‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន
«អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថា៖ ‹ឯងជាកូនអញ . . . ចូរសូមពីអញនោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯងទុកជាមរដក›»។—ទំនុកដំកើង ២:៧, ៨
១. តើគោលបំណងរបស់ព្រះខុសគ្នាពីគោលបំណងរបស់សាសន៍ទាំងឡាយយ៉ាងណា?
ព្រះយេហូវ៉ាមានគោលបំណងសំរាប់មនុស្សជាតិនិងសំរាប់ផែនដី។ សាសន៍ទាំងឡាយក៏មានគោលបំណងដែរ។ ប៉ុន្តែ គោលបំណងរបស់សាសន៍ទាំងឡាយគឺខុសគ្នាឆ្ងាយនឹងគោលបំណងរបស់ព្រះ! យើងដឹងថាខុសគ្នាដូច្នេះមែន ដ្បិតព្រះមានបន្ទូលថា៖ «ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ»។ គោលបំណងរបស់ព្រះនឹងត្រូវសម្រេចជាក់ជាពុំខាន ពីព្រោះទ្រង់មានបន្ទូលថែមទៀតថា៖ «ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើងក្នុងការអ្វីដែលអញចាត់ទៅធ្វើនោះ»។—អេសាយ ៥៥:៩-១១
២, ៣. តើទំនុកទីពីរបញ្ជាក់យ៉ាងច្បាស់អំពីអ្វី? ប៉ុន្តែ តើសំនួរអ្វីដែលត្រូវសួរឡើង?
២ ទំនុកទី២បញ្ជាក់យ៉ាងច្បាស់ថា គោលបំណងរបស់ព្រះនឹងត្រូវសម្រេចជាក់ជាពុំខានស្តីអំពីស្តេចមេស្ស៊ី។ ស្តេចដាវីឌនៃសាសន៍អ៊ីស្រាអែលពីសម័យបុរាណដែលជាអ្នកតែងទំនុកនេះ ត្រូវបានព្រះបណ្ដាលឲ្យទាយថានឹងមានគ្រាមួយដែលគួរឲ្យកត់សម្គាល់ គឺពេលដែលសាសន៍ទាំងឡាយនឹងមានការជ្រួលជ្រើម។ ពួកអ្នកគ្រប់គ្រងទាំងប៉ុន្មាននឹងប្រឆាំងព្រះយេហូវ៉ា ហើយប្រឆាំងបុគ្គលមួយអង្គដែលត្រូវបានចាក់ប្រេងតាំង។ យ៉ាងណាក៏ដោយ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថា៖ ‹ឯងជាកូនអញ . . . ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯងទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្ដិ៍អាកររបស់ឯង›»។—ទំនុកដំកើង ២:៧, ៨
៣ តើ‹ច្បាប់របស់ព្រះយេហូវ៉ា›មានន័យយ៉ាងណាចំពោះសាសន៍ទាំងឡាយ? តើច្បាប់របស់ព្រះយេហូវ៉ាមានអានុភាពលើមនុស្សជាតិទូទៅយ៉ាងណា? ប្រាកដហើយ តើព្រឹត្ដិការណ៍ទាំងនេះមានន័យយ៉ាងណាចំពោះអ្នកកោតខ្លាចព្រះដែលអានទំនុកទីពីរនេះ?
អស់ទាំងសាសន៍ជ្រួលជ្រើម
៤. តើអ្នកអាចសង្ខេបគោលចំណុចនៃទំនុកដំកើង ២:១, ២យ៉ាងដូចម្ដេច?
៤ អ្នកតែងបទទំនុកដំកើងបង្ហើបប្រាប់នូវការប្រព្រឹត្តនៃសាសន៍ទាំងឡាយនិងពួកអ្នកគ្រប់គ្រងទាំងប៉ុន្មាន ដោយចាប់ផ្ដើមច្រៀងថា៖ «ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងពួង[«រអ៊ូរទាំដោយឥតខ្លឹមសារយ៉ាងនេះ?», ខ.ស.] ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកអ្នកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គដែលទ្រង់បានលាបប្រេង»។—ទំនុកដំកើង ២:១, ២a
៥, ៦. តើអស់ទាំងសាសន៍«រអ៊ូរទាំដោយឥតខ្លឹមសារ»អំពីអ្វី?
៥ តើអស់ទាំងសាសន៍នៅសម័យនេះ«រអ៊ូរទាំដោយឥតខ្លឹមសារ»អំពីអ្វី? ជាជាងទទួលស្វាគមន៍បុគ្គលមួយអង្គដែលត្រូវបានចាក់ប្រេងតាំងដែលជាព្រះមេស្ស៊ីឬព្រះគ្រីស្ទ នោះសាសន៍ទាំងឡាយបាន«រអ៊ូរទាំ»ឬខំចំរើននិរន្តរភាពនៃអំណាចរបស់ខ្លួន។ ពាក្យទាំងនេះក្នុងទំនុកទីពីរបានសម្រេចនៅសតវត្សរ៍ទីមួយដែរ ពេលអាជ្ញាធរយូដានិងអាជ្ញាធររ៉ូមបានឃុបឃិតគ្នាធ្វើគុតព្រះយេស៊ូគ្រីស្ទ ដែលព្រះតាំងឲ្យឡើងសោយរាជ្យ។ យ៉ាងណាក៏ដោយ ការសម្រេចដ៏ធំបានចាប់ផ្ដើមឡើងឆ្នាំ១៩១៤ ពេលព្រះយេស៊ូត្រូវតាំងជាស្តេចនៅលើស្ថានសួគ៌។ តាំងពីពេលនោះមក គ្មានអង្គការនយោបាយណាមួយបានទទួលស្គាល់ស្តេចដែលព្រះបានលើកឲ្យសោយរាជ្យនោះទេ។
៦ ពេលអ្នកតែងបទទំនុកដំកើងបានសួរថា‹ហេតុអ្វីក៏ជនជាតិទាំងពួងរអ៊ូរទាំដោយឥតខ្លឹមសារ› តើនេះបានន័យយ៉ាងណា? អ្វីដែលឥតខ្លឹមសារនោះគឺគោលបំណងរបស់គេ ដែលឥតមានប្រយោជន៍និងទទួលបរាជ័យជាពុំខាន។ ពួកគេពុំអាចនាំឲ្យមានសន្ដិភាពសំរាប់ផែនដីឡើយ។ ក៏ប៉ុន្តែ ការខំប្រឹងរបស់ពួកគេដែលនាំឲ្យមានសន្ដិភាពនោះ គឺរហូតដល់ធ្វើឲ្យពួកគេបែរជាប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះទៅវិញ។ តាមការពិត ពួកគេបានប្រឹក្សាគ្នាកាន់ជំហរប្រឆាំងទាស់នឹងព្រះដ៏ខ្ពស់បំផុត និងបុគ្គលមួយអង្គដែលត្រូវបានចាក់ប្រេងតាំង។ ទង្វើនេះពិតជាល្ងង់ខ្លៅមែន!
ស្តេចរបស់ព្រះយេហូវ៉ាដែលមានជ័យជំនះ
៧. តាមរយៈសេចក្ដីអធិស្ឋាន តើពួកអ្នកកាន់តាមព្រះយេស៊ូពីដើមបានចាត់ទុកទំនុកដំកើង ២:១, ២សំដៅទៅលើអ្នកណា?
៧ ពួកអ្នកកាន់តាមព្រះយេស៊ូបានចាត់ទុកពាក្យក្នុងទំនុកដំកើង ២:១, ២ សំដៅចំពោះទ្រង់។ ដោយត្រូវបានគេបៀតបៀនដោយសារជំនឿ នោះអ្នកកាន់តាមព្រះយេស៊ូអធិស្ឋានថា៖ «ឱព្រះដ៏ជាម្ចាស់[ព្រះយេហូវ៉ា]ធំបំផុតអើយ! គឺទ្រង់ជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី នឹងសមុទ្រ ហើយរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង ទ្រង់បានមានបន្ទូលដោយសារព្រះឱស្ឋហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ថា ‹ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងប៉ុន្មានមានគំនិតជាអសារឥតការដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទនៃទ្រង់› ប្រាកដមែនហើយ ដ្បិតនៅក្រុងនេះ ស្តេចហេរ៉ូឌ[អាន់ទីប៉ាស] នឹងលោកប៉ុនទាស-ពីឡាត់បានប្រជុំគ្នា ព្រមទាំងពួកសាសន៍ដទៃនឹងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវជាអ្នកបំរើបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ»។ (កិច្ចការ ៤:២៤-២៧; លូកា ២៣:១-១២)b មែនហើយ គឺមានការឃុបឃិតគ្នាប្រឆាំងនឹងព្រះយេស៊ូដែលជាអ្នកចាក់ប្រេងតាំងរបស់ព្រះនៅសតវត្សរ៍ទីមួយ។ យ៉ាងណាក៏ដោយ ទំនុកនេះនឹងមានការសម្រេចមួយទៀតដែលនឹងកើតឡើងជាច្រើនឆ្នាំទៀតនៅថ្ងៃខាងមុខ។
៨. តើទំនុកដំកើង ២:៣ទាក់ទងនឹងសាសន៍ទាំងឡាយសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
៨ នៅពេលដែលសាសន៍អ៊ីស្រាអែលពីសម័យបុរាណមានមនុស្សជាស្តេច ដូចជាដាវីឌ នោះពាហិរជនទាំងឡាយនិងពួកអ្នកគ្រប់គ្រងឯទៀតបានព្រួតដៃគ្នាប្រឆាំងព្រះនិងស្តេចដែលទ្រង់បានចាក់ប្រេងតាំង។ ប៉ុន្តែ ចុះយ៉ាងណាចំពោះសព្វថ្ងៃនេះ? សព្វថ្ងៃនេះ សាសន៍ទាំងឡាយមិនចង់ធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ានិងព្រះមេស្ស៊ីនោះទេ។ ដូច្នេះហើយ ពួកគេពោលថា៖ «ចូរយើងផ្ដាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ!»។ (ទំនុកដំកើង ២:៣) បើព្រះនិងបុគ្គលមួយអង្គដែលត្រូវបានចាក់ប្រេងតាំងដាក់ល័ក្ខខ័ណ្ឌអ្វី នោះពួកអ្នកគ្រប់គ្រងរួមទាំងសាសន៍ដទៃនឹងប្រឆាំងជាក់ជាមិនខាន។ ប្រាកដហើយ ការខំប្រឹងផ្ដាច់ចំណងនិងបោះខ្សែចងបែបនេះ នោះគ្មានប្រយោជន៍ទេ។
ព្រះយេហូវ៉ានឹងចំអកឲ្យគេ
៩, ១០. ហេតុអ្វីក៏ព្រះយេហូវ៉ាចំអកឲ្យសាសន៍ទាំងឡាយ?
៩ ព្រះយេហូវ៉ាមិនខ្វល់ខ្វាយទេដែលពួកអ្នកគ្រប់គ្រងនៃសាសន៍ទាំងឡាយខំប្រឹងស្ថាបនានូវការគ្រប់គ្រងដែលមិនពឹងពាក់ទៅលើទ្រង់នោះ។ ទំនុកទីពីរចែងបន្តថា៖ «ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ»។ (ទំនុកដំកើង ២:៤) ព្រះបន្តធ្វើតាមរាជបំណងទ្រង់ហាក់ដូចជាពួកអ្នកគ្រប់គ្រងទាំងនេះឥតសំខាន់សោះ។ ទ្រង់សើចចំអកនឹងសេចក្ដីព្រហើនរបស់ពួកគេ។ ចូរឲ្យពួកគេអួតនូវអ្វីដែលពួកគេចង់ធ្វើចុះ! ព្រះយេហូវ៉ាចាត់ទុកពួកគេជាអ្វីសំរាប់សើចចំអក។ ទ្រង់សើចនឹងការប្រឆាំងដែលគ្មានប្រយោជន៍របស់ពួកគេ។
១០ នៅទំនុកផ្សេងៗទៀត ដាវីឌសំដៅទៅលើសត្រូវនិងសាសន៍ទាំងឡាយ ហើយគាត់ច្រៀងថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ! សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្ដាដល់អ្នកណាមួយដែលរំលងដោយកាចអាក្រក់ឡើយ។ គេត្រឡប់មកវិញរាល់តែល្ងាច គេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង មើល! គេភើចេញមកពីមាត់គេ ក៏មានដាវនៅបបូរមាត់ ដ្បិតគេថា តើមានអ្នកណានឹងឮ? តែឱព្រះយេហូវ៉ាអើយ! ទ្រង់នឹងសើចឡកឲ្យគេ ទ្រង់នឹងចំអកឲ្យពួកសាសន៍ដទៃទាំងអស់ផង»។ (ទំនុកដំកើង ៥៩:៥-៨) ព្រះយេហូវ៉ាសើចនឹងការអួតហើយការវង្វេងនៃសាសន៍ទាំងឡាយ ដែលពួកគេប្រព្រឹត្តយ៉ាងល្ងង់ខ្លៅទាស់នឹងទ្រង់។
១១. តើអ្វីកើតឡើងពេលសាសន៍ទាំងឡាយខំប្រឹងប្រឆាំងនឹងគោលបំណងរបស់ព្រះ?
១១ ពាក្យនៅទំនុកទី២ពង្រឹងជំនឿយើងដោយដឹងថា ព្រះអាចដោះស្រាយបញ្ហាណាក៏បានដែរ។ យើងអាចមានទំនុកចិត្តទាំងស្រុងថា ទ្រង់នឹងសម្រេចតាមព្រះហឫទ័យទ្រង់ ហើយមិនបោះបង់ចោលពួកអ្នកបំរើស្មោះត្រង់របស់ទ្រង់ទេ។ (ទំនុកដំកើង ៩៤:១៤) ដូច្នេះ តើអ្វីនឹងកើតឡើងពេលសាសន៍ទាំងឡាយខំប្រឹងប្រឆាំងគោលបំណងរបស់ព្រះយេហូវ៉ា? យោងទៅតាមទំនុកនេះ ព្រះ«នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់»ដែលលាន់រំពងដូចផ្គរលាន់។ ម្យ៉ាងវិញទៀត «ដោយសេចក្ដីឃោរឃៅ»ដែលប្រៀបដូចជាផ្លេកបន្ទោរ ទ្រង់នឹង«បំភ័យគេ»។—ទំនុកដំកើង ២:៥
ស្តេចរបស់ព្រះបានតាំងឡើង
១២. តើទំនុកដំកើង ២:៦ទាក់ទងនឹងការតាំងឲ្យសោយរាជ្យណាមួយ?
១២ អ្វីដែលព្រះយេហូវ៉ាមានបន្ទូលបន្តបន្ទាប់តាមរយៈអ្នកតែងបទទំនុកដំកើង ច្បាស់ជាធ្វើឲ្យសាសន៍ទាំងឡាយភ័យមែន។ ព្រះប្រកាសថា៖ «អញបានតាំងស្តេចរបស់អញឡើងហើយ គឺនៅស៊ីយ៉ូនជាភ្នំបរិសុទ្ធរបស់អញ»។ (ទំនុកដំកើង ២:៦) ភ្នំស៊ីយ៉ូនគឺជាភ្នំតូចនៅក្រុងយេរូសាឡិម ដែលជាកន្លែងដែលដាវីឌត្រូវបានតាំងជាស្តេចនៃប្រទេសអ៊ីស្រាអែល។ ប៉ុន្តែស្តេចមេស្ស៊ីនេះនឹងមិនគង់លើបល្ល័ង្កក្នុងក្រុងនោះឬកន្លែងផ្សេងទៀតលើផែនដីទេ។ តាមការពិត ព្រះយេហូវ៉ាបានតាំងព្រះយេស៊ូគ្រីស្ទរួចហើយជាស្តេចមេស្ស៊ីនៅភ្នំស៊ីយ៉ូនឯស្ថានសួគ៌។—វិវរណៈ ១៤:១
១៣. តើព្រះយេហូវ៉ាបានធ្វើកិច្ចព្រមព្រៀងអ្វីជាមួយនឹងបុត្រទ្រង់?
១៣ ឥឡូវស្តេចមេស្ស៊ីមានបន្ទូលថា៖ «អញនឹងថ្លែងប្រាប់ពីច្បាប់នេះ[ច្បាប់របស់ព្រះយេហូវ៉ាដែលបានធ្វើកិច្ចព្រមព្រៀងព្រះរាជាណាចក្រជាមួយនឹងបុត្រទ្រង់] គឺព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថា៖ ‹ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ›»។ (ទំនុកដំកើង ២:៧) ព្រះគ្រីស្ទបានសំដៅទៅកិច្ចព្រមព្រៀងព្រះរាជាណាចក្រ ពេលទ្រង់បានមានបន្ទូលប្រាប់ពួកសាវ័កទ្រង់ថា៖ «ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ខ្ញុំក៏ដំរូវនគរមួយឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ»។—លូកា ២២:២៨, ២៩
១៤. ហេតុអ្វីក៏អាចនិយាយថាព្រះយេស៊ូមានសិទ្ធិត្រឹមត្រូវឡើងសោយរាជ្យជាស្តេចដែលគ្មានអ្នកណាអាចបដិសេធបាននោះ?
១៤ ដូចបានទាយប្រាប់នៅទំនុកដំកើង ២:៧ ព្រះយេហូវ៉ាបានទទួលស្គាល់ព្រះយេស៊ូជាបុត្ររបស់ទ្រង់ពេលទទួលបុណ្យជ្រមុជទឹក និងដោយប្រោសបុត្រនោះឲ្យរស់ឡើងវិញមានជីវិតជាបុគ្គលវិញ្ញាណ។ (ម៉ាកុស ១:៩-១១; រ៉ូម ១:៤; ហេព្រើរ ១:៥; ៥:៥) មែនហើយ ស្តេចនៃព្រះរាជាណាចក្រនៅស្ថានសួគ៌គឺជារាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់។ (យ៉ូហាន ៣:១៦) ដោយសារទ្រង់ជាកូនចៅរបស់ស្តេចដាវីឌ នោះព្រះយេស៊ូមានសិទ្ធិត្រឹមត្រូវឡើងសោយរាជ្យជាស្តេចដែលគ្មានអ្នកណាអាចបដិសេធបាន។ (សាំយូអែលទី២ ៧:៤-១៧; ម៉ាថាយ ១:៦, ១៦) យោងទៅតាមទំនុកនេះ ព្រះមានបន្ទូលប្រាប់បុត្រទ្រង់ថា៖ «ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯងទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្ដិ៍អាកររបស់ឯង»។—ទំនុកដំកើង ២:៨
១៥. ហេតុអ្វីក៏ព្រះយេស៊ូចង់ឲ្យសាសន៍ទាំងឡាយទៅជាមរដករបស់ទ្រង់?
១៥ ស្តេចដែលជាបុត្ររបស់ព្រះមានអំណាចបន្ទាប់ពីព្រះយេហូវ៉ា។ ចំពោះព្រះយេហូវ៉ា ព្រះយេស៊ូជាបុគ្គលដែលបានឆ្លងកាត់ការល្បងល ស្មោះត្រង់ដែលទ្រង់អាចទុកចិត្តបាន។ ម្យ៉ាងវិញទៀត ព្រះយេស៊ូមានមរដកជាបុត្រច្បងរបស់ព្រះ។ ប្រាកដហើយ ព្រះយេស៊ូគ្រីស្ទ«ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ដែលព្រះបានបង្កើតមក»។ (កូល៉ុស ១:១៥) ទ្រង់គ្រាន់តែសូមព្រះ នោះព្រះ‹ឲ្យសាសន៍ទាំងឡាយដល់ទ្រង់ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្ដិ៍អាកររបស់ទ្រង់›។ ដោយសារព្រះយេស៊ូជាបុគ្គលដែលមាន‹សេចក្ដីអំណរចំពោះអ្វីណាដែលទាក់ទងនឹងមនុស្សលោក› និងដោយទ្រង់មានព្រះទ័យខ្នះខ្នែងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតានៅស្ថានសួគ៌ចំពោះផែនដីនិងមនុស្សជាតិ នោះទ្រង់អាចសូមសំណូមពរនេះ។—សុភាសិត ៨:៣០, ៣១
ច្បាប់របស់ព្រះយេហូវ៉ាប្រឆាំងសាសន៍ទាំងឡាយ
១៦, ១៧. យោងទៅតាមទំនុកដំកើង ២:៩ តើសាសន៍ទាំងឡាយនឹងទទួលលទ្ធផលអ្វី?
១៦ ដោយព្រោះទំនុកទីពីរកំពុងតែសម្រេចសព្វថ្ងៃនេះក្នុងកំឡុងវត្តមានដ៏មើលមិនឃើញរបស់ព្រះគ្រីស្ទ តើសាសន៍ទាំងឡាយនឹងទៅជាយ៉ាងណា? មិនយូរប៉ុន្មានទៀត ស្តេចនឹងសម្រេចនូវការប្រកាសរបស់ព្រះដែលថា៖ «ឯងនឹងបំបាក់បំបែកគេ[សាសន៍ទាំងឡាយ]ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន»។—ទំនុកដំកើង ២:៩
១៧ ដំបងរបស់ស្តេចពីសម័យបុរាណគឺតំណាងអំណាចនៃស្តេច។ ដំបងខ្លះគឺធ្វើពីដែក ដូចបានចែងមកក្នុងទំនុកនេះ។ ជាអត្ថបដិរូបពាក្យដែលបានប្រើនៅទីនេះចង់បញ្ជាក់ថា ព្រះគ្រីស្ទជាស្តេចនឹងកំទេចចោលសាសន៍ទាំងឡាយដោយងាយស្រួល។ ការវាយដ៏ខ្លាំងមួយដោយដំបងដែកនឹងកំទេចភាជនៈរបស់ជាងស្មូនឲ្យបែកខ្ទេចខ្ទីអស់។
១៨, ១៩. ដើម្បីផ្គាប់ព្រះហឫទ័យព្រះ តើស្តេចទាំងប៉ុន្មានលើផែនដីត្រូវធ្វើអ្វី?
១៨ តើពួកអ្នកគ្រប់គ្រងនៃសាសន៍ទាំងឡាយនឹងត្រូវទទួលការហិនវិនាសដោយខានពុំបានឬ? អត់ទេ! អ្នកតែងបទទំនុកដំកើងអង្វរពួកគេដោយពាក្យទាំងនេះថា៖ «ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ! ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ! ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ! ចូរទទួលសេចក្ដីផ្ចាលចុះ!»។ (ទំនុកដំកើង ២:១០) ពួកមហាក្សត្រតម្រូវឲ្យយកចិត្តទុកដាក់ហើយមានការយល់ធ្លុះចំពោះរឿងនេះ។ បើប្រៀបធៀបនូវអ្វីដែលព្រះរាជាណាចក្រនៃព្រះនឹងធ្វើសំរាប់ប្រយោជន៍មនុស្សជាតិ នោះពួកគេគួរគិតពិចារណាអំពីគម្រោងការដ៏ឥតប្រយោជន៍របស់ពួកគេ។
១៩ ដើម្បីផ្គាប់ព្រះហឫទ័យព្រះ នោះស្តេចទាំងប៉ុន្មាននៃផែនដីត្រូវតែផ្លាស់ប្ដូរសកម្មភាពរបស់ពួកគេ។ ពួកគេត្រូវបានដាស់តឿនឲ្យ«គោរពដល់ព្រះយេហូវ៉ាដោយកោតខ្លាច ហើយមានសេចក្ដីអំណរដោយញ័ររន្ធត់»។ (ទំនុកដំកើង ២:១១) បើគេធ្វើដូចនោះ តើនឹងមានលទ្ធផលយ៉ាងណា? ជាជាងទៅជាជ្រួលជ្រើម នោះពួកគេអាចអរសប្បាយនូវសេចក្ដីសង្ឃឹមណាដែលស្តេចមេស្ស៊ីនឹងប្រទានចំពោះពួកគេ។ ពួកអ្នកគ្រប់គ្រងផែនដីត្រូវតែបោះបង់ចោលនូវចិត្តមានះនិងភាពអួតអាងដែលពួកគេបង្ហាញចំពោះការគ្រប់គ្រងរបស់ខ្លួននោះ។ បន្ថែមទៅទៀត ពួកគេត្រូវតែកែប្រែជាបន្ទាន់និងប្រព្រឹត្តដោយមានការយល់ធ្លុះស្តីអំពីការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដែលមានអំណាចគ្មានអ្នកណាប្រៀបបាន និងព្រះចេស្ដាដ៏ខ្លាំងរបស់ព្រះរួមទាំងស្តេចមេស្ស៊ី។
«ចូរថើបព្រះរាជបុត្រា»
២០, ២១. តើការ«ថើបព្រះរាជបុត្រា»មានន័យយ៉ាងណា?
២០ ទំនុកទី២ក៏ផ្ដល់នូវសេចក្ដីអញ្ជើញដែលប្រកបដោយមេត្ដាករុណាដល់ពួកអ្នកគ្រប់គ្រងនៃសាសន៍ទាំងឡាយដែរ។ ជាជាងប្រមូលផ្ដុំគ្នាប្រឆាំងព្រះ ពួកគេត្រូវបានដាស់តឿនថា៖ «ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់[ព្រះយេហូវ៉ា]ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្ដិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង»។ (ទំនុកដំកើង ២:១២ក) ពួកអ្នកគ្រប់គ្រងផែនដីត្រូវស្ដាប់តាមព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រ ពេលទ្រង់ចេញច្បាប់។ នៅពេលដែលព្រះយេហូវ៉ាបានតាំងបុត្រទ្រង់ឲ្យឡើងសោយរាជ្យ នោះពួកអ្នកគ្រប់គ្រងទាំងប៉ុន្មានលើផែនដីគួរឈប់«រអ៊ូរទាំដោយឥតខ្លឹមសារ»។ ពួកគេគួរទទួលស្គាល់ស្តេចនោះភ្លាម និងគោរពស្ដាប់បង្គាប់ទ្រង់ទាំងស្រុង។
២១ ហេតុអ្វីបានជាពួកគេត្រូវ«ថើបព្រះរាជបុត្រា»? នៅសម័យដែលទំនុកនេះបានតែងឡើង នោះការថើបគឺជាការសម្ដែងនូវមិត្តភាព និងធ្វើនៅពេលដែលទទួលស្វាគមន៍ភ្ញៀវចូលផ្ទះ ដែលជាការបង្ហាញការរាក់ទាក់ចំពោះភ្ញៀវ។ ការថើបក៏ជាការសម្ដែងនូវភាពស្មោះត្រង់ផងដែរ។ (សាំយូអែលទី១ ១០:១) នៅក្នុងខនេះនៃទំនុកទីពីរ ព្រះបញ្ជាឲ្យសាសន៍ទាំងប៉ុន្មានថើបឬទទួលស្វាគមន៍បុត្ររបស់ទ្រង់ ដែលជាស្តេចបានចាក់ប្រេងតាំង។
២២. តើពួកអ្នកគ្រប់គ្រងនៃសាសន៍ទាំងឡាយគួរធ្វើតាមការព្រមានអ្វី?
២២ អស់អ្នកដែលបដិសេធមិនទទួលស្គាល់អំណាចគ្រប់គ្រងរបស់ស្តេចដែលព្រះតែងតាំង នោះគឺមើលងាយព្រះយេហូវ៉ា។ ពួកគេមិនទទួលស្គាល់អធិបតេយ្យសកលលោករបស់ព្រះយេហូវ៉ា និងអំណាចគ្រប់គ្រងហើយសមត្ថភាពរបស់ទ្រង់ចំពោះការរើសតាំងស្តេច ដែលជាអ្នកគ្រប់គ្រងដ៏ល្អបំផុតសំរាប់មនុស្សជាតិ។ ពួកអ្នកគ្រប់គ្រងនៃសាសន៍ទាំងឡាយនឹងដឹងថា សេចក្ដីខ្ញាល់របស់ព្រះនឹងមានមកលើពួកគេភ្លាម នៅពេលដែលពួកគេខំធ្វើតាមគម្រោងរបស់គេនោះ។ «សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង»ឬនឹងឆួលឡើងភ្លាមមួយរំពេច។ ពួកអ្នកគ្រប់គ្រងនៃសាសន៍ទាំងឡាយគួរទទួលយកការព្រមាននេះដោយអំណរនិងធ្វើតាម។ ទង្វើនេះនឹងជួយសង្គ្រោះជីវិតរបស់ពួកគេ។
២៣. តើនៅមានពេលឲ្យបុគ្គលម្នាក់ៗធ្វើអ្វី?
២៣ ទំនុកដំកើងដែលគួរឲ្យចាប់អារម្មណ៍នេះបញ្ចប់សេចក្ដីថា៖ «មានពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អស់អ្នកណាដែលយក[ព្រះយេហូវ៉ា]ជាទីពឹងជ្រក»។ (ទំនុកដំកើង ២:១២ខ) គឺនៅមានពេលវេលាសំរាប់មនុស្សឲ្យរកទីពឹងជ្រក សូម្បីតែពួកអ្នកគ្រប់គ្រងខ្លះៗដែលបានធ្វើតាមគម្រោងនៃសាសន៍ទាំងឡាយក៏ដោយ។ ពួកគេអាចចូលទៅរកព្រះយេហូវ៉ាដែលផ្ដល់ទីពឹងជ្រកក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្រ។ ប៉ុន្តែ ពួកគេត្រូវតែចាត់វិធានការមុននឹងព្រះរាជាណាចក្រនៃព្រះមេស្ស៊ីកំទេចចោលសាសន៍ទាំងឡាយដែលប្រឆាំង។
២៤. តើយើងអាចរស់នៅដោយមានជីវិតគាប់ចិត្តជាងយ៉ាងដូចម្ដេចទោះបីរស់ក្នុងលោកីយ៍ដែលមានបញ្ហា?
២៤ បើយើងខំព្យាយាមសិក្សាបទគម្ពីរនិងអនុវត្តតាមឱវាទព្រះគម្ពីរ យើងអាចរស់នៅដោយមានជីវិតគាប់ចិត្តជាងសូម្បីតែរស់ក្នុងលោកីយ៍សព្វថ្ងៃនេះដែលមានបញ្ហាក៏ដោយ។ ការអនុវត្តតាមឱវាទព្រះគម្ពីរនាំឲ្យយើងមានគ្រួសារសប្បាយជាងនិងរួចផុតពីបញ្ហាហើយសេចក្ដីខ្លាចដែលញាំញីពិភពលោកនេះ។ ការធ្វើតាមគោលការណ៍ព្រះគម្ពីរផ្ដល់នូវទំនុកចិត្ត ថាយើងផ្គាប់ព្រះទ័យព្រះដែលជាអ្នកបង្កើត។ មានតែព្រះមហាក្សត្រសកលលោកទេ ដែលអាចផ្ដល់ការធានារ៉ាប់រងនៃ«ជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង» ក្រោយពីទ្រង់កំទេចអស់អ្នកដែលប្រឆាំងចំពោះអ្វីដែលត្រឹមត្រូវដោយសារពួកគេបដិសេធការគ្រប់គ្រងរបស់ព្រះរាជាណាចក្ររបស់ព្រះនោះ។—ធីម៉ូថេទី១ ៤:៨
២៥. ដោយព្រោះ‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន តើនឹងមានអ្វីកើតឡើងក្នុងសម័យយើងនេះ?
២៥ ‹ច្បាប់របស់ព្រះយេហូវ៉ា›នឹងបានសម្រេចជាក់ជាពុំខាន។ ជាអ្នកបង្កើតយើង ព្រះជ្រាបនូវអ្វីដែលប្រសើរបំផុតសំរាប់មនុស្សជាតិ ហើយទ្រង់នឹងសម្រេចគោលបំណងរបស់ទ្រង់ដើម្បីប្រទានពរដល់មនុស្សដែលគោរពស្ដាប់បង្គាប់ ដោយប្រទាននូវសន្ដិភាព ថែមទាំងការស្កប់ចិត្តនិងមានសេចក្ដីសុខជានិច្ចក្រោមការគ្រប់គ្រងនៃបុត្រដែលជាទីស្រឡាញ់របស់ទ្រង់។ ព្យាការីដានីយ៉ែលបានសរសេរអំពីគ្រានោះថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើងដែលមិនត្រូវបំផ្លាញឡើយ . . . គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដានីយ៉ែល ២:៤៤) ដូច្នេះ ឥឡូវគឺជាគ្រាបន្ទាន់ឲ្យ«ថើបព្រះរាជបុត្រា» និងឲ្យបំរើព្រះយេហូវ៉ាជាព្រះអម្ចាស់មហាក្សត្រ!
[កំណត់សម្គាល់]
a ដំបូង ស្តេចដាវីឌជា«ព្រះអង្គដែលទ្រង់បានលាបប្រេង» ហើយ«ពួកមហាក្សត្រនៅផែនដី»គឺពួកអ្នកគ្រប់គ្រងសាសន៍ភីលីស្ទីនដែលផ្ដុំកងទ័ពរបស់ពួកគេទាស់នឹងទ្រង់។
b បទគម្ពីរឯទៀតពីបទគម្ពីរគ្រីស្ទានភាសាក្រិចក៏បង្ហាញថា ព្រះយេស៊ូជាបុគ្គលមួយអង្គដែលត្រូវបានចាក់ប្រេងតាំង ដូចនៅទំនុកទីពីរដែរ។ យើងអាចឃើញជាក់ស្តែងដោយការប្រៀបធៀបទំនុកដំកើង ២:៧ ជាមួយនឹងកិច្ចការ ១៣:៣២, ៣៣ ហើយហេព្រើរ ១:៥; ៥:៥។ ព្រមទាំងសូមមើលទំនុកដំកើង ២:៩និងវិវរណៈ ២:២៧។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើសាសន៍ទាំងឡាយ«រអ៊ូរទាំដោយឥតខ្លឹមសារ»អំពីអ្វី?
• ហេតុអ្វីក៏ព្រះយេហូវ៉ាចំអកឲ្យសាសន៍ទាំងឡាយ?
• តើច្បាប់អ្វីរបស់ព្រះដែលប្រឆាំងនឹងសាសន៍ទាំងឡាយ?
• តើការ«ថើបព្រះរាជបុត្រា»មានន័យយ៉ាងណា?
[រូបភាពនៅទំព័រ២៦]
ព្រះគ្រីស្ទបានតាំងឡើងជាស្តេចនៅភ្នំស៊ីយ៉ូនឯស្ថានសួគ៌