តើអ្នកស្វែងរកគុណធម៌ទេ?
«បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ»។—ភីលីព ៤:៨
១. តើអ្វីជាអបាយមុខ ហើយហេតុអ្វីក៏មិនបានធ្វើឲ្យខូចដល់ការថ្វាយបង្គំរបស់ព្រះយេហូវ៉ា?
អបាយមុខគឺជាការចុះអាប់ឱនខាងសីលធម៌ឬការពុករលួយធ្ងន់ធ្ងរ។ នេះគឺមានជ្រាបពាសពេញក្នុងលោកដែលយើងរស់នៅ។ (អេភេសូរ ២:១-៣) ប៉ុន្តែ ព្រះយេហូវ៉ានឹងមិនអនុញ្ញាតឲ្យការថ្វាយបង្គំដ៏បរិសុទ្ធរបស់ទ្រង់ទៅជាកខ្វក់នោះឡើយ។ ប្រកាសនវត្ថុគ្រីស្ទាន កិច្ចប្រជុំ សន្និបាត និងមហាសន្និបាត ផ្ដល់ឲ្យយើងនូវការព្រមានចំពេល ដែលទាស់នឹងកិរិយាទុច្ចរិត។ យើងទទួលជំនួយល្អពីព្រះគម្ពីរ ឲ្យ«កាន់ខ្ជាប់ខាងសេចក្ដីល្អវិញ» ក្នុងព្រះនេត្ររបស់ព្រះ។ (រ៉ូម ១២:៩) ដូច្នេះ ជាអង្គការមួយ ស្មរបន្ទាល់ព្រះយេហូវ៉ាខំប្រឹងឲ្យបានស្អាតបាត និងប្រកបដោយគុណធម៌។ ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះយើងជាបុគ្គលម្នាក់? ប្រាកដហើយ តើអ្នកស្វែងរកគុណធម៌ទេ?
២. តើអ្វីជាគុណធម៌ ហេតុអ្វីក៏ត្រូវការការខ្នះខ្នែងដើម្បីប្រកបដោយគុណធម៌?
២ គុណធម៌ជាឧត្តមភាពខាងសីលធម៌ សេចក្ដីល្អ សកម្មភាពនិងគំនិតត្រឹមត្រូវ។ នេះមិនមែនជាគុណសម្បត្ដិដ៏អកម្មទេ តែជាគុណសម្បត្ដិដែលមានសកម្ម ជាអ្វីដ៏ល្អមួយ។ គុណធម៌ទាក់ទងច្រើនជាងការជៀសវាងអំពើបាបទៅទៀត នេះមានសេចក្ដីថាការស្វែងរកអ្វីដែលល្អ។ (ធីម៉ូថេទី១ ៦:១១) សាវ័កពេត្រុសបានដាស់តឿនពួកគ្រីស្ទានថា៖ ‹បន្ថែមគុណធម៌ពីលើជំនឿ›។ តើតាមរបៀបណា? ដោយ‹ខំត្រូវខ្នះខ្នែងឲ្យអស់ពីសមត្ថភាព ក្នុងការតបធ្វើតាម[សេចក្ដីសន្យាដ៏មានតម្លៃរបស់ព្រះ]›។ (ពេត្រុសទី២ ១:៥) ដោយសារសភាពមានបាបរបស់យើង យើងត្រូវខំខ្នះខ្នែងឲ្យមែនទែនដើម្បីរក្សាគុណធម៌។ ប៉ុន្តែ បុគ្គលដែលកោតខ្លាចព្រះនៃសម័យដើមបានធ្វើដូចនេះ ទោះបីប្រឈមមុខនឹងឧបសគ្គយ៉ាងខ្លាំងក៏ដោយ។
គាត់បានស្វែងរកគុណធម៌
៣. តើការប្រព្រឹត្តដ៏អាក្រក់អ្វីដែលស្តេចអ័ហាសទទួលកំហុសនោះ?
៣ បទគម្ពីរទាំងឡាយមានដំណើររឿងជាច្រើន នៃអស់អ្នកដែលស្វែងរកគុណធម៌។ ឧទាហរណ៍ សូមគិតអំពីហេសេគាដែលប្រកបដោយគុណធម៌។ ស្តេចអ័ហាសនៃសាសន៍យូដា ជាព្រះវរបិតារបស់ខ្លួន បានថ្វាយបង្គំព្រះម៉ូឡុក។ «កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាឰយុកោទ្រង់ទេ គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យព្រះរាជបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្ដេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ នឹងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ»។ (ពង្សាវតារក្សត្រទី២ ១៦:២-៤) អ្នកខ្លះអះអាងថា‹ឆ្លងកាត់ភ្លើង› បានតំណាងបរិសុទ្ធកម្មក្បួនរីត៌ណាមួយ មិនមែនជាយញ្ញបូជាមនុស្សនោះទេ។ ប៉ុន្តែ ក្នុងសៀវភៅ ម៉ូឡុក—ជាព្រះនៃការធ្វើយញ្ញបូជាមនុស្សក្នុងគម្ពីរសញ្ញាចាស់ ដោយលោក ចន ដេ សង្កេតឃើញថា៖ «គឺមានទីសំអាងក្នុងប្រភពតន្តីនិង[កាថាជីនី]ដ៏តូចតាច ព្រមទាំងទីសំអាងខាងបុរាណវត្ថុវិទ្យា ចំពោះការមាននៃយញ្ញបូជាមនុស្ស . . . ក្នុងសង្គមពួកកាណាន ដូច្នេះហើយគឺឥតមានមូលហេតុក្នុងការសង្ស័យថា គម្ពីរសញ្ញាចាស់និយាយបញ្ឆៀង[អំពីយញ្ញបូជាមនុស្ស]ឡើយ»។ ម្យ៉ាងវិញទៀត របាក្សត្រទី២ ២៨:៣ ចែងយ៉ាងចំៗថា ស្តេចអ័ហាស«ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង»។ (ប្រៀបធៀប ចោទិយកថា ១២:៣១; ទំនុកដំកើង ១០៦:៣៧, ៣៨) នេះជាការប្រព្រឹត្តដ៏អាក្រក់ក្រៃលែងមែន!
៤. តើតាមរបៀបណាដែលហេសេគា បានប្រព្រឹត្តក្នុងបរិវេណដែលពេញទៅដោយអបាយមុខ?
៤ តើហេសេគាបានប្រព្រឹត្តយ៉ាងដូចម្ដេច ក្នុងបរិវេណដែលពេញទៅដោយអបាយមុខ? ក្នុងទំនុកដំកើង ១១៩ ជាអ្វីដែលគួរឲ្យចាប់អារម្មណ៍ ដ្បិតមានអ្នកខ្លះជឿថា ស្តេចហេសេគាបានតែងមក កាលដែលទ្រង់នៅជាព្រះអង្គម្ចាស់នៅឡើយ។ (ទំនុកដំកើង ១១៩:៤៦, ៩៩, ១០០) ដូច្នេះកាលៈទេសៈរបស់ទ្រង់ ប្រហែលជាបានបង្ហាញដោយពាក្យនេះថា៖ «មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នា ទាស់នឹងទូលបង្គំដែរ អ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្តរបស់ទ្រង់វិញ។ ព្រលឹងទូលបង្គំរលាយទៅ ដោយសេចក្ដីធ្ងន់ចិត្ត»។ (ទំនុកដំកើង ១១៩:២៣, ២៨) ដោយមានពួកប្រព្រឹត្តសាសនាក្លែងក្លាយនៅព័ទ្ធជុំវិញ ហេសេគាប្រហែលជាបានត្រូវគេចំអកមើលងាយ ក្នុងចំណោមពួកសមាជិកនៃព្រះរាជវាំង យ៉ាងខ្លាំងដល់ម្ល៉េះ ដែលធ្វើឲ្យទ្រង់មានការពិបាកផ្ទំ។ ប៉ុន្តែ ទ្រង់បានស្វែងរកគុណធម៌ ហើយក្រោយមកក៏បានក្លាយទៅជាស្តេច ហើយ«ទ្រង់ប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា . . . ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល»។—ពង្សាវតារក្សត្រទី២ ១៨:១-៥
ពួកគេនៅតែប្រកបដោយគុណធម៌
៥. តើសេចក្ដីវិនិច្ឆ័យអ្វីដែលដានីយ៉ែល និងគូកនបីនាក់របស់គាត់បានប្រឈមមុខ?
៥ ដានីយ៉ែល និងពួកគូកនសាសន៍ហេព្រើរបីនាក់របស់គាត់ ដែលមានឈ្មោះជា ហាណានា មីសាអែល និងអ័សារា ក៏គួរយកជាគំរូនៃគុណធម៌ដែរ។ ពួកគេបានត្រូវយកចេញពីស្រុកកំណើត ឲ្យធ្វើនិរទេសទៅបាប៊ីឡូន។ ក្មេងបួននាក់នេះបានទទួលឈ្មោះសាសន៍បាប៊ីឡូន—បេលថិស្សាសារ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ។ ពួកគេបានទទួល«អាហាររបស់ស្តេច» ជាអាហារដែលបានហាមដោយច្បាប់របស់ព្រះ។ ថែមពីលើនេះទៀត ពួកគេបានត្រូវជំរុញឲ្យទទួលការហ្វឹកហ្វឺនបីឆ្នាំ ដែលបានទាក់ទងដល់‹អក្សរសាស្ត្រនិងភាសានៃពួកខាល់ដេ›។ នេះមិនគ្រាន់តែទាក់ទងការរៀនភាសាផ្សេងប៉ុណ្ណោះទេ ដ្បិតឃ្លាដែលថា «ពួកខាល់ដេ»នៅទីនេះ សម្គាល់ថាជាពួកដែលមានវិជ្ជាជ្រៅជ្រះ។ ដូច្នេះ ពួកក្មេងសាសន៍ហេព្រើរទាំងនេះ បានត្រូវឃើញដល់ការអប់រំនៃបាប៊ីឡូនដ៏អាក្រក់។—ដានីយ៉ែល ១:១-៧
៦. ហេតុអ្វីក៏យើងអាចនិយាយថាដានីយ៉ែល បានស្វែងរកគុណធម៌?
៦ ទោះជាមានការបង្ខិតបង្ខំដ៏ខ្លាំងក៏ដោយ ដានីយ៉ែល និងគូកនបីនាក់របស់គាត់ បានសម្រេចចិត្តស្វែងរកគុណធម៌ជាជាងអបាយមុខ។ ដានីយ៉ែល ១:២១ ចែងថា៖ «ហើយដានីយ៉ែលក៏នៅរៀងតទៅ ដរាបដល់ឆ្នាំទី១ក្នុងរាជ្យស្តេចស៊ីរូស»។ ត្រូវហើយ ដានីយ៉ែល«ក៏នៅរៀងតទៅ» ជាអ្នកបំរើនៃព្រះយេហូវ៉ាដែលប្រកបដោយគុណធម៌ ជាង៨០ឆ្នាំ—ដោយឃើញការឡើងនិងការធ្លាក់អំណាចនៃស្តេចដ៏ខ្លាំងក្លាបីបួនអង្គ។ គាត់បានរក្សាចិត្តស្មោះត្រង់ដល់ព្រះ ទោះបីមានកលល្បិចនិងគម្រោងការនៃមន្ត្រីរាជការដ៏ពុករលួយ និងអបាយមុខកាម ដែលមានពាសពេញក្នុងសាសនាបាប៊ីឡូនក៏ដោយ។ ដានីយ៉ែលបានបន្តប្រកបដោយគុណធម៌ជានិច្ច។
៧. តើអ្វីដែលអាចរៀនពីដំណើរដែលបានកាន់តាមដោយដានីយ៉ែល និងពួកគូកនបីនាក់របស់គាត់?
៧ យើងអាចរៀនបានច្រើនណាស់ ពីដានីយ៉ែល និងគូកនរបស់គាត់ដែលកោតខ្លាចព្រះ។ ពួកគេបានប្រកបដោយគុណធម៌ ហើយបានបដិសេធរស់នៅលាយឡំក្នុងវប្បធម៌បាប៊ីឡូន។ ទោះបីពួកគេបានទទួលឈ្មោះសាសន៍បាប៊ីឡូនក៏ដោយ ពួកគេមិនដែលបាត់អត្ថសញ្ញាណរបស់គេទេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា។ ហើយ៧០ឆ្នាំក្រោយមក ស្តេចបាប៊ីឡូនបានហៅដានីយ៉ែល ដោយឈ្មោះសាសន៍ហេព្រើររបស់គាត់! (ដានីយ៉ែល ៥:១៣) ក្នុងមួយជីវិតដ៏វែងរបស់គាត់ ដានីយ៉ែល បានបដិសេធក្នុងការសម្របសម្រួល សូម្បីក្នុងរបស់តូចតាចក៏មិនធ្វើដែរ។ ជាបុគ្គលក្មេងម្នាក់ គាត់បាន«សម្រេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មងដោយអាហាររបស់ស្តេច»។ (ដានីយ៉ែល ១:៨) ជំហរដ៏មិនចុះចាញ់នេះ ដែលបានធ្វើឡើងដោយដានីយ៉ែល និងគូកនបីនាក់របស់គាត់ ច្បាស់ជាបានពង្រឹងពួកគេឲ្យរួចផុតពីការកាត់ក្ដីដល់ជីវិត ដែលគេបានប្រឈមមុខក្រោយមក។—ដានីយ៉ែល ជំពូក ៣ និង ៦
ការស្វែងរកគុណធម៌សព្វថ្ងៃនេះ
៨. តើតាមរបៀបណាដែលពួកយុវជនគ្រីស្ទាន អាចទប់ទល់ការលាយឡំក្នុងលោកីយ៍របស់សាតាំង?
៨ ដូចដានីយ៉ែល និងពួកគូកនរបស់គាត់ ប្រជារាស្ត្ររបស់ព្រះសព្វថ្ងៃនេះ ក៏ទប់ទល់ពីការរស់នៅលាយឡំនឹងលោកីយ៍ដ៏អាក្រក់ជួជាតិរបស់សាតាំងដែរ។ (យ៉ូហានទី១ ៥:១៩) បើសិនអ្នកជាយុវជនគ្រីស្ទាន អ្នកប្រហែលជាកំពុងតែពិសោធសេចក្ដីបង្ខិតបង្ខំយ៉ាងខ្លាំងពីពួកគូកន ក្នុងការឲ្យត្រាប់តាមចំណូលចិត្តដ៏ហួសហេតុរបស់គេ ក្នុងសំលៀកបំពាក់ ការសំអិតសំអាង និងភ្លេងរបស់គេ។ ជាជាងត្រាប់តាមម៉ូដដែលក្លាយទៅជាប្រជាប្រិយ ចូរឲ្យឈរឲ្យមាំមួន ដោយមិនបណ្ដោយខ្លួនអ្នកឲ្យ«ត្រាប់តាមសម័យនេះឡើយ»។ (រ៉ូម ១២:២) «លះចោលសេចក្ដីទមិលល្មើសនឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ . . . រស់នៅ . . . ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្ដិដល់ព្រះវិញ»។ (ទីតុស ២:១១, ១២) អ្វីដែលសំខាន់នោះ គឺការយល់ព្រមពីព្រះយេហូវ៉ា មិនមែនពីមិត្តរបស់អ្នកនោះទេ។—សុភាសិត ១២:២
៩. តើសេចក្ដីបង្ខិតបង្ខំអ្វីដែលពួកគ្រីស្ទានក្នុងវិស័យពាណិជ្ជកម្មប្រឈមមុខ ហើយតើពួកគេត្រូវប្រព្រឹត្តយ៉ាងណា?
៩ ពួកគ្រីស្ទានដែលមានវ័យចាស់ ក៏ប្រឈមមុខនឹងសេចក្ដីបង្ខិតបង្ខំ ហើយក៏ត្រូវតែប្រកបដោយគុណធម៌ដែរ។ ពួកពាណិជ្ជកម្មគ្រីស្ទានប្រហែលជាបានល្បួងឲ្យប្រើរបៀបដ៏សង្ស័យ ឬមិនឲ្យអើពើក្រិត្យវិន័យរបស់រដ្ឋាភិបាលនិងច្បាប់ពន្ធអាករ។ ប៉ុន្តែ ទោះជាពួកដេញជើងគ្នាខាងពាណិជ្ជកម្មឬអ្នកធ្វើការជាមួយប្រព្រឹត្តយ៉ាងណាក៏ដោយ «យើងខ្ញុំមានបញ្ញាចិត្តជ្រះថ្លា ហើយក៏ប្រាថ្នាចង់ប្រព្រឹត្តល្អ ក្នុងគ្រប់ការទាំងអស់»។ (ហេព្រើរ ១៣:១៨) យើងបានតម្រូវពីព្រះគម្ពីរ ឲ្យប្រកបដោយស្មោះត្រង់និងត្រឹមត្រូវជាមួយពួកនិយោជក ពួកនិយោជិត អ្នកទិញ និងរដ្ឋាភិបាល។ (ចោទិយកថា ២៥:១៣-១៦; ម៉ាថាយ ៥:៣៧; រ៉ូម ១៣:១; ធីម៉ូថេទី១ ៥:១៨; ទីតុស ២:៩, ១០) សូមឲ្យយើងខំខ្នះខ្នែងឲ្យមានរបៀបរៀបរយក្នុងការធ្វើជំនួញរបស់យើង។ ដោយរក្សាទុកបញ្ជីត្រឹមត្រូវ និងធ្វើកិច្ចព្រមព្រៀងដោយលាយល័ក្ខណ៍អក្សរ នោះយើងអាចតែងតែបង្ការការយល់ខុស។
ចូរប្រុងស្មារតី!
១០. ហេតុអ្វីក៏ត្រូវការ‹រក្សាការប្រុងស្មារតី› ពេលជ្រើសរើសនៃបទភ្លេងរបស់យើង?
១០ ទំនុកដំកើង ១១៩:៩ បង្ហាញនូវលក្ខណៈមួយទៀត នៃការរក្សាដោយគុណធម៌ក្នុងព្រះនេត្ររបស់ព្រះ។ អ្នកតែងបទទំនុកដំកើង បានច្រៀងថា៖ «មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វី? គឺដោយប្រយ័តនឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់»។ អាវុធដែលមានប្រសិទ្ធិភាពជាងគេរបស់សាតាំង គឺបទភ្លេង ដែលមានអំណាចធ្វើឲ្យជ្រួលជ្រើមចិត្ត។ គួរឲ្យស្ដាយណាស់ ពួកគ្រីស្ទានខ្លះមិនបាន‹ប្រុងស្មារតី›ទេ ចំពោះរឿងបទភ្លេង ហើយបានធ្លាក់ខ្លួនក្នុងបែបបទភ្លេងដ៏ហួសហេតុ ដូចជា បទភ្លេងរ៉ែប និងហេវ៉ីមីតថុល។ អ្នកខ្លះប្រហែលជាប្រកែកថា បទភ្លេងបែបនេះមិនមានគ្រោះថ្នាក់ដល់គេទេ ឬថាពួកគេមិនយកចិត្តទុកដាក់នឹងទំនុកភ្លេងឡើយ។ ពួកអ្នកដទៃទៀតនិយាយថា ពួកគេគ្រាន់តែចូលចិត្តគោះចង្វាក់ឬសម្លេងនៃហ្គីតាប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះគ្រីស្ទានវិញ បញ្ហាមិនមែនថាតើអ្វីមួយដែលគួរចូលចិត្តនោះទេ។ កង្វល់របស់ពួកគេគឺថាតើនេះ«ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ» ឬក៏អត់។ (អេភេសូរ ៥:១០) បើគិតឲ្យសព្វគ្រប់ទៅ បទភ្លេងហេវ៉ីមីតថុលនិងរ៉ែប ផ្សព្វផ្សាយឲ្យមានអបាយមុខដូចជា ពាក្យប្រមាថ អំពើសហាយស្មន់ និងលទ្ធិសាសនាសាតាំងa—អ្វីៗដែលឥតមានកន្លែងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ។ (អេភេសូរ ៥:៣) ក្មេងឬចាស់ យើងគ្រប់គ្នាអាចគិតឲ្យបានវែងឆ្ងាយលើសំនួរនេះ ចំពោះការជ្រើសរើសនៃបទភ្លេងរបស់ខ្ញុំ តើខ្ញុំខំស្វែងរកគុណធម៌ឬក៏អបាយមុខ?
១១. តើតាមរបៀបណាដែលគ្រីស្ទានម្នាក់ ប្រុងស្មារតីស្តីអំពីកម្មវិធីទូរទស្សន៍ វីឌីអូ និងភាពយន្ត?
១១ កម្មវិធីទូរទស្សន៍ជាច្រើន វីឌីអូ និងភាពយន្ត គឺផ្សព្វផ្សាយអបាយមុខ។ យោងទៅតាមអ្នកជំនាញដ៏ធំដុំម្នាក់ខាងសុខុមាលភាព ‹តម្រេកនិយម ការសេពមេថុន អំពើឃោរឃៅ ការលោភ និងអាត្មានិយម› គឺមានច្រើនជាងគេក្នុងភាពយន្តភាគច្រើន ដែលកំពុងតែផលិតសព្វថ្ងៃនេះ។ ដូច្នេះ ការប្រុងស្មារតី រួមបញ្ចូលការជ្រើសរើសអំពីអ្វីដែលយើងនឹងទស្សនា។ អ្នកតែងបទទំនុកដំកើង បានអធិស្ឋានថា៖ «សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់»។ (ទំនុកដំកើង ១១៩:៣៧) យុវជនគ្រីស្ទានម្នាក់ ឈ្មោះ ចូសែប បានធ្វើតាមគោលការណ៍នេះ។ ពេលដែលភាពយន្តមួយចាប់ផ្ដើមបញ្ចាំងការសេពមេថុននិងអំពើឃោរឃៅ គាត់បានចាកចេញពីរោងកុន។ តើគាត់មានចិត្តខ្មាសក្នុងការធ្វើនេះឬ? ចូសែបនិយាយថា៖ «គឺអត់ទេ ខ្ញុំបានគិតអំពីព្រះយេហូវ៉ានិងការធ្វើទ្រង់សព្វព្រះហឫទ័យ»។
មុខនាទីនៃការសិក្សានិងការរំពឹងគិត
១២. ហេតុអ្វីក៏ត្រូវការការសិក្សាផ្ទាល់ខ្លួននិងការរំពឹងគិត ដើម្បីស្វែងរកគុណធម៌?
១២ យើងត្រូវតែធ្វើអ្វីថែមទៀត មិនគ្រាន់តែជៀសវាងរបស់អាក្រក់នោះទេ។ ការរកគុណធម៌ក៏ទាក់ទងការសិក្សានិងការរំពឹងគិតលើរបស់ល្អ ដែលបានកត់ទុកមកក្នុងបន្ទូលរបស់ព្រះដែរ ដើម្បីឲ្យគោលការណ៍សុចរិតទាំងឡាយរបស់ព្រះគម្ពីរ អាចយកមកអនុវត្តក្នុងជីវិតយើង។ អ្នកតែងបទទំនុកដំកើងបានថ្លែងថា៖ «ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»។ (ទំនុកដំកើង ១១៩:៩៧) តើការសិក្សាផ្ទាល់ខ្លួននៃព្រះគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទាន ជាផ្នែកនៃតារាងប្រចាំសប្ដាហ៍របស់អ្នកទេ? ពិតហើយ ការរកពេលវេលាសំរាប់ការសិក្សាដ៏យកចិត្តទុកដាក់នៃបន្ទូលរបស់ព្រះ និងការរំពឹងគិតដោយអធិស្ឋាននោះ អាចជាអ្វីដ៏ពិបាកមួយ។ ប៉ុន្តែ នេះអាចធ្វើទៅបាន ដោយឆ្លៀតយកពេលវេលាពីសកម្មភាពឯទៀត។ (អេភេសូរ ៥:១៥, ១៦) ប្រហែលជាពេលព្រឹកព្រលឹម ជាការល្អចំពោះអ្នកសំរាប់ការអធិស្ឋាន ការសិក្សា និងការរំពឹងគិត។—ប្រៀបធៀប ទំនុកដំកើង ១១៩:១៤៧
១៣, ១៤. (ក) ហេតុអ្វីក៏ការរំពឹងគិតមានតម្លៃម្ល៉េះ? (ខ) ការរំពឹងគិតលើបទគម្ពីរណាខ្លះ ដែលអាចជួយយើងឲ្យស្អប់ខ្ពើមអំពើអសីលធម៌ខាងកាមនោះ?
១៣ ការរំពឹងគិតគឺមានតម្លៃណាស់ ព្រោះនេះជួយយើងឲ្យចាំនូវអ្វីដែលយើងបានរៀន។ អ្វីដែលសំខាន់ទៅទៀត នេះអាចជួយយើងឲ្យបណ្ដុះទស្សនៈរបស់ព្រះ។ ជាឧទាហរណ៍៖ ជារឿងមួយដោយដឹងថា ព្រះទ្រង់ហាមការសហាយស្មន់ ប៉ុន្តែជារឿងផ្សេងវិញ ក្នុងការ‹ខ្ពើមសេចក្ដីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្ដីល្អវិញ›។ (រ៉ូម ១២:៩) យើងអាចមានអារម្មណ៍ដូចព្រះយេហូវ៉ាដែរ អំពីអំពើអសីលធម៌ខាងកាម ដោយរំពឹងគិតលើបទគម្ពីរសំខាន់ៗ ដូចជាក្នុងកូល៉ុស ៣:៥ ដែលដាស់តឿនថា៖ «ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ»។ សូមសួរខ្លួនឯងចុះ៖ ‹តើចំណង់កាមប្រភេទណាដែលខ្ញុំត្រូវតែសម្លាប់និស្ស័យនោះ? តើអ្វីដែលខ្ញុំត្រូវតែជៀសវាង ដែលធ្វើឲ្យមានចំណង់មិនស្អាតបាត? តើមានការកែប្រែអ្វី ដែលខ្ញុំត្រូវការធ្វើ ក្នុងការទាក់ទងជាមួយភេទផ្ទុយ›?—ប្រៀបធៀប ធីម៉ូថេទី១ ៥:១, ២
១៤ ប៉ុលដាស់តឿនពួកគ្រីស្ទានឲ្យជៀសវាងពីការសហាយស្មន់ ហើយឲ្យប្រើការចេះទប់ចិត្តខ្លួនឯង ដើម្បីឲ្យ«កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ»។ (ថែស្សាឡូនីចទី១ ៤:៣-៧) ចូរសួរខ្លួនឯងចុះ៖ ‹ហេតុអ្វីក៏ការប្រព្រឹត្តសហាយស្មន់ធ្វើឲ្យមានគ្រោះថ្នាក់? តើខ្ញុំធ្វើឲ្យហិនហោចអ្វីដល់ខ្លួនខ្ញុំឬដល់អ្នកណាមួយ បើខ្ញុំប្រព្រឹត្តអំពើខុសក្នុងរឿងនេះ? តើខ្ញុំនឹងបានត្រូវមានឥទ្ធិពលយ៉ាងណា ខាងវិញ្ញាណ ចិត្ត និងរូបកាយនោះ? ចុះយ៉ាងណាវិញចំពោះបុគ្គលទាំងឡាយក្នុងក្រុមជំនុំ ដែលបានបំពានលើច្បាប់របស់ព្រះ ដែលឥតមានចិត្តកែប្រែនោះ? តើមានលទ្ធផលយ៉ាងណាដែរចំពោះពួកគេ›? ដោយធ្វើតាមអ្វីដែលព្រះគម្ពីរចែងមកអំពីកិរិយាបែបនេះ អាចធ្វើឲ្យយើងកាន់តែស្អប់នូវអ្វីដែលជាអាក្រក់ក្នុងព្រះនេត្ររបស់ព្រះ។ (និក្ខមនំ ២០:១៤; កូរិនថូសទី១ ៥:១១-១៣; ៦:៩, ១០; កាឡាទី ៥:១៩-២១; វិវរណៈ ២១:៨) ប៉ុលមានប្រសាសន៍ថា ពួកសហាយស្មន់«មិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ»។ (ថែស្សាឡូនីចទី១ ៤:៨) តើមានគ្រីស្ទានពិតមួយណាដែលនឹងបោះបង់ចោលព្រះវរបិតាស្ថានសួគ៌របស់ខ្លួននោះ?
គុណធម៌និងការចូលរួម
១៥. តើអ្វីជាមុខនាទីនៃការចូលរួមក្នុងការស្វែងរកនៃគុណធម៌?
១៥ ជំនួយមួយទៀតដើម្បីរក្សាឲ្យបានគុណធម៌ គឺការចូលរួមដ៏ល្អ។ អ្នកតែងបទទំនុកដំកើង បានច្រៀងថា៖ «ទូលបង្គំជាមិត្រភក្ដិនឹងអស់អ្នកដែលកោតខ្លាចដល់[ព្រះយេហូវ៉ា] ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ»។ (ទំនុកដំកើង ១១៩:៦៣) យើងត្រូវការការចូលរួមដ៏ល្អ ដែលបានផ្ដល់មកតាមកិច្ចប្រជុំគ្រីស្ទាន។ (ហេព្រើរ ១០:២៤, ២៥) បើយើងបង់ឃ្លាតខ្លួន យើងប្រហែលជាក្លាយទៅជាគិតតែពីគំនិតរបស់ខ្លួន ហើយអបាយមុខអាចមានជ័យជំនះលើយើង។ (សុភាសិត ១៨:១) ប៉ុន្តែ ការរាប់អានគ្រីស្ទានអាចពង្រឹងការប្ដេជ្ញារបស់យើង ក្នុងការប្រកបដោយគុណធម៌។ ប្រាកដហើយ យើងត្រូវតែជៀសវាងការចូលរួមមិនល្អ។ យើងអាចមានការរាក់ទាក់ជាមួយពួកអ្នកជិតខាងរបស់យើង អ្នកធ្វើការជាមួយ និងមិត្តសិស្ស។ ប៉ុន្តែ ប្រសិនបើយើងដើរដោយប្រាជ្ញា យើងនឹងជៀសវាងពីការរាក់ទាក់ហួសហេតុនឹងអស់អ្នកដែលមិនស្វែងរកគុណធម៌គ្រីស្ទាន។—ប្រៀបធៀប កូល៉ុស ៤:៥
១៦. តើតាមរបៀបណាដែលការអនុវត្តនៃកូរិនថូសទី១ ១៥:៣៣ ជួយយើងឲ្យស្វែងរកគុណធម៌សព្វថ្ងៃនេះ?
១៦ ប៉ុលបានសរសេរថា៖ «ពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ»។ ដោយថ្លែងសេចក្ដីនេះ គាត់បានប្រាប់ពួកអ្នកជឿ ថាគេអាចបាត់បង់ជំនឿរបស់គេ ដោយចូលរួមជាមួយពួកដែលអះអាងជាគ្រីស្ទាន ដែលបដិសេធចោលការបង្រៀនពីព្រះគម្ពីរអំពីដំណើររស់ឡើងវិញ។ គោលការណ៍ពីក្រោយការព្រមានរបស់ប៉ុល ទាក់ទងនឹងការចូលរួមរបស់យើងទាំងខាងក្រៅនិងខាងក្នុងក្រុមជំនុំ។ (កូរិនថូសទី១ ១៥:១២, ៣៣) ជាធម្មតា យើងមិនបដិសេធបងប្អូនប្រុសស្រីខាងវិញ្ញាណរបស់យើង ពីព្រោះគេមិនយល់ស្របនឹងទស្សនៈផ្ទាល់ខ្លួនរបស់យើងដែលយើងមាននោះទេ។ (ម៉ាថាយ ៧:៤, ៥; រ៉ូម ១៤:១-១២) ប៉ុន្តែ គឺត្រូវការការប្រយ័ត្នប្រយែង បើសិនជាអ្នកខ្លះក្នុងក្រុមជំនុំដែលប្រព្រឹត្តគួរឲ្យសង្ស័យ ឬបង្ហាញគតិដ៏ជូរចត់ឬដ៏ត្អូញត្អែរនោះ។ (ធីម៉ូថេទី២ ២:២០-២២) ជាការដ៏មានប្រាជ្ញាក្នុងការនៅជិតអស់អ្នកដែលយើងអាចមាន«សេចក្ដីកំសាន្តចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២) នេះនឹងជួយយើងឲ្យស្វែងរកដំណើរដែលប្រកបដោយគុណធម៌ ហើយរក្សានៅលើ«ផ្លូវជីវិត»។—ទំនុកដំកើង ១៦:១១
ខំរក្សាស្វែងរកគុណធម៌
១៧. យោងទៅតាមជនគណនា ជំពូក ២៥ តើមហន្តរាយអ្វីដែលមានមកលើពួកអ៊ីស្រាអែល ហើយតើអ្វីជាមេរៀនដែលនេះផ្ដល់មកឲ្យយើង?
១៧ មិនយូរប៉ុន្មាន មុនពួកអ៊ីស្រាអែលបានយកស្រុកដែលបានសន្យាជាមរតក ពួកគេជាច្រើនបានទៅជាស្វែងរកអបាយមុខទៅវិញ—ហើយបានរងទុក្ខមហន្តរាយ។ (ជនគណនា ជំពូក ២៥) សព្វថ្ងៃនេះ រាស្ត្ររបស់ព្រះយេហូវ៉ាឈរនៅខាងមុខនៃពិភពលោកថ្មីដ៏សុចរិត។ ការចូលទៅក្នុងនោះ នឹងជាឯកសិទ្ធិដ៏ព្រះពរនៃអស់អ្នកដែលខំបន្តបដិសេធចោលនៃអបាយមុខរបស់លោកីយ៍នេះ។ ជាមនុស្សមិនគ្រប់ល័ក្ខណ៍ យើងប្រហែលជាមានចិត្តខុស ប៉ុន្តែព្រះអាចជួយយើងឲ្យធ្វើតាមការដឹកនាំដ៏សុចរិតនៃវិញ្ញាណបរិសុទ្ធរបស់ទ្រង់។ (កាឡាទី ៥:១៦; ថែស្សាឡូនីចទី១ ៤:៣, ៤) ដូច្នេះ សូមឲ្យយើងធ្វើតាមការដាស់តឿនរបស់យ៉ូស្វេដល់ពួកអ៊ីស្រាអែលថា៖ «ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្ដិដល់ទ្រង់ដោយចិត្តស្មោះត្រង់ហើយពិតប្រាកដចុះ»។ (យ៉ូស្វេ ២៤:១៤) ការកោតខ្លាចដ៏គោរព មិនចង់ធ្វើឲ្យព្រះយេហូវ៉ាអាក់អន់ព្រះហឫទ័យ នឹងជួយយើងឲ្យស្វែងរកដំណើរដែលប្រកបដោយគុណធម៌។
១៨. ចំពោះអបាយមុខនិងគុណធម៌ តើគ្រីស្ទានទាំងអស់ត្រូវតែប្ដេជ្ញាធ្វើអ្វី?
១៨ ប្រសិនបើអ្នកមានចិត្តចង់ឲ្យព្រះសព្វព្រះហឫទ័យនឹងខ្លួននោះ ចូរប្ដេជ្ញាធ្វើតាមការដាស់តឿនរបស់ប៉ុល ដែលថា៖ «ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ»។ ប្រសិនបើអ្នកធ្វើដូចនេះ តើនឹងមានលទ្ធផលជាយ៉ាងណា? ប៉ុលមានប្រសាសន៍ថា៖ «ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា»។ (ភីលីព ៤:៨, ៩) ត្រូវហើយ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចបដិសេធចោលអបាយមុខ ហើយស្វែងរកគុណធម៌វិញ។
[កំណត់សម្គាល់]
a សូមមើល ប៉មយាម ១៥ មេសា ១៩៩៣ ទំព័រ ១៩-២៤ និងអត្ថបទ «យុវជនសួរ . . . » ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! នៃ ៨ កុម្ភៈ, ២២ កុម្ភៈ និង ២២ មីនា ១៩៩៣ និង ២២ វិច្ឆិកា ១៩៩៦ (ភាសាអង់គ្លេស)
ចំណុចសំរាប់ពិនិត្យសាឡើងវិញ
◻ តើអ្វីដែលត្រូវការក្នុងការស្វែងរកគុណធម៌?
◻ នៅក្រោមកាលៈទេសៈអ្វី ដែលហេសេគា ដានីយ៉ែល និងពួកគូកនរក្សាគុណធម៌របស់គេ?
◻ តើតាមរបៀបណាដែលយើងអាចធ្វើឲ្យដូចដានីយ៉ែល ក្នុងការទប់ទល់កលល្បិចរបស់សាតាំង?
◻ ហេតុអ្វីក៏ពួកគ្រីស្ទានរក្សាការប្រុងប្រយ័ត្នស្តីអំពីគ្រឿងកំសាន្ត?
◻ តើការសិក្សា ការរំពឹងគិត និងការចូលរួម មានមុខនាទីអ្វីក្នុងការស្វែងរកគុណធម៌?
[រូបភាពនៅទំព័រ២៧]
ហេសេគាជាក្មេងបានស្វែងរកគុណធម៌ ទោះបីជាគាត់បានត្រូវព័ទ្ធជុំវិញដោយពួកអ្នកថ្វាយបង្គំនៃព្រះម៉ូឡុកក៏ដោយ
[រូបភាពនៅទំព័រ២៩]
ពួកគ្រីស្ទានរក្សាការប្រុងស្មារតីរបស់គេ ស្តីអំពីគ្រឿងកំសាន្ត