ចូរដើរដោយមានចិត្តគ្រប់ល័ក្ខណ៍
«ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំតទៅ»។—ទំនុកដំកើង ២៦:១១
១, ២. (ក) ហេតុអ្វីបានជាចិត្តគ្រប់ល័ក្ខណ៍របស់មនុស្សទាក់ទងនឹងរឿងសិទ្ធិគ្រប់គ្រងរបស់ព្រះ? (ខ) តើបុគ្គលវិញ្ញាណនិងមនុស្សអាចបង្ហាញថាពួកគេគាំទ្រខាងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
នៅសួនច្បារអេដែន ពេលដែលសាតាំងបានប្រឆាំងនឹងព្រះ វាបានចោទប្រកាន់ដោយទម្លាក់ការសង្ស័យទៅលើសិទ្ធិរបស់ទ្រង់ក្នុងការគ្រប់គ្រងលើមនុស្សនិងបុគ្គលវិញ្ញាណ។ ក្រោយមកទៀត វាក៏បានចោទប្រកាន់ថាមនុស្សបំរើព្រះដរាបណាដែលខ្លួនគេបានទទួលផលប្រយោជន៍តែប៉ុណ្ណោះ។ (យ៉ូប ១:៩-១១; ២:៤) ហេតុដូច្នេះ ចិត្តគ្រប់ល័ក្ខណ៍របស់មនុស្សបានត្រូវពាក់ព័ន្ធនឹងរឿងដែលថា តើព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងលើសកលលោកឬក៏អត់។
២ ទោះជាសិទ្ធិគ្រប់គ្រងរបស់ព្រះមិនពឹងទៅលើចិត្តគ្រប់ល័ក្ខណ៍របស់មនុស្សជាតិនិងបុត្រវិញ្ញាណរបស់ទ្រង់ក៏ដោយ ក៏ពួកគេអាចបង្ហាញជំហររបស់ខ្លួនក្នុងរឿងនេះបាន។ តើយ៉ាងដូចម្ដេច? គឺដោយសម្រេចចិត្តដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ឬក៏ចៀសចេញ។ អាស្រ័យហេតុនេះ ចិត្តគ្រប់ល័ក្ខណ៍របស់មនុស្សម្នាក់អាចយកជាមូលដ្ឋានត្រឹមត្រូវសំរាប់វិនិច្ឆ័យអ្នកនោះឯង។
៣. (ក) តើយ៉ូបនិងដាវីឌចង់ឲ្យព្រះយេហូវ៉ាពិនិត្យនិងវិនិច្ឆ័យអ្វី? (ខ) តើមានសំនួរអ្វីចោទឡើងទាក់ទងនឹងចិត្តគ្រប់ល័ក្ខណ៍នោះ?
៣ យ៉ូបបានពោលដោយមានទំនុកចិត្តទាំងស្រុងថា៖ «សូមឲ្យ[ព្រះយេហូវ៉ា]ថ្លឹងខ្ញុំដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់[ឬ«ចិត្តគ្រប់ល័ក្ខណ៍», ព.ថ.]របស់ខ្ញុំ»។ (យ៉ូប ៣១:៦) ស្តេចដាវីឌ ស្តេចស្រុកអ៊ីស្រាអែលពីបុរាណបានអធិស្ឋានសុំព្រះយេហូវ៉ាពិនិត្យចិត្តគ្រប់ល័ក្ខណ៍របស់ទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ! សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ»។ (ទំនុកដំកើង ២៦:១, កំណែជាអក្សរទ្រេត) គឺជាការសំខាន់ណាស់ដែលយើងដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ដែរ! ប៉ុន្តែ តើចិត្តគ្រប់ល័ក្ខណ៍ជាអ្វី? ហើយតើការដើរដោយមានចិត្តគ្រប់ល័ក្ខណ៍មានន័យដូចម្ដេច? តើអ្វីនឹងជួយឲ្យយើងដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ជានិច្ចនោះ?
«ទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ»
៤. តើចិត្តគ្រប់ល័ក្ខណ៍ជាអ្វី?
៤ ចិត្តគ្រប់ល័ក្ខណ៍រួមបញ្ចូលអត្ថន័យថា ទៀងត្រង់ ឥតកន្លែងបន្ទោស សុចរិត និងឥតទោសកំហុស។ ក៏ប៉ុន្តែ ចិត្តគ្រប់ល័ក្ខណ៍គឺមិនត្រឹមតែជាការប្រព្រឹត្តត្រឹមត្រូវប៉ុណ្ណោះទេ តែសំដៅទៅភាពត្រឹមត្រូវខាងសីលធម៌ និងមានចិត្តស្មោះភក្ដីទាំងស្រុងចំពោះព្រះ។ សាតាំងបានទម្លាក់ការសង្ស័យទៅលើបំណងចិត្តរបស់យ៉ូប ពេលដែលវាទូលព្រះយេហូវ៉ាថា៖ «ចូរទ្រង់គ្រាន់តែលូកព្រះហស្តទៅពាល់ដល់ឆ្អឹងនឹងសាច់[យ៉ូប]ចុះ! នោះគាត់នឹងប្រមាថដល់ទ្រង់នៅចំពោះព្រះភក្ដ្រ»។ (យ៉ូប ២:៥) ចិត្តគ្រប់ល័ក្ខណ៍តម្រូវឲ្យមានការប្រព្រឹត្តត្រឹមត្រូវព្រមជាមួយនឹងការមានបំណងចិត្តត្រឹមត្រូវដែរ។
៥. តើអ្វីបង្ហាញថាចិត្តគ្រប់ល័ក្ខណ៍មិនមានន័យថាយើងត្រូវជាមនុស្សគ្រប់ល័ក្ខណ៍នោះ?
៥ ក៏ប៉ុន្តែ ការរក្សាចិត្តគ្រប់ល័ក្ខណ៍មិនមានន័យថា យើងត្រូវជាមនុស្សគ្រប់ល័ក្ខណ៍នោះទេ។ ស្តេចដាវីឌជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហើយទ្រង់ធ្លាប់មានកំហុសធ្ងន់ធ្ងរមួយចំនួនក្នុងពេលដែលទ្រង់មានព្រះជន្មរស់។ ប៉ុន្តែ ព្រះគម្ពីរចែងថាដាវីឌជាមនុស្សដែលដើរ«ដោយចិត្តស្មោះ[ឬ«ចិត្តគ្រប់ល័ក្ខណ៍», ព.ថ.]»។ (ពង្សាវតារក្សត្រទី១ ៩:៤) តើហេតុអ្វី? ពីព្រោះដាវីឌស្រឡាញ់ព្រះយេហូវ៉ា។ ចិត្តដាវីឌគឺស្មោះភក្ដីចំពោះព្រះ។ ដាវីឌព្រមទទួលស្គាល់កំហុសរបស់ទ្រង់ ព្រមទទួលការកែតម្រង់ ហើយក៏បានឈប់ដើរគន្លងចាស់។ ប្រាកដហើយ ចិត្តគ្រប់ល័ក្ខណ៍របស់ដាវីឌគឺឃើញជាក់ស្តែងដោយសារទ្រង់ស្រឡាញ់ហើយមានចិត្តស្មោះភក្ដីទាំងស្រុងចំពោះព្រះយេហូវ៉ា។—ចោទិយកថា ៦:៥, ៦
៦, ៧. តើការដើរដោយមានចិត្តគ្រប់ល័ក្ខណ៍មានន័យដូចម្ដេច?
៦ ចិត្តគ្រប់ល័ក្ខណ៍មិនមែនជាលក្ខណៈដែលយើងត្រូវបង្ហាញក្នុងតែរឿងសាសនាឬរឿងពិសេសណាមួយប៉ុណ្ណោះឡើយ តែនោះក៏ត្រូវបង្ហាញក្នុងគ្រប់ការប្រព្រឹត្តក្នុងជីវិតយើង។ ដាវីឌបាន«ដើរ»ដោយមានចិត្តគ្រប់ល័ក្ខណ៍។ ព្រះគម្ពីរមួយបកស្រាយថា៖ «ពាក្យ‹ដើរ›ជាកិរិយាស័ព្ទសំដៅលើ‹វិថីជីវិត›ឬ‹របៀបរស់នៅ›»។ (The New Interpreter’s Bible) អ្នកតែងទំនុកបានច្រៀងអំពី«អ្នកដែលផ្លូវប្រព្រឹត្តរបស់ខ្លួនបានគ្រប់លក្ខណ៍»ថា៖ «មានពរហើយ! អស់អ្នកដែលរក្សាទុកនូវសេចក្ដីបន្ទាល់របស់ទ្រង់ ជាអ្នកដែលស្វែងរកទ្រង់ឲ្យអស់ពីចិត្ត អើ! ពួកនោះមិនដែលប្រព្រឹត្តអំពើទុច្ចរិតឡើយ គឺគេដើរតាមផ្លូវរបស់ទ្រង់វិញ»។ (ទំនុកដំកើង ១១៩:១-៣) ចិត្តគ្រប់ល័ក្ខណ៍តម្រូវឲ្យខំប្រឹងធ្វើតាមព្រះហឫទ័យរបស់ព្រះជានិច្ចហើយដើរតាមផ្លូវទ្រង់។
៧ ការដើរដោយមានចិត្តគ្រប់ល័ក្ខណ៍តម្រូវឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះ ទោះបើស្ថិតក្នុងកាលៈទេសៈពិបាកក៏ដោយ។ នៅពេលដែលយើងស៊ូទ្រាំនឹងការល្បងល កាន់ជំហរឲ្យបានមាំមួននៅចំពោះមុខការលំបាក ឬទប់ចិត្តមិនបណ្ដោយតាមការល្បួងពីលោកីយ៍ដ៏អាក្រក់នេះ ចិត្តគ្រប់ល័ក្ខណ៍របស់យើងគឺអាចឃើញជាក់ស្តែង។ យើងធ្វើឲ្យ‹ព្រះទ័យព្រះយេហូវ៉ាបានរីករាយ› ដោយសារទ្រង់អាចតបឆ្លើយចំពោះអ្នកដែលតិះដៀលដល់ទ្រង់។ (សុភាសិត ២៧:១១) អាស្រ័យហេតុនេះ យើងអាចតាំងចិត្តដូចយ៉ូបថា៖ «ខ្ញុំមិនព្រមលះចោល[«ចិត្តគ្រប់ល័ក្ខណ៍», ព.ថ.]ឡើយដរាបដល់ខ្ញុំស្លាប់!»។ (យ៉ូប ២៧:៥) ទំនុកទី២៦បង្ហាញនូវអ្វីដែលនឹងជួយយើងដើរដោយមានចិត្តគ្រប់ល័ក្ខណ៍។
‹សូមសម្រាំងចិត្តថ្លើមរបស់ទូលបង្គំ›
៨. តើយើងរៀនអ្វីពីការទូលអង្វររបស់ដាវីឌដែលសុំឲ្យព្រះយេហូវ៉ាពិនិត្យចិត្តថ្លើមនោះ?
៨ ដាវីឌបានអធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ! សូមពិនិត្យទូលបង្គំមើល ព្រមទាំងល្បងលទូលបង្គំ ហើយសាក[ឬ«សម្រាំង», ព.ថ.]ចិត្តថ្លើមរបស់ទូលបង្គំផង»។ (ទំនុកដំកើង ២៦:២, កំណែជាអក្សរទ្រេត) ថ្លើមស្ថិតក្នុងរូបកាយមនុស្ស។ ក្នុងន័យអត្ថបដិរូប ថ្លើមតំណាងអារម្មណ៍និងគំនិតដែលកប់យ៉ាងជ្រៅនៅក្នុងចិត្តមនុស្ស។ ហើយចិត្តសំដៅទៅធាតុពិតរបស់មនុស្សម្នាក់ រួមទាំងបំណងចិត្ត អារម្មណ៍ និងសតិបញ្ញា។ នៅពេលដែលដាវីឌសុំព្រះយេហូវ៉ាពិនិត្យទ្រង់ នេះជាការសុំឲ្យព្រះពិនិត្យអារម្មណ៍និងគំនិតដែលកប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់ដាវីឌ។
៩. តើព្រះយេហូវ៉ាសម្រាំងចិត្តថ្លើមរបស់យើងយ៉ាងដូចម្ដេច?
៩ ដាវីឌបានអង្វរព្រះឲ្យសម្រាំងចិត្តថ្លើមរបស់ទ្រង់។ តើព្រះយេហូវ៉ាសម្រាំងធាតុពិតរបស់យើងយ៉ាងដូចម្ដេច? ដាវីឌបានច្រៀងថា៖ «ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិត[ឬ«ផ្ដល់យោបល់ដល់», ខ.ស.]ទូលបង្គំ អើ! ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ»។ (ទំនុកដំកើង ១៦:៧) តើនេះមានន័យដូចម្ដេច? នេះមានន័យថាឱវាទរបស់ព្រះបានជ្រួតជ្រាបដក់ជាប់យ៉ាងជ្រៅក្នុងចិត្តដាវីឌ ហើយហាក់ដូចជាបង្គាប់ឲ្យកែប្រែចិត្តគំនិត។ យើងក៏អាចធ្វើដូច្នេះដែរ បើយើងរំពឹងគិតដោយមានកតញ្ញូធម៌ទៅលើឱវាទដែលយើងទទួលតាមរយៈព្រះបន្ទូលរបស់ព្រះ អ្នកតំណាងរបស់ទ្រង់ ហើយនិងអង្គការទ្រង់ រួចឲ្យអ្វីទាំងនោះជ្រួតជ្រាបដក់ជាប់យ៉ាងជ្រៅទៅក្នុងចិត្តយើង។ ការអធិស្ឋានទូលសុំព្រះយេហូវ៉ាជាទៀងទាត់ឲ្យសម្រាំងចិត្តយើងតាមវិធីនេះ នឹងជួយយើងដើរដោយមានចិត្តគ្រប់ល័ក្ខណ៍។
‹សេចក្ដីសប្បុរសនៃទ្រង់នៅចំពោះមុខទូលបង្គំ›
១០. តើអ្វីបានជួយដាវីឌដើរតាមសេចក្ដីពិតរបស់ព្រះ?
១០ ដាវីឌបន្តថា៖ «ដ្បិតសេចក្ដីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាមសេចក្ដីពិតរបស់ទ្រង់»។ (ទំនុកដំកើង ២៦:៣, កំណែជាអក្សរទ្រេត) ដាវីឌជ្រាបយ៉ាងច្បាស់អំពីសេចក្ដីសប្បុរសដែលព្រះបានបង្ហាញនោះ ហើយដាវីឌបានរំពឹងគិតដោយមានកតញ្ញូធម៌អំពីការប្រព្រឹត្តទាំងនោះ។ ដាវីឌបានច្រៀងថា៖ «ព្រលឹងអញអើយ! ចូរសរសើរដល់ព្រះយេហូវ៉ាចុះ! ហើយកុំឲ្យភ្លេចបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយ»។ ដោយចាំពី«ព្រះគុណ»មួយរបស់ព្រះ ដាវីឌបានច្រៀងបន្តថា៖ «ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិត ហើយនឹងសេចក្ដីយុត្ដិធម៌ ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការរបស់ទ្រង់ដែរ»។ (ទំនុកដំកើង ១០៣:២, ៦, ៧) ប្រហែលជាដាវីឌបានគិតអំពីពេលដែលអ៊ីស្រាអែលត្រូវសង្កត់សង្កិនដោយជនជាតិអេស៊ីបនៅសម័យលោកម៉ូសេ។ បើដូច្នេះ ការរំពឹងគិតទៅលើវិធីដែលព្រះយេហូវ៉ាបង្ហាញឲ្យម៉ូសេស្គាល់ផ្លូវរបស់ទ្រង់ពេលដែលរំដោះរាស្ត្រទ្រង់ ច្បាស់ជាបានលើកទឹកចិត្តដាវីឌហើយពង្រឹងការតាំងចិត្តឲ្យដើរតាមសេចក្ដីពិតរបស់ព្រះ។
១១. តើអ្វីអាចជួយយើងដើរដោយមានចិត្តគ្រប់ល័ក្ខណ៍?
១១ ការសិក្សាព្រះបន្ទូលរបស់ព្រះជាទៀងទាត់ហើយការរំពឹងគិតអំពីអ្វីដែលយើងរៀននោះ ក៏នឹងជួយយើងឲ្យដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ដែរ។ ជាឧទាហរណ៍ ការនឹកចាំថាយ៉ូសែបបានរត់ពេលដែលប្រពន្ធរបស់លោកប៉ូទីផារខំល្បួងលួងលោមឲ្យធ្វើអំពើអសីលធម៌នោះ ពិតជានឹងលើកទឹកចិត្តយើងឲ្យរត់ពីការល្បួងដូចគ្នានៅកន្លែងធ្វើការ នៅសាលារៀន ឬកន្លែងណាមួយផ្សេងទៀត។ (លោកុប្បត្តិ ៣៩:៧-១២) ចុះពេលដែលយើងត្រូវទាក់ទាញដោយការមានឱកាសរកលុយបានច្រើន មានមុខមាត់ធំដុំ ឬមានអំណាចក្នុងលោកីយ៍នេះ? យើងមានគំរូរបស់ម៉ូសេដែលមិនចង់បានជីវិតរុងរឿងនៅស្រុកអេស៊ីបឡើយ។ (ហេព្រើរ ១១:២៤-២៦) ការចងចាំអំពីការស៊ូទ្រាំរបស់យ៉ូប ច្បាស់ជានឹងជួយពង្រឹងកម្លាំងរបស់យើងឲ្យរក្សាភាពស្មោះត្រង់នឹងព្រះយេហូវ៉ាទោះជាមានជំងឺឬជួបនឹងរឿងអភ័ព្វក្ដី។ (យ៉ាកុប ៥:១១) ចុះបើយើងទទួលការបៀតបៀន? បើយើងចាំបទពិសោធន៍របស់ដានីយ៉ែលពេលដែលនៅក្នុងរូងសិង្ហ នោះនឹងធ្វើឲ្យយើងមានចិត្តអង់អាចក្លាហានយ៉ាងពិតប្រាកដ!—ដានីយ៉ែល ៦:១៦-២២
«ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ»
១២, ១៣. តើយើងគួរចៀសឆ្ងាយពីពួកម៉ាកបែបណា?
១២ ដាវីឌបានរៀបរាប់អំពីចំណុចមួយទៀតដែលពង្រឹងនូវចិត្តគ្រប់ល័ក្ខណ៍របស់ទ្រង់គឺថា៖ «ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ»។ (ទំនុកដំកើង ២៦:៤, ៥, កំណែជាអក្សរទ្រេត) ដាវីឌមិនព្រមអង្គុយជាមួយនឹងមនុស្សទុច្ចរិតសោះឡើយ។ ទ្រង់ស្អប់ពួកម៉ាកអាក្រក់។
១៣ ចុះយើងវិញ? តើយើងក៏មិនព្រមអង្គុយជាមួយនឹងមនុស្សភូតភរតាមរយៈកម្មវិធីទូរទស្សន៍ វីដេអូ ភាពយន្ត វិបសែថ៍អ៊ិនថឺណិត និងវិធីផ្សេងទៀតទេ? តើយើងចៀសឆ្ងាយពីមនុស្សមានពុតទេ? មនុស្សខ្លះនៅសាលាឬនៅកន្លែងធ្វើការប្រហែលជាធ្វើពុតជាមិត្តរបស់យើងដោយមានគោលបំណងអាក្រក់។ តើយើងពិតជាចង់មានភាពស្និទ្ធស្នាលជាមួយនឹងមនុស្សដែលមិនដើរតាមសេចក្ដីពិតរបស់ព្រះទេ? ទោះជាអ្នកក្បត់ជំនឿអះអាងថាខ្លួនស្មោះក៏ដោយ តែពួកគេក៏ប្រហែលជាលាក់បំណងដែលចង់បង្វែរយើងចេញពីព្រះយេហូវ៉ានោះ។ ចុះបើមានអ្នកក្នុងក្រុមជំនុំដែលមានមុខពីរ? ពួកគេក៏ជាអ្នកមានពុតដែរ។ បងប្រុសចេសុន ដែលឥឡូវជាអ្នកងារជំនួយធ្លាប់មានពួកម៉ាកបែបនេះពេលដែលគាត់នៅក្មេង។ គាត់ប្រាប់ថា៖ «មានថ្ងៃមួយ ពួកម៉ាកខ្ញុំម្នាក់ប្រាប់ថា ‹យើងអាចធ្វើអ្វីក៏បានឥឡូវនេះ ពីព្រោះពេលដែលពិភពលោកថ្មីមកដល់យើងនឹងស្លាប់ យើងលែងដឹងខ្លួន ហើយយើងនឹងមិនមានអារម្មណ៍ស្ដាយដោយសារមិនដឹងថា ពិភពលោកថ្មីគឺសប្បាយប៉ុនណានោះ›។ សំដីនេះបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនដូចគេជះទឹកកកដាក់មុខអ៊ីចឹង។ ខ្ញុំមិនចង់ស្លាប់ពេលដែលពិភពលោកថ្មីមកដល់ទេ»។ ចេសុនបានប្រព្រឹត្តដោយប្រាជ្ញាហើយផ្ដាច់ទំនាក់ទំនងជាមួយនឹងពួកគេ។ សាវ័កប៉ុលព្រមានថា៖ «កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ (កូរិនថូសទី១ ១៥:៣៣) គឺជាការសំខាន់ណាស់ដែលយើងចៀសឆ្ងាយពីពួកម៉ាកអាក្រក់!
‹ទូលបង្គំនឹងថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់›
១៤, ១៥. តើយើងអាច«ដើរក្រឡឹងអាសនា[ព្រះយេហូវ៉ា]»យ៉ាងដូចម្ដេច?
១៤ ដាវីឌបន្តថា៖ «ទូលបង្គំនឹងលាងដៃជាសំគាល់ថា ឥតមានទោសទេ យ៉ាងនោះ ឱព្រះយេហូវ៉ាអើយ! ទូលបង្គំនឹងដើរក្រឡឹងអាសនាទ្រង់»។ តើហេតុអ្វី? «ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណ ហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់»។ (ទំនុកដំកើង ២៦:៦, ៧, កំណែជាអក្សរទ្រេត) ដាវីឌចង់រក្សាភាពស្អាតស្អំខាងសីលធម៌ ដើម្បីអាចថ្វាយបង្គំព្រះយេហូវ៉ានិងប្រកាសប្រាប់អំពីភក្ដីភាពរបស់ទ្រង់ចំពោះព្រះ។
១៥ នៅឯរោងឧបោសថនិងនៅព្រះវិហារដែលមានក្រោយមកនោះ អ្វីទាំងអស់ដែលទាក់ទងនឹងការថ្វាយបង្គំពិតគឺ«ជាគំរូ ហើយជាស្រមោលពីរបស់នៅស្ថានសួគ៌វិញ»។ (ហេព្រើរ ៨:៥; ៩:២៣) អាសនាតំណាងព្រះហឫទ័យរបស់ព្រះយេហូវ៉ាក្នុងការទទួលយកយញ្ញបូជារបស់ព្រះយេស៊ូគ្រីស្ទដើម្បីលោះមនុស្សជាតិ។ (ហេព្រើរ ១០:៥-១០) យើងលាងដៃរបស់យើងជាសម្គាល់ថាឥតមានទោស ហើយ«ដើរក្រឡឹងអាសនា[ព្រះយេហូវ៉ា]»ដោយមានជំនឿទៅលើយញ្ញបូជានោះ។—យ៉ូហាន ៣:១៦-១៨
១៦. តើការប្រកាសប្រាប់អ្នកឯទៀតអំពីការអស្ចារ្យរបស់ព្រះមានប្រយោជន៍អ្វីដល់យើង?
១៦ ពេលដែលយើងគិតអំពីប្រយោជន៍ដែលយើងទទួលតាមរយៈតម្លៃលោះនោះ ចិត្តយើងពិតជាពោរពេញទៅដោយកតញ្ញូធម៌ចំពោះព្រះយេហូវ៉ានិងព្រះរាជបុត្រាតែមួយរបស់ទ្រង់ មែនទេ? ដូច្នេះ ដោយអរព្រះគុណក្នុងចិត្ត ចូរយើងប្រាប់អ្នកឯទៀតអំពីការអស្ចារ្យរបស់ព្រះ តាំងពីការបង្កើតបុរសទីមួយនៅសួនអេដែន រហូតដល់បានតាំងឬស្ថាបនារបស់ទាំងអស់ឡើងវិញក្នុងពិភពលោកថ្មីរបស់ព្រះ។ (លោកុប្បត្តិ ២:៧; កិច្ចការ ៣:២១) ម្ល៉ោះហើយ កិច្ចការព្រះរាជាណាចក្រដែលជាការប្រកាសផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស ពិតជាការពារយើងខាងវិញ្ញាណយ៉ាងល្អប្រសើរណាស់! (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) បើចូលរួមឲ្យបានច្រើនក្នុងកិច្ចការនេះ នោះជួយយើងរក្សាសេចក្ដីសង្ឃឹមរបស់យើងអំពីអនាគតដ៏ភ្លឺស្វាង ហើយក៏ជួយយើងរក្សាជំនឿទៅលើសេចក្ដីសន្យារបស់ព្រះឲ្យរឹងមាំ ថែមទាំងជួយរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងមនុស្សឯទៀតផងដែរ។
‹ទូលបង្គំស្រឡាញ់ដំណាក់ទ្រង់›
១៧, ១៨. តើយើងគួរមានចិត្តគំនិតបែបណាចំពោះកិច្ចប្រជុំគ្រីស្ទានពិត?
១៧ រោងឧបោសថព្រមទាំងអាសនាសំរាប់ថ្វាយតង្វាយ គឺជាមណ្ឌលសំរាប់ការថ្វាយបង្គំព្រះយេហូវ៉ានៅស្រុកអ៊ីស្រាអែល។ ដាវីឌបានអធិស្ឋានបញ្ជាក់នូវការពេញព្រះហឫទ័យនឹងកន្លែងនោះដោយថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំស្រឡាញ់ទីឈប់សំរាកនៅដំណាក់ទ្រង់ ជាទីសណ្ឋិតនៅនៃសិរីល្អទ្រង់»។—ទំនុកដំកើង ២៦:៨, កំណែជាអក្សរទ្រេត
១៨ តើយើងស្រឡាញ់កន្លែងណាដែលជួបជុំគ្នាដើម្បីរៀនអំពីព្រះយេហូវ៉ាទេ? រាល់សាលប្រជុំមានកម្មវិធីណែនាំអំពីរឿងខាងវិញ្ញាណ ហើយហេតុនេះជាមណ្ឌលថ្វាយបង្គំពិតនៅក្នុងសហគមន៍។ ម្យ៉ាងទៀត យើងមានមហាសន្និបាតប្រចាំឆ្នាំ សន្និបាតតាមមណ្ឌល និងថ្ងៃសន្និបាតពិសេសផងដែរ។ «សេចក្ដីបន្ទាល់[ឬ«ដំបូន្មាន», ខ.ស.]»របស់ព្រះយេហូវ៉ាបានត្រូវពិភាក្សានៅឯប្រជុំទាំងនោះ។ បើយើងរៀនឲ្យ‹ស្រឡាញ់ដំបូន្មាននោះយ៉ាងក្រៃលែង› យើងនឹងរំភើបចិត្តទៅកិច្ចប្រជុំហើយក៏នឹងស្ដាប់ដោយយកចិត្តទុកដាក់។ (ទំនុកដំកើង ១១៩:១៦៧) ការរួបរួមជាមួយនឹងអ្នកជឿគ្នីគ្នាដែលយកចិត្តទុកដាក់នឹងប្រយោជន៍យើង ហើយជួយយើងបន្តដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ នេះពិតជាធ្វើឲ្យយើងសប្បាយចិត្តណាស់!—ហេព្រើរ ១០:២៤, ២៥
‹សូមកុំដកជីវិតទូលបង្គំ›
១៩. តើដាវីឌមិនចង់មានបាបអ្វីខ្លះ?
១៩ ដោយសារដាវីឌយល់ដឹងច្បាស់អំពីលទ្ធផលដែលមកពីការឈប់ដើរតាមសេចក្ដីពិតរបស់ព្រះ នោះដាវីឌទូលអង្វរថា៖ «សូមកុំដកព្រលឹងទូលបង្គំចេញជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំជាមួយនឹងមនុស្សដែលកំចាយឈាម ដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេ ហើយដៃស្ដាំរបស់គេពេញដោយសំណូកផងនោះឡើយ»។ (ទំនុកដំកើង ២៦:៩, ១០, កំណែជាអក្សរទ្រេត) ដាវីឌមិនចង់ឲ្យព្រះរាប់ទ្រង់ក្នុងចំណោមមនុស្សទុច្ចរិតដែលធ្វើអំពើអាក្រក់ឬស៊ីសំណូកឡើយ។
២០, ២១. តើអ្វីអាចនាំឲ្យយើងដើរក្នុងផ្លូវរបស់មនុស្សទុច្ចរិត?
២០ សព្វថ្ងៃនេះ ពិភពលោកគឺពោរពេញទៅដោយអំពើអសីលធម៌។ ទូរទស្សន៍ ទស្សនាវដ្ដី និងភាពយន្តអូសទាញមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់ គឺអំពើ«សហាយស្មន់ ស្មោកគ្រោក អាសអាភាស»។ (កាឡាទី ៥:១៩) មនុស្សខ្លះបានចាប់ផ្ដើមញៀនមើលរូបអាសអាភាស ហើយជាច្រើនដង នោះបាននាំឲ្យប្រព្រឹត្តអំពើអសីលធម៌។ ជាពិសេស យុវជនងាយទទួលឥទ្ធិពលពីអ្វីៗទាំងនេះ។ នៅប្រទេសខ្លះ ការណាត់ជួបដើរលេងជាគូជាទម្លាប់ធម្មតា ហើយក្មេងជំទង់ៗត្រូវបញ្ចុះបញ្ចូលឲ្យគិតថាខ្លួនឯងត្រូវមានគូដូចគេឯងដែរ។ យុវជនជាច្រើនមានគូស្នេហ៍ទោះជាពុំទាន់មានអាយុគ្រប់ច្បាប់ល្មមរៀបការក៏ដោយ។ ដើម្បីចំអែតនូវកាមតណ្ហាដែលចាប់ផ្ដើមពុះកញ្ជ្រោលឡើង នោះពួកគេលង់ខ្លួនទៅក្នុងអំពើអសីលធម៌។
២១ មនុស្សពេញវ័យក៏អាចចាញ់ឥទ្ធិពលអាក្រក់បានដែរ។ ការរកស៊ីមិនទៀងត្រង់ ហើយការស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួននោះបង្ហាញថា ខ្លួនគ្មានចិត្តគ្រប់ល័ក្ខណ៍ឡើយ។ ការដើរតាមលោកីយ៍នេះនឹងធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះយេហូវ៉ា។ ចូរយើង«ស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ» ថែមទាំងបន្តដើរដោយមានចិត្តគ្រប់ល័ក្ខណ៍។—អេម៉ុស ៥:១៥
«សូមលោះហើយមេត្ដាប្រោសដល់ទូលបង្គំផង»
២២-២៤. (ក) តើអ្នកទទួលការលើកទឹកចិត្តអ្វីពីពាក្យបញ្ចប់នៅទំនុកទី២៦? (ខ) តើអត្ថបទបន្ទាប់នឹងពន្យល់អំពីអន្ទាក់អ្វី?
២២ ដាវីឌបានបញ្ចប់សេចក្ដីអធិស្ឋានដោយថា៖ «ចំណែកទូលបង្គំៗនឹងដើរដោយចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំតទៅ សូមលោះហើយមេត្ដាប្រោសដល់ទូលបង្គំផង ជើងទូលបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយ ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ានៅក្នុងពួកជំនុំទាំងប៉ុន្មាន»។ (ទំនុកដំកើង ២៦:១១, ១២, កំណែជាអក្សរទ្រេត) ក្នុងនោះដាវីឌរៀបរាប់អំពីការតាំងចិត្តដើម្បីរក្សាចិត្តគ្រប់ល័ក្ខណ៍ហើយក៏បានសុំព្រះប្រោសលោះផងដែរ។ នេះលើកទឹកចិត្តយើងណាស់! ទោះជាយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ក៏ដោយ ក៏ព្រះយេហូវ៉ានឹងជួយយើងបើយើងតាំងចិត្តដើរដោយមានចិត្តគ្រប់ល័ក្ខណ៍។
២៣ ចូរឲ្យរបៀបរស់នៅរបស់យើងបង្ហាញថា យើងគោរពហើយក៏យល់តម្លៃនៃការគ្រប់គ្រងរបស់ព្រះក្នុងគ្រប់ការប្រព្រឹត្តរបស់យើងក្នុងជីវិត។ យើងម្នាក់ៗអាចអធិស្ឋានសុំព្រះយេហូវ៉ាពិនិត្យហើយសម្រាំងគំនិតនិងអារម្មណ៍ដែលកប់យ៉ាងជ្រៅក្នុងចិត្តយើង។ យើងអាចរក្សាឲ្យសេចក្ដីពិតរបស់ទ្រង់នៅចំពោះមុខយើងជានិច្ច បើសិក្សាព្រះបន្ទូលរបស់ព្រះដោយយកចិត្តទុកដាក់។ ដូច្នេះ ចូរយើងចៀសវាងពួកម៉ាកអាក្រក់ ហើយសរសើរព្រះយេហូវ៉ាក្នុងពួកជំនុំវិញ។ ចូរយើងខ្នះខ្នែងក្នុងកិច្ចការព្រះរាជាណាចក្រជាការផ្សព្វផ្សាយនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស ព្រមទាំងមិនឲ្យលោកីយ៍នេះបង្កគ្រោះថ្នាក់ដល់ចំណងមិត្តភាពដ៏មានតម្លៃបំផុតរបស់យើងជាមួយនឹងព្រះ។ ពេលដែលយើងខំអស់ពីសមត្ថភាពដើម្បីដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ យើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងមេត្ដាប្រោសដល់យើង។
២៤ ដោយសារចិត្តគ្រប់ល័ក្ខណ៍រួមបញ្ចូលគ្រប់ការប្រព្រឹត្តក្នុងជីវិតយើង នោះយើងត្រូវតែប្រុងប្រយ័ត្ននឹងអន្ទាក់មួយដែលប្រកបដោយគ្រោះថ្នាក់ គឺការពិសាស្រាហួសប្រមាណ។ អត្ថបទបន្ទាប់នឹងពន្យល់រឿងនេះ។
តើអ្នកនៅចាំបានទេ?
• ហេតុអ្វីបានជាចិត្តគ្រប់ល័ក្ខណ៍របស់មនុស្សនិងបុគ្គលវិញ្ញាណអាចយកជាមូលដ្ឋានត្រឹមត្រូវសំរាប់វិនិច្ឆ័យពួកគេ?
• តើចិត្តគ្រប់ល័ក្ខណ៍ជាអ្វី? តើការដើរដោយមានចិត្តគ្រប់ល័ក្ខណ៍រួមបញ្ចូលអ្វី?
• តើអ្វីនឹងជួយយើងដើរដោយមានចិត្តគ្រប់ល័ក្ខណ៍?
• ដើម្បីរក្សាចិត្តគ្រប់ល័ក្ខណ៍ តើយើងត្រូវប្រុងប្រយ័ត្ននិងចៀសវាងពីគ្រោះថ្នាក់អ្វី?
[រូបភាពនៅទំព័រ១០]
តើអ្នកទទួលប្រយោជន៍ពីការរៀបចំរបស់ព្រះយេហូវ៉ាដើម្បីជួយអ្នកដើរដោយមានចិត្តគ្រប់ល័ក្ខណ៍ទេ?