តើនរណាអាចសង្គ្រោះពួកអ្នកដែលស្រែករកគេជួយ?
«ឱព្រះអង្គអើយ សូមទ្រង់ប្រទានបញ្ញត្ដិច្បាប់នៃទ្រង់មកទូលបង្គំជាស្តេច . . . ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ[ឬ«សង្គ្រោះអ្នកក្រីក្រដែលស្រែករកគេជួយ»]។—ទំនុក. ៧២:១, ១២; ព.ថ.
១. ក្នុងករណីរបស់ដាវីឌ តើយើងទាញមេរៀនអ្វីអំពីសេចក្ដីមេត្ដាករុណារបស់ព្រះ?
ស្តេចដាវីឌនៅអ៊ីស្រាអែលពីបុរាណទំនងជាអ្នកសរសេរពាក្យខាងលើនេះ ហើយពាក្យទាំងនេះពិតជាលើកទឹកចិត្តយើងណាស់!a ច្រើនឆ្នាំមុនគាត់បានសរសេរពាក្យទាំងនោះ គាត់មានវិប្បដិសារៈក្រោយគាត់បានផិតក្បត់ជាមួយនឹងនាងបាតសេបា។ នៅពេលនោះ ដាវីឌបានអង្វរព្រះថា៖ «សូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្ដាករុណាដ៏បរិបូររបស់ទ្រង់ . . . ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច . . . មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្ដាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ»។ (ទំនុក. ៥១:១-៥) ដោយមានចិត្តមេត្ដាករុណា ព្រះយេហូវ៉ាយល់អំពីភាពខុសឆ្គងរបស់យើងដែលយើងទទួលពីអាដាមនិងអេវ៉ា។
២. តើទំនុកតម្កើងទី៧២អាចជួយយើងយ៉ាងណា?
២ ព្រះយេហូវ៉ាយល់ថាយើងស្ថិតក្នុងស្ថានភាពដែលគួរឲ្យសង្វេគ។ ប៉ុន្តែ ដូចបានទាយទុក ស្តេចដែលព្រះបានរើសតាំង«នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ[ឬ«សង្គ្រោះអ្នកក្រីក្រដែលស្រែករកគេជួយ»] ព្រមទាំងពួកកំសត់ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដាដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង»។ (ទំនុក. ៧២:១២, ១៣; ព.ថ.) តើស្តេចនេះនឹងធ្វើឲ្យមានការធូរស្បើយយ៉ាងណា? ទំនុកតម្កើងទី៧២ប្រាប់នូវចម្លើយ។ ទំនុកនេះបានរៀបរាប់អំពីការគ្រប់គ្រងរបស់សាឡូម៉ូនដែលជាបុត្ររបស់ដាវីឌ ហើយបានបង្ហាញឲ្យឃើញទុកជាមុននូវរបៀបដែលការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្តដែលជាបុត្រព្រះ នឹងធ្វើឲ្យមនុស្សជាតិលែងមានទុក្ខលំបាកទៀត។
ការគ្រប់គ្រងរបស់សាឡូម៉ូនបង្ហាញឲ្យឃើញទុកជាមុននូវការគ្រប់គ្រងរបស់គ្រិស្ត
៣. តើសាឡូម៉ូនបានសុំអ្វីពីព្រះ? តើព្រះបានឲ្យអ្វីដល់គាត់?
៣ ក្រោយពីបង្គាប់គេឲ្យតែងតាំងសាឡូម៉ូនជាស្តេច ដាវីឌដែលមានវ័យចាស់បានឲ្យការណែនាំយ៉ាងចំៗដល់សាឡូម៉ូន។ សាឡូម៉ូនបានធ្វើតាមការណែនាំទាំងអស់ដែលគាត់បានទទួល។ (១ព. ១:៣២-៣៥; ២:១-៣) ក្រោយមកព្រះយេហូវ៉ាបានលេចមកឲ្យសាឡូម៉ូនឃើញក្នុងសុបិន ហើយមានប្រសាសន៍ថា៖ «ចូរសូមអ្វីដែលចង់ឲ្យអញប្រទានដល់ឯងចុះ»។ សាឡូម៉ូនសុំអ្វីតែមួយទេ ដោយពោលថា៖ «សូមទ្រង់ប្រទានឲ្យទូលបង្គំជាបាវបំរើទ្រង់ មានចិត្តប្រកបដោយប្រាជ្ញាដើម្បីនឹងគ្រប់គ្រងលើរាស្ត្រទ្រង់ ប្រយោជន៍ឲ្យទូលបង្គំបានពិចារណាដឹងខុសត្រូវ»។ ដោយសារសំណូមពររបស់សាឡូម៉ូនបង្ហាញថាគាត់មានចិត្តរាបទាប នោះព្រះបានឲ្យអ្វីដែលគាត់បានសុំ ថែមទាំងអ្វីៗជាច្រើនទៀត។—១ព. ៣:៥, ៩-១៣
៤. តើមហាក្សត្រីស្រុកសេបាបានពណ៌នាយ៉ាងណាអំពីការគ្រប់គ្រងរបស់សាឡូម៉ូន?
៤ ដោយទទួលពរពីព្រះយេហូវ៉ា ការគ្រប់គ្រងរបស់សាឡូម៉ូនមានសន្ដិភាពនិងភាពសម្បូរសប្បាយដ៏អស្ចារ្យ ដែលមិនធ្លាប់មានក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលណាមួយរបស់មនុស្សឡើយ។ (១ព. ៤:២៥) ក្នុងចំណោមពួកអ្នកដែលមកមើលរបៀបដែលសាឡូម៉ូនគ្រប់គ្រង មានមហាក្សត្រីស្រុកសេបា និងពួកអ្នកហែហមជាច្រើនរបស់គាត់។ គាត់បានប្រាប់សាឡូម៉ូនថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ . . . នោះក៏ពិតប្រាកដមែន . . . ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្ដាលផង គឺប្រាជ្ញានឹងសេចក្ដីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្ដិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត»។ (១ព. ១០:១, ៦, ៧) ក៏ប៉ុន្តែ លោកយេស៊ូមានប្រាជ្ញាច្រើនជាងនេះទៅទៀត ហើយលោកអាចមានប្រសាសន៍យ៉ាងត្រឹមត្រូវអំពីខ្លួនលោកថា៖ «មើល! អ្នកដែលធំជាងសាឡូម៉ូនគឺនៅទីនេះហើយ»។—ម៉ាថ. ១២:៤២
លោកយេស៊ូដែលឧត្តមជាងសាឡូម៉ូនបានធ្វើឲ្យមានការធូរស្បើយ
៥. តើទំនុកតម្កើងទី៧២បញ្ជាក់ពីអ្វី? ហើយតើទំនុកនេះបង្ហាញឲ្យឃើញអ្វីទុកជាមុន?
៥ ឥឡូវសូមឲ្យយើងពិនិត្យមើលលក្ខណៈផ្សេងៗនៃទំនុកតម្កើងទី៧២ ក្នុងគោលបំណងរៀនអំពីពរដែលមានក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្តដែលឧត្តមជាងសាឡូម៉ូន។ (សូមអាន ទំនុកតម្កើង ៧២:១-៤) ទំនុកនេះបញ្ជាក់ពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះ«ការគ្រប់គ្រង»របស់បុត្រលោក គឺលោកយេស៊ូគ្រិស្តដែលជា«ម្ចាស់នៃមេត្រីភាព»ឬសន្ដិភាព។ (អេ. ៩:៦, ៧) ក្រោមការដឹកនាំរបស់ព្រះ លោកយេស៊ូដែលឧត្តមជាងសាឡូម៉ូននឹង‹គ្រប់គ្រងលើពួកកំសត់ ហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រ›។ ការគ្រប់គ្រងរបស់លោកនឹងមានសន្ដិភាពនិងសេចក្ដីសុចរិត។ កាលដែលលោកយេស៊ូនៅផែនដី លោកបានបង្ហាញឲ្យឃើញទុកជាមុននូវអ្វីៗដែលការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកនឹងសម្រេច។—បប. ២០:៤
៦. តើលោកយេស៊ូបានបង្ហាញឲ្យឃើញទុកជាមុននូវពរអ្វីខ្លះដែលនឹងមានក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ?
៦ សូមពិចារណាពីសកម្មភាពខ្លះៗរបស់លោកយេស៊ូគ្រិស្តដែលបង្ហាញឲ្យយើងឃើញទុកជាមុននូវអ្វីៗដែលលោកនឹងធ្វើសម្រាប់មនុស្សជាតិ ដើម្បីសម្រេចទំនាយនៅទំនុកទី៧២។ យើងមានមូលហេតុត្រឹមត្រូវដើម្បីកោតស្ងើចសេចក្ដីអាណិតមេត្ដាដ៏ធំធេងរបស់លោកចំពោះពួកអ្នកដែលរងទុក្ខ។ (ម៉ាថ. ៩:៣៥, ៣៦; ១៥:២៩-៣១) ជាឧទាហរណ៍ បុរសម្នាក់ដែលរងទុក្ខដោយសាររោគឃ្លង់បានមកជិតលោកយេស៊ូ ហើយអង្វរថា៖ «បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។ លោកយេស៊ូតបឆ្លើយថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ រំពេចនោះ បុរសនោះបានជាស្អាត! (ម៉ាក. ១:៤០-៤២) ក្រោយមក លោកយេស៊ូបានជួបស្ត្រីម្នាក់ដែលកូនប្រុសតែមួយរបស់គាត់បានស្លាប់។ លោកយេស៊ូមាន«ចិត្តក្ដួលអាណិត» ក៏មានប្រសាសន៍ថា៖ «ចូរក្រោកឡើង!» ហើយកូនប្រុសនោះក៏ងើបឡើងមែន។ គាត់បានរស់ឡើងវិញហើយ!—លូក. ៧:១១-១៥
៧, ៨. តើលោកយេស៊ូបានធ្វើអ្វីខ្លះដែលបង្ហាញថាលោកមានឫទ្ធានុភាពធ្វើឲ្យមនុស្សដែលឈឺជាសះស្បើយ?
៧ ព្រះយេហូវ៉ាបានឲ្យឫទ្ធានុភាពដល់លោកយេស៊ូដើម្បីធ្វើការអស្ចារ្យផ្សេងៗ។ នេះបានបង្ហាញឲ្យឃើញក្នុងករណី«ស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំ»។ «ការព្យាបាលរបស់គ្រូពេទ្យជាច្រើនបាននាំឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង» ហើយ«គាត់ក៏បានចំណាយធនធានខ្លួនអស់រលីង»។ ទោះជាយ៉ាងនេះក្ដី ជំងឺរបស់គាត់កាន់តែធ្ងន់ឡើង។ ស្ត្រីនោះបានចូលពីក្រោយបណ្ដាជន រួចពាល់លោកយេស៊ូ។ គាត់ធ្វើយ៉ាងនេះគឺបំពានច្បាប់ស្តីអំពីស្ត្រីដែល«ធ្លាក់ឈាម»។ (លេវី. ១៥:១៩, ២៥) លោកយេស៊ូបានដឹងថា ថាមពលបានចេញពីខ្លួនលោក ហើយសួររកអ្នកដែលបានពាល់លោក។ ឮដូច្នេះ ស្ត្រីនោះ«បានមកក្រាបនៅមុខលោកទាំងភ័យញាប់ញ័រ រួចបានជម្រាបលោកពីការពិតទាំងអស់»។ ដោយជ្រាបថាព្រះយេហូវ៉ាបានធ្វើឲ្យស្ត្រីនោះជាសះស្បើយ លោកយេស៊ូបានប្រព្រឹត្តដោយសប្បុរសចំពោះគាត់ ហើយមានប្រសាសន៍ថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាហើយ។ សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខចុះ ហើយសូមឲ្យនាងបានជាសះស្បើយពីជំងឺដែលបានធ្វើឲ្យរងទុក្ខ»។—ម៉ាក. ៥:២៥-២៧, ៣០, ៣៣, ៣៤
៨ ឫទ្ធានុភាពដែលលោកយេស៊ូទទួលពីព្រះបានធ្វើឲ្យមនុស្សដែលឈឺជាសះស្បើយ ហើយក៏ប្រាកដជាមានអានុភាពខ្លាំងទៅលើពួកអ្នកសង្កេតមើលដែរ។ ជាឧទាហរណ៍មនុស្សជាច្រើនពិតជាកោតស្ងើច ពេលពួកគេឃើញលោកយេស៊ូធ្វើឲ្យបណ្ដាជនជាសះស្បើយ មុនលោកថ្លែងសុន្ទរកថាដ៏ល្បីល្បាញនៅលើភ្នំ។ (លូក. ៦:១៧-១៩) កាលដែលយ៉ូហានជាអ្នកជ្រមុជទឹកចាត់អ្នកនាំសារពីរនាក់ដើម្បីរកទីសំអាងថាលោកយេស៊ូជាមេស្ស៊ី ពួកគេបានឃើញលោកកំពុង‹ធ្វើឲ្យមនុស្សជាច្រើនជាពីជំងឺផ្សេងៗ រោគាដែលកំពុងបៀតបៀន និងធ្វើឲ្យរួចពីពួកវិញ្ញាណអាក្រក់ ក៏អនុគ្រោះឲ្យមនុស្សងងឹតភ្នែកជាច្រើននាក់មើលឃើញ›។ ដូច្នេះ លោកយេស៊ូតបឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់យ៉ូហាននូវអ្វីដែលអ្នកបានឮនិងបានឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវប្រាប់ដល់មនុស្សក្រីក្រ»។ (លូក. ៧:១៩-២២) យ៉ូហានពិតជាបានទទួលការលើកទឹកចិត្តណាស់ពេលឮដំណឹងនោះ!
៩. តើការអស្ចារ្យដែលលោកយេស៊ូបានធ្វើ បង្ហាញឲ្យឃើញអ្វីទុកជាមុន?
៩ ពិតមែន ការធូរស្បើយពីទុក្ខលំបាកដែលលោកយេស៊ូបានធ្វើក្នុងអំឡុងកិច្ចបម្រើផ្សាយ គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះពួកអ្នកដែលលោកបានធ្វើឲ្យជាឬប្រោសឲ្យរស់ឡើងវិញ ក្រោយមកពួកគាត់បានស្លាប់។ ប៉ុន្តែ ការអស្ចារ្យដែលលោកយេស៊ូបានធ្វើកាលដែលលោកនៅផែនដី បង្ហាញឲ្យឃើញទុកជាមុននូវការធូរស្បើយជានិរន្តរ៍ដែលមនុស្សជាតិនឹងមានក្រោមការគ្រប់គ្រងរបស់លោកជាមេស្ស៊ី។
ផែនដីទាំងមូលនឹងក្លាយជាសួនឧទ្យាននាអនាគតខាងមុខនេះ!
១០, ១១. (ក) តើពរពីរាជាណាចក្ររបស់ព្រះនឹងមានអស់រយៈពេលប៉ុន្មាន? ហើយតើការគ្រប់គ្រងរបស់លោកយេស៊ូនឹងមានសភាពបែបណា? (ខ) តើអ្នកណានឹងនៅជាមួយលោកយេស៊ូក្នុងសួនឧទ្យាន? ហើយតើគាត់ត្រូវធ្វើអ្វីដើម្បីអាចរស់ជារៀងរហូត?
១០ សូមស្រមៃគិតថាជីវិតយើងនឹងទៅជាយ៉ាងណានៅផែនដីដែលនឹងក្លាយទៅជាសួនឧទ្យាន។ (សូមអាន ទំនុកតម្កើង ៧២:៥-៩) អ្នកគោរពប្រណិប័តន៍ព្រះពិតតែមួយអាចរស់នៅក្នុងសួនឧទ្យានដរាបណាដែលមានព្រះអាទិត្យនិងព្រះចន្ទ ពោលគឺពួកគេអាចរស់ជារៀងរហូត! ស្តេចយេស៊ូគ្រិស្តនឹងធ្វើឲ្យមានកម្លាំងចិត្តដែលប្រៀបដូចជា‹ភ្លៀងធ្លាក់ចុះមកលើវាលដែលទើបតែកាត់ស្មៅ និងដូចជាភ្លៀង១មេៗដែលស្រោចដី›។
១១ កាលដែលអ្នកនឹកគិតក្នុងចិត្តនូវការសម្រេចទំនាយក្នុងទំនុកនេះ អ្នកពិតជារំភើបញាប់ញ័រក្នុងចិត្តដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីដែលនឹងក្លាយទៅជាសួនឧទ្យាន មែនទេ? អ្នកដែលប្រព្រឹត្តអំពើអាក្រក់ម្នាក់ដែលបានត្រូវព្យួរពិតជារំជួលចិត្តណាស់ ពេលលោកយេស៊ូប្រាប់គាត់ថា៖ «អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»។ (លូក. ២៣:៤៣) ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់លោកយេស៊ូ បុរសនោះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ បើគាត់ចុះចូលក្រោមការគ្រប់គ្រងរបស់គ្រិស្ត គាត់អាចរស់ជារៀងរហូតនៅផែនដីដោយមានសុខភាពយ៉ាងសុក្រឹត និងមានសុភមង្គល។
១២. ក្នុងអំឡុងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត តើមនុស្សមិនសុចរិតដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងមានឱកាសអ្វី?
១២ ក្រោមការគ្រប់គ្រងរបស់លោកយេស៊ូគ្រិស្តដែលឧត្តមជាងសាឡូម៉ូន «មនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង»។ (ទំនុក. ៧២:៧) នៅពេលនោះ គ្រិស្តនឹងបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់យ៉ាងខ្លាំង ដូចលោកបានធ្វើពេលនៅផែនដី។ ក្នុងពិភពលោកថ្មីដែលព្រះបានសន្យា សូម្បីតែ«មនុស្សមិនសុចរិត»ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងមានឱកាសដ៏ប្រសើរដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយអាចរស់តទៅទៀត។ (សកម្ម. ២៤:១៥) ពួកអ្នកដែលមិនព្រមធ្វើតាមតម្រូវការរបស់ព្រះនឹងមិនអនុញ្ញាតឲ្យរស់តទៅទៀត ហើយធ្វើឲ្យប៉ះពាល់ដល់សន្ដិភាពនិងភាពសុខសាន្តក្នុងពិភពលោកថ្មីនោះទេ។
១៣. តើការគ្រប់គ្រងរបស់លោកយេស៊ូនឹងលាតសន្ធឹងដល់ណា? ហើយក្រោមការគ្រប់គ្រងនោះ ហេតុអ្វីនឹងមានសន្ដិភាពរហូត?
១៣ ការគ្រប់គ្រងរបស់លោកយេស៊ូដែលឧត្តមជាងសាឡូម៉ូននឹងលាតសន្ធឹងលើផែនដីទាំងមូល ហើយនេះបានត្រូវសឲ្យឃើញតាមរយៈពាក្យទាំងនេះដែលថា៖ «ទ្រង់នឹងមានអំណាច[ឬមានបណ្ដារាស្ត្រ] ចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីទន្លេ[អឺប្រាត]រហូតដល់ទីបំផុតផែនដី ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថាន គេនឹងក្រាបចុះនៅចំពោះទ្រង់ ហើយពួកខ្មាំងសត្រូវរបស់ទ្រង់នឹងក្រាបលិទ្ធធូលីដី»។ (ទំនុក. ៧២:៨, ៩) ត្រូវហើយ លោកយេស៊ូគ្រិស្តនឹងគ្រប់គ្រងលើផែនដីទាំងមូល។ (សាក. ៩:៩, ១០) ពួកអ្នកដែលទទួលស្គាល់ ហើយចាត់ទុកការគ្រប់គ្រងរបស់លោកនិងពរដែលមកពីការគ្រប់គ្រងនោះថាមានតម្លៃណាស់ នឹង«ក្រាបចុះ»ក្នុងន័យថាចុះចូលដោយចិត្តស្មោះស្ម័គ្រ។ ផ្ទុយទៅវិញ ពួកអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដោយមិនប្រែចិត្ត នឹងត្រូវបំផ្លាញចោល ទោះជាពួកគេមាន«អាយុ១០០ឆ្នាំ»ក៏ដោយ។ (អេ. ៦៥:២០) ពួកគេ«នឹងក្រាបលិទ្ធធូលីដី»បានសេចក្ដីថានឹងត្រូវស្លាប់។
លោកយេស៊ូយល់អំពីស្ថានភាពរបស់យើង
១៤, ១៥. តើយើងដឹងយ៉ាងដូចម្ដេចថាលោកយេស៊ូយល់អារម្មណ៍របស់មនុស្ស ហើយ«នឹងសង្គ្រោះអ្នកក្រីក្រដែលស្រែករកគេជួយ»?
១៤ មនុស្សទាំងអស់សុទ្ធតែមានភាពខុសឆ្គង ហើយស្ថិតនៅក្នុងស្ថានភាពដែលគួរឲ្យអាណិត ថែមទាំងត្រូវការជំនួយជាចាំបាច់។ ប៉ុន្តែយើងនៅតែមានសេចក្ដីសង្ឃឹម។ (សូមអាន ទំនុកតម្កើង ៧២:១២-១៤) លោកយេស៊ូដែលឧត្តមជាងសាឡូម៉ូនមានសមានចិត្តចំពោះយើងដោយសារលោកយល់ថា យើងមានភាពមិនល្អឥតខ្ចោះ។ ម្យ៉ាងទៀត លោកយេស៊ូបានរងទុក្ខដោយសារសេចក្ដីសុចរិត ហើយព្រះអនុញ្ញាតឲ្យលោកប្រឈមមុខទុក្ខលំបាកដោយខ្លួនលោក។ តាមពិត លោកយេស៊ូបានរងទុក្ខខាងផ្លូវចិត្តខ្លាំងដល់ម្ល៉េះបានជា«ញើសរបស់លោកបានប្រែដូចជាតំណក់ឈាមស្រក់ចុះដល់ដី»! (លូក. ២២:៤៤) ក្រោយមក ពេលលោកត្រូវគេព្យួរលើបង្គោលទារុណកម្ម លោកបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ (ម៉ាថ. ២៧:៤៥, ៤៦) ទោះជាលោកបានរងទុក្ខសព្វបែបយ៉ាងក៏ដោយ ហើយសូម្បីតែសាថានខំប្រឹងពេញទំហឹងក្នុងការធ្វើឲ្យលោកបែរចេញពីព្រះយេហូវ៉ាក្ដី លោកយេស៊ូនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។
១៥ យើងអាចប្រាកដថាលោកយេស៊ូឃើញការឈឺចាប់របស់យើង ហើយ«នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខ[ឬ«សង្គ្រោះអ្នកក្រីក្រដែលស្រែករកគេជួយ»] ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង»។ ដោយយកចិត្តទុកដាក់យ៉ាងស្មោះដូចបិតារបស់លោកនៅស្ថានសួគ៌ លោកយេស៊ូនឹង«ស្ដាប់មនុស្សកំសត់ទុគ៌ត» ហើយនឹង«ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង»។ (ទំនុក. ៦៩:៣៣; ១៤៧:៣) លោកយេស៊ូ«យល់ភាពទន់ខ្សោយរបស់យើង»ព្រោះលោក«បានត្រូវល្បងលគ្រប់ជំពូកដូចយើងដែរ»។ (ហេ. ៤:១៥) ពិតជាការល្អណាស់ដោយដឹងថាស្តេចយេស៊ូគ្រិស្តកំពុងគ្រប់គ្រងនៅស្ថានសួគ៌ ហើយមានចិត្តចង់ធ្វើឲ្យទុក្ខលំបាករបស់មនុស្សជាតិសាបសូន្យទៅ!
១៦. ហេតុអ្វីបានជាសាឡូម៉ូនអាចយល់អារម្មណ៍របស់បណ្ដារាស្ត្រគាត់?
១៦ ដោយសារសាឡូម៉ូនមានប្រាជ្ញានិងការយល់ដឹង គាត់ប្រាកដជាមាន«សេចក្ដីអាណិតមេត្ដាដល់មនុស្សរហេមរហាម[ឬមនុស្សដែលអន់ខ្សោយ]»។ ម្យ៉ាងទៀត ជីវិតរបស់គាត់ពោរពេញទៅដោយព្រឹត្ដិការណ៍ដ៏ខ្លោចផ្សានិងគួរឲ្យអាណិត។ អាំណូនដែលជាបងប្រុសរបស់សាឡូម៉ូន បានរំលោភបងស្រីរបស់គាត់ឈ្មោះតាម៉ារ ហើយអាប់សាឡំមដែលជាបងប្រុសសាឡូម៉ូនបានសម្លាប់អាំណូនដែលបានធ្វើដូច្នេះ។ (២សាំ. ១៣:១, ១៤, ២៨, ២៩) អាប់សាឡំមបានដណ្ដើមរាជ្យពីដាវីឌ តែរដ្ឋប្រហាររបស់គាត់មិនបានសម្រេចទេ ហើយបានត្រូវសម្លាប់ដោយយ៉ូអាប់។ (២សាំ. ១៥:១០, ១៤; ១៨:៩, ១៤) ក្រោយមក អ័ដូនីយ៉ាដែលជាបងប្រុសរបស់សាឡូម៉ូនប៉ុនប៉ងលើកខ្លួនជាស្តេច។ បើគាត់បានសម្រេចគោលបំណងគាត់ នេះពិតជាមានន័យថាសាឡូម៉ូននឹងត្រូវស្លាប់ជាមិនខាន។ (១ព. ១:៥) សាឡូម៉ូនយល់អំពីការរងទុក្ខរបស់មនុស្ស ហើយសេចក្ដីអធិដ្ឋានរបស់គាត់នៅឯពិធីសម្ពោធវិហាររបស់ព្រះយេហូវ៉ាបានបញ្ជាក់ចំណុចនេះ។ ស្តេចសាឡូម៉ូនបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីបណ្ដារាស្ត្ររបស់គាត់ថា៖ «[ពួកគេ]ស្គាល់សេចក្ដីវេទនា នឹងសេចក្ដីទុក្ខលំបាកនៅក្នុងចិត្តខ្លួនគេ . . . សូមទ្រង់ . . . អត់ទោស ព្រមទាំងសងដល់គ្រប់គ្នាតាមអំពើប្រព្រឹត្តរបស់គេ»។—២រប. ៦:២៩, ៣០
១៧, ១៨. តើអ្នកបម្រើខ្លះរបស់ព្រះបានស៊ូទ្រាំការឈឺចាប់អ្វី? ហើយតើអ្វីបានជួយពួកគាត់ឲ្យធ្វើដូច្នេះ?
១៧ យើងប្រហែលជាមាន«សេចក្ដីទុក្ខលំបាក»ដោយសារអ្វីដែលយើងបានឆ្លងកាត់ក្នុងជីវិត។ សាក្សីព្រះយេហូវ៉ាម្នាក់អាយុ៣០ជាងឈ្មោះម៉ារៀbបានសរសេរថា៖ «ខ្ញុំគួរតែសប្បាយក្នុងជីវិត តែជារឿយៗ អ្វីៗដែលខ្ញុំធ្លាប់ធ្វើពីអតីតកាលបានធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្មាសហើយស្អប់ខ្លួនឯង។ ជាលទ្ធផល នេះនាំឲ្យខ្ញុំស្រពាប់ស្រពោនក្នុងចិត្ត ហើយយំហាក់ដូចជាអ្វីៗទាំងនោះកើតឡើងម្សិលមិញ។ អនុស្សាវរីយ៍ដែលដិតជាប់ក្នុងគំនិតខ្ញុំនៅតែធ្វើឲ្យខ្ញុំពិបាកចិត្ត ហើយមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ»។
១៨ អ្នកបម្រើជាច្រើននាក់របស់ព្រះអាចសម្គាល់អារម្មណ៍ទាំងនេះបាន ប៉ុន្តែតើអ្វីជួយផ្ដល់កម្លាំងដល់ពួកគាត់ដើម្បីអាចស៊ូទ្រាំបាន? ម៉ារៀបានពោលថា៖ «មិត្តភក្ដិពិតប្រាកដនិងបងប្អូនរួមជំនឿឯទៀតក្នុងក្រុមជំនុំធ្វើឲ្យខ្ញុំមានសុភមង្គល។ ខ្ញុំក៏ខំផ្ចង់អារម្មណ៍ទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាសម្រាប់ពេលអនាគត ហើយខ្ញុំមានទំនុកចិត្តថាខ្ញុំនឹងលែងហូរទឹកភ្នែកដោយសារមានទុក្ខព្រួយ តែខ្ញុំនឹងហូរទឹកភ្នែកដោយសារខ្ញុំអរសប្បាយវិញ»។ (ទំនុក. ១២៦:៥) យើងត្រូវមានសេចក្ដីសង្ឃឹមលើអ្នកដែលព្រះបានតែងតាំងជាអ្នកគ្រប់គ្រង ពោលគឺបុត្ររបស់លោក។ ទំនុកទី៧២បានទាយអំពីបុត្ររបស់លោកថា៖ «ទ្រង់នឹងមានសេចក្ដីអាណិតមេត្ដាដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង។ ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ»។ (ទំនុក. ៧២:១៣, ១៤) នេះពិតជាពង្រឹងទំនុកចិត្តយើងណាស់!
នៅពេលខាងមុខនេះនឹងមានពិភពលោកថ្មីមួយដ៏សម្បូរសប្បាយ
១៩, ២០. (ក) ដូចបានបញ្ជាក់ក្នុងទំនុកទី៧២ តើការគ្រប់គ្រងនៃរាជាណាចក្រព្រះនឹងដោះស្រាយបញ្ហាអ្វីខ្លះ? (ខ) ចំពោះការគ្រប់គ្រងរបស់គ្រិស្ត ជាបឋមតើអ្នកណាគួរទទួលការសរសើរ? ហើយតើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្វីៗដែលនឹងសម្រេចក្រោមការគ្រប់គ្រងនោះ?
១៩ សូមនឹកក្នុងចិត្តម្ដងទៀតអំពីអនាគតដែលមនុស្សសុចរិតអាចមានក្នុងពិភពលោកថ្មីរបស់ព្រះ ក្រោមការគ្រប់គ្រងរបស់លោកយេស៊ូដែលឧត្តមជាងសាឡូម៉ូន។ សេចក្ដីសន្យាក្នុងទំនុកទី៧២ថា៖ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុករហូតដល់កំពូលភ្នំ»។ (ទំនុក. ៧២:១៦) ធម្មតាមិនមានស្រូវដុះនៅលើកំពូលភ្នំទេ ដូច្នេះពាក្យទាំងនេះបញ្ជាក់ថាផែនដីនឹងបង្កើតភោគផលយ៉ាងច្រើនដូចនៅ«ល្បាណូន» ដែលតំបន់នោះបានបង្កើតភោគផលយ៉ាងច្រើនសម្បើមក្រោមការគ្រប់គ្រងរបស់សាឡូម៉ូន។ សូមគិតទៅមើល! នៅអនាគតនឹងលែងមានអំណត់ លែងមានមនុស្សណាខ្វះអាហារឬអត់ឃ្លានទៀត! នៅទីនោះ មនុស្សទាំងអស់នឹង«ជប់លៀង . . . ដោយម្ហូបមានឱជារសដ៏វិសេស»។—អេ. ២៥:៦-៨; ៣៥:១, ២
២០ តើអ្នកណាគួរទទួលការសរសើរចំពោះពរទាំងអស់នេះ? ជាបឋមគឺព្រះយេហូវ៉ាដែលជាស្តេចដែលរស់ជារៀងរហូត និងជាអ្នកគ្រប់គ្រងសកលលោកទាំងមូល។ តាមពិត យើងទាំងអស់គ្នានឹងច្រៀងរួមគ្នាដោយអំណរនូវឃ្លាចុងក្រោយនៃចម្រៀងដ៏សែនពីរោះនិងគួរឲ្យកក់ក្ដៅក្នុងចិត្តថា៖ «នាមទ្រង់[ស្តេចយេស៊ូគ្រិស្ត]នឹងស្ថិតស្ថេរនៅជាដរាប គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកបដោយព្រះពរនៅអស់កល្បជានិច្ច សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់ អាម៉ែនៗ»។—ទំនុក. ៧២:១៧-១៩
[កំណត់សម្គាល់]
a ទោះជាពាក្យផ្ដើមនៃទំនុកទី៧២ចែងថា«ទំនុករបស់ស្តេចសាឡូម៉ូន»ក្នុងសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធក្ដី តែតាមពិតទំនុកនេះបានត្រូវតែងដោយដាវីឌ ដូចបានបញ្ជាក់នៅខចុងក្រោយនៃទំនុកនេះ។
b ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើទំនាយក្នុងទំនុកតម្កើងទី៧២បង្ហាញឲ្យឃើញអ្វីទុកជាមុន?
• តើអ្នកណាជាបុគ្គលដែលឧត្តមជាងសាឡូម៉ូន? តើការគ្រប់គ្រងរបស់លោកនឹងលាតសន្ធឹងដល់ណា?
• ចំពោះអ្នកផ្ទាល់ តើអ្នកពេញចិត្តនឹងពរណាមួយដែលបានទាយក្នុងទំនុកទី៧២?
[រូបភាពនៅទំព័រ២៧]
តើភាពសម្បូរសប្បាយក្នុងអំឡុងការគ្រប់គ្រងរបស់សាឡូម៉ូនបង្ហាញឲ្យឃើញអ្វីទុកជាមុន?
[រូបភាពនៅទំព័រ៣០]
គឺជាការសមត្រឹមត្រូវឲ្យយើងខំព្យាយាមទទួលជីវិតក្នុងសួនឧទ្យាន ក្រោមការគ្រប់គ្រងរបស់លោកយេស៊ូដែលឧត្តមជាងសាឡូម៉ូន