ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅរបាក្សត្រទី២
សៀវភៅរបាក្សត្រទី២ចាប់ផ្ដើមដោយរៀបរាប់ជាបន្តអំពីការសោយរាជ្យរបស់ស្តេចសាឡូម៉ូនទៅលើស្រុកអ៊ីស្រាអែល។ សៀវភៅនេះបញ្ចប់ដោយរៀបរាប់អ្វីដែលស៊ីរូស ជាស្តេចពើស៊ីបានមានបន្ទូលទៅដល់សាសន៍យូដា ដែលរស់នៅបាប៊ីឡូនជាឈ្លើយ។ ទ្រង់មានបន្ទូលថា៖ «[ព្រះយេហូវ៉ា]បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយទ្រង់ នៅក្រុងយេរូសាឡិមក្នុងស្រុកយូដា ដូច្នេះនៅក្នុងពួកប្រជាជនទាំងឡាយ បើមានអ្នកណាជារបស់ផងព្រះយេហូវ៉ា នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅ[ក្រុងយេរូសាឡិម]ចុះ»។ (របាក្សត្រទី២ ៣៦:២៣) លោកអែសរ៉ាដែលជាសង្ឃបានសរសេរសៀវភៅនេះចប់នៅឆ្នាំ៤៦០ មុនគ.ស.។ របាក្សត្រទី២រៀបរាប់អំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងរយៈពេល៥០០ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ១០៣៧ មុនគ.ស. រហូតដល់ឆ្នាំ៥៣៧ មុនគ.ស.។
សាសន៍យូដាអាចត្រឡប់ទៅក្រុងយេរូសាឡិមនិងស្ថាបនាការថ្វាយបង្គំព្រះយេហូវ៉ានៅក្រុងនោះវិញ ដោយសាររាជ្យក្រឹត្យរបស់ស៊ីរូស។ ប៉ុន្តែ សាសន៍យូដាបានជាប់ជាឈ្លើយយ៉ាងយូរឆ្នាំនៅបាប៊ីឡូន ហើយនេះមានឥទ្ធិពលដ៏អាក្រក់ទៅលើពួកគេ។ ពួកដែលត្រឡប់មកស្រុកកំណើតវិញ ពួកគេមិនដឹងអំពីប្រវត្ដិសាសន៍ខ្លួនទេ។ របាក្សត្រទី២សង្ខេបយ៉ាងក្បោះក្បាយឲ្យសាសន៍យូដាទាំងនេះដែលត្រឡប់មកវិញដឹងអំពីព្រឹត្ដិការណ៍ ដែលបានកើតឡើងក្រោមការគ្រប់គ្រងនៃស្តេចផ្សេងៗក្នុងវង្សត្រកូលរបស់ដាវីឌ។ កំណត់ហេតុនេះក៏ជាទីចាប់អារម្មណ៍ដល់យើងដែរ ពីព្រោះកំណត់ហេតុនេះលើកបញ្ជាក់អំពីពរដែលយើងទទួលបើស្ដាប់បង្គាប់ព្រះដ៏ពិត ហើយក៏បញ្ជាក់លទ្ធផលមិនល្អដែលមកពីការមិនស្ដាប់បង្គាប់ទ្រង់។
ស្តេចមួយអង្គដែលស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា
ព្រះយេហូវ៉ាប្រទានស្តេចសាឡូម៉ូននូវអ្វីដែលទ្រង់ចង់បានជាទីបំផុត ពោលគឺប្រាជ្ញានិងយោបល់ ថែមទាំងទ្រព្យសម្បត្ដិនិងកិត្ដិយសទៀតផង។ ស្តេចសាឡូម៉ូនបានស្អាងព្រះវិហារដ៏ល្អអស្ចារ្យថ្វាយព្រះយេហូវ៉ានៅក្រុងយេរូសាឡិម ហើយប្រជាជន«រីករាយសប្បាយហើយមានចិត្តត្រេកអរ»។ (របាក្សត្រទី២ ៧:១០) ស្តេចសាឡូម៉ូនក៏«មានព្រះរាជទ្រព្យ នឹងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី »។—របាក្សត្រទី២ ៩:២២
ក្រោយពីស្តេចសាឡូម៉ូនបានសោយរាជ្យអស់៤០ឆ្នាំ នោះទ្រង់ក៏‹ផ្ទំលក់ជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយរេហូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា›។ (របាក្សត្រទី២ ៩:៣១) លោកអែសរ៉ាមិនរៀបរាប់អំពីស្តេចសាឡូម៉ូនបានបែរចេញពីការថ្វាយបង្គំពិតនោះទេ។ កំហុសរបស់ស្តេចដែលបានត្រូវកត់ទុកក្នុងកំណត់ហេតុនេះ មានតែការទិញសេះជាច្រើនពីស្រុកអេស៊ីបដោយឥតគិតវែងឆ្ងាយ និងអំពីការរៀបអភិសេកជាមួយនឹងបុត្រីរបស់ស្តេចនៃស្រុកអេស៊ីបប៉ុណ្ណោះទេ។ ធ្វើដូច្នេះ លោកអែសរ៉ាបានកត់ទុកនូវកំណត់ហេតុដែលលើកទឹកចិត្តវិញ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១៤—ហេតុអ្វីក៏ពូជអំបូរនៃអ្នកជំនាញដែលបានរៀបរាប់នៅទីនេះ គឺខុសគ្នាពីពូជអំបូរដែលបានរៀបរាប់នៅពង្សាវតារក្សត្រទី១ ៧:១៤? ពង្សាវតារក្សត្រទី១រៀបរាប់អំពីម្ដាយនៃអ្នកជំនាញជា«ស្រីមេម៉ាយម្នាក់ ក្នុងពូជអំបូរណែបថាលី»ពីព្រោះគាត់បានរៀបការបុរសម្នាក់ពីកុលសម្ព័ន្ធនោះ ប៉ុន្តែខ្លួនគាត់វិញ គឺមកពីកុលសម្ព័ន្ធដាន់ទេ។ ក្រោយពីប្ដីគាត់បានទទួលមរណភាព នោះគាត់បានរៀបការជាមួយនឹងបុរសម្នាក់ពីក្រុងទីរ៉ុស ហើយអ្នកជំនាញនេះគឺជាកូនដែលស្រីនោះមានក្រោយរៀបការជាមួយបុរសពីក្រុងទីរ៉ុសនោះ។
២:១៨; ៨:១០—ខទាំងនេះចែងថា ចំនួននៃពួកនាយសម្រាប់ត្រួតត្រាការ និងចំនួននៃពួកអ្នកបង្គាប់ការគឺ៣.៦០០នាក់និង២៥០នាក់ទៀត។ ប៉ុន្តែពង្សាវតារក្សត្រទី១ ៥:១៦និង៩:២៣ សរសេរថាចំនួនគឺ៣.៣០០នាក់ និង៥៥០នាក់វិញ។ ហេតុអ្វីសរសេរចំនួនខុសគ្នាដូច្នេះ? តាមមើល ហេតុដែលសរសេរចំនួនខុសគ្នា គឺដោយសាររបៀបពួកនាយត្រួតត្រាការត្រូវបំបែកទៅជាក្រុម។ ប្រហែលជារបាក្សត្រទី២ចង់បញ្ជាក់ថាអ្នកត្រួតត្រាការមាន៣.៦០០នាក់ជាសាសន៍ដទៃ និង២៥០នាក់ជាសាសន៍អ៊ីស្រាអែល រីឯពង្សាវតារក្សត្រទី១ចង់បញ្ជាក់ថាពួកអ្នកបង្គាប់ការមាន៣.៣០០នាក់ និងពួកនាយត្រួតត្រាការមានចំនួន៥៥០នាក់វិញ។ យ៉ាងណាក៏ដោយ ចំនួនសរុបនៃអ្នកដែលបម្រើជាពួកនាយត្រួតត្រាការគឺមាន៣.៨៥០នាក់។
៤:២-៤—ហេតុអ្វីសមុទ្រលង្ហិនដែលត្រូវសិតធ្វើនោះបានដាក់នៅលើរូបគោឈ្មោល? នៅក្នុងព្រះគម្ពីរ សត្វគោឈ្មោលតំណាងកម្លាំង។ (អេសេគាល ១:១០; វិវរណៈ ៤:៦, ៧) ការសិតរូបគោទុកជាការតំណាងនេះគឺសមរម្យ ពីព្រោះ«សមុទ្រ»ឬអាងដ៏ធំសម្បើមនេះ ដែលមានទម្ងន់៣០តោន ត្រូវបានទ្រដោយរូបគោឈ្មោល១២។ ការសិតរូបគោឈ្មោលសម្រាប់គោលបំណងនេះគឺមិនបំពានលើក្រិត្យវិន័យទីពីរឡើយ ដែលហាមឆ្លាក់ធ្វើរូបណាសម្រាប់ការថ្វាយបង្គំ។—និក្ខមនំ ២០:៤, ៥
៤:៥—តើសមុទ្រលង្ហិននោះមានចំណុះប៉ុន្មាន? ពេលដាក់ទឹកបានពេញ នោះសមុទ្រនេះអាចដាក់បានទឹកបីពាន់អម្រែក ឬប្រហែលជា៦៦.០០០លីត្រ។ ប៉ុន្តែ បរិមាណទឹកដែលនៅក្នុងនោះតាមធម្មតា គឺត្រឹមតែពីរភាគបីនៃចំណុះវាប៉ុណ្ណោះ។ ពង្សាវតារក្សត្រទី១ ៧:២៦ ចែងថា៖ «តួសុមទ្រ . . . មានចំណុះបានទឹក២ពាន់អម្រែក [ឬ៤៤.០០០លីត្រ]»។
៥:៤, ៥, ១០—តើមានអ្វីខ្លះពីរោងឧបោសថដំបូង ដែលត្រូវយកមកដាក់នៅព្រះវិហារនៃស្តេចសាឡូម៉ូន? របស់ក្នុងត្រសាលជំនុំពីដើមដែលត្រូវយកមកដាក់នៅព្រះវិហារនៃស្តេចសាឡូម៉ូន គឺមានតែហឹបនៃសេចក្ដីសញ្ញាទេ។ ក្រោយពីសាងសង់ព្រះវិហារហើយ នោះរោងឧបោសថត្រូវបាននាំពីក្រុងគីបៀនទៅក្រុងយេរូសាឡិម ហើយតាមមើលទៅហិបបានត្រូវទុកនៅទីនោះ។—របាក្សត្រទី២ ១:៣, ៤
មេរៀនសម្រាប់យើង:
១:១១, ១២: សំណូមពររបស់ស្តេចសាឡូម៉ូន បានបង្ហាញព្រះយេហូវ៉ាថា ការមានប្រាជ្ញានិងយោបល់គឺជាអ្វីដែលសាឡូម៉ូនប្រាថ្នាចង់បានខ្លាំងជាទីបំផុត។ សេចក្ដីអធិស្ឋានរបស់យើងថ្វាយព្រះយេហូវ៉ា ក៏បង្ហាញថាយើងមានចិត្តប្រាថ្នាអ្វីមួយដែរ។ យកល្អយើងគិតពិចារណាពីអ្វីដែលយើងអធិស្ឋានសូម។
៦:៤: បើយើងមានកតញ្ញូធម៌ចេញពីដួងចិត្តចំពោះសេចក្ដីសប្បុរសដ៏ស្មោះនិងភាពល្អរបស់ព្រះយេហូវ៉ា នេះនឹងជំរុញយើងឲ្យសរសើរព្រះយេហូវ៉ា ទាំងមានចិត្តស្រឡាញ់និងការដឹងគុណ។
៦:១៨-២១: ទោះជាគ្មានអាគារណាដែលល្មមឲ្យព្រះយេហូវ៉ាគង់នៅក៏ដោយ តែព្រះវិហារនោះគឺមានបំណងទុកជាមណ្ឌលនៃការថ្វាយបង្គំព្រះយេហូវ៉ាវិញ។ សព្វថ្ងៃនេះ សាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ាគឺជាមណ្ឌលនៃការថ្វាយបង្គំពិតក្នុងសហគមន៍។
៦:១៩, ២២, ៣២: ព្រះយេហូវ៉ាធ្លាប់ព្រះសណ្ដាប់ការអធិស្ឋាននៃមនុស្សគ្រប់គ្នា ពោលគឺពីស្តេចរហូតដល់មនុស្សតូចតាច សូម្បីតែមនុស្សសាសន៍ដទៃ ដែលទូលថ្វាយដោយស្មោះអស់ពីចិត្តនោះ។a—ទំនុកដំកើង ៦៥:២
បណ្ដាស្តេចពីវង្សត្រកូលរបស់ដាវីឌ
ព្រះរាជាណាចក្រនៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ឯកភាព ត្រូវបែកគ្នាជាពីរ ពោលគឺព្រះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០នៅតំបន់ខាងជើង និងព្រះរាជាណាចក្រខាងត្បូង ដែលមានកុលសម្ព័ន្ធពីរ គឺយូដានិងបេនយ៉ាមីន។ ពួកសង្ឃនិងពួកលេវីនៅទូទាំងស្រុកអ៊ីស្រាអែលបង្ហាញចិត្តស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងខាងព្រះរាជាណាចក្រជាជាងបង្ហាញជាតិនិយម និងបានគាំទ្ររេហូបោមដែលជាបុត្រារបស់ស្តេចសាឡូម៉ូន។ ប្រមាណ៣០ឆ្នាំក្រោយព្រះវិហារនេះត្រូវបានសាងសង់ចប់ ទ្រព្យទាំងប៉ុន្មានក្នុងនោះបានត្រូវរឹបអូស។
ក្រោយពីស្តេចរេហូបោមនោះ មានស្តេច១៩អង្គទៀត។ ក្នុងនោះប្រាំអង្គបានបង្ហាញចិត្តស្មោះត្រង់រហូតអស់មួយជីវិត បីអង្គទៀតមានចិត្តស្មោះត្រង់នៅដើមដំបូង តែក្លាយទៅជាឥតស្មោះត្រង់វិញ ហើយមួយអង្គគឺអាក្រក់តែបានកែប្រែឈប់ធ្វើអំពើអាក្រក់វិញ។ ស្តេចទាំងប៉ុន្មានទៀតចេះតែធ្វើអ្វីដែលអាក្រក់ចំពោះព្រះយេហូវ៉ាជានិច្ច។b កំណត់ហេតុនេះដៅបញ្ជាក់លើការប្រព្រឹត្តនៃស្តេចប្រាំអង្គដែលមានទំនុកចិត្តលើព្រះយេហូវ៉ា។ កំណត់ហេតុអំពីស្តេចហេសេគាដែលបានរៀបចំឲ្យមានការបម្រើនៅឯព្រះវិហារឡើងវិញ ហើយស្តេចយ៉ូសៀសដែលបានរៀបចំពិធីបុណ្យរំលងដ៏ធំ ពិតជាបានលើកទឹកចិត្តយ៉ាងខ្លាំងដល់សាសន៍យូដា ដែលបានចាប់អារម្មណ៍នឹងការស្ថាបនាឡើងវិញនូវការថ្វាយបង្គំព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១៣:៥—តើ«សេចក្ដីសញ្ញាដែលតាំងដោយអំបិល»បានន័យយ៉ាងណា? ដោយសារអំបិលគឺអាចយកទៅប្រឡាក់អ្វីផ្សេងៗដើម្បីទុកឲ្យបានយូរ នោះអំបិលក្លាយជានិមិត្តរូបនៃភាពអចិន្ត្រៃយ៍និងការមិនប្រែប្រួល។ ហេតុនេះហើយ«សេចក្ដីសញ្ញាដែលតាំងដោយអំបិល»គឺជាកិច្ចព្រមព្រៀងដែលមានសុពលភាពជាប់រហូត។
១៤:២-៥; ១៥:១៧—តើស្តេចអេសាបានបំបាត់អស់ទាំង«ទីខ្ពស់»ឬទេ? តាមមើលទៅ ស្តេចអេសាឥតបានធ្វើដូច្នេះទេ។ ស្តេចអេសាប្រហែលជាបំបាត់តែទីខ្ពស់ដែលទាក់ទងនឹងការថ្វាយបង្គំព្រះមិនពិតប៉ុណ្ណោះ តែមិនកំទេចចោលទីខ្ពស់ដែលជាកន្លែងដែលមនុស្សថ្វាយបង្គំព្រះយេហូវ៉ាទេ។ ម្យ៉ាងទៀត ប្រហែលជានៅគ្រាចុងក្រោយនៃការសោយរាជ្យរបស់ស្តេចអេសា មនុស្សបានសាងសង់ទីខ្ពស់ម្ដងទៀត។ ទីខ្ពស់ៗទាំងនេះត្រូវបានបំបាត់ចោលដោយបុត្រាទ្រង់ ស្តេចយ៉ូសាផាតវិញ។ តាមការពិត ទីខ្ពស់ៗមិនបានបំបាត់ចោលអស់រលីងទេ សូម្បីតែក្នុងរាជ្យរបស់ស្តេចយ៉ូសាផាតក៏ដោយ។—របាក្សត្រទី២ ១៧:៥, ៦; ២០:៣១-៣៣
១៥:៩; ៣៤:៦—ស្តីអំពីការបែកខ្ញែកនៃព្រះរាជាណាចក្រអ៊ីស្រាអែល តើកុលសម្ព័ន្ធស៊ីម្មានមានជំហរយ៉ាងណា? ដោយសារស៊ីម្មានបានទទួលជាមត៌កនូវតំបន់ខ្លះៗក្នុងស្រុកយូដា នោះកុលសម្ព័នស៊ីម្មានគឺស្ថិតក្នុងទឹកដីនៃព្រះរាជាណាចក្រខាងត្បូង ដែលមានកុលសម្ព័ន្ធយូដានិងបេនយ៉ាមីនវិញ។ (យ៉ូស្វេ ១៩:១) ក៏ប៉ុន្តែ បើនិយាយខាងសាសនានិងខាងនយោបាយ នោះកុលសម្ព័ន្ធស៊ីម្មានបានគាំទ្រព្រះរាជាណាចក្រខាងជើង។ (ពង្សាវតារក្សត្រទី១ ១១:៣០-៣៣; ១២:២០-២៤) ហេតុដូច្នេះហើយ កុលសម្ព័ន្ធស៊ីម្មានត្រូវបានរាប់បញ្ចូលជាមួយនឹងព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០វិញ។
១៦:១៣, ១៤—តើសពនៃស្តេចអេសាត្រូវគេដុតឬទេ? អត់ទេ។ ការ«ថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ»សំដៅទៅគ្រឿងក្រអូបផ្សេងៗវិញ មិនមែនការដុតសពនោះទេ។
៣៥:៣—តើពីកន្លែងណាដែលស្តេចយ៉ូសៀសបានបង្គាប់ឲ្យគេយកហឹបបរិសុទ្ធទៅតាំងក្នុងព្រះវិហារ? ព្រះគម្ពីរមិនចែងប្រាប់ ថាហឹបនេះត្រូវបានយកចេញដោយសារស្តេចអាក្រក់មួយអង្គ ឬក៏ត្រូវស្តេចយ៉ូសៀសយកចេញដើម្បីការពារទុក ក្នុងកំលុងកិច្ចការសាងសង់ព្រះវិហារនោះទេ។ ឯកសារយោងតែមួយចំពោះហឹបនេះបន្ទាប់ពីសម័យស្តេចសាឡូម៉ូន គឺនៅពេលដែលស្តេចយ៉ូសៀសយកមកដាក់តាំងក្នុងព្រះវិហារប៉ុណ្ណោះ។
មេរៀនសម្រាប់យើង:
១៣:១៣-១៨; ១៤:១១, ១២; ៣២:៩-២៣: យើងអាចទាញយកមេរៀនដ៏ល្អណាស់! ពីកំណត់ហេតុទាំងនេះស្តីអំពីការពឹងលើព្រះយេហូវ៉ា។
១៦:១-៥, ៧; ១៨:១-៣, ២៨-៣២; ២១:៤-៦; ២២:១០-១២; ២៨:១៦-២២: ការធ្វើសម្ព័ន្ធភាពជាមួយនឹងសាសន៍ដទៃឬមនុស្សឥតរួមជំនឿ នាំឲ្យទទួលលទ្ធផលដ៏អាក្រក់។ យើងប្រកបដោយប្រាជ្ញាបើជៀសវាងការប្រឡូកដោយឥតចាំបាច់ជាមួយនឹងមនុស្សក្នុងលោកិយនេះ។—យ៉ូហាន ១៧:១៤, ១៦; យ៉ាកុប ៤:៤
១៦:៧-១២; ២៦:១៦-២១; ៣២:២៥, ២៦: ចិត្តអំណួតបាននាំឲ្យស្តេចអេសាប្រព្រឹត្តយ៉ាងអាក្រក់ក្នុងឆ្នាំចុងក្រោយនៃព្រះជន្មទ្រង់។ អូសៀសក៏ទទួលលទ្ធផលមិនល្អដែរដោយសារមានចិត្តអំណួតឬចិត្តព្រហើន។ ស្តេចហេសេគាបានប្រព្រឹត្តដោយឥតប្រាជ្ញានិងប្រហែលជាអួតទៀតផង ពេលដែលទ្រង់បង្ហាញទ្រព្យសម្បត្ដិដល់បេសកជនជាតិបាប៊ីឡូន។ (អេសាយ ៣៩:១-៧) ព្រះគម្ពីរព្រមានយើងថា៖ «សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ»។—សុភាសិត ១៦:១៨
១៦:៩: ព្រះយេហូវ៉ាជួយមនុស្សដែលមានចិត្តស្មោះចំពោះទ្រង់ ហើយទ្រង់ចង់ប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីជាប្រយោជន៍ដល់គេ។
១៨:១២, ១៣, ២៣, ២៤, ២៧: ដូចមីកាយ៉ា គប្បីឲ្យយើងមានចិត្តក្លាហានពេលនិយាយអំពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់។
១៩:១-៣: ព្រះយេហូវ៉ាពិនិត្យមើលលក្ខណៈល្អៗរបស់យើង ទោះជាជួនកាលយើងមិនផ្គាប់ព្រះហឫទ័យទ្រង់ក៏ដោយ។
២០:១-២៨: យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងជួយយើង ពេលដែលយើងបន្ទាបខ្លួនរកការដឹកនាំពីទ្រង់នោះ។—សុភាសិត ១៥:២៩
២០:១៧: ដើម្បី«ចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស»យើងត្រូវតែ«ដំរៀបគ្នា»ពោលគឺគាំទ្រព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ាយ៉ាងសកម្ម។ យើងត្រូវតែ«ឈរស្ងៀម»ដោយទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា ជាជាងចាត់វិធានការធ្វើតាមតែចិត្តយើងនោះ។
២៤:១៧-១៩; ២៥:១៤: ការថ្វាយបង្គំរូបព្រះបានបង្វែរអារម្មណ៍យ៉ូអាសនិងបុត្រានាមអ័ម៉ាស៊ីយ៉ាពីការបម្រើព្រះយេហូវ៉ា ហាក់ដូចជាជាប់អន្ទាក់ដែរ។ សព្វថ្ងៃនេះ ការថ្វាយបង្គំរូបព្រះក៏មានឥទ្ធិពលទាក់ទាញចិត្តដូចសម័យមុនដែរ ជាពិសេសសេចក្ដីលោភឬក៏ជាតិនិយមដែលជាប្រភេទនៃការថ្វាយបង្គំរូបព្រះដ៏ពិបាកកត់សម្គាល់។—កូល៉ុស ៣:៥; វិវរណៈ ១៣:៤
៣២:៦, ៧: យើងក៏ត្រូវមានកម្លាំងនិងចិត្តក្លាហានដែរ កាលដែលយើង«ពាក់គ្រប់គ្រឿងសឹករបស់ព្រះ»និងតយុទ្ធក្នុងសង្គ្រាមខាងវិញ្ញាណនោះ។—អេភេសូរ ៦:១១-១៨
៣៣:២-៩, ១២, ១៣, ១៥, ១៦: បុគ្គលម្នាក់បង្ហាញនូវការប្រែចិត្តដ៏ស្មោះ ដោយលះបង់ចោលនូវការប្រព្រឹត្តអាក្រក់ និងខំព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ ដោយផ្អែកទៅលើការប្រែចិត្តដ៏ស្មោះនេះ សូម្បីតែបុគ្គលម្នាក់ ដែលធ្លាប់ប្រព្រឹត្តអាក្រក់ជួជាតិដូចស្តេចម៉ាន៉ាសេក៏ដោយ ក៏អាចទទួលនូវសេចក្ដីមេត្ដាករុណាពីព្រះយេហូវ៉ាដែរ។
៣៤:១-៣: ទោះបើយើងស្ថិតក្នុងស្ថានការណ៍ដ៏មិនល្អពេលនៅកុមារក៏ដោយ ក៏នេះមិនបង្ការយើងពីការក្រេបយកចំណេះដឹងអំពីព្រះ និងបម្រើទ្រង់ឡើយ។ ស្តេចយ៉ូសៀសបានទទួលឥទ្ធិពលដ៏ល្អក្នុងកាលនៅក្មេង ប្រហែលជាដោយសារជីតាខ្លួន គឺស្តេចម៉ាន៉ាសេដែលបានប្រែចិត្តនោះ។ មិនថាយ៉ូសៀសបានទទួលឥទ្ធិពលល្អពីកន្លែងណាក៏ដោយ នៅទីបំផុតនោះបាននាំឲ្យមានលទ្ធផលល្អ។ ចំពោះយើងក៏អាចមានលទ្ធផលល្អដូច្នេះដែរ។
៣៦:១៥-១៧: ព្រះយេហូវ៉ាមានព្រះហឫទ័យអាណិតមេត្ដានិងអត់ធ្មត់។ ប៉ុន្តែ ព្រះហឫទ័យអាណិតមេត្ដានិងការអត់ធ្មត់របស់ព្រះយេហូវ៉ាគឺមានកម្រិត។ មនុស្សត្រូវស្ដាប់តាមសារព្រះរាជាណាចក្រ ប្រសិនបើពួកគេចង់រួចរស់ជីវិត នៅពេលដែលព្រះយេហូវ៉ាកំទេចចោលរបបលោកិយដ៏អាក្រក់នេះ។
៣៦:១៧, ២២, ២៣: បន្ទូលរបស់ព្រះយេហូវ៉ាតែងសម្រេចជាក់ជាពុំខាន។—ពង្សាវតារក្សត្រទី១ ៩:៧, ៨; យេរេមា ២៥:៩-១១
សៀវភៅមួយដែលបានជំរុញស្តេចឲ្យប្រព្រឹត្តតាម
របាក្សត្រទី២ ៣៤:៣៣ ចែងថា៖ «យ៉ូសៀស ទ្រង់ដកយកអស់ទាំងរបស់គួរស្អប់ខ្ពើមចេញពីស្រុកទាំងប៉ុន្មាន ដែលជារបស់ផងពួកកូនចៅអ៊ីស្រាអែល ហើយក៏បង្គាប់ឲ្យអស់អ្នកដែលនៅស្រុកអ៊ីស្រាអែល គោរពដល់ព្រះយេហូវ៉ា ជាព្រះនៃគេ»។ តើអ្វីដែលបានជំរុញស្តេចយ៉ូសៀសឲ្យធ្វើដូច្នេះ? នៅពេលដែលសាផានជាស្មៀនបានយកសៀវភៅដែលទើបតែរកឃើញ ដែលក្នុងនោះមានក្រិត្យវិន័យរបស់ព្រះយេហូវ៉ាមកថ្វាយស្តេចយ៉ូសៀស នោះស្តេចឲ្យគេអានថ្វាយទ្រង់ស្ដាប់។ អ្វីៗដែលទ្រង់បានឮមានឥទ្ធិពលលើព្រះទ័យទ្រង់ខ្លាំងដល់ម្ល៉េះ បានជាទ្រង់ខ្នះខ្នែងគាំទ្រការថ្វាយបង្គំបរិសុទ្ធរហូតអស់មួយជីវិត។
បើយើងអានបន្ទូលរបស់ព្រះនិងរំពឹងគិតលើនោះ ព្រះបន្ទូលក៏មានឥទ្ធិពលយ៉ាងខ្លាំងលើយើងផងដែរ។ ការពិនិត្យមើលកំណត់ហេតុអំពីស្តេចទាំងប៉ុន្មានក្នុងវង្សត្រកូលដាវីឌ បានលើកទឹកចិត្តយើងឲ្យយកតម្រាប់តាមស្តេចដែលទុកចិត្តលើព្រះយេហូវ៉ា ហើយមិនយកតម្រាប់តាមស្តេចដែលឥតទុកចិត្តលើទ្រង់ មែនទេ? របាក្សត្រទី២លើកទឹកចិត្តយើងឲ្យផ្ដល់ភក្ដីភាពផ្ដាច់មុខថ្វាយព្រះដ៏ពិត និងរមែងស្មោះត្រង់ចំពោះទ្រង់ជានិច្ច។ ប្រាកដហើយ សារដែលមានក្នុងរបាក្សត្រទី២ពិតជារស់នៅ ហើយពូកែមែន។—ហេព្រើរ ៤:១២
[កំណត់សម្គាល់]
a ចំពោះសំណួរដែលទាក់ទងនឹងការធ្វើសម្ពោធនៃព្រះវិហារនិងមេរៀនផ្សេងៗពីសេចក្ដីអធិស្ឋានរបស់ស្តេចសាឡូម៉ូន សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៥ ទំព័រ២៩-៣២។
b បើចង់ដឹងឈ្មោះនៃស្តេចនៅស្រុកយូដា សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៥ ទំព័រ៣២។
[រូបភាពនៅទំព័រ២៩]
តើអ្នកដឹងនូវហេតុដែលរូបគោឈ្មោលដែលទ្រសមុទ្រលង្ហិននោះជាតំណាងដ៏ត្រឹមត្រូវទេ?
[រូបភាពនៅទំព័រ៣១]
ទោះជាយ៉ូសៀសមានជំនួយតិចតួចកាលនៅក្មេងក៏ដោយ តែទ្រង់បានធំឡើងជាអ្នកមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា