ព្រះយេហូវ៉ាជាអ្នកផ្គត់ផ្គង់និងជាអ្នកការពារយើង
«ដោយព្រោះវាបានយកអញជាទីស្រឡាញ់ នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះវាបានស្គាល់ឈ្មោះអញ»។—ទំនុក. ៩១:១៤
១, ២. តើស្ថានភាពក្រុមគ្រួសារនិងរបៀបរៀនសេចក្ដីពិតរបស់យើងម្នាក់ៗគឺខុសគ្នាយ៉ាងណា?
ព្រះយេហូវ៉ាជាអ្នករៀបចំឲ្យមានក្រុមគ្រួសារ។ (អេភ. ៣:១៤, ១៥) យើងមានលក្ខណៈនិងស្ថានភាពខុសពីគ្នា ទោះជាយើងជាសមាជិកក្រុមគ្រួសារតែមួយក៏ដោយ។ អ្នកប្រហែលជារស់នៅជាមួយឪពុកម្ដាយរបស់អ្នកតាំងពីពេលអ្នកកើតមករហូតដល់ពេលធំពេញវ័យ។ មនុស្សផ្សេងទៀតប្រហែលជាបាត់បង់ឪពុកម្ដាយ ដោយសារពួកគាត់បានស្លាប់ដោយជំងឺ ដោយគ្រោះថ្នាក់ ឬដោយសាររឿងខ្លោចផ្សាឯទៀត។ អ្នកឯទៀតមិនទាំងស្គាល់ឪពុកម្ដាយរបស់ពួកគេផង។
២ សមាជិកក្រុមគ្រួសាររបស់ព្រះយេហូវ៉ាដែលជាអ្នកគោរពប្រណិប័តន៍លោកបានរៀនសេចក្ដីពិតតាមរបៀបផ្សេងពីគ្នា។ ឪពុកម្ដាយរបស់អ្នកប្រហែលជាបានចិញ្ចឹមអប់រំអ្នកឲ្យរស់នៅសមស្របតាមគោលការណ៍គម្ពីរ។ (ចោ. ៦:៦, ៧) ម្យ៉ាងទៀត អ្នកប្រហែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលបានរៀនសេចក្ដីពិតតាមរយៈកិច្ចផ្សព្វផ្សាយរបស់អ្នកបម្រើឯទៀតរបស់ព្រះយេហូវ៉ា។—រ៉ូម ១០:១៣-១៥; ១ធី. ២:៣, ៤
៣. តើយើងទាំងអស់គ្នាមានអ្វីខ្លះដែលដូចគ្នា?
៣ ទោះជាយើងមកពីមជ្ឈដ្ឋានខុសគ្នាក៏ដោយ យើងទាំងអស់គ្នាមានអ្វីមួយដែលដូចគ្នា។ យើងរងផលវិបាកដែលបណ្ដាលមកពីការមិនស្ដាប់បង្គាប់របស់អាដាម ហើយបានឆ្លងភាពខុសឆ្គងនិងសេចក្ដីស្លាប់។ (រ៉ូម ៥:១២) ទោះជាដូច្នេះក្ដី ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ពិត គឺជាការសមរម្យដែលយើងហៅព្រះយេហូវ៉ាជា«បិតារបស់យើង»។ ស្តីអំពីរាស្ត្រនៅសម័យបុរាណដែលព្រះបានជ្រើសរើស អេសាយ ៦៤:៨ចែងថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំ»។ ម្យ៉ាងទៀត លោកយេស៊ូបានចាប់ផ្ដើមសេចក្ដីអធិដ្ឋានជាគំរូដោយពាក្យថា៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។—ម៉ាថ. ៦:៩
៤, ៥. ដើម្បីឲ្យយើងកាន់តែមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដែលជាបិតារបស់យើង តើយើងនឹងពិចារណាអំពីអ្វីខ្លះ?
៤ បិតារបស់យើងដែលនៅស្ថានសួគ៌ផ្ដល់ការការពារ ហើយថែរក្សាយើង កាលដែលយើងហៅរកនាមរបស់លោកដោយជំនឿ។ អ្នកតែងទំនុកតម្កើងដកស្រង់ពាក្យរបស់លោកថា៖ «ដោយព្រោះវា[អ្នកគោរពប្រណិប័តន៍ពិតម្នាក់]បានយកអញជាទីស្រឡាញ់ នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះវាបានស្គាល់ឈ្មោះអញ»។ (ទំនុក. ៩១:១៤) ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាជួយសង្គ្រោះរាស្ត្ររបស់លោកពីសត្រូវ ហើយការពារពួកគេ ដើម្បីកុំឲ្យពួកគេត្រូវបំផ្លាញចោល។
៥ ដើម្បីឲ្យយើងកាន់តែមានចិត្តដឹងគុណចំពោះបិតារបស់យើងដែលនៅស្ថានសួគ៌ សូមយើងពិចារណាកត្ដាសំខាន់បីយ៉ាងគឺ (១) បិតារបស់យើងគឺជាអ្នកផ្គត់ផ្គង់យើង។ (២) ព្រះយេហូវ៉ាជាអ្នកការពារយើង។ ហើយ (៣) លោកជាមិត្តភក្ដិដ៏ល្អបំផុតរបស់យើង។ ការពិចារណាអំពីចំណុចទាំងនេះនឹងជួយយើងឲ្យរំពឹងគិតអំពីចំណងមិត្តភាពរវាងយើងនិងព្រះ និងឲ្យយើងដឹងអំពីរបៀបដែលយើងអាចលើកតម្កើងលោកជាបិតារបស់យើង។ យើងនឹងទទួលប្រយោជន៍ផងដែរ បើយើងពិចារណាអំពីពរដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកអ្នកដែលចូលទៅជិតលោក។—យ៉ា. ៤:៨
ព្រះយេហូវ៉ាជាអ្នកផ្គត់ផ្គង់ដ៏ឧត្តម
៦. តើរបៀបមួយដែលព្រះយេហូវ៉ាបង្ហាញថាលោកជាអ្នកដែលឲ្យ«គ្រប់ទាំងរបស់ល្អ»ដល់យើងគឺជាអ្វី?
៦ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ សុទ្ធតែមកពីស្ថានលើ ព្រោះរបស់ទាំងនោះមកពីបិតានៃពន្លឺនានានៅលើមេឃ»។ (យ៉ា. ១:១៧) ជីវិតគឺជាអំណោយដ៏អស្ចារ្យពីព្រះយេហូវ៉ា។ (ទំនុក. ៣៦:៩) ដោយប្រើជីវិតរបស់យើងដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ យើងទទួលពរជាច្រើននៅពេលឥឡូវនេះ ហើយនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅក្នុងពិភពលោកថ្មី។ (សុភ. ១០:២២; ២ពេ. ៣:១៣) ប៉ុន្តែតើរឿងនេះអាចកើតឡើងយ៉ាងដូចម្ដេចបាន កាលដែលយើងទាំងអស់គ្នាឆ្លងភាពខុសឆ្គងនិងសេចក្ដីស្លាប់ពីអាដាម?
៧. តើតាមរបៀបណាព្រះបានបើកឱកាសឲ្យយើងមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយលោក?
៧ ព្រះយេហូវ៉ាពិតជាអ្នកផ្គត់ផ្គង់ដ៏ឧត្តមតាមរបៀបជាច្រើនរាប់មិនអស់។ ជាឧទាហរណ៍ គុណដ៏វិសេសលើសលប់របស់លោកជំរុញលោកឲ្យសង្គ្រោះជីវិតយើង។ យើងទាំងអស់គ្នាមានភាពខុសឆ្គង ហើយឆ្លងភាពមិនល្អឥតខ្ចោះពីឪពុកដំបូងរបស់យើងនៅផែនដី។ (រ៉ូម ៣:២៣) ក៏ប៉ុន្តែដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីបើកឱកាសឲ្យយើងមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយលោក។ សាវ័កយ៉ូហានបានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះបានត្រូវសម្ដែងចំពោះយើង ពីព្រោះព្រះបានចាត់បុត្រតែមួយរបស់លោកឲ្យមកក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចបានជីវិតតាមរយៈបុត្រនោះ។ សេចក្ដីស្រឡាញ់នៅត្រង់កន្លែងនេះ គឺមិនមែនយើងទេដែលបានស្រឡាញ់ព្រះ តែគឺលោកដែលបានស្រឡាញ់យើង ដោយចាត់បុត្ររបស់លោក ឲ្យធ្វើជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងយើងនិងព្រះ»។—១យ៉ូន. ៤:៩, ១០
៨, ៩. នៅសម័យអាប្រាហាំនិងអ៊ីសាក តើព្រះយេហូវ៉ាបានបង្ហាញថាលោកជាអ្នកផ្គត់ផ្គង់ដ៏ឧត្តមយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)។
៨ នៅសតវត្សរ៍ទី១៩ មុន គ.ស. ព្រឹត្ដិការណ៍មួយក្នុងជីវិតរបស់អាប្រាហាំបានបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ានឹងផ្ដល់អំណោយដែលជាជីវិតដែលគ្មានទីបញ្ចប់ដល់មនុស្សទាំងអស់ដែលស្ដាប់បង្គាប់លោក។ ហេប្រឺ ១១:១៧-១៩ពន្យល់ថា៖ «ដោយសារជំនឿ ពេលដែលអាប្រាហាំបានត្រូវពិសោធ គាត់បង្ហាញជំនឿរបស់គាត់ដោយបម្រុងនឹងបូជាអ៊ីសាក គឺបុរសដែលបានទទួលសេចក្ដីសន្យាដោយអំណរ បានប៉ុនប៉ងបូជាកូនប្រុសតែមួយរបស់គាត់ ទោះជាគាត់បានត្រូវប្រាប់ថា៖ ‹អ្នកដែលនឹងត្រូវហៅថា«ពូជរបស់អ្នក»នឹងកើតពីអ៊ីសាក›។ ប៉ុន្តែគាត់យល់ឃើញថា ព្រះអាចប្រោសឲ្យអ៊ីសាករស់ឡើងវិញ សូម្បីតែស្លាប់ទៅហើយក្ដី ហើយគាត់បានទទួលអ៊ីសាកពីសេចក្ដីស្លាប់ក្នុងន័យធៀបមែន»។ ដូចអាប្រាហាំសុខចិត្តបូជាអ៊ីសាកដែលជាកូនប្រុសរបស់គាត់ ព្រះយេហូវ៉ាសុខចិត្តបូជាលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក ដើម្បីសង្គ្រោះមនុស្សជាតិ។—សូមអាន យ៉ូហាន ៣:១៦, ៣៦
៩ តើអ្នកអាចស្រមៃគិតថាអ៊ីសាកធូរចិត្តប៉ុណ្ណា ពេលដែលគាត់ដឹងថាគាត់មិនចាំបាច់ស្លាប់? គាត់ច្បាស់ជាដឹងគុណព្រះដែលលោកបានផ្ដល់នូវគ្រឿងបូជាមួយជំនួសគាត់ ពោលគឺចៀមឈ្មោលដែលជាប់ក្នុងគុម្ពោតព្រៃដែលនៅជិតនោះ។ (លោ. ២២:១០-១៣) ហេតុនេះ កន្លែងនោះបានត្រូវហៅថា«យេហូវ៉ា-យីរេ» ដែលជាភាសាហេប្រឺមានន័យថា«ព្រះយេហូវ៉ានឹងផ្គត់ផ្គង់»។—លោ. ២២:១៤
របៀបរៀបចំដើម្បីផ្សះផ្សាជាមួយនឹងព្រះ
១០, ១១. តើអ្នកណាបាននាំមុខក្នុង«កិច្ចបម្រើខាងការផ្សះផ្សា» ហើយតើតាមរបៀបណាពួកគាត់បានធ្វើដូច្នេះ?
១០ កាលដែលយើងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញថាលោកជាអ្នកផ្គត់ផ្គង់ដ៏ឧត្តម យើងទទួលស្គាល់ដោយចិត្តដឹងគុណនូវតួនាទីដ៏សំខាន់ចាំបាច់របស់លោកយេស៊ូគ្រិស្ត ដូចប៉ូលបានទទួលស្គាល់ពេលគាត់បានសរសេរថា៖ «ដោយសារយើងយល់ឃើញថា បុរសម្នាក់បានស្លាប់ដើម្បីមនុស្សទាំងអស់ តាមពិត ពីព្រោះមនុស្សទាំងអស់បានស្លាប់រួចហើយ ហើយលោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។—២កូ. ៥:១៤, ១៥
១១ គ្រិស្តសាសនិកនៅសម័យដើម ទទួលយក«កិច្ចបម្រើខាងការផ្សះផ្សា»ដោយចិត្តរីករាយ ដោយសារពួកគាត់ស្រឡាញ់ព្រះ ហើយមានចិត្តកតញ្ញូចំពោះឯកសិទ្ធិដ៏អស្ចារ្យក្នុងកិច្ចបម្រើលោក។ កិច្ចការរបស់ពួកគាត់ ដែលជាការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ បើកឱកាសឲ្យមនុស្សជាច្រើនដែលមានចិត្តស្មោះមានសេចក្ដីសុខសាន្តជាមួយព្រះ មានចំណងមិត្តភាពជាមួយលោក ហើយនៅទីបំផុតពួកគេក្លាយទៅជាបុត្ររបស់លោកនៅស្ថានសួគ៌។ សព្វថ្ងៃនេះ អ្នកបម្រើព្រះយេហូវ៉ាដែលបានត្រូវរើសតាំង បំពេញកិច្ចបម្រើផ្សាយដូចគ្នានេះ។ អ្វីដែលពួកគាត់បានសម្រេចក្នុងនាមជាទូតតំណាងព្រះនិងគ្រិស្ត ធ្វើឲ្យព្រះយេហូវ៉ាអាចទាញនាំមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវឲ្យមកឯលោក ហើយទៅជាអ្នកជឿ។—សូមអាន កូរិនថូសទី២ ៥:១៨-២០; យ៉ូន. ៦:៤៤; សកម្ម. ១៣:៤៨
១២, ១៣. តើតាមរបៀបណាយើងអាចបង្ហាញថាយើងដឹងគុណព្រះយេហូវ៉ាដោយសារលោកផ្ដល់អ្វីៗជាច្រើនដល់យើង?
១២ ដោយមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដែលជាអ្នកផ្គង់ផ្គង់ដ៏ឧត្តម គ្រិស្តសាសនិកទាំងអស់ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដី រួមចំណែកជាមួយគ្រិស្តសាសនិកដែលព្រះបានរើសតាំងក្នុងកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្រព្រះ។ ក្នុងកិច្ចផ្សព្វផ្សាយនេះ យើងប្រើគម្ពីរដែលជាអំណោយដ៏អស្ចារ្យមួយទៀតពីព្រះ។ (២ធី. ៣:១៦, ១៧) ដោយប្រើបណ្ដាំរបស់ព្រះយ៉ាងប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ យើងផ្ដល់ឱកាសឲ្យមនុស្សឯទៀតទទួលជីវិតដែលគ្មានទីបញ្ចប់។ ប៉ុន្តែដើម្បីជួយយើងឲ្យបំពេញកិច្ចការនេះ យើងម្នាក់ៗពឹងផ្អែកលើអ្វីមួយទៀតដែលព្រះយេហូវ៉ាផ្ដល់ឲ្យ ពោលគឺសកម្មពលបរិសុទ្ធរបស់លោក។ (សាក. ៤:៦; លូក. ១១:១៣) ដូចលេខនីមួយៗនៃសៀវភៅប្រចាំឆ្នាំនៃសាក្សីព្រះយេហូវ៉ា ជាភាសាអង់គ្លេសបានចែង លទ្ធផលនៃកិច្ចផ្សព្វផ្សាយគឺអស្ចារ្យណាស់។ យើងពិតជាមានកិត្ដិយសដោយបានរួមចំណែកក្នុងកិច្ចការនេះ ដែលសរសើរព្រះដែលជាបិតារបស់យើងនិងជាអ្នកផ្គត់ផ្គង់យើង!
១៣ ស្តីអំពីអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានផ្គត់ផ្គង់យើង យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ ដើម្បីបង្ហាញព្រះយេហូវ៉ាថាខ្ញុំពិតជាដឹងគុណលោកចំពោះអ្វីដែលលោកបានផ្ដល់ឲ្យខ្ញុំឬទេ? តើតាមរបៀបណាខ្ញុំអាចក្លាយជាអ្នកផ្សាយដំណឹងល្អដែលកាន់តែមានប្រសិទ្ធភាព?›។ យើងអាចបង្ហាញចិត្តដឹងគុណចំពោះអ្វីៗដ៏អស្ចារ្យដែលព្រះផ្គង់ផ្គង់យើងដោយបន្តចាត់ទុកកិច្ចការខាងរាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់យើង។ ប្រសិនបើយើងធ្វើដូច្នេះ ព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីឲ្យយើងនូវអ្វីដែលយើងត្រូវការ។ (ម៉ាថ. ៦:២៥-៣៣) ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង យើងប្រាកដជាចង់ខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យលោកពេញចិត្ត ហើយធ្វើឲ្យចិត្តលោករីករាយ។—សុភ. ២៧:១១
១៤. តើតាមរបៀបណាព្រះយេហូវ៉ាបានធ្វើជាអ្នកជួយសង្គ្រោះរាស្ត្ររបស់លោក?
១៤ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានច្រៀងថា៖ «ឯទូលបង្គំៗក្រីក្រ ហើយទុគ៌ត ប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរ ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផង»។ (ទំនុក. ៤០:១៧) ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានធ្វើជាអ្នកជួយសង្គ្រោះរាស្ត្ររបស់លោកជាក្រុម ជាពិសេសពេលដែលពួកគេរងការបៀតបៀនយ៉ាងសាហាវឥតឈប់ឈរពីពួកសត្រូវរបស់ពួកគេ។ យើងពិតជាដឹងគុណព្រះយេហូវ៉ា ដែលលោកតែងតែផ្ដល់ឲ្យយើងនូវអ្វីដែលយើងត្រូវការដើម្បីនៅស្មោះត្រង់នឹងលោកក្នុងអំឡុងគ្រាដ៏លំបាកបែបនេះ។
ព្រះយេហូវ៉ាផ្ដល់ការការពារ
១៥. សូមលើកឧទាហរណ៍អំពីរបៀបដែលឪពុកម្នាក់ដែលស្រឡាញ់កូន ខំប្រឹងការពារកូនរបស់គាត់។
១៥ ឪពុកម្នាក់ដែលស្រឡាញ់កូនមិនត្រឹមតែផ្គត់ផ្គង់កូនប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ខំប្រឹងការពារពួកគេដែរ។ តាមធម្មតាគាត់នឹងព្យាយាមជួយសង្គ្រោះពួកគេ ប្រសិនបើពួកគេជួបគ្រោះថ្នាក់។ បងប្រុសម្នាក់បាននឹកចាំអំពីអ្វីដែលបានកើតឡើងដល់គាត់ពេលដែលគាត់នៅក្មេង។ ពេលដែលគាត់និងឪពុករបស់គាត់បានត្រឡប់មកផ្ទះវិញក្រោយកិច្ចផ្សព្វផ្សាយ ពួកគាត់ត្រូវឆ្លងស្ទឹងតូចមួយ។ ព្រឹកនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យស្ទឹងនោះមានទឹកជន់។ របៀបតែមួយគត់ដើម្បីឆ្លងស្ទឹងនោះគឺ ពួកគាត់ត្រូវលោតពីថ្មដ៏ធំមួយទៅថ្មមួយទៀត។ ពេលឆ្លងទៅមុនឪពុកគាត់ គាត់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹក ហើយបានលិចទៅក្នុងទឹកពីរដង។ កូននោះពិតជាដឹងគុណឪពុកគាត់យ៉ាងខ្លាំងដោយសារឪពុកគាត់បានចាប់ទាញស្មាគាត់យ៉ាងលឿន ហើយបានសង្គ្រោះគាត់ពីការលង់ទឹក! ស្រដៀងគ្នាដែរ បិតារបស់យើងដែលនៅស្ថានសួគ៌ ការពារយើងពីគ្រោះថ្នាក់នៅក្នុងពិភពលោកដ៏អាក្រក់នេះ និងពីសាថានដែលជាអ្នកគ្រប់គ្រងពិភពលោកនេះ។ ព្រះយេហូវ៉ាពិតជាអ្នកការពារដ៏ប្រសើរបំផុតដែលមិនធ្លាប់មាន។—ម៉ាថ. ៦:១៣; ១យ៉ូន. ៥:១៩
១៦, ១៧. តើតាមរបៀបណាព្រះយេហូវ៉ាបានជួយ ហើយការពារជនជាតិអ៊ីស្រាអែល ពេលដែលពួកគេច្បាំងនឹងជនជាតិអាម៉ាលេក?
១៦ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានការពាររាស្ត្ររបស់លោកនៅឆ្នាំ១៥១៣ មុនគ.ស.។ លោកបានរំដោះជនជាតិអ៊ីស្រាអែលពីទាសភាព ហើយបានការពារពួកគេពេលដែលពួកគេឆ្លងសមុទ្រក្រហម។ ក្រោយពីធ្វើដំណើរឆ្លងកាត់តំបន់ស្ងាត់ជ្រងំទៅភ្នំស៊ីណាយ ជនជាតិអ៊ីស្រាអែលបានទៅដល់កន្លែងមួយឈ្មោះរេផិឌីម។
១៧ ដោយសារទំនាយរបស់ព្រះនៅលោកុប្បត្តិ ៣:១៥ សាថានច្បាស់ជាខំប្រឹងអស់ពីសមត្ថភាពដើម្បីរកវិធីវាយប្រហារទៅលើជនជាតិអ៊ីស្រាអែលដែលមើលទៅគ្មានអ្វីការពារខ្លួន។ វាបានធ្វើដូច្នេះតាមរយៈជនជាតិអាម៉ាលេក ដែលជាសត្រូវរបស់រាស្ត្រព្រះ។ (ជន. ២៤:២០) សូមពិចារណាអំពីអ្វីដែលព្រះយេហូវ៉ាបានសម្រេច តាមរយៈបុរសដ៏ស្មោះត្រង់បួននាក់គឺ យ៉ូស្វេ ម៉ូសេ អេរ៉ុននិងហើរ។ ពេលដែលយ៉ូស្វេប្រយុទ្ធនឹងជនជាតិអាម៉ាលេក ម៉ូសេ អេរ៉ុននិងហើរនៅលើភ្នំមួយដែលនៅជិតនោះ។ ក្នុងពេលធ្វើសង្គ្រាម ជនជាតិអ៊ីស្រាអែលខ្លាំងជាងសត្រូវ ពេលដែលម៉ូសេលើកដៃឡើង។ ពេលដែលគាត់រួយដៃ អេរ៉ុននិងហើរបានទ្រដៃរបស់គាត់។ ដូច្នេះ ដោយមានជំនួយនិងការការពារពីព្រះយេហូវ៉ា «យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេ»។ (និក្ខ. ១៧:៨-១៣) ម៉ូសេបានធ្វើទីបូជាមួយនៅទីនោះ ហើយហៅទីនោះថា«យេហូវ៉ា-នីស៊ី» ដែលជាភាសាហេប្រឺមានន័យថា«ព្រះយេហូវ៉ាជាបង្គោលរបស់ខ្ញុំ»។—សូមអាន និក្ខមនំ ១៧:១៤, ១៥
ទទួលការការពារឲ្យរួចពីកណ្ដាប់ដៃរបស់សាថាន
១៨, ១៩. តើព្រះបានផ្ដល់នូវការការពារអ្វីដល់អ្នកបម្រើលោកនៅសម័យនេះ?
១៨ ព្រះយេហូវ៉ាការពារពួកអ្នកដែលស្រឡាញ់ ហើយគោរពលោក។ ដូចជនជាតិអ៊ីស្រាអែលនៅរេផិឌីម យើងស្វែងរកការការពារពីព្រះយេហូវ៉ាពេលយើងប្រឈមមុខនឹងសត្រូវ។ ព្រះយេហូវ៉ាច្រើនតែការពារយើងជាក្រុម ហើយជួយយើងឲ្យរួចពីកណ្ដាប់ដៃរបស់មេកំណាច។ សូមគិតអំពីឱកាសជាច្រើនដែលព្រះបានការពារបងប្អូនរបស់យើង ដែលបានកាន់ជំហរអព្យាក្រឹតជាគ្រិស្តសាសនិក។ ជាឧទាហរណ៍ នេះជាអ្វីដែលបានកើតឡើងនៅក្នុងអំឡុងរបបគ្រប់គ្រងរបស់ណាត្ស៊ីនៅប្រទេសអាឡឺម៉ង់ និងនៅប្រទេសឯទៀតនៅទសវត្សរ៍ឆ្នាំ១៩៣០ និងនៅដើមទសវត្សរ៍ឆ្នាំ១៩៤០។ ពេលយើងអាន ហើយរំពឹងគិតអំពីជីវប្រវត្ដិនិងកំណត់ហេតុនៅក្នុងសៀវភៅប្រចាំឆ្នាំ ស្តីអំពីអ្វីដែលព្រះបានធ្វើដើម្បីការពាររាស្ត្ររបស់លោកក្នុងអំឡុងពេលដែលមានការបៀតបៀន នោះនឹងពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាដែលជាទីពឹងពំនាក់របស់យើង។—ទំនុក. ៩១:២
១៩ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាក៏ការពារយើងដែរដោយផ្ដល់ឲ្យយើងនូវការរំលឹកតាមរយៈអង្គការរបស់លោកនិងសៀវភៅផ្សេងៗរបស់អង្គការនោះ។ សូមពិចារណាអំពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីការរំលឹកទាំងនោះនៅពេលថ្មីៗនេះ។ មនុស្សក្នុងពិភពលោកនេះកាន់តែវក់នឹងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការផឹកស្រានិងការមើលរូបអាសអាភាស។ ប៉ុន្តែព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវការរំលឹកជាបន្ទាន់និងជំនួយជាក់លាក់ ដើម្បីការពារយើងមិនឲ្យធ្វើអ្វីដែលអាចបង្ខូចចំណងមិត្តភាពរវាងយើងនិងលោក។ ជាឧទាហរណ៍ យើងទទួលឱវាទពីបិតារបស់យើងឲ្យជៀសវាងពីការសេពគប់អាក្រក់តាមរយៈការប្រើមិនត្រឹមត្រូវនូវបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នា។a—១កូ. ១៥:៣៣
២០. តើការការពារនិងការណែនាំអ្វី ដែលយើងទទួលតាមរយៈក្រុមជំនុំ?
២០ តើតាមរបៀបណាយើងអាចបង្ហាញថាយើងពិតជា«សិស្សរបស់ព្រះយេហូវ៉ា»? គឺដោយធ្វើតាមបញ្ញត្ដិរបស់លោកឲ្យបានដិតដល់។ (អេ. ៥៤:១៣) ក្រុមជំនុំរបស់យើងគឺជាកន្លែងមួយដែលមានសុវត្ថិភាពដែលយើងទទួលការការពារនិងការណែនាំ។ នៅទីនោះអ្នកចាស់ទុំផ្ដល់ឲ្យយើងនូវជំនួយនិងឱវាទពីគម្ពីរ។ (កាឡ. ៦:១) ព្រះយេហូវ៉ាកំពុងប្រើ«អំណោយជាមនុស្ស»ទាំងនេះដើម្បីថែទាំយើងដោយសេចក្ដីស្រឡាញ់។ (អេភ. ៤:៧, ៨) តើយើងគួរប្រព្រឹត្តតបយ៉ាងណា? ការចុះចូលនិងការស្ដាប់បង្គាប់ដោយស្ម័គ្រចិត្តនាំឲ្យបានពរពីព្រះ។—ហេ. ១៣:១៧
២១. (ក) តើយើងគួរតាំងចិត្តធ្វើអ្វី? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅអត្ថបទបន្ទាប់?
២១ ដូច្នេះ ចូរយើងតាំងចិត្តឲ្យសកម្មពលបរិសុទ្ធដឹកនាំយើង ហើយធ្វើតាមការណែនាំនៃបិតារបស់យើងដែលនៅស្ថានសួគ៌។ យើងក៏ត្រូវរំពឹងគិតអំពីរបៀបរស់នៅរបស់លោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក ហើយខំប្រឹងធ្វើតាមគំរូរបស់លោកដែលប្រៀបផ្ទឹមពុំបាន។ ដោយសារលោកយេស៊ូបានស្ដាប់បង្គាប់រហូតដល់លោកទទួលមរណភាព នោះលោកបានទទួលរង្វាន់យ៉ាងវិសេស។ (ភី. ២:៥-១១) យើងក៏នឹងទទួលរង្វាន់ដែរ បើយើងទុកចិត្តព្រះយេហូវ៉ាអស់ពីចិត្ត។ (សុភ. ៣:៥, ៦) ដូច្នេះ សូមឲ្យយើងទុកចិត្តលើព្រះយេហូវ៉ាជានិច្ច ដែលជាអ្នកផ្គត់ផ្គង់និងជាអ្នកការពារយើងដែលប្រៀបផ្ទឹមពុំបាន។ យើងពិតជាមានអំណរនិងមានឯកសិទ្ធិដ៏អស្ចារ្យមែនដែលយើងបម្រើលោក! ប៉ុន្តែតើតាមរបៀបណាព្រះយេហូវ៉ាជាមិត្តភក្ដិដ៏ល្អបំផុតរបស់យើង? យើងនឹងស្រឡាញ់លោកកាន់តែខ្លាំងឡើងកាលដែលយើងឆ្លើយសំណួរនេះនៅអត្ថបទបន្ទាប់។
a ការព្រមានទាំងនេះមាននៅក្នុងអត្ថបទដែលមានចំណងជើងថា «ការប្រើប្រព័ន្ធអ៊ីនធឺណិត ដែលជាឧបករណ៍ដែលមនុស្សប្រើទូទាំងពិភពលោក ឲ្យមានប្រយោជន៍ច្រើនបំផុត» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១១ ទំព័រ៣-៥ ជាភាសាអង់គ្លេស និងអត្ថបទ«ចូរប្រយ័ត្ននឹងអន្ទាក់របស់មេកំណាច!» និង«ចូរកាន់ជំហរមាំមួន ហើយជៀសពីអន្ទាក់របស់សាថាន!» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ទំព័រ២០-២៩។