មេរៀនទី២៤
តើទេវតាជាអ្នកណា ហើយមានតួនាទីអ្វី?
ព្រះយេហូវ៉ាចង់ឲ្យយើងរៀនអំពីក្រុមគ្រួសាររបស់លោកនៅស្ថានសួគ៌។ ក្រុមគ្រួសាររបស់លោកមានទេវតា។ ពួកគេបានត្រូវហៅថា«កូនព្រះ»។ (យ៉ូប ៣៨:៧) តើគម្ពីរចែងយ៉ាងណាអំពីទេវតា? តើទេវតាមានឥទ្ធិពលយ៉ាងណាលើជីវិតមនុស្ស? តើទេវតាទាំងអស់ជាសមាជិកក្រុមគ្រួសាររបស់ព្រះឬទេ?
១. តើទេវតាជាអ្នកណា?
ព្រះយេហូវ៉ាបានបង្កើតទេវតាមុនលោកបង្កើតផែនដី។ ដូចលោកដែរ ទេវតាជាបុគ្គលវិញ្ញាណនៅស្ថានសួគ៌ដែលមនុស្សមើលមិនឃើញ។ (ហេប្រឺ ១:១៤) មានទេវតារាប់លានរូប ហើយទេវតាម្នាក់ៗមានបុគ្គលិកលក្ខណៈខុសៗគ្នា។ (ការបើកបង្ហាញ ៥:១១) ពួកទេវតា«ស្ដាប់បង្គាប់និងធ្វើតាមប្រសាសន៍របស់[ព្រះយេហូវ៉ា]»។ (ចម្រៀងសរសើរព្រះ ១០៣:២០) នៅសម័យបុរាណ ជួនកាលព្រះយេហូវ៉ាចាត់ទេវតាឲ្យធ្វើជាអ្នកនាំសាររបស់លោក ព្រមទាំងឲ្យជួយគាំទ្រនិងសង្គ្រោះរាស្ត្ររបស់លោក។ នៅសព្វថ្ងៃ ទេវតាជួយណែនាំគ្រិស្តសាសនិកឲ្យជួបមនុស្សដែលចង់រៀនអំពីព្រះ។
២. តើសាថាននិងពួកវិញ្ញាណកំណាចរបស់វាជាអ្នកណា?
ទេវតាខ្លះមិនបានស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ។ ទេវតាដែលបានបះបោរប្រឆាំងព្រះមុនគេ «ហៅថាមេកំណាចនិងសាថាន វាជាអ្នកដែលកំពុងបំភាន់ពិភពលោកទាំងមូល»។ (ការបើកបង្ហាញ ១២:៩) សាថានចង់គ្រប់គ្រងលើអ្នកឯទៀត ដូច្នេះវាបាននាំមនុស្សដំបូងឲ្យបះបោរប្រឆាំងដែរ។ ក្រោយមក វាបាននាំទេវតាផ្សេងទៀត ឲ្យចូលរួមជាមួយនឹងវា។ ពួកទេវតាដែលបានបះបោរប្រឆាំងព្រះហៅថា ពួកវិញ្ញាណកំណាច។ ព្រះយេហូវ៉ាបានបណ្ដេញពួកវាចេញពីស្ថានសួគ៌ឲ្យមកផែនដី ហើយមិនយូរទៀត ពួកវានឹងត្រូវបំផ្លាញចោល។—សូមអាន ការបើកបង្ហាញ ១២:៩, ១២
៣. តើសាថាននិងពួកវិញ្ញាណកំណាចព្យាយាមបំភាន់មនុស្សតាមរយៈអ្វី?
សាថាននិងពួកវិញ្ញាណកំណាចបំភាន់មនុស្សជាច្រើនតាមរយៈអំពើផ្សេងៗ ដែលនាំឲ្យពួកគេទាក់ទងនឹងពួកវិញ្ញាណ។ ជាឧទាហរណ៍ មនុស្សខ្លះបានទៅរកពួកហោរាសាស្ត្រ គ្រូទាយ និងគ្រូធ្មប់ជាដើម។ ឯមនុស្សខ្លះទៀតខំស្វែងរកវិធីព្យាបាលដែលទាក់ទងនឹងពួកវិញ្ញាណ។ ចំណែកមនុស្សខ្លះទៀតក៏បានត្រូវបោកបញ្ឆោតឲ្យជឿដែរថា ពួកគេអាចនិយាយជាមួយនឹងមនុស្សស្លាប់បាន។ ប៉ុន្តែ ព្រះយេហូវ៉ាព្រមានយើងថា៖ «កុំទៅរកគ្រូខាបឬគ្រូទាយឲ្យសោះ»។ (ច្បាប់លេវី ១៩:៣១) លោកផ្ដល់ការព្រមាននេះ ដើម្បីការពារយើងពីសាថាននិងពួកវិញ្ញាណកំណាច។ ពួកវាជាសត្រូវរបស់ព្រះ ដូច្នេះពួកវាចង់ធ្វើបាបយើង។
បង្កើនចំណេះ
សូមរៀនអំពីអ្វីល្អៗដែលពួកទេវតាធ្វើ និងអំពីគ្រោះថ្នាក់ដែលមកពីការទាក់ទងនឹងពួកវិញ្ញាណ ព្រមទាំងអំពីរបៀបដែលយើងអាចការពារខ្លួនពីសាថាននិងពួកវិញ្ញាណកំណាច។
៤. ទេវតាជួយមនុស្សឲ្យរៀនអំពីព្រះយេហូវ៉ា
ទេវតារបស់ព្រះមិនផ្សព្វផ្សាយដល់មនុស្សដោយផ្ទាល់ទេ។ ផ្ទុយទៅវិញ ទេវតាប្រហែលជាជួយណែនាំអ្នកគោរពប្រណិប័តន៍ព្រះឲ្យជួបមនុស្សដែលចង់រៀនអំពីលោក។ សូមអាន ការបើកបង្ហាញ ១៤:៦, ៧ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីយើងត្រូវការជំនួយពីទេវតាដើម្បីផ្សព្វផ្សាយ?
ការដែលអ្នកដឹងថាទេវតាអាចជួយណែនាំអ្នក ឲ្យជួបមនុស្សដែលចង់រៀនអំពីគម្ពីរ តើនេះលើកទឹកចិត្តអ្នកឬទេ? ហេតុអ្វី?
៥. ចូរបដិសេធការទាក់ទងពួកវិញ្ញាណអាក្រក់
សាថាននិងពួកវិញ្ញាណកំណាចជាសត្រូវរបស់ព្រះយេហូវ៉ា។ ពួកវាក៏ជាសត្រូវរបស់យើងដែរ។ សូមអាន លូកា ៩:៣៨-៤២ រួចពិភាក្សាសំណួរនេះ៖
តើពួកវិញ្ញាណកំណាចធ្វើអ្វីខ្លះចំពោះមនុស្ស?
យើងមិនចង់ឲ្យពួកវិញ្ញាណកំណាចមានឥទ្ធិពលមកលើជីវិតយើងទេ។ សូមអាន ការបំភ្លឺច្បាប់ ១៨:១០-១២ រួចពិភាក្សាសំណួរដូចតទៅ៖
តើពួកវិញ្ញាណកំណាចព្យាយាមប្រាស្រ័យទាក់ទងជាមួយយើង និងមានឥទ្ធិពលមកលើយើង តាមវិធីណាខ្លះ? ក្នុងតំបន់ដែលអ្នករស់នៅ តើមនុស្សចូលចិត្តធ្វើអ្វីដើម្បីទាក់ទងពួកវិញ្ញាណ?
តើអ្នកគិតថាសមហេតុសមផលទេ ដែលព្រះយេហូវ៉ាហាមមិនឲ្យទាក់ទងនឹងពួកវិញ្ញាណអាក្រក់? ហេតុអ្វី?
លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកគិតថារបស់ស័ក្ដិសិទ្ធិដែលកូនស្រីផាឡេសាពាក់មានគ្រោះថ្នាក់ឬទេ? ហេតុអ្វី?
តើផាឡេសាបានធ្វើអ្វីដើម្បីរួចផុតពីពួកវិញ្ញាណកំណាច?
គ្រិស្តសាសនិកពិតតែងតែប្រឆាំងនឹងពួកវិញ្ញាណកំណាច។ សូមអាន សកម្មភាព ១៩:១៩ និងកូរិនថូសទី១ ១០:២១ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីជាការសំខាន់ដែលអ្នកត្រូវបំផ្លាញអ្វីទាំងអស់ដែលទាក់ទងជាមួយនឹងពួកវិញ្ញាណអាក្រក់?
៦. ចូរតស៊ូយកឈ្នះសាថាននិងពួកវិញ្ញាណកំណាច
សាថានជាអ្នកគ្រប់គ្រងលើពួកវិញ្ញាណកំណាច។ ចំណែកមហាទេវតាមីកែល ដែលជាឈ្មោះមួយទៀតរបស់លោកយេស៊ូ លោកជាអ្នកដឹកនាំបណ្ដាទេវតាស្មោះត្រង់។ តើមីកែលមានឫទ្ធានុភាពខ្លាំងក្លាយ៉ាងណា? សូមអាន ការបើកបង្ហាញ ១២:៧-៩ រួចពិភាក្សាសំណួរដូចតទៅ៖
យោងតាមបទគម្ពីរនេះ តើសាថាននិងពួកវិញ្ញាណកំណាចរបស់វា ខ្លាំងជាងមីកែលនិងពួកទេវតារបស់លោកឬទេ?
តើអ្នកគិតថាអ្នកកាន់តាមលោកយេស៊ូត្រូវភ័យខ្លាចសាថាននិងពួកវិញ្ញាណកំណាចរបស់វាទេ?
អ្នកអាចតស៊ូយកឈ្នះសាថាននិងពួកវិញ្ញាណកំណាចរបស់វា។ សូមអាន យ៉ាកុប ៤:៧ រួចពិភាក្សាសំណួរនេះ៖
តើអ្នកអាចការពារខ្លួនពីសាថាននិងពួកវិញ្ញាណកំណាចយ៉ាងដូចម្ដេច?
មនុស្សខ្លះនិយាយថា៖ «ការលេងហ្គេមដែលមានមន្តអាគម ឬមើលរឿងខ្មោច គ្មានអ្វីខុសទេ។ វាគ្រាន់តែជាការកម្សាន្តអារម្មណ៍ប៉ុណ្ណោះ»។
ហេតុអ្វីទស្សនៈបែបនេះនាំឲ្យមានគ្រោះថ្នាក់?
សេចក្ដីសង្ខេប
ពួកទេវតាស្មោះត្រង់ជួយយើង។ សាថាននិងពួកវិញ្ញាណកំណាចជាសត្រូវរបស់ព្រះ។ ពួកវាបំភាន់មនុស្សតាមរយៈអំពើផ្សេងៗដែលនាំឲ្យទាក់ទងពួកវិញ្ញាណ។
រៀនសាឡើងវិញ
តើទេវតារបស់ព្រះយេហូវ៉ាកំពុងជួយមនុស្សឲ្យរៀនអំពីលោកយ៉ាងដូចម្ដេច?
តើសាថាននិងពួកវិញ្ញាណកំណាចជាអ្នកណា?
ហេតុអ្វីអ្នកចង់ជៀសវាងពីអ្វីដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់?
ស្វែងយល់ថែមទៀត
សូមមើលភ័ស្តុតាងដែលបញ្ជាក់ថាលោកយេស៊ូជាមហាទេវតាមីកែល។
«តើមហាទេវតាមីកែលជាអ្នកណា?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលរបៀបដែលស្ត្រីម្នាក់បានផ្ដាច់ខ្លួនចេញពីឥទ្ធិពលរបស់ពួកវិញ្ញាណកំណាច។
«នាងបានរកឃើញគោលបំណងនៃជីវិត» (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៣)
សូមរៀនអំពីវិធីដែលសាថានបោកបញ្ឆោតមនុស្ស ដោយប្រើអំពើផ្សេងៗដែលនាំឲ្យពួកគេទាក់ទងពួកវិញ្ញាណអាក្រក់។