ការធ្វើជារបស់ព្រះយេហូវ៉ាជាគុណដ៏វិសេសលើសលប់សម្រាប់យើង
«យើងជារបស់ព្រះយេហូវ៉ា»។—រ៉ូម ១៤:៨
១, ២. (ក) តើយើងមានឯកសិទ្ធិអ្វី? (ខ) តើយើងនឹងពិចារណាអំពីសំណួរអ្វីខ្លះ?
ព្រះយេហូវ៉ាបានផ្ដល់ឯកសិទ្ធិដ៏មានតម្លៃដល់ប្រជាជាតិអ៊ីស្រាអែល ពេលលោកមានប្រសាសន៍ទៅកាន់ពួកគេថា៖ «ឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍»។ (និក្ខ. ១៩:៥) សព្វថ្ងៃ សមាជិកនៃក្រុមជំនុំគ្រិស្តសាសនិកក៏មានឯកសិទ្ធិធ្វើជារបស់ព្រះយេហូវ៉ាដែរ។ (១ពេ. ២:៩; បប. ៧:៩, ១៤, ១៥) នេះជាឯកសិទ្ធិមួយដែលផ្ដល់ប្រយោជន៍ដល់យើងជារៀងរហូត។
២ ការធ្វើជារបស់ព្រះយេហូវ៉ាក៏នាំឲ្យយើងមានភារកិច្ចដែរ មិនគ្រាន់តែជាឯកសិទ្ធិប៉ុណ្ណោះទេ។ មនុស្សខ្លះប្រហែលជាឆ្ងល់ថា៖ ‹តើខ្ញុំនឹងអាចធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យខ្ញុំធ្វើឬទេ? បើខ្ញុំធ្វើខុស តើលោកនឹងលែងទទួលស្គាល់ខ្ញុំជារាស្ត្ររបស់លោកឬ? តើការធ្វើជារបស់ព្រះយេហូវ៉ានាំឲ្យខ្ញុំលែងមានសេរីភាពឬ?›។ ការបារម្ភបែបនេះគឺជាអ្វីដែលយើងគួរយកមកពិចារណា។ ប៉ុន្តែមុនដំបូង យើងត្រូវគិតឲ្យបានវែងឆ្ងាយអំពីសំណួរមួយទៀតគឺ តើយើងទទួលប្រយោជន៍អ្វីខ្លះពីការធ្វើជារបស់ព្រះយេហូវ៉ា?
ការធ្វើជារបស់ព្រះយេហូវ៉ានាំឲ្យយើងមានសុភមង្គល
៣. ពេលរ៉ាហាបសម្រេចចិត្តបម្រើព្រះយេហូវ៉ា តើនេះបាននាំឲ្យនាងទទួលពរអ្វីខ្លះ?
៣ តើពួកអ្នកដែលជារបស់ព្រះយេហូវ៉ាទទួលប្រយោជន៍ឬទេ? សូមគិតអំពីរ៉ាហាបដែលជាស្ត្រីពេស្យាម្នាក់រស់នៅក្រុងយេរីខូពីបុរាណ។ នាងពិតជាបានត្រូវបង្រៀនតាំងពីក្មេងមកឲ្យគោរពបូជាព្រះរបស់ស្រុកកាណាន ដែលជាការគោរពបូជាគួរឲ្យស្អប់ខ្ពើម។ ប៉ុន្តែ ពេលនាងឮថាព្រះយេហូវ៉ាបានជួយប្រជាជាតិអ៊ីស្រាអែលឲ្យមានជ័យជម្នះ នាងបានដឹងថាព្រះយេហូវ៉ាជាព្រះពិត។ ដូច្នេះនាងបានប្រថុយជីវិតដើម្បីការពាររាស្ត្រដែលព្រះបានជ្រើសរើស ហើយបានទុកឲ្យពួកគាត់សម្រេចអនាគតរបស់នាង។ គម្ពីរចែងថា៖ «រ៉ាហាបដែលជាស្រីពេស្យា បានត្រូវប្រកាសថាជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីនាងបានទទួលអ្នកនាំសារយ៉ាងរាក់ទាក់ រួចបានឲ្យពួកគេចេញទៅតាមផ្លូវផ្សេង មែនទេ?»។ (យ៉ា. ២:២៥) សូមគិតអំពីពរដែលនាងទទួលពេលនាងមានចំណែកក្នុងរាស្ត្រដ៏បរិសុទ្ធរបស់ព្រះ ជារាស្ត្រដែលលោកបានអប់រំតាមរយៈច្បាប់របស់លោកឲ្យបង្ហាញសេចក្ដីស្រឡាញ់និងយុត្ដិធម៌។ នាងពិតជាសប្បាយណាស់ដែលនាងបានលះចោលរបៀបរស់នៅចាស់! នាងបានរៀបការជាមួយជនជាតិអ៊ីស្រាអែលម្នាក់ ហើយបានចិញ្ចឹមអប់រំកូនឈ្មោះបូអូស ឲ្យក្លាយទៅជាបុរសដ៏អស្ចារ្យម្នាក់របស់ព្រះ។—យ៉ូស. ៦:២៥; រស់. ២:៤-១២; ម៉ាថ. ១:៥, ៦
៤. តើនាងរូថទទួលប្រយោជន៍យ៉ាងដូចម្ដេចពីការសម្រេចចិត្តបម្រើព្រះយេហូវ៉ា?
៤ នាងរូថពីស្រុកម៉ូអាប់ក៏បានសម្រេចចិត្តបម្រើព្រះយេហូវ៉ាដែរ។ ពេលនាងនៅក្មេងនៅឡើយ នាងប្រហែលជាគោរពបូជាព្រះកេម៉ូសនិងព្រះឯទៀតរបស់ស្រុកម៉ូអាប់។ ប៉ុន្តែ ពេលនាងស្គាល់ព្រះយេហូវ៉ាដែលជាព្រះពិត នាងបានរៀបការជាមួយជនជាតិអ៊ីស្រាអែលម្នាក់ដែលបានភៀសខ្លួនទៅនៅស្រុករបស់នាង។ (សូមអាន នាងរស់ ១:១-៦) ក្រោយមក ពេលនាងរូថនិងប្អូនថ្លៃឈ្មោះអ័រប៉ាបានធ្វើដំណើរទៅបេថ្លេហិមជាមួយម្ដាយក្មេករបស់ពួកគាត់ឈ្មោះន៉ាអូមី នោះន៉ាអូមីបានបង្ខំពួកគាត់ឲ្យត្រឡប់ទៅស្រុកកំណើតវិញ។ គឺមិនងាយស្រួលឲ្យពួកគាត់រស់នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។ អ័រប៉ាបាន«ត្រឡប់ទៅឯសាសន៍ហើយនឹងព្រះ»របស់គាត់វិញ តែនាងរូថមិនបានធ្វើដូច្នេះទេ។ នាងបានប្រព្រឹត្តតាមជំនឿរបស់នាង ហើយដឹងថានាងចង់ធ្វើជារបស់ព្រះណា។ នាងបានប្រាប់ន៉ាអូមីថា៖ «សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្ដាយ នឹងវិលទៅវិញ លែងតាមអ្នកម្ដាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្ដាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្ដាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្ដាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរ»។ (រស់. ១:១៥, ១៦) ដោយសារនាងរូថសម្រេចចិត្តបម្រើព្រះយេហូវ៉ា នាងទទួលប្រយោជន៍ពីច្បាប់របស់ព្រះ ដែលមានការរៀបចំពិសេសសម្រាប់ស្ត្រីមេម៉ាយ ជនក្រីក្រ និងអ្នកដែលគ្មានដីធ្លី។ ក្រោមការការពាររបស់ព្រះយេហូវ៉ា នាងទទួលសុភមង្គល និងសេចក្ដីសុខសាន្ត។
៥. ចំពោះមនុស្សដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ តើអ្នកបានសង្កេតឃើញអ្វី?
៥ អ្នកប្រហែលជាស្គាល់បងប្អូនខ្លះដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយក្រោយមកបានបម្រើលោកយ៉ាងស្មោះត្រង់អស់ច្រើនទសវត្សរ៍។ សូមសួរពួកគាត់ថាពួកគាត់ទទួលប្រយោជន៍យ៉ាងណាពីការបម្រើព្រះយេហូវ៉ា។ ទោះជាយើងទាំងអស់គ្នាមានបញ្ហាក៏ដោយ តែមានភ័ស្តុតាងជាក់ស្តែងដែលបញ្ជាក់ពីសច្ចភាពនៃពាក្យរបស់អ្នកតែងទំនុកតម្កើងដែលថា៖ «សាសន៍ណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន នោះសប្បាយហើយ!»។—ទំនុក. ១៤៤:១៥
អ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើគឺសមហេតុផល
៦. ហេតុអ្វីយើងមិនគួរខ្លាចថាយើងមិនអាចធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ?
៦ អ្នកប្រហែលជាធ្លាប់ឆ្ងល់ថា អ្នកនឹងអាចធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យអ្នកធ្វើឬទេ។ គឺស្រួលឲ្យយើងគិតថាជាការពិបាកពេកឲ្យយើងធ្វើជាអ្នកបម្រើព្រះ រស់នៅតាមច្បាប់លោក ហើយធ្វើជាតំណាងរបស់លោក។ ជាឧទាហរណ៍ ម៉ូសេមានអារម្មណ៍ថាគាត់គ្មានសមត្ថភាពពេលគាត់បានត្រូវចាត់ឲ្យទៅនិយាយប្រាប់ពួកអ៊ីស្រាអែល និងស្តេចអេស៊ីប។ ប៉ុន្តែ ព្រះមិនចង់ឲ្យម៉ូសេធ្វើអ្វីដែលហួសពីសមត្ថភាពរបស់គាត់ទេ។ ព្រះយេហូវ៉ាបាន‹បង្រៀនអ្វីដែលគាត់ត្រូវធ្វើ›។ (សូមអាន និក្ខមនំ ៣:១១; ៤:១, ១០, ១៣-១៥) ដោយសារម៉ូសេព្រមទទួលជំនួយពីព្រះ គាត់មានអំណរដែលមកពីការបំពេញបំណងប្រាថ្នារបស់លោក។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាមិនចង់ឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងទេ។ លោកដឹងថាយើងជាមនុស្សមិនល្អឥតខ្ចោះ ហើយក៏ចង់ជួយយើងដែរ។ (ទំនុក. ១០៣:១៤) ការបម្រើព្រះដោយធ្វើជាអ្នកកាន់តាមលោកយេស៊ូជាអ្វីដែលធ្វើឲ្យយើងមានកម្លាំងចិត្ត មិនមែនធ្វើឲ្យយើងតានតឹងចិត្តទេ ព្រោះវិថីជីវិតនេះនាំឲ្យអ្នកឯទៀតទទួលប្រយោជន៍ ហើយធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង»។—ម៉ាថ. ១១:២៨, ២៩
៧. ហេតុអ្វីអ្នកអាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងជួយអ្នកឲ្យធ្វើអ្វីដែលលោកចង់ឲ្យអ្នកធ្វើ?
៧ ព្រះយេហូវ៉ាតែងតែផ្ដល់ការលើកទឹកចិត្តដល់យើងតាមដែលយើងត្រូវការ ដរាបណាយើងពឹងផ្អែកលើលោកដើម្បីបានកម្លាំងចិត្ត។ ជាឧទាហរណ៍ តាមមើលទៅ យេរេមាមានលក្ខណៈធម្មជាតិជាមនុស្សខ្វះភាពក្លាហានក្នុងការនិយាយដោយចំហ។ ពេលព្រះយេហូវ៉ាតែងតាំងគាត់ជាអ្នកប្រកាសទំនាយ គាត់បាននិយាយថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល! ទូលបង្គំគ្មានវោហារអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ»។ ក្រោយមក គាត់បាននិយាយទៀតថា៖ «ទូលបង្គំសំរេចថា មិន . . . និយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ»។ (យេ. ១:៦; ២០:៩) ក៏ប៉ុន្តែដោយមានការលើកទឹកចិត្តពីព្រះយេហូវ៉ា យេរេមាអាចផ្សាយអស់រយៈពេល៤០ឆ្នាំនូវដំណឹងដែលមនុស្សមិនចង់ស្ដាប់។ ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តគាត់ម្ដងហើយម្ដងទៀតថា៖ «អញនៅជាមួយនឹងឯង ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសឯងឲ្យរួច»។—យេ. ១:៨, ១៩; ១៥:២០
៨. តើយើងអាចបង្ហាញយ៉ាងណាថា យើងទុកចិត្តព្រះយេហូវ៉ា?
៨ សព្វថ្ងៃ ព្រះយេហូវ៉ាអាចជួយយើងឲ្យធ្វើអ្វីដែលលោកចង់ឲ្យពួកគ្រិស្តសាសនិកធ្វើ ដូចលោកបានជួយពង្រឹងកម្លាំងចិត្តម៉ូសេនិងយេរេមាដែរ។ កត្ដាសំខាន់គឺឲ្យយើងពឹងផ្អែកលើលោក។ គម្ពីរចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។ (សុភ. ៣:៥, ៦) យើងបង្ហាញថាយើងទុកចិត្តព្រះយេហូវ៉ា ពេលយើងទទួលយកជំនួយដែលលោកផ្ដល់តាមរយៈបណ្ដាំរបស់លោកនិងតាមរយៈក្រុមជំនុំ។ បើយើងឲ្យព្រះយេហូវ៉ាណែនាំយើងក្នុងដំណើរជីវិត នោះគ្មានអ្វីអាចរារាំងយើងមិនឲ្យនៅស្មោះត្រង់ចំពោះលោកឡើយ។
ព្រះយេហូវ៉ារមែងគិតអំពីរាស្ត្រម្នាក់ៗរបស់លោក
៩, ១០. តើការការពារដែលបានត្រូវសន្យានៅទំនុកតម្កើងទី៩១ ជាការការពារបែបណា?
៩ ពេលអ្នកខ្លះកំពុងគិតអំពីការសម្រេចចិត្តប្រគល់ខ្លួនជូនព្រះយេហូវ៉ា ពួកគាត់ប្រហែលជាឆ្ងល់ថានឹងមានអ្វីកើតឡើងបើព្រះយេហូវ៉ាលែងទទួលស្គាល់ពួកគាត់ជារាស្ត្រ បើពួកគាត់ប្រព្រឹត្តអំពើខុសឆ្គង ឬបើពួកគាត់មិនសមនឹងទទួលពរពីលោក។ គួរឲ្យសប្បាយណាស់ដែលព្រះយេហូវ៉ាផ្ដល់ការការពារទាំងអស់ដែលយើងត្រូវការដើម្បីការពារចំណងមេត្រីភាពដ៏មានតម្លៃរបស់យើងជាមួយលោក។ សូមឲ្យយើងពិនិត្យមើលរបៀបដែលការការពារនោះបានត្រូវរៀបរាប់នៅទំនុកតម្កើងទី៩១។
១០ ទំនុកច្រៀងនោះចាប់ផ្ដើមថា៖ «អ្នកណាដែលនៅជាប់ក្នុងទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួចពីលប់របស់នាយព្រាន»។ (ទំនុក. ៩១:១-៣) សូមកត់សម្គាល់ថាព្រះសន្យាថាលោកការពារពួកអ្នកដែលស្រឡាញ់ ហើយទុកចិត្តលោក។ (សូមអាន ទំនុកតម្កើង ៩១:៩, ១៤) តើលោកចង់សំដៅទៅលើការការពារបែបណា? ព្រះយេហូវ៉ាបានការពារជីវិតរបស់អ្នកបម្រើលោកនៅសម័យបុរាណ ហើយក្នុងករណីខ្លះ លោកបានការពារវង្សត្រកូលដែលមេស្ស៊ីត្រូវលេចមក។ ទោះជាយ៉ាងនេះក្ដី បុរសស្មោះត្រង់ឯទៀតជាច្រើននាក់ត្រូវជាប់គុក ត្រូវគេធ្វើទារុណកម្ម ហើយត្រូវគេសម្លាប់។ អ្វីៗទាំងអស់នេះកើតឡើងដោយសារសាថានមានបំណងឲ្យពួកគាត់លែងនៅស្មោះត្រង់នឹងព្រះ។ (ហេ. ១១:៣៤-៣៩) ពួកគាត់មានសេចក្ដីក្លាហានដោយសារព្រះយេហូវ៉ាការពារពួកគាត់ពីអ្វីដែលបំផ្លាញចិត្តស្មោះគ្រប់លក្ខណៈរបស់ពួកគាត់។ ហេតុនេះ យើងអាចយល់ថាការការពារដែលបានត្រូវសន្យានៅទំនុកតម្កើងទី៩១ គឺជាការការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។
១១. តើ«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត»ជាអ្វី? ហើយតើព្រះការពារនរណានៅកន្លែងនោះ?
១១ ដូច្នេះ ពេលអ្នកតែងទំនុកតម្កើងបានរៀបរាប់អំពី«ទីកំបាំងនៃព្រះដ៏ខ្ពស់បំផុត» នេះជាកន្លែងមួយក្នុងន័យធៀបដែលការពារចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ នៅកន្លែងនោះ ពួកអ្នកដែលជាភ្ញៀវរបស់ព្រះមិនមានអ្វីឬនរណាដែលអាចធ្វើឲ្យពួកគាត់លែងមានជំនឿនិងសេចក្ដីស្រឡាញ់ចំពោះព្រះឡើយ។ (ទំនុក. ១៥:១, ២; ១២១:៥) កន្លែងនោះជាទីកំបាំងពីព្រោះមនុស្សដែលមិនជឿមិនអាចយល់ដឹងបានទេ។ នៅទីនោះ ព្រះយេហូវ៉ាការពាររាស្ត្ររបស់លោក ហើយពួកគាត់ហាក់ដូចជានិយាយថា៖ ‹លោកជាព្រះរបស់ខ្ញុំ ខ្ញុំទុកចិត្តនឹងលោក›។ បើយើងស្ថិតនៅក្នុងជម្រកនេះ យើងមិនចាំបាច់ព្រួយហួសហេតុពេកថាយើងនឹងធ្វើឲ្យព្រះលែងពេញចិត្ត ដោយសារលោកនឹងការពារយើងមិនឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់សាថានដែលជា«នាយព្រាន»ឡើយ។
១២. តើមានអ្វីខ្លះដែលអាចធ្វើឲ្យយើងលែងមានចំណងមេត្រីភាពជាមួយព្រះ?
១២ តើមានអ្វីដែលអាចធ្វើឲ្យយើងលែងមានចំណងមេត្រីភាពដ៏មានតម្លៃជាមួយព្រះ? អ្នកតែងទំនុកតម្កើងបានរៀបរាប់អ្វីជាច្រើន ដែលក្នុងនោះមាន«សេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត . . . [និង]សេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់»។ (ទំនុក. ៩១:៥, ៦) «នាយព្រាន»បានបណ្ដាលឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់របស់វាដោយនាំឲ្យពួកគេមានសេចក្ដីប៉ងប្រាថ្នាដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួនក្នុងបំណងចង់ធ្វើជាម្ចាស់លើខ្លួនឯង។ (២កូ. ១១:៣) រីឯអ្នកឯទៀត វាធ្វើឲ្យពួកគេធ្លាក់ចូលក្នុងអន្ទាក់ដោយជំរុញឲ្យមានចិត្តលោភលន់ ចិត្តអំណួត និងការចង់បានវត្ថុទ្រព្យ។ វាបំភាន់មនុស្សខ្លះទៀតដោយប្រើទស្សនវិជ្ជាដូចជាការស្នេហាជាតិ ការវិវត្តន៍ និងសាសនាមិនពិត។ (កូឡ. ២:៨) ម្យ៉ាងទៀត មនុស្សជាច្រើនបានត្រូវទាក់ទាញឲ្យចូលក្នុងអន្ទាក់មួយទៀតគឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ អ្វីៗទាំងអស់នេះប្រៀបដូចជារោគរាតត្បាតមួយដែលបានបង្កឲ្យមនុស្សរាប់លាននាក់បាត់បង់សេចក្ដីស្រឡាញ់ចំពោះព្រះ។—សូមអាន ទំនុកតម្កើង ៩១:៧-១០; ម៉ាថ. ២៤:១២
របៀបការពារសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះ
១៣. តើព្រះយេហូវ៉ាការពារយើងយ៉ាងដូចម្ដេចពីអ្វីៗដែលអាចបង្កឲ្យយើងលែងមានចំណងមេត្រីភាពជាមួយនឹងលោក?
១៣ តើព្រះយេហូវ៉ាការពាររាស្ត្ររបស់លោកយ៉ាងដូចម្ដេចពីអ្វីៗដែលអាចបង្កឲ្យពួកគាត់លែងមានចំណងមេត្រីភាពជាមួយលោក? បទទំនុកតម្កើងចែងថា៖ «ទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ពីដំណើរឯង ឲ្យបានថែរក្សាឯងក្នុងគ្រប់ទាំងផ្លូវរបស់ឯង»។ (ទំនុក. ៩១:១១) បណ្ដាទេវតានៅស្ថានសួគ៌ណែនាំនិងការពារយើងដើម្បីយើងអាចផ្សព្វផ្សាយដំណឹងល្អ។ (បប. ១៤:៦) ក្រៅពីពួកទេវតា ពួកអ្នកចាស់ទុំការពារមិនឲ្យការវែកញែកមិនត្រឹមត្រូវបំភាន់យើង ដោយពួកគាត់ផ្អែកយ៉ាងរឹងមាំលើបទគម្ពីរក្នុងការបង្រៀន។ ពួកគាត់អាចជួយបងប្អូនណាដែលពិបាកយកឈ្នះចិត្តគំនិតរបស់មនុស្សក្នុងពិភពលោក។ (ទីត. ១:៩; ១ពេ. ៥:២) ម្យ៉ាងទៀត «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដើម្បីការពារយើងពីការបង្រៀនអំពីការវិវត្តន៍ ការទាក់ទាញចិត្តឲ្យមានសេចក្ដីប៉ងប្រាថ្នាដែលប្រាសចាកសីលធម៌ ការស្វះស្វែងរកទ្រព្យសម្បត្ដិនិងការចង់បានមុខមាត់ក្នុងសង្គម ព្រមទាំងសេចក្ដីប៉ងប្រាថ្នានិងឥទ្ធិពលជាច្រើនទៀតដែលនាំឲ្យអន្តរាយ។ (ម៉ាថ. ២៤:៤៥) តើអ្វីបានជួយអ្នកឲ្យទប់ទល់នឹងអ្វីៗដែលបានត្រូវរៀបរាប់ខាងលើនេះ?
១៤. តើយើងអាចឆ្លៀតយកប្រយោជន៍ពីការការពារដែលព្រះផ្ដល់ឲ្យយើងយ៉ាងដូចម្ដេច?
១៤ បើយើងចង់ស្ថិតក្នុង«ទីកំបាំង»របស់ព្រះដើម្បីទទួលការការពារពីលោក តើយើងត្រូវធ្វើអ្វី? ដូចយើងត្រូវការពារជីវិតយើងជានិច្ចពីគ្រោះថ្នាក់ ឧក្រិដ្ឋជន ឬជំងឺជាដើម នោះយើងក៏ត្រូវការពារខ្លួនជាដរាបពីអ្វីដែលអាចធ្វើឲ្យយើងបាត់បង់ជំនឿដែរ។ ហេតុនេះហើយបានជាគប្បីឲ្យយើងឆ្លៀតយកប្រយោជន៍ជាទៀងទាត់ពីការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើងតាមរយៈសៀវភៅរបស់អង្គការយើង កិច្ចប្រជុំក្រុមជំនុំ និងសន្និបាតផ្សេងៗ។ យើងក៏សុំយោបល់ពីពួកអ្នកចាស់ទុំដែរ ហើយយើងក៏ទទួលប្រយោជន៍ពីគុណសម្បត្ដិផ្សេងៗរបស់បងប្អូនរួមជំនឿរបស់យើងដែរ មែនទេ? ពិតមែន ការសេពគប់ជាមួយបងប្អូនក្នុងក្រុមជំនុំជួយឲ្យយើងមានប្រាជ្ញា។—សុភ. ១៣:២០; សូមអាន ពេត្រុសទី១ ៤:១០
១៥. ហេតុអ្វីអ្នកអាចមានទំនុកចិត្តថាព្រះយេហូវ៉ាអាចការពារអ្នកពីអ្វីៗក៏ដោយ ដែលអាចនាំឲ្យលោកលែងពេញចិត្តនឹងអ្នក?
១៥ ព្រះយេហូវ៉ាអាចការពារយើងពីអ្វីៗក៏ដោយដែលអាចបណ្ដាលឲ្យយើងធ្វើអ្វីដែលនាំឲ្យលោកលែងពេញចិត្តនឹងយើង។ យើងពិតជាគ្មានហេតុសង្ស័យថាលោកមិនអាចធ្វើដូច្នោះឡើយ។ (រ៉ូម ៨:៣៨, ៣៩) លោកបានការពារក្រុមជំនុំពីសត្រូវដ៏ខ្លាំងក្លាខាងសាសនានិងខាងនយោបាយដែលតាមធម្មតាមិនមានបំណងសម្លាប់យើងទេ តែមានបំណងបំបែកយើងចេញពីព្រះដ៏បរិសុទ្ធរបស់យើងវិញ។ ព្រះយេហូវ៉ាបានសន្យាថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ»។ សេចក្ដីសន្យានេះគឺជាការពិតមែន។—អេ. ៥៤:១៧
តើនរណាឲ្យសេរីភាពដល់យើង?
១៦. ហេតុអ្វីបានជាពិភពលោកនេះមិនអាចផ្ដល់ឲ្យយើងនូវសេរីភាព?
១៦ តើការធ្វើជារបស់ព្រះយេហូវ៉ានាំឲ្យយើងលែងមានសេរីភាពឬ? មិនមែនទេ គឺការធ្វើជារបស់ពិភពលោកវិញដែលនឹងនាំឲ្យយើងលែងមានសេរីភាព។ ពិភពលោកនេះនៅដាច់ឆ្ងាយពីព្រះយេហូវ៉ា ហើយមានព្រះដ៏គ្មានមេត្ដាជាអ្នកគ្រប់គ្រង ជាព្រះដែលបានធ្វើឲ្យមនុស្សក្លាយជាខ្ញុំបម្រើ។ (យ៉ូន. ១៤:៣០) ជាឧទាហរណ៍របៀបរបបពិភពលោករបស់សាថានប្រើបញ្ហាសេដ្ឋកិច្ចដើម្បីធ្វើឲ្យមនុស្សលែងមានសេរីភាព។ (សូមពិនិត្យបន្ថែម ការបើកបង្ហាញ ១៣:១៦, ១៧) ភាពខុសឆ្គងក៏អាចល្បួងមនុស្សឲ្យក្លាយទៅជាខ្ញុំបម្រើ។ (យ៉ូន. ៨:៣៤; ហេ. ៣:១៣) ដូច្នេះ ពួកអ្នកដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាលើកស្ទួយរបៀបរស់នៅដែលប្រឆាំងនឹងសេចក្ដីបង្រៀនរបស់លោក ហើយថានេះនឹងនាំឲ្យយើងមានសេរីភាព។ ក៏ប៉ុន្តែ អ្នកណាដែលធ្វើតាមយោបល់របស់ពួកគេនឹងដឹងភ្លាមៗថា ខ្លួនគេជាប់ជាខ្ញុំបម្រើនៃគន្លងជីវិតមួយដែលមានអំពើខុសឆ្គងនិងដែលថោកទាប។—រ៉ូម ១:២៤-៣២
១៧. តើព្រះយេហូវ៉ាផ្ដល់នូវសេរីភាពអ្វីឲ្យយើង?
១៧ ផ្ទុយទៅវិញ បើយើងប្រគល់ជីវិតយើងជូនព្រះយេហូវ៉ា លោកនឹងរំដោះយើងពីអ្វីៗទាំងអស់ដែលនាំឲ្យយើងមានគ្រោះថ្នាក់។ ស្ថានភាពរបស់យើងគឺដូចមនុស្សម្នាក់ដែលមានជំងឺធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យស្លាប់ ហើយគាត់បានប្រគល់ជីវិតខ្លួនទៅគ្រូពេទ្យវះកាត់ជំនាញម្នាក់ដែលអាចធ្វើឲ្យគាត់ជាពីជំងឺនោះ។ យើងទាំងអស់គ្នាមានជំងឺធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យយើងស្លាប់ ពោលគឺភាពខុសឆ្គងដែលយើងឆ្លងពីជីដូនជីតាដំបូងរបស់យើង។ ដោយផ្អែកលើគ្រឿងបូជារបស់គ្រិស្ត យើងអាចមានសេចក្ដីសង្ឃឹមរួចផុតពីផលវិបាកដែលមកពីអំពើខុសឆ្គង ហើយអាចរស់នៅជារៀងរហូតបាន លុះត្រាតែយើងប្រគល់ជីវិតយើងជូនព្រះយេហូវ៉ា។ (យ៉ូន. ៣:៣៦) យើងពិតជាមានទំនុកចិត្តកាន់តែខ្លាំងឡើងចំពោះគ្រូពេទ្យវះកាត់ ពេលយើងឮអំពីកេរ្ដិ៍ឈ្មោះរបស់គាត់។ ដូចគ្នាដែរ កាលដែលយើងបន្តរៀនអំពីព្រះយេហូវ៉ា យើងនឹងទុកចិត្តទៅលើលោករឹតតែច្រើនឡើង។ អាស្រ័យហេតុនេះ យើងបន្តសិក្សាបណ្ដាំរបស់ព្រះយ៉ាងដិតដល់ ពីព្រោះយើងដឹងថានេះនឹងជួយឲ្យយើងស្រឡាញ់លោក ហើយនេះនឹងជួយយើងឲ្យបំបាត់ចោលការភ័យខ្លាចណាក៏ដោយដែលមកពីការធ្វើជារបស់លោក។—១យ៉ូន. ៤:១៨
១៨. តើពួកអ្នកដែលជារបស់ព្រះយេហូវ៉ានឹងទទួលអ្វី?
១៨ ព្រះយេហូវ៉ាឲ្យមនុស្សទាំងអស់មានសេរីភាពសម្រេចចិត្ត។ បណ្ដាំរបស់លោកចែងថា៖ «ចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង»។ (ចោ. ៣០:១៩, ២០) លោកចង់ឲ្យយើងសម្រេចចិត្តដោយផ្ទាល់បម្រើលោក ហើយនេះជាវិធីដែលលោកចង់ឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោក។ ដូច្នេះ ជាជាងធ្វើឲ្យយើងលែងមានសេរីភាព ការធ្វើជារបស់ព្រះដែលយើងស្រឡាញ់ពិតជានឹងនាំឲ្យយើងសប្បាយចិត្តរហូត។
១៩. ហេតុអ្វីបានជាការធ្វើជារបស់ព្រះយេហូវ៉ា ជាគុណដ៏វិសេសលើសលប់សម្រាប់យើង?
១៩ ដោយសារយើងជាមនុស្សដែលប្រព្រឹត្តអំពើខុសឆ្គង យើងមិនសមជារបស់ព្រះដែលល្អឥតខ្ចោះទេ។ មានតែគុណដ៏វិសេសលើសលប់របស់ព្រះប៉ុណ្ណោះដែលអាចជួយយើងឲ្យធ្វើដូច្នោះ។ (២ធី. ១:៩) ហេតុនេះ ប៉ូលបានសរសេរថា៖ «ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះយេហូវ៉ា ហើយបើយើងស្លាប់ យើងស្លាប់ដើម្បីព្រះយេហូវ៉ា។ ដូច្នេះ ទោះជាយើងរស់ឬស្លាប់ក្ដី យើងជារបស់ព្រះយេហូវ៉ា»។ (រ៉ូម ១៤:៨) ប្រាកដហើយ ការសម្រេចចិត្តធ្វើជារបស់ព្រះយេហូវ៉ាមិនធ្វើឲ្យយើងស្ដាយក្រោយទេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងទទួលប្រយោជន៍អ្វីខ្លះពីការធ្វើជារបស់ព្រះយេហូវ៉ា?
• ហេតុអ្វីបានជាយើងអាចធ្វើអ្វីដែលព្រះចង់ឲ្យយើងធ្វើ?
• តើព្រះយេហូវ៉ាការពារអ្នកបម្រើលោកតាមរបៀបណា?
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១៥]
ចូរសួរអ្នកឯទៀតថាពួកគេទទួលប្រយោជន៍យ៉ាងណា ពីការធ្វើជារបស់ព្រះយេហូវ៉ា
[ឃ្លាពន្យល់អំពីរូបភាពនៅទំព័រ១៦]
តើព្រះយេហូវ៉ាផ្ដល់ការការពារតាមរបៀបណាខ្លះ?