ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
«គ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ។សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ»។—ម៉ាថាយ ១០:២៩, ៣០
១, ២. (ក) ហេតុអ្វីបានជាយ៉ូបគិតថា ព្រះបានបោះបង់គាត់ចោល? (ខ) តើពំនោលរបស់យ៉ូបមានន័យថា គាត់បែរជាប្រឆាំងនឹងព្រះយេហូវ៉ាឬ? សូមពន្យល់។
«ឱព្រះអង្គអើយ! ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ។ ទ្រង់បានត្រឡប់ទៅជាសាហាវដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាពនៃព្រះហស្តទ្រង់»។ បុរសដែលបានពោលពាក្យទាំងនេះបានឈឺចាប់ខ្លាំងណាស់ ហើយវាគឺជារឿងធម្មតាទេដែលគាត់ឈឺចាប់យ៉ាងខ្លាំងនោះ ពីព្រោះគាត់បានបាត់បង់នូវមុខរបរ ជួបមហន្តរាយចម្លែកដែលបានសម្លាប់កូនដប់នាក់របស់គាត់ ហើយឥឡូវគាត់មានរោគដែលធ្វើឲ្យសុខភាពរបស់គាត់កាន់តែដុនដាបទៅៗ។ បុរសនេះឈ្មោះយ៉ូប ហើយបទពិសោធន៍ដ៏គួរឲ្យរន្ធត់របស់គាត់ត្រូវបានកត់ទុកនៅក្នុងព្រះគម្ពីរ ដើម្បីឲ្យយើងអាចទាញមេរៀនពីនោះ។—យ៉ូប ៣០:២០, ២១
២ ពំនោលរបស់យ៉ូបប្រហែលស្ដាប់ទៅដូចជាគាត់បានបែរជាប្រឆាំងនឹងព្រះវិញ ប៉ុន្តែគឺមិនមែនដូច្នេះទេ។ យ៉ូបគ្រាន់តែបានរៀបរាប់នូវសេចក្ដីទុក្ខលំបាកដែលគាត់មានក្នុងចិត្តតែប៉ុណ្ណោះ។ (យ៉ូប ៦:២, ៣) គាត់មិនបានដឹងថាសាតាំងជាអ្នកដែលបង្កនូវសេចក្ដីទុក្ខលំបាកនោះទេ ដូច្នេះគាត់បានសន្និដ្ឋានដោយខុសថាព្រះបានបោះបង់គាត់ចោល។ នៅគ្រាមួយ យ៉ូបថែមទាំងបានទូលថ្វាយព្រះយេហូវ៉ាថា៖ «ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ដ្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ?»។a—យ៉ូប ១៣:២៤
៣. នៅពេលមានទុក្ខលំបាក តើយើងប្រហែលជាគិតអំពីអ្វី?
៣ សព្វថ្ងៃនេះ រាស្ត្រជាច្រើននាក់របស់ព្រះយេហូវ៉ាក៏រងទុក្ខនឹងការពិបាកមិនចេះចប់ដោយសារសង្គ្រាម អស្ថេរភាពក្នុងសង្គមនិងខាងនយោបាយ មហន្តរាយធម្មជាតិ អាយុចាស់ជរា ជំងឺ ភាពក្រីក្រយ៉ាងខ្លាំង និងបំរាមរដ្ឋ។ ប្រហែលជាអ្នកកំពុងតែរងទុក្ខលំបាកផ្សេងៗដែរ។ ជួនកាលអ្នកប្រហែលជាគិតថាព្រះយេហូវ៉ាលាក់ព្រះភក្ដ្រពីអ្នក។ អ្នកដឹងច្បាស់នូវពាក្យនៅយ៉ូហាន ៣:១៦ ដែលចែងថា៖ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១»។ ក៏ប៉ុន្តែ នៅពេលដែលអ្នករងទុក្ខវេទនាហើយមិនដឹងថាពេលណានឹងបានស្រាកស្រាន្តពីនោះ អ្នកប្រហែលជាឆ្ងល់ថា៖ ‹តើព្រះពិតជាស្រឡាញ់ខ្ញុំឬទេ? តើទ្រង់ទតឃើញនូវទុក្ខលំបាកដែលខ្ញុំមានទេ? តើទ្រង់យកព្រះទ័យទុកដាក់ចំពោះរូបខ្ញុំឬទេ?›
៤. តើប៉ុលត្រូវតែស៊ូទ្រាំនឹងទុក្ខលំបាកបែបណា? តើទុក្ខលំបាកបែបនេះអាចមានអានុភាពមកលើយើងយ៉ាងដូចម្ដេច?
៤ សូមគិតអំពីអ្វីដែលបានកើតឡើងដល់សាវ័កប៉ុល។ គាត់បានសរសេរថា៖ «មានបន្លា១ចាត់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ . . . ខ្ញុំបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីខ្ញុំទៅ»។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់នូវសេចក្ដីអង្វររបស់គាត់។ យ៉ាងណាក៏ដោយ ទ្រង់បានបញ្ជាក់ប្រាប់ប៉ុលថា ទ្រង់នឹងមិនដោះស្រាយដោយធ្វើអព្ភូតហេតុ ដើម្បីនឹងជួយគាត់នោះឡើយ។ ផ្ទុយទៅវិញ ប៉ុលត្រូវតែទុកចិត្តលើព្រះចេស្ដារបស់ព្រះដើម្បីជួយគាត់ស៊ូទ្រាំនឹង‹បន្លាមួយក្នុងសាច់ឈាម›។b (កូរិនថូសទី២ ១២:៧-៩) ដូចសាវ័កប៉ុលដែរ អ្នកប្រហែលជាកំពុងតែមានទុក្ខលំបាកណាមួយ។ ប្រហែលជាអ្នកឆ្ងល់ថា៖ ‹ព្រះយេហូវ៉ាហាក់ដូចជាពុំធ្វើអ្វីសោះដើម្បីជួយខ្ញុំ តើនោះបានន័យថាទ្រង់មិនទតឃើញស្ថានភាពខ្ញុំឬទ្រង់មិនយកព្រះទ័យទុកដាក់នឹងខ្ញុំទេដឹង?›។ មិនមែនដូច្នេះឡើយ! ព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះអ្នកបំរើស្មោះត្រង់ម្នាក់ៗរបស់ទ្រង់ ត្រូវបានបញ្ជាក់ដោយព្រះយេស៊ូ ពេលដែលទ្រង់បានមានបន្ទូលនឹងពួកសាវ័កបន្ដិចក្រោយទ្រង់បានជ្រើសរើសពួកគេ។ សូមឲ្យយើងពិនិត្យមើលរបៀបព្រះបន្ទូលរបស់ទ្រង់អាចលើកទឹកចិត្តយើងនៅសព្វថ្ងៃនេះ។
ហេតុអ្វីក៏«មិនត្រូវឲ្យខ្លាច»?
៥, ៦. (ក) តើព្រះយេស៊ូបានជួយពួកសាវ័កកុំឲ្យខ្លាចចំពោះអ្វីដែលមាននៅថ្ងៃមុខយ៉ាងដូចម្ដេច? (ខ) តើសាវ័កប៉ុលបានបង្ហាញទំនុកចិត្តលើការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៥ ពួកសាវ័កបានទទួលអំណាចអស្ចារ្យពីព្រះយេស៊ូ ដែលរួមបញ្ចូល«អំណាចអាចនឹងដេញអារក្សអសោចិ៍ ហើយនឹងមើលគ្រប់ទាំងជំងឺរោគា នឹងជរាពិការទាំងអស់ឲ្យបានជាផង»។ ប៉ុន្តែ នេះមិនបានន័យថា ពួកគេមិនដែលមានទុក្ខលំបាកនោះឡើយ។ ផ្ទុយទៅវិញ ព្រះយេស៊ូបានរៀបរាប់យ៉ាងលំអិតពីអ្វីដែលពួកគេនឹងពិសោធ។ ប៉ុន្តែ ទ្រង់បានដាស់តឿនពួកគេថា៖ «កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយតែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង»។—ម៉ាថាយ ១០:១, ១៦-២២, ២៨
៦ ព្រះយេស៊ូមានបន្ទូលប្រាប់នូវរឿងប្រៀបប្រដូចពីរ ដើម្បីជួយសាវ័កទ្រង់ឲ្យយល់នូវមូលហេតុដែលពួកគេមិនចាំបាច់ខ្លាចនោះ។ ទ្រង់បានមានបន្ទូលដល់ពួកគេថា៖ «តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី? តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ។ យ៉ាងនោះ មិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន»។ (ម៉ាថាយ ១០:២៩-៣១) ចូរកត់សម្គាល់ថា ព្រះយេស៊ូបានភ្ជាប់ទំនាក់ទំនងរវាងការមិនខ្លាចពេលប្រឈមមុខនឹងទុក្ខលំបាកជាមួយនឹងការមានទំនុកចិត្តថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងយើងម្នាក់ៗ។ តាមមើលទៅ សាវ័កប៉ុលមានទំនុកចិត្តបែបនេះមែន។ គាត់បានសរសេរថា៖ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង?»។ (រ៉ូម ៨:៣១, ៣២) មិនថាយើងប្រឈមមុខនឹងទុក្ខលំបាកអ្វីក៏ដោយ យើងអាចដឹងប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងរូបយើងផ្ទាល់ឲ្យតែយើងនៅស្មោះចំពោះទ្រង់ជានិច្ច។ យើងនឹងយល់ចំណុចនេះកាន់តែជាក់ស្តែងថែមទៀត ពេលដែលយើងពិនិត្យមើលនូវការដាស់តឿនរបស់ព្រះយេស៊ូដល់ពួកសាវ័ករបស់ទ្រង់។
តម្លៃនៃសត្វចាបពូក
៧, ៨. (ក) នៅសម័យព្រះយេស៊ូ តើមនុស្សចាត់ទុកចាបពូកជាសត្វបែបណា? (ខ) តាមមើលទៅ ហេតុអ្វីបានម៉ាថាយ ១០:២៩ ប្រើពាក្យក្រិចដែលមានន័យថា‹តូច›ពេលសំដៅលើ‹ចាបពូក›?
៧ ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូរៀបរាប់យ៉ាងប្រសើរនូវព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះអ្នកបំរើទ្រង់ម្នាក់ៗ។ មុនដំបូង ចូរគិតអំពីសត្វចាបពូក។ នៅសម័យរបស់ព្រះយេស៊ូ ចាបពូកគឺសំរាប់ជាអាហារ ប៉ុន្តែដោយសារវាស៊ីបង្ហិនស្រូវ នោះមនុស្សច្រើនតែចាត់ទុកវាជាសត្វចង្រៃទៅវិញ។ ពេលនោះ ចាបពូកមានតម្លៃថោកណាស់ហើយសំបូរដល់ម្ល៉េះ ដែលកាក់ប្រាំសេនអាមេរិកនៅសម័យនេះអាចទិញចាបពីរក្បាលបាន។ បើគេឲ្យកាក់ដប់សេន មនុស្សម្នាក់អាចទិញបានចាបប្រាំក្បាល មិនមែនចាបបួនក្បាលទេ។ ចាបមួយទៀតនោះត្រូវបានបន្ថែមដូចជាវាគ្មានតម្លៃសោះតែម្ដង!—លូកា ១២:៦
៨ ចូរគិតអំពីមាឌចាបពូក។ បើប្រៀបធៀបនឹងចាបឯទៀត ចាបពូកមានមាឌតូចណាស់ សូម្បីតែពេលវាធំហើយក្ដី។ ប៉ុន្តែ ពាក្យក្រិចដែលត្រូវបានបកប្រែថា«ចាប»នៅម៉ាថាយ ១០:២៩ សំដៅយ៉ាងចំៗទៅចាបពូកតូចៗ។ តាមមើលទៅ ព្រះយេស៊ូចង់ឲ្យសាវ័កគិតអំពីចាបដ៏តូចជាងគេនិងដែលមានតម្លៃតិចជាងគេ។ ឯកសារយោងមួយចែងថា«ព្រះយេស៊ូលើកឡើងអំពីចាបមួយប្រភេទដ៏តូចហើយ ព្រមទាំងបន្ថែមពាក្យ‹តូច›ពីលើនោះទៀត!»។
៩. ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីចាបពូក តើគោលចំណុចសំខាន់ជាអ្វី?
៩ ការប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីចាបពូកបញ្ជាក់នូវចំណុចដ៏សំខាន់មួយ ពោលគឺអ្វីដែលមនុស្សចាត់ទុកថាគ្មានតម្លៃនោះ គឺមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា។ ព្រះយេស៊ូបានបញ្ជាក់បន្ថែមអំពីការពិតនេះ ដោយមានបន្ទូលថា គ្មានចាបតូចណាមួយដែល«ធ្លាក់ទៅដី»ឥតព្រះយេហូវ៉ាជ្រាបឡើយ។c គោលចំណុចគឺច្បាស់ណាស់។ ប្រសិនបើព្រះយេហូវ៉ាកត់សម្គាល់ចាបដ៏តូចនិងដែលឥតមានតម្លៃជាងគេ នោះទ្រង់ច្បាស់ជាយកព្រះទ័យទុកដាក់នឹងស្ថានការណ៍របស់មនុស្សដែលបានសម្រេចចិត្តបំរើទ្រង់!
១០. តើឃ្លាដែលថា«សក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់»មានខ្លឹមសារយ៉ាងណា?
១០ ក្រៅពីរឿងប្រៀបប្រដូចអំពីសត្វចាប ព្រះយេស៊ូក៏មានបន្ទូលថា៖ «សក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ»។ (ម៉ាថាយ ១០:៣០) បន្ទូលដ៏ខ្លីតែមានខ្លឹមសារនេះបញ្ជាក់នូវចំណុចក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីសត្វចាប។ សូមគិតមើល មនុស្សធម្មតាមានសក់ប្រមាណ១០០.០០០សរសៃ។ ហើយសរសៃសក់ណាក៏ដូចជាសរសៃសក់ណាដែរ គ្មានសរសៃសក់មួយណាល្អជាងមួយណាទេដែលតម្រូវឲ្យយើងកត់សម្គាល់នោះ។ ប៉ុន្តែ ព្រះយេហូវ៉ាកត់សម្គាល់សរសៃសក់នីមួយៗនិងរាប់បានទាំងអស់។ ដូច្នេះគឺច្បាស់ហើយដែលថា ព្រះយេហូវ៉ាស្គាល់សេចក្ដីល្អិតល្អន់ទាំងអស់អំពីជីវិតយើង មែនទេ? ព្រះយេហូវ៉ាប្រាកដជាស្គាល់នូវធាតុពិតរបស់អ្នកបំរើទ្រង់ម្នាក់ៗ។ ប្រាកដហើយ ទ្រង់«ទតចំពោះក្នុងចិត្ត»។—សាំយូអែលទី១ ១៦:៧
១១. តើដាវីឌបានបង្ហាញទំនុកចិត្ត ថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងគាត់យ៉ាងដូចម្ដេច?
១១ ដាវីឌបានរងទុក្ខការពិបាកជាច្រើន តែគាត់បានប្រាកដក្នុងចិត្តថាព្រះយេហូវ៉ាកត់សម្គាល់គាត់។ គាត់បានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ! ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះ នឹងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ»។ (ទំនុកដំកើង ១៣៩:១, ២) អ្នកក៏អាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ាស្គាល់អ្នក។ (យេរេមា ១៧:១០) សូមកុំឆាប់រហ័សសន្មតថា ខ្លួនមិនមែនជាមនុស្សសំខាន់ដែលព្រះយេហូវ៉ានឹងកត់សម្គាល់យើងនោះឡើយ!
‹សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងថង់ស្បែកនៃទ្រង់›
១២. ព្រះយេហូវ៉ាជ្រាបច្បាស់នូវសេចក្ដីទុក្ខលំបាករបស់រាស្ត្រទ្រង់ ហេតុអ្វីក៏យើងដឹង?
១២ ព្រះយេហូវ៉ាស្គាល់អ្នកបំរើម្នាក់ៗរបស់ទ្រង់ ហើយមិនតែប៉ុណ្ណោះ ទ្រង់ក៏ជ្រាបច្បាស់នូវសេចក្ដីទុក្ខព្រួយរបស់ពួកគេដែរ។ ជាឧទាហរណ៍ នៅពេលដែលពួកអ៊ីស្រាអែលត្រូវគេជិះជាន់ នោះព្រះយេហូវ៉ាបានមានបន្ទូលទៅម៉ូសេថា៖ «អញបានឃើញសេចក្ដីវេទនារបស់រាស្ត្រអញ ដែលនៅស្រុកអេស៊ីព្ទហើយ ក៏បានឮពាក្យគេអំពាវនាវដោយព្រោះពួកអ្នកដែលសង្កត់សង្កិនដែរ ពីព្រោះអញស្គាល់សេចក្ដីទុក្ខព្រួយរបស់គេ»។ (និក្ខមនំ ៣:៧) យើងបានទទួលការលើកទឹកចិត្តមែន ដោយដឹងថាពេលដែលយើងស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក នោះព្រះយេហូវ៉ាទតឃើញនិងឮពាក្យទូលអង្វររបស់យើង! ប្រាកដហើយ ទ្រង់មិនធ្វើព្រងើយកន្តើយនឹងទុក្ខលំបាករបស់យើងឡើយ។
១៣. តើអ្វីដែលបង្ហាញថា ព្រះយេហូវ៉ាពិតជាយកព្រះទ័យទុកដាក់នឹងអ្នកបំរើទ្រង់នោះ?
១៣ ការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះអស់អ្នកដែលមានចំណងមេត្រីភាពនឹងទ្រង់ គឺត្រូវសបញ្ជាក់ឲ្យឃើញច្បាស់ ពេលដែលទ្រង់បង្ហាញអារម្មណ៍របស់ទ្រង់ចំពោះពួកអ៊ីស្រាអែល។ ទោះជាពួកអ៊ីស្រាអែលរងទុក្ខដោយសារការរឹងចចេសរបស់ខ្លួនក៏ដោយ នោះអេសាយបានសរសេរអំពីព្រះយេហូវ៉ាថា៖ «ក្នុងគ្រប់ទាំងសេចក្ដីទុក្ខវេទនារបស់គេ នោះទ្រង់ក៏រងទុក្ខដែរ»។ (អេសាយ ៦៣:៩) ដូច្នេះ ដោយសារអ្នកជារាស្ត្រដ៏ស្មោះរបស់ព្រះយេហូវ៉ា អ្នកអាចប្រាកដក្នុងចិត្តថា ពេលដែលអ្នកឈឺចាប់ នោះទ្រង់ក៏ឈឺព្រះទ័យដែរ។ នេះគួរជំរុញយើងឲ្យប្រឈមមុខនឹងសេចក្ដីពិបាកដោយឥតខ្លាច និងបន្តព្យាយាមបំរើទ្រង់អស់ពីសមត្ថភាព មែនទេ?—ពេត្រុសទី១ ៥:៦, ៧
១៤. ពេលដែលដាវីឌតែងទំនុកដំកើងទី៥៦ តើដាវីឌស្ថិតក្នុងស្ថានការណ៍បែបណា?
១៤ នៅទំនុកដំកើង ៥៦បង្ហាញឲ្យឃើញជាក់ស្តែងថា ស្តេចដាវីឌជឿស៊ប់ថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងដាវីឌ ហើយទ្រង់ឈឺព្រះទ័យពេលដែលដាវីឌឈឺចាប់។ ដាវីឌបានតែងទំនុកនេះក្នុងកាលដែលរត់គេចចេញពីស្តេចសូលដែលរកសម្លាប់គាត់។ ដាវីឌបានរត់គេចទៅក្រុងកាថ ប៉ុន្តែដាវីឌខ្លាចគេចាប់បាន ពេលដែលពួកភីលីស្ទីនស្គាល់មុខគាត់។ ដាវីឌបានសរសេរថា៖ «ពួកខ្មាំងសត្រូវចង់តែលេបបំបាត់ទូលបង្គំជាដរាបរាល់ថ្ងៃ ដ្បិតមានគ្នាច្រើនដែលតស៊ូនឹងទូលបង្គំ ដោយចិត្តឆ្មើងឆ្មៃ»។ ដោយសារដាវីឌស្ថិតក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់ គាត់ពឹងឲ្យព្រះយេហូវ៉ាជួយ។ ដាវីឌបានពោលថា៖ «គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាច អស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ»។—ទំនុកដំកើង ៥៦:២, ៥
១៥. (ក) តើដាវីឌចង់មានន័យយ៉ាងណា ពេលដែលគាត់ទូលសួរព្រះយេហូវ៉ាឲ្យទុកទឹកភ្នែកគាត់ក្នុងថង់ស្បែកឬបញ្ជីនោះ? (ខ) នៅពេលដែលយើងស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាកដែលល្បងលជំនឿយើង តើយើងអាចមានទំនុកចិត្តយ៉ាងណា?
១៥ រួចមក ដូចបានកត់ទុកនៅទំនុកដំកើង ៥៦:៨ ដាវីឌបានពោលពាក្យដ៏អស្ចារ្យនេះថា៖ «ទ្រង់រាប់អស់ទាំងការរសាត់អណ្ដែតរបស់ទូលបង្គំ សូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំ ទុកនៅក្នុងដប[ឬ«ថង់ស្បែក», ព.ថ.]នៃទ្រង់។ ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី?»។ នេះជាការរៀបរាប់ដ៏លើកទឹកចិត្តមែនអំពីការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ា! នៅពេលដែលយើងមានការតានតឹងចិត្ត យើងប្រហែលជាអំពាវនាវរកព្រះយេហូវ៉ាទាំងស្រក់ទឹកភ្នែក។ សូម្បីតែព្រះយេស៊ូដែលជាមនុស្សដ៏គ្រប់ល័ក្ខណ៍ ក៏ធ្លាប់ស្រក់ទឹកនេត្រាដែរ។ (ហេព្រើរ ៥:៧) ដាវីឌបានដឹងប្រាកដថា ព្រះយេហូវ៉ាទតឃើញគាត់និងចងចាំនូវការឈឺចាប់របស់គាត់ ហាក់ដូចជាទុកទឹកភ្នែកទាំងនោះនៅក្នុងថង់ស្បែកឬកត់ទុកក្នុងបញ្ជីទ្រង់។d ប្រហែលជាអ្នកគិតថា ទឹកភ្នែករបស់អ្នកនឹងទុកពេញក្នុងថង់ស្បែក ឬកត់ទុកច្រើនទំព័រក្នុងបញ្ជីនោះ។ បើដូច្នោះមែន កុំធ្លាក់ទឹកចិត្តឡើយ។ ព្រះគម្ពីរធានារ៉ាប់រងយើងថា៖ «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នកដែលមានវិញ្ញាណទន់ទាប»។—ទំនុកដំកើង ៣៤:១៨
ក្លាយជាមិត្តជិតស្និទ្ធរបស់ព្រះ
១៦, ១៧. (ក) តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាមិនធ្វើព្រងើយកន្តើយនឹងបញ្ហាដែលរាស្ត្រទ្រង់ប្រឈមមុខនោះ? (ខ) តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីឲ្យរាស្ត្រទ្រង់មានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់?
១៦ ហេតុដែលថាព្រះយេហូវ៉ារាប់‹អស់ទាំងសក់យើង›ជួយយើងឲ្យដឹងថា ព្រះពូកែមើលហើយយកព្រះទ័យទុកដាក់នឹងយើង ហេតុនេះយើងពិតជាមានឯកសិទ្ធិថ្វាយបង្គំទ្រង់មែន។ ទោះជាយើងត្រូវចាំដល់ពិភពលោកថ្មីដែលព្រះសន្យានឹងមកដើម្បីបំបាត់អស់នូវការឈឺចាប់និងការរងទុក្ខវេទនាក៏ដោយ ក៏ព្រះយេហូវ៉ាធ្វើអ្វីដ៏អស្ចារ្យសំរាប់រាស្ត្រទ្រង់នៅសព្វថ្ងៃនេះដែរ។ ដាវីឌបានសរសេរថា៖ «សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា នៅជាមួយនឹងអ្នកណាដែលកោតខ្លាចដល់ទ្រង់ ទ្រង់នឹងសំដែងឲ្យគេស្គាល់សេចក្ដីសញ្ញារបស់ទ្រង់»។—ទំនុកដំកើង ២៥:១៤
១៧ «សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា»។ ចំពោះមនុស្សឥតគ្រប់ល័ក្ខណ៍ នេះស្ដាប់ទៅដូចជាពុំអាចទៅរួចទេ! ក៏ប៉ុន្តែ ព្រះយេហូវ៉ាអញ្ជើញអស់អ្នកដែលកោតខ្លាចទ្រង់ឲ្យធ្វើជាភ្ញៀវនៅក្នុងរោងឧបោសថរបស់ទ្រង់។ (ទំនុកដំកើង ១៥:១-៥) ហើយតើព្រះយេហូវ៉ាធ្វើអ្វីដើម្បីភ្ញៀវរបស់ទ្រង់? យោងទៅតាមដាវីឌ ទ្រង់ធ្វើឲ្យពួកគេស្គាល់កិច្ចព្រមព្រៀងរបស់ទ្រង់។ ព្រះយេហូវ៉ាមានទំនុកចិត្តលើពួកគេ ដោយប្រាប់«គំនិតលាក់កំបាំង»ឬរឿងសម្ងាត់របស់ទ្រង់ដល់ពួកព្យាការី ដើម្បីឲ្យពួកគេដឹងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីរស់នៅឲ្យសមស្របទៅតាមនោះ។—អេម៉ុស ៣:៧
១៨. តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាចង់ឲ្យយើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់?
១៨ ពិតហើយ យើងមានចិត្តកក់ក្ដៅណាស់ដោយដឹងថា ជាមនុស្សឥតគ្រប់ល័ក្ខណ៍ យើងអាចជាមិត្តជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។ តាមការពិត ទ្រង់ដាស់តឿនយើងឲ្យធ្វើដូច្នេះ។ ព្រះគម្ពីរចែងថា៖ «ត្រូវចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) ព្រះយេហូវ៉ាចង់ឲ្យយើងមានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់។ តាមការពិត ទ្រង់បានចាត់វិធានការហើយដើម្បីឲ្យយើងអាចមានទំនាក់ទំនងបែបនោះ។ យញ្ញបូជាលោះរបស់ព្រះយេស៊ូបានបើកផ្លូវឲ្យយើងមានមិត្តភាពជាមួយនឹងព្រះដ៏មានព្រះចេស្ដាបំផុត។ ព្រះគម្ពីរចែងថា៖ «ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន»។—យ៉ូហានទី១ ៤:១៩
១៩. តើការស៊ូទ្រាំជួយឲ្យយើងមានចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៩ ចំណងមិត្តភាពជិតស្និទ្ធនេះនឹងត្រូវពង្រឹងថែមទៀត នៅពេលដែលយើងស៊ូទ្រាំកាលៈទេសៈដ៏ពិបាកបំផុត។ យ៉ាកុបជាសិស្សម្នាក់បានសរសេរថា៖ «ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ[«ការស៊ូទ្រាំ», ខ.ស.] បានធ្វើការឲ្យសំរេចពេញលេញចុះ! ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ»។ (យ៉ាកុប ១:៤) នៅពេលដែលយើងស៊ូទ្រាំនឹងការពិបាក តើយើងអាចសម្រេច«ការ»អ្វី? ចូរនឹកចាំ‹បន្លាមួយក្នុងសាច់ឈាម›របស់ប៉ុល។ ដោយសារប៉ុលបានស៊ូទ្រាំ តើមានលទ្ធផលយ៉ាងណាចំពោះគាត់? ប៉ុលបានពោលអំពីសេចក្ដីលំបាករបស់គាត់ថា៖ «ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្ដានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ ហេតុនោះបានជាខ្ញុំអរសប្បាយក្នុងកាលដែលមានសេចក្ដីកំសោយ ក្នុងកាលដែលគេត្មះតិះដៀល ក្នុងសេចក្ដីលំបាក កាលគេធ្វើទុក្ខបៀតបៀន ហើយក្នុងសេចក្ដីដែលខ្ញុំត្រូវចង្អៀតចង្អល់ ដោយយល់ដល់ព្រះគ្រីស្ទ ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ»។ (កូរិនថូសទី២ ១២:៩, ១០) ប៉ុលបានពិសោធឃើញថា ព្រះយេហូវ៉ានឹងប្រទានកម្លាំងដែលត្រូវការ ពោលគឺ«ឥទ្ធិឫទ្ធិដ៏លើសលប់» ដើម្បីឲ្យរាស្ត្រទ្រង់អាចស៊ូទ្រាំបាន។ ជាលទ្ធផល នោះបានជួយឲ្យគាត់ចូលទៅជិតព្រះគ្រីស្ទនិងព្រះយេហូវ៉ា។—កូរិនថូសទី២ ៤:៧; ភីលីព ៤:១១-១៣
២០. ហេតុអ្វីក៏យើងអាចប្រាកដថា ព្រះយេហូវ៉ានឹងគាំទ្រ ហើយលើកទឹកចិត្តយើងពេលប្រឈមមុខនឹងសេចក្ដីលំបាក?
២០ ប្រហែលជាព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអ្នករងទុក្ខលំបាកជាបន្ត។ បើដូច្នេះមែន សូមចាំនូវសេចក្ដីសន្យារបស់ទ្រង់ចំពោះអស់អ្នកដែលកោតខ្លាចទ្រង់ដែលថា៖ «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ (ហេព្រើរ ១៣:៥) ពាក្យនេះពិតជាជួយគាំទ្រនិងលើកទឹកចិត្តណាស់។ ព្រះយេហូវ៉ាបានរាប់អស់ទាំង‹សក់ក្បាលរបស់អ្នក›។ ទ្រង់ទតឃើញអ្នកកំពុងតែស៊ូទ្រាំ។ ទ្រង់ឈឺព្រះទ័យពេលអ្នកឈឺចាប់។ ទ្រង់ពិតជាយកព្រះទ័យទុកដាក់យ៉ាងស្មោះចំពោះអ្នក។ ហើយទ្រង់នឹងមិនដែល«ភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»។—ហេព្រើរ ៦:១០
[កំណត់សម្គាល់]
a ដាវីឌដែលជាមនុស្សសុចរិតនិងកូនៗដ៏ស្មោះត្រង់របស់កូរេក៏បានពោលស្រដៀងគ្នានេះដែរ។—ទំនុកដំកើង ១០:១; ៤៤:២៤
b ព្រះគម្ពីរមិនបានចែងយ៉ាងចំៗថា‹បន្លាមួយក្នុងសាច់ឈាម›របស់ប៉ុលជាអ្វីនោះទេ។ នេះប្រហែលជាបញ្ហាខាងផ្លូវកាយ ដូចជាបញ្ហាដូចជាភ្នែកអន់។ ឬ‹បន្លាមួយក្នុងសាច់ឈាម› ប្រហែលជាសំដៅទៅលើពួកសាវ័កក្លែងក្លាយនិងអ្នកដទៃ ដែលបានបង្កើតឲ្យមានការសង្ស័យទៅលើការអះអាងរបស់គាត់ថាជាសាវ័កម្នាក់ហើយការផ្សព្វផ្សាយរបស់គាត់។—កូរិនថូសទី២ ១១:៦, ១៣-១៥; កាឡាទី ៤:១៥; ៦:១១
c អ្នកប្រាជ្ញខ្លះគិតថា ចាបធ្លាក់ទៅដី មិនគ្រាន់តែសំដៅទៅពេលសត្វចាបស្លាប់ទេ។ តាមភាសាដើមពួកគេចង់និយាយថា ឃ្លានេះអាចសំដៅទៅចាបដែលចុះមករកចំណី។ បើពិតជាដូច្នេះមែន នេះគឺបង្ហើបឲ្យដឹងថា ទ្រង់កត់សម្គាល់និងមើលថែរក្សាចាបរាល់ថ្ងៃ មិនមែនគ្រាន់តែពេលវាស្លាប់នោះទេ។—ម៉ាថាយ ៦:២៦
d នៅសម័យបុរាណ ពួកគេយកស្បែកចៀម ពពែនិងគោយកមកធ្វើថង់ស្បែក។ ថង់ស្បែកទាំងនេះគឺដើម្បីទុកទឹកដោះគោ បឺរ ហ្វ្រូម៉ាស (cheese) ឬទឹក។ ស្បែកណាដែលគេបានសម្លាប់យ៉ាងត្រឹមត្រូវហ្មត់ចត់ល្អអាចយកមកប្រើសំរាប់ទុកដាក់ប្រេងឬក៏ស្រាបាន។
តើអ្នកចាំឬទេ?
• តើកត្ដាអ្វីដែលអាចធ្វើឲ្យមនុស្សម្នាក់គិតថា ព្រះបោះបង់គាត់ចោល?
• តើយើងអាចទាញយកមេរៀនអ្វីពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីសត្វចាបពូកនិងការរាប់សក់ទាំងអស់នៅលើក្បាលយើង?
• តើការទុកទឹកភ្នែករបស់យើងក្នុង«ថង់ស្បែក»របស់ព្រះយេហូវ៉ាឬក្នុង«បញ្ជី»ទ្រង់មានន័យយ៉ាងណា?
• «សេចក្ដីមេត្រីមិត្ររបស់ព្រះយេហូវ៉ា»តើយើងអាចបង្កើតឲ្យមានជាមួយទ្រង់យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ៩]
ហេតុអ្វីក៏ព្រះយេហូវ៉ាមិនដក‹បន្លាមួយ ក្នុងសាច់ឈាម›របស់ប៉ុល?
[រូបភាពនៅទំព័រ១០]
តើយើងអាចទាញយកមេរៀនអ្វីពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីសត្វចាបពូក?
[អ្នកផ្ដល់សិទ្ធិ]
© J. Heidecker/VIREO
[រូបភាពនៅទំព័រ១២]
ដោយអានព្រះគម្ពីរជាទៀងទាត់ យើងអាចមានទំនុកចិត្តថា ព្រះយកព្រះទ័យទុកដាក់នឹងយើងម្នាក់ៗ