ជំពូកទី២៨
‹មានតែទ្រង់ដែលស្មោះត្រង់›
១, ២. ហេតុអ្វីអាចនិយាយថាស្តេចដាវីឌស្គាល់ច្បាស់ណាស់នូវភាពឥតស្មោះត្រង់?
ស្តេចដាវីឌស្គាល់ភាពឥតស្មោះត្រង់ច្បាស់ណាស់។ ក្នុងរជ្ជកាលដ៏ជ្រួលច្របល់របស់ទ្រង់ មានពេលមួយដែលមនុស្សខ្លះជាសាសន៍របស់ទ្រង់បានឃុបឃិតគ្នាបង្កើតផែនការសម្ងាត់ដើម្បីប្រឆាំងទ្រង់។ ម្យ៉ាងទៀត មនុស្សខ្លះដែលក្បត់ទ្រង់នោះគឺជាមនុស្សជំនិតរបស់ទ្រង់តែម្ដង។ សូមគិតអំពីមីកាល ជាយាទីមួយរបស់ដាវីឌ។ ដើមដំបូងព្រះនាងមីកាល‹ស្រឡាញ់ដាវីឌណាស់› ហើយប្រាកដជាបានគាំទ្រការគ្រប់គ្រងរបស់ដាវីឌ។ ប៉ុន្តែ ក្រោយមកព្រះនាង«ក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់» រហូតដល់ចាត់ទុកដាវីឌ«ដូចជាមនុស្សចោលម្សៀតណាមួយ»។—សាំយូអែលទី១ ១៨:២០; សាំយូអែលទី២ ៦:១៦, ២០
២ ក៏មានលោកអ័ហ៊ីថូផែលដែរ ដែលជាទីប្រឹក្សាផ្ទាល់របស់ដាវីឌ។ ឱវាទរបស់អ័ហ៊ីថូផែលត្រូវគេឲ្យតម្លៃដោយចាត់ទុកដូចជាបន្ទូលរបស់ព្រះយេហូវ៉ាតែម្ដង។ (សាំយូអែលទី២ ១៦:២៣) ប៉ុន្តែ ក្រោយមក មនុស្សជំនិតដែលដាវីឌទុកចិត្តនេះបានប្រែទៅជាក្បត់ទ្រង់និងចូលដៃជាមួយជនបះបោរប្រឆាំង។ ហើយតើអ្នកណាជាមេផ្ដើមផែនការក្បត់នេះ? គឺអាប់សាឡំមរាជបុត្រារបស់ដាវីឌតែម្ដង! រាជបុត្រាដ៏លាក់កំណួចជាមនុស្សឱកាសនិយមនេះចេះតែ«ទាក់ចិត្តពួកជនជាតិអ៊ីស្រាអែល» ហើយចង់ដណ្ដើមអំណាចដោយតាំងខ្លួនធ្វើជាស្តេច។ ការបះបោររបស់អាប់សាឡំមបានមានសន្ទុះរឹតតែខ្លាំងរហូតដល់ស្តេចដាវីឌត្រូវរត់គេចខ្លួនដើម្បីសង្គ្រោះព្រះជន្មរបស់ទ្រង់។—សាំយូអែលទី២ ១៥:១-៦, ១២-១៧
៣. តើដាវីឌមានទំនុកចិត្តអ្វី?
៣ តើនៅមានអ្នកណាដែលនៅតែស្មោះត្រង់នឹងដាវីឌឬទេ? ក្នុងគ្រប់ទាំងទុក្ខវេទនារបស់ដាវីឌទ្រង់ជ្រាបថា មានបុគ្គលម្នាក់ដែលនៅតែស្មោះត្រង់មែន។ តើបុគ្គលនោះជានរណា? គឺព្រះយេហូវ៉ាតែម្ដង។ ដាវីឌបានពោលអំពីព្រះយេហូវ៉ាថា៖«ព្រះអង្គសំដែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់»។ (សាមូអែលទី២ ២២:២៦, ខ.ស.) តើភាពស្មោះត្រង់ជាអ្វី? ហើយតើព្រះយេហូវ៉ាធ្វើជាគំរូឧត្តមបំផុតស្តីអំពីគុណសម្បត្ដិនេះយ៉ាងដូចម្ដេច?
តើភាពស្មោះត្រង់ជាអ្វី?
៤, ៥. (ក) តើ«ភាពស្មោះត្រង់»ជាអ្វី? (ខ) តើភាពគួរឲ្យទុកចិត្តនៃរបស់របរដែលគ្មានជីវិត គឺខុសគ្នាពីភាពស្មោះត្រង់ដែលមនុស្សម្នាក់បង្ហាញយ៉ាងដូចម្ដេច?
៤ «ភាពស្មោះត្រង់»ដែលត្រូវរៀបរាប់ក្នុងបទគម្ពីរភាសាហេព្រើរ គឺជាសេចក្ដីសប្បុរសប្រកបដោយសេចក្ដីស្រឡាញ់ដែលមានចំពោះបុគ្គលណាមួយ រហូតដល់គោលបំណងដែលមានសំរាប់បុគ្គលនោះបានសម្រេច។ មនុស្សស្មោះត្រង់ក៏ជាមនុស្សដែលបង្ហាញសេចក្ដីស្រឡាញ់ដែរ។ គួរឲ្យចាប់អារម្មណ៍ណាស់ដែលអ្នកតែងទំនុកដំកើងបានហៅព្រះចន្ទជា«ទីសំគាល់ស្មោះត្រង់ដែលនៅលើមេឃ» ដោយសារព្រះចន្ទរះជារៀងរាល់យប់ជាទៀងទាត់នោះ។ (ទំនុកដំកើង ៨៩:៣៧) នេះបានន័យថាយើងអាចទុកចិត្តព្រះចន្ទបាន។ ប៉ុន្តែ ព្រះចន្ទមិនអាចស្មោះត្រង់ដូចជាមនុស្សម្នាក់ស្មោះត្រង់នោះទេ។ ហេតុអ្វី? ពីព្រោះភាពស្មោះត្រង់គឺជាលក្ខណៈមួយនៃសេចក្ដីស្រឡាញ់ ហើយរបស់របរដែលគ្មានជីវិតមិនអាចបង្ហាញសេចក្ដីស្រឡាញ់បានទេ។
ព្រះចន្ទហៅថាសាក្សីដ៏ស្មោះត្រង់ ប៉ុន្តែមានតែសត្តនិករមានជីវិតនិងសតិសម្បជញ្ញៈទេដែលពិតជាអាចបង្ហាញភាពស្មោះត្រង់ដូចព្រះយេហូវ៉ា
៥ តាមអត្ថន័យដែលទាក់ទងខាងវិញ្ញាណវិញ ភាពស្មោះត្រង់ប្រកបដោយភាពកក់ក្ដៅ។ ការបង្ហាញភាពស្មោះត្រង់បញ្ជាក់ថាមានចំណងមិត្តភាពរវាងបុគ្គលដែលជាអ្នកបង្ហាញគុណសម្បត្ដិនេះនិងបុគ្គលដែលជាអ្នកទទួលនោះ។ ភាពស្មោះត្រង់បែបនេះគឺមិនប្រែប្រួលទេមិនដូចរលកសមុទ្រដែលត្រូវបក់បោកចុះឡើងដោយខ្យល់ពីគ្រប់ទិសទីនោះ។ ផ្ទុយទៅវិញភាពស្មោះត្រង់ ឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ គឺឋិតថេរនិងមានកម្លាំងអាចឈ្នះពានពារឧបសគ្គធំបំផុត។
៦. (ក) តើភាពស្មោះត្រង់គឺកម្រមានយ៉ាងណាក្នុងចំណោមមនុស្សជាតិ? ហើយតើព្រះគម្ពីរបញ្ជាក់ចំណុចនេះយ៉ាងដូចម្ដេច? (ខ) តើអ្វីជាវិធីល្អបំផុតដើម្បីរៀនដឹងថាភាពស្មោះត្រង់រួមបញ្ចូលអ្វីខ្លះ? ហើយហេតុអ្វី?
៦ គឺពិតមែនដែលថា សព្វថ្ងៃនេះភាពស្មោះត្រង់បែបនេះកម្រមានណាស់។ ជាការធម្មតាទេដែលមនុស្សជិតស្និទ្ធ«នាំឲ្យវិនាសខ្លួន»ទៅវិញទៅមកនោះ។ ករណីរត់ចោលគូអាពាហ៍ពិពាហ៍មានច្រើនជាងមុនៗទៀត។ (សុភាសិត ១៨:២៤; ម៉ាឡាគី ២:១៤-១៦) ការក្បត់គឺមានជាធម្មតាដល់ម្ល៉េះដែលយើងប្រហែលជាមានអារម្មណ៍ដូចព្យាការីមីកាដែលនិយាយថា៖«គ្មានអ្នកណាដែលទៀងត្រង់[«ស្មោះត្រង់», ព.ថ.] នៅក្នុងពួកមនុស្សលោកទេ»។ (មីកា ៧:២) ទោះជាមនុស្សជាតិមិនបានបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះជាញឹកញយក៏ដោយ តែភាពស្មោះត្រង់ជាលក្ខណៈដ៏អស្ចារ្យមួយរបស់ព្រះយេហូវ៉ា។ ការពិត វិធីល្អបំផុតដែលយើងអាចរៀនដឹងថាភាពស្មោះត្រង់រួមបញ្ចូលអ្វីខ្លះ នោះគឺដោយពិចារណានូវរបៀបព្រះយេហូវ៉ាបង្ហាញលក្ខណៈដ៏ឧត្តមនេះដែលជាផ្នែកនៃសេចក្ដីស្រឡាញ់របស់ទ្រង់។
ភាពស្មោះត្រង់របស់ព្រះយេហូវ៉ាគ្មានអ្នកណាអាចប្រៀបផ្ទឹមបាន
៧, ៨. ហេតុអ្វីអាចនិយាយថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលស្មោះត្រង់?
៧ ព្រះគម្ពីរចែងអំពីព្រះយេហូវ៉ាថា៖«មានតែទ្រង់១ដែលបរិសុទ្ធ[«ស្មោះត្រង់», ព.ថ.]»។ (វិវរណៈ ១៥:៤) តើទ្រង់បានបង្ហាញភាពស្មោះត្រង់យ៉ាងដូចម្ដេច? តើមនុស្សជាតិនិងទេវតាមិនធ្លាប់បង្ហាញភាពស្មោះត្រង់បានយ៉ាងប្រសើរទេឬ? (យ៉ូប ១:១; វិវរណៈ ៤:៨) ហើយចុះព្រះយេស៊ូគ្រីស្ទវិញ? ទ្រង់ជា«អ្នកស្មោះត្រង់»ទីមួយរបស់ព្រះ មែនទេ? (ទំនុកដំកើង ១៦:១០, ព.ថ.) ដូច្នេះ ហេតុអ្វីអាចនិយាយថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលស្មោះត្រង់នោះ?
៨ ទីមួយ ចូរនឹកចាំថា ភាពស្មោះត្រង់គឺជាលក្ខណៈមួយនៃសេចក្ដីស្រឡាញ់។ ដោយព្រោះ«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង» ទ្រង់គឺជាគំរូឧត្តមបំផុតស្តីអំពីសេចក្ដីស្រឡាញ់ ដូច្នេះគឺគ្មានអ្នកណាដែលអាចបង្ហាញភាពស្មោះត្រង់ឲ្យបានគ្រប់លក្ខណៈជាងព្រះយេហូវ៉ាឡើយ។ (យ៉ូហានទី១ ៤:៨, កំណែជាអក្សរទ្រេត) ការពិត មនុស្សនិងទេវតាអាចយកតម្រាប់តាមគុណសម្បត្ដិរបស់ព្រះ ប៉ុន្តែមានតែព្រះយេហូវ៉ាដែលមានភាពស្មោះត្រង់បំផុត។ ដោយសារទ្រង់ជា«ព្រះដ៏មានព្រះជន្មពីចាស់បុរាណ»នោះ ទ្រង់ធ្លាប់បង្ហាញសេចក្ដីសប្បុរសដ៏ស្មោះយូរជាងសត្តនិករឯទៀត មិនថានៅស្ថានសួគ៌ឬនៅផែនដីក្ដី។ (ដានីយ៉ែល ៧:៩) ដូច្នេះ ព្រះយេហូវ៉ាគឺស្មោះត្រង់បំផុត។ ទ្រង់បង្ហាញគុណសម្បត្ដិនេះដល់កំរិតដែលគ្មានអ្នកណាអាចធ្វើដូចបានឡើយ។ សូមពិចារណាឧទាហរណ៍ខ្លះៗ។
៩. តើព្រះយេហូវ៉ា«ស្មោះត្រង់ក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់»យ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ា«សប្បុរស[«ស្មោះត្រង់», ព.ថ.]ក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់»។ (ទំនុកដំកើង ១៤៥:១៧) តើយ៉ាងដូចម្ដេច? ទំនុកដំកើង១៣៦មានចម្លើយ។ ក្នុងទំនុកនោះ មានរៀបរាប់អំពីករណីនៃការសង្គ្រោះជាច្រើនដោយព្រះយេហូវ៉ា ដូចជាការសង្គ្រោះពួកអ៊ីស្រាអែលយ៉ាងអស្ចារ្យនៅសមុទ្រក្រហមជាដើម។ គួរឲ្យកត់សម្គាល់មែន ខនិមួយៗក្នុងទំនុកនេះមានឃ្លាថា៖«ដ្បិតសេចក្ដីសប្បុរស[ឬភាពស្មោះត្រង់]របស់ទ្រង់ស្ថិតស្ថេរនៅជាដរាប» ដើម្បីសង្កត់ធ្ងន់ទៅលើសេចក្ដីក្នុងខទាំងនោះ។ ទំនុកនេះមានក្នុងសំនួរសំរាប់រំពឹងគិតនៅទំព័រ២៨៩។ នៅពេលអ្នកអានខទាំងនេះ អ្នកពិតជានឹងកោតស្ងើចនឹងវិធីជាច្រើនដែលព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះចំពោះរាស្ត្រទ្រង់។ គឺពិតណាស់ដែលថាព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ចំពោះអ្នកបំរើស្មោះភក្ដីរបស់ទ្រង់ ដោយស្ដាប់នូវការអំពាវនាវរបស់ពួកគេក្នុងការសុំជំនួយ និងដោយចាត់វិធានការជួយនៅពេលកំណត់។ (ទំនុកដំកើង ៣៤:៦) សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាចំពោះអ្នកបំរើទ្រង់មិនដែលរសាយដរាបណាដែលពួកគេនៅស្មោះត្រង់នឹងទ្រង់។
១០. តើព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ស្តីអំពីខ្នាតតម្រារបស់ទ្រង់យ៉ាងដូចម្ដេច?
១០ ម្យ៉ាងទៀត ព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ចំពោះអ្នកបំរើទ្រង់ដោយកាន់ខ្ជាប់តាមខ្នាតតម្រារបស់ទ្រង់ជានិច្ច។ ទ្រង់មិនដូចមនុស្សជាតិដែលផ្លាស់ប្ដូរគំនិតជានិច្ចនិងត្រូវដឹកនាំដោយសន្ទុះចិត្តឬមនោសញ្ចេតនានោះទេ ដ្បិតទ្រង់មិនដែលប្រែប្រួលក្នុងទស្សនៈរបស់ទ្រង់ចំពោះសេចក្ដីល្អនិងសេចក្ដីអាក្រក់នោះឡើយ។ តាំងពីរាប់សិបពាន់ឆ្នាំមុន ទស្សនៈរបស់ទ្រង់ចំពោះមន្តអាគម ការថ្វាយបង្គំរូបព្រះ និងឃាតកម្មមិនបានប្រែប្រួលទេ។ តាមរយៈព្យាការីអេសាយ ទ្រង់មានបន្ទូលថា៖«រហូតអស់មួយជីវិត[របស់អ្នក] យើងមិនប្រែប្រួលឡើយ»។ (អេសាយ ៤៦:៤, ខ.ស.) ដូច្នេះយើងអាចមានទំនុកចិត្តថា យើងនឹងទទួលប្រយោជន៍ដោយអនុវត្តតាមការណែនាំដ៏ច្បាស់លាស់ខាងសីលធម៌ ដែលមានក្នុងព្រះបន្ទូលរបស់ព្រះ។—អេសាយ ៤៨:១៧-១៩
១១. សូមឲ្យឧទាហរណ៍ដែលបញ្ជាក់ថាព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ដោយបំពេញតាមសេចក្ដីសន្យារបស់ទ្រង់។
១១ ព្រះយេហូវ៉ាក៏បង្ហាញភាពស្មោះត្រង់ដោយប្រព្រឹត្តតាមសេចក្ដីសន្យារបស់ទ្រង់ដែរ។ នៅពេលទ្រង់ទាយអ្វីមួយ នោះនឹងកើតឡើងជាក់ជាពុំខាន។ ហេតុនេះហើយព្រះយេហូវ៉ាមានបន្ទូលថា៖‹ពាក្យយើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផល . . . គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ›។ (អេសាយ ៥៥:១១) ដោយបំពេញទៅតាមសេចក្ដីសន្យារបស់ទ្រង់យ៉ាងស្មោះត្រង់ នោះព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ចំពោះរាស្ត្រទ្រង់។ ទ្រង់មិនទុកឲ្យគេរង់ចាំដោយសង្ឃឹមថាពួកគេនឹងទទួលបានអ្វីដែលទ្រង់នឹងមិនប្រទាននោះទេ។ ក្នុងរឿងនេះ ព្រះយេហូវ៉ាបានធ្វើល្អឥតខ្ចោះដល់ម្ល៉េះ ដែលអ្នកបំរើរបស់ទ្រង់ឈ្មោះយ៉ូស្វេអាចនិយាយថា៖«ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ពួកវង្សអ៊ីស្រាអែល នោះបានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។ (យ៉ូស្វេ ២១:៤៥) ដូច្នេះ យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ាមិនដែលនាំឲ្យយើងខកចិត្តដោយខានបំពេញតាមសេចក្ដីសន្យារបស់ទ្រង់នោះទេ។—អេសាយ ៤៩:២៣; រ៉ូម ៥:៥
១២, ១៣. តើសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា«ស្ថិតស្ថេរនៅជាដរាប»ក្នុងន័យអ្វីខ្លះ?
១២ ដូចដែលយើងបានកត់សម្គាល់មុននោះ ព្រះគម្ពីរចែងថាសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា«ស្ថិតស្ថេរនៅជាដរាប»។ (ទំនុកដំកើង ១៣៦:១) តើដោយដូចម្ដេច? ហេតុមួយគឺ ពេលព្រះយេហូវ៉ាអត់ឱនទោសបាបនោះ ទ្រង់លែងគិតពីបាបនោះតទៅទៀត។ ដូចដែលជំពូក២៦ពន្យល់នោះ ព្រះយេហូវ៉ាមិនមែនលើកឡើងនូវបាបពីអតីតកាលដែលត្រូវបានអត់ឱនទោសឲ្យរួចហើយនោះទេ។ ដោយព្រោះ«គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» យើងម្នាក់ៗគួរជាមនុស្សកតញ្ញូដោយសារសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ាស្ថិតស្ថេរនៅជាដរាប។—រ៉ូម ៣:២៣
១៣ ប៉ុន្តែ សេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ាស្ថិតស្ថេរនៅជាដរាបក្នុងន័យមួយទៀតដែរ។ បន្ទូលរបស់ទ្រង់ចែងថាមនុស្សសុចរិត«នឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។ (ទំនុកដំកើង ១:៣) សូមគិតអំពីដើមឈើមួយដែលធំត្រសុំត្រសាយមានស្លឹកមិនចេះស្រពោននោះ! គឺដូចគ្នាដែរបើយើងពិតជាព្យាយាមអាននិងធ្វើតាមបន្ទូលរបស់ព្រះ នោះយើងនឹងមានជីវិតយូរអង្វែងប្រកបដោយសេចក្ដីសុខថែមទាំងបង្កើតផលទៀតផង។ ពរដែលព្រះយេហូវ៉ាប្រទានដល់អស់អ្នកដែលបំរើទ្រង់យ៉ាងស្មោះត្រង់គឺជាពរដែលមានជានិរន្តរ៍។ ក្នុងពិភពលោកថ្មីដ៏សុចរិតដែលព្រះយេហូវ៉ានឹងនាំឲ្យមាននោះ មនុស្សជាតិដែលស្ដាប់បង្គាប់ពិតជានឹងពិសោធសេចក្ដីសប្បុរសដ៏ស្មោះរបស់ទ្រង់ជាដរាប។—វិវរណៈ ២១:៣, ៤
ព្រះយេហូវ៉ានឹង‹មិនដែលបោះបង់ចោលអ្នកស្មោះត្រង់នឹងទ្រង់ឡើយ›
១៤. តើព្រះយេហូវ៉ាបង្ហាញកតញ្ញូធម៌ចំពោះភាពស្មោះត្រង់របស់អ្នកបំរើទ្រង់យ៉ាងដូចម្ដេច?
១៤ ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានសម្ដែងនូវភាពស្មោះត្រង់របស់ទ្រង់។ ដោយសារព្រះយេហូវ៉ាមិនចេះប្រែប្រួលទេ នោះភាពស្មោះត្រង់ដែលទ្រង់បង្ហាញចំពោះអ្នកដែលមានភក្ដីភាពនឹងទ្រង់គឺនឹងមានជារៀងរហូត។ អ្នកតែងទំនុកដំកើងបានសរសេរថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ។ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់[ឬ«អ្នកស្មោះត្រង់នឹងទ្រង់», ព.ថ.]ឡើយ»។ (ទំនុកដំកើង ៣៧:២៥, ២៨) ពិតណាស់ ក្នុងនាមជាអ្នកបង្កើត នោះព្រះយេហូវ៉ាគួរនឹងទទួលការថ្វាយបង្គំពីយើង។ (វិវរណៈ ៤:១១) យ៉ាងណាក៏ដោយ ដោយសារទ្រង់ស្មោះត្រង់នោះ ព្រះយេហូវ៉ាឲ្យតម្លៃខ្ពស់ទៅលើការប្រព្រឹត្តរបស់យើងដែលពោរពេញទៅដោយភក្ដីភាព។—ម៉ាឡាគី ៣:១៦, ១៧
១៥. សូមពន្យល់នូវរបៀបដែលការប្រព្រឹត្តរបស់ព្រះយេហូវ៉ាទៅលើសាសន៍អ៊ីស្រាអែលបង្ហាញភាពស្មោះត្រង់របស់ទ្រង់។
១៥ ដោយសារព្រះយេហូវ៉ាមានសេចក្ដីសប្បុរសដ៏ស្មោះ នោះទ្រង់ជួយរាស្ត្ររបស់ទ្រង់ម្ដងហើយម្ដងទៀតនៅពេលពួកគេកំពុងតែជួបលំបាក។ អ្នកតែងទំនុកដំកើងប្រាប់យើងថា៖«ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នកដែលស្មោះត្រង់នឹងព្រះអង្គ ព្រះអង្គដោះលែងគេអោយរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់»។ (ទំនុកតម្កើង ៩៧:១០, ខ.ស.) សូមពិចារណានូវការប្រព្រឹត្តរបស់ទ្រង់ចំពោះសាសន៍អ៊ីស្រាអែល។ ក្រោយទ្រង់បានសង្គ្រោះពួកគេដោយអព្ភូតហេតុនៅសមុទ្រក្រហម នោះសាសន៍អ៊ីស្រាអែលបានបន្លឺសម្លេងច្រៀងថ្វាយព្រះយេហូវ៉ាថា៖«ដោយសារសេចក្ដីសប្បុរស[ឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់]របស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ»។ (និក្ខមនំ ១៥:១៣) ព្រះយេហូវ៉ាពិតជាបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដោយសង្គ្រោះពួកគេនៅសមុទ្រក្រហម។ ហេតុនេះម៉ូសេបានប្រាប់សាសន៍អ៊ីស្រាអែលថា៖‹ព្រះយេហូវ៉ាទ្រង់មិនបានស្រឡាញ់អ្នករាល់គ្នា ឬរើសអ្នក ដោយព្រោះអ្នកមានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ ដ្បិតអ្នករាល់គ្នាជាសាសន៍តិចជាងសាសន៍ទាំងអស់ គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់អ្នករាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថនឹងពួកឰយុកោអ្នក បានជាទ្រង់នាំអ្នកចេញមក ដោយព្រះហស្តដ៏មានព្រះចេស្ដា ហើយបានលោះអ្នកពីផ្ទះពួកបាវបំរើ គឺពីកណ្ដាប់ដៃនៃផារ៉ូ ជាស្តេចស្រុកអេស៊ីព្ទមក›។—ចោទិយកថា ៧:៧, ៨
១៦, ១៧. (ក) តើសាសន៍អ៊ីស្រាអែលបង្ហាញចិត្តរមិលគុណគួរឲ្យស្អប់យ៉ាងដូចម្ដេច? យ៉ាងណាក៏ដោយ តើព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្ដាករុណាចំពោះពួកគេយ៉ាងដូចម្ដេច? (ខ) តើសាសន៍អ៊ីស្រាអែលភាគច្រើនបានបង្ហាញយ៉ាងណាថា ពួកគេមិនអាច«កែ»ខ្លួនបាននោះឡើយ? ហើយតើគំរូនេះជាការព្រមានចំពោះយើងយ៉ាងដូចម្ដេច?
១៦ គឺពិតមែនដែលថាសាសន៍អ៊ីស្រាអែលទូទៅមិនបានដឹងគុណព្រះយេហូវ៉ាចំពោះសេចក្ដីសប្បុរសដ៏ស្មោះរបស់ទ្រង់ឡើយ ដ្បិតក្រោយពួកគេត្រូវបានសង្គ្រោះ«គង់តែគេនៅតែធ្វើបាបនឹង[ព្រះយេហូវ៉ា]ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុត»។ (ទំនុកដំកើង ៧៨:១៧) រាប់សតវត្សក្រោយមក ពួកគេបះបោរម្ដងហើយម្ដងទៀត ដោយចាកចេញពីព្រះយេហូវ៉ានឹងបែរទៅថ្វាយបង្គំព្រះក្លែងក្លាយនិងប្រព្រឹត្តតាមសាសនាក្លែងក្លាយដែលនាំឲ្យតែស្មោកគ្រោកប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាមិនបានចោលកិច្ចព្រមព្រៀងរបស់ទ្រង់ទេ។ ផ្ទុយទៅវិញ តាមរយៈព្យាការីយេរេមា ព្រះយេហូវ៉ាបានអង្វររាស្ត្រទ្រង់ថា៖«ឱអ៊ីស្រាអែលដែលបានបះបោរអើយ! . . . យើងនឹងមិនបំភ័យអ្នកដោយទឹកមុខយើងទេ ដ្បិតយើងស្មោះត្រង់»។ (យេរេមា ៣:១២, ព.ថ.) ប៉ុន្តែ ដូចដែលបានកត់សម្គាល់នៅជំពូកទី២៥នោះ ការអង្វរនេះមិនបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភាគច្រើនរំជួលចិត្តកែខ្លួននោះទេ។ ពិតណាស់ «គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលទ្រង់ ព្រមទាំងឡកឡឺយឲ្យពួកហោរាទ្រង់វិញ»។ តើអ្វីជាលទ្ធផល? នៅទីបំផុត«សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេទាល់តែរកកែខៃមិនបានឡើយ»។—របាក្សត្រទី២ ៣៦:១៥, ១៦
១៧ តើយើងអាចទាញយកមេរៀនអ្វីពីរឿងនេះ? គឺមេរៀនថាភាពស្មោះត្រង់របស់ព្រះយេហូវ៉ាមិនបាំងព្រះនេត្រទ្រង់ឬធ្វើឲ្យទ្រង់ឆោតទេ។ គឺជាការពិតដែលថា ព្រះយេហូវ៉ា‹មានសេចក្ដីសប្បុរសដ៏ស្មោះបរិបូរ› ហើយថាទ្រង់រីករាយនឹងបង្ហាញសេចក្ដីមេត្ដាករុណាពេលដែលសមរម្យ។ ប៉ុន្តែ តើអ្វីកើតឡើងនៅពេលអ្នកដែលធ្វើខុសបង្ហាញភាពរឹងចចេសមិនព្រមប្រែពីសេចក្ដីទុច្ចរិតនោះ? ក្នុងករណីនេះ ព្រះយេហូវ៉ាកាន់ខ្ជាប់តាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់និងកាត់ទោសពួកគេ។ ដូចម៉ូសេបានជំរាបហើយនោះ«[ព្រះយេហូវ៉ា]មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។—និក្ខមនំ ៣៤:៦, ៧
១៨, ១៩. (ក) តើការដាក់ទោសមនុស្សទុច្ចរិតបង្ហាញភាពស្មោះត្រង់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើព្រះយេហូវ៉ានឹងបង្ហាញភាពស្មោះត្រង់ចំពោះអ្នកបំរើទ្រង់ដែលត្រូវបានបៀតបៀនរហូតដល់ស្លាប់នោះតាមរបៀបណា?
១៨ ពេលព្រះដាក់ទោសមនុស្សទុច្ចរិត នេះជាការប្រព្រឹត្តដែលបង្ហាញភាពស្មោះត្រង់របស់ទ្រង់ដែរ។ តើយ៉ាងដូចម្ដេច? ហេតុមួយគឺត្រូវបញ្ជាក់នៅសៀវភៅវិវរណៈ ពេលទ្រង់បញ្ជាទេវតាទាំងប្រាំពីររូបថា៖«ចូរចាក់សេចក្ដីឃោរឃៅរបស់ព្រះ ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ!»។ នៅពេលទេវតាទីបីចាក់ពីចានរបស់ខ្លួន«ទៅក្នុងទន្លេ នឹងរន្ធទឹកទាំងប៉ុន្មាន» នោះប្រែទៅជាឈាមទាំងអស់វិញ។ រួចទេវតានោះទូលព្រះយេហូវ៉ាថា៖«ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងតែពីដើមរៀងមក[«និងជាព្រះដ៏ស្មោះត្រង់», ព.ថ.]អើយ! ដែលទ្រង់បានជំនុំជំរះកាត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិតគេបានកំចាយឈាមនៃពួកបរិសុទ្ធ នឹងពួកហោរា ហើយទ្រង់បានប្រទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ»។—វិវរណៈ ១៦:១-៦
ដោយភាពស្មោះត្រង់ ព្រះយេហូវ៉ានឹងនឹកចាំហើយប្រោសឲ្យរស់ឡើងវិញនូវអស់អ្នកដែលបានបង្ហាញភាពស្មោះត្រង់រហូតដល់ស្លាប់
១៩ សូមកត់សម្គាល់ថាការប្រកាសអំពីក្ដីជំនុំជំរះនោះ ទេវតានេះហៅព្រះយេហូវ៉ាថា«ព្រះដ៏ស្មោះត្រង់»។ ហេតុអ្វី? ពីព្រោះដោយបំផ្លាញចោលមនុស្សទុច្ចរិត ព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ចំពោះអ្នកបំរើទ្រង់ ដែលពួកគេជាច្រើននាក់ត្រូវបានបៀតបៀនរហូតដល់ស្លាប់។ ដោយក្ដីស្មោះត្រង់ ព្រះយេហូវ៉ារក្សាអ្នកទាំងនេះក្នុងសេចក្ដីនឹកចាំរបស់ទ្រង់ដូចជាពួកគេមានជីវិតរស់នៅឡើយ។ អ្នកស្មោះភក្ដីទាំងនេះដែលបានស្លាប់ទៅហើយទ្រង់ចង់ឃើញម្ដងទៀតណាស់ ហើយព្រះគម្ពីរបញ្ជាក់ថាគោលបំណងរបស់ទ្រង់គឺប្រទានរង្វាន់ដល់អ្នកទាំងនេះដែលជាការប្រោសឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥) ព្រះយេហូវ៉ាមិនភ្លេចអ្នកស្មោះត្រង់របស់ទ្រង់ដោយព្រោះតែពួកគេស្លាប់នោះទេ។ ផ្ទុយទៅវិញ«ចំពោះព្រះអង្គ មនុស្សទាំងអស់[នេះ]រស់»។ (លូកា ២០:៣៧, ៣៨, ខ.ស.) ដោយសារព្រះយេហូវ៉ាមានគោលបំណងប្រោសអ្នកទាំងនេះឲ្យរស់ឡើងវិញ នេះជាភស្តុតាងដ៏រឹងមាំណាស់ដែលបញ្ជាក់ថា ទ្រង់ស្មោះត្រង់។
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបើកផ្លូវឲ្យទទួលសេចក្ដីសង្គ្រោះ
២០. តើ«ពួកគ្រឿងប្រដាប់ដែលគួរនឹងសេចក្ដីមេត្ដាករុណា»ជាអ្នកណា? ហើយតើព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ចំពោះពួកគេយ៉ាងដូចម្ដេច?
២០ តាំងពីដើមព្រះយេហូវ៉ាបានបង្ហាញភាពស្មោះត្រង់យ៉ាងអស្ចារ្យចំពោះមនុស្សជាតិដែលភក្ដី។ ការពិត អស់រាប់ពាន់ឆ្នាំព្រះយេហូវ៉ាបាន‹ទ្រាំទ្រដោយអំណត់ជាយូរមកហើយនូវគ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញ›។ ហេតុអ្វី? «ទ្រង់ចង់បើកឲ្យពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្ដាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្ដីវិសេសនៃសិរីល្អដ៏បរិបូររបស់ទ្រង់វិញ»។ (រ៉ូម ៩:២២, ២៣) «ពួកគ្រឿងប្រដាប់ ដែលគួរនឹងសេចក្ដីមេត្ដាករុណា» គឺជាមនុស្សមានចិត្តគំនិតត្រឹមត្រូវដែលត្រូវចាក់ប្រេងតាំងដោយវិញ្ញាណ ដើម្បីទៅជាអ្នកគ្រងមរតកជាមួយព្រះគ្រីស្ទនៅក្នុងព្រះរាជាណាចក្ររបស់ទ្រង់។ (ម៉ាថាយ ១៩:២៨) ដោយបើកផ្លូវឲ្យបានសេចក្ដីសង្គ្រោះសំរាប់ពួកគ្រឿងប្រដាប់ដែលគួរនឹងសេចក្ដីមេត្ដាករុណា នោះព្រះយេហូវ៉ានៅស្មោះត្រង់នឹងអ័ប្រាហាំដែលទ្រង់បានធ្វើកិច្ចព្រមព្រៀងសន្យានឹងគាត់ថា៖‹គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជអ្នក ពីព្រោះអ្នកបានស្ដាប់តាមពាក្យយើង›។—លោកុប្បត្តិ ២២:១៨
២១. (ក) តើព្រះយេហូវ៉ាបង្ហាញព្រះហឫទ័យស្មោះត្រង់ចំពោះ«មនុស្ស១ហ្វូងយ៉ាងធំ»ដែលមានសេចក្ដីសង្ឃឹមរួចរស់ផុតពី«គ្រាវេទនាយ៉ាងធំ»ដោយដូចម្ដេច? (ខ) តើភាពស្មោះត្រង់របស់ព្រះយេហូវ៉ាជំរុញទឹកចិត្តអ្នកឲ្យធ្វើយ៉ាងណា?
២១ ព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ស្រដៀងគ្នានេះចំពោះ«មនុស្ស១ហ្វូងយ៉ាងធំ»ដែលមានសេចក្ដីសង្ឃឹមរួចរស់ផុតពី«គ្រាវេទនាយ៉ាងធំ»ហើយរស់ជារៀងរហូតនៅលើផែនដីមនោរម្យ។ (វិវរណៈ ៧:៩, ១០, ១៤) ទោះជាអ្នកបំរើព្រះយេហូវ៉ាគឺឥតគ្រប់ល័ក្ខណ៍ក៏ដោយ ព្រះយេហូវ៉ាបង្ហាញភាពស្មោះត្រង់ដោយផ្ដល់លទ្ធភាពឲ្យពួកគេទទួលជីវិតជារៀងរហូតនៅលើផែនដីមនោរម្យ។ តើទ្រង់ធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺតាមរយៈតម្លៃលោះ ដែលជាការបង្ហាញដ៏ឧត្តមបំផុតនូវភាពស្មោះត្រង់របស់ព្រះយេហូវ៉ា។ (យ៉ូហាន ៣:១៦; រ៉ូម ៥:៨) ភាពស្មោះត្រង់របស់ព្រះយេហូវ៉ាទាក់ទាញចិត្តអស់អ្នកដែលស្រេកឃ្លានចង់បានសេចក្ដីសុចរិត។ (យេរេមា ៣១:៣) តើអ្នកមិនមានអារម្មណ៍ជិតស្និទ្ធជាងជាមួយព្រះយេហូវ៉ាដោយសារភាពស្មោះត្រង់ដ៏ជ្រាលជ្រៅដែលទ្រង់បានបង្ហាញហើយនឹងបង្ហាញទៀតទេឬ? ដោយសារយើងចង់ចូលទៅជិតព្រះនោះ ចូរយើងប្រព្រឹត្តតបនឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដោយប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ដើម្បីបំរើទ្រង់យ៉ាងស្មោះត្រង់ដែរ។