូច្នេះ។ ក៏ប៉ុន្តែ យ៉ូអាប់ដែលជាមេបញ្ជាការបានដឹងនូវសេចក្ដីសម្រេចចិត្តរបស់ដាវីឌដើម្បីរាប់ចំនួនប្រជាជន ដែលវាជាការខុស ហើយគាត់បានខំព្យាយាមប្រាប់ដាវីឌកុំឲ្យធ្វើដូច្នេះ។
មេរៀនសំរាប់យើង:
២២:២-៥១: ទំនុកចំរៀងរបស់ដាវីឌបានបង្ហាញយ៉ាងល្អថាព្រះយេហូវ៉ាជាព្រះពិត សមឲ្យយើងទុកចិត្តលើទាំងស្រុង!
២៣:១៥-១៧: ដាវីឌកោតគោរពចំពោះក្រិត្យវិន័យរបស់ព្រះស្តីអំពីជីវិតនិងឈាម ដែលនៅពេលនោះ គាត់បានចៀសវាងពីការធ្វើអ្វីដែលហាក់ដូចជាបំពានលើក្រិត្យវិន័យនោះ។ យើងត្រូវបណ្ដុះឲ្យមានចិត្តគំនិតបែបនេះចំពោះសេចក្ដីបង្គាប់ទាំងអស់របស់ព្រះ។
២៤:១០: មនសិការរបស់ដាវីឌបានជំរុញគាត់ឲ្យកែប្រែចិត្ត។ តើយើងមានមនសិការបែបនោះ ដែលជំរុញឲ្យយើងធ្វើដូច្នេះដែរឬទេ?
២៤:១៤: ដាវីឌបានជ្រាបថាព្រះយេហូវ៉ាគឺមានព្រះទ័យមេត្ដាករុណាជាងមនុស្សជាតិ។ តើយើងមានជំនឿស៊ប់បែបនេះទេ?
២៤:១៧: ដាវីឌបានសោកស្ដាយដោយសារបានប្រព្រឹត្តអំពើបាប នោះនាំឲ្យសាសន៍ទាំងមូលទទួលរងនូវទុក្ខវេទនា។ អ្នកប្រព្រឹត្តខុសគួរមានចិត្តសោកស្ដាយចំពោះការប្រព្រឹត្តដែលនាំឲ្យអបកិត្ដិយសដល់ក្រុមជំនុំ។
យើងអាចធ្វើជាអ្នក«ដែលត្រូវ នឹងព្រះហឫទ័យទ្រង់»
ស្តេចទីពីរនៃប្រទេសអ៊ីស្រាអែលបានសឲ្យឃើញថាជាបុរស«ដែលត្រូវនឹងព្រះហឫទ័យទ្រង់»។ (សាំយូអែលទី១ ១៣:១៤) ដាវីឌមិនដែលសង្ស័យអំពីខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ាទេ ហើយគាត់ក៏មិនខំឲ្យបានភាពឯករាជ្យពីទ្រង់នោះដែរ។ ពេលដាវីឌប្រព្រឹត្តខុសម្ដងៗ គាត់ទទួលស្គាល់នូវអំពើបាបគាត់ ទទួលយកការទូន្មាន និងកែផ្លូវរបស់គាត់។ ដាវីឌជាបុរសដែលមានចិត្តស្មោះគ្រប់លក្ខណ៍។ ពេលយើងប្រព្រឹត្តខុស យកល្អយើងគួរយកតម្រាប់តាមប្រាជ្ញារបស់ដាវីឌ មែនទេ?
រឿងរបស់ដាវីឌពន្យល់យ៉ាងច្បាស់ថាការទទួលស្គាល់អធិបតេយ្យរបស់ព្រះយេហូវ៉ា គឺទាក់ទងនឹងខ្នាតតម្រាស្តីអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ ហើយបើខំព្យាយាមធ្វើតាម នោះយើងនឹងក្លាយទៅជាអ្នកដែលរក្សាចិត្តស្មោះគ្រប់លក្ខណ៍។ យើងអាចធ្វើដូច្នេះបាន។ យើងមានចិត្តអបអរណាស់ចំពោះមេរៀនដែលយើងរៀនពីសៀវភៅសាំយូអែលទី២! សារដែលព្រះបណ្ដាលឲ្យសរសេរនៅក្នុងព្រះគម្ពីរ គឺនៅរស់និងមានអំណាច។—ហេព្រើរ ៤:១២
[កំណត់សម្គាល់]
a ទោះជាសាំយូអែលមិនបានរួមចំណែកសរសេរក៏ដោយ សៀវភៅនេះមានឈ្មោះគាត់ពីព្រោះសៀវភៅទាំងពីរក្បាលស្ថិតក្នុងរមូរតែមួយក្នុងឯកសារភាសាហេព្រើរនៅដើមដំបូងឡើយ។ សាំយូអែលបានសរសេរមួយផ្នែកធំនៃសៀវភៅសាំយូអែលទី១។
[រូបភាពនៅទំព័រ២៩]
ដោយចងចាំនូវបុគ្គលដែលបានតែងតាំងគាត់ឲ្យធ្វើជាស្តេច នេះបានជួយដាវីឌឲ្យ មានចិត្តរាបទាប
[រូបភាពនៅទំព័រ៣១]
«អញនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើងពីក្នុងគ្រួឯងឲ្យទាស់នឹងឯង»
បាតសេបា
តាម៉ារ
អាំណូន