«តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា?»
«‹តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា ដើម្បីអាចណែនាំលោកបាន?› តែយើងមានចិត្តគំនិតរបស់គ្រិស្តវិញ»។—១កូ. ២:១៦
១, ២. (ក) តើមនុស្សជាច្រើនប្រឈមមុខការពិបាកអ្វី? (ខ) តើយើងត្រូវចាំអ្វីខ្លះស្តីអំពីគំនិតរបស់យើងនិងគំនិតរបស់ព្រះយេហូវ៉ា?
តើអ្នកធ្លាប់ពិបាកយល់ពីមូលហេតុដែលអ្នកឯទៀតគិតធ្វើអ្វីមួយឬទេ? ឧទាហរណ៍ ប្រហែលអ្នកទើបតែរៀបការ ហើយធ្លាប់និយាយថា៖ «ខ្ញុំមិនយល់សោះអំពីមូលហេតុដែលគូរបស់ខ្ញុំគិតដូច្នោះ»។ ពិតមែន បុរសនិងស្ត្រីគិត ថែមទាំងមានរបៀបបញ្ចេញមតិយោបល់ផ្សេងពីគ្នា។ នៅប្រទេសខ្លះ សូម្បីតែមានភាសាតែមួយក្ដី បុរសនិងស្ត្រីប្រើពាក្យពេចន៍ខុសពីគ្នា! បន្ថែមទៅទៀត ភាពខុសគ្នារវាងវប្បធម៌និងភាសាក៏អាចបណ្ដាលឲ្យមានការគិតគូរនិងការប្រព្រឹត្តខុសៗគ្នាដែរ។ ក៏ប៉ុន្តែ កាលណាយើងស្គាល់អ្នកឯទៀតកាន់តែច្បាស់ យើងមានឱកាសកាន់តែច្រើនដើម្បីចាប់ផ្ដើមយល់គំនិតរបស់គាត់។
២ ហេតុនេះ យើងមិនគួរភ្ញាក់ផ្អើលឡើយដោយដឹងថា គំនិតរបស់យើងគឺខុសគ្នាឆ្ងាយណាស់ពីគំនិតរបស់ព្រះយេហូវ៉ា។ តាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយម្នាក់របស់លោក ព្រះយេហូវ៉ាបានប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ «គំនិតអញមិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ»។ បន្ទាប់មក ព្រះយេហូវ៉ាបានលើកឧទាហរណ៍ដើម្បីបញ្ជាក់ចំណុចនេះ ដោយមានប្រសាសន៍ថា៖ «ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ»។—អេ. ៥៥:៨, ៩
៣. យើងអាចមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ាតាមវិធីពីរយ៉ាង តើវិធីពីរនោះគឺជាអ្វី?
៣ ប៉ុន្តែ តើនេះមានន័យថាយើងមិនគួរខំប្រឹងយល់របៀបគិតគូររបស់ព្រះយេហូវ៉ាឬ? មិនមែនទេ។ ទោះបីយើងមិនអាចយល់យ៉ាងពេញលេញនូវគំនិតទាំងអស់របស់ព្រះយេហូវ៉ាក៏ដោយ គម្ពីរនៅតែលើកទឹកចិត្តយើងឲ្យមាន«សេចក្ដីមេត្រីមិត្ត»ឬភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ២៥:១៤; សុភាសិត ៣:៣២) វិធីមួយដែលយើងអាចចូលទៅជិតព្រះយេហូវ៉ាគឺដោយយកចិត្តទុកដាក់នឹងសកម្មភាពរបស់លោក ដែលបានកត់ទុកក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក។ (ទំនុក. ២៨:៥) វិធីមួយទៀតគឺដោយស្គាល់«ចិត្តគំនិតរបស់គ្រិស្ត»ដែល‹មានលក្ខណៈដូចគ្នាទាំងស្រុងនឹងព្រះដែលយើងមើលមិនឃើញ›។ (១កូ. ២:១៦; កូឡ. ១:១៥) បើយើងចំណាយពេលសិក្សាកំណត់ហេតុគម្ពីរ ហើយរំពឹងគិតអំពីកំណត់ហេតុទាំងនោះ យើងអាចចាប់ផ្ដើមយល់អំពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា និងអំពីរបៀបគិតគូររបស់លោក។
ប្រយ័ត្នមិនឲ្យមានទំនោរចិត្តមួយដែលមិនត្រឹមត្រូវ
៤, ៥. (ក) តើយើងមិនត្រូវមានទំនោរចិត្តអ្វី? សូមពន្យល់។ (ខ) តើជនជាតិអ៊ីស្រាអែលគិតខុសយ៉ាងណា?
៤ កាលដែលយើងរំពឹងគិតអំពីសកម្មភាពរបស់ព្រះយេហូវ៉ា យើងមិនត្រូវមានទំនោរចិត្តវិនិច្ឆ័យព្រះតាមខ្នាតតម្រារបស់មនុស្សទេ។ បណ្ដាំរបស់ព្រះយេហូវ៉ាបានបង្ហើបឲ្យដឹងអំពីទំនោរចិត្តនេះ នៅទំនុកតម្កើង ៥០:២១ ដោយថា៖ «ឯងបានគិតស្មានថា អញដូចឯង»។ នេះគឺដូចនឹងអ្វីដែលបណ្ឌិតម្នាក់ខាងគម្ពីរបានពោលជាង១៧៥ឆ្នាំមុន ដែលថា៖ «មនុស្សមានទំនោរចិត្តវិនិច្ឆ័យព្រះតាមខ្នាតតម្រារបស់ខ្លួន ហើយច្បាប់ដែលគេគិតថាមនុស្សត្រូវធ្វើតាម គេស្មានថាព្រះត្រូវធ្វើតាមច្បាប់នោះដែរ»។
៥ យើងត្រូវប្រយ័ត្នមិនឲ្យសេចក្ដីប៉ងប្រាថ្នានិងខ្នាតតម្រារបស់យើងមានឥទ្ធិពលទៅលើទស្សនៈរបស់យើងចំពោះព្រះយេហូវ៉ាឡើយ។ ហេតុអ្វីសំខាន់ឲ្យយើងប្រយ័ត្នមិនធ្វើដូច្នេះ? ពីព្រោះពេលយើងសិក្សាបទគម្ពីរ យើងប្រហែលជាគិតថា ការប្រព្រឹត្តខ្លះរបស់ព្រះយេហូវ៉ាមិនសូវត្រឹមត្រូវទេ។ នេះដោយសារទស្សនៈរបស់យើងមិនល្អឥតខ្ចោះ ហើយការយល់ដឹងរបស់យើងមានកម្រិត។ ជនជាតិអ៊ីស្រាអែលពីសម័យបុរាណធ្លាប់មានគំនិតបែបនេះ ហើយបានសន្និដ្ឋានខុសស្តីអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ាចំពោះពួកគេ។ សូមកត់សម្គាល់អ្វីដែលព្រះយេហូវ៉ាមានប្រសាសន៍ទៅពួកគេថា៖ «អ្នករាល់គ្នាពោលថា ‹ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!›។ ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ»។—អេគ. ១៨:២៥, ខ.ស.
៦. តើយ៉ូបបានរៀនមេរៀនអ្វី? តើយើងអាចទទួលប្រយោជន៍យ៉ាងដូចម្ដេចពីបទពិសោធន៍របស់គាត់?
៦ អ្វីមួយដែលអាចជួយយើងមិនឲ្យវិនិច្ឆ័យព្រះយេហូវ៉ាតាមខ្នាតតម្រារបស់យើង គឺឲ្យយើងទទួលស្គាល់ថាការយល់ដឹងរបស់យើងមានកម្រិត ហើយជួនកាលយើងមានទស្សនៈខុសឆ្ងាយពីការពិត។ យ៉ូបបានរៀនមេរៀននេះ។ ក្នុងអំឡុងពេលដែលគាត់រងទុក្ខ យ៉ូបអស់សង្ឃឹម ហើយបានចាប់គិតអំពីខ្លួនគាត់វិញ។ គាត់លែងគិតអំពីរឿងដែលសំខាន់ជាងបញ្ហារបស់គាត់ទៀត។ ប៉ុន្តែ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានជួយគាត់ឲ្យមានទស្សនៈទូលំទូលាយវិញ។ លោកបានសួរយ៉ូបនូវសំណួរជាង៧០ខុសៗពីគ្នាដែលយ៉ូបមិនអាចឆ្លើយបានមួយទេ ហើយដោយធ្វើដូច្នេះ ព្រះយេហូវ៉ាបានបញ្ជាក់ថា ការយល់ដឹងរបស់យ៉ូបមានកម្រិត។ ក្រោយពីនេះ យ៉ូបបានប្រព្រឹត្តដោយចិត្តរាបទាប ហើយបានផ្លាស់ប្ដូរទស្សនៈរបស់គាត់។—សូមអាន យ៉ូប ៤២:១-៦
ការមាន«ចិត្តគំនិតរបស់គ្រិស្ត»
៧. បើយើងពិនិត្យមើលសកម្មភាពរបស់លោកយេស៊ូ ហេតុអ្វីនេះជួយយើងឲ្យយល់របៀបគិតគូររបស់ព្រះយេហូវ៉ា?
៧ ក្នុងការអ្វីៗទាំងអស់ដែលលោកយេស៊ូបានមានប្រសាសន៍និងប្រព្រឹត្ត លោកបានយកតម្រាប់តាមបិតារបស់លោកនៅស្ថានសួគ៌បានយ៉ាងល្អឥតខ្ចោះ។ (យ៉ូន. ១៤:៩) ហេតុនេះ ការពិនិត្យមើលសកម្មភាពរបស់លោកយេស៊ូជួយយើងឲ្យយល់របៀបគិតគូររបស់ព្រះយេហូវ៉ា។ (រ៉ូម ១៥:៥; ភី. ២:៥) ដូច្នេះ សូមឲ្យយើងពិនិត្យមើលកំណត់ហេតុពីរដែលបានកត់ទុកក្នុងសៀវភៅដំណឹងល្អ។
៨, ៩. ដូចបានកត់ទុកនៅយ៉ូហាន ៦:១-៥ តើមានបញ្ហាអ្វីដែលបណ្ដាលឲ្យលោកយេស៊ូសួរសំណួរមួយទៅភីលីព? ហេតុអ្វីបានជាលោកយេស៊ូសួរសំណួរនោះ?
៨ សូមនឹកគិតក្នុងចិត្តថា ជិតដល់ពេលធ្វើបុណ្យរំលង នាឆ្នាំ៣២ គ.ស.។ ពួកសាវ័ករបស់លោកយេស៊ូទើបនឹងត្រឡប់មកពីធ្វើដំណើរផ្សព្វផ្សាយពាសពេញស្រុកកាលីឡេ។ ដោយសារពួកគេអស់កម្លាំង លោកយេស៊ូបានយកពួកគេទៅកន្លែងដាច់ស្រយាលមួយនៅទិសខាងជើងឆៀងខាងកើតនៃសមុទ្រកាលីឡេ។ ប៉ុន្តែមនុស្សរាប់ពាន់នាក់បានតាមពួកគាត់ទៅទីនោះ។ ដូច្នេះ លោកយេស៊ូបានធ្វើឲ្យមនុស្សច្រើននាក់ជាសះស្បើយ ហើយបង្រៀនពួកគេនូវអ្វីៗជាច្រើន តែក្រោយមកពួកគេជួបប្រទះបញ្ហាមួយ។ តើមនុស្សរាប់ពាន់នាក់ទាំងនេះនឹងបានអ្វីបរិភោគនៅកន្លែងដែលដាច់ស្រយាលនោះ? លោកយេស៊ូបានកត់សម្គាល់អំពីសេចក្ដីត្រូវការនេះ ហើយសួរភីលីពដែលធ្លាប់រស់នៅតំបន់នោះថា៖ «តើយើងនឹងទិញនំប៉័ងពីកន្លែងណាឲ្យមនុស្សទាំងនេះបរិភោគ?»។—យ៉ូន. ៦:១-៥
៩ ហេតុអ្វីបានជាលោកយេស៊ូសួរភីលីពសំណួរនេះ? តើលោកបារម្ភដោយមិនដឹងថាលោកត្រូវធ្វើអ្វីឬ? មិនមែនទេ។ បើដូច្នេះ តើលោកបានគិតអំពីអ្វីខ្លះពេលលោកសួរសំណួរនោះ? សាវ័កយ៉ូហានដែលមានវត្តមាននៅទីនោះ បានពន្យល់ថា៖ «លោក[យេស៊ូ]មានប្រសាសន៍ដូច្នេះ ដើម្បីសាកល្បងគាត់ ព្រោះលោកដឹងរួចហើយថាលោកហៀបនឹងធ្វើអ្វី»។ (យ៉ូន. ៦:៦) ក្នុងករណីនេះ លោកយេស៊ូបានសាកល្បងជំនឿរបស់អ្នកកាន់តាមលោកដើម្បីឲ្យដឹងថា ជំនឿរបស់ពួកគេបានចម្រើនឡើងយ៉ាងណា។ ដោយសួរសំណួរនេះ លោកបានដាស់សតិពួកគេ ហើយហុចឱកាសឲ្យពួកគេបង្ហាញជំនឿទៅលើសមត្ថភាពរបស់លោក។ ប៉ុន្តែ ពួកគេមិនបានឆ្លៀតយកឱកាសនេះដើម្បីបង្ហាញជំនឿនោះទេ ហើយពួកគេបានបង្ហាញថា ការយល់ដឹងរបស់ពួកគេពិតជាមានកម្រិតមែន។ (សូមអាន យ៉ូហាន ៦:៧-៩) ក្រោយមក លោកយេស៊ូបានបង្ហាញថាលោកអាចធ្វើអ្វីដែលពួកគេនឹកស្មានមិនដល់។ លោកបានធ្វើការអស្ចារ្យដោយផ្ដល់អាហារដល់មនុស្សរាប់ពាន់នាក់ទាំងនោះដែលឃ្លាន។—យ៉ូន. ៦:១០-១៣
១០-១២. (ក) លោកយេស៊ូមិនបានធ្វើតាមភ្លាមៗនូវសំណូមពររបស់ស្ត្រីជនជាតិក្រិចទេ តើប្រហែលជាមានមូលហេតុអ្វី? សូមពន្យល់។ (ខ) ឥឡូវនេះ តើយើងនឹងពិចារណាអំពីអ្វី?
១០ កំណត់ហេតុនេះអាចជួយយើងឲ្យយល់អំពីគំនិតរបស់លោកយេស៊ូក្នុងករណីផ្សេងទៀត។ មិនយូរប៉ុន្មានក្រោយលោកផ្ដល់អាហារដល់មនុស្សមួយក្រុមធំនោះ លោកយេស៊ូនិងពួកសាវ័ករបស់លោកបានធ្វើដំណើរឆ្ពោះទៅទិសខាងជើងហួសព្រំដែនអ៊ីស្រាអែលរហូតដល់ជាយក្រុងទីរ៉ុសនិងស៊ីដូន។ នៅក្រុងនោះ ពួកគេបានជួបស្ត្រីជនជាតិក្រិចម្នាក់ដែលអង្វរសុំលោកយេស៊ូធ្វើឲ្យកូនស្រីគាត់ជាសះស្បើយ។ ដំបូង លោកយេស៊ូមិនអើពើនឹងគាត់ទេ។ ប៉ុន្តែពេលគាត់សុំម្ដងហើយម្ដងទៀត នោះលោកយេស៊ូបានមានប្រសាសន៍ទៅគាត់ថា៖ «ត្រូវឲ្យកូនក្មេងបរិភោគឆ្អែតជាមុនសិន ព្រោះគឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។—ម៉ាក. ៧:២៤-២៧
១១ ហេតុអ្វីនៅដើមដំបូងលោកយេស៊ូមិនព្រមជួយស្ត្រីនេះ? ដូចលោកបានសាកល្បងភីលីព តើលោកយេស៊ូចង់សាកល្បងស្ត្រីនេះដើម្បីដឹងថាគាត់នឹងមានប្រតិកម្មយ៉ាងណាឬ? តើលោកចង់ហុចឱកាសឲ្យគាត់បង្ហាញជំនឿរបស់គាត់ឬ? របៀបដែលលោកមានប្រសាសន៍ទៅគាត់មិនបានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តឡើយ ទោះជាបទគម្ពីរមិនបានបញ្ជាក់ក៏ដោយ។ លោកបានធ្វើឲ្យការប្រៀបធៀបរបស់លោកមិនខ្លាំងពេកដោយប្រើពាក្យ«ឆ្កែតូចៗ»។ ដូច្នេះលោកយេស៊ូបានធ្វើដូចឪពុកម្ដាយដែលចង់ធ្វើតាមសំណូមពររបស់កូន តែធ្វើមិនឲ្យកូនដឹងថាពួកគាត់ចង់ធ្វើដូច្នោះទេ ដើម្បីសាកល្បងថាកូនពិតជាចង់បានឬមិនចង់បានអ្វីដែលកូនសុំ។ ទោះបីលោកបានធ្វើដូច្នេះដោយសារមូលហេតុណាក៏ដោយ នៅពេលដែលគាត់បានសម្ដែងជំនឿរបស់គាត់ លោកយេស៊ូស្ម័គ្រចិត្តធ្វើតាមសំណូមពររបស់គាត់។—សូមអាន ម៉ាកុស ៧:២៨-៣០
១២ កំណត់ហេតុទាំងពីរនេះនៅសៀវភៅដំណឹងល្អជួយយើងឲ្យយល់ធ្លុះនូវ«ចិត្តគំនិតរបស់គ្រិស្ត»។ ឥឡូវចូរយើងពិនិត្យមើលនូវរបៀបដែលកំណត់ហេតុទាំងនេះអាចជួយយើងឲ្យយល់កាន់តែច្បាស់នូវគំនិតរបស់ព្រះយេហូវ៉ា។
ការសន្ទនារវាងព្រះយេហូវ៉ានិងម៉ូសេ
១៣. តើការយល់ដឹងអំពីរបៀបគិតគូររបស់លោកយេស៊ូជួយយើងយ៉ាងដូចម្ដេច?
១៣ ការយល់ដឹងអំពីរបៀបគិតគូររបស់លោកយេស៊ូជួយយើងឲ្យយល់ខគម្ពីរដែលប្រហែលជាពិបាកយល់។ ជាឧទាហរណ៍ សូមគិតអំពីប្រសាសន៍របស់ព្រះយេហូវ៉ាទៅម៉ូសេ ក្រោយបណ្ដាជនអ៊ីស្រាអែលបានធ្វើកូនគោមាសមួយដើម្បីគោរពបូជា។ ព្រះបានមានប្រសាសន៍ថា៖ «អញឃើញបណ្ដាជននេះ ថាជាពួកមនុស្សមានក្បាលរឹង ដូច្នេះទុកឲ្យអញឥឡូវចុះ ឲ្យសេចក្ដីក្រោធរបស់អញបានឆេះក្ដៅឡើងទាស់នឹងគេ អញនឹងបំផ្លាញគេឲ្យសូន្យទៅ ហើយនឹងបង្កើតនគរ១យ៉ាងធំពីឯងវិញ»។—និក្ខ. ៣២:៩, ១០
១៤. តើម៉ូសេមានប្រតិកម្មយ៉ាងណា ចំពោះពាក្យសម្ដីរបស់ព្រះយេហូវ៉ាទៅកាន់គាត់?
១៤ កំណត់ហេតុនោះបន្តចែងថា៖ «ម៉ូសេទូលអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោកថា ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់មានសេចក្ដីក្រោធក្ដៅឡើងទាស់នឹងរាស្ត្រទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមកដោយព្រះចេស្ដាដ៏ធំ ហើយដោយព្រះហស្តខ្លាំងពូកែដូច្នេះ ហេតុអ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យតំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅដើម្បីនឹងសំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ សូមទ្រង់បង្វែរសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ហើយប្រែព្រះហឫទ័យដែលទ្រង់បានគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយនោះចេញ សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាកហើយនឹងអ៊ីស្រាអែលជាអ្នកបំរើទ្រង់ ដែលទ្រង់បានស្បថនឹងអ្នកទាំងនោះ ដោយព្រះអង្គទ្រង់ថា‹អញនឹងចំរើនពូជឯងឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលអញបានសន្យានឹងឯងថា នឹងឲ្យដល់ពូជឯងឲ្យគេបានទទួលទុកជាមរដកជារៀងរាបតទៅ› នោះព្រះយេហូវ៉ាទ្រង់ក៏ប្រែព្រះហឫទ័យ លែងគិតធ្វើឲ្យរាស្ត្ររបស់ទ្រង់អន្តរាយចេញទៅ»។—និក្ខ. ៣២:១១-១៤a
១៥, ១៦. (ក) ដោយសារអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេ តើនេះផ្ដល់ឱកាសឲ្យគាត់ធ្វើអ្វី? (ខ) តើព្រះយេហូវ៉ា«ប្រែព្រះហឫទ័យ»ក្នុងន័យអ្វី?
១៥ តើពិតជាចាំបាច់ឲ្យម៉ូសេកែតម្រង់គំនិតរបស់ព្រះយេហូវ៉ាឬ? មិនចាំបាច់ទេ! ទោះជាព្រះយេហូវ៉ាបានប្រាប់ពីអ្វីដែលលោកទំនងជាធ្វើក៏ដោយ តែនេះមិនមែនជាការសម្រេចចិត្តចុងក្រោយរបស់លោកឡើយ។ តាមពិត ក្នុងករណីនេះ ព្រះយេហូវ៉ាបានសាកល្បងម៉ូសេ ដូចលោកយេស៊ូបានធ្វើច្រើនឆ្នាំក្រោយមក ពេលលោកសាកល្បងភីលីពនិងស្ត្រីជនជាតិក្រិច។ ព្រះយេហូវ៉ាបានផ្ដល់ឱកាសឲ្យម៉ូសេប្រាប់ពីទស្សនៈរបស់គាត់។b ព្រះយេហូវ៉ាបានតែងតាំងម៉ូសេជាអ្នកសម្រុះសម្រួលរវាងបណ្ដាជនអ៊ីស្រាអែលនិងលោក ហើយលោកចង់ធ្វើតាមការតែងតាំងនោះ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាចង់ដឹងថា តើការក្ដៅចិត្តរបស់ម៉ូសេនឹងមានឥទ្ធិពលទៅលើការប្រព្រឹត្តរបស់គាត់ឬទេ? តើគាត់នឹងឆ្លៀតយកឱកាសនេះដើម្បីលើកទឹកចិត្តព្រះយេហូវ៉ាឲ្យបំភ្លេចបណ្ដាជនអ៊ីស្រាអែល ហើយឲ្យលោកបង្កើតឲ្យមានប្រជាជាតិដ៏ខ្លាំងក្លាមួយពីកូនចៅរបស់គាត់ឬទេ?
១៦ ការតបឆ្លើយរបស់ម៉ូសេបង្ហាញជំនឿនិងទំនុកចិត្តរបស់គាត់ទៅលើយុត្ដិធម៌របស់ព្រះយេហូវ៉ា។ ប្រតិកម្មរបស់គាត់បង្ហាញថា គាត់មិនមែនគិតតែពីប្រយោជន៍របស់ខ្លួនទេ តែគាត់ខ្វល់ខ្វាយអំពីនាមរបស់ព្រះយេហូវ៉ាវិញ។ គាត់មិនចង់ឲ្យគេបង្ខូចនាមរបស់លោកឡើយ។ ហេតុនេះ ម៉ូសេបង្ហាញថាគាត់យល់«គំនិតរបស់ព្រះយេហូវ៉ា»ស្តីអំពីរឿងនេះ។ (១កូ. ២:១៦) តើមានលទ្ធផលអ្វី? ដោយសារព្រះយេហូវ៉ាមិនបានតាំងចិត្តយ៉ាងដាច់ខាតចំពោះការសម្រេចចិត្តណាមួយទេ នោះគម្ពីរចែងថាលោកបាន«ប្រែព្រះហឫទ័យ»។ នៅភាសាហេប្រឺ ឃ្លានេះគ្រាន់តែមានន័យថា ព្រះយេហូវ៉ាមិនបានបំផ្លាញចោលប្រជាជាតិអ៊ីស្រាអែលទាំងមូល ដូចលោកបានប្រាប់ថាលោកទំនងជាធ្វើនោះទេ។
ការសន្ទនារវាងព្រះយេហូវ៉ានិងអាប្រាហាំ
១៧. តើព្រះយេហូវ៉ាបានបង្ហាញចិត្តអត់ធ្មត់ដ៏អស្ចារ្យយ៉ាងដូចម្ដេចចំពោះកង្វល់របស់អាប្រាហាំ?
១៧ សំណូមពររបស់អាប្រាហាំស្តីអំពីក្រុងសូដុមជាឧទាហរណ៍មួយទៀត ដែលជួយយើងយល់អំពីរបៀបដែលព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យអ្នកបម្រើរបស់លោកបង្ហាញជំនឿនិងទំនុកចិត្តរបស់ខ្លួន។ ក្នុងកំណត់ហេតុនោះ ព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់ដ៏អស្ចារ្យដោយឲ្យអាប្រាហាំសួរសំណួរ៨បន្តបន្ទាប់គ្នា។ ក្នុងអំឡុងពេលសួរសំណួរទាំងនោះ អាប្រាហាំបានអង្វរសុំព្រះអស់ពីចិត្តថា៖ «មិនគួរគប្បីឲ្យទ្រង់ប្រព្រឹត្តដូច្នោះ នឹងសំឡាប់មនុស្សសុចរិតជាមួយនឹងមនុស្សអាក្រក់នោះទេ យ៉ាងនោះឈ្មោះថាធ្វើឲ្យមនុស្សសុចរិតបានដូចជាមនុស្សអាក្រក់ដែរ សូមកុំឲ្យទ្រង់ធ្វើដូច្នោះឡើយ ឯព្រះដ៏ជាចៅក្រមនៃផែនដីទាំងមូល តើទ្រង់មិនត្រូវប្រព្រឹត្តដោយយុត្ដិធម៌ទេឬអី?»។—លោ. ១៨:២២-៣៣
១៨. តើយើងទាញយកមេរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អាប្រាហាំ?
១៨ ស្តីអំពីគំនិតរបស់ព្រះយេហូវ៉ា តើយើងទាញយកមេរៀនអ្វីពីកំណត់ហេតុនេះ? តើព្រះយេហូវ៉ាត្រូវការឲ្យអាប្រាហាំជជែកវែកញែករកហេតុផលជាមួយលោក ទើបលោកអាចសម្រេចចិត្តបានត្រឹមត្រូវឬ? មិនមែនទេ។ ព្រះយេហូវ៉ាអាចប្រាប់អំពីមូលហេតុនៃការសម្រេចចិត្តរបស់លោកតាំងពីដំបូងម្ល៉េះ តែលោកមិនធ្វើដូច្នេះទេ ប៉ុន្តែព្រះយេហូវ៉ាបានទុកពេលវេលាឲ្យអាប្រាហាំទទួលយកការសម្រេចចិត្តនោះ ហើយឲ្យគាត់យល់គំនិតរបស់លោក ដោយឲ្យអាប្រាហាំសួរសំណួរទាំងនោះ។ ម្យ៉ាងទៀត នេះក៏អនុញ្ញាតឲ្យអាប្រាហាំយល់ផងដែរអំពីជម្រៅនៃសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌របស់ព្រះយេហូវ៉ា។ ត្រូវហើយ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អាប្រាហាំដូចជាសម្លាញ់របស់លោក។—អេ. ៤១:៨; យ៉ា. ២:២៣
មេរៀនសម្រាប់យើង
១៩. តើយើងអាចយកតម្រាប់តាមយ៉ូបយ៉ាងដូចម្ដេច?
១៩ តើយើងបានរៀនអ្វីខ្លះអំពី«គំនិតរបស់ព្រះយេហូវ៉ា»? យើងបានរៀនថា យើងត្រូវឲ្យបណ្ដាំរបស់ព្រះកែតម្រង់ការយល់ដឹងរបស់យើងអំពីគំនិតរបស់ព្រះយេហូវ៉ា។ យើងមិនគួរវិនិច្ឆ័យព្រះយេហូវ៉ាតាមទស្សនៈ ខ្នាតតម្រានិងគំនិតរបស់យើងដែលមានកម្រិតឡើយ។ យ៉ូបបានស្រដីថា៖ «ព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្ដីនោះទេ»។ (យ៉ូប ៩:៣២) ដូចយ៉ូប កាលដែលយើងចាប់ផ្ដើមយល់គំនិតរបស់ព្រះយេហូវ៉ា នេះនឹងជំរុញទឹកចិត្តយើងឲ្យឧទានថា៖ «មើល! ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ ហើយយើងឮនិយាយពីទ្រង់ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ទ្រង់ នោះតើអ្នកណានឹងយល់បាន?»។—យ៉ូប ២៦:១៤
២០. តើគប្បីឲ្យយើងធ្វើអ្វីបើយើងអានខគម្ពីរដែលពិបាកយល់?
២០ ពេលយើងអានបទគម្ពីរ តើគប្បីឲ្យយើងធ្វើអ្វីបើយើងប្រទះខគម្ពីរដែលពិបាកយល់ ជាពិសេសស្តីអំពីគំនិតរបស់ព្រះយេហូវ៉ា? យើងត្រូវស្រាវជ្រាវព័ត៌មាននោះ ហើយក្រោយមក បើយើងនៅតែមិនយល់ច្បាស់អំពីរឿងនោះ យើងអាចចាត់ទុកថានេះជាការល្បងលមួយចំពោះការទុកចិត្តរបស់យើងលើព្រះយេហូវ៉ា។ សូមចាំថា ជួនកាលខគម្ពីរខ្លះធ្វើឲ្យយើងមានឱកាសបង្ហាញជំនឿរបស់យើងទៅលើគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ សូមឲ្យយើងទទួលស្គាល់ដោយចិត្តរាបទាបថា យើងមិនអាចយល់ការប្រព្រឹត្តទាំងអស់របស់ព្រះបានឡើយ។ (សាស្ដ. ១១:៥) ដូច្នេះ យើងនឹងយល់ស្របនឹងពាក្យទាំងនេះរបស់សាវ័កប៉ូលដែលថា៖ «ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ! ព្រោះ‹តើអ្នកណាស្គាល់គំនិតរបស់ព្រះយេហូវ៉ា? ឬអ្នកណាជាទីប្រឹក្សារបស់លោក?› ឬ‹តើអ្នកណាបានជូនអ្វីមួយទៅលោកមុន ដើម្បីឲ្យលោកត្រូវសងអ្នកនោះវិញ?› ពីព្រោះអ្វីៗទាំងអស់កើតមកពីលោក មាននៅដោយសារលោក ហើយគឺសម្រាប់លោក។ សូមឲ្យលោកមានសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន»។—រ៉ូម ១១:៣៣-៣៦
[កំណត់សម្គាល់]
a សៀវភៅជនគណនា ១៤:១១-២០ មានកំណត់ហេតុដែលស្រដៀងគ្នានឹងកំណត់ហេតុនេះ។
b ប្រយោគភាសាហេប្រឺដែលបានត្រូវបកប្រែថា«ទុកឲ្យអញ»នៅនិក្ខមនំ ៣២:១០ ជាប្រយោគមួយដែលពិបាកបកប្រែណាស់។ ប៉ុន្តែយោងទៅតាមបណ្ឌិតខ្លះ ប្រយោគនេះអាចយល់ថា ជាសេចក្ដីអញ្ជើញឬការណែនាំឲ្យម៉ូសេអង្វរព្រះយេហូវ៉ាឬឲ្យ«ឈរនៅចន្លោះ»រវាងព្រះយេហូវ៉ានិងប្រជាជាតិនោះ។ (ទំនុក. ១០៦:២៣; អេស. ២២:៣០) ទោះជាយ៉ាងនោះក្ដី ម៉ូសេពិតជាមានអារម្មណ៍ស្រួលជាមួយព្រះយេហូវ៉ា ហើយប្រាប់លោកត្រង់ៗអំពីទស្សនៈរបស់គាត់។
តើអ្នកចាំឬទេ?
• តើអ្វីនឹងជួយយើងមិនឲ្យមានទំនោរចិត្តវិនិច្ឆ័យព្រះយេហូវ៉ាតាមខ្នាតតម្រារបស់យើង?
• តើការយល់ដឹងអំពីការប្រព្រឹត្តរបស់លោកយេស៊ូជួយយើងយ៉ាងដូចម្ដេចឲ្យមានភាពស្និទ្ធស្នាលជាមួយព្រះយេហូវ៉ា?
• តើអ្នកបានទាញមេរៀនអ្វីខ្លះពីការសន្ទនារបស់ព្រះយេហូវ៉ាជាមួយម៉ូសេនិងជាមួយអាប្រាហាំ?
[រូបភាពនៅទំព័រ១៦]
ស្តីអំពីគំនិតរបស់ព្រះយេហូវ៉ា តើយើងរៀនអ្វីខ្លះពីការសន្ទនារបស់លោកជាមួយម៉ូសេនិងជាមួយអាប្រាហាំ?