អត្ថបទសិក្សា ១២
តើអ្នកមើលឃើញអ្វីដែលសាការីបានមើលឃើញឬទេ?
«‹មិនមែនដោយកម្លាំងកងទ័ព ហើយក៏មិនមែនដោយអំណាចទេ តែដោយឫទ្ធានុភាពរបស់ខ្ញុំ›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នោះ»។—សាក. ៤:៦
ចម្រៀងលេខ៧៣ សូមជួយយើងឲ្យមានចិត្តក្លាហាន
សេចក្ដីសង្ខេបa
១. តើរឿងដ៏គួរឲ្យរំភើបចិត្តអ្វីបានកើតឡើងចំពោះជនជាតិយូដាដែលបានត្រូវនិរទេស?
មានរឿងដ៏គួរឲ្យរំភើបចិត្តមួយបានកើតឡើង។ ព្រះយេហូវ៉ា«បានបណ្ដាលឲ្យចិត្ត»ស៊ីរូសជាស្ដេចស្រុកពើស៊ីដោះលែងជនជាតិអ៊ីស្រាអែលដែលបានធ្វើជាឈ្លើយអស់ជាច្រើនឆ្នាំនៅស្រុកបាប៊ីឡូន។ ស្ដេចនោះបានប្រកាសថា ជនជាតិយូដាអាចត្រឡប់ទៅទឹកដីរបស់ពួកគេវិញ ហើយ‹សង់វិហាររបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលឡើងវិញ›។ (អែស. ១:១, ៣) នេះពិតជាគួរឲ្យរំភើបចិត្តណាស់ ដោយសារនេះមានន័យថាជនជាតិយូដា អាចគោរពប្រណិប័តន៍ព្រះពិតម្ដងទៀតក្នុងទឹកដីដែលលោកបានផ្ដល់ឲ្យពួកគេ!
២. ពេលជនជាតិយូដាត្រឡប់ទៅក្រុងយេរូសាឡិមវិញ តើពួកគេបានធ្វើអ្វី?
២ នៅឆ្នាំ៥៣៧ មុនគ.ស. ជនជាតិយូដាមួយក្រុមដំបូងបានមកដល់ក្រុងយេរូសាឡិមដែលធ្លាប់ជារាជធានីនៃរាជាណាចក្រយូដាខាងត្បូង។ មិនយូរក្រោយមក ពួកអ្នកទាំងនោះបានចាប់ផ្ដើមសង់វិហារ ហើយនៅឆ្នាំ៥៣៦ មុនគ.ស. ពួកគេបានដាក់គ្រឹះវិហាររួចរាល់។
៣. តើជនជាតិយូដាបានទទួលការប្រឆាំងអ្វី?
៣ ពេលជនជាតិយូដាដែលធ្លាប់ជាឈ្លើយ ចាប់ផ្ដើមសង់វិហារឡើងវិញ ពួកគេបានជួបការប្រឆាំងយ៉ាងខ្លាំង។ ប្រជាជាតិជិតខាង«ចេះតែនាំគ្នាបំភ័យបណ្ដាជនយូដាឲ្យធ្លាក់ទឹកចិត្ត ដើម្បីឲ្យពួកគេឈប់សាងសង់ទៀត»។ (អែស. ៤:៤) នោះគឺជាស្ថានភាពដ៏ពិបាកចំពោះជនជាតិយូដា តែស្ថានភាពនោះកាន់តែអាក្រក់ទៅៗ។ នៅឆ្នាំ៥២២ មុនគ.ស. អើថាស៊ើកសេសបានទៅជាស្ដេចនៃស្រុកពើស៊ី។b ពួកអ្នកប្រឆាំងបានគិតថា ដោយសារមានស្ដេចថ្មី ពួកគេអាចឆ្លៀតយកឱកាសនេះដើម្បីបញ្ឈប់កិច្ចការសាងសង់ ដោយរៀបគម្រោង«បង្កើតបញ្ហាដោយអាងច្បាប់»។ (ចសព. ៩៤:២០) ពួកគេបានប្រាប់ស្ដេចអើថាស៊ើកសេសថា ជនជាតិយូដាមានគម្រោងបះបោរប្រឆាំងនឹងគាត់។ (អែស. ៤:១១-១៦) ស្ដេចនោះបានជឿពាក្យកុហករបស់ពួកគេ ហើយបានបង្គាប់ឲ្យគេដាក់បម្រាមលើកិច្ចការសង់វិហារ។ (អែស. ៤:១៧-២៣) ដោយហេតុនេះ ជនជាតិយូដាបានឈប់សង់វិហារ។—អែស. ៤:២៤
៤. តើព្រះយេហូវ៉ាបានធ្វើអ្វីក្រោយពីគេដាក់បម្រាមលើការសាងសង់វិហារ? (អេសាយ ៥៥:១១)
៤ បណ្ដាជនដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងសមាជិកខ្លះក្នុងរដ្ឋាភិបាលរបស់ពួកពើស៊ី បានតាំងចិត្តបញ្ឈប់កិច្ចការសាងសង់វិហារ។ ប៉ុន្តែព្រះយេហូវ៉ាបានតាំងចិត្តធ្វើឲ្យគម្រោងសាងសង់នេះបន្តទៅមុខទៀត ហើយលោកតែងតែធ្វើឲ្យគោលបំណងរបស់លោកបានសម្រេច។ (សូមអាន អេសាយ ៥៥:១១) ព្រះយេហូវ៉ាបានជ្រើសរើសសាការីឲ្យធ្វើជាអ្នកប្រកាសទំនាយរបស់លោក ហើយលោកបានឲ្យគាត់ឃើញអ្វី៨យ៉ាងក្នុងគំនិតដ៏គួរឲ្យរំភើបចិត្ត។ ក្រោយមក សាការីបានប្រាប់អំពីអ្វីទាំងនោះទៅជនជាតិយូដាដើម្បីលើកទឹកចិត្តពួកគេ។ ការបើកបង្ហាញទាំងនោះបានជួយជនជាតិយូដាមិនឲ្យភ័យខ្លាចនឹងពួកអ្នកប្រឆាំង ហើយលើកទឹកចិត្តពួកគេឲ្យបន្តធ្វើកិច្ចការដែលព្រះយេហូវ៉ាចង់ឲ្យពួកគេធ្វើ។ នៅក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតទី៥ សាការីបានឃើញជើងចង្កៀងមួយនិងដើមអូលីវពីរដើម។
៥. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៥ ជួនកាល យើងទាំងអស់គ្នាធ្លាក់ទឹកចិត្ត។ ដូច្នេះ យើងអាចទទួលប្រយោជន៍ ដោយពិចារណាអំពីការលើកទឹកចិត្តដែលព្រះយេហូវ៉ាបានឲ្យជនជាតិអ៊ីស្រាអែល តាមរយៈការបើកបង្ហាញទី៥ដែលសាការីបានឃើញក្នុងគំនិត។ ការយល់អំពីការបើកបង្ហាញនោះអាចជួយយើងឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ពេលយើងជួបការប្រឆាំង ពេលស្ថានភាពរបស់យើងបានត្រូវផ្លាស់ប្ដូរ និងពេលយើងទទួលការណែនាំដែលយើងមិនយល់។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីទាំងនេះ។
ពេលជួបការប្រឆាំង
៦. តើតាមរបៀបណាការបើកបង្ហាញឲ្យឃើញក្នុងគំនិតអំពីជើងចង្កៀងនិងដើមអូលីវពីរដែលបានត្រូវរៀបរាប់នៅសាការី ៤:១-៣ បានជួយជនជាតិយូដាឲ្យមានចិត្តក្លាហាន? (សូមមើលរូបភាពនៅក្រប)
៦ សូមអាន សាការី ៤:១-៣។ ជើងចង្កៀងនិងដើមអូលីវពីរដែលសាការីបានឃើញក្នុងគំនិត បានជួយឲ្យជនជាតិយូដាមានចិត្តក្លាហានដើម្បីបន្តធ្វើកិច្ចការរបស់ពួកគេ ទោះជាមានការប្រឆាំងក៏ដោយ។ តើតាមរបៀបណា? សូមកត់សម្គាល់ថា មានប្រេងហូរចូលក្នុងជើងចង្កៀងឥតឈប់។ ប្រេងពីដើមអូលីវពីរនោះ ហូរចូលទៅក្នុងចានគោមដែលនៅលើជើងចង្កៀងនោះ។ រួចមក ប្រេងបន្តហូរទៅចង្កៀងនីមួយៗទាំង៧ដែលនៅលើជើងចង្កៀងនោះ។ ដោយសារមានប្រេងនេះ ភ្លើងចង្កៀងមិនរលត់ទេ។ សាការីបានសួរថា៖ «តើអ្វីទាំងនេះមានអត្ថន័យអ្វី?»។ ទេវតាបានឆ្លើយដោយយកប្រសាសន៍ពីព្រះយេហូវ៉ាថា៖ «‹អ្វីទាំងនេះនឹងកើតឡើង មិនមែនដោយកម្លាំងកងទ័ព ហើយក៏មិនមែនដោយអំណាចទេ តែដោយឫទ្ធានុភាពរបស់ខ្ញុំ›។ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នោះ»។ (សាក. ៤:៤, ៦) ប្រេងពីដើមឈើនោះជាតំណាងឫទ្ធានុភាពបរិសុទ្ធដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាដែលមិនចេះអស់។ សូម្បីតែកងទ័ពដ៏ខ្លាំងក្លាទាំងអស់របស់ពួកពើស៊ីរួមគ្នា ក៏មិនអាចប្រៀបស្មើនឹងឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានឡើយ។ ដោយមានព្រះយេហូវ៉ានៅខាងពួកគេ ពួកអ្នកសង់វិហារអាចទប់ទល់នឹងការប្រឆាំង ហើយបង្ហើយកិច្ចការសាងសង់បាន។ នេះពិតជាដំណឹងដ៏គួរឲ្យលើកទឹកចិត្តមែន! ជនជាតិយូដាត្រូវទុកចិត្តទៅលើព្រះយេហូវ៉ា ហើយធ្វើកិច្ចការសាងសង់ឡើងវិញ។ នេះជាអ្វីដែលពួកគេបានធ្វើមែន ទោះជាពេលនោះនៅតែមានបម្រាមលើកិច្ចការសាងសង់វិហារក៏ដោយ។
៧. តើការផ្លាស់ប្ដូរអ្វីបានបន្ធូរបន្ថយដល់អ្នកសាងសង់វិហារ?
៧ ការផ្លាស់ប្ដូរមួយបានបន្ធូរបន្ថយដល់អ្នកសាងសង់វិហារ។ តើការផ្លាស់ប្ដូរនោះជាអ្វី? នៅឆ្នាំ៥២០ មុនគ.ស. ស្ដេចថ្មីឈ្មោះដារីយុសទី១ បានឡើងគ្រងរាជ្យលើស្រុកពើស៊ី។ នៅឆ្នាំទី២នៃការគ្រប់គ្រងរបស់គាត់ គាត់បានឃើញថាបម្រាមលើកិច្ចការសង់វិហារគឺខុសច្បាប់។ ដូច្នេះ ដារីយុសបានអនុញ្ញាតឲ្យជនជាតិយូដាបង្ហើយកិច្ចការនោះ។ (អែស. ៦:១-៣) ការសម្រេចចិត្តនោះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល។ ប៉ុន្តែលើសពីនោះទៅទៀត ស្ដេចដារីយុសបានបង្គាប់ប្រជាជាតិជិតខាងឲ្យឈប់រារាំងកិច្ចការសង់វិហារឡើងវិញ ហើយឲ្យពួកគេផ្ដល់ប្រាក់និងផ្គត់ផ្គង់អ្វីៗដែលជនជាតិយូដាត្រូវការដើម្បីបង្ហើយកិច្ចការនោះ។ (អែស. ៦:៧-១២) ជាលទ្ធផល ជនជាតិយូដាបានបង្ហើយកិច្ចការសង់វិហារក្នុងរយៈពេលជាងបួនឆ្នាំក្រោយមក គឺនៅឆ្នាំ៥១៥ មុនគ.ស.។—អែស. ៦:១៥
៨. ហេតុអ្វីអ្នកអាចមានចិត្តក្លាហានពេលជួបការប្រឆាំង?
៨ សព្វថ្ងៃនេះ អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាក៏ជួបការប្រឆាំងដែរ។ ជាឧទាហរណ៍ នៅប្រទេសខ្លះ មានការរឹតបន្តឹងទៅលើកិច្ចការរបស់យើង។ ដូច្នេះហើយ បងប្អូនខ្លះបានត្រូវគេចាប់ខ្លួន និង«ត្រូវគេនាំទៅឯពួកអភិបាលនិងបណ្ដាស្ដេច»ដើម្បីធ្វើជាសាក្សីនៅចំពោះមុខពួកគេ។ (ម៉ាថ. ១០:១៧, ១៨) ជួនកាល ការផ្លាស់ប្ដូររដ្ឋាភិបាលបានបន្ធូរបន្ថយដល់បងប្អូនរបស់យើង។ ឬចៅក្រមដ៏យុត្តិធម៌ប្រហែលជាកាត់ក្ដីឲ្យយើងមានសេរីភាពច្រើនជាងក្នុងការគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ សាក្សីឯទៀតជួបការប្រឆាំងផ្សេង។ បងប្អូនរបស់យើងខ្លះរស់នៅប្រទេសដែលមានសេរីភាពក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ តែពួកគេទទួលការប្រឆាំងពីក្រុមគ្រួសារឲ្យឈប់បម្រើព្រះ។ (ម៉ាថ. ១០:៣២-៣៦) ក្នុងករណីភាគច្រើន ពេលអ្នកប្រឆាំងឃើញថាការខំប្រឹងរបស់ពួកគេមិនបានផល ពួកគេឈប់ប្រឆាំងបងប្អូនយើង។ ក្នុងករណីខ្លះទៀត ពួកអ្នកដែលធ្លាប់ប្រឆាំងយ៉ាងខ្លាំង ក្រោយមកបានទៅជាសាក្សីព្រះយេហូវ៉ាដ៏ខ្នះខ្នែង។ យ៉ាងនេះ ពេលអ្នកជួបការប្រឆាំង សូមកុំឈប់ព្យាយាម។ សូមមានចិត្តក្លាហាន។ អ្នកមានព្រះយេហូវ៉ានិងឫទ្ធានុភាពបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកនៅខាងអ្នក ហេតុនេះអ្នកមិនចាំបាច់ខ្លាចអ្វីឡើយ!
ពេលមានការផ្លាស់ប្ដូរ
៩. ហេតុអ្វីជនជាតិយូដាខ្លះបានខកចិត្តពេលគេដាក់គ្រឹះវិហារថ្មី?
៩ ពេលដែលគ្រឹះវិហារថ្មីបានត្រូវដាក់ ជនជាតិយូដាខ្លះដែលមានវ័យចាស់បានយំ។ (អែស. ៣:១២) ហេតុអ្វី? ពីព្រោះពួកគេធ្លាប់ឃើញវិហារដ៏រុងរឿងដែលសាឡូម៉ូនបានសាងសង់ ហើយពួកគេបានគិតថាវិហារដែលពួកគេកំពុងសាងសង់នោះ និងវិហារពីមុន«មិនអាចប្រៀបធៀបគ្នាបានទាល់តែសោះ»។ (ហាក. ២:២, ៣) ពួកគេពិបាកចិត្តជាខ្លាំង ដោយសារពួកគេបានប្រៀបធៀបវិហារថ្មីទៅនឹងវិហារពីមុន។ អ្វីដែលសាការីបានឃើញក្នុងគំនិតជួយពួកគេឲ្យមានអំណរឡើងវិញ។ តើតាមរបៀបណា?
១០. តើពាក្យរបស់ទេវតាដែលបានត្រូវកត់ទុកនៅសាការី ៤:៨-១០បានជួយជនជាតិយូដាឲ្យលែងខកចិត្តទៀតយ៉ាងដូចម្ដេច?
១០ សូមអាន សាការី ៤:៨-១០។ តើទេវតាចង់មានន័យយ៉ាងណា ពេលគាត់និយាយថាជនជាតិយូដា«នឹងរីករាយត្រេកអរដោយឃើញខ្សែប្រយោលនៅក្នុងដៃរបស់[អភិបាល]សេរ៉ូបាបិល»? ខ្សែប្រយោលជាខ្សែដែលចងដុំអ្វីមួយសម្រាប់សំយុងស្ទង់ជំហរ។ ដូច្នេះ ទេវតានោះពង្រឹងទំនុកចិត្តរាស្ត្ររបស់ព្រះថា ទោះជាវិហារថ្មីនេះមើលទៅមិនរុងរឿងដូចវិហារដំបូងក៏ដោយ វិហារនេះនឹងត្រូវសង់ឲ្យរួចរាល់ ហើយជាអ្វីដែលព្រះយេហូវ៉ាចង់បាន។ ពេលវិហារនេះសង់រួចរាល់ ព្រះយេហូវ៉ានឹងពេញចិត្ត ដូច្នេះជនជាតិយូដាក៏គួរតែពេញចិត្តដែរ។ អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ាគឺជនជាតិយូដាគោរពប្រណិប័តន៍លោកតាមរបៀបដែលលោកចង់ឲ្យពួកគេធ្វើនៅវិហារថ្មី។ បើជនជាតិយូដាផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវ និងការធ្វើឲ្យលោកពេញចិត្ត នោះពួកគេនឹងមានអំណរឡើងវិញ។
១១. តើអ្នកខ្លះដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសព្វថ្ងៃនេះមានការពិបាកអ្វី?
១១ ចំពោះយើងជាច្រើននាក់ ការផ្លាស់ប្ដូរគឺពិបាក។ អ្នកខ្លះដែលធ្លាប់បម្រើក្នុងកិច្ចបម្រើពេញពេលពិសេសអស់រយៈពេលជាយូរ បានទទួលភារកិច្ចថ្មី។ អ្នកខ្លះទៀតត្រូវឈប់បំពេញភារកិច្ចដ៏មានតម្លៃណាមួយ ដោយសារវ័យចំណាស់។ គឺជាការធម្មតាទេ ដែលយើងខកចិត្តពេលមានការផ្លាស់ប្ដូរទាំងនោះ។ ដំបូង យើងប្រហែលជាមិនឯកភាព ឬមិនយល់ទាំងស្រុងអំពីមូលហេតុដែលមានការសម្រេចចិត្តនោះទេ។ យើងប្រហែលជាមានអារម្មណ៍ថា អ្វីៗពីមុនគឺល្អប្រសើរជាង។ ម្យ៉ាងទៀត យើងប្រហែលជាធ្លាក់ទឹកចិត្ត ហើយគិតថាឥឡូវយើងមិនអាចធ្វើបានច្រើនដើម្បីព្រះយេហូវ៉ាឡើយ។ (សុភ. ២៤:១០) តើការបើកបង្ហាញដែលសាការីឃើញក្នុងគំនិតអាចជួយយើងយ៉ាងដូចម្ដេចឲ្យបន្តជូនអ្វីដែលល្អបំផុតដល់ព្រះរបស់យើង?
១២. តើអ្វីដែលសាការីបានឃើញក្នុងគំនិតអាចជួយយើងយ៉ាងដូចម្ដេចឲ្យរក្សាអំណរពេលស្ថានភាពរបស់យើងបានត្រូវផ្លាស់ប្ដូរ?
១២ ពេលយើងមានទស្សនៈដូចព្រះយេហូវ៉ា យើងស្រួលទទួលយកការផ្លាស់ប្ដូរជាង។ ព្រះយេហូវ៉ាកំពុងធ្វើការដ៏អស្ចារ្យនៅសព្វថ្ងៃនេះ ហើយយើងមានឯកសិទ្ធិដ៏ពិសេសណាស់ដែលរួមការងារជាមួយនឹងលោក។ (១កូ. ៣:៩) ភារកិច្ចអាចផ្លាស់ប្ដូរ ប៉ុន្តែសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើងនឹងមិនប្រែប្រួលទេ។ ដូច្នេះ បើការផ្លាស់ប្ដូរណាមួយក្នុងអង្គការរបស់ព្រះប៉ះពាល់ទៅលើអ្នកផ្ទាល់ សូមជៀសវាងការគិតច្រើនពេកអំពីមូលហេតុដែលមានការផ្លាស់ប្ដូរនោះ។ ជាជាងនឹកស្រណោះពេលវេលា«ពីមុន» សូមអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីជួយអ្នកឲ្យរកចំណុចល្អក្នុងការផ្លាស់ប្ដូរនោះ។ (អទ. ៧:១០) ជាជាងគិតអំពីអ្វីដែលអ្នកមិនអាចធ្វើបាន សូមគិតអំពីអ្វីៗដែលអ្នកអាចធ្វើបាន។ យើងរៀនពីការបើកបង្ហាញដែលសាការីបានឃើញក្នុងគំនិតថា គឺជាការសំខាន់ណាស់ឲ្យរក្សាទស្សនៈត្រឹមត្រូវ។ យ៉ាងនេះ យើងនឹងមានអំណរនិងនៅស្មោះត្រង់ ទោះជាស្ថានភាពរបស់យើងផ្លាស់ប្ដូរក៏ដោយ។
ពេលពិបាកធ្វើតាមការណែនាំ
១៣. ហេតុអ្វីជនជាតិអ៊ីស្រាអែលខ្លះប្រហែលជាគិតថាការចាប់ផ្ដើមសង់វិហារឡើងវិញមិនមែនជាការសម្រេចចិត្តល្អ?
១៣ កិច្ចការសង់វិហារឡើងវិញបានត្រូវដាក់បម្រាម។ ប៉ុន្តែ បុរសដែលបានត្រូវតែងតាំងឲ្យនាំមុខ ពោលគឺសម្ដេចសង្ឃយេសួរ(យ៉ូស្វេ)និងអភិបាលសេរ៉ូបាបិល «បានចាប់ផ្ដើមសង់វិហាររបស់ព្រះឡើងវិញ»។ (អែស. ៥:១, ២) ជនជាតិយូដាខ្លះប្រហែលជាគិតថា ការសម្រេចចិត្តនោះគឺមិនល្អទេ។ កិច្ចការសង់វិហារមិនអាចលាក់បាំងពីពួកសត្រូវ ដែលនឹងប្រើគ្រប់វិធីដើម្បីបង្កឲ្យមានបញ្ហាបានឡើយ។ បុរសដែលបានត្រូវតែងតាំងទាំងពីរនាក់នោះគឺយ៉ូស្វេនិងសេរ៉ូបាបិល ត្រូវការការពង្រឹងទំនុកចិត្តថា ព្រះយេហូវ៉ាគាំទ្រពួកគាត់។ ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តរបស់ពួកគាត់មែន! តើតាមរបៀបណា?
១៤. យោងទៅតាមសាការី ៤:១២, ១៤ តើសម្ដេចសង្ឃយ៉ូស្វេនិងអភិបាលសេរ៉ូបាបិលបានទទួលការពង្រឹងទំនុកចិត្តអ្វី?
១៤ សូមអាន សាការី ៤:១២, ១៤។ ក្នុងផ្នែកនេះនៃការបើកបង្ហាញដែលសាការីបានឃើញក្នុងគំនិត ទេវតាបានប្រាប់អ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់ព្រះថា ដើមអូលីវពីរដើមជាតំណាង«អ្នកដែលបានត្រូវរើសតាំង»ពីរនាក់ ពោលគឺយ៉ូស្វេនិងសេរ៉ូបាបិល។ បុរសទាំងពីរនាក់នេះហាក់ដូចជា«កំពុងឈរអមសងខាងម្ចាស់នៃផែនដីទាំងមូល» គឺព្រះយេហូវ៉ា។ នេះជាឯកសិទ្ធិដ៏អស្ចារ្យណាស់! ព្រះយេហូវ៉ាបានទុកចិត្តពួកគាត់ ដូច្នេះជនជាតិអ៊ីស្រាអែលអាចទុកចិត្តអ្វីៗដែលបុរសទាំងនេះប្រាប់ពួកគេឲ្យធ្វើ ដោយសារព្រះយេហូវ៉ាកំពុងប្រើបុរសពីរនាក់នេះឲ្យនាំមុខពួកគេ។
១៥. តើយើងអាចបង្ហាញយ៉ាងណាថាយើងឲ្យតម្លៃចំពោះការណែនាំរបស់ព្រះយេហូវ៉ានៅក្នុងបណ្ដាំលោក?
១៥ ព្រះយេហូវ៉ាបន្តផ្ដល់ការណែនាំដល់រាស្ត្រលោកតាមរយៈបណ្ដាំរបស់លោក ពោលគឺគម្ពីរ។ ក្នុងសៀវភៅពិសិដ្ឋនេះ លោកប្រាប់អំពីរបៀបគោរពប្រណិប័តន៍លោក ដែលធ្វើឲ្យលោកពេញចិត្ត។ តើយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះការណែនាំពីបណ្ដាំរបស់លោកយ៉ាងដូចម្ដេច? គឺដោយលៃទុកពេលដើម្បីអានគម្ពីរយ៉ាងយកចិត្តទុកដាក់និងយល់អ្វីដែលយើងអាន។ សូមសួរខ្លួនអ្នកថា ‹ពេលខ្ញុំអានគម្ពីរឬសៀវភៅណាមួយរបស់អង្គការយើង តើខ្ញុំផ្អាកនិងរំពឹងគិតឬទេ? តើខ្ញុំស្វែងយល់អត្ថន័យនៃសេចក្ដីបង្រៀនក្នុងគម្ពីរដែល«ពិបាកយល់» ឬតើខ្ញុំអានលឿនៗ?›។ (២ពេ. ៣:១៦) បើយើងលៃទុកពេលដើម្បីរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ាកំពុងបង្រៀន យើងអាចធ្វើតាមការណែនាំរបស់លោក ហើយបំពេញកិច្ចបម្រើផ្សាយបានល្អ។—១ធី. ៤:១៥, ១៦
១៦. ពេលយើងមិនយល់ទាំងស្រុងអំពីការណែនាំដែលយើងទទួលពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» តើអ្វីនឹងជួយយើងឲ្យធ្វើតាម?
១៦ ព្រះយេហូវ៉ាផ្ដល់ការណែនាំតាមរបៀបមួយទៀតគឺតាមរយៈ «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥) ជួនកាលខ្ញុំបម្រើនេះផ្ដល់ការណែនាំដែលយើងមិនយល់ទាំងស្រុង។ ជាឧទាហរណ៍ យើងប្រហែលជាទទួលការណែនាំចំៗដើម្បីជួយយើងឲ្យត្រៀមខ្លួនរួចជីវិតពីមហន្តរាយធម្មជាតិ ដែលយើងគិតថានឹងមិនកើតឡើងក្នុងតំបន់របស់យើងទេ។ ឬយើងប្រហែលជាមានអារម្មណ៍ថា ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ប្រុងប្រយ័ត្នហួសហេតុពេកក្នុងអំឡុងពេលមានរោគរាតត្បាត។ តើយើងគួរធ្វើអ្វីបើយើងមានអារម្មណ៍ថា ការណែនាំដែលយើងទទួលគឺមិនមានប្រយោជន៍? យើងអាចគិតអំពីប្រយោជន៍ដែលជនជាតិអ៊ីស្រាអែលបានទទួល ពេលពួកគេធ្វើតាមអ្វីដែលយ៉ូស្វេនិងសេរ៉ូបាបិលបានប្រាប់ពួកគេឲ្យធ្វើ។ យើងក៏អាចគិតអំពីកំណត់ហេតុឯទៀតក្នុងគម្ពីរដែលយើងបានអានផងដែរ។ ជួនកាល រាស្ត្ររបស់ព្រះបានទទួលការណែនាំដែលមើលទៅមិនសមហេតុសមផលទេ។ ប៉ុន្តែនោះបានសង្គ្រោះជីវិតពួកគេ។—អសក. ៧:៧; ៨:១០
ចូរឃើញអ្វីដែលសាការីបានឃើញ
១៧. តើការបើកបង្ហាញឲ្យឃើញក្នុងគំនិតអំពីជើងចង្កៀងនិងដើមអូលីវពីរមានឥទ្ធិពលយ៉ាងណាទៅលើជនជាតិយូដា?
១៧ ទោះជាការបើកបង្ហាញទី៥ដែលសាការីបានឃើញក្នុងគំនិតគឺខ្លីក្ដី នោះបានជួយជនជាតិយូដាឲ្យមានទស្សនៈត្រឹមត្រូវចំពោះកិច្ចការរបស់ពួកគេនិងការគោរពប្រណិប័តន៍ព្រះ។ ពេលពួកគេអនុវត្តមេរៀនដែលពួកគេបានរៀនពីអ្វីដែលសាការីបានឃើញ នោះពួកគេយល់ថាព្រះយេហូវ៉ាគាំទ្រនិងផ្ដល់ការណែនាំដល់ពួកគេ។ ព្រះយេហូវ៉ាផ្ដល់ឫទ្ធានុភាពបរិសុទ្ធដ៏ខ្លាំងក្លារបស់លោកមកពួកគេ ដើម្បីជួយពួកគេឲ្យបន្តធ្វើកិច្ចការនោះ និងទទួលអំណរឡើងវិញ។—អែស. ៦:១៦
១៨. តើអ្វីដែលសាការីបានឃើញក្នុងគំនិតអាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
១៨ អ្វីដែលសាការីបានឃើញក្នុងគំនិតអំពីជើងចង្កៀងនិងដើមអូលីវពីរដើមអាចមានឥទ្ធិពលខ្លាំងទៅលើជីវិតរបស់អ្នក។ ដូចដែលយើងបានពិចារណា ការបើកបង្ហាញឲ្យឃើញក្នុងគំនិតនោះអាចជួយអ្នកឲ្យទទួលកម្លាំងដែលអ្នកត្រូវការពេលជួបការប្រឆាំង មានអំណរដែលអ្នកត្រូវការពេលស្ថានភាពរបស់អ្នកបានត្រូវផ្លាស់ប្ដូរ និងមានទំនុកចិត្តដែលអ្នកត្រូវការដើម្បីស្ដាប់បង្គាប់ពេលអ្នកទទួលការណែនាំដែលអ្នកមិនយល់។ ដូច្នេះ ពេលអ្នកមានការពិបាកក្នុងជីវិត តើអ្នកគួរធ្វើអ្វី? ដំបូង សូមឃើញអ្វីដែលសាការីបានឃើញ ពោលគឺភ័ស្តុតាងដែលបញ្ជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះរាស្ត្រលោក។ បន្ទាប់មក សូមប្រព្រឹត្តតាមអ្វីដែលអ្នកឃើញនោះ ដោយបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា និងបន្តគោរពប្រណិប័តន៍លោកដោយអស់ពីចិត្ត។ (ម៉ាថ. ២២:៣៧) បើអ្នកធ្វើដូច្នេះ ព្រះយេហូវ៉ានឹងជួយអ្នកឲ្យបម្រើលោកដោយមានអំណរជារៀងរហូត។—កូឡ. ១:១០, ១១
ចម្រៀងលេខ៧ ព្រះយេហូវ៉ាជាកម្លាំងរបស់យើង
a ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យសាការីដែលជាអ្នកប្រកាសទំនាយ ឃើញអ្វីមួយចំនួនដ៏គួរឲ្យរំភើបក្នុងគំនិត។ អ្វីដែលសាការីបានឃើញ បានផ្ដល់កម្លាំងដល់គាត់និងរាស្ត្ររបស់ព្រះយេហូវ៉ាឲ្យយកឈ្នះការពិបាកផ្សេងៗដែលពួកគេបានជួប កាលដែលពួកគេព្យាយាមស្ថាបនាការគោរពប្រណិប័តន៍ពិតឡើងវិញ។ អ្វីទាំងនោះក៏អាចជួយយើងឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ទោះជាមានការពិបាកក្ដី។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាមេរៀនសំខាន់ដែលយើងអាចរៀនពីអ្វីដែលបានត្រូវបើកបង្ហាញឲ្យសាការីឃើញក្នុងគំនិត អំពីជើងចង្កៀងនិងដើមអូលីវ។
b ច្រើនឆ្នាំក្រោយមក នៅសម័យអភិបាលនេហេមា ស្ដេចមួយទៀតដែលមានឈ្មោះអើថាស៊ើកសេស បានប្រព្រឹត្តយ៉ាងសប្បុរសចំពោះជនជាតិយូដា។
c ការពណ៌នាអំពីរូបភាព: បងប្រុសម្នាក់យល់ថា គាត់ត្រូវសម្របខ្លួនទៅនឹងស្ថានភាពថ្មី ដោយសារអាយុនិងបញ្ហាសុខភាពរបស់គាត់។
d ការពណ៌នាអំពីរូបភាព: បងស្រីម្នាក់រំពឹងគិតអំពីការដែលព្រះយេហូវ៉ាកំពុងជួយ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ដូចដែលលោកបានធ្វើចំពោះយ៉ូស្វេនិងសេរ៉ូបាបិល។