ដំណើរចាកចេញ
៣ កាលដែលម៉ូសេរស់នៅស្រុកម៉ាឌាន គាត់ជាគង្វាលចៀម។ គាត់ឃ្វាលចៀមឲ្យយេតរ៉ូជាឪពុកក្មេក+ដែលជាសង្ឃនៅស្រុកនោះ។ ថ្ងៃមួយ គាត់នាំហ្វូងចៀមទៅឃ្វាលនៅភាគខាងលិចនៃតំបន់ស្ងាត់ជ្រងំ។ នៅទីបំផុត គាត់បានទៅដល់ភ្នំហូរែបជាភ្នំរបស់ព្រះពិត។+ ២ ពេលនោះ ទេវតាមួយរូបរបស់ព្រះយេហូវ៉ាបានលេចមកឲ្យគាត់ឃើញក្នុងអណ្ដាតភ្លើង ដែលកំពុងឆេះនៅក្នុងគុម្ពបន្លាមួយ។+ ពេលគាត់ខំសម្លឹងមើលទៅ គាត់ឃើញមានអណ្ដាតភ្លើងនៅក្នុងគុម្ពបន្លានោះ តែគុម្ពបន្លានោះមិនឆេះទេ។ ៣ ដូច្នេះ ម៉ូសេបានគិតក្នុងចិត្តថា៖ «ខ្ញុំនឹងចូលទៅមើលការចម្លែកនេះសិន។ ហេតុអ្វីមានអណ្ដាតភ្លើងចេញពីគុម្ពបន្លា តែគុម្ពបន្លាមិនឆេះដូច្នេះ?»។ ៤ ពេលព្រះយេហូវ៉ាឃើញថាម៉ូសេកំពុងចូលទៅជិត លោកក៏ហៅគាត់ពីកណ្ដាលគុម្ពបន្លានោះថា៖ «ម៉ូសេ! ម៉ូសេ!»។ គាត់បានឆ្លើយថា៖ «បាទ លោកម្ចាស់!»។ ៥ រួចមក ព្រះបានមានប្រសាសន៍ថា៖ «កុំចូលមកជិតទៀត។ ចូរដោះស្បែកជើងអ្នកចេញ ព្រោះកន្លែងដែលអ្នកកំពុងឈរនេះគឺជាដីបរិសុទ្ធ»។
៦ ព្រះបានមានប្រសាសន៍បន្តថា៖ «ខ្ញុំជាព្រះនៃបុព្វបុរសអ្នក* ជាព្រះនៃអាប្រាហាំ+ ព្រះនៃអ៊ីសាក+ និងព្រះនៃយ៉ាកុប»។+ ឮដូច្នោះ ម៉ូសេក៏បាំងមុខ ព្រោះគាត់មិនហ៊ានមើលទៅព្រះពិតទេ។ ៧ ព្រះយេហូវ៉ាបន្ថែមថា៖ «ខ្ញុំបានឃើញការឈឺចាប់របស់រាស្ត្រខ្ញុំនៅស្រុកអេហ្ស៊ីបហើយ។ ខ្ញុំក៏បានឮសម្រែករបស់ពួកគេ ក្នុងការដែលពួកគេត្រូវបង្ខំឲ្យធ្វើការធ្ងន់ៗ។ ខ្ញុំដឹងច្បាស់នូវទុក្ខវេទនាទាំងអស់របស់ពួកគេ។+ ៨ ខ្ញុំនឹងចុះទៅសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេហ្ស៊ីប+ ហើយនាំពួកគេចេញពីស្រុកនោះ ទៅនៅស្រុកដ៏ល្អនិងធំទូលាយ ជាស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ។+ ស្រុកនោះជាទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+ ៩ មើល! សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮមកដល់ខ្ញុំហើយ។ ខ្ញុំក៏ឃើញពួកអេហ្ស៊ីបគាបសង្កត់និងប្រព្រឹត្តយ៉ាងសាហាវទៅលើពួកគេដែរ។+ ១០ ដូច្នេះ ចូរមកចុះ ខ្ញុំនឹងចាត់អ្នកឲ្យទៅជួបផារ៉ូ ហើយអ្នកនឹងនាំជនជាតិអ៊ីស្រាអែលជារាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីប»។+
១១ ប៉ុន្តែ ម៉ូសេបានតបទៅព្រះពិតថា៖ «តើខ្ញុំជានរណាទៅ បានជាលោកចាត់ខ្ញុំឲ្យទៅជួបផារ៉ូ ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីបនោះ?»។ ១២ លោកបានតបវិញថា៖ «ខ្ញុំនឹងនៅជាមួយអ្នក។+ អ្នកនឹងនាំរាស្ត្រខ្ញុំចេញពីស្រុកអេហ្ស៊ីប ហើយមកគោរពប្រណិប័តន៍ខ្ញុំនៅលើភ្នំនេះ។ នេះហើយជាសញ្ញាសម្គាល់របស់ខ្ញុំ ហើយតាមរបៀបនេះអ្នកនឹងដឹងថាគឺជាខ្ញុំ ដែលបានចាត់អ្នកឲ្យទៅ»។+
១៣ ក៏ប៉ុន្តែ ម៉ូសេបាននិយាយទៅកាន់ព្រះពិតថា៖ «ចុះបើខ្ញុំទៅជួបបណ្ដាជនអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ ‹ព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា› តែពួកគេសួរថា៖ ‹តើលោកមាននាមអ្វី?›+ តើខ្ញុំគួរប្រាប់ពួកគេយ៉ាងណាទៅ?»។ ១៤ ដូច្នេះ ព្រះបានមានប្រសាសន៍ទៅម៉ូសេថា៖ «ខ្ញុំនឹងក្លាយទៅជាអ្វីដែលខ្ញុំចង់ក្លាយទៅជា»។*+ លោកបន្ថែមទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ព្រះដែលត្រូវហៅថា«ខ្ញុំនឹងក្លាយទៅជា» បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា›»។+ ១៥ រួចព្រះបានមានប្រសាសន៍ទៅកាន់ម៉ូសេម្ដងទៀតថា៖
«អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា លោកជាព្រះនៃអាប្រាហាំ+ ព្រះនៃអ៊ីសាក+ និងព្រះនៃយ៉ាកុប+ គឺលោកហើយដែលបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា›។ នេះជានាមខ្ញុំជារៀងរហូត+ ហើយតាមរយៈនាមនេះ បណ្ដាជនគ្រប់ជំនាន់នឹងស្គាល់ខ្ញុំ។ ១៦ ឥឡូវចូរទៅប្រមូលបុរសចាស់ទុំនៃអ៊ីស្រាអែល ហើយប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា លោកជាព្រះនៃអាប្រាហាំ អ៊ីសាក និងយ៉ាកុប លោកបានលេចមកជួបខ្ញុំ ហើយមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងជួយអ្នករាល់គ្នា+ ហើយរំដោះអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបជាមិនខាន។ ១៧ ដូច្នេះ ខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាពីកណ្ដាប់ដៃជនជាតិអេហ្ស៊ីបដើម្បីឲ្យអ្នករាល់គ្នារួចផុតពីទុក្ខវេទនា+ ហើយខ្ញុំនឹងនាំអ្នករាល់គ្នាទៅរស់នៅក្នុងស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី+ ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស+ គឺនៅក្នុងស្រុកដែលមានទឹកដោះនិងទឹកឃ្មុំហូរហៀរ»›។+
១៨ «បណ្ដាជនអ៊ីស្រាអែលនឹងស្ដាប់សម្ដីអ្នក+ ហើយអ្នកនិងបុរសចាស់ទុំនៃអ៊ីស្រាអែល នឹងទៅជួបស្ដេចស្រុកអេហ្ស៊ីប។ បន្ទាប់មក អ្នកត្រូវនិយាយទៅកាន់ស្ដេចនោះថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិហេប្រឺ+ លោកបានលេចមកជួបពួកខ្ញុំ។ ដូច្នេះ សូមអនុញ្ញាតឲ្យពួកខ្ញុំទៅតំបន់ស្ងាត់ជ្រងំ ជាកន្លែងដែលត្រូវដើរអស់បីថ្ងៃ ដើម្បីឲ្យពួកខ្ញុំអាចជូនគ្រឿងបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់ពួកខ្ញុំ›។+ ១៩ ប៉ុន្តែ ខ្ញុំដឹងមុនហើយថា ស្ដេចស្រុកអេហ្ស៊ីបនឹងមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅទេ លុះត្រាតែខ្ញុំប្រើឫទ្ធានុភាពខ្លាំងក្លាបង្ខំគាត់។+ ២០ ដូច្នេះ ខ្ញុំនឹងលើកដៃវាយប្រហារស្រុកអេហ្ស៊ីបដោយការអស្ចារ្យផ្សេងៗ។ ក្រោយនោះ គាត់នឹងព្រមដោះលែងអ្នករាល់គ្នា។+ ២១ ម្យ៉ាងទៀត ខ្ញុំនឹងធ្វើឲ្យពួកអេហ្ស៊ីបប្រព្រឹត្តល្អមកលើអ្នករាល់គ្នា។ ម្ល៉ោះហើយ ពេលដែលអ្នករាល់គ្នាចេញពីស្រុកនោះ អ្នករាល់គ្នានឹងមិនចេញទៅដោយដៃទទេឡើយ។+ ២២ ដូច្នេះ ពួកស្ត្រីអ៊ីស្រាអែលត្រូវសុំគ្រឿងមាសគ្រឿងប្រាក់និងសម្លៀកបំពាក់ ពីអ្នកជិតខាងខ្លួននិងពីពួកស្ត្រីដែលស្នាក់នៅជាមួយ។ រួចមក អ្នករាល់គ្នានឹងយកទៅបំពាក់ឲ្យកូនប្រុសកូនស្រីខ្លួន។ យ៉ាងនេះ អ្នករាល់គ្នានឹងរឹបអូសទ្រព្យសម្បត្តិរបស់ពួកអេហ្ស៊ីប»។+