ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីមួយ
បើត្រូវជ្រើសរើសចំណងជើងសម្រាប់សៀវភៅមួយក្នុងព្រះគម្ពីរដែលច្រើនតែជាបទចម្រៀងសរសើរព្រះយេហូវ៉ាជាអ្នកបង្កើតយើង តើគួរនឹងដាក់ឈ្មោះអ្វី? ឈ្មោះទំនុកដំកើងជាឈ្មោះគួរសមណាស់! សៀវភៅទំនុកដំកើងជាសៀវភៅធំជាងគេក្នុងព្រះគម្ពីរ ហើយសុទ្ធតែជាបទចម្រៀងពីរោះៗដែលរៀបរាប់ពីគុណសម្បត្ដិដ៏អស្ចារ្យនិងការប្រព្រឹត្តដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា ព្រមទាំងមានទំនាយជាច្រើនផង។ បទចម្រៀងជាច្រើននេះសឲ្យឃើញអារម្មណ៍ដែលអ្នកតែងមានពេលរងទុក្ខលំបាក។ អ្វីដែលអ្នកតែងបានសរសេរនោះទាក់ទងនឹងព្រឹត្ដិការណ៍ដែលបានកើតមានឡើងក្នុងរយៈពេលមួយពាន់ឆ្នាំ គឺតាំងពីសម័យព្យាការីម៉ូសេរហូតដល់គ្រាដែលប្រជាជនបានត្រូវបំបរបង់ចេញទៅស្រុកក្រៅ។ លោកម៉ូសេ ស្តេចដាវីឌនិងអ្នកផ្សេងទៀតរួមគ្នាជាអ្នកតែងបទទំនុកដំកើងនានា។ លោកអែសរ៉ាដែលជាសង្ឃគួរទទួលកិត្ដិយសជាអ្នកប្រមូលនិងចងក្រងបទទំនុកដំកើងនីមួយៗ។
តាំងពីបុរាណមក សៀវភៅទំនុកដំកើងបានត្រូវបែងចែកជាប្រាំប៉ែកឬបទទំនុកប្រាំក្បាលដូចតទៅ: (១) ទំនុកដំកើង ១-៤១ (២) ទំនុកដំកើង ៤២-៧២ (៣) ទំនុកដំកើង ៧៣-៨៩ (៤) ទំនុកដំកើង ៩០-១០៦ និង (៥) ទំនុកដំកើង ១០៧-១៥០។ អត្ថបទនេះនឹងពិភាក្សាអំពីបទទំនុកដំកើងប៉ែកទីមួយ។ ស្តេចដាវីឌពីសាសន៍អ៊ីស្រាអែលនៅសម័យបុរាណគួរទទួលកិត្ដិយសជាអ្នកតែងបទទំនុកទាំងអស់ក្នុងប៉ែកទីមួយនេះ លើកលែងតែទំនុកបីបទប៉ុណ្ណោះ។ យើងពុំស្គាល់ឈ្មោះអ្នកតែងបទទំនុកដំកើងទី១ ១០និង៣៣ទេ។
«ព្រះនៃទូលបង្គំជាថ្មដា»
បទទំនុកដំកើងទីមួយប្រាប់ថា អ្នកណាដែលត្រេកអរនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា អ្នកនោះនឹងមានពរហើយ។ បទទំនុកទីពីរប្រាប់ចំៗអំពីព្រះរាជាណាចក្ររបស់ព្រះ។a ប៉ែកទីមួយនៃសៀវភៅទំនុកដំកើងច្រើនជាទំនូលអង្វរព្រះយេហូវ៉ា។ ជាឧទាហរណ៍ បទទំនុកទី៣-៥, ៧, ១២, ១៣និង១៧ ជាទំនូលសូមព្រះយេហូវ៉ាប្រោសរាស្ត្រទ្រង់ឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។ ទំនុកទី៨ជាបទដែលបញ្ជាក់ពីភាពតូចតាចរបស់មនុស្សជាតិនិងលើកតម្កើងភាពឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ាវិញ។
ដាវីឌច្រៀងសរសើរព្រះយេហូវ៉ាជាអ្នកការពាររាស្ត្រទ្រង់ដោយពោលថា៖ «ព្រះនៃទូលបង្គំជាថ្មដាដែលទូលបង្គំយកជាទីពឹង»។ (ទំនុកដំកើង ១៨:២) ព្រះយេហូវ៉ាបានត្រូវសរសើរក្នុងបទទំនុកទី១៩ ជាអ្នកបង្កើតអ្វីៗទាំងអស់ ក្នុងបទទី២០ ជាអ្នកសង្គ្រោះមនុស្ស ហើយក្នុងបទទី២១ ជាអ្នកសង្គ្រោះស្តេចដែលទ្រង់បានតែងតាំងឡើង។ បទទំនុកទី២៣ រៀបរាប់អំពីព្រះយេហូវ៉ាជាអ្នកគង្វាលដ៏ឧត្តម តែទំនុកទី២៤ ពន្យល់អំពីទ្រង់ជាមហាក្សត្រដ៏មានសិរីល្អ។
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២:១, ២—តើអស់ទាំងសាសន៍«មានគំនិតជាឥតសារ»អ្វី? «គំនិតជាឥតសារ»របស់សាសន៍ទាំងឡាយគឺជាចំណង់ចំណូលចិត្តដែលចង់តែការពារអំណាចគ្រប់គ្រងរបស់ខ្លួនជានិច្ច។ គំនិតនោះគឺឥតសារពីព្រោះគោលបំណងរបស់ពួកគេប្រាកដជានឹងបរាជ័យ។ សាសន៍ទាំងឡាយគ្មានហេតុសង្ឃឹមសោះថាពួកគេអាចទទួលជោគជ័យបានឡើយ ពេលទាស់ប្រឆាំងនឹង‹ព្រះយេហូវ៉ាហើយព្រះអង្គដែលទ្រង់បានលាបប្រេងឲ្យ›ជាស្តេច។
២:៧—តើ«ច្បាប់នេះ»របស់ព្រះយេហូវ៉ាសំដៅទៅលើអ្វី? ច្បាប់នោះសំដៅទៅលើកិច្ចព្រមព្រៀងដែលព្រះយេហូវ៉ាចុះជាមួយព្រះយេស៊ូគ្រីស្ទ ថាទ្រង់តម្រូវនគរឬប្រគល់រាជាណាចក្រឲ្យរាជបុត្រាស្ងួនភ្ងា។—លូកា ២២:២៨, ២៩
២:១២—តើពួកអ្នកគ្រប់គ្រងប្រទេសទាំងឡាយអាច«ថើបព្រះរាជបុត្រា»តាមរបៀបណា? នៅសម័យព្រះគម្ពីរ ការថើបគ្នាជារបៀបបង្ហាញពីចំណងមិត្តភាពនិងភាពស្មោះត្រង់នឹងគ្នា។ ការថើបគ្នាក៏ជារបៀបទទួលភ្ញៀវ។ ពួកមហាក្សត្រទាំងប៉ុន្មានបានត្រូវបង្គាប់ឲ្យថើបព្រះរាជបុត្រាក្នុងន័យថា ស្វាគមន៍ទ្រង់ជាស្តេចដែលជាព្រះមេស្ស៊ី។
ពាក្យផ្ដើមនៃបទទំនុកទី៣—ហេតុអ្វីបានជាបទទំនុកដំកើងខ្លះៗមានពាក្យផ្ដើម? ជួនកាលពាក្យផ្ដើមនោះប្រាប់ឈ្មោះអ្នកតែង ឬមានព័ត៌មានអំពីព្រឹត្ដិការណ៍ដែលទាក់ទងនឹងបទនោះ ដូចក្នុងករណីបទទំនុកទី៣។ ពាក្យផ្ដើមក៏ប្រហែលជាពន្យល់អំពីគោលបំណងឬរបៀបប្រើទំនុកនោះ (ដូចនៅទំនុកទី៤និង៥) ព្រមទាំងមានការណែនាំអំពីបទភ្លេង (ដូចនៅទំនុកទី៦)។
៣:២—តើពាក្យ«បង្អង់»សំដៅទៅលើអ្វី? គេយល់ថា ពាក្យនេះបានត្រូវប្រើដើម្បីផ្អាកនិងរំពឹងគិតមួយភ្លែត មិនថាពេលច្រៀងដោយខ្លួនឯងឬច្រៀងតាមបទភ្លេងក្ដី។ គេប្រើការផ្អាកនោះដើម្បីបញ្ជាក់ចំណុចឬអារម្មណ៍ដែលទើបបានច្រៀងឡើង។ ពេលយើងអានបទទំនុកដំកើងឲ្យឮៗ គឺមិនចាំបាច់អានពាក្យ«បង្អង់»ឡើយ។
១១:៣—តើគោលប្រធានដែលត្រូវបំផ្លាញនោះជាអ្វី? គោលប្រធាននោះសំដៅទៅលើអ្វីដែលជាគោលឬគ្រឹះមូលដ្ឋាននៃសង្គមមនុស្ស ពោលគឺយុត្ដិធម៌និងច្បាប់ទម្លាប់។ នៅពេលដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះ សង្គមមនុស្សគ្មានសណ្ដាប់ធ្នាប់ឬយុត្ដិធម៌ឡើយ។ ពេលមានស្ថានភាពបែបនេះ«មនុស្សសុចរិត»ត្រូវទុកចិត្តទៅលើព្រះទាំងស្រុង។—ទំនុកដំកើង ១១:៤-៧
២១:៣—តើ«មកុដមាសសុទ្ធ»មានអត្ថន័យសំខាន់អ្វី? យើងមិនដឹងច្បាស់ថា មកុដនោះជាមកុដពិតឬជានិមិត្តរូបតំណាងសិរីរុងរឿងដែលដាវីឌបានទទួលបន្ថែមទៀតដោយព្រោះមានជ័យជម្នះជាច្រើនលើក។ យ៉ាងណាក៏ដោយ ខនេះជាទំនាយសំដៅទៅលើមកុដដែលតំណាងអំណាចគ្រប់គ្រងដែលព្រះយេស៊ូបានទទួលពីព្រះយេហូវ៉ានៅឆ្នាំ១៩១៤។ ដោយសារមកុដនោះត្រូវធ្វើពីមាស នេះបង្ហើបឲ្យដឹងថា ការគ្រប់គ្រងរបស់ទ្រង់មានលក្ខណៈល្អបំផុត។
២២:១, ២—ហេតុអ្វីក៏ដាវីឌមានអារម្មណ៍ថា ព្រះយេហូវ៉ាបានលះចោលទ្រង់? ពួកសត្រូវដែលនៅជុំវិញស្រុកអ៊ីស្រាអែលបានធ្វើឲ្យដាវីឌមានទុក្ខព្រួយយ៉ាងខ្លាំងដល់ម្ល៉េះបានជា‹ចិត្តទ្រង់ប្រៀបដូចជាក្រមួនដែលរលាយនៅក្នុងខ្លួន›។ (ទំនុកដំកើង ២២:១៤) ប្រហែលជាដាវីឌមានអារម្មណ៍ថា ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់។ ដូចគ្នាដែរ ពេលគេព្យួរព្រះយេស៊ូនោះ ទ្រង់ក៏មានអារម្មណ៍បែបនេះ។ (ម៉ាថាយ ២៧:៤៦) បន្ទូលរបស់ដាវីឌសឲ្យឃើញនូវអារម្មណ៍ដែលមនុស្សធម្មតាត្រូវមានក្នុងកាលៈទេសៈដ៏ពិបាក។ ក៏ប៉ុន្តែ ពេលមើលសេចក្ដីអធិស្ឋានរបស់ដាវីឌនៅបទទំនុកទី២២:១៦-២១ គឺច្បាស់ហើយថាដាវីឌមិនបាត់បង់ជំនឿទៅលើព្រះយេហូវ៉ាឡើយ។
មេរៀនសម្រាប់យើង:
១:១: យើងត្រូវជៀសវាងការសេពគប់ជាមួយនឹងមនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ា។—កូរិនថូសទី១ ១៥:៣៣
១:២: រៀងរាល់ថ្ងៃ យើងត្រូវធ្វើអ្វីៗខាងវិញ្ញាណកុំខានឡើយ!—ម៉ាថាយ ៤:៤
៤:៤: ពេលខឹង យកល្អយើងទប់មាត់កុំឲ្យនិយាយអ្វីដែលយើងនឹងស្ដាយក្រោយ។—អេភេសូរ ៤:២៦
៤:៥: ព្រះយេហូវ៉ាចាត់ទុកអ្វីៗដែលយើងថ្វាយខាងវិញ្ញាណជា«គ្រឿងបូជានៃសេចក្ដីសុចរិត»ឲ្យតែយើងថ្វាយរបស់ទាំងនោះដោយបំណងចិត្តល្អត្រឹមត្រូវ ហើយមានកិរិយាសមស្របនឹងតម្រូវការរបស់ទ្រង់។
៦:៥: នេះហើយជាមូលហេតុចម្បងដែលយើងចង់រស់តទៅទៀត មែនទេ?—ទំនុកដំកើង ១១៥:១៧
៩:១២: ព្រះយេហូវ៉ាស៊ើបសួរពីឈាមដើម្បីកាត់ទោសមនុស្សដែលកម្ចាយឈាម តែទ្រង់ក៏ឮ«សំរែករបស់ពួកមនុស្សក្រីក្រ»ដែរ។
១៥:២, ៣; ២៤:៣-៥: ពួកអ្នកថ្វាយបង្គំពិតត្រូវនិយាយសេចក្ដីពិតហើយជៀសវាងការស្បថមិនពិតនិងពាក្យមួលបង្កាច់។
១៥:៤: យើងត្រូវខិតខំធ្វើតាមសម្បថរបស់យើងទោះជាពិបាកធ្វើក៏ដោយ លើកលែងតែក្រោយមកយើងរៀនដឹងថា អ្វីដែលយើងបានស្បថមុននោះ ប្រាសចាកគោលការណ៍ព្រះគម្ពីរ។
១៥:៥: ក្នុងនាមជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា យើងត្រូវប្រយ័ត្នកុំប្រើលុយផ្ដេសផ្ដាស។
១៧:១៤, ១៥: «មនុស្សនៅលោកីយនេះ»ចេះតែខិតខំរកលុយចិញ្ចឹមក្រុមគ្រួសារនិងទុកមត៌កឲ្យកូនចៅ។ រីឯដាវីឌវិញ ទ្រង់មានបំណងសំខាន់ចម្បងថាចង់បានកេរ្ដិ៍ឈ្មោះល្អនៅចំពោះព្រះយេហូវ៉ា ដើម្បី«មើលព្រះភក្ដ្រទ្រង់»ឬផ្គាប់ព្រះហឫទ័យទ្រង់។ ដាវីឌ«ភ្ញាក់ឡើង»ក្នុងន័យថាឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលទ្រង់បានធានានោះ។ ជាលទ្ធផល ដាវីឌនឹង«ស្កប់ចិត្តដោយឃើញរូបអង្គទ្រង់»ដែលបានសេចក្ដីថា ទ្រង់មានអំណរដោយដឹងថាព្រះយេហូវ៉ាគង់នៅជាមួយទ្រង់។ ដូចដាវីឌនោះ យើងក៏គួរផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្ដិខាងវិញ្ញាណដែរ មែនទេ?
១៩:១-៦: របស់សព្វសារពើដែលបានបង្កើតមកគ្មានសមត្ថភាពនិយាយឬវែកញែកហេតុផល តែអាចសម្ដែងពីសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ បើដូច្នេះ តើមនុស្សយើងដែលចេះគិត ចេះនិយាយនិងចេះថ្វាយបង្គំព្រះគួរសរសើរទ្រង់ប៉ុណ្ណាទៅ?—វិវរណៈ ៤:១១
១៩:៧-១១: តម្រូវការរបស់ព្រះយេហូវ៉ាពិតជានាំឲ្យយើងមានប្រយោជន៍មែន!
១៩:១២, ១៣: យើងគួរជៀសវាងអំពើខុសឆ្គងនិងបាបដែលធ្វើដោយល្មើសឬជាការប្រព្រឹត្តដោយចិត្តអួតបំប៉ោង។—ទំនុកតម្កើង ១៩:១៤, ខ.ស.
១៩:១៤: យើងគួរប្រុងប្រយ័ត្ននឹងទង្វើរបស់យើងមែន តែក៏ត្រូវប្រយ័ត្ននឹងពាក្យសម្ដីហើយគំនិតរបស់យើងផងដែរ។
«ទ្រង់ទប់ទល់[ទូលបង្គំ] ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ»
ក្នុងបទទំនុកពីរដំបូងនៃបទទាំងប៉ុន្មាននេះ ដាវីឌបង្ហាញពីក្ដីប៉ងប្រាថ្នាយ៉ាងខ្លាំងចង់តាំងចិត្តរក្សាឲ្យមានភាពសុចរិតនិងចិត្តគ្រប់លក្ខណ៍! ទ្រង់ច្រៀងថា៖ «ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំតទៅ»។ (ទំនុកដំកើង ២៦:១១) ពេលដាវីឌអធិស្ឋានសូមព្រះយេហូវ៉ាអត់ទោសអំពើបាបរបស់ទ្រង់ ទ្រង់ក៏សារភាពថា៖ «កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ»។ (ទំនុកដំកើង ៣២:៣) ដាវីឌធានាដល់ពួកអ្នកដែលស្មោះត្រង់ចំពោះព្រះយេហូវ៉ាថា៖ «ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្ដាប់សំរែករបស់គេ»។—ទំនុកដំកើង ៣៤:១៥
យោបល់ក្នុងបទទំនុកទី៣៧មានប្រយោជន៍ណាស់ចំពោះពួកអ៊ីស្រាអែល ហើយក៏មានតម្លៃដូចគ្នាចំពោះយើងដែលកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»នៃរបបលោកិយនេះ! (ធីម៉ូថេទី២ ៣:១-៥) បទទំនុកទី៤០:៧, ៨ ជាទំនាយរៀបរាប់អំពីព្រះយេស៊ូគ្រីស្ទថា៖ «ទូលបង្គំមកហើយ សេចក្ដីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ គឺថា ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់។ អើ! ក្រិត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ ទំនុកចុងបង្អស់ក្នុងបទទាំងប៉ុន្មាននេះជាសំណូមពររបស់ដាវីឌដែលសូមជំនួយពីព្រះយេហូវ៉ាក្នុងកំលុងគ្រាចលាចលប៉ុន្មានឆ្នាំក្រោយទ្រង់បានធ្វើអំពើបាបជាមួយនាងបាតសេបា។ ដាវីឌច្រៀងថា៖ «ឯទូលបង្គំ ទ្រង់ទប់ទល់ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ»។—ទំនុកដំកើង ៤១:១២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
២៦:៦—ក្នុងន័យអត្ថបដិរូប តើយើងអាចដើរក្រឡឹងអាសនៈរបស់ព្រះយេហូវ៉ាដូចដាវីឌយ៉ាងដូចម្ដេច? អាសនៈនេះតំណាងព្រះហឫទ័យរបស់ព្រះយេហូវ៉ាក្នុងការព្រមទទួលយកយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទដែលប្រោសមនុស្សឲ្យរួចពីបាប។ (ហេព្រើរ ៨:៥; ១០:៥-១០) យើងដើរក្រឡឹងអាសនៈរបស់ព្រះយេហូវ៉ាដោយបង្ហាញពីជំនឿរបស់យើងទៅលើយញ្ញបូជាលោះនោះ។
២៩:៣-៩—បទទំនុកនេះប្រៀបធៀបព្រះសូរសៀងរបស់ព្រះយេហូវ៉ាទៅនឹងខ្យល់ព្យុះដែលមានផ្គរលាន់និងធ្វើឲ្យមនុស្សស្ញប់ស្ញែង។ តើការប្រៀបធៀបនេះមានបំណងបញ្ជាក់អំពីអ្វី? បើនិយាយឲ្យចំទៅ ការប្រៀបធៀបនេះមានបំណងបញ្ជាក់អំពីតេជានុភាពដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា!
៣១:២៣—តើព្រះយេហូវ៉ាសងដល់មនុស្សឆ្មើងឆ្មៃជាបរិបូរយ៉ាងដូចម្ដេច? ក្នុងទំនុកនេះ ការសងនោះសំដៅទៅលើការដាក់ទោស។ ពេលដែលមនុស្សសុចរិតភ្លាត់ធ្វើខុស ព្រះយេហូវ៉ាសងគាត់ដោយប្រដៅតម្រង់។ ដោយសារមនុស្សឆ្មើងឆ្មៃមិនកែតម្រង់ខ្លួនដោយឈប់ប្រព្រឹត្តអំពើខុសឆ្គង នោះព្រះយេហូវ៉ាសងអ្នកនោះជាបរិបូរដោយដាក់ទោសយ៉ាងធ្ងន់។—សុភាសិត ១១:៣១; ពេត្រុសទី១ ៤:១៨
៣៣:៦—តើ«ខ្យល់»ពីព្រះឱស្ឋព្រះយេហូវ៉ាជាអ្វី? ខ្យល់នេះជាសកម្មពលឬវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាដែលទ្រង់បានប្រើក្នុងការបង្កើតរបស់សព្វសារពើនៅលើមេឃ។ (លោកុប្បត្តិ ១:១, ២) អ្នកតែងបទទំនុកនេះហៅវិញ្ញាណរបស់ព្រះយេហូវ៉ាជាខ្យល់នោះ ពីព្រោះទ្រង់អាចចាត់វិញ្ញាណទៅសម្រេចការយ៉ាងឆ្ងាយ ដូចជាខ្យល់ដែលចេញពីមាត់យ៉ាងខ្លាំង។
៣៥:១៩—តើសំណូមពររបស់ដាវីឌដែលសូមកុំឲ្យពួកអ្នកស្អប់ទ្រង់មិចភ្នែកដាក់គ្នានោះ មានន័យអ្វី? ការមិចភ្នែកដាក់គ្នាបង្កប់អត្ថន័យថា សត្រូវរបស់ដាវីឌនឹងមានចិត្តសប្បាយដោយសារផែនការធ្វើបាបទ្រង់មានជោគជ័យ។ ដាវីឌសូមព្រះយេហូវ៉ាជួយកុំឲ្យនេះកើតមានឡើងសោះឡើយ។
មេរៀនសម្រាប់យើង:
២៦:៤: យកល្អកុំឲ្យយើងមានទំនាក់ទំនងសោះជាមួយពួកមានពុតដែលលាក់អត្តសញ្ញាណពិតរបស់ខ្លួនដោយឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអ៊ីនធឺណិត (ភាសាអង់គ្លេសហៅថា “chat rooms”)។ ក៏កុំឲ្យយើងសេពគប់ជាមួយពួកអ្នកនៅសាលានិងនៅកន្លែងធ្វើការដែលធ្វើដូចជាពួកម៉ាកយើងដើម្បីបោកប្រាសយើង ឬពួកមនុស្សដែលមានមុខពីរ និងអ្នកក្បត់ជំនឿដែលមានលក្ខណៈជាមនុស្សស្មោះត្រង់តែសម្បកក្រៅប៉ុណ្ណោះ។
២៦:៧, ១២; ៣៥:១៨; ៤០:៩: យើងត្រូវសរសើរព្រះយេហូវ៉ានៅមុខមនុស្សពេលមានការជួបជុំជាមួយពួកគ្រីស្ទានគ្នីគ្នា។
២៦:៨; ២៧:៤: តើយើងស្រឡាញ់និងចូលចិត្តទៅកិច្ចប្រជុំគ្រីស្ទានដែរឬទេ?
២៦:១១: ស្តេចដាវីឌបង្ហាញថាទ្រង់តាំងចិត្តរក្សាឲ្យមានភាពស្មោះគ្រប់លក្ខណ៍ ហើយដំណាលគ្នានោះបានសូមព្រះយេហូវ៉ាប្រោសលោះទ្រង់ដែរ។ នេះបង្ហាញថា យើងពិតជាអាចរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍មែន ទោះបីជាមនុស្សមិនគ្រប់លក្ខណ៍ក៏ដោយ។
២៩:១០: ការ«គង់នៅវេលាជំនន់លោកីយ[ឬ«គ្រប់គ្រងលើទឹកជំនន់ធំ», ខ.ស.]» បានន័យថាព្រះយេហូវ៉ាចេះប្រើប្រាស់តេជានុភាពរបស់ទ្រង់យ៉ាងល្អ។
៣០:៥: សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិចម្បងបង្អស់របស់ព្រះយេហូវ៉ា មិនមែនសេចក្ដីខ្ញាល់ទេ។
៣២:៩: ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យឲ្យយើងប្រព្រឹត្តដូចជាសត្វលាដែលស្ដាប់តាមអ្នកបញ្ជា ឲ្យតែគេដាក់បង្ខាំក្នុងមាត់វា ឬប្រើរំពាត់វិញ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងសម្រេចចិត្តស្ដាប់បង្គាប់ទ្រង់ដោយព្រោះយើងយល់ពីព្រះហឫទ័យរបស់ទ្រង់។
៣៣:១៧-១៩: មនុស្សជាតិគ្មានសមត្ថភាពបង្កើតឲ្យមានភាពសាន្តត្រាណឬនាំឲ្យមានសេចក្ដីសង្គ្រោះទេ មិនថាគេបង្កើតឲ្យមានរបៀបរបបល្អប៉ុណ្ណាក៏ដោយ។ យើងត្រូវតែទុកចិត្តលើព្រះយេហូវ៉ានិងព្រះរាជាណាចក្រដែលទ្រង់បានរៀបចំឡើង។
៣៤:១០: ចំពោះអស់អ្នកដែលទុកកិច្ចបម្រើព្រះជាអាទិភាពក្នុងជីវិត ខនេះពិតជាជួយពង្រឹងទំនុកចិត្តណាស់!
៣៩:១, ២: បើមនុស្សអាក្រក់ខំរាវរកព័ត៌មានដើម្បីធ្វើបាបដល់បងប្អូនរួមជំនឿ យកល្អយើង‹ដាក់បង្ខាំទប់មាត់យើង›ហើយនៅស្ងៀម។
៤០:១, ២: ការទុកចិត្តលើព្រះយេហូវ៉ាអាចជួយយើងស៊ូទ្រាំពេលធ្លាក់ទឹកចិត្ត ហើយជួយយើងងើបចេញពី«អន្លង់គួរស្បើម [ហើយ]រួចពីភក់ស្អិត»។
៤០:៥, ១២: មិនថាយើងភ្លាត់ធ្វើខុសឬជួបប្រទះសេចក្ដីអាក្រក់ច្រើនក៏ដោយ យើងមិនអស់សង្ឃឹមឡើយ ឲ្យតែយើងចាំថាពរដែលយើងទទួល«នោះមានច្រើនហួសកំណត់នឹងរាប់បាន»។
«សូមលើកសរសើរដល់ព្រះយេហូវ៉ា»
បទទំនុកទាំង៤១ក្នុងប៉ែកទីមួយនេះពិតជាលើកទឹកចិត្តនិងធ្វើឲ្យយើងធូរក្នុងអារម្មណ៍ណាស់! មិនថាយើងកំពុងតែជួបប្រទះការលំបាកផ្សេងៗ ឬមនសិការធ្វើទុក្ខដល់យើងក្ដី យើងអាចមានកម្លាំងចិត្តឡើងហើយទទួលការលើកទឹកចិត្តបាន ដោយសារផ្នែកនេះនៃព្រះបន្ទូលរបស់ព្រះដែលពូកែណាស់! (ហេព្រើរ ៤:១២) បទទំនុកទាំងនេះមានព័ត៌មានល្អដែលជួយណែនាំជីវិតយើង។ បទទាំងនេះបញ្ជាក់ម្ដងហើយម្ដងទៀតថា ព្រះយេហូវ៉ាមិនបោះបង់ចោលយើងឡើយ ទោះជាយើងប្រឈមមុខទុក្ខលំបាកណាក៏ដោយ។
បទទំនុកដំកើងប៉ែកទីមួយនេះមានពាក្យបញ្ចប់ថា៖ «សូមលើកសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអតីតទៅដល់អនាគតអស់កល្បជានិច្ច។ អាម៉ែនហើយអាម៉ែន»។ (ទំនុកដំកើង ៤១:១៣) ការពិនិត្យមើលបទទំនុកទាំងប៉ុន្មាននេះ ពិតជាជំរុញយើងឲ្យចង់សរសើរព្រះយេហូវ៉ា មែនទេ?
[កំណត់សម្គាល់]
a បទទំនុកទី២មានការសម្រេចដំបូងនៅសម័យដាវីឌ។
[ឃ្លាអក្សរធំនៅទំព័រ១០]
បើរបស់ដែលបានបង្កើតមកអាចសរសើរព្រះយេហូវ៉ាទោះជាគ្មានសមត្ថភាពនិយាយឬគិតក្ដីយើងគួរសរសើរទ្រង់ច្រើនជាងទៅទៀត!
[រូបភាពនៅទំព័រ៨]
ដាវីឌបានតែងបទទំនុកភាគច្រើនក្នុងបទទាំង៤១ដំបូង
[រូបភាពនៅទំព័រ៩]
តើអ្នកដឹងថា បទទំនុកដំកើងមួយណាពណ៌នាអំពីព្រះយេហូវ៉ាជាអ្នកគង្វាលដ៏ឧត្តមទេ?
[រូបភាពនៅទំព័រ១១]
រៀងរាល់ថ្ងៃ ចូរធ្វើអ្វីៗខាងវិញ្ញាណកុំខានឡើយ!
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៨]
Stars, pages 8 and 9: Courtesy United States Naval Observatory
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ១០]
Stars, pages 10 and 11: Courtesy United States Naval Observatory