ជំពូកទី១០
ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង
១, ២. តើរដ្ឋាភិបាលមនុស្សបានសឲ្យឃើញថាខ្វះសមត្ថភាពយ៉ាងណាខ្លះ?
អ្នកប្រហែលជាធ្លាប់បានទិញប្រដាប់អ្វីមួយ ហើយក៏ឃើញថាប្រដាប់នោះខូច ប្រើការមិនកើត។ សូមយើងឧបមាថា អ្នកបានហៅជាងម្នាក់មកជួសជុល។ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយពីជាងនោះបាន«ជួសជុល»ហើយ ប្រដាប់នោះក៏ខូចទៀត។ នេះគឺគួរឲ្យអាក់អន់ចិត្តមែន!
២ ចំពោះរដ្ឋាភិបាលមនុស្ស ក៏មានការស្រដៀងគ្នាដែរ។ មនុស្សជាតិតែងប្រាថ្នាចង់បានរដ្ឋាភិបាល ដែលនឹងធានារកបានសន្ដិភាពនិងសុភមង្គល។ តែការខំប្រឹងប្រែងយ៉ាងស្វាហាប់ ដើម្បីជួសជុលសេចក្ដីខូចខាតក្នុងសង្គម មិនបានសម្រេចជោគជ័យជាពិតប្រាកដឡើយ។ មានសិទ្ធិសញ្ញាសន្ដិភាពច្រើនណាស់បានត្រូវធ្វើឡើង—តែរួចមកក៏ត្រូវគេបំពានលើ។ ម្យ៉ាងទៀត តើរដ្ឋាភិបាលណាមួយអាចបំបាត់ភាពក្រីក្រ ការប្រកាន់ពូជសាសន៍ បទឧក្រិដ្ឋ រោគជម្ងឺ និងការខូចបង់ដល់បរិដ្ឋានបានទេ? ការគ្រប់គ្រងរបស់មនុស្ស គឺគ្មានសង្ឃឹមនឹងជួសជុលកែឡើងវិញបានឡើយ។ សូម្បីសាឡូម៉ូន ដែលជាស្តេចដ៏មានប្រាជ្ញារបស់អ៊ីស្រាអែល បានសួរថា៖ «ដូច្នេះ ធ្វើដូចម្ដេចឲ្យមនុស្សយល់ផ្លូវខ្លួនបាន»?—សុភាសិត ២០:២៤
៣. (ក) តើអ្វីជាសាច់រឿងនៃការផ្សាយរបស់ព្រះយេស៊ូ? (ខ) តើមនុស្សខ្លះរៀបរាប់ព្រះរាជាណាចក្រនៃព្រះយ៉ាងដូចម្ដេច?
៣ សូមកុំអស់សង្ឃឹមឡើយ! រដ្ឋាភិបាលដ៏នឹងនរពិភពលោក គឺមិនមែនគ្រាន់តែជាការយល់សប្ដិទេ។ រដ្ឋាភិបាលនេះគឺជាសាច់រឿង នៃការផ្សាយរបស់ព្រះយេស៊ូ។ ទ្រង់ហៅរដ្ឋាភិបាលនេះថា ‹ព្រះរាជាណាចក្រព្រះ› ហើយបង្រៀនពួកសិស្សរបស់ទ្រង់ ឲ្យអធិស្ឋានសូមឲ្យព្រះរាជាណាចក្រនេះមកដល់។ (លូកា ១១:២; ២១:៣១) ប្រាកដហើយ ជួនកាលគេមាននិយាយអំពីព្រះរាជាណាចក្រនៃព្រះ ក្នុងរង្វង់សាសនា។ តាមពិត មនុស្សរាប់លាននាក់ អធិស្ឋានដល់ព្រះរាជាណាចក្រនេះរាល់តែថ្ងៃ ពេលគេទន្ទេញសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ (ក៏ត្រូវគេហៅថា សេចក្ដីអធិស្ឋានព្រះវរបិតាយើង ឬសេចក្ដីអធិស្ឋានគំរូ)។ ប៉ុន្តែ មនុស្សមានចម្លើយឆ្លើយប្រាប់ខុសៗគ្នា ពេលត្រូវគេសួរថា «តើអ្វីជាព្រះរាជាណាចក្រនៃព្រះ»? អ្នកខ្លះឆ្លើយថា «វានៅក្នុងចិត្តរបស់យើង»។ ខ្លះទៀតហៅព្រះរាជាណាចក្រនៃព្រះថា ស្ថានសួគ៌។ ឯព្រះគម្ពីរប្រាប់យើងនូវចម្លើយយ៉ាងច្បាស់លាស់ ដូចយើងនឹងឃើញនៅខាងមុខនេះ។
ព្រះរាជាណាចក្រដែលមានគោលបំណង
៤, ៥. ហេតុអ្វីព្រះយេហូវ៉ាសម្រេចព្រះទ័យសម្ដែងឲ្យឃើញជាថ្មី នូវព្រះអធិបតេយ្យភាពនៃទ្រង់ ហើយនេះនឹងសម្រេចបានអ្វី?
៤ ព្រះយេហូវ៉ារមែងជាព្រះមហាក្សត្រ ឬអ្នកគ្រប់គ្រងដ៏ខ្ពស់បំផុតនៃសកលលោក។ ការដែលទ្រង់បានបង្កបង្កើតរបស់សព្វសារពើ បានលើកដំកើងទ្រង់ដល់ឋានៈខ្ពង់ខ្ពស់នោះ។ (របាក្សត្រទី១ ២៩:១១; ទំនុកដំកើង ១០៣:១៩; កិច្ចការ ៤:២៤) ប៉ុន្តែព្រះរាជាណាចក្រ ដែលព្រះយេស៊ូបានផ្សាយប្រាប់ នោះគឺបន្ទាប់បន្សំសម្រាប់ជាជំនួយដល់ ព្រះអធិបតេយ្យភាពសកលលោករបស់ព្រះ។ ព្រះរាជាណាចក្រមេស្ស៊ីនោះ គឺមានគោលបំណងជាក់លាក់មួយ តើវាជាអ្វីទៅ?
៥ ដូចបានពន្យល់ក្នុងជំពូកទី៦ មនុស្សមួយគូដំបូងបានបះបោរប្រឆាំង នឹងអំណាចគ្រប់គ្រងរបស់ព្រះ។ ដោយព្រោះរឿងដែលបានត្រូវចោទឡើង នោះព្រះយេហូវ៉ាក៏សម្រេចព្រះទ័យសម្ដែងឲ្យឃើញជាថ្មី នូវព្រះអធិបតេយ្យភាពនៃទ្រង់។ ព្រះទ្រង់បានប្រកាសថា ទ្រង់មានគោលបំណងបង្កើត«ពូជ»មួយ ដែលនឹងកិនកំទេចសត្វពស់ ដែលជាសាតាំង ហើយនឹងបំបាត់ឥទ្ធិពលនៃអំពើបាប ដែលមនុស្សជាតិមានពីកំណើតមក។ «ពូជ»សំខាន់បំផុតនេះ គឺជាព្រះយេស៊ូគ្រីស្ទ ហើយ«ព្រះរាជាណាចក្រនៃព្រះ» គឺជាវិធីដែលព្រះទ្រង់ប្រើ ដើម្បីសម្រេចយកគ្រប់ជ័យជំនះលើអារក្សសាតាំង។ តាមរយៈព្រះរាជាណាចក្រនេះ ព្រះយេស៊ូគ្រីស្ទនឹងតាំងការគ្រប់គ្រងទៅលើផែនដីឡើងវិញ ក្នុងព្រះនាមនៃព្រះយេហូវ៉ា ហើយនឹងបង្ហាញឲ្យឃើញច្បាស់អស់ការសង្ស័យ ថាព្រះមានសិទ្ធិគ្រប់គ្រងត្រឹមត្រូវពេញច្បាប់ ក្នុងគ្រប់ពេលវេលាទាំងអស់។—លោកុប្បត្តិ ៣:១៥; ទំនុកដំកើង ២:២-៩
៦, ៧. (ក) តើព្រះរាជាណាចក្រនៅឯណា ហើយអ្នកណាជាស្តេច និងអ្នកណាជាអ្នកគ្រប់គ្រងរួមរបស់ទ្រង់? (ខ) តើអ្នកណាជាអនុរាស្ត្រនៃព្រះរាជាណាចក្រនោះ?
៦ ស្របតាមសេចក្ដីបកប្រែនៃបន្ទូលរបស់ព្រះយេស៊ូ ដល់ពួកផារីស៊ីដែលជាមនុស្សអាក្រក់ នោះទ្រង់មានបន្ទូលថា៖ ‹ព្រះរាជាណាចក្រគឺនៅក្នុងអ្នករាល់គ្នាហើយ›។ (លូកា ១៧:២១) តើព្រះយេស៊ូទ្រង់មានន័យថា ព្រះរាជាណាចក្រគឺនៅក្នុងចិត្តកំណាចរបស់មនុស្សពុករលួយទាំងនោះឬ? គឺមិនមែនទេ។ សេចក្ដីបកប្រែត្រឹមត្រូវជាងនេះ ពីភាសាក្រិកដើមដំបូង អានដូច្នេះថា៖ «ព្រះរាជាណាចក្រគឺនៅកណ្ដាលអ្នករាល់គ្នាហើយ»។ (សេចក្ដីបកប្រែពិភពលោកថ្មី) ព្រះយេស៊ូដែលគង់នៅកណ្ដាលពួកគេ គឺមានបន្ទូលសំដៅចំពោះទ្រង់ ដែលនឹងគ្រប់គ្រងជាស្តេច នៅពេលអនាគត។ ព្រះរាជាណាចក្រនៃព្រះ គឺមិនមែនជាអ្វីមួយដែលស្ថិតនៅក្នុងចិត្តបុគ្គលណាម្នាក់នោះឡើយ តែជារដ្ឋាភិបាលពិតប្រាកដ ដែលមានអ្នកគ្រប់គ្រង និងអនុរាស្ត្រផង។ នេះគឺជារដ្ឋាភិបាលស្ថានសួគ៌ ដ្បិតត្រូវគេហៅថា«ព្រះរាជាណាចក្រស្ថានសួគ៌» និង«ព្រះរាជាណាចក្រនៃព្រះ»។ (ម៉ាថាយ ១៣:១១; លូកា ៨:១០, ព.ថ.) ក្នុងចក្ខុនិមិត្ត ព្យាការីដានីយ៉ែលបានឃើញអ្នកគ្រប់គ្រងនោះ ជា«១អង្គដូចជាកូនមនុស្សជាតិ» ដែលបានត្រូវនាំមកនៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានត្រូវប្រទានឲ្យមាន«អំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់»។ (ដានីយ៉ែល ៧:១៣, ១៤) តើស្តេចនេះជាអ្នកណា? ព្រះគម្ពីរហៅព្រះយេស៊ូគ្រីស្ទថា ជា«កូនមនុស្ស»។ (ម៉ាថាយ ១២:៤០; លូកា ១៧:២៦) ត្រូវហើយ ព្រះយេហូវ៉ាបានរើសតាំងព្រះរាជបុត្រានៃព្រះអង្គ គឺព្រះយេស៊ូគ្រីស្ទ ឲ្យសោយរាជ្យជាស្តេច។
៧ ព្រះយេស៊ូមិនមែនគ្រប់គ្រងតែឯងនោះទេ។ គឺមាន១៤៤.០០០នាក់ ដែលបានត្រូវ«លោះពីផែនដីចេញ» ឲ្យធ្វើជាស្តេចនិងសង្ឃរួបរួមជាមួយនឹងទ្រង់។ (វិវរណៈ ៥:៩, ១០; ១៤:១, ៣; លូកា ២២:២៨-៣០) អនុរាស្ត្រនៃព្រះរាជាណាចក្រព្រះ នឹងជាក្រុមគ្រួសារមនុស្សទូទាំងពិភពលោក ដែលចុះចូលក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ។ (ទំនុកដំកើង ៧២:៧, ៨) ប៉ុន្តែ ដូចម្ដេចយើងអាចដឹងជាប្រាកដថា ព្រះរាជាណាចក្រនឹងពិតជាបង្ហាញឲ្យឃើញ ថាព្រះគឺជាមហាក្សត្រពិតត្រឹមត្រូវមែន ហើយនឹងតាំងស្ថានភាពដ៏សែនមនោរម្យ លើផែនដីយើងឡើងវិញ?
ហេតុការណ៍ពិតនៃព្រះរាជាណាចក្ររបស់ព្រះ
៨, ៩. (ក) តើតាមរបៀបណា ដែលយើងអាចពន្យល់ជាឧទាហរណ៍ ថាសេចក្ដីសន្យា អំពីព្រះរាជាណាចក្ររបស់ព្រះ គឺទុកចិត្តជឿបាន? (ខ) ហេតុអ្វីយើងអាចជឿជាក់ ថាព្រះរាជាណាចក្រគឺជាហេតុការណ៍ពិត?
៨ សូមនឹកគិតថាភ្លើងឆេះបំផ្លាញផ្ទះរបស់អ្នក។ ឥឡូវសំឡាញ់ម្នាក់ដែលមានសមត្ថភាព សន្យាថានឹងជួយសង់ផ្ទះអ្នកឡើងវិញ ហើយនឹងជួយផ្ដល់ចំណីអាហារដល់គ្រួសាររបស់អ្នកផង។ ប្រសិនបើសំឡាញ់នោះតែងតែស្មោះត្រង់ មិនដែលពោលពាក្យកុហកម្ដងណាសោះ តើអ្នកមិនជឿគាត់ទេឬ? ឧបមាថាអ្នកត្រឡប់មកពីធ្វើការវិញនៅថ្ងៃបន្ទាប់ ហើយឃើញពួកកម្មករ បានចាប់ផ្ដើមបោសសំអាតរបស់កំទេចកំទីពីភ្លើងឆេះ ហើយឃើញមានចំណីអាហារ រៀបចំទុកឲ្យគ្រួសារអ្នកហើយស្រេច។ ជាប្រាកដ អ្នកនឹងទុកចិត្តទាំងស្រុងថា បន្ដិចទៀតគង់តែអ្វីៗទាំងអស់ នឹងបានត្រូវធ្វើតាំងឡើងវិញជាថ្មី ហើយរឹតតែបានល្អជាងមុនផង។
៩ ជាការស្រដៀងគ្នាដែរ ព្រះយេហូវ៉ាទ្រង់ធានារ៉ាប់រងដល់យើងថា ព្រះរាជាណាចក្រគឺជាហេតុការណ៍ពិត។ ដូចបង្ហាញក្នុងសៀវភៅគម្ពីរហេព្រើរ លក្ខណៈជាច្រើនប្រភេទនៃក្រិត្យវិន័យ បានបង្ហាញឲ្យឃើញជាមុន នូវរបៀបរៀបចំព្រះរាជាណាចក្រ។ (ហេព្រើរ ១០:១) សេចក្ដីទាយទុកថា ព្រះរាជាណាចក្រនៃព្រះនឹងគឺជាយ៉ាងណា ក៏អាចឃើញច្បាស់ដែរ ក្នុងរាជាណាចក្រអ៊ីស្រាអែលលើផែនដី។ នោះមិនមែនជារដ្ឋាភិបាលធម្មតាទេ ដ្បិតពួកអ្នកគ្រប់គ្រងគឺគង់លើ«បល្ល័ង្កនៃព្រះយេហូវ៉ា»។ (របាក្សត្រទី១ ២៩:២៣) ម្យ៉ាងទៀត មានទំនាយដែលប្រាប់ថា៖ «ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្ដាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់»។ (លោកុប្បត្តិ ៤៩:១០)a ត្រូវហើយ គឺក្នុងតំណស្តេចសាសន៍យូដានេះ ដែលព្រះយេស៊ូដ៏ជាស្តេចនៅជាប់គង់វង់ នៃព្រះរាជាណាចក្ររបស់ព្រះ នឹងត្រូវមកចាប់កំណើត។—លូកា ១:៣២, ៣៣
១០. (ក) តើគ្រឹះនៃព្រះរាជាណាចក្រមេស្ស៊ីរបស់ព្រះ បានត្រូវតាំងឡើងនៅពេលណា? (ខ) តើពួកអ្នកគ្រប់គ្រងរួមរបស់ព្រះយេស៊ូ នឹងនាំមុខចាត់ចែងកិច្ចការដ៏សំខាន់អ្វីលើផែនដី?
១០ (គ្រឹះព្រះរាជាណាចក្រមេស្ស៊ីរបស់ព្រះ បានត្រូវតាំងឡើង ដោយការជ្រើសរើសពួកសាវ័ករបស់ព្រះយេស៊ូ។ (អេភេសូរ ២:១៩, ២០; វិវរណៈ ២១:១៤) ពួកគេទាំងនេះគឺជាពួកមួយក្រុមដំបូង ពីចំណោម១៤៤.០០០នាក់ ដែលនឹងគ្រប់គ្រងជាស្តេចរួបរួម ជាមួយនឹងព្រះយេស៊ូក្នុងស្ថានសួគ៌។ កាលនៅលើផែនដី ពួកអ្នកគ្រប់គ្រងរួមទាំងនេះ នឹងនាំមុខក្នុងប្រតិបត្ដិការធ្វើទីបន្ទាល់ ស្របតាមបង្គាប់របស់ព្រះយេស៊ូ ដែលប្រាប់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ»។—ម៉ាថាយ ២៨:១៩
១១. តើកិច្ចការផ្សាយព្រះរាជាណាចក្រ កំពុងត្រូវធ្វើឡើងយ៉ាងដូចម្ដេចសព្វថ្ងៃនេះ ហើយកំពុងសម្រេចបានអ្វីខ្លះ?
១១ សេចក្ដីបង្គាប់ដែលប្រាប់ឲ្យទៅបញ្ចុះបញ្ចូលឲ្យមានជាសិស្ស ឥឡូវនេះកំពុងត្រូវគេប្រព្រឹត្តតាមដល់កម្រិតច្រើនបំផុត ដែលពុំដែលមានដូច្នេះឡើយកាលពីមុនមក។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រពាសពេញពិភពលោក ស្របតាមបន្ទូលរបស់ព្រះយេស៊ូដែលទាយប្រាប់ថា៖ «ដំណឹងល្អនេះ ដែលសំដែងពី[ព្រះរាជាណាចក្រ] នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ជាលក្ខណៈមួយនៃកិច្ចការផ្សាយព្រះរាជាណាចក្រ កម្មវិធីបង្រៀនដ៏ធំមួយក៏កំពុងត្រូវគេចាប់អនុវត្តឡើង។ ពួកអ្នកដែលធ្វើតាមវិន័យនិងគោលការណ៍ នៃព្រះរាជាណាចក្ររបស់ព្រះ គឺកំពុងបានពិសោធទៅហើយ នឹងសន្ដិភាពនិងសាមគ្គីភាព ដែលរដ្ឋាភិបាលមនុស្សមិនអាចរកបានឡើយ។ របស់ទាំងប៉ុន្មាននេះ ផ្ដល់ទីសំអាងយ៉ាងជាក់ច្បាស់ថា ព្រះរាជាណាចក្រនៃព្រះ គឺជាហេតុការណ៍ពិតមែនទែន!
១២. (ក) ហេតុអ្វីជាការសមត្រឹមត្រូវ ដោយហៅពួកអ្នកផ្សាយប្រកាសព្រះរាជាណាចក្រ ថាជាស្មរបន្ទាល់ព្រះយេហូវ៉ា? (ខ) តើព្រះរាជាណាចក្រនៃព្រះ ខុសពីរដ្ឋាភិបាលមនុស្សយ៉ាងដូចម្ដេច?
១២ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ ពួកសាសន៍អ៊ីស្រាអែលថា៖ «ឯងរាល់គ្នាជាស្មរបន្ទាល់របស់អញ ហើយជាអ្នកបំរើដែលអញបានរើសតាំង»។ (អេសាយ ៤៣:១០-១២) ព្រះយេស៊ូដែលជា«ស្មរបន្ទាល់ស្មោះត្រង់» បានខំខ្នះខ្នែងថ្លែងប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្រ។ (វិវរណៈ ១:៥; ម៉ាថាយ ៤:១៧) ដូច្នេះ គឺជាការត្រឹមត្រូវដែលអ្នកផ្សាយព្រះរាជាណាចក្រ សម័យបច្ចុប្បន្ននេះ មានឈ្មោះដែលព្រះបានរើសតាំងគឺស្មរបន្ទាល់ព្រះយេហូវ៉ា។ ប៉ុន្តែ ហេតុអ្វីពួកស្មរបន្ទាល់ចំណាយពេលនិងកម្លាំងច្រើនយ៉ាងនេះ ដើម្បីនិយាយប្រាប់អ្នកឯទៀត អំពីព្រះរាជាណាចក្រនៃព្រះ? ពួកគេធ្វើដូច្នេះ ពីព្រោះព្រះរាជាណាចក្រ គឺជាសេចក្ដីសង្ឃឹមតែមួយគត់ សម្រាប់មនុស្សជាតិ។ រដ្ឋាភិបាលមនុស្ស មិនយូរមិនឆាប់នឹងកន្លងផុតទៅ តែចំណែកព្រះរាជាណាចក្រនៃព្រះវិញ គឺមិនចេះកន្លងផុតទៅឡើយ។ អេសាយ ៩:៦, ៧ ហៅព្រះយេស៊ូ ដែលជាអ្នកគ្រប់គ្រងនៃព្រះរាជាណាចក្រនេះថាជា «ម្ចាស់នៃមេត្រីភាព» ហើយប្រាប់ថែមទៀតថា៖ «សេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្តរបស់ទ្រង់ នោះនឹងមិនចេះផុត»ទៅឡើយ។ ព្រះរាជាណាចក្រនៃព្រះគឺមិនដូចរដ្ឋាភិបាលមនុស្សទេ—មួយថ្ងៃស្ថិតនៅ មួយថ្ងៃត្រូវគេទម្លាក់បាត់។ ប្រាកដហើយ ដានីយ៉ែល ២:៤៤ ចែងថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំង[ព្រះរាជាណាចក្រ]១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ។ . . . [ព្រះរាជាណាចក្រ]នោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។
១៣. (ក) តើបញ្ហាអ្វីខ្លះដែលព្រះរាជាណាចក្រនៃព្រះនឹងដោះស្រាយឲ្យបានសម្រេច? (ខ) ហេតុអ្វីយើងអាចជឿជាក់បានថា សេចក្ដីសន្យារបស់ព្រះនឹងត្រូវសម្រេចជាពិតប្រាកដ?
១៣ តើមានស្តេចមនុស្សណា ដែលអាចសម្រេចជោគជ័យ ក្នុងការកំចាត់សង្គ្រាម បទឧក្រិដ្ឋ រោគជម្ងឺ ការអត់បាយ និងការគ្មានផ្ទះសម្បែងទេ? ថែមទៅទៀត តើអ្នកគ្រប់គ្រងណាមួយលើផែនដី អាចប្រោសមនុស្សដែលស្លាប់ឲ្យរស់ឡើងវិញបាន? ព្រះរាជាណាចក្រនៃព្រះនិងស្តេចគ្រប់គ្រង នឹងដោះស្រាយរឿងទាំងនេះបាន។ ព្រះរាជាណាចក្រនឹងមិនមានខុសឆ្គងត្រង់ណាឡើយ ដូចរបស់ខូចប្រើការមិនកើត ដែលត្រូវឲ្យគេជួសជុលមិនឈប់មិនឈរនោះ។ ផ្ទុយទៅវិញ ព្រះរាជាណាចក្រនៃព្រះនឹងបានសម្រេចជោគជ័យ ដ្បិតព្រះយេហូវ៉ាទ្រង់សន្យាថា៖ «ពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។ (អេសាយ ៥៥:១១) គោលបំណងនៃព្រះនឹងបានសម្រេច ប៉ុន្តែនៅពេលណាទើបព្រះរាជាណាចក្រ នឹងត្រូវចាប់ផ្ដើមគ្រប់គ្រង?
ព្រះរាជាណាចក្រគ្រប់គ្រង—នៅពេលណា?
១៤. តើសិស្សរបស់ព្រះយេស៊ូមានការយល់ខុសយ៉ាងដូចម្ដេច អំពីព្រះរាជាណាចក្រ ប៉ុន្តែព្រះយេស៊ូទ្រង់ជ្រាបយ៉ាងណា អំពីការគ្រប់គ្រងរបស់ទ្រង់?
១៤ «ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំង[ព្រះរាជាណាចក្រ]ឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ»? សំនួរដែលសួរឡើង ដោយពួកសិស្សរបស់ព្រះយេស៊ូនេះ បង្ហាញឲ្យឃើញថា កាលនោះពួកគេមិនទាន់ដឹងនៅឡើយ អំពីគោលបំណងរបស់ព្រះរាជាណាចក្រនៃព្រះ និងអំពីពេលវេលាកំណត់ដែលព្រះរាជាណាចក្រនឹងចាប់ផ្ដើមគ្រប់គ្រង។ ព្រះយេស៊ូមានបន្ទូលព្រមានពួកគេ កុំឲ្យគិតស្មានអំពីរឿងនេះ ដោយប្រាប់ថា៖ «មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅ ក្នុងអំណាចរបស់ទ្រង់នោះឡើយ»។ ព្រះយេស៊ូដឹងថា ការគ្រប់គ្រងរបស់ទ្រង់ទៅលើផែនដី គឺបានត្រូវបម្រុងទុកសម្រាប់គ្រាអនាគតខាងមុខ ជាយូរក្រោយពីពេលទ្រង់បានរស់ឡើងវិញ ហើយយាងឡើងទៅឯស្ថានសួគ៌ផង។ (កិច្ចការ ១:៦-១១; លូកា ១៩:១១, ១២, ១៥) បទគម្ពីរបានទាយប្រាប់អំពីរឿងនេះ។ តើតាមរបៀបណា?
១៥. តើតាមរបៀបណាដែលទំនុកដំកើង ១១០:១ ពន្យល់បំភ្លឺឲ្យយើងយល់ច្បាស់ អំពីពេលវេលាដែលព្រះយេស៊ូនឹងគ្រប់គ្រង?
១៥ ដោយប្រើទំនាយថ្លែងសំដៅទៅព្រះយេស៊ូថាជា«ព្រះអម្ចាស់» ស្តេចដាវីឌមានបន្ទូលថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ព្រះអម្ចាស់នៃទូលបង្គំថា៖ ‹ចូរឲ្យឯងអង្គុយនៅខាងស្ដាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង›»។ (ទំនុកដំកើង ១១០:១; ប្រៀបធៀប កិច្ចការ ២:៣៤-៣៦) ទំនាយនេះបង្ហាញថា ការគ្រប់គ្រងរបស់ព្រះយេស៊ូនឹងមិនចាប់ផ្ដើមភ្លាមៗ ក្រោយពេលទ្រង់យាងឡើងទៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ ទ្រង់នឹងនៅចាំនៅខាងស្ដាំនៃព្រះសិន។ (ហេព្រើរ ១០:១២, ១៣) តើទ្រង់ត្រូវនៅចាំដល់យូរប៉ុន្មានទៀត? តើការគ្រប់គ្រងរបស់ទ្រង់នឹងចាប់ផ្ដើមនៅពេលណា? ព្រះគម្ពីរជួយយើង ឲ្យរកចម្លើយឃើញ។
១៦. តើអ្វីបានកើតឡើងនៅឆ្នាំ៦០៧ម.ស.យ. ហើយព្រឹត្ដិការណ៍នេះទាក់ទងនឹងព្រះរាជាណាចក្រនៃព្រះយ៉ាងដូចម្ដេច?
១៦ ទីក្រុងតែមួយនៅលើផែនដីទាំងមូល ដែលព្រះយេហូវ៉ាបានតាំងព្រះនាមរបស់ទ្រង់ទុក គឺក្រុងយេរូសាឡិម។ (ពង្សាវតារក្សត្រទី១ ១១:៣៦) ក្រុងនេះក៏ជារាជធានីនៃព្រះរាជាណាចក្រ ដែលព្រះទ្រង់ទទួលស្គាល់លើផែនដី ដែលមានបែបផែនដូចព្រះរាជាណាចក្រ នៃព្រះក្នុងស្ថានសួគ៌ដែរ។ ដូច្នេះ សេចក្ដីហិនវិនាសដល់ក្រុងយេរូសាឡិម ដោយពួកបាប៊ីឡូននៅឆ្នាំ៦០៧ម.ស.យ. គឺមានសារៈសំខាន់ណាស់។ ព្រឹត្ដិការណ៍នេះបានកត់ចំណាំ គ្រាចាប់ផ្ដើមនៃការរំខានដ៏យូរ ដល់ការគ្រប់គ្រងរបស់ព្រះផ្ទាល់លើផែនដី។ ប្រហែលប្រាំមួយសតវត្សក្រោយមក ព្រះយេស៊ូបង្ហាញប្រាប់ថា រយៈពេលគ្រប់គ្រងដោយមានការរំខាននេះ មិនទាន់ផុតនៅឡើយទេ ដ្បិតទ្រង់មានបន្ទូលថា៖ «ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រា[កំណត់]របស់សាសន៍ដទៃបានសំរេច»។—លូកា ២១:២៤
១៧. (ក) តើអ្វីជា«គ្រា[កំណត់]របស់សាសន៍ដទៃ» ហើយគ្រានេះមានរយៈពេលយូរប៉ុន្មាន? (ខ) តើ«គ្រា[កំណត់]របស់សាសន៍ដទៃ» បានចាប់ផ្ដើមហើយផុតទៅនៅពេលណា?
១៧ ក្នុងរយៈ«គ្រា[កំណត់]របស់សាសន៍ដទៃ» រដ្ឋាភិបាលលោកីយ៍នឹងមានសេចក្ដីអនុញ្ញាតឲ្យចូលរំខានដល់ការគ្រប់គ្រង ដែលព្រះទទួលស្គាល់។ រយៈកាលនោះបានចាប់ផ្ដើមឡើង នៅពេលក្រុងយេរូសាឡិមបានត្រូវបំផ្លាញនៅឆ្នាំ៦០៧ម.ស.យ. ហើយដានីយ៉ែលបានបង្ហាញប្រាប់ថា រយៈកាលនោះនឹងបន្តរហូតដល់អស់រយៈ«៧ខួប»។ (ដានីយ៉ែល ៤:២៣-២៥) តើ៧ខួបនេះគឺយូរប៉ុន្មានទៅ? ព្រះគម្ពីរបង្ហាញថា បី«ខួប»កន្លះគឺស្មើនឹង១.២៦០ថ្ងៃ។ (វិវរណៈ ១២:៦, ១៤) ពីររយៈកាលនោះ ឬប្រាំពីរខួប គឺត្រូវជា ២.៥២០ថ្ងៃ។ តែឥតមានហេតុការណ៍អ្វីធំដុំបានកើតឡើងទេ ក្រោយរយៈពេលដ៏ខ្លីនេះ។ ប៉ុន្តែ ដោយចាត់«១ថ្ងៃ ទុកជា១ឆ្នាំ» សម្រាប់ទំនាយរបស់ដានីយ៉ែល ហើយរាប់ ២.៥២០ឆ្នាំ ពីឆ្នាំ៦០៧ម.ស.យ. នោះយើងក៏រាប់ឃើញដល់ឆ្នាំ១៩១៤ស.យ.។—ជនគណនា ១៤:៣៤; អេសេគាល ៤:៦
១៨. តើព្រះយេស៊ូបានប្រព្រឹត្តអ្វី មិនយូរក្រោយពីទ្រង់បានទទួលអំណាចព្រះរាជាណាចក្រភ្លាម ហើយនេះបណ្ដាលឲ្យមានអ្វីកើតឡើងដល់ផែនដី?
១៨ តើព្រះយេស៊ូចាប់ផ្ដើមសោយរាជ្យ ក្នុងស្ថានសួគ៌នៅពេលនោះឬ? ទីសំអាងពីបទគម្ពីរ ដែលប្រាប់ថាទ្រង់បានចាប់ផ្ដើមសោយរាជ្យមែន នឹងត្រូវយកមកពិចារណានៅជំពូកបន្ទាប់នេះ។ ប្រាកដហើយ កាលព្រះយេស៊ូចាប់ផ្ដើមគ្រប់គ្រង នោះឥតមានសន្ដិភាពលើផែនដីភ្លាមៗនោះទេ។ វិវរណៈ ១២:៧-១២ បង្ហាញថា ក្រោយពេលបានទទួលព្រះរាជាណាចក្រភ្លាម នោះព្រះយេស៊ូក៏បោះទម្លាក់សាតាំង និងពួកទេវតាអាក្រក់របស់វាចេញពីស្ថានសួគ៌។ នេះគឺបានសេចក្ដីថា ផែនដីនឹងជួបប្រទះនឹងសេចក្ដីវេទនា ប៉ុន្តែយើងគួរបានធូរចិត្តវិញ ដោយបានអានដឹងថា អារក្សនេះមានសល់«ពេលវេលា . . . ខ្លីណាស់»។ មិនយូរទេ យើងនឹងអាចត្រេកអរឡើង គឺមិនមែនត្រេកអរ ពីព្រោះតែព្រះរាជាណាចក្រនៃព្រះ គ្រប់គ្រងប៉ុណ្ណោះនោះទេ គឺពីព្រោះព្រះរាជាណាចក្រនឹងប្រទានពរ ដល់ផែនដីនិងមនុស្សជាតិ ដែលស្ដាប់បង្គាប់ផង។ (ទំនុកដំកើង ៧២:៧, ៨) តើដូចម្ដេចយើងអាចដឹងថា ការនេះនឹងកើតឡើង ក្នុងពេលឆាប់ៗនេះ?
[កំណត់សម្គាល់]
a ឈ្មោះស៊ីឡូរនេះមានន័យថា «ទ្រង់នេះហើយជាម្ចាស់; ជារបស់ទ្រង់នេះហើយ»។ ដល់ក្រោយមក «ស៊ីឡូរ»នេះគឺឃើញច្បាស់ថាជាព្រះយេស៊ូគ្រីស្ទ ជា«សត្វសិង្ហដែលកើតពីពូជអំបូរយូដា»។ (វិវរណៈ ៥:៥) គម្ពីរសញ្ញាចាស់ភាសាអារ៉ាមនៃសាសន៍យូដាខ្លះប្រើពាក្យ«ព្រះមេស្ស៊ី» ឬ«ស្តេចមេស្ស៊ី» ជំនួសពាក្យ«ស៊ីឡូរ»នេះតែម្ដង។
សាកល្បងចំណេះរបស់អ្នក
តើអ្វីជាព្រះរាជាណាចក្រនៃព្រះ ហើយគ្រប់គ្រងពីកន្លែងណា?
តើអ្នកណាគ្រប់គ្រងក្នុងព្រះរាជាណាចក្រ ហើយតើពួកណាជាអនុរាស្ត្រ?
តើព្រះយេហូវ៉ាបានរ៉ាប់រងដល់យើងយ៉ាងដូចម្ដេចថា ព្រះរាជាណាចក្ររបស់ទ្រង់គឺជាហេតុការណ៍ពិត?
តើ«គ្រា[កំណត់]របស់សាសន៍ដទៃ» បានចាប់ផ្ដើមហើយចប់នៅពេលណា?
[ប្រអប់នៅទំព័រ៩៤]
ព្រឹត្ដិការណ៍សំខាន់ៗខ្លះ ដែលទាក់ទងនឹងព្រះរាជាណាចក្រនៃព្រះ
• ព្រះយេហូវ៉ាប្រកាសប្រាប់ថាទ្រង់មានគោលបំណងបង្កើត«ពូជ»មួយ ដើម្បីនឹងកិនកំទេចក្បាលពស់ ដែលជាអារក្សសាតាំង។—លោកុប្បត្តិ ៣:១៥
• នៅឆ្នាំ១៩៤៣ម.ស.យ. ព្រះយេហូវ៉ាបង្ហាញប្រាប់ថា «ពូជ»នេះនឹងត្រូវជាកូនចៅសាច់ឈាមរបស់លោកអ័ប្រាហាំ។—លោកុប្បត្តិ ១២:១-៣, ៧; ២២:១៨
• កិច្ចព្រមព្រៀងខាងក្រិត្យវិន័យប្រគល់ឲ្យអ៊ីស្រាអែលនៅឆ្នាំ១៥១៣ម.ស.យ. ផ្ដល់នូវ«ស្រមោល ពីសេចក្ដីល្អដែលត្រូវមក»។—និក្ខមនំ ២៤:៦-៨; ហេព្រើរ ១០:១
• រាជាណាចក្រអ៊ីស្រាអែលលើផែនដីចាប់ផ្ដើមនៅឆ្នាំ១១១៧ម.ស.យ. ហើយនៅស្ថិតស្ថេរក្រោយមកទៀតក្នុងវង្សត្រកូលស្តេចដាវីឌ។—សាំយូអែលទី១ ១១:១៥; សាំយូអែលទី២ ៧:៨, ១៦
• ក្រុងយេរូសាឡិមត្រូវបំផ្លិចបំផ្លាញទៅនៅឆ្នាំ ៦០៧ ម.ស.យ. ហើយ«គ្រា[កំណត់]របស់សាសន៍ដទៃ» ក៏បានចាប់ផ្ដើម។—ពង្សាវតារក្សត្រទី២ ២៥:៨-១០, ២៥, ២៦; លូកា ២១:២៤
• នៅឆ្នាំ២៩ ស.យ. ព្រះយេស៊ូបានត្រូវព្រះរើសតាំង ទុកឲ្យសោយរាជ្យជាស្តេច ហើយទ្រង់ចាប់ធ្វើកិច្ចបំរើរបស់ទ្រង់នៅលើផែនដី។—ម៉ាថាយ ៣:១៦, ១៧; ៤:១៧; ២១:៩-១១
• នៅឆ្នាំ៣៣ស.យ. ព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌ ហើយនៅចាំឯខាងស្ដាំនៃព្រះ ដរាបដល់ទ្រង់ចាប់ផ្ដើមគ្រប់គ្រង។—កិច្ចការ ៥:៣០, ៣១; ហេព្រើរ ១០:១២, ១៣
• ព្រះយេស៊ូឡើងសោយរាជ្យ ក្នុងព្រះរាជាណាចក្រស្ថានសួគ៌នៅឆ្នាំ១៩១៤ស.យ. ពេល«គ្រា[កំណត់]របស់សាសន៍ដទៃ»បានផុតទៅ។—វិវរណៈ ១១:១៥
• សាតាំងនិងពួកអារក្សរបស់វាត្រូវបោះទម្លាក់មកឯទីក្បែរៗផែនដី ហើយធ្វើឲ្យមនុស្សជាតិមានសេចក្ដីវេទនាកាន់តែខ្លាំងឡើង។—វិវរណៈ ១២:៩-១២
• ព្រះយេស៊ូនៅត្រួតត្រាមើល ការផ្សាយប្រកាសពាសពេញពិភពលោក អំពីដំណឹងល្អដែលសម្ដែងពីព្រះរាជាណាចក្រនៃព្រះ។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០