អត្ថបទសិក្សា ២២
ចូរបង្ហាញថាអ្នកឲ្យតម្លៃចំពោះអំណោយដែលមើលមិនឃើញ
«[ចូរ]ផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមើលមិនឃើញ . . . ព្រោះអ្វីដែលយើងមើលឃើញ គឺគ្រាន់តែបណ្ដោះអាសន្ន តែអ្វីដែលយើងមើលមិនឃើញ នោះស្ថិតស្ថេរជារៀងរហូត»។—២កូ. ៤:១៨
ចម្រៀងលេខ៤៥ ការរំពឹងគិតក្នុងចិត្ត
សេចក្ដីសង្ខេបa
១. តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីទ្រព្យសម្បត្តិនៅស្ថានសួគ៌?
មិនមែនអ្វីល្អៗទាំងអស់អាចមើលឃើញឡើយ។ តាមការពិត អ្វីដ៏ល្អបំផុតដែលយើងទទួលគឺយើងមើលមិនឃើញទេ។ ក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបានលើកឡើងអំពីទ្រព្យសម្បត្តិនៅស្ថានសួគ៌ដែលប្រសើរជាងទ្រព្យសម្បត្តិនៅផែនដី។ បន្ទាប់មក លោកបានបន្ថែមថា៖ «ទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។ (ម៉ាថ. ៦:១៩-២១) បើយើងចាត់ទុកថាអ្វីមួយមានតម្លៃ យើងនឹងស្វែងរកអ្វីនោះ។ យើងប្រមូល«ទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌» ដោយសាងកេរ្តិ៍ឈ្មោះល្អនៅចំពោះព្រះ។ លោកយេស៊ូបានពន្យល់ថាច្រែះមិនអាចស៊ីបំផ្លាញ ហើយចោរមិនអាចចូលលួចទ្រព្យសម្បត្តិនេះបានឡើយ។
២. (ក) យោងទៅតាមកូរិនថូសទី២ ៤:១៧, ១៨ តើប៉ូលលើកទឹកចិត្តយើងឲ្យផ្ដោតអារម្មណ៍ទៅលើអ្វី? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ សាវ័កប៉ូលលើកទឹកចិត្តយើងឲ្យ«ផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងមើលមិនឃើញ»។ (សូមអាន កូរិនថូសទី២ ៤:១៧, ១៨) អ្វីដែលយើងមើលមិនឃើញទាំងនេះ រួមបញ្ចូលអ្វីល្អទាំងអស់ដែលយើងនឹងទទួលក្នុងពិភពលោកថ្មីរបស់ព្រះ។ ប៉ុន្តែនៅឥឡូវនេះ យើងអាចទទួលអំណោយដ៏ពិសេសបួនយ៉ាងដែលយើងមើលមិនឃើញ ពោលគឺចំណងមិត្តភាពជាមួយនឹងព្រះ សេចក្ដីអធិដ្ឋាន ជំនួយពីសកម្មពលបរិសុទ្ធរបស់ព្រះ និងការគាំទ្រពីស្ថានសួគ៌ក្នុងកិច្ចបម្រើផ្សាយរបស់យើង។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអំណោយដែលយើងមើលមិនឃើញទាំងនេះ និងរបៀបដែលយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអ្វីទាំងនេះ។
មិត្តភាពជាមួយព្រះយេហូវ៉ា
៣. តើអំណោយដ៏វិសេសបំផុតគឺជាអ្វី ហើយហេតុអ្វីយើងអាចទទួលអំណោយនេះបាន?
៣ អំណោយដ៏វិសេសបំផុតគឺចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។ (ទំនុក. ២៥:១៤) តើព្រះអាចមានចំណងមិត្តភាពជាមួយនឹងមនុស្សដែលមានភាពខុសឆ្គង ហើយនៅតែរក្សាភាពបរិសុទ្ធរបស់លោកយ៉ាងដូចម្ដេចបាន? លោកអាចធ្វើដូច្នេះ ដោយសារគ្រឿងបូជាលោះរបស់លោកយេស៊ូ«ដកយកភាពខុសឆ្គងរបស់ពិភពលោកចេញ»។ (យ៉ូន. ១:២៩) ព្រះយេហូវ៉ាបានដឹងទុកជាមុនថាគោលបំណងរបស់លោកដើម្បីសង្គ្រោះមនុស្សជាតិនឹងត្រូវសម្រេច។ ហេតុនេះហើយ ព្រះអាចធ្វើជាមិត្តសម្លាញ់ជាមួយនឹងមនុស្សដែលរស់នៅមុនពេលលោកយេស៊ូគ្រិស្តស្លាប់។—រ៉ូម ៣:២៥
៤. តើអ្នកណាខ្លះទៅជាមិត្តសម្លាញ់របស់ព្រះមុនសម័យលោកយេស៊ូ?
៤ សូមគិតអំពីបុរសមួយចំនួនដែលបានទៅជាមិត្តសម្លាញ់របស់ព្រះមុនសម័យលោកយេស៊ូ។ ជាឧទាហរណ៍ អាប្រាហាំមានជំនឿមុតមាំ។ ជាងមួយពាន់ឆ្នាំក្រោយពីអាប្រាហាំបានស្លាប់ ព្រះយេហូវ៉ាបានហៅគាត់ថា«សំឡាញ់របស់អញ»។ (អេ. ៤១:៨) នេះមានន័យថាសូម្បីតែពេលមនុស្សស្លាប់ ក៏ព្រះយេហូវ៉ានៅតែចាត់ទុកពួកគេថាជាមិត្តសម្លាញ់របស់លោក។ ចំពោះព្រះយេហូវ៉ា អាប្រាហាំនៅតែនៅរស់។ (លូក. ២០:៣៧, ៣៨) មិត្តសម្លាញ់របស់ព្រះយេហូវ៉ាម្នាក់ទៀតគឺយ៉ូប។ កាលដែលទេវតាទាំងអស់ជួបជុំគ្នានៅស្ថានសួគ៌ ព្រះយេហូវ៉ាបាននិយាយដោយមានទំនុកចិត្តអំពីយ៉ូប ថាគាត់«ជាអ្នកដែលគ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះ ហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ (យ៉ូប ១:៦-៨) សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះដានីយ៉ែល។ គាត់បានបម្រើព្រះយ៉ាងស្មោះត្រង់នៅស្រុកដែលគេមិនគោរពប្រណិប័តន៍ព្រះពិត ប្រហែលជាអស់រយៈពេល៨០ឆ្នាំ។ អស់បីដង ទេវតាបានពង្រឹងទំនុកចិត្តបុរសវ័យចាស់នោះថាគាត់ជា«មនុស្សសំណប់យ៉ាងសំខាន់»ចំពោះព្រះ។ (ដាន. ៩:២៣; ១០:១១, ១៩) យើងអាចប្រាកដថាព្រះយេហូវ៉ាទន្ទឹងរង់ចាំពេលដែលលោកនឹងប្រោសមិត្តសម្លាញ់របស់លោកដែលបានស្លាប់ឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៥
៥. តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីមានមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា?
៥ ចុះយ៉ាងណានៅសព្វថ្ងៃនេះ? តើមានមនុស្សមិនល្អឥតខ្ចោះប៉ុន្មាននាក់ដែលជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា? គឺមានរាប់លាននាក់ដែលបង្ហាញដោយការប្រព្រឹត្តថាពួកគេចង់ធ្វើជាមិត្តសម្លាញ់របស់ព្រះ។ គម្ពីរចែងថា៖ ‹មនុស្សទៀងត្រង់ នោះជាមិត្រនឹង›ព្រះយេហូវ៉ា។ (សុភ. ៣:៣២) ពួកគេមានចំណងមិត្តភាពនេះបាន ដោយសារពួកគេមានជំនឿលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ អាស្រ័យហេតុនេះ យើងអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា ប្រគល់ខ្លួនជូនលោក ព្រមទាំងទទួលការជ្រមុជទឹក។ ពេលយើងធ្វើអ្វីដ៏សំខាន់ទាំងនេះ យើងចូលក្នុងក្រុមគ្រិស្តសាសនិករាប់លាននាក់ដែលបានប្រគល់ខ្លួនជូនព្រះ និងទទួលការជ្រមុជទឹក។ យើងជាមិត្តនឹងព្រះដែលជាបុគ្គលដ៏ឧត្ដមបំផុតក្នុងសកលលោក!
៦. តើយើងអាចបង្ហាញយ៉ាងណាថាយើងឲ្យតម្លៃចំពោះមិត្តភាពរបស់យើងជាមួយនឹងព្រះ?
៦ តើយើងអាចបង្ហាញយ៉ាងណាថាយើងឲ្យតម្លៃចំពោះមិត្តភាពរបស់យើងជាមួយនឹងព្រះ? ដូចអាប្រាហាំនិងយ៉ូបជាមនុស្សស្មោះត្រង់ចំពោះព្រះអស់ជាង១០០ឆ្នាំ នោះយើងត្រូវរក្សាភាពស្មោះត្រង់ មិនថាយើងបម្រើព្រះយេហូវ៉ាយូរយ៉ាងណាក៏ដោយក្នុងរបៀបរបបពិភពលោកនេះ។ ដូចដានីយ៉ែល យើងត្រូវឲ្យតម្លៃចំពោះមិត្តភាពរបស់យើងជាមួយនឹងព្រះច្រើនជាងជីវិត។ (ដាន. ៦:៧, ១០, ១៦, ២២) ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនឹងទុក្ខលំបាក។ យ៉ាងនេះ យើងអាចរក្សាមិត្តភាពជិតស្និទ្ធជាមួយនឹងលោក។—ភី. ៤:១៣
សេចក្ដីអធិដ្ឋាន
៧. (ក) យោងទៅតាមសុភាសិត ១៥:៨ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីអធិដ្ឋានរបស់យើង? (ខ) តើព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងយ៉ាងដូចម្ដេច?
៧ អំណោយមួយទៀតដែលយើងមើលមិនឃើញគឺសេចក្ដីអធិដ្ឋាន។ តាមធម្មតា មិត្តសម្លាញ់ចូលចិត្តប្រាប់គ្នាទៅវិញទៅមកអំពីអារម្មណ៍និងគំនិត។ ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាក៏ដូចគ្នាដែរ។ ព្រះយេហូវ៉ាប្រាប់យើងអំពីគំនិតនិងអារម្មណ៍របស់លោកនៅក្នុងគម្ពីរ។ យើងនិយាយទៅកាន់លោកក្នុងសេចក្ដីអធិដ្ឋាន ហើយយើងអាចប្រាប់លោកអំពីគំនិតនិងអារម្មណ៍កប់ជ្រៅរបស់យើង។ ព្រះយេហូវ៉ាពេញចិត្តស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។ (សូមអាន សុភាសិត ១៥:៨) ក្នុងនាមជាមិត្តដែលស្រឡាញ់យើង ព្រះយេហូវ៉ាមិនគ្រាន់តែស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងប៉ុណ្ណោះទេ តែលោកក៏តបឆ្លើយដែរ។ ជួនកាល លោកតបឆ្លើយភ្លាមៗ។ នៅពេលផ្សេងទៀត យើងប្រហែលជាត្រូវបន្តអធិដ្ឋានអំពីរឿងណាមួយ។ ទោះជាយ៉ាងណាក្ដី យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងតបឆ្លើយនៅពេលត្រឹមត្រូវនិងតាមរបៀបដ៏ល្អបំផុត។ ប៉ុន្តែ ជួនកាលព្រះប្រហែលជាតបឆ្លើយខុសពីអ្វីដែលយើងរំពឹងទុក។ ជាឧទាហរណ៍ ជាជាងបំបាត់ចោលទុក្ខលំបាកណាមួយ លោកប្រហែលជាផ្ដល់ឲ្យយើងនូវប្រាជ្ញានិងកម្លាំងដើម្បីយើងអាច«ស៊ូទ្រាំ»។—១កូ. ១០:១៣
៨. តើយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះសេចក្ដីអធិដ្ឋានយ៉ាងដូចម្ដេច?
៨ តើយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអំណោយដ៏វិសេសនេះយ៉ាងដូចម្ដេច? របៀបមួយគឺដោយធ្វើតាមការណែនាំពីព្រះដែលឲ្យ«អធិដ្ឋានឥតឈប់»។ (១ថែ. ៥:១៧) ព្រះយេហូវ៉ាគោរពសិទ្ធិសេរីភាពរបស់យើង ដោយមិនបង្ខំយើងឲ្យអធិដ្ឋានទេ តែលោកលើកទឹកចិត្តយើងឲ្យ«តស៊ូក្នុងការអធិដ្ឋាន»។ (រ៉ូម ១២:១២) ដូច្នេះ យើងអាចបង្ហាញចិត្តកតញ្ញូរបស់យើងដោយអធិដ្ឋានរាល់ថ្ងៃជារឿយៗ។ ក្នុងសេចក្ដីអធិដ្ឋានរបស់យើង យើងគួររួមបញ្ចូលពាក្យថ្លែងអំណរគុណនិងពាក្យសរសើរតម្កើងចំពោះព្រះយេហូវ៉ា។—ទំនុក. ១៤៥:២, ៣
៩. តើបងប្រុសម្នាក់មានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីអធិដ្ឋាន ហើយចុះយ៉ាងណាអ្នកវិញ?
៩ ពេលយើងបម្រើព្រះយេហូវ៉ាកាន់តែយូរ ហើយមានបទពិសោធន៍កាន់តែច្រើនអំពីរបៀបដែលលោកតបឆ្លើយចំពោះសំណូមពររបស់យើង នោះយើងកាន់តែឲ្យតម្លៃចំពោះសេចក្ដីអធិដ្ឋាន។ ជាឧទាហរណ៍ សូមគិតអំពីគំរូរបស់បងប្រុសគ្រីសដែលបម្រើពេញពេលអស់រយៈពេល៤៧ឆ្នាំមកហើយ។ គាត់និយាយថា៖ «ខ្ញុំចូលចិត្តក្រោកពីព្រលឹមដើម្បីអធិដ្ឋានទៅព្រះយេហូវ៉ា។ ខ្ញុំទទួលកម្លាំងចិត្តឡើងវិញដោយអធិដ្ឋានយ៉ាងយូរទៅព្រះយេហូវ៉ា កាលដែលថ្ងៃកំពុងរះ ហើយអ្វីៗទាំងអស់មានភាពស្រស់បំព្រង! នេះជំរុញចិត្តខ្ញុំឲ្យអរគុណលោកចំពោះអំណោយទាំងអស់ពីលោក រួមបញ្ចូលឯកសិទ្ធិអធិដ្ឋាន។ ខ្ញុំក៏អធិដ្ឋានមុនចូលគេង ហើយនោះធ្វើឲ្យខ្ញុំចូលគេងដោយមានអារម្មណ៍ស្រួលនិងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស»។
សកម្មពលបរិសុទ្ធ
១០. ហេតុអ្វីយើងគួរឲ្យតម្លៃចំពោះសកម្មពលបរិសុទ្ធរបស់ព្រះ?
១០ អំណោយមួយទៀតដែលយើងគួរឲ្យតម្លៃគឺសកម្មពលបរិសុទ្ធរបស់ព្រះ។ លោកយេស៊ូបានលើកទឹកចិត្តយើងឲ្យបន្តអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ (លូក. ១១:៩, ១៣) ព្រះយេហូវ៉ាប្រើសកម្មពលរបស់លោក ដើម្បីផ្ដល់ឲ្យយើងនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (២កូ. ៤:៧; សកម្ម. ១:៨) ដោយមានជំនួយពីសកម្មពលរបស់ព្រះ យើងអាចស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយដែលយើងជួបប្រទះ។
១១. តើសកម្មពលបរិសុទ្ធអាចជួយយើងតាមរបៀបណា?
១១ សកម្មពលបរិសុទ្ធអាចជួយយើងឲ្យបំពេញភារកិច្ចរបស់យើងក្នុងកិច្ចបម្រើព្រះ។ សកម្មពលរបស់ព្រះក៏អាចបង្កើនសមត្ថភាពនិងទេពកោសល្យរបស់យើងដែរ។ យើងដឹងថាយើងអាចទទួលលទ្ធផលល្អក្នុងកិច្ចបម្រើព្រះ គឺដោយសារតែសកម្មពលរបស់ព្រះជួយយើង។
១២. យោងទៅតាមទំនុកតម្កើង ១៣៩:២៣, ២៤ តើយើងអាចអធិដ្ឋានសុំសកម្មពលបរិសុទ្ធជួយយើងឲ្យធ្វើអ្វី?
១២ របៀបមួយទៀតដែលយើងបង្ហាញថាយើងឲ្យតម្លៃចំពោះសកម្មពលបរិសុទ្ធរបស់ព្រះ គឺដោយអធិដ្ឋានសុំព្រះយេហូវ៉ាជួយយើងឲ្យរកឃើញចិត្តគំនិតឬបំណងប្រាថ្នាមិនត្រឹមត្រូវរបស់យើង។ (សូមអាន ទំនុកតម្កើង ១៣៩:២៣, ២៤) បើយើងអធិដ្ឋានសុំបែបនេះ នោះតាមរយៈសកម្មពលរបស់លោក ព្រះយេហូវ៉ាអាចធ្វើឲ្យយើងដឹងអំពីគំនិតនិងបំណងប្រាថ្នាមិនត្រឹមត្រូវរបស់យើង។ បើយើងដឹងថាយើងមានគំនិតឬបំណងប្រាថ្នាមិនត្រឹមត្រូវ យើងគួរសុំព្រះផ្ដល់សកម្មពលរបស់លោកឲ្យយើងមានកម្លាំងទប់ទល់បាន។ យ៉ាងនេះ យើងបង្ហាញថាយើងតាំងចិត្តជៀសវាងពីការធ្វើអ្វីណាក៏ដោយ ដែលអាចបណ្ដាលឲ្យព្រះយេហូវ៉ាឈប់ផ្ដល់សកម្មពលបរិសុទ្ធឲ្យយើង។—អេភ. ៤:៣០
១៣. តើយើងអាចធ្វើអ្វីដើម្បីកាន់តែឲ្យតម្លៃចំពោះសកម្មពលបរិសុទ្ធ?
១៣ ពេលយើងគិតអំពីអ្វីដែលសកម្មពលបរិសុទ្ធកំពុងសម្រេចនៅសម័យយើងនេះ យើងកាន់តែឲ្យតម្លៃចំពោះសកម្មពលនោះ។ មុនលោកយេស៊ូឡើងទៅស្ថានសួគ៌ លោកបានប្រាប់អ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ . . . រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៨) ពាក្យទាំងនេះកំពុងសម្រេចនៅសព្វថ្ងៃនេះ។ ដោយមានជំនួយពីសកម្មពលបរិសុទ្ធ មនុស្សជាង៨លាន៥សែននាក់ដែលមកពីទូទាំងពិភពលោកបានទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ មួយវិញទៀត ក្នុងនាមជារាស្ត្ររបស់ព្រះ យើងមានសាមគ្គីភាពជាបងប្អូនរួមជំនឿ ពីព្រោះសកម្មពលរបស់ព្រះជួយយើងឲ្យមានគុណសម្បត្តិផ្សេងៗដូចជាសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត និងការចេះទប់ចិត្ត។ គុណសម្បត្តិទាំងនេះជាលក្ខណៈនៃ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។ (កាឡ. ៥:២២, ២៣) សកម្មពលបរិសុទ្ធគឺជាអំណោយដ៏វិសេសវិសាលមែន!
ការគាំទ្រពីស្ថានសួគ៌ក្នុងកិច្ចបម្រើផ្សាយរបស់យើង
១៤. តើយើងមានការគាំទ្រពីអ្នកណាខ្លះក្នុងកិច្ចបម្រើផ្សាយ?
១៤ យើងមានឯកសិទ្ធិ«រួមធ្វើការជាមួយនឹង»ព្រះយេហូវ៉ា លោកយេស៊ូ និងពួកទេវតា។ (២កូ. ៦:១) យើងរួមធ្វើការជាមួយនឹងបុគ្គលទាំងនោះ ពេលយើងចូលរួមក្នុងកិច្ចបម្រើផ្សាយ។ ប៉ូលបាននិយាយអំពីខ្លួនគាត់និងអ្នកឯទៀតដែលរួមចំណែកក្នុងកិច្ចការនេះថា៖ «យើងជាអ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩) ពេលយើងចូលរួមក្នុងកិច្ចបម្រើផ្សាយ យើងក៏ជាអ្នករួមការងារជាមួយនឹងលោកយេស៊ូ។ ហេតុអ្វី? ពីព្រោះក្រោយពីលោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យ«ទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម» នោះលោកបានមានប្រសាសន៍ថា៖ «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»។ (ម៉ាថ. ២៨:១៩, ២០) ចុះយ៉ាងណាពួកទេវតា? ពួកទេវតាណែនាំយើងពេលយើងប្រាប់អំពី«ដំណឹងល្អដែលស្ថិតស្ថេរជានិរន្តរ៍ . . . ដល់អស់អ្នកដែលអាស្រ័យនៅផែនដី» នេះនាំឲ្យយើងសប្បាយចិត្តមែន!—បប. ១៤:៦
១៥. សូមលើកឧទាហរណ៍មួយពីគម្ពីរដែលបង្ហាញថាព្រះយេហូវ៉ាមានចំណែកដ៏សំខាន់ក្នុងកិច្ចបម្រើផ្សាយរបស់យើង។
១៥ ដោយមានការគាំទ្រទាំងនេះពីស្ថានសួគ៌ តើយើងអាចសម្រេចអ្វីខ្លះ? កាលដែលយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ មនុស្សខ្លះចង់ស្ដាប់ ហើយរីកចម្រើន។ (ម៉ាថ. ១៣:១៨, ២៣) ហេតុអ្វីបុគ្គលនោះបើកចិត្តទទួលយកដំណឹងល្អអំពីរាជាណាចក្រ ហើយរីកចម្រើន? លោកយេស៊ូពន្យល់ថា គ្មានមនុស្សណាម្នាក់អាចទៅជាអ្នកកាន់តាមលោកបានឡើយ លុះត្រាតែ«អ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌»។ (យ៉ូន. ៦:៤៤) សូមគិតអំពីឧទាហរណ៍មួយក្នុងគម្ពីរស្ដីអំពីរឿងនេះ។ មានពេលមួយប៉ូលបានផ្សព្វផ្សាយដល់ស្ត្រីមួយក្រុមនៅខាងក្រៅក្រុងភីលីព។ សូមកត់សម្គាល់អ្វីដែលគម្ពីរចែងអំពីស្ត្រីម្នាក់ក្នុងចំណោមពួកគេ ដែលមានឈ្មោះលីឌា ថា៖ «ព្រះយេហូវ៉ាបានបើកចិត្តនាងទាំងស្រុងឲ្យទទួលយកអ្វីដែលប៉ូលកំពុងនិយាយ»។ (សកម្ម. ១៦:១៣-១៥) ដូចលីឌា ព្រះយេហូវ៉ាក៏បានទាញនាំមនុស្សរាប់លាននាក់ដែរ។
១៦. តើអ្នកណាសមនឹងទទួលសេចក្ដីសរសើរចំពោះលទ្ធផលល្អដែលយើងទទួលក្នុងកិច្ចបម្រើផ្សាយ?
១៦ តើអ្នកណាសមនឹងទទួលសេចក្ដីសរសើរចំពោះលទ្ធផលល្អក្នុងកិច្ចបម្រើផ្សាយ? ប៉ូលបានផ្ដល់ចម្លើយចំពោះសំណួរនេះ ពេលដែលគាត់បានសរសេរទៅកាន់ក្រុមជំនុំនៅក្រុងកូរិនថូសថា៖ «ខ្ញុំជាអ្នកដាំ អាប៉ូឡុសជាអ្នកស្រោច តែព្រះបានធ្វើឲ្យដុះលូតលាស់ ដូច្នេះ អ្នកដាំនិងអ្នកស្រោចមិនមែនជាអ្នកដែលសំខាន់ទេ គឺព្រះវិញដែលធ្វើឲ្យដុះឡើង»។ (១កូ. ៣:៦, ៧) ដូចប៉ូល យើងគួរផ្ដល់សេចក្ដីសរសើរដល់ព្រះយេហូវ៉ាជានិច្ចចំពោះលទ្ធផលល្អដែលយើងទទួលក្នុងកិច្ចបម្រើផ្សាយ។
១៧. តើយើងអាចបង្ហាញយ៉ាងណាថាយើងឲ្យតម្លៃចំពោះការ«រួមធ្វើការ»ជាមួយនឹងព្រះ គ្រិស្តយេស៊ូ និងពួកទេវតា?
១៧ តើយើងអាចបង្ហាញយ៉ាងណាថាយើងឲ្យតម្លៃចំពោះឯកសិទ្ធិ«រួមធ្វើការ»ជាមួយនឹងព្រះ គ្រិស្តយេស៊ូ និងពួកទេវតា? គឺដោយខំប្រាប់ដំណឹងល្អដល់អ្នកឯទៀតឲ្យអស់ពីសមត្ថភាពតាមរបៀបផ្សេងៗ ដូចជាផ្សព្វផ្សាយ«ជាសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយ»។ (សកម្ម. ២០:២០) បងប្អូនជាច្រើននាក់ក៏ផ្សព្វផ្សាយក្រៅផ្លូវការដែរ។ ពេលពួកគេជួបបុគ្គលណាម្នាក់ ពួកគេសួរសុខទុក្ខគាត់ដោយរាក់ទាក់ ហើយព្យាយាមបន្តការសន្ទនា។ បើបុគ្គលនោះតបឆ្លើយ បងប្អូនយើងខំរកឱកាសដើម្បីប្រាប់ដំណឹងល្អអំពីរាជាណាចក្រព្រះ។
១៨-១៩. (ក) តើយើងស្រោចទឹកលើគ្រាប់ពូជនៃសេចក្ដីពិតយ៉ាងដូចម្ដេច? (ខ) សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាបានជួយសិស្សគម្ពីរម្នាក់។
១៨ ក្នុងនាមជា«អ្នករួមការងារជាមួយនឹងព្រះ» យើងមិនគ្រាន់តែត្រូវសាបព្រោះគ្រាប់ពូជនៃសេចក្ដីពិតប៉ុណ្ណោះទេ តែក៏ត្រូវស្រោចទឹកដែរ។ ពេលបុគ្គលណាម្នាក់ចាប់អារម្មណ៍ យើងចង់ជួបគាត់ម្ដងទៀត ឬឲ្យអ្នកផ្សេងត្រឡប់ទៅជួបបុគ្គលនោះដោយមានគោលដៅចាប់ផ្ដើមបង្រៀនគម្ពីរ។ យើងពិតជាសប្បាយណាស់ពេលយើងឃើញព្រះយេហូវ៉ាកំពុងជួយសិស្សគម្ពីរឲ្យកែប្រែរបៀបគិតគូរនិងអារម្មណ៍របស់គាត់។
១៩ សូមគិតអំពីគំរូរបស់បងប្រុសម្នាក់ដែលធ្លាប់ជាគ្រូមន្តអាគមនៅប្រទេសអាហ្វ្រិកខាងត្បូង។ គាត់ចូលចិត្តអ្វីដែលគាត់រៀនពីគម្ពីរខ្លាំងណាស់។ ប៉ុន្តែគាត់ពិបាកទទួលយកអ្វីដែលគម្ពីរចែងអំពីការប្រាស្រ័យទាក់ទងជាមួយនឹងដូនតាដែលបានស្លាប់។ (ចោ. ១៨:១០-១២) បន្តិចម្ដងៗ គាត់បានអនុញ្ញាតឲ្យព្រះកែប្រែរបៀបគិតគូររបស់គាត់។ ក្រោយមក គាត់ឈប់ធ្វើគ្រូមន្តអាគម ទោះជានេះជាការងារតែមួយគត់របស់គាត់ក្ដី។ ឥឡូវបងប្រុសនេះមានអាយុ៦០ឆ្នាំ ហើយគាត់និយាយថា៖ «ខ្ញុំអរគុណសាក្សីព្រះយេហូវ៉ាដែលបានជួយខ្ញុំតាមរបៀបផ្សេងៗដូចជា ជួយខ្ញុំឲ្យរកការងារធ្វើ។ ខ្ញុំអរគុណព្រះយេហូវ៉ាខ្លាំងជាងគេ ដោយសារលោកបានជួយខ្ញុំឲ្យកែប្រែជីវិត ដូច្នេះឥឡូវខ្ញុំអាចផ្សព្វផ្សាយជាសាក្សីដែលបានទទួលការជ្រមុជទឹក»។
២០. តើអ្នកតាំងចិត្តធ្វើអ្វី?
២០ ក្នុងអត្ថបទនេះ យើងបានពិចារណាអំពីអំណោយបួនដែលយើងមើលមិនឃើញ។ អំណោយដ៏អស្ចារ្យបំផុតគឺការមានព្រះយេហូវ៉ាជាមិត្តជិតស្និទ្ធជាងគេ។ នេះបើកឱកាសឲ្យយើងទទួលអំណោយផ្សេងទៀតដែលយើងមើលមិនឃើញពោលគឺ អធិដ្ឋានទៅលោក ទទួលជំនួយពីសកម្មពលបរិសុទ្ធរបស់លោក និងការគាំទ្រពីស្ថានសួគ៌ក្នុងកិច្ចបម្រើផ្សាយរបស់យើង។ សូមយើងតាំងចិត្តឲ្យតម្លៃកាន់តែខ្លាំងចំពោះអំណោយទាំងនេះ។ យើងតែងតែចង់អរគុណព្រះយេហូវ៉ាដែលលោកធ្វើជាមិត្តដ៏អស្ចារ្យរបស់យើង។
ចម្រៀងលេខ១៤៥ សេចក្ដីសន្យារបស់ព្រះអំពីសួនឧទ្យាន
a ក្នុងអត្ថបទមុន យើងបានពិចារណាអំពីអំណោយមួយចំនួនពីព្រះដែលយើងមើលឃើញ។ ក្នុងអត្ថបទនេះ យើងនឹងផ្ដោតអារម្មណ៍ទៅលើអំណោយដែលយើងមើលមិនឃើញ ហើយអំពីរបៀបដែលយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអំណោយទាំងនោះ។ អត្ថបទនេះក៏នឹងជួយយើងឲ្យមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះព្រះយេហូវ៉ាដែលជាអ្នកឲ្យអំណោយដ៏ថ្លៃវិសេសនោះ។
b ការពណ៌នាអំពីរូបភាព: (១) កាលដែលបងស្រីម្នាក់កំពុងមើលអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត គាត់រំពឹងគិតអំពីមិត្តភាពរបស់គាត់ជាមួយនឹងលោក។
c ការពណ៌នាអំពីរូបភាព: (២) បងស្រីនោះសុំព្រះយេហូវ៉ាផ្ដល់កម្លាំងឲ្យគាត់ដើម្បីផ្សព្វផ្សាយ។
d ការពណ៌នាអំពីរូបភាព: (៣) សកម្មពលបរិសុទ្ធជួយបងស្រីនោះឲ្យមានចិត្តក្លាហានដើម្បីផ្សព្វផ្សាយក្រៅផ្លូវការអំពីដំណឹងរាជាណាចក្រព្រះ។
e ការពណ៌នាអំពីរូបភាព: (៤) បងស្រីនោះបង្រៀនគម្ពីរដល់បុគ្គលដែលគាត់បានផ្សព្វផ្សាយក្រៅផ្លូវការ។ បងស្រីនោះផ្សព្វផ្សាយនិងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក ដោយមានជំនួយពីពួកទេវតា។