ជំពូកទី៨
វិទ្យាសាស្ត្រ៖ តើវាបានបង្ហាញថាព្រះគម្ពីរខុសឬ?
នៅឆ្នាំ១៦១៣ អ្នកវិទ្យាសាស្ត្រម្នាក់ជាតិអ៊ីតាលី ឈ្មោះកាលីលឿ បានបោះពុម្ពសៀវភៅមួយ ដែលល្បីជា«អក្សរលើចំណុចខ្មៅនៃថ្ងៃ»។ ក្នុងសៀវភៅនោះ លោកបង្ហាញទីសំអាងដែលថា ផែនដីវិលជុំវិញថ្ងៃ មិនមែនថ្ងៃវិលជុំវិញផែនដីទេ។ ដោយធ្វើដូច្នោះ លោកបានបណ្ដាលឲ្យមានកើតរឿងបន្តបន្ទាប់ ដែលក្រោយមកត្រូវនាំលោកដល់សាលាក្ដីសាសនាកាតូលិករ៉ូម ក្រោម«ការសង្ស័យខ្លាំងខាងអញ្ញមតិ»។ ក្រោយមកលោកបានត្រូវគេបង្ខំឲ្យ«បដិសេធចោលនូវទ្រឹស្តី»។ ហេតុអ្វីក៏គំនិតដែលថាផែនដីវិលជុំវិញ ថ្ងៃត្រូវរាប់ជាអញ្ញមតិ? ពីព្រោះអ្នកបន្ទោសលោកកាលីលឿអះអាងថា គំនិតនេះគឺផ្ទុយពីអ្វីៗដែលព្រះគម្ពីរបាននិយាយ។
១. (រួមបុព្វយោគ) (ក) តើអ្វីបានកើតឡើងពេលលោកកាលីលឿមានយោបល់ថា ផែនដីវិលជុំវិញថ្ងៃ? (ខ) ថ្វីបើព្រះគម្ពីរមិនមែនជាសៀវភៅវិទ្យាសាស្ត្រ តើយើងអាចឃើញអ្វី ពេលយើងប្រៀបព្រះគម្ពីរនឹងវិទ្យាសាស្ត្រសម័យថ្មី?
មានគេជឿដ៏ទូទៅសព្វថ្ងៃនេះ ថាព្រះគម្ពីរមិនស្របតាមវិទ្យាសាស្ត្រទេ ហើយអ្នកខ្លះសំដៅលើការពិសោធរបស់លោកកាលីលឿ ដើម្បីបញ្ជាក់រឿងនេះ។ ប៉ុន្តែ តើនេះត្រូវទេ? ពេលឆ្លើយសំនួរនេះ យើងត្រូវតែចាំថា ព្រះគម្ពីរជាសៀវភៅអំពីទំនាយ ប្រវត្ដិសាស្ត្រ សេចក្ដីអធិស្ឋាន ច្បាប់ ដំបូន្មាន និងចំណេះអំពីព្រះ។ ព្រះគម្ពីរឥតអះអាងថាជាសៀវភៅវិទ្យាសាស្ត្រទេ។ ប៉ុន្តែ ពេលណាព្រះគម្ពីរទាក់ទងនឹងរឿងវិទ្យាសាស្ត្រ នោះអ្វីៗដែលព្រះគម្ពីរនិយាយគឺទៀងត្រូវទាំងអស់។
ផែនដីរបស់យើង
២. តើព្រះគម្ពីររៀបរាប់ថា ផែនដីស្ថិតនៅក្នុងអវកាសយ៉ាងដូចម្ដេច?
២ ជាឧទាហរណ៍ សូមពិចារណាអំពីអ្វីៗដែលព្រះគម្ពីរនិយាយ អំពីផែនដីរបស់យើង។ ក្នុងសៀវភៅយ៉ូប យើងអានថា៖ «[ព្រះ]ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង»។ (យ៉ូប ២៦:៧) សូមប្រៀបសេចក្ដីនេះនឹងសេចក្ដីថ្លែងរបស់អេសាយ ដែលមានប្រសាសន៍ថា៖ «គឺព្រះដែលគង់ពីលើរង្វង់ផែនដី»។ (អេសាយ ៤០:២២) ការរៀបរាប់ដែលបង្ហាញនូវផែនដីមូល ដែល‹ព្យួរនៅទទេធេង› ក្នុង«ទីល្ហល្ហេវ»នេះ រឭកយើងយ៉ាងខ្លាំងដល់រូបផែនដីដ៏រាងមូល អណ្ដែតក្នុងអវកាសល្ហល្ហេវ ដែលអវកាសចរបានថត។
៣, ៤. តើអ្វីជាដំណើរទឹកវិលនៃផែនដី ហើយព្រះគម្ពីរបាននិយាយអ្វីពីរឿងនេះ?
៣ សូមពិចារណាដែរ អំពីដំណើរទឹកវិលដ៏អស្ចារ្យនៃផែនដី។ នេះគឺរបៀបដែលសព្វវចនាធិប្បាយខមតុនរៀបរាប់៖ «ទឹក . . . រីងពីផ្ទៃមហាសាគរ ទៅឯបរិយាកាស . . . ចរន្តខ្យល់ដែលរសាត់រឿយៗនៅបរិយាកាសនៃផែនដី បក់យកខ្យល់ដែលសើមទៅខាងលើផ្ទៃដី។ ពេលខ្យល់ត្រជាក់ទៅ ចំហាយទឹកក៏កកជាដំណក់ទឹកតូចៗ ដែលធម្មតាឃើញជាពពក។ ដំណក់ទឹកតូចៗនេះ តែងតែរួមបញ្ចូលគ្នាជាដំណក់ទឹកភ្លៀង។ បើបរិយាកាសត្រជាក់ល្មម នោះទឹកកកស្តើងល្អិតត្រូវកើតឡើងវិញ ជាជាងដំណក់ទឹកភ្លៀង។ ជារបៀបណាក៏ដោយ ទឹកដែលធ្វើដំណើរពីមហាសាគរដ៏ឆ្ងាយរាប់រយ ឬរាប់ពាន់មីល ត្រូវធ្លាក់មកលើផ្ទៃផែនដីវិញ។ នៅលើផែនដី ទឹកក៏ប្រមូលផ្ដុំចូលទៅក្នុងអូរ ឬក៏ជ្រាបទៅក្នុងដី ហើយចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅសមុទ្រវិញ»។1
៤ របៀបដ៏អស្ចារ្យនេះ ដែលធ្វើឲ្យជីវិតលើដីស្ងួតរស់បាន ត្រូវបានរៀបរាប់យ៉ាងល្អក្នុងព្រះគម្ពីរ ប្រហែលជា៣.០០០ឆ្នាំមុន ដោយពាក្យស្រួលយល់ហើយចំៗថា៖ «ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរតាមផ្លូវដដែលវិញទៀត»។—សាស្ដា ១:៧
៥. តើយោបល់នៃអ្នកសរសេរទំនុកដំកើង អំពីប្រវត្ដិនៃភ្នំលើផែនដី បានទាន់សម័យយ៉ាងដូចម្ដេច?
៥ ប្រហែលរឹតតែអស្ចារ្យទៅទៀតគឺការដឹងជ្រៅជ្រះនៃព្រះគម្ពីរ អំពីប្រវត្ដិនៃភ្នំ។ សៀវភៅខាងភូគព្ភសាស្ត្រមួយ និយាយដូច្នេះថា៖ «តាំងពីមុនសម័យខែមព្រីអាន រហូតដល់បច្ចុប្បន្ននេះ របៀបដ៏មិនចេះដាច់នៃការបង្កើតនិងការបំបាត់ភ្នំ នៅតែមានតទៅទៀត . . . ភ្នំមិនគ្រាន់តែបានកើតពីបាតនៃសមុទ្រដ៏បាត់សូន្យប៉ុណ្ណោះទេ ប៉ុន្តែវាតែងតែបានត្រូវលិចក្នុងទឹកអស់ជាយូរ ក្រោយពេលវាបានកើតមក រួចក៏ដុះខ្ពស់ឡើងវិញ»។2 សូមប្រៀបសេចក្ដីនេះនឹងសុភាសិតនៃអ្នកសរសេរទំនុកដំកើង៖ «ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវ ទឹកនោះក៏គ្របអស់ទាំងភ្នំផង . . . អស់ទាំងភ្នំបានដុះឡើង ហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅ គឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ»។—ទំនុកដំកើង ១០៤:៦, ៨
«កាលដើមដំបូងឡើយ»
៦. តើសេចក្ដីថ្លែងអ្វីក្នុងព្រះគម្ពីរ ដែលស្របនឹងទ្រឹស្តីវិទ្យាសាស្ត្រថ្មីៗនេះ អំពីដើមកំណើតនៃសកលលោក?
៦ ខទីមួយនៃព្រះគម្ពីរថ្លែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ (លោកុប្បត្តិ ១:១) ការសង្កេតមើលបានបណ្ដាលឲ្យអ្នកវិទ្យាសាស្ត្រធ្វើទ្រឹស្តីថា សកលលោកខាងរូបធាតុមានដើមកំណើតពិតមែន។ វាមិនបានស្ថិតនៅគ្រប់គ្រាជានិច្ចនោះទេ។ តារាវិទូឈ្មោះរ៉ូបឺត ចាស្ត្រូ ជាអ្នកដែលថាគ្មានភស្តុតាងអ្វី ដែលគួរឲ្យជឿរឿងសាសនា បានសរសេរថា៖ «សេចក្ដីល្អិតល្អន់គឺខុសគ្នា ប៉ុន្តែចំណុចសំខាន់ៗ ក្នុងដំណើររឿងនៃលោកុប្បត្តិ ដោយតារាវិទូនិងព្រះគម្ពីរ គឺដូចគ្នា៖ ព្រឹត្ដិការណ៍កើតឡើងបន្តបន្ទាប់ដែលនាំដល់មនុស្ស បានចាប់ផ្ដើមយ៉ាងមួយរំពេច ហើយយ៉ាងខ្លាំងក្នុងរយ:វេលាមួយកម្រិត ទាំងមានពន្លឺនិងថាមពលកើតឡើងមួយរំពេចផង»។3
៧, ៨. ថ្វីបើគេមិនយល់ស្របថាព្រះមានការទាក់ទង តើអ្នកវិទ្យាសាស្ត្រជាច្រើនបានត្រូវបង្ខំឲ្យយល់ស្របនឹងអ្វី ដែលទាក់ទងនឹងដើមកំណើតនៃសកលលោក?
៧ ជាការពិត ថ្វីបើអ្នកវិទ្យាសាស្ត្រជាច្រើនជឿថា សកលលោកមានដើមកំណើត ពួកគេមិនទទួលស្គាល់សេចក្ដីដែលថ្លែងថា៖ «ព្រះបានបង្កើត»ទេ។ ប៉ុន្តែឥឡូវពួកគេខ្លះព្រមជឿថា ជាការពិបាកដោយមិនអើពើនឹងទីសំអាងនៃប្រាជ្ញាអ្វីមួយ ដែលនៅពីក្រោយរបស់សព្វសារពើ។ សាស្ដ្រាចារ្យខាងរូបសាស្ត្រឈ្មោះ ហ៊្វ្រីម៉ែន ដាយសុន មានយោបល់ថា៖ «ដល់ខ្ញុំពិនិត្យសកលលោក ហើយរៀនសេចក្ដីល្អិតល្អន់នៃនិម្មាបនកម្មរបស់សកលលោកថែមទៀត នោះខ្ញុំក៏ឃើញទីសំអាងរឹតតែច្រើន ដែលបង្ហាញថាសកលលោក ដោយរបៀបអ្វីមួយ ក៏បានដឹងថាយើងនឹងត្រូវលេចមក»។
៨ លោកដាយសុនមានប្រសាសន៍ថែមទៀតថា៖ «ជាអ្នកវិទ្យាសាស្ត្រម្នាក់ ដែលបានហាត់ហ្វឹកហ្វឺននូវទំលាប់នៃគំនិតនិងភាសានៃសតវត្សទី២០ ជាជាងទី១៨នោះ ខ្ញុំមិនមែនអះអាងថា និម្មាបនកម្មនៃសកលលោកបង្ហាញថាមានព្រះនោះទេ។ ខ្ញុំគ្រាន់តែអះអាងថា និម្មាបនកម្មនៃសកលលោកស្របនឹងសម្មតិកម្មដែលថា គំនិតមាននាទីមួយដ៏សំខាន់ក្នុងដំណើររបស់វា»។4 យោបល់របស់លោកច្បាស់ជាប្រឆាំងនឹងអាកប្បកិរិយាដ៏មិនជឿនៃជំនាន់យើង។ ប៉ុន្តែដោយដាក់ការមិនជឿនេះចេញសិន នោះគេនឹងសម្គាល់ឃើញថា មានភាពស្របគ្នាដ៏អស្ចារ្យ រវាងវិទ្យាសាស្ត្រនឹងសេចក្ដីថ្លែងនៃព្រះគម្ពីរដែលថា «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។—លោកុប្បត្តិ ១:១
សុខភាពនិងអនាម័យ
៩. តាមរបៀបណាដែលច្បាប់នៃព្រះគម្ពីរអំពីរោគស្បែកដ៏ក្លាយ បង្ហាញនូវប្រាជ្ញាដ៏មានប្រយោជន៍? (យ៉ូប ១២:៩, ១៦ក)
៩ សូមពិចារណាសេចក្ដីរាយការណ៍នៃព្រះគម្ពីរអំពីវិស័យមួយទៀត គឺ៖ សុខភាពនិងអនាម័យ។ បើសាសន៍អ៊ីស្រាអែលម្នាក់មានរោគស្បែក ដែលសង្ស័យថាជារោគឃ្លង់ នោះគាត់នឹងត្រូវយកទៅនៅកន្លែងដាច់ឡែកពីគេ។ «អ្នកនោះនឹងនៅតែស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានទីលំនៅជាខាងក្រៅទីដំឡើងត្រសាលផង»។ (លេវីវិន័យ ១៣:៤៦) សូម្បីតែសំលៀកបំពាក់ដែលជាប់រោគក្លាយក៏ត្រូវដុតចោលដែរ។ (លេវីវិន័យ ១៣:៥២) នៅជំនាន់នោះ នេះគឺជាវិធីមួយដ៏មានប្រសិទ្ធិភាព សម្រាប់ការពារមិនឲ្យរោគក្លាយរាលដាល។
១០. តាមរបៀបណាដែលមនុស្សជាច្រើននៅប្រទេសខ្លះ អាចបានជលប្រយោជន៍ ដោយកាន់ដំបូន្មាននៃព្រះគម្ពីរអំពីអនាម័យ?
១០ ច្បាប់ដ៏សំខាន់មួយទៀត គឺទាក់ទងនឹងការបោះចោលលាមកមនុស្ស ដែលត្រូវតែកប់លុបនៅខាងក្រៅជំរំ។ (ចោទិយកថា ២៣:១២, ១៣) (ច្បាប់នេះពិតជាបានសង្គ្រោះសាសន៍អ៊ីស្រាអែលពីរោគជម្ងឺជាច្រើន។ សូម្បីសព្វថ្ងៃនេះ បញ្ហាសុខភាពដ៏ធ្ងន់ធ្ងរនៅប្រទេសខ្លះ គឺបណ្ដាលមកពីការបោះចោលលាមកមនុស្សមិនបានត្រឹមត្រូវ។ ប្រសិនបើមនុស្សនៅប្រទេសទាំងនោះគ្រាន់តែកាន់តាមច្បាប់ ដែលសរសេររាប់ពាន់ឆ្នាំមុនក្នុងព្រះគម្ពីរ នោះគេនឹងមានសុខភាពរឹតតែល្អឡើង។
១១. តើអ្វីជាដំបូន្មាននៃព្រះគម្ពីរអំពីសុខភាពខាងចិត្តគំនិត ដែលឃើញជាមានប្រយោជន៍?
១១ ខ្នាតគំរូដ៏ថ្លៃថ្នូរនៃព្រះគម្ពីរអំពីអនាម័យ ក៏មានទាក់ទងនឹងសុខភាពខាងចិត្តគំនិតដែរ។ សុភាសិតមួយក្នុងព្រះគម្ពីរចែងថា៖ «ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយដល់ឆ្អឹងវិញ»។ (សុភាសិត ១៤:៣០) ក្នុងឆ្នាំថ្មីៗនេះ ការស្រាវជ្រាវខាងវិទ្យាពេទ្យបានបង្ហាញឲ្យឃើញថា អាកប្បកិរិយាខាងចិត្តគំនិតរបស់យើងពិតជាមានអនុភាពលើសុខភាពខាងរូបកាយរបស់យើងមែន។ ជាឧទាហរណ៍ គ្រូពេទ្យឈ្មោះ ស៊ី.ប៊ី. ថូម៉ាសនៃសកលវិទ្យាល័យ យ៉ូហាន្ស ហោបគីន្ស សង្កេតមើលអ្នករៀនចប់ជាងមួយពាន់នាក់ក្នុងរយៈពេល១៦ឆ្នាំ ដោយប្រៀបលក្ខណៈខាងចិត្តរបស់គេជាមួយនឹងការដែលគេងាយមានរោគជម្ងឺ។ អ្វីមួយដែលនាងសម្គាល់ឃើញគឺ៖ អ្នករៀនចប់ដែលងាយមានរោគជម្ងឺជាងគេបំផុត គឺអ្នកដែលខឹងហើយខ្វល់ខ្វាយជាងគេ ពេលនៅក្រោមភាពតានតឹង។5
តើព្រះគម្ពីរនិយាយយ៉ាងណា?
១២. ហេតុអ្វីក៏សាសនាកាតូលិកប្រកែកថា ទ្រឹស្តីរបស់លោកកាលីលឿអំពីផែនដី គឺជាអញ្ញមតិ?
១២ ប្រសិនបើព្រះគម្ពីរទៀងត្រូវណាស់ក្នុងវិស័យខាងវិទ្យាសាស្ត្រ ហេតុអ្វីក៏សាសនាកាតូលិកថា ការបង្រៀនរបស់លោកកាលីលឿ ដែលថាផែនដីវិលជុំវិញថ្ងៃ គឺមិនត្រូវនឹងបទគម្ពីរទៅវិញ? នេះគឺពីព្រោះរបៀបដែលអ្នកកាន់អំណាចបកស្រាយខខ្លះនៃព្រះគម្ពីរ។6 តើគេបានបកស្រាយត្រូវឬទេ? សូមយើងអានមើលពីរវគ្គដែលគេបានស្រង់ចេញមក។
១៣, ១៤. តើខព្រះគម្ពីរអ្វីដែលសាសនាកាតូលិកយល់ខុសច្រឡំ? សូមពន្យល់។
១៣ វគ្គមួយនិយាយថា៖ «ថ្ងៃក៏រះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែងដែលរះឡើងនោះទៀត»។ (សាស្ដា ១:៥) តាមការជជែកនៃសាសនាកាតូលិក ឃ្លាដូចជា«ថ្ងៃរះ»និង«ថ្ងៃលិច» មានន័យថាថ្ងៃ មិនមែនផែនដីទេដែលវិល។ ប៉ុន្តែ សូម្បីសព្វថ្ងៃនេះយើងក៏និយាយថា ថ្ងៃរះនិងលិចដែរ ហើយយើងភាគច្រើនដឹងថាផែនដីទេដែលវិល មិនមែនថ្ងៃឡើយ។ ពេលយើងប្រើឃ្លាដូចនេះ យើងគ្រាន់តែរៀបរាប់ដំណើរដ៏ឃើញនៃថ្ងៃ ដូចដែលបានឃើញដោយមនុស្សកំពុងមើលអញ្ចឹង។ អ្នកសរសេរព្រះគម្ពីរក៏រៀបរាប់ដូចគ្នាអញ្ចឹងដែរ។
១៤ វគ្គមួយទៀតនិយាយថា៖ «ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកដំកើង ១០៤:៥) នេះបានត្រូវគេបកស្រាយថា ក្រោយពេលផែនដីបានត្រូវបង្កើតហើយ។ វាមិនអាចកម្រើកបានឡើយ។ ប៉ុន្តែតាមការពិត ខនេះបញ្ជាក់និច្ចការនៃផែនដី មិនមែនការកម្រើកមិនបាននោះទេ។ ផែនដីនឹងមិនដែលត្រូវ‹រញ្ជួយ› ឲ្យបាត់សាបសូន្យ ឬក៏ត្រូវបំផ្លាញបាននោះទេ ដូចខឯទៀតនៃព្រះគម្ពីរបញ្ជាក់ប្រាប់។ (ទំនុកដំកើង ៣៧:២៩ សាស្ដា ១:៤) បទគម្ពីរនេះក៏ឥតមានទាក់ទងនឹងដំណើរនៃផែនដីនិងថ្ងៃទេ។ កាលនៅជំនាន់លោកកាលីលឿ គឺជាសាសនាកាតូលិក មិនមែនព្រះគម្ពីរទេ ដែលរារាំងមិនឲ្យមានការពិគ្រោះដ៏សេរីខាងវិទ្យាសាស្ត្រ។
វិវត្តន៍និងការបង្កើត
១៥. តើអ្វីជាទ្រឹស្តីនៃវិវត្តន៍ ហើយវាប្រឆាំងនឹងព្រះគម្ពីរយ៉ាងដូចម្ដេច?
១៥ ប៉ុន្តែមានវិស័យមួយទៀត ដែលមនុស្សជាច្រើននិយាយថា វិទ្យាសាស្ត្រសម័យថ្មី និងព្រះគម្ពីរគឺឥតត្រូវគ្នាទាល់តែសោះ។ អ្នកវិទ្យាសាស្ត្រភាគច្រើនជឿទ្រឹស្តីនៃវិវត្តន៍ ដែលបង្រៀនថាជីវិតទាំងឡាយបានប្រែប្រួលជាលំដាប់ ពីជីវិតម្យ៉ាងដ៏ឥតស្មុគស្មាញ ដែលកើតមានមកកាលពីរាប់លានឆ្នាំមុនម្ល៉េះ។ ផ្ទុយទៅវិញ ព្រះគម្ពីរបង្រៀនថា ក្រុមសំខាន់ៗនៃជីវិតទាំងឡាយគឺបានត្រូវបង្កើតមក ហើយក៏បង្កបង្កើត«តាមពូជ»តរៀងមក រួចនិយាយថាមនុស្សបានត្រូវបង្កើតពី«ធូលីដី»។ (លោកុប្បត្តិ ១:២១; ២:៧) តើនេះជាកំហុសដ៏ច្បាស់ក្នុងព្រះគម្ពីរអំពីរឿងវិទ្យាសាស្ត្រឬ? មុននឹងសម្រេចឆ្លើយ សូមយើងពិនិត្យឲ្យបានច្បាស់លាស់ នូវអ្វីៗដែលវិទ្យាសាស្ត្រដឹង ដោយប្រៀបនឹងទ្រឹស្តីដែលវាបានធ្វើ។
១៦-១៨. (ក) តើលោកឆាល ដាវីនបានសង្កេតឃើញអ្វី ដែលនាំឲ្យលោកជឿលើវិវត្តន៍? (ខ) តាមរបៀបណាដែលយើងអាចប្រកែកជា អ្វីដែលលោកដាវីនសង្កេតឃើញ នៅកោះកាឡាប៉ាកូស គឺមិនប្រឆាំងនឹងសេចក្ដីដែលព្រះគម្ពីរនិយាយទេ?
១៦ ទ្រឹស្តីនៃវិវត្តន៍គឺបានត្រូវគេនិយមនៅសតវត្សមុននេះ ដោយសារលោកឆាល ដាវីន។ ពេលនៅកោះកាឡាប៉ាកូស ក្នុងសមុទ្រប៉ាស៊ីហ្វិក លោកដាវីនក៏ស្ងើចចិត្តយ៉ាងខ្លាំង នឹងចំពូកផ្សេងៗគ្នានៃសត្វចាបនៅលើកោះផ្សេងៗ ហើយលោកក៏ធ្វើអនុមានថា ចាបទាំងនេះត្រូវតែកើតមកពីពូជដើមតែមួយប៉ុណ្ណោះ។ ដោយព្រោះលោកបានឃើញខ្លះៗនេះ លោកក៏បង្កើតទ្រឹស្តីដែលថា ជីវិតទាំងឡាយគឺកើតមកពីជីវិតដើមដំបូងមួយដ៏ឥតស្មុគស្មាញ។ លោកអះអាងថា កម្លាំងជម្រុញឲ្យប្រែប្រួលជាលំដាប់ ពីសត្តនិករតូចតាចឲ្យទៅជាធំដុំ គឺជាការជ្រើសរើសដោយធម្មជាតិ គឺជាការគង់វង់នៃពពួកដែលមានសមត្ថភាពបំផុត។ លោកក៏អះអាងថា ដោយសារវិវត្តន៍ សត្វលើគោកក៏កើតមកពីត្រី ឯសត្វចាបក៏កើតមកពីសត្វលូនជាដើម។
១៧ តាមការពិត អ្វីដែលលោកដាវីនឃើញនៅលើកោះដ៏ដាច់ឡែកនោះ មិនមែនឥតស្របនឹងព្រះគម្ពីរទេ ដែលអនុញ្ញាតឲ្យមានភាពផ្សេងៗគ្នា ក្នុងចំណោមរូបជីវិតសំខាន់មួយបែប។ ជាឧទាហរណ៍ មនុស្សលោកគ្រប់ពូជទាំងអស់ គឺកើតមកពីមនុស្សមួយគូដំបូងតែប៉ុណ្ណោះ។ (លោកុប្បត្តិ ២:៧, ២២-២៤) ដូច្នេះ គឺឥតមានអ្វីចម្លែកទេ ដែលចំពូកផ្សេងៗនៃសត្វចាបទាំងនោះកើតមកពីពូជដើមតែមួយ។ ប៉ុន្តែវានៅតែជាសត្វចាបដដែល វាអត់ប្រែប្រួលជាលំដាប់ឲ្យទៅជាសត្វស្ទាំង ឬសត្វឥន្ទ្រីនោះឡើយ។
១៨ សត្វចាបចំពូកផ្សេងៗគ្នាឬសត្វអ្វីឯទៀតដែលលោកដាវីនឃើញ មិនបានបង្ហាញថាជីវិតទាំងឡាយមានពូជដូចគ្នាតែមួយនោះទេ ទោះជាត្រីឆ្លាមឬរំពេ ដំរីឬជន្លេនក្ដី។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រជាច្រើនពោលអះអាងថា វិវត្តន៍មិនមែនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការណ៍ពិតផង។ ពួកឯទៀត ថ្វីបើដឹងនូវបញ្ហានៃទ្រឹស្តីនេះក្ដី ក៏និយាយថាគេនៅតែជឿវា។ គេនិយមនឹងជឿដូច្នោះ។ ប៉ុន្តែ យើងត្រូវតែដឹងថា តើវិវត្តន៍បានសឲ្យឃើញដល់កម្រិតណា បានជាត្រូវថាព្រះគម្ពីរខុសនោះ។
តើបានត្រូវសឲ្យឃើញឬ?
១៩. តើប្រវត្ដិខាងបាសាណីភូតគាំទ្រវិវត្តន៍ឬក៏ការបង្កើត?
១៩ តើទ្រឹស្តីនៃវិវត្តន៍អាចយកមកសាកល្បងមើលយ៉ាងដូចម្ដេច? វិធីមួយដ៏ច្បាស់ជាងគេ គឺពិនិត្យប្រវត្ដិបាសាណីភូតមើល តើការប្រែប្រួលបន្ដិចម្ដងៗ ពីមួយបែបទៅមួយបែបពិតជាបានកើតឡើងមែនឬមិនមែន។ តើវាមានកើតឡើងទេ? គឺអត់ទេ ដូចអ្នកវិទ្យាសាស្ត្រមួយចំនួនបានយល់ស្របទាំងស្មោះ។ លោកហ្វ្រានស៊ីស ហ៊ីតឈីង ជាបុគ្គលម្នាក់ដែលសរសេរថា៖ «ពេលអ្នករកការភ្ជាប់គ្នារវាងក្រុមសំខាន់ៗនៃសត្វ អ្នករកមិនឃើញឡើយ»។7 ការខ្វះទីសំអាងខាងប្រវត្ដិបាសាណីភូតគឺឃើញច្បាស់ណាស់ ដល់ម្ល៉េះបានជាអ្នកវិវឌ្ឍនិយមបញ្ចេញក្បួនផ្សេងទៀតមកជំនួសទ្រឹស្តីលោកដាវីន ខាងការប្រែប្រួលជាលំដាប់។ ប៉ុន្តែការពិតគឺថា ការលេចឡើងមួយរំពេចនៃចំពូកសត្វ ក្នុងប្រវត្ដិបាសាណីភូត ជួយគាំទ្រការបង្កើតដ៏ពិសេសជាងវិវត្តន៍។
២០. ហេតុអ្វីក៏របៀបដែលកោសិកាដ៏រស់បង្កបង្កើតកោសិកាឯទៀត មិនអនុញ្ញាតឲ្យវិវត្តន៍កើតឡើងបាន?
២០ ម្យ៉ាងទៀត លោកហ៊ីតឈីងបង្ហាញថា ជីវិតទាំងឡាយគឺបានត្រូវបញ្ជាឲ្យបង្កើតពូជដូចគ្នាបេះបិទ ជាជាងប្រែប្រួលជាលំដាប់ទៅជាអ្វីផ្សេងវិញ។ លោកមានប្រសាសន៍ថា៖ «កោសិកាដ៏រស់បង្កើតកោសិកាឯទៀតបានសឹងដូចគ្នាបេះបិទ ឯភាពខុសគ្នាគឺតិចតួចណាស់ បានជាគ្មានម៉ាស៊ីនធ្វើដោយមនុស្សអាចប្រៀបស្មើបានឡើយ។ ហើយក៏មានកម្រិតដែលជាប់មកជាមួយផង។ រុក្ខជាតិដុះធំបានពេញទំហំហើយ ក៏មិនព្រមដុះធំទៀតឡើយ។ សត្វរុយនៅតែជាសត្វរុយដដែល ហើយមិនព្រមក្លាយជាអ្វីផ្សេងវិញទេ ក្រោមកាលៈទេសៈគ្រប់យ៉ាងដែលបានប្រឌិត»។8 អស់រយៈជាច្រើនទសវត្សហើយ អ្នកវិទ្យាសាស្ត្រខំធ្វើឲ្យសត្វរុយប្រែប្រួល ប៉ុន្តែគេមិនអាចធ្វើឲ្យវាប្រែប្រួលជាលំដាប់ទៅជាសត្វអ្វីផ្សេងបានឡើយ។
ដើមកំណើតនៃជីវិត
២១. តើការសន្និដ្ឋានអ្វីដែលបញ្ជាក់ដោយលោក លូវីស ប៉ាស្ទ័រធ្វើឲ្យមានបញ្ហាធំចំពោះអ្នកវិវឌ្ឍនិយម?
២១ សំនួរដ៏ស្មុគស្មាញមួយទៀត ដែលអ្នកវិវឌ្ឍនិយមមិនអាចឆ្លើយគឺ៖ តើអ្វីជាដើមកំណើតនៃជីវិត? តើតាមរបៀបណាដែលជីវិតដ៏ឥតស្មុគស្មាញបានកើតមានមក—ជាជីវិតដែលគេសន្មតថា—យើងរាល់គ្នាបានត្រូវកើតមកនោះ? ជាច្រើនសតវត្សមុន នេះហាក់ដូចជាមិនមែនបញ្ហាទេ។ មនុស្សភាគច្រើននៅជំនាន់នោះយល់ថា រុយអាចកើតមកពីសាច់រលួយ ហើយថាកន្ទបដ៏ចាស់មួយគំនរអាចកើតជាកណ្ដុរ ដោយឯកឯងបាន។ ប៉ុន្តែ ជាងមួយរយឆ្នាំមុននេះ អ្នកគីមីបារាំងឈ្មោះលូវីស ប៉ាស្ទ័របង្ហាញឲ្យឃើញយ៉ាងច្បាស់លាស់ថា ជីវិតអាចកើតមកបានពីជីវិតដែលមានពីមុនស្រាប់តែប៉ុណ្ណោះ។
២២, ២៣. ស្របតាមអ្នកវិវឌ្ឍនិយម តើជីវិតបានចាប់ផ្ដើមយ៉ាងដូចម្ដេច ប៉ុន្តែការណ៍ពិតបង្ហាញអំពីអ្វី?
២២ ដូច្នេះ តើអ្នកវិវឌ្ឍនិយមពន្យល់អំពីប្រភពនៃជីវិតយ៉ាងដូចម្ដេច? ទ្រឹស្តីដ៏និយមបំផុតប្រាប់ថា ការបញ្ចូលគ្នានៃធាតុគីមីនិងថាមពលដោយចៃដន្យ បាននាំឲ្យកើតមានជីវិតដោយឯកឯងរាប់លានឆ្នាំមុនមក។ ចុះចំពោះក្បួនដែលលោកប៉ាស្ទ័របានសឲ្យឃើញនោះ? សៀវភៅសព្វវចនាធិប្បាយពិភពលោក ពន្យល់ថា៖ «លោកប៉ាស្ទ័របង្ហាញថាជីវិតមិនអាចកើតមកឯកឯងបានទេ ក្រោមលក្ខណៈខាងគីមីនិងរូបនិយម ដែលមានលើផែនដីសព្វថ្ងៃនេះ។ ប៉ុន្តែ រាប់រយកោដិឆ្នាំមុន លក្ខណៈខាងគីមីនិងរូបនិយមលើផែនដីគឺខុសគ្នាឆ្ងាយណាស់»!9
២៣ ប៉ុន្តែ សូម្បីនៅក្រោមលក្ខណៈដ៏ខុសគ្នាឆ្ងាយក៏ដោយ ក៏នៅមានចន្លោះយ៉ាងធំរវាងរបស់គ្មានជីវិតនិងរូបមានជីវិត ដ៏ឥតស្មុគស្មាញបំផុតដែរ។ ក្នុងសៀវភៅ វិវត្តន៍៖ ទ្រឹស្តីដ៏មានវិបត្ដិ លោកមីកែល ដឹនតុនមានប្រសាសន៍ថា៖ «រវាងកោសិកាដ៏រស់ និងប្រព័ន្ធ ខាងអជីវសាស្ត្រដ៏រៀបរយជាទីបំផុត ដូចជាផលិកឬទឹកកកស្តើងល្អិត នោះមានសភាពខុសគ្នាដ៏សម្បើមក្រៃលែង ដែលមិនអាចយល់បាន»។10 គំនិតដែលថារបស់គ្មានជីវិតអាចទៅជាមានជីវិតបាន ដោយចៃដន្យព្រាវៗនោះ គឺមិនងាយនឹងកើតឡើងបានសោះឡើយ។ សេចក្ដីពន្យល់នៃព្រះគម្ពីរដែលថា ‹ជីវិតកើតមកពីជីវិត› ក្នុងសេចក្ដីដែលថាជីវិតគឺបង្កើតដោយព្រះ គឺគួរជឿបានថាស្របគ្នានឹងការណ៍ពិត។
ហេតុអ្វីមិនមែនការបង្កើត
២៤. ថ្វីបើទ្រឹស្តីនៃវិវត្តន៍នេះមានបញ្ហា ហេតុអ្វីក៏អ្នកវិទ្យាសាស្ត្រភាគច្រើននៅតែជឿ?
២៤ ថ្វីបើមានបញ្ហាជាប់ជាមួយនឹងទ្រឹស្តីនៃវិវត្តន៍ក៏ដោយ ក៏គេនៅតែយល់ថាជំនឿក្នុងការបង្កើតសព្វថ្ងៃនេះ គឺមិនស្របនឹងវិទ្យាសាស្ត្រ ហើយខុសពីធម្មតាទៀតផង។ ហេតុអ្វីដូច្នេះ? ហេតុអ្វីក៏សូម្បីតែអ្នកជំនាញ ដូចលោកហ្វ្រានស៊ីស ហ៊ីតឈីង ដែលបង្ហាញដោយស្មោះនូវភាពខ្សោយនៃវិវត្តន៍ ក៏មិនស្របនឹងគំនិតនៃការបង្កើត?11 លោកមីកែល ដឹនតុន ពន្យល់ថាវិវត្តន៍ មានខុសជាច្រើន ប៉ុន្តែគេនៅតែមានបង្រៀនវា ពីព្រោះទ្រឹស្តីដែលទាក់ទងនឹងការបង្កើត«ត្រូវសួររកយ៉ាងត្រង់នូវបុព្វហេតុខាងអធិធម្មជាតិ»។12 បើនិយាយឲ្យចំទៅ ការណ៍ពិតដែលថា ការបង្កើតមានទាក់ទងនឹងអ្នកបង្កើតមួយអង្គនោះ គឺមិនអាចជឿបានឡើយ។ ជាប្រាកដ នេះគឺដូចគ្នានឹងការពិចារណាដ៏វិលទៅវិលមក ដែលយើងបានឃើញ ចំពោះរឿងអព្ភូតហេតុ ដែលថា៖ អព្ភូតហេតុគឺមិនអាចមានទេ ពីព្រោះវាជាអព្ភូតណាស់ពេក!
២៥. តាមមតិវិទ្យាសាស្ត្រ ការខ្សោយអ្វីនៃវិវត្តន៍ ដែលបង្ហាញថាវិវត្តន៍មិនមែនជា ការជំនួសដ៏ត្រូវសម្រាប់ការបង្កើតទេ ក្នុងការពន្យល់អំពីដើមកំណើតនៃជីវិត?
២៥ ម្យ៉ាងទៀត ទ្រឹស្តីនៃវិវត្តន៍គឺប្រកបទៅដោយសេចក្ដីសង្ស័យយ៉ាងខ្លាំងដែរ តាមទស្សនៈខាងវិទ្យាសាស្ត្រ។ លោកមីកែល ដឹនតុន មានប្រសាសន៍ទៀតថា៖ «ដោយព្រោះជាទ្រឹស្តីមួយនៃការកសាងឡើងវិញខាងប្រវត្ដិសាស្ត្រ [ទ្រឹស្តីនៃវិវត្តន៍របស់លោកដាវីន] គឺមិនអាចបញ្ជាក់មើលបាន ដោយពិសោធន៍ឬការពិនិត្យសង្កេតផ្ទាល់ ដូចរបៀបធម្មតាក្នុងវិទ្យាសាស្ត្រនោះឡើយ។ . . . ម្យ៉ាងទៀតទ្រឹស្តីនៃវិវត្តន៍ទាក់ទងនឹងព្រឹត្ដិការណ៍ប្លែកៗដែលកើតឡើងតែម្ដងបន្តបន្ទាប់គ្នា ដូចជាដើមកំណើតនៃជីវិត ដើមកំណើតនៃប្រាជ្ញាជាដើម។ ព្រឹត្ដិការណ៍ប្លែកៗដែលកើតតែម្ដង មិនអាចមានសាឡើងវិញទេ ហើយមិនអាចពិនិត្យសង្កេតដោយការពិសោធគ្រប់យ៉ាង»។13 ការពិតគឺថាទ្រឹស្តីនៃវិវត្តន៍ ថ្វីបើមានគេនិយម គឺពោរពេញទៅដោយចន្លោះនិងបញ្ហាជាច្រើន។ ហើយវាគ្មានផ្ដល់មូលហេតុល្អត្រឹមត្រូវសម្រាប់ផ្ទាត់ចោលដំណើររឿងនៃព្រះគម្ពីរ អំពីដើមកំណើតនៃជីវិតឡើយ។ ជំពូកទីមួយនៃលោកុប្បត្តិប្រាប់ដំណើររឿងដ៏សមរម្យទាំងស្រុង អំពីរបៀបដែល«ព្រឹត្ដិការណ៍ប្លែកៗ» «ដែលមិនអាចមានសាឡើងវិញ» កើតឡើងក្នុង‹ថ្ងៃ›បង្កើតទាំងប៉ុន្មាន ដែលមានរយៈពេលជាច្រើនៗសហស្សវត្ស។a
ចុះចំពោះជំនន់
២៦, ២៧. (ក) តើព្រះគម្ពីរនិយាយយ៉ាងណាអំពីជំនន់? (ខ) តើទឹកជំនន់ខ្លះត្រូវតែមកពីណា?
២៦ មនុស្សជាច្រើនចង្អុលទៅឯការខុសគ្នាមួយទៀតដែលគេស្មាន រវាងព្រះគម្ពីរនិងវិទ្យាសាស្ត្រសម័យថ្មី។ ក្នុងសៀវភៅលោកុប្បត្តិ យើងអានថារាប់ពាន់ឆ្នាំមុន មនុស្សមានអំពើអាក្រក់ខ្លាំងណាស់ បានជាទ្រង់សម្រេចនឹងបំផ្លាញពួកគេចោល។ ប៉ុន្តែ ទ្រង់បញ្ជាលោកណូអេ ជាមនុស្សសុចរិត ឲ្យសង់ទូកឈើមួយយ៉ាងធំ។ បន្ទាប់មក ព្រះក៏ធ្វើឲ្យទឹកជំនន់លិចលើមនុស្សលោកទៅ។ មានតែលោកណូអេនិងគ្រួសាររបស់លោកទេ ដែលនៅរស់ ព្រមទាំងតំណាងនៃសត្វគ្រប់ចំពូក។ ជំនន់នោះគឺធំយ៉ាងអស្ចារ្យដល់ម្ល៉េះ បានជា«អស់ទាំងភ្នំខ្ពស់ៗ នៅក្រោមមេឃបានលិចបាត់អស់រលីងទៅ»។—លោកុប្បត្តិ ៧:១៩
២៧ តើទឹកអស់នេះមកពីណា មកធ្វើឲ្យផែនដីទាំងមូលលិចទៅបាន? ព្រះគម្ពីរក៏ឆ្លើយនឹងសំនួរនេះដែរ។ នៅពេលដំបូងក្នុងការបង្កើត ពេលដែលប្រឡោះនៃបរិយាកាសចាប់ផ្ដើមកើតមានរូបរាងឡើង នោះក៏មាន«ទឹក . . . នៅក្រោមប្រឡោះ» ហើយមាន«ទឹក . . . នៅលើប្រឡោះ»ដែរ។ (លោកុប្បត្តិ ១:៧; ពេត្រុសទី២ ៣:៥) ពេលជំនន់មកដល់ ព្រះគម្ពីរប្រាប់ថា៖ «ទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ»។ (លោកុប្បត្តិ ៧:១១) ជាប្រាកដ «ទឹក . . . នៅលើប្រឡោះ»បានធ្លាក់មកហើយផ្ដល់ទឹកជាច្រើន ដែលធ្វើជន់លិច។
២៨. តើអ្នកបំរើនៃព្រះពីបុរាណ ព្រមទាំងព្រះយេស៊ូ យល់យ៉ាងណាអំពីជំនន់?
២៨ សៀវភៅសិក្សាសម័យថ្មី គឺច្រើនតែមិនព្រមជឿលើជំនន់ពេញពិភពលោកនេះទេ។ ដូច្នេះយើងត្រូវសួរថា៖ តើជំនន់គ្រាន់តែជារឿងតាមប្រពៃណី ឬក៏ជំនន់បានកើតឡើងមែន? មុននឹងឆ្លើយ យើងគួរតែកត់សម្គាល់ថា អ្នកថ្វាយបង្គំព្រះយេហូវ៉ាជំនាន់ក្រោយៗ ទទួលស្គាល់ថាជំនន់គឺជាប្រវត្ដិសាស្ត្រពិតមែនទែន ពួកគេមិនមែនយល់ថានេះជារឿងតាមប្រពៃណីទេ។ អេសាយ ព្រះយេស៊ូ ប៉ុល និងពេត្រុស គឺក្នុងបណ្ដាពួកអ្នកដែលថ្លែងអំពីជំនន់ ថាជាការដែលបានកើតឡើងមែន។ (អេសាយ ៥៤:៩; ម៉ាថាយ ២៤:៣៧-៣៩; ហេព្រើរ ១១:៧; ពេត្រុសទី១ ៣:២០, ២១; ពេត្រុសទី២ ២:៥; ៣:៥-៧) ប៉ុន្តែមានសំនួរដែលយើងត្រូវតែឆ្លើយ អំពីទឹកជន់លិចលើពិភពលោកនេះ។
ទឹកជំនន់
២៩, ៣០. តើការណ៍ពិតអ្វីអំពីទឹកលើផែនដី ដែលបង្ហាញថាជំនន់អាចកើតឡើងបាន?
២៩ ដំបូង តើគំនិតដែលថាផែនដីទាំងមូលត្រូវទឹកជន់លិច គឺហួសហេតុពេកឬ? គឺអត់ទេ។ តាមការពិត ផែនដីមួយកម្រិតគឺត្រូវទឹកជន់លិចនៅឡើយ។ ចិតសិបភាគរយនៃផែនដីគឺត្រូវទឹកគ្របពីលើ ហើយមានតែសាមសិបភាគរយទេ ដែលជាដីគោកនោះ។ ម្យ៉ាងទៀត ចិតសិបប្រាំភាគរយនៃទឹកសាបលើផែនដី គឺនៅកកជាគំនរទឹកកក និងផ្ទាំងទឹកកកដែលគ្របលើទីអក្ខោសាន។ បើទឹកកកទាំងអស់នេះត្រូវរលាយទៅ នោះផ្ទៃសមុទ្រនឹងត្រូវឡើងរឹតតែខ្ពស់ណាស់ទៀត។ ទីក្រុងដូចញូវយ៉ក និងតូក្យូនឹងត្រូវលិចអស់។
៣០ ម្យ៉ាងទៀត សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី និយាយថា៖ «ជម្រៅមធ្យមនៃសមុទ្រទាំងអស់ គឺប្រហាក់ប្រហែលជា៣.៧៩០ម៉ែត្រ (១២.៤៣០ហ៊្វីត) គឺធំច្រើនជាងកំពស់មធ្យមនៃដីលើផ្ទៃសមុទ្រ ដែលមានកំពស់៨៤០ម៉ែត្រ(២.៧៦០ហ៊្វីត)។ បើជម្រៅមធ្យមនេះត្រូវគុណនឹងក្រឡាផ្ទៃនិមួយៗ នោះចំណុះទឹកនៃមហាសាគរពិភពលោក នឹងត្រូវជា១១ដងនៃចំណុះដីលើផ្ទៃសមុទ្រ»។14 ដូច្នេះបើអ្វីៗទាំងអស់ត្រូវពង្រាបទៅ—បើភ្នំទាំងអស់ត្រូវពង្រាបឲ្យស្មើ ហើយបាតសមុទ្រដ៏ជ្រៅត្រូវចាក់បំពេញឡើង នោះសមុទ្រនឹងគ្របលិចលើផែនដីទាំងមូល ដល់ជម្រៅរាប់ពាន់ម៉ែត្រ។
៣១. (ក) ដើម្បីឲ្យជំនន់កើតឡើងបាន តើស្ថានភាពនៃផែនដីមុនជំនន់គឺត្រូវជាយ៉ាងដូចម្ដេច? (ខ) តើអ្វីបង្ហាញថាភ្នំគឺអាចទាបជាង ហើយបាតសមុទ្ររាក់ជាង មុនពេលជំនន់?
៣១ ដើម្បីឲ្យជំនន់កើតឡើងនោះ បាតសមុទ្រមុនជំនន់ត្រូវតែរាក់ជាងពេលឥឡូវនេះ ហើយភ្នំត្រូវតែទាបជាងដែរ។ តើនេះអាចមានលទ្ធភាពបានទេ? សៀវភៅសិក្សាមួយចែងថា៖ «នៅកន្លែងដែលភ្នំនៃពិភពលោកឥឡូវលូតខ្ពស់ដ៏សម្បើមនោះ មហាសាគរនិងវាលរាបកាលរាប់លានឆ្នាំមុនគឺលាតយ៉ាងស្មើ។ . . . ការកម្រើកនៃផ្ទាំងទ្វីបបណ្ដាលឲ្យដីច្រាលឡើងដល់កំពស់ដ៏ខ្ពស់ក្រៃលែង ដែលមានតែសត្វនិងរុក្ខជាតិដ៏មាំទេដែលអាចរស់នៅបាន ហើយនៅចុងឯទៀតវិញ ក៏បណ្ដាលឲ្យដីធ្លាក់លិចកប់នៅក្នុងទីដ៏ជ្រៅក្រោមផ្ទៃសមុទ្រ»។15 ពីព្រោះភ្នំនិងបាតសមុទ្រឡើងនិងធ្លាក់ គឺជាច្បាស់ណាស់ដែលភ្នំពីដើមមិនជាខ្ពស់ដូចឥឡូវនេះទេ ហើយបាតសមុទ្រក៏មិនជាជ្រៅណាស់ដែរ។
៣២. តើអ្វីដែលបានត្រូវកើតឡើងដល់ទឹកជំនន់? សូមពន្យល់។
៣២ តើអ្វីកើតឡើងដល់ទឹកដែលជន់លិចក្រោយពេលជំនន់? ទឹកនោះក៏បានហូរចូលទៅក្នុងបាតសមុទ្រ។ តើតាមរបៀបណា? អ្នកវិទ្យាសាស្ត្រជឿថាទ្វីបគឺស្ថិតនៅលើផ្ទាំងដីដ៏ធំ។ ការកម្រើកនៃផ្ទាំងទាំងនេះ អាចបណ្ដាលឲ្យកំពស់នៃផ្ទៃផែនដីប្រែប្រួល។ នៅកន្លែងខ្លះសព្វថ្ងៃនេះ មានអន្លង់យ៉ាងធំនៅក្រោមទឹក ដែលមានជម្រៅជាងដប់គីឡូម៉ែត្រ នៅតាមព្រំដែននៃផ្ទាំងដីធំនេះ។16 គឺទំនងណាស់—ប្រហែលជាដោយសារជំនន់នេះផង—ដែលផ្ទាំងដីដ៏ធំនេះកម្រើក បាតសមុទ្រក៏ធ្លាក់ចុះ ហើយភ្លោះយ៉ាងធំក៏ចំហឡើង អនុញ្ញាតឲ្យទឹកហូរផុតពីដីទៅ។b
ដាននៃជំនន់?
៣៣, ៣៤. (ក) តើអ្នកវិទ្យាសាស្ត្រមានទីសំអាងអ្វី ដែលអាចគឺជាទីសំអាងសម្រាប់ជំនន់? (ខ) តើជាការសមហេតុទេ ដែលអ្នកវិទ្យាសាស្ត្រអាចមើលទីសំអាងដោយខុសច្រឡំ?
៣៣ បើយើងជឿថាមានជំនន់ដ៏ធំមួយអាចកើតឡើងបាន ហេតុអ្វីក៏អ្នកវិទ្យាសាស្ត្រ មិនអាចរកឃើញដាននៃជំនន់? ប្រហែលជាគេបានរកឃើញ ប៉ុន្តែគេបកស្រាយទីសំអាងនោះជារបៀបផ្សេងវិញ។ ជាឧទាហរណ៍ វិទ្យាសាស្ត្រតាមទម្លាប់ប្រពៃណីបង្រៀនថា ផ្ទៃផែនដីបានត្រូវប្រែរូបរាងជាច្រើនកន្លែង ដោយគំនរទឹកកកដ៏ខ្លាំងក្នុងប្រវត្ដិកាលទឹកកក ដែលកើតឡើងបន្តបន្ទាប់គ្នា។ ប៉ុន្តែ ទីសំអាងនៃសកម្មភាពខាងគំនរទឹកកក ជួនកាលក៏អាចជាលទ្ធផលនៃចលនាទឹកដែរ។ ដូច្នេះ គឺជាទំនងណាស់ ដែលទីសំអាងខ្លះសម្រាប់ជំនន់ បានត្រូវមើលច្រឡំថាជាទីសំអាងនៃប្រវត្ដិកាលទឹកកកវិញ។
៣៤ ក៏មានការច្រឡំស្រដៀងគ្នាដែរ។ អំពីវេលាដែលអ្នកវិទ្យាសាស្ត្របង្កើតទ្រឹស្តីរបស់គេនៃប្រវត្ដិកាលទឹកកកនោះ យើងអានថា៖ «គេរកឃើញប្រវត្ដិកាលទឹកកកនៅគ្រប់ដំណាក់នៃប្រវត្ដិខាងភូគព្ភសាស្ត្រ ដើម្បីកាន់តាមទស្សនៈនៃឯកសណ្ឋានភាព។ ប៉ុន្តែ ដោយពិនិត្យទីសំអាងយ៉ាងប្រយ័ត្នម្ដងទៀតក្នុងឆ្នាំថ្មីៗនេះ នោះគេក៏បោះបង់ប្រវត្ដិកាលទឹកកកនេះជាច្រើនចោល។ គំនរដែលពីមុនបានត្រូវសម្គាល់ថាជាថ្មក្រួសជាប់នឹងគំនរទឹកកក បានត្រូវបកស្រាយសាថ្មីថា ជាស្រទាប់ដែលរៀបឡើងដោយភក់ហូរ ផ្ទាំងដីរអិលក្រោមទឹក និងខ្សែទឹកភក់៖ ផ្ទាំងទឹកភក់ដែលនាំយកល្បប់ម៉ដ្ឋ ដីខ្សាច់ និងក្រួសល្អិត ចេញទៅលើបាតមហាសាគរដ៏ជ្រៅ»។18
៣៥, ៣៦. តើទីសំអាងអ្វីក្នុងប្រវត្ដិនៃបាសាណីភូត និងក្នុងភូគព្ភសាស្ត្រ ដែលអាចទាក់ទងនឹងជំនន់? សូមពន្យល់។
៣៥ ទីសំអាងមួយទៀតសម្រាប់ជំនន់គឺមាននៅក្នុងប្រវត្ដិនៃបាសាណីភូត។ តាមប្រវត្ដិនេះ នៅគ្រាមួយ ខ្លាមានធ្មេញរាងដូចដាវ ឈ្លបចាប់សត្វស៊ីនៅទ្វីបអឺរ៉ុប សេះមាឌធំជាងសេះសព្វថ្ងៃ ដើរចច្រប់នៅទ្វីបអាមេរិកខាងជើង ហើយសត្វមុតមាំស្វែងរកចំណី នៅប្រទេសស៊ីបេរី។ បន្ទាប់មក នៅជុំវិញពិភពលោក ស្រាប់តែចំពូកនៃថនិកសត្វទៅជាវិនាសសាបសូន្យអស់រលីង។ នៅគ្រាជាមួយគ្នានោះ ក៏មានការផ្លាស់ប្ដូរអាកាសធាតុ។ ថនិកសត្វរាប់ម៉ឺនបានត្រូវស្លាប់ ហើយត្រូវកករឹងភ្លាមៗនៅស៊ីបេរីc។ លោកអាលហ្វ្រែត វ៉ាលលេស ជាអ្នកល្បីសម័យថ្មីដូចលោកឆាល ដាវីន ចាត់ទុកការវិនាសដ៏ទូទៅដូចនេះ ថាមកពីព្រឹត្ដិការណ៍ដ៏ប្លែកណាមួយ ដែលកើតឡើងពាសពេញពិភពលោក។19 មនុស្សជាច្រើនប្រកែកថា ព្រឹត្ដិការណ៍នេះគឺជាជំនន់។
៣៦ វិចារណកថាមួយក្នុងទស្សនាវដ្ដី បុរាណវត្ថុវិទូខាងព្រះគម្ពីរ បានយល់ឃើញថា៖ «គឺជាការសំខាន់ដែលយើងត្រូវតែចាំថា រឿងជំនន់ដ៏ធំគឺជាប្រពៃណីដ៏ទូទៅជាងគេបំផុតមួយ ក្នុងវប្បធម៌មនុស្ស . . . ប៉ុន្តែនៅខាងក្រោយប្រពៃណីដ៏ចាស់បំផុត ដែលឃើញក្នុងប្រភពនៃបូព៌ាប្រទេសដ៏ជិត នោះអាចមានជំនន់មែនទែនដ៏ធំក្រៃលែង តាំងពីប្រវត្ដិកាលនៃភ្លៀងមួយ . . . រាប់ពាន់ឆ្នាំមកហើយ»។20 ប្រវត្ដិកាលនៃភ្លៀងនោះ គឺជាពេលដែលផ្ទៃផែនដីសើមជាងឥឡូវឆ្ងាយណាស់ ហើយបឹងទឹកសាបទូទាំងផែនដីគឺធំជាងច្រើនដែរ។ មានទ្រឹស្តីថា ភាពសើមនេះគឺបណ្ដាលមកពីភ្លៀងដ៏ធំ ដែលទាក់ទងនឹងពេលចុងក្រោយនៃប្រវត្ដិកាលទឹកកក។ ប៉ុន្តែអ្នកខ្លះមានយោបល់ថា នៅគ្រាមួយភាពដ៏សើមខ្លាំងលើផ្ទៃ ផែនដីគឺជាលទ្ធផលនៃជំនន់។
មនុស្សលោកមិនបានភ្លេចទេ
៣៧, ៣៨. តើតាមរបៀបណាដែលអ្នកវិទ្យាសាស្ត្រម្នាក់បង្ហាញ តាមទីសំអាង ថាជំនន់អាចកើតឡើងបាន ហើយតាមរបៀបដែលយើងដឹង?
៣៧ លោកយ៉ូហាន ម៉ាកខេមបែល ជាសាស្ដ្រាចារ្យខាងភូគព្ភសាស្ត្រ នៅគ្រាមួយបានសរសេរថា៖ «ការខុសគ្នាដ៏សំខាន់រវាងមហន្តរាយ[ជំនន់]តាមព្រះគម្ពីរ និងឯកសណ្ឋានភាពនិយមខាងវិវត្តន៍ គឺមិនមែនលើទិន្នន័យដ៏តាមការណ៍ពិត នៃភូគព្ភសាស្ត្រនោះទេ ប៉ុន្តែលើការបកស្រាយទិន្នន័យទាំងនោះវិញ។ ការបកស្រាយណាដែលត្រូវចូលចិត្ត គឺពឹងពាក់ភាគច្រើនលើសាវតារនិងការសន្មតជាមុននៃសិស្សនិមួយៗ»។21
៣៨ ដែលថាជំនន់បានកើតឡើង គឺឃើញក្នុងការដែលមនុស្សលោកមិនដែលភ្លេចវាឡើយ។ ពាសពេញពិភពលោក នៅកន្លែងដ៏ឆ្ងាយដាច់ឡែកដូចអាឡាស្កា និងកោះសមុទ្រខាងត្បូង ក៏មានរឿងពីបុរាណអំពីជំនន់ដែរ។ អារ្យធម៌អន្ដោគ្រាមនៃទ្វីបអាមេរិក មុនកូលមប៊ី ព្រមទាំងអ្នកស្រុកដើមនៃអូស្ដ្រាលី សុទ្ធតែមានរឿងអំពីជំនន់។ ថ្វីបើដំណើររឿងខ្លះមានសេចក្ដីល្អិតល្អន់ខុសគ្នា ប៉ុន្តែដំណើររឿងសឹងទាំងអស់ សុទ្ធតែមានសម្ដែងថា ផែនដីបានត្រូវទឹកជន់លិច ហើយមានតែមនុស្សប៉ុន្មាននាក់ទេ ដែលបានត្រូវសង្គ្រោះក្នុងទូកធ្វើដោយមនុស្ស។ សេចក្ដីពន្យល់តែមួយចំពោះការទទួលស្គាល់ទូទៅបែបនេះគឺថា ជំនន់គឺជាព្រឹត្ដិការណ៍តាមប្រវត្ដិសាស្ត្រ។d
៣៩. តើយើងបានឃើញទីសំអាងអ្វីថែមទៀតនៃការណ៍ពិត ដែលថាព្រះគម្ពីរជាបន្ទូលនៃព្រះ មិនមែនជាពាក្យសំដីនៃមនុស្ស?
៣៩ ដូច្នេះ ព្រះគម្ពីរគឺស្របនឹងវិទ្យាសាស្ត្រសម័យថ្មី ក្នុងលក្ខណៈសំខាន់ៗ។ បើកន្លែងណាដែលមានការខុសគ្នា គឺទីសំអាងរបស់អ្នកវិទ្យាសាស្ត្រទេដែលមិនច្បាស់លាស់នោះ។ ហើយកន្លែងដែលមានការដូចគ្នា ព្រះគម្ពីរតែងតែទៀងត្រូវណាស់ ដែលយើងត្រូវតែជឿថា ពត៌មាននោះគឺមកពីប្រាជ្ញាអធិធម្មជាតិ។ ជាប្រាកដ ការដែលព្រះគម្ពីរស្របនឹងវិទ្យាសាស្ត្រដ៏បញ្ជាក់នោះ ផ្ដល់ទីសំអាងថែមទៀតថា ព្រះគម្ពីរគឺបន្ទូលនៃព្រះ មិនមែនជាពាក្យសំដីនៃមនុស្សទេ។
[កំណត់សម្គាល់]
a ការពិចារណាដ៏បានដិតដល់ថែមទៀតអំពីរឿងវិវត្តន៍និងការបង្កើតនោះ គឺមាននៅក្នុងសៀវភៅ ជីវិត—តើវាបានកើតមកនៅទីនេះតាមរបៀបណា? ដោយសារវិវត្តន៍ ឬក៏ដោយសារការបង្កើត? បោះពុម្ពនៅឆ្នាំ ១៩៨៥ ដោយសមាគមប៉មយាមនៃព្រះគម្ពីរនិងខិត្តប័ណ្ណនៃក្រុងញូវយ៉ក។
b សៀវភៅផែនដី—គំនរទឹកកក ប្រាប់អំពីរបៀបដែលទឹក ដែលបានកកជាផែនទឹកកក ហើយមានទម្ងន់សង្កត់លើផ្ទៃផែនដី។ ជាឧទាហរណ៍ សៀវភៅនេះប្រាប់ថា៖ «ប្រសិនបើទឹកកកនៃកោះគ្រីនឡែនរលាយទៅ នោះកោះនេះនឹងត្រូវលូតខ្ពស់ឡើងដល់ប្រហែល២.០០០ហ៊្វីត»។ ដោយយល់ហេតុការណ៍នេះ លទ្ធផលនៃជំនន់ជន់លិចផែនដីមួយរំពេច លើស្រទាប់ផែនដីមួយចំណែកគឺពិតជាមហន្តរាយហើយ។17
c ការស្មានមួយបាននិយាយថាមានថនិកសត្វប្រាំលាន
d ចំពោះពត៌មានបន្ថែមទៀតអំពីជំនន់ សូមមើលក្នុងសៀវភៅ ការពិនិត្យមើលក្នុងបទគម្ពីរ បោះពុម្ពដោយសមាគមប៉មយាមនិងខិត្តប័ណ្ណនៃក្រុងញូវយ៉ក ភាគទី១ទំព័រ៣២៧, ៣២៨, ៦០៩-៦១២
[ប្រអប់នៅទំព័រ១០៥]
«ពីធូលីដី»
«សៀវភៅសព្វវចនាធិប្បាយពិភពលោក» ប្រកាសថា៖ «ធាតុគីមីទាំងអស់ដែលប្រកបធ្វើរបស់មានជីវិត ក៏មាននៅក្នុងរបស់ឥតជីវិតដែរ»។ ក្នុងន័យម្យ៉ាងទៀត សារធាតុគីមីដ៏សំខាន់ ដែលប្រកបធ្វើសព៌ាង្គកាយដ៏មានជីវិត ដូចជាមនុស្ស ក៏មាននៅក្នុងដីផង។ នេះស្របនឹងសេចក្ដីក្នុងព្រះគម្ពីរ ដែលថ្លែងថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកធូលីដីមកសូនធ្វើជាមនុស្ស»។—លោកុប្បត្តិ ២:៧
[ប្រអប់នៅទំព័រ១០៧]
‹ដូចរូបអង្គព្រះ›
អ្នកខ្លះចង្អុលថា មនុស្សនិងសត្វមានរូបរាងស្រដៀងគ្នា ដើម្បីបញ្ជាក់ថា មនុស្សនិងសត្វមានទំនាក់ទំនងនឹងគ្នា។ ប៉ុន្តែ គេក៏យល់ស្របថា មនុស្សមានសមត្ថភាពខាងចិត្តគំនិត ល្អជាងសត្វឯទៀតឆ្ងាយណាស់។ ហេតុអ្វីក៏មនុស្សអាចធ្វើគម្រោងការ និងចាត់ចែងពិភពជុំវិញខ្លួនគេ ចេះស្រឡាញ់ មានប្រាជ្ញាខ្ពង់ខ្ពស់ មានមនសិការ និងមានគំនិតអំពីអតីតកាល បច្ចុប្បន្ន និងអនាគត? វិវត្តន៍មិនអាចឆ្លើយនឹងសំនួរនេះទេ។ ប៉ុន្តែ ព្រះគម្ពីរឆ្លើយប្រាប់ថា៖ «ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង»។ (លោកុប្បត្តិ ១:២៧) បើនិយាយអំពីសមត្ថភាពខាងចិត្តគំនិតនិងសីលធម៌ ព្រមទាំងសក្ដានុភូតរបស់មនុស្ស នោះគឺឃើញថាមនុស្សមានលក្ខណៈដូចព្រះវរបិតាខាងស្ថានសួគ៌របស់គេអញ្ចឹង។
[រូបភាពនៅទំព័រ៩៩]
ការរៀបរាប់នៃព្រះគម្ពីរ អំពីផែនដីដែលព្យួរនៅអវកាស ស្របនឹងអ្វីដែលអវកាសចរប្រកាសថាបានឃើញ
[រូបភាពនៅទំព័រ១០២]
ព្រះគម្ពីរមិនបាននិយាយថា ផែនដីវិលជុំវិញថ្ងៃ ឬជាថ្ងៃវិលជុំវិញផែនដីនោះទេ
[រូបភាពនៅទំព័រ១១២, ១១៣]
បើផែនដីត្រូវពង្រាបចុះ ដោយឥតមានភ្នំឬអន្លង់ជ្រៅ នោះផែនដីនឹងត្រូវគ្របដោយទឹកយ៉ាងជ្រៅ
[រូបភាពនៅទំព័រ១១៤]
សត្វមាំមុតដែលគេរកឃើញ បានត្រូវកកភ្លាមៗក្រោយពីបានស្លាប់ទៅ
[រូបភាពនៅទំព័រ១១៥]
លោកលូវីស ប៉ាស្ទ័របានបញ្ជាក់ថា ជីវិតអាចកើតមកបានពីជីវិតដែលមានពីមុនស្រាប់តែប៉ុណ្ណោះ
[រូប⁄រូបភាពនៅទំព័រ១០៩]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
ព្រះគម្ពីរពណ៌នាប្រាប់យ៉ាងទៀងត្រូវ អំពីដំណើរទឹកវិលនៃផែនដី