ជំពូកទី៩
ទំនាយទាំងឡាយដែលបានត្រូវសម្រេច
មនុស្សមិនអាចទាយអំពីអនាគតឲ្យបានត្រូវច្បាស់លាស់ទេ។ ជាច្រើនដង ការខិតខំទាយរបស់គេឥតបានត្រូវសម្រេចទាល់តែសោះ។ ដូច្នេះ សៀវភៅមួយអំពីទំនាយដែលបានត្រូវសម្រេច គួរតែទាក់ទាញស្មារតីរបស់យើងណាស់។ ព្រះគម្ពីរគឺជាសៀវភៅដូចនេះឯង។
១. (រួមបុព្វយោគ) តើអ្វីដែលបានសឲ្យឃើញ ថាព្រះគម្ពីរកត់ទុកទំនាយដែលបានត្រូវសម្រេច?
ទំនាយជាច្រើនក្នុងព្រះគម្ពីរ បានត្រូវសម្រេចយ៉ាងល្អិតល្អន់ណាស់ បានជាអ្នកធ្វើវិវេចនាអះអាងថា ទំនាយទាំងនេះបានត្រូវសរសេរក្រោយពេលព្រឹត្ដិការណ៍បានកើតឡើងហើយ។ ប៉ុន្តែការអះអាងនេះមិនត្រូវទេ។ ព្រះដ៏មានព្រះចេស្ដាបំផុត ទ្រង់មានសមត្ថភាពពេញលេញដើម្បីទាយប្រាប់។ (អេសាយ ៤១:២១-២៦; ៤២:៨, ៩; ៤៦:៨-១០) ទំនាយក្នុងព្រះគម្ពីរដែលបានត្រូវសម្រេចគឺជាទីសំអាង ដែលថាទំនាយគឺបណ្ដាលមកពីព្រះ មិនមែនជាការនិពន្ធតាមក្រោយនោះទេ។ ឥឡូវ យើងនឹងពិនិត្យមើលទំនាយដ៏ល្អអស្ចារ្យខ្លះ ដែលបានត្រូវសម្រេច—ដែលផ្ដល់ភស្តុតាងថែមទៀតថា ព្រះគម្ពីរគឺបន្ទូលនៃព្រះ មិនមែនពាក្យសំដីនៃមនុស្សទេ។
រស់នៅជាឈ្លើយនៅបាប៊ីឡូន
២, ៣. តើអ្វីកើតឡើងដែលបណ្ដាលឲ្យស្តេចហេសេគាបង្ហាញអស់ទាំងរាជទ្រព្យ ក្នុងរាជវាំងនិងនៅក្រោមអំណាចទ្រង់ ដល់ពួកអ្នកតំណាងពីបាប៊ីឡូន?
២ ហេសេគាជាស្តេចនៅយេរូសាឡិម អស់រយ:ប្រហែល៣០ឆ្នាំ។ នៅឆ្នាំ៧៤០ម.ស.យ. ទ្រង់ទតឃើញការវិនាសដល់អ៊ីស្រាអែល ជាសាសន៍ជិតខាងដែលស្ថិតនៅទិសខាងជើង ដោយដៃសាសន៍អាសស៊ើរ។ នៅឆ្នាំ៧៣២ម.ស.យ. ទ្រង់បានពិសោធនឹងឥទ្ធិឫទ្ធិនៃព្រះ ដែលជួយសង្គ្រោះ ពេលដែលសាសន៍អាសស៊ើរខិតខំវាយយកក្រុងយេរូសាឡិម តែមិនបានសម្រេច ទៅជាត្រូវបរាជ័យយ៉ាងខ្លាំងវិញ។—អេសាយ ៣៧:៣៣-៣៨
៣ ឥឡូវ ហេសេគាកំពុងទទួលគណៈប្រតិភូពីម្រដាក់-បាឡាដាន ជាស្តេចបាប៊ីឡូន។ មើលពីក្រៅ ពួករាជទូតគឺដូចមកសរសើរហេសេគា ដ្បិតទ្រង់បានជាឡើងវិញពីជម្ងឺធ្ងន់។ ប៉ុន្តែ ម្រដាក់-បាឡាដានទំនងជាឃើញថា ហេសេគាអាចធ្វើជាបក្សសម្ព័ន្ធ ដើម្បីប្រឆាំងនឹងមហាអំណាចពិភពលោក គឺសាសន៍អាសស៊ើរ។ ហេសេគាមិនជំទាស់នឹងគំនិតនេះទេ ពេលទ្រង់បង្ហាញអស់ទាំងរាជទ្រព្យ ក្នុងរាជវាំងនិងនៅក្រោមអំណាចទ្រង់ ដល់ពួកភ្ញៀវពីបាប៊ីឡូន។ ប្រហែលជាទ្រង់ចង់មានបក្សសម្ព័ន្ធដែរ ដើម្បីប្រឆាំងពួកអាសស៊ើរដែលអាចត្រឡប់មកវិញ។—អេសាយ ៣៩:១, ២
៤. តើអេសាយទាយអំពីលទ្ធផលដ៏ខ្លោចផ្សាអ្វី នៃការធ្វើខុសរបស់ហេសេគា?
៤ អេសាយគឺជាព្យាការីដ៏ពូកែនាជំនាន់នោះ ហើយលោកក៏ដឹងយល់ភ្លាមថា ស្តេចហេសេគាឥតប្រុងប្រយ័ត្នទេ។ លោកដឹងថា គឺជាព្រះយេហូវ៉ា មិនមែនបាប៊ីឡូនទេ ដែលការពារហេសេគាដ៏ប្រាកដនោះ ហើយទូលប្រាប់ទ្រង់ថា ដែលទ្រង់បង្ហាញរាជទ្រព្យរបស់ទ្រង់ដល់ពួកបាប៊ីឡូន នោះនឹងនាំឲ្យមានការខ្លោចផ្សាធំហើយ។ អេសាយនិយាយថា៖ «នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង នឹងរបស់ទាំងប៉ុន្មានដែលពួកឰយុកោទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន»។ ព្រះយេហូវ៉ាទ្រង់បញ្ចេញក្រិត្យថា៖ «ឥតទុកឲ្យមានសល់អ្វីឡើយ»។—អេសាយ ៣៩:៥, ៦
៥, ៦. (ក) តើយេរេមានិយាយអ្វីដែលបញ្ជាក់អំពីទំនាយរបស់អេសាយ? (ខ) តើរបៀបណាដែលទំនាយរបស់អេសាយនិងយេរេមាបានត្រូវសម្រេច?
៥ កាលនៅសតវត្សទីប្រាំបីម.ស.យ. ទំនាយនោះហាក់ដូចជាមិនត្រូវសម្រេចឡើយ។ ប៉ុន្តែ មួយរយឆ្នាំក្រោយមក ស្ថានការណ៍បានប្រែប្រួល។ បាប៊ីឡូនបានទៅជាមហាអំណាចពិភពលោកដ៏ខ្លាំងលើសលុប ជំនួសអាសស៊ើរវិញ ហើយឯយូដាបានទៅជាអន់ថយយ៉ាងខ្លាំង បើយល់តាមសាសនា បានជាព្រះលែងប្រទានពរឲ្យគេទៀត។ ឥឡូវ យេរេមា ជាព្យាការីម្នាក់ទៀតដែលព្រះវិញ្ញាណបណ្ដាលឲ្យប្រកាសប្រាប់សេចក្ដីព្រមាននៃអេសាយម្ដងទៀតថា៖ «អញនឹងនាំ[ពួកសាសន៍បាប៊ីឡូន]មកទាស់នឹងស្រុកនេះ នឹងពួកអ្នកនៅក្នុងស្រុក . . . ដូច្នេះ ស្រុកនេះទាំងមូលនឹងទៅជាស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំងផង សាសន៍ទាំងនេះនឹងត្រូវបំរើស្តេចបាប៊ីឡូនអស់៧០ឆ្នាំ»។—យេរេមា ២៥:៩, ១១
៦ ប្រហែលជាបួនឆ្នាំក្រោយពេលយេរេមាថ្លែងប្រាប់ទំនាយនោះ ពួកបាប៊ីឡូនបានយកស្រុកយូដាធ្វើជាចំណែកនៃចក្រភពរបស់គេ។ បីឆ្នាំបន្ទាប់មកទៀត ពួកគេក៏ចាប់យកសាសន៍យូដាខ្លះ ព្រមទាំងយករាជទ្រព្យខ្លះនៃព្រះវិហារនៅយេរូសាឡិម ទៅឯបាប៊ីឡូន។ ប្រាំបីឆ្នាំក្រោយមក យូដាក៏បះបោរ ហើយបានត្រូវវាយលុកចូលម្ដងទៀតដោយស្តេចបាប៊ីឡូន ឈ្មោះនេប៊ូក្នេសា។ លើកនេះ ទីក្រុងនិងព្រះវិហារក្នុងក្រុងបានត្រូវកំទេចចោល។ អស់ទាំងរាជទ្រព្យនិងសាសន៍យូដាផង បានត្រូវគេយកទៅបាប៊ីឡូនដ៏ឆ្ងាយ ដូចអេសាយនិងយេរេមាបានទាយប្រាប់អញ្ចឹង។—របាក្សត្រទី២ ៣៦:៦, ៧, ១២, ១៣, ១៧-២១
៧. តើតាមរបៀបណាដែលបុរាណវត្ថុវិទ្យាថ្លែងបញ្ជាក់ អំពីការត្រូវសម្រេចនៃទំនាយរបស់អេសាយនិងយេរេមាអំពីយេរូសាឡិម?
៧ សព្វវចនាធិប្បាយបុរាណវត្ថុវិទ្យានៃស្រុកបរិសុទ្ធ សម្គាល់ថាពេលដែលសាសន៍បាប៊ីឡូនបានវាយលុករួចហើយ នោះ«ការវិនាសនៃក្រុង[យេរូសាឡិម] គឺត្រូវវិនាសហិនហោចអស់»។1 បុរាណវត្ថុវិទូ លោក អាលប្រាយ្ដ ថ្លែងថា៖ «ការជីកស្រាវជ្រាវនិងការរុករកនៅផ្ទៃលើនៅស្រុកយូដា បានបង្ហាញឲ្យឃើញថា ក្រុងនៃយូដាមិនគ្រាន់តែបានត្រូវបំផ្លាញគ្មានសល់ ដោយពួកខាល់ដេដែលវាយលុកពីរលើកនោះទេ ប៉ុន្តែក៏លែងមានគេរស់នៅទៀតអស់រយ: ជាច្រើនតំណ—គឺលែងមានគេនៅទៀត ក្នុងប្រវត្ដិសាស្ត្រ»។2 ដូច្នេះ បុរាណវត្ថុវិទ្យាក៏បញ្ជាក់អំពីការត្រូវសម្រេចដ៏អស្ចារ្យនៃទំនាយនេះដែរ។
រឿងកើតឡើងដល់ទីរ៉ុស
៨, ៩. តើទំនាយអ្វីដែលអេសេគាលថ្លែងប្រកាសប្រឆាំងនឹងក្រុងទីរ៉ុស?
៨ អេសេគាលគឺជាអ្នកសរសេរបុរាណម្នាក់ទៀត ដែលកត់ទុកទំនាយដែលមកពីព្រះ។ លោកបានទាយពីចុងសតវត្សទីប្រាំពីរម.ស.យ. រហូតចូលដល់ទីប្រាំមួយ—គឺក្នុងឆ្នាំរហូតដល់ក្រុងយេរូសាឡិមត្រូវវិនាស ហើយបន្ទាប់មកក្នុងទសវត្សដំបូងដែលសាសន៍យូដាបានរស់នៅជាឈ្លើយនៅបាប៊ីឡូន។ សូម្បីអ្នកធ្វើវិវេចនាសម័យថ្មីក៏យល់ស្របថា សៀវភៅនោះគឺបានត្រូវសរសេរប្រហាក់ប្រហែលនៅគ្រានោះដែរ។
៩ អេសេគាលកត់ទុកទំនាយដ៏អស្ចារ្យមួយ អំពីការវិនាសដល់ក្រុងជិតខាងមួយ នៅខាងជើងអ៊ីស្រាអែល គឺក្រុងទីរ៉ុស ដែលធ្លាប់បានធ្វើជាមិត្តសំឡាញ់នឹងរាស្ត្ររបស់ព្រះ តែបានប្រែទៅជាសត្រូវវិញ។ (ពង្សាវតារក្សត្រទី១ ៥:១-៩; ទំនុកដំកើង ៨៣:២-៨) លោកសរសេរថា៖ «ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ‹ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្ដាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកំរើករលកឡើងដែរ គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង . . . គេនឹងចាក់អស់ទាំងថ្ម នឹងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក›»។—អេសេគាល ២៦:៣, ៤, ១២
១០-១២. តើពេលណាដែលទំនាយរបស់អេសេគាលបានត្រូវសម្រេច ហើយតាមរបៀបណា?
១០ តើរឿងនេះបានកើតឡើងមែនឬទេ? ពីរបីឆ្នាំក្រោយពេលអេសេគាលបាន ប្រកាសទំនាយនេះ ស្តេចបាប៊ីឡូន នេប៊ូក្នេសា បានវាយឡោមព័ទ្ធក្រុងទីរ៉ុស។ (អេសេគាល ២៩:១៧, ១៨) ប៉ុន្តែមិនមែនជាការងាយស្រួលទេ។ ក្រុងទីរ៉ុសមួយចំណែកគឺស្ថិតនៅលើដីទ្វីប (ជាចំណែកដែលហៅថាក្រុងទីរ៉ុសចាស់)។ ប៉ុន្តែមួយចំណែកនៃក្រុងនោះគឺស្ថិតនៅលើកោះ ចម្ងាយប្រហែល៨០០ម៉ែត្រពីឆ្នេរសមុទ្រ។ នេប៊ូក្នេសាបានវាយឡោមព័ទ្ធកោះនេះអស់រយ:១៣ឆ្នាំ មុននឹងវាព្រមចុះចាញ់ដល់ទ្រង់។
១១ ប៉ុន្តែ គឺនៅឆ្នាំ៣៣២ម.ស.យ. ដែលទំនាយរបស់អេសេគាលបានត្រូវសម្រេចយ៉ាងល្អិតល្អន់។ នៅគ្រានោះ អ័លេក្សានត្រុសដ៏ជាធំ ដែលជាអ្នកច្បាំងដណ្ដើមពីស្រុកម៉ាសេដូន កំពុងវាយលុកអាស៊ី។ ក្រុងទីរ៉ុសដែលបានសុខនៅលើកោះ មិនព្រមចុះចាញ់ដល់លោកទេ។ អ័លេក្សានត្រុសមិនចង់ឲ្យមានសល់សត្រូវនៅពីក្រោយលោក ប៉ុន្តែក៏មិនចង់ចំណាយពេលជាច្រើនឆ្នាំ ដើម្បីឡោមព័ទ្ធក្រុងទីរ៉ុស ដូចស្តេចនេប៊ូក្នេសាដែរ។
១២ តើតាមរបៀបណាដែលលោកដោះស្រាយបញ្ហាខាងចំបាំងនេះ? លោកធ្វើផ្លូវដីឬទំនប់មួយ ឆ្លងឆ្ពោះទៅកោះនោះ ដើម្បីឲ្យទ័ពលោកអាចដើរឆ្លងទៅវាយលុកក្រុងលើកោះនោះបាន។ ប៉ុន្តែ ចូរសម្គាល់មើលអ្វីដែលលោកយកមកលើកទំនប់នោះ។ សព្វវចនាធិប្បាយអាមេរិកាណា ប្រកាសថា៖ «លោកលើកទំនប់យ៉ាងធំមួយនៅឆ្នាំ៣៣២ ដើម្បីភ្ជាប់កោះនិងដីទ្វីប ដោយប្រើរបស់កំទេចកំទីពីចំណែកនៃក្រុងលើដីទ្វីប ដែលលោកបានកំទេចចោល»។ ក្រោយពីបានឡោមព័ទ្ធអស់រយ:ពេលដ៏ខ្លី ក្រុងលើកោះនោះក៏បានត្រូវវិនាសទៅ។ ថែមទៅទៀត ទំនាយរបស់អេសេគាលក៏បានត្រូវសម្រេច គ្រប់សេចក្ដីល្អិតល្អន់។ សូម្បីតែ‹ថ្មនឹងឈើហើយធូលីដី› នៃក្រុងទីរ៉ុសចាស់ ក៏បានត្រូវ‹គេចាក់ទៅក្នុងទឹក›។
១៣. តើអ្នកដំណើរសតវត្សទី១៩ម្នាក់ រៀបរាប់ទីកន្លែងនៃក្រុងទីរ៉ុសបុរាណយ៉ាងដូចម្ដេច?
១៣ អ្នកដំណើរសតវត្សទី១៩ម្នាក់ ឲ្យយោបល់អំពីរបស់សេសសល់ នៅក្រុងទីរ៉ុសបុរាណកាលនៅជំនាន់គាត់ថា៖ «ចំពោះក្រុងទីរ៉ុសដើម ដែលស្តេចសាឡូម៉ូនព្រមទាំងពួកព្យាការីនៃអ៊ីស្រាអែល បានស្គាល់នោះ គ្មានដំណែលមួយនៅសល់ទេ គឺមានសល់តែលើស្តូបថ្មឆ្លាក់នៅចំហៀងភ្នំ និងលើជើងកំផែងតែប៉ុណ្ណោះ . . . សូម្បីនៅលើកោះ ដែលអ័លេក្សានត្រុសដ៏ជាធំ បានធ្វើឲ្យទៅជាជ្រោយ ដោយចាក់បំពេញលើទឹកចន្លោះកោះនិងដីទ្វីប កាលលោកឡោមព័ទ្ធក្រុងនោះ ក៏ឥតមានវត្ថុបុរាណដ៏សម្គាល់បាន ពីជំនាន់ដើម មុនជំនាន់សង្គ្រាមសាសនាទេ។ ក្រុងសម័យមួយដ៏ថ្មីគួរសម គឺស្ថិតនៅមួយកំណាត់ខាងជើង នៃកន្លែងដែលពីមុនគឺជាកោះ តែសឹងអស់ទាំងផ្ទៃដីឯទៀត គឺពេញទៅដោយសំណង់បាក់បែកដ៏សម្គាល់មិនបាន»។3
ដល់វេនបាប៊ីឡូន
១៤, ១៥. តើទំនាយអ្វីដែលអេសាយនិងយេរេមាបានកត់ទុក ដែលប្រឆាំងនឹងបាប៊ីឡូន?
១៤ កាលនៅសតវត្សទីប្រាំបីម.ស.យ. អេសាយ ជាព្យាការីដែលព្រមានសាសន៍យូដា ថាគេនឹងត្រូវនៅក្រោមអំណាចបាប៊ីឡូន ក៏បានទាយរឿងដ៏អស្ចារ្យមួយដែរ គឺ៖ ការវិនាសសាបសូន្យដល់បាប៊ីឡូន។ លោកទាយយ៉ាងច្បាស់លាស់និងល្អិតល្អន់ថា៖ «មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ . . . នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ាបង់ ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ»។—អេសាយ ១៣:១៧-២០
១៥ ព្យាការីយេរេមា ក៏ទាយអំពីការរលំនៃបាប៊ីឡូនដែរ ដែលនឹងកើតឡើងជាច្រើនឆ្នាំក្រោយមក។ ហើយលោកប្រាប់សេចក្ដីល្អិតល្អន់មួយដ៏ចាប់អារម្មណ៍ថា៖ «មានរដូវរាំងរឹះមកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួតទៅ។ . . . ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កំឡាំងគេស្បើយហើយ»។—យេរេមា ៥០:៣៨; ៥១:៣០
១៦. តើពេលណាដែលបាប៊ីឡូនបានត្រូវគេវាយយក ហើយដោយអ្នកណា?
១៦ នៅឆ្នាំ៥៣៩ ម.ស.យ. ការគ្រប់គ្រងនៃបាប៊ីឡូនជាមហាអំណាចដ៏ឧត្តមបំផុតនៃពិភពលោក ក៏បានត្រូវដល់ទីបញ្ចប់ ពេលដែលស៊ីរូស អ្នកគ្រប់គ្រងដ៏ខ្លាំងក្លានៃសាសន៍ពើស៊ីរួមនឹងទ័ពមេឌី ចូលវាយប្រឆាំងនឹងទីក្រុងនោះ។ ប៉ុន្តែ អ្វីដែលស៊ីរូសបានឃើញនោះ គឺគួរឲ្យស្ញែងណាស់។ បាប៊ីឡូនមានកំផែងដ៏ធំព័ទ្ធជុំវិញ ហើយហាក់ដូចជាមិនអាចចូលទៅបានទេ។ អ៊ើប្រាតជាទន្លេដ៏ធំ ហូរកាត់ចូលទៅក្នុងក្រុង ហើយជួយការពារដល់ក្រុងនោះផង។
១៧, ១៨. (ក) តើតាមរបៀបណាដែល«មានរដូវរាំងរឹះមកលើទីទឹក[របស់បាប៊ីឡូន]»? (ខ) ហេតុអ្វីក៏‹ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ›?
១៧ ហេរ៉ូដូតឺស អ្នកប្រវត្ដិសាស្ត្រក្រិករៀបរាប់របៀបដែលស៊ីរូសដោះស្រាយបញ្ហានេះថា៖ «ទ្រង់ដាក់ពួកទ័ពទ្រង់មួយចំណែកនៅកន្លែងដែលទឹកហូរចូលទៅក្នុងក្រុង ហើយមួយក្រុមទៀតនៅខាងក្រោយកន្លែងដែលទឹកហូរចេញមក ទាំងដាក់បញ្ជាឲ្យគេចូលទៅក្រុងតាមបាតទន្លេ ពេលទឹកស្រករាក់ល្មម . . . ទ្រង់បង្ហូរទឹកទន្លេអ៊ើប្រាតតាមប្រឡាយមួយឲ្យចូលទៅក្នុងស្រះ [ជាបឹងមួយជីកដោយអ្នកគ្រប់គ្រងមុនបាប៊ីឡូន] ដែលពេលនោះគឺជាវាលភក់ ទាល់តែទឹកទន្លេស្រកចុះទៅជារាក់ ដើរលុយបានតាមបាតទន្លេ។ បន្ទាប់មក សាសន៍ពើស៊ីដែលត្រូវចាំនៅបាប៊ីឡូននៅក្បែរទន្លេ ក៏ចូលទៅក្នុងទន្លេ ដែលឥឡូវបានទៅជារាក់ ប្រហែលពាក់កណ្ដាលភ្លៅ ហើយដូច្នេះក៏ចូលទៅក្នុងក្រុងបាន»។4
១៨ គឺរបៀបនេះហើយ ដែលក្រុងបាប៊ីឡូនបានរលំ ដូចយេរេមានិងអេសាយបានព្រមាន។ ប៉ុន្តែសូមសម្គាល់ការត្រូវសម្រេចយ៉ាងល្អិតល្អន់នៃទំនាយនេះ។ មាន‹រដូវរាំងរឹះមកលើទីទឹករបស់គេ ហើយទឹកទាំងនោះនឹងរីងស្ងួតទៅ›មែន។ គឺទឹកទន្លេអ៊ើប្រាតបានត្រូវស្រកទៅជារាក់ បានជាស៊ីរូសអាចចូលទៅក្រុងនោះបាន។ តើ‹ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ› ដូចយេរេមាបានព្រមានឬ? ព្រះគម្ពីរ—ព្រមទាំងអ្នកប្រវត្ដិសាស្ត្រក្រិក ហេរ៉ូដូតឺស និងស៊ីណូផន—កត់ទុកថាពួកបាប៊ីឡូនកំពុងតែស៊ីលៀង ពេលដែលសាសន៍ពើស៊ីវាយលុក។5 ពង្សាវតារណែបូណែដុស ជាអក្សរចារឹករាងជ្រុងៗ ខាងផ្លូវការចែងថា ទ័ពស៊ីរូសចូលក្រុងបាប៊ីឡូនដោយ«ឥតមានការប្រយុទ្ធ»សោះ ទំនងជាបានសេចក្ដីថា ឥតមានការប្រយុទ្ធដ៏ធំដុំឡើយ។6 ជាប្រាកដ ពួកខ្លាំងពូកែរបស់បាប៊ីឡូនមិនបានប្រឹងតស៊ូការពារក្រុងខ្លួនទេ។
១៩. តើទំនាយដែលថាបាប៊ីឡូននឹង«គ្មានអ្នកណានៅតទៅទៀត»បានត្រូវសម្រេចឬទេ? សូមពន្យល់។
១៩ ចុះចំពោះទំនាយដែលថា បាប៊ីឡូននឹង«គ្មានអ្នកណានៅតទៅទៀត» នោះជាយ៉ាងណា? ទំនាយនោះមិនបានសម្រេចនៅឆ្នាំ៥៣៩ម.ស.យ.ទេ។ ប៉ុន្តែ វាក៏ត្រូវសម្រេចឥតខុសឡើយ។ ក្រោយពេលបានរលំ បាប៊ីឡូនគឺកន្លែងដែលមានការបះបោរមួយចំនួនកើតឡើង រហូតដល់ឆ្នាំ៤៧៨ម.ស.យ. ពេលដែលក្រុងនេះបានត្រូវកំទេចចោល ដោយស្តេចស៊ើកសេស។ នៅចុងសតវត្សទីបួន អ័លេក្សានត្រុសដ៏ជាធំ មានបំណងកសាងក្រុងនេះឡើងវិញ ប៉ុន្តែលោកបានស្លាប់មុនកិច្ចការកសាងនេះបានចម្រើនឡើង។ ចាប់ពីពេលនោះមក ក្រុងនេះទៅជាអន់ថយឡើងជាលំដាប់។ នៅមានមនុស្សរស់នៅទីនោះ នៅសតវត្សទីមួយនៃសករាជយើង ប៉ុន្តែសព្វថ្ងៃនេះ ក្រុងបាប៊ីឡូនបុរាណនៅមានសល់តែគំនរសំណង់បាក់បែក នៅប្រទេសអ៊ីរ៉ាក់។ សូម្បីតែសំណង់បាក់បែកខ្លះត្រូវកសាងឡើងវិញក៏ដោយ បាប៊ីឡូននឹងគ្រាន់តែជាទីសម្រាប់អ្នកទេសចរទស្សនាមើលតែប៉ុណ្ណោះ មិនមែនជាក្រុងដ៏មានមនុស្សរស់នៅយ៉ាងអ៊ូអរនោះទេ។ ក្រុងដ៏សោះកក្រោះគ្មានគេរស់នៅនេះ គឺជាភស្តុតាងនៃការត្រូវសម្រេចចុងក្រោយនៃទំនាយដែលមកពីព្រះ ប្រឆាំងនឹងវា។
ដំណើរទៅមុខនៃពួកមហាអំណាចពិភពលោក
២០, ២១. តើទំនាយអ្វីដែលដានីយ៉ែលបានឃើញអំពីដំណើរទៅមុខនៃពួកមហាអំណាចពិភពលោក ហើយនេះត្រូវសម្រេចយ៉ាងដូចម្ដេច?
២០ នៅសតវត្សទីប្រាំមួយម.ស.យ. ពេលដែលសាសន៍យូដារស់នៅជាឈ្លើយ នៅបាប៊ីឡូន ដានីយ៉ែល ជាព្យាការីម្នាក់ទៀត ដែលព្រះវិញ្ញាណបណ្ដាលឲ្យកត់ទុកចក្ខុនិមិត្តខ្លះដ៏អស្ចារ្យ ដែលទាយអំពីព្រឹត្ដិការណ៍អនាគតនៃពិភពលោក។ ក្នុងចក្ខុនិមិត្តមួយនោះ ដានីយ៉ែលរៀបរាប់សត្វជាសញ្ញាមួយចំនួន ដែលយកកន្លែងគ្នាទៅវិញទៅមក លើឆាកពិភពលោក។ ទេវតាមួយអង្គពន្យល់ប្រាប់ថា សត្វទាំងនេះជាសញ្ញាដែលប្រាប់ជាមុនអំពីការប្រជែងគ្នានៃពួកមហាអំណាចពិភពលោក តាំងពីគ្រានោះរហូតមក។ ទ្រង់ប្រាប់អំពីសត្វសាហាវចុងក្រោយពីរថា៖ «ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី នឹងស្តេចសាសន៍ពើស៊ី ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រិកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្ដាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើង ពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ»។—ដានីយ៉ែល ៨:២០-២២
២១ សេចក្ដីទាយទុកជាមុននេះ ត្រូវសម្រេចយ៉ាងត្រង់ៗ។ ចក្រភពបាប៊ីឡូនបានត្រូវរំលំដោយសាសន៍មេឌី-ពើស៊ី ដែល២០០ឆ្នាំក្រោយមក បានបើកជំហរឲ្យសាសន៍ក្រិកឡើងធ្វើជា មហាអំណាចពិភពលោក។ ចក្រភពក្រិកបានត្រូវដឹកនាំដោយ អ័លេក្សានត្រុសដ៏ជាធំ គឺជា«ស្នែង១ធំ»នោះ។ ប៉ុន្តែ ក្រោយពេលអ័លេក្សានត្រុសស្លាប់ទៅ មេទ័ពលោកក៏ច្បាំងក្នុងចំណោមគ្នាគេ ដើម្បីយកអំណាច ហើយដល់ទីបំផុត ចក្រភពដ៏ធំនេះក៏បែកទៅជាចក្រភពបួនតូចៗ គឺជា«នគរ៤»។
២២. តើមហាអំណាចពិភពលោកណាទៀតដែលបានត្រូវទាយ ក្នុងទំនាយដែលទាក់ទងនឹងដំណើរទៅមុខនៃពួកមហាអំណាច?
២២ នៅដានីយ៉ែល ជំពូកទី៧ ចក្ខុនិមិត្តស្រដៀងគ្នាមួយក៏ប្រាប់អំពីអនាគតដែរ។ មហាអំណាចបាប៊ីឡូនគឺតំណាងដោយសត្វសិង្ហ ពើស៊ីដោយសត្វខ្លាឃ្មុំ ហើយឯក្រិកដោយសត្វខ្លារខិន ដែលមានស្លាបបួនលើខ្នងវា ហើយក៏មានក្បាលបួនដែរ។ បន្ទាប់មក ដានីយ៉ែលឃើញសត្វសាហាវមួយទៀតដ៏«គួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង . . . ក៏មានស្នែង១០»ផង។ (ដានីយ៉ែល ៧:២-៧) សត្វសាហាវទីបួននេះបង្ហាញប្រាប់ជាមុននូវចក្រភពរ៉ូមដ៏មានអំណាច ដែលចាប់ផ្ដើមកើតឡើង ប្រហែលបីសតវត្ស ក្រោយពេលដានីយ៉ែលកត់ទុកទំនាយនេះ។
២៣. តើក្នុងរបៀបណាដែលសត្វសាហាវទីបួន ក្នុងទំនាយរបស់ដានីយ៉ែល គឺ«ជាផ្សេងពីអស់ទាំងនគរ»ឯទៀត?
២៣ ទេវតាទាយប្រាប់អំពីរ៉ូមថា៖ «សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង»។ (ដានីយ៉ែល ៧:២៣)។ លោក វ៉ែល្ស មានប្រសាសន៍ក្នុងសៀវភៅរបស់លោក ប្រវត្ដិសាស្ត្រតូចនៃពិភពលោក ថា៖ «អំណាចរ៉ូមថ្មីនេះដែលកើតឡើងមកកាន់កាប់បស្ចិមប្រទេស ក្នុងសតវត្សទីពីរនិងទីមួយ ម.ស.យ. គឺមានលក្ខណៈជាច្រើនយ៉ាងដែលខុសពីចក្រភពដ៏ធំឯទៀត ដែលគង់នៅរហូតដល់គ្រានេះ ក្នុងពិភពលោកដ៏មានអារ្យធម៌ខ្ពង់ខ្ពស់»។7 វាចាប់ផ្ដើមឡើងជាសាធារណៈរដ្ឋមួយ ហើយក៏នៅតទៅជារាជាធិបតេយ្យ។ ខុសពីចក្រភពពីមុនៗ ចក្រភពរ៉ូមមិនមែនបង្កើតឡើងដោយអ្នកច្បាំងដណ្ដើមម្នាក់ណាទេ ប៉ុន្តែលូតលាស់ឡើងយ៉ាងរ៉ឹងប៊ឹងអស់ជាច្រើនសតវត្ស ទាំងនៅជាប់បានយូរជាង ហើយកាន់កាប់ដីច្រើនជាងអស់ទាំងចក្រភពមុនៗផង។
២៤, ២៥. (ក) តាមរបៀបណាដែលស្នែងដប់នៃសត្វសាហាវបានលេចឡើងមក? (ខ) តើដានីយ៉ែលទាយអំពីការប្រយុទ្ធយ៉ាងដូចម្ដេច រវាងស្នែងនៃសត្វសាហាវ?
២៤ ចុះចំពោះស្នែងដប់នៃសត្វសាហាវដ៏ធំនេះ? ទេវតាមានបន្ទូលថា៖ «ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ»។ (ដានីយ៉ែល ៧:២៤) តើរឿងនេះកើតឡើងយ៉ាងដូចម្ដេច?
២៥ ពេលចក្រភពរ៉ូមចាប់តាំងទៅជាអន់ខ្សោយទៅ នៅសតវត្សទីប្រាំស.យ. វាមិនបានត្រូវមហាអំណាចពិភពលោកផ្សេងមកជំនួសភ្លាមទេ តែបានត្រូវបែកចេញជានគរមួយចំនួន គឺជា«ស្តេច១០អង្គ»វិញ។ ក្រោយមកចក្រភពអង់គ្លេសវាយឈ្នះលើចក្រភពដ៏ប្រកួតបី គឺអេស្បាញ បារាំង និងណេថឺឡែនដ៍ ហើយក៏ក្លាយជាមហាអំណាចពិភពលោកដ៏សំខាន់មួយ។ គឺដូច្នេះហើយដែល‹ស្នែង›មកថ្មី បានទម្លាក់«ស្តេច៣អង្គនោះចុះ»។
ទំនាយរបស់ដានីយ៉ែល ក្រោយពេលការណ៍ពិតបានកើតឡើងឬ?
២៦. តើអ្នកធ្វើវិវេចនាអះអាងថា សៀវភៅដានីយ៉ែលបានត្រូវសរសេរនៅពេលណា ហើយមកពីហេតុអ្វី?
២៦ ព្រះគម្ពីរប្រាប់ថា សៀវភៅដានីយ៉ែលបានត្រូវសរសេរនៅសតវត្សទីប្រាំមួយ ម.ស.យ.។ ប៉ុន្តែ ទំនាយក្នុងសៀវភៅត្រូវសម្រេចត្រង់ៗណាស់ បានជាអ្នកធ្វើវិវេចនាអះអាងថា វាបានត្រូវសរសេរប្រហែលនៅឆ្នាំ១៦៥ម.ស.យ. ពេលដែលទំនាយមួយចំនួនបានត្រូវសម្រេចរួចទៅហើយ។8 ថ្វីបើហេតុដ៏មែនទែនសម្រាប់ធ្វើការអះអាងនេះ គឺពីព្រោះទំនាយដានីយ៉ែលបានត្រូវសម្រេច គេនៅតែចាត់ទុកជាការណ៍ពិតដ៏ជាក់ហើយ ក្នុងឯកសារយោងជាច្រើន ថាសៀវភៅដានីយ៉ែលបានត្រូវសរសេរនៅពេលវេលាក្រោយៗនេះ។
២៧, ២៨. តើការណ៍ពិតអ្វីខ្លះ ដែលបញ្ជាក់ថា សៀវភៅដានីយ៉ែលមិនមែនសរសេរនៅឆ្នាំ១៦៥ ម.ស.យ.?
២៧ ប៉ុន្តែ យើងត្រូវតែគិតថ្លឹងការណ៍ពិតខាងក្រោម ទល់នឹងទ្រឹស្តីបែបនេះ។ ទីមួយ សៀវភៅនេះមានគេថ្លែងបញ្ឆៀងក្នុងសៀវភៅយូដា ដែលគេសរសេរក្នុងសតវត្សទីពីរម.ស.យ. ដូចជាសៀវភៅទីមួយនៃម៉ាកកាប៊ី។ ហើយវាក៏មានរួមបញ្ចូលក្នុង សេបទូជីនភាសាក្រិក ដែលគេបានបកប្រែចាប់ផ្ដើមក្នុងសតវត្សទីបីម.ស.យ.។9 ទីបី ចំណែកនៃឯកសារចម្លងពីសៀវភៅដានីយ៉ែល គឺតែងតែឃើញច្រើនក្នុងការសរសេរក្នុងក្រាំងសមុទ្រស្លាប់—ហើយគេជឿថាចំណែកទាំងនេះមានចុះថ្ងៃកំណត់ប្រហែលនៅឆ្នាំ១០០ ម.ស.យ.។10 ជាប្រាកដ មិនយូរក្រោយពេលសៀវភៅដានីយ៉ែលបានត្រូវសរសេរចប់ វាក៏បានត្រូវល្បីពាសពេញ ហើយមានគេជឿតាម៖ ជាទីសំអាងដ៏ខ្លាំងដែលបង្ហាញថា វាបានត្រូវសរសេរជាយូរ មុនពេលវេលាដែលអះអាងដោយអ្នកធ្វើវិវេចនាទៅទៀត។
២៨ ម្យ៉ាងទៀត ដានីយ៉ែលមានប្រវត្ដិសាស្ត្រដ៏ល្អិតល្អន់ ដែលមិនដែលបានដឹងដោយអ្នកសរសេរនៃសតវត្សទីពីរឡើយ។ សេចក្ដីដ៏អស្ចារ្យមួយ គឺអំពី ស្តេចបេលសាសារ ជាអ្នកគ្រប់គ្រងបាប៊ីឡូន ដែលបានត្រូវគេធ្វើគុតពេលបាប៊ីឡូនរលំនៅឆ្នាំ៥៣៩ម.ស.យ.។ ប្រភពដ៏សំខាន់ខាងក្រៅព្រះគម្ពីរ ដែលប្រាប់យើងអំពីការរលំនៃបាប៊ីឡូនគឺ ហេរូដូតឺស(សតវត្សទីប្រាំ) ស៊ីណូផន(សតវត្សទីប្រាំនិងទីបួន) និងបេរូសឺស(សតវត្សទីបី)។ ពួកគេទាំងនេះឥតដឹងអំពីបេលសាសារទេ។11 គឺមិនទំនងសោះ ដែលអ្នកសរសេរនៃសតវត្សទីពីរ នឹងមានពត៌មានដែលមិនមានដល់អ្នកនិពន្ធពីមុនៗនោះ! សេចក្ដីកត់ទុកអំពីបេលសាសារ ក្នុងដានីយ៉ែល ជំពូកទី ៥ គឺជាការអះអាងយ៉ាងខ្លាំងថា ដានីយ៉ែលបានសរសេរសៀវភៅរបស់លោក មុនអ្នកទាំងនេះសរសេរសៀវភៅរបស់គេទៅទៀត។a
២៩. ហេតុអ្វីក៏សៀវភៅដានីយ៉ែលមិនអាចត្រូវសរសេរ ក្រោយពេលទំនាយដែលចែងក្នុងនោះបានត្រូវសម្រេច?
២៩ ក្រោយបង្អស់ មានទំនាយមួយចំនួនក្នុងដានីយ៉ែល ដែលបានត្រូវសម្រេច ជាយូរក្រោយឆ្នាំ១៦៥ម.ស.យ.។ ទំនាយមួយគឺអំពីចក្រភពរ៉ូម ដែលមាននិយាយពីមុននេះ។ ទំនាយមួយទៀតគឺទំនាយដ៏អស្ចារ្យ ដែលទាយអំពីការយាងមក នៃព្រះយេស៊ូជាព្រះមេស្ស៊ី។
ការយាងមកនៃមួយអង្គដែលបានត្រូវចាក់ប្រេងតាំង
៣០, ៣១. (ក) តើទំនាយអ្វីរបស់ដានីយ៉ែល ដែលទាយប្រាប់ពេលដែលព្រះមេស្ស៊ីត្រូវលេចមក? (ខ) ដោយសំអាងលើទំនាយដានីយ៉ែល តើតាមរបៀបណាដែលយើងអាចគិតរកឆ្នាំ ដែលព្រះមេស្ស៊ីត្រូវលេចមក?
៣០ ទំនាយនេះមានកត់ទុកក្នុងដានីយ៉ែល ជំពូកទី៩ ដូចនេះថា៖ «គ្រប់៧០អាទិត្យ [នៃឆ្នាំឬ៤៩០ឆ្នាំ]បានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុងបរិសុទ្ធរបស់ឯង»។b (ដានីយ៉ែល ៩:២៤) តើអ្វីនឹងត្រូវកើតឡើង ក្នុងរយ: ៤៩០ឆ្នាំនេះ? យើងអានថា៖ «ចាប់តាំងពីចេញបង្គាប់ឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ ដរាបដល់គ្រា[ការយាងមកនៃ]អ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកដែលជាកំពូលបណ្ដាច់ នោះត្រូវជាចំនួន៧អាទិត្យ[នៃឆ្នាំ] នឹង៦២អាទិត្យ[នៃឆ្នាំ]»។ (ដានីយ៉ែល ៩:២៥) ដូច្នេះ នេះគឺទំនាយអំពីពេលដែលព្រះមេស្ស៊ី ជា«អ្នកដែលបានចាក់ប្រេងតាំង» ត្រូវយាងមក។ តើនេះត្រូវសម្រេចយ៉ាងដូចម្ដេច?
៣១ បញ្ជាឲ្យតាំងក្រុងយេរូសាឡិម ហើយសង់ឡើងវិញ គឺ‹ត្រូវប្រាប់› ក្នុង«ឆ្នាំទី២០ ក្នុងរាជ្យរបស់ស្តេចអើថាស៊ើកសេស»នៃសាសន៍ពើស៊ី គឺក្នុងឆ្នាំ៤៥៥ម.ស.យ.។ (នេហេមា ២:១-៩) ដល់ចុង៤៩ឆ្នាំ(៧អាទិត្យនៃឆ្នាំ)ភាពរុងរឿងជាច្រើននៃក្រុងយេរូសាឡិម បានត្រូវតាំងឡើងវិញ។ ហើយបន្ទាប់មក ដោយរាប់បង្គ្រប់៤៨៣ឆ្នាំ (៧អាទិត្យបូកនឹង៦២អាទិត្យនៃឆ្នាំ) ពីឆ្នាំ៤៥៥ម.ស.យ. នោះយើងនឹងរាប់ដល់ឆ្នាំ២៩ស.យ.។ តាមពិត នេះគឺ«ឆ្នាំទី១៥ ក្នុងរាជ្យសេសារ-ទីប៊ើរ»ជាឆ្នាំដែលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក ពីយ៉ូហាន-បាទីស្ទ។ (លូកា ៣:១) នៅពេលនោះ ព្រះយេស៊ូបានត្រូវសម្គាល់ចំពោះមុខសាធារណៈ ថាជារាជបុត្រានៃព្រះ ហើយទ្រង់ក៏ចាប់ផ្ដើមកិច្ចបំរើទ្រង់ ខាងការប្រកាសដំណឹងល្អដល់សាសន៍យូដា។ (ម៉ាថាយ ៣:១៣-១៧; ៤:២៣) ទ្រង់ក៏ក្លាយថាជា«អ្នកដែលបានចាក់ប្រេងតាំង»ឬព្រះមេស្ស៊ី។
៣២. ស្របតាមទំនាយដានីយ៉ែល កិច្ចបំរើនៃព្រះយេស៊ូលើផែនដី គឺមានរយៈពេលយូរប៉ុន្មាន ហើយអ្វីត្រូវកើតឡើងក្រោយពេលកិច្ចបំរើនេះ?
៣២ ទំនាយទាយថែមទៀតថា៖ «លុះក្រោយពី៦២អាទិត្យ[នៃឆ្នាំ]នោះទៅ នោះអ្នកដែលបានចាក់ប្រេងតាំងឡើង នឹងត្រូវផ្ដាច់ចេញវិញ»។ ហើយក៏ទាយប្រាប់ទៀតថា៖ «ចៅហ្វាយនោះនឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ[ប្រាំពីរឆ្នាំ] តែដល់ពាក់កណ្ដាលអាទិត្យនោះ នឹងធ្វើឲ្យការថ្វាយយញ្ញបូជា នឹងដង្វាយឈប់ទៅ»។ (ដានីយ៉ែល ៩:២៦, ២៧) ស្របនឹងទំនាយនេះ ព្រះយេស៊ូយាងមកប្រកាសប្រាប់តែពួកសាសន៍យូដា ជា«មនុស្សជាច្រើន»នោះ។ ជួនកាល ទ្រង់ក៏ប្រកាសដល់ពួកសាម៉ារីដែលជឿបទគម្ពីរខ្លះ ប៉ុន្តែពួកគេបានបង្កើតនិកាយមួយផ្សេងពីសាសនាយូដាទូទៅ។ បន្ទាប់មក «ដល់ពាក់កណ្ដាលអាទិត្យ» ក្រោយពេលបានប្រកាសអស់រយៈបីឆ្នាំកន្លះ ទ្រង់ប្រទានជីវិតទ្រង់សម្រាប់ជាយញ្ញបូជា ហើយដូច្នេះក៏«ត្រូវផ្ដាច់ចេញ»។ នេះក៏ផ្ដាច់ក្រិត្យវិន័យលោកម៉ូសេ ទាំងការថ្វាយយញ្ញបូជានិងតង្វាយ។ (កាឡាទី ៣:១៣, ២៤, ២៥) ម្ល៉ោះហើយ ដោយថ្វាយជីវិតទ្រង់ ព្រះយេស៊ូក៏ធ្វើឲ្យ«ការថ្វាយយញ្ញបូជានឹងដង្វាយឈប់ទៅ»។
៣៣. តើព្រះយេហូវ៉ាទាក់ទងតែនឹងសាសន៍យូដាយូរប៉ុន្មាន ហើយព្រឹត្ដិការណ៍អ្វីដែលកត់សម្គាល់ទីបញ្ចប់នៃរយៈពេលនេះ?
៣៣ ប៉ុន្តែ អស់រយ:បីឆ្នាំកន្លះថែមទៀត ក្រុមជំនុំគ្រីស្ទានទើបកើតថ្មីនេះ ធ្វើទីបន្ទាល់ដល់សាសន៍យូដាតែប៉ុណ្ណោះ ហើយក្រោយមក ក៏ដល់សាសន៍សាម៉ារីដែលជាញាតិសន្ដានដែរ។ ប៉ុន្តែ នៅឆ្នាំ៣៦ស.យ. នៅចុង៧០អាទិត្យនៃឆ្នាំ សាវ័កពេត្រុសបានត្រូវណែនាំឲ្យប្រកាសប្រាប់ដល់សាសន៍ដទៃម្នាក់ ឈ្មោះកូនេលាស។ (កិច្ចការ ១០:១-៤៨) ឥឡូវ«សញ្ញា . . . នឹងមនុស្សជាច្រើន»ក៏មិនសម្រាប់តែសាសន៍យូដាតែប៉ុណ្ណោះទេ។ សេចក្ដីសង្គ្រោះក៏ត្រូវប្រកាសប្រាប់ ដល់សាសន៍ដទៃឯទៀត ដែលឥតកាត់ស្បែក។
៣៤. ស្របនិងទំនាយដានីយ៉ែល តើអ្វីកើតឡើងដល់សាសន៍អ៊ីស្រាអែល ដោយព្រោះគេមិនទទួលព្រះមេស្ស៊ី?
៣៤ ពីព្រោះសាសន៍អ៊ីស្រាអែលមិនទទួលព្រះយេស៊ូ ហើយរកគំនិតឲ្យគេធ្វើគុតទ្រង់ ព្រះយេហូវ៉ាមិនការពារគេទេ ពេលពួករ៉ូមមកកំទេចក្រុងយេរូសាឡិមចោល នៅឆ្នាំ៧០ស.យ.។ ដូច្នេះពាក្យថែមទៀតរបស់ដានីយ៉ែល ក៏ត្រូវសម្រេចថា៖ «រួចបណ្ដាទ័ពរបស់ចៅហ្វាយ១ដែលនឹងមក គេនឹងបំផ្លាញទីក្រុង នឹងទីបរិសុទ្ធបង់ ឯចុងបំផុតនៃការនោះនឹងបានដូចជាជំនន់ទឹក ក៏នឹងមានចំបាំងដរាបដល់ចុង»។ (ដានីយ៉ែល ៩:២៦ខ) «ចៅហ្វាយ»ទីពីរនេះគឺ ទីតុស ជាមេទ័ពរ៉ូមដែលកំទេចក្រុងយេរូសាឡិម នៅឆ្នាំ៧០ស.យ.។
ទំនាយដែលមកពីព្រះ
៣៥. តើទំនាយអ្វីផ្សេងទៀតអំពីព្រះយេស៊ូដែលបានត្រូវសម្រេច?
៣៥ គឺរបៀបនេះហើយដែលទំនាយដានីយ៉ែលអំពី៧០អាទិត្យ បានគឺត្រូវសម្រេចដ៏ចំៗបំផុត។ ជាប្រាកដ ទំនាយជាច្រើនដែលកត់ទុកក្នុងបទគម្ពីរហេព្រើរ បានត្រូវសម្រេចក្នុងសតវត្សទីមួយ ហើយទំនាយមួយចំនួននេះគឺអំពីព្រះយេស៊ូ។ ស្រុកកំណើតព្រះយេស៊ូ ការខ្នះខ្នែងរបស់ទ្រង់ចំពោះព្រះវិហារនៃព្រះ កិច្ចការប្រកាសរបស់ទ្រង់ ការក្បត់ដល់ទ្រង់ដើម្បីប្រាក់៣០ដុំ របៀបដែលទ្រង់ត្រូវសោយទិវង្គត ការធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់—សេចក្ដីល្អិតល្អន់ទាំងអស់នេះបានត្រូវទាយទុកក្នុងបទគម្ពីរហេព្រើរ។ ការត្រូវសម្រេច នេះបញ្ជាក់ដោយឥតសង្ស័យឡើយថា ព្រះយេស៊ូគឺជាព្រះមេស្ស៊ី ហើយបង្ហាញឲ្យឃើញម្ដងទៀត ថាទំនាយគឺមកពីព្រះ។—មីកា ៥:២; លូកា ២:១-៧; សាការី ១១:១២; ១២:១០; ម៉ាថាយ ២៦:១៥; ២៧:៣៥; ទំនុកដំកើង ២២:១៨; ៣៤:២០; យ៉ូហាន ១៩:៣៣-៣៧
៣៦, ៣៧. តើយើងជ្រាបអ្វីពីការដែលទំនាយក្នុងព្រះគម្ពីរបានត្រូវសម្រេច ហើយការដឹងនេះផ្ដល់ការទុកចិត្តអ្វីដល់យើង?
៣៦ តាមពិត អស់ទាំងទំនាយរបស់ព្រះគម្ពីរដែលកំណត់ថានឹងត្រូវសម្រេច គឺបានត្រូវសម្រេចមែន។ ព្រឹត្ដិការណ៍បានកើតឡើងចំ ៗដូចព្រះគម្ពីរទាយប្រាប់អញ្ចឹង។ នេះគឺជាទីសំអាងដ៏ខ្លាំង ដែលថាព្រះគម្ពីរគឺបន្ទូលនៃព្រះ។ គឺត្រូវតែមានប្រាជ្ញាដ៏ខ្ពង់ខ្ពស់ជាងប្រាជ្ញាមនុស្ស ដែលអាចថ្លែងប្រាប់ទំនាយដ៏ឆុតដូចនេះ។
៣៧ ប៉ុន្តែមានទំនាយឯទៀតក្នុងព្រះគម្ពីរ ដែលមិនទាន់បានត្រូវសម្រេចនៅជំនាន់នោះ។ ហេតុអ្វី? ពីព្រោះនេះបានកំណត់ថានឹងត្រូវសម្រេចនៅជំនាន់យើង ហើយនៅពេលអនាគតយើងផង។ ទំនាយពីបុរាណដ៏គួរជឿបាន ទាំងនេះ ធ្វើឲ្យយើងទុកចិត្តថា ទំនាយឯទៀតនេះនឹងត្រូវសម្រេចជាមិនខាន។ នេះគឺពិតជាដូច្នេះមែន ដូចយើងនឹងឃើញនៅជំពូកបន្ទាប់នេះ។
[កំណត់សម្គាល់]
a សូមមើលក្នុងជំពូកទី៤ «តើគួរជឿ‹សញ្ញាចាស់›បានទេ»? វគ្គ១៦និង១៧។
b នៅក្នុងការបកប្រែនេះ ពាក្យនៅក្នុងវង់ដង្កៀបគឺបន្ថែមដោយអ្នកបកប្រែ ដើម្បីនិងបញ្ជាក់សេចក្ដី។
[ឃ្លាអក្សរធំនៅទំព័រ១៣៣]
អស់ទាំងទំនាយដែលកំណត់ថានឹងត្រូវសម្រេច គឺបានត្រូវសម្រេចមែន។ ព្រឹត្ដិការណ៍បានកើតឡើងចំៗ ដូចព្រះគម្ពីរទាយប្រាប់អញ្ចឹង
[រូបភាពនៅទំព័រ១១៨]
បុរាណវត្ថុវិទូបានរកឃើញថាក្រុងយេរូសាឡិមបានត្រូវវិនាសទាំងស្រុង ដោយសារស្តេចនេប៊ូក្នេសា
[រូបភាពនៅទំព័រ១២១]
រូបនៃក្រុងទីរ៉ុសសម័យថ្មី។ សឹងតែគ្មានដំណែលសល់ឡើយ ពីក្រុងទីរ៉ុសមុនដែលពួកព្យាការីអ៊ីស្រាអែលធ្លាប់បានស្គាល់
[រូបភាពនៅទំព័រ១២៣]
ពួកទេសចរដែលទៅមើលកន្លែងក្រុងបាប៊ីឡូនពីបុរាណ គឺជាសាក្សីចំពោះការត្រូវសម្រេចនៃទំនាយ ដែលប្រឆាំងនឹងទីក្រុងនោះ
[រូបភាពនៅទំព័រ១២៦]
ទំនាយដានីយ៉ែលអំពីដំណើរទៅមុខនៃពួកមហាអំណាចពិភពលោក គឺត្រូវឆុតណាស់ បានជាអ្នកធ្វើវិវេចនាសម័យថ្មីគិតថា ទំនាយទាំងនេះគឺសរសេរក្រោយពេលព្រឹត្ដិការណ៍បានកើតឡើងហើយ
ស្រុកបាប៊ីឡូន
ស្រុកពើស៊ី
ស្រុកក្រិក
ស្រុករ៉ូម
ស្រុកអង់គ្លេស
[រូបភាពនៅទំព័រ១៣០]
ដានីយ៉ែលបានទាយយ៉ាងឆុតអំពីវេលាដែលព្រះមេស្ស៊ីត្រូវលេចមកនៅអ៊ីស្រាអែល