ចូរនឹកដល់ព្រះយេហូវ៉ាជានិច្ច
«ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជាដរាប»។—ទំនុក. ១៦:៨
១. តើកំណត់ហេតុក្នុងគម្ពីរអាចមានឥទ្ធិពលយ៉ាងណាលើយើង?
បណ្ដាំជាលាយលក្ខណ៍អក្សររបស់ព្រះយេហូវ៉ាក៏រួមបញ្ចូលសេចក្ដីរាយការណ៍ដ៏ល្អៗ ស្តីអំពីរបៀបដែលទ្រង់បានប្រព្រឹត្តទៅលើមនុស្សជាតិ។ កំណត់ហេតុទាំងនោះរៀបរាប់អំពីមនុស្សច្រើននាក់ដែលមានតួនាទីសំខាន់ក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា។ ពាក្យសម្ដីនិងការប្រព្រឹត្តរបស់អ្នកទាំងនោះ មិនបានសរសេរក្នុងគម្ពីរទុកជារឿងអានលេងៗទេ តែជាកំណត់ហេតុដែលជួយយើងឲ្យចូលកាន់តែជិតនឹងព្រះយេហូវ៉ាវិញ។—យ៉ា. ៤:៨
២, ៣. តើពាក្យក្នុងទំនុកទី១៦:៨ មានន័យអ្វី?
២ យើងរាល់គ្នាអាចទាញយកមេរៀនពីបទពិសោធន៍របស់មនុស្សជាច្រើនដែលមានឈ្មោះល្បី ដូចជាអ័ប្រាហាំ សារ៉ា ម៉ូសេ នាងរស់ ដាវីឌ នាងអេសធើរនិងសាវ័កប៉ុលជាដើម។ ប៉ុន្តែ យើងក៏អាចទទួលប្រយោជន៍ពីកំណត់ហេតុដែលរៀបរាប់អំពីអ្នកឯទៀតដែលយើងមិនសូវស្គាល់ដែរ។ ការរំពឹងគិតទៅលើអ្វីដែលចែងទុកអំពីអ្នកទាំងនោះ អាចជួយយើងឲ្យធ្វើតាមពាក្យរបស់អ្នកតែងបទទំនុកដំកើងដែលសរសេរថា៖ «ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្ដាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ»។ (ទំនុក. ១៦:៨) តើពាក្យទាំងនេះបង្កប់អត្ថន័យអ្វី?
៣ ចំពោះទាហាននៅសម័យបុរាណ តាមធម្មតាដៃស្ដាំកាន់ដាវ ហើយដៃឆ្វេងកាន់ខែលទៅវិញ។ ជាលទ្ធផល គ្មានអ្វីជួយបាំងចំហៀងស្ដាំរបស់គាត់ទេ។ ប៉ុន្តែ បើមានម្នាក់ឈរនៅខាងស្ដាំគាត់ពេលចូលសមរភូមិ អ្នកនោះអាចការពារចំហៀងស្ដាំរបស់គាត់វិញ។ ដូចគ្នាដែរ បើយើងនឹកដល់ព្រះយេហូវ៉ា ហើយធ្វើតាមឆន្ទៈរបស់ទ្រង់ ទ្រង់ក៏នឹងការពារយើង។ បើដូច្នេះ សូមឲ្យយើងពិនិត្យមើលកំណត់ហេតុផ្សេងៗក្នុងគម្ពីរ ដែលអាចពង្រឹងជំនឿរបស់យើង ដើម្បីជួយយើងឲ្យ«នឹកដល់ព្រះ[យេហូវ៉ា]ដែលស្ថិតនៅខាងមុខ[យើង]ជានិច្ច»។—ខ.ស.
ព្រះយេហូវ៉ាធ្វើតាមសំណូមពររបស់យើង
៤. សូមរៀបរាប់បទពិសោធន៍មួយពីគម្ពីរដែលបង្ហាញថា ព្រះយេហូវ៉ាពិតជាធ្វើតាមសំណូមពររបស់មនុស្សជាតិ។
៤ បើយើងនឹកដល់ព្រះយេហូវ៉ា ទ្រង់នឹងធ្វើតាមសំណូមពររបស់យើង។ (ទំនុក. ៦៥:២; ៦៦:១៩) ករណីដែលទាក់ទងនឹងលោកអេលាស៊ើរ ជាបាវបម្រើចាស់ជាងគេរបស់លោកអ័ប្រាហាំ បញ្ជាក់ថាព្រះយេហូវ៉ាធ្វើតាមសំណូមពររបស់មនុស្សមែន។ អ័ប្រាហាំបានចាត់អេលាស៊ើរទៅឯស្រុកមេសូប៉ូតាមីដើម្បីរកភរិយាល្អដែលគោរពព្រះ ឲ្យកូនគាត់ឈ្មោះអ៊ីសាក។ អេលាស៊ើរបានអធិស្ឋានសូមព្រះយេហូវ៉ាជួយគាត់ឲ្យរកស្ត្រីល្អម្នាក់។ ពេលនាងរេបិកាបានដងទឹកឲ្យសត្វអូដ្ឋរបស់អេលាស៊ើរ គាត់ទទួលស្គាល់ថា នាងជាស្ត្រីដែលព្រះយេហូវ៉ាជ្រើសរើសឲ្យ ស្របទៅតាមសំណូមពររបស់គាត់។ ដោយសារអេលាស៊ើរជាអ្នកដែលឧស្សាហ៍អធិស្ឋាន គាត់បានរកឃើញស្ត្រីល្អ ដែលក្រោយមកបានក្លាយទៅជាភរិយាដ៏ជាទីស្រឡាញ់របស់អ៊ីសាក។ (លោ. ២៤:១២-១៤, ៦៧) ទោះជាកាលៈទេសៈនោះមិនធម្មតាក៏ដោយ យើងក៏គួរមានទំនុកចិត្តដូចបាវបម្រើរបស់អ័ប្រាហាំដែរ ដោយជឿស៊ប់ថា ព្រះយេហូវ៉ាតែងតែស្ដាប់ការអធិស្ឋានរបស់យើង។
៥. តើមានភ័ស្តុតាងអ្វីដែលបង្ហាញថា សូម្បីតែការអធិស្ឋានតែមួយភ្លែតដោយមិនបញ្ចេញសំឡេងក៏អាចមានប្រសិទ្ធភាព?
៥ ជួនកាលយើងមានតែមួយភ្លែតទេ ដើម្បីអធិស្ឋានសូមជំនួយពីព្រះយេហូវ៉ា។ មានគ្រាមួយដែលស្តេចជនជាតិពើស៊ី ឈ្មោះអើថាស៊ើកសេស បានកត់សម្គាល់ថា លោកនេហេមាដែលជាអ្នកកាន់ពែងរបស់ស្តេច មានទឹកមុខព្រួយ។ ដូច្នេះ ស្តេចសួរនេហេមាថា៖ «តើអ្នកចង់បានអ្វី?»។ មួយរំពេចនោះ នេហេមាបាន«អធិស្ឋានដល់ព្រះនៃស្ថានសួគ៌»។ តាមមើលទៅ ពេលនេហេមាអធិស្ឋាននោះ គាត់មិនបានបញ្ចេញសំឡេងទេ ហើយបានអធិស្ឋានតែមួយភ្លែតដែរ។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់នេហេមា ហើយស្តេចបានផ្ដល់ជំនួយដើម្បីឲ្យគាត់ទៅកសាងកំពែងនៃទីក្រុងយេរូសាឡិមឡើងវិញ។ (សូមអាន នេហេមា ២:១-៨) ត្រូវមែន! សូម្បីតែការអធិស្ឋានតែមួយភ្លែតដោយមិនបញ្ចេញសំឡេងក៏អាចមានប្រសិទ្ធភាពដែរ។
៦, ៧. (ក) ស្តីអំពីការអធិស្ឋាន តើអេប៉ាប្រាសបានទុកគំរូល្អអ្វីឲ្យយើង? (ខ) តើការអធិស្ឋានឲ្យអ្នកដទៃមានប្រយោជន៍អ្វីខ្លះ?
៦ បទគម្ពីរក៏ដាស់តឿនថា យើងគួរ«អធិស្ឋានឲ្យគ្នាទៅវិញទៅមក»។ (យ៉ា. ៥:១៦) ទោះបីជាមើលទៅដូចជាព្រះយេហូវ៉ាមិនធ្វើតាមសំណូមពរទាំងនោះភ្លាមៗក្ដី យើងនៅតែគួរអធិស្ឋានឲ្យបងប្អូនគ្នីគ្នារបស់យើងមែន! លោកអេប៉ាប្រាសជា«អ្នកបំរើស្មោះត្រង់របស់ព្រះគ្រីស្ទ» ហើយគាត់ឧស្សាហ៍អធិស្ឋានឲ្យបងប្អូនរួមជំនឿ។ ពេលនៅទីក្រុងរ៉ូម ប៉ុលបានសរសេរថា៖ «អេប៉ាប្រាសជាបាវបំរើនៃព្រះគ្រីស្ទដែលមកពីពួកអ្នករាល់គ្នា[នៅទីក្រុងកូល៉ុស] គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ។ គាត់ខំប្រឹងអធិស្ឋានជានិច្ចឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាតតាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក។ ខ្ញុំធ្វើបន្ទាល់ពីគាត់ថា គាត់មានចិត្តឧស្សាហ៍ដល់អ្នករាល់គ្នា នឹងពួកអ្នកនៅក្រុងឡៅឌីសេ ហើយពួកអ្នកនៅក្រុងហេរ៉ាប៉ូលជាខ្លាំងណាស់!»។—កូល. ១:៧; ៤:១២, ១៣
៧ ទីក្រុងកូល៉ុស ឡៅឌីសេនិងហេរ៉ាប៉ូលស្ថិតនៅតំបន់ជិតៗគ្នា។ គ្រិស្តសាសនិកនៅទីក្រុងហេរ៉ាប៉ូលរស់នៅកន្លែងដែលសម្បូរទៅដោយអ្នកថ្វាយបង្គំព្រះនាងសែប៊ីលី។ រីឯគ្រិស្តសាសនិកនៅទីក្រុងឡៅឌីសេ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិហួសហេតុពេក ហើយទស្សនៈវិជ្ជារបស់បណ្ដាជននៅទីក្រុងកូល៉ុសក៏អាចមានឥទ្ធិពលមិនល្អទៅលើគ្រិស្តសាសនិកនៅទីនោះដែរ។ (កូល. ២:៨) ដោយសារអេប៉ាប្រាសមកពីក្រុងកូល៉ុស ពុំមែនជាការចម្លែកអ្វីឡើយដែលគាត់បាន«ខំប្រឹងអធិស្ឋាន»ឲ្យបងប្អូនរួមជំនឿនៅទីនោះ! ទោះជាគម្ពីរមិនរៀបរាប់ថាព្រះយេហូវ៉ាបានធ្វើតាមសំណូមពររបស់អេប៉ាប្រាសក៏ដោយ គាត់មិនដែលឈប់អធិស្ឋានឲ្យបងប្អូនរួមជំនឿឡើយ។ យើងក៏មិនគួរខានអធិស្ឋានឲ្យបងប្អូនគ្នីគ្នាដែរ។ យើងមិនមែន«សៀតចូលក្នុងការរបស់អ្នកដទៃ»ទេ ប៉ុន្តែយើងប្រហែលជាដឹងថា ញាតិសន្ដានឬមិត្តសម្លាញ់ម្នាក់កំពុងជួបប្រទះកាលៈទេសៈដែលល្បងលជំនឿរបស់គាត់។ (១ពេ. ៤:១៥) បើដូច្នេះ ពេលនៅម្នាក់ឯង គប្បីណាស់ឲ្យយើងអធិស្ឋានឲ្យអ្នកនោះ។ បងប្អូនរួមជំនឿបានអធិស្ឋានឲ្យប៉ុល ហើយនេះបានជួយគាត់យ៉ាងច្រើន។ ដូច្នេះ យើងក៏អាចជួយបងប្អូនឯទៀតដែរ ដោយអធិស្ឋានឲ្យពួកគេ។—២កូ. ១:១០, ១១
៨. (ក) តើអ្វីបង្ហាញថា ពួកអ្នកចាស់ទុំពីទីក្រុងអេភេសូរជាអ្នកដែលចាត់ទុកការអធិស្ឋានជាទង្វើដ៏មានតម្លៃ? (ខ) តើយើងគួរមានទស្សនៈយ៉ាងណាស្តីអំពីការអធិស្ឋាន?
៨ តើអ្នកដទៃចាត់ទុកយើងជាមនុស្សដែលឧស្សាហ៍អធិស្ឋានទេ? ក្រោយប៉ុលបានជួបជាមួយពួកអ្នកចាស់ទុំពីទីក្រុងអេភេសូរ គាត់បាន«លុតជង្គង់អធិស្ឋានជាមួយនឹងគេទាំងអស់គ្នា»។ ក្រោយមក «គ្រប់គ្នាក៏យំជាច្រើន។ រួចគេឱបកគាត់ថើបដោយថ្និតថ្នម ទាំងមានសេចក្ដីព្រួយពីពាក្យនេះជាដើម គឺដែលគាត់ថា គេមិនឃើញមុខគាត់ទៀតឡើយ»។ (កិច្ច. ២០:៣៦-៣៨) យើងមិនស្គាល់ឈ្មោះអ្នកចាស់ទុំទាំងឡាយនោះទេ។ ប៉ុន្តែ យើងអាចយល់ថា ពួកគាត់ទាំងអស់គ្នាចាត់ទុកការអធិស្ឋានជាទង្វើដែលមានតម្លៃ។ គឺច្បាស់ហើយថា យើងគួរតែចាត់ទុកការអធិស្ឋានជាឯកសិទ្ធិពិសេស ហើយក៏គួរ‹លើកដៃឡើង›ក្នុងការអធិស្ឋាន ដោយមានទំនុកចិត្តថា បិតារបស់យើងនៅស្ថានសួគ៌នឹងធ្វើតាមសំណូមពររបស់យើងជាមិនខាន។—១ធី. ២:៨
ចូរស្ដាប់តាមព្រះយេហូវ៉ាគ្រប់ជំពូក
៩, ១០. (ក) តើកូនស្រីរបស់ស្លូផិហាតបានតាំងគំរូល្អអ្វីឲ្យយើង? (ខ) ស្តីអំពីការរៀបអាពាហ៍ពិពាហ៍ តើគំរូនៃកូនស្រីរបស់ស្លូផិហាតដែលបានស្ដាប់បង្គាប់ព្រះយេហូវ៉ា អាចមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់គ្រិស្តសាសនិកដែលនៅលីវ?
៩ ការនឹកដល់ព្រះយេហូវ៉ាជានិច្ចនឹងជួយយើងឲ្យស្ដាប់បង្គាប់ទ្រង់ ហើយជាលទ្ធផលយើងក៏នឹងទទួលពរ។ (ចោទិ. ២៨:១៣; ១សាំ. ១៥:២២) នេះតម្រូវឲ្យយើងមានស្មារតីសុខចិត្តស្ដាប់តាម។ សូមគិតអំពីបងប្អូនបង្កើតប្រាំនាក់ ជាកូនស្រីរបស់លោកស្លូផិហាត ដែលរស់នៅសម័យលោកម៉ូសេ។ តាមធម្មតា ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល មានតែកូនប្រុសៗដែលបានទទួលមត៌កពីបិតា។ ប៉ុន្តែ ពេលស្លូផិហាតស្លាប់ទៅ គាត់អត់មានកូនប្រុសមួយសោះ។ ដូច្នេះ ព្រះយេហូវ៉ាបង្គាប់ឲ្យកូនស្រីទាំងប្រាំទទួលមត៌កពីបិតាវិញ ឲ្យតែពួកគេរៀបការជាមួយនឹងកូនប្រុសៗពីកុលសម្ព័ន្ធម៉ាន៉ាសេ។ យ៉ាងនេះ អចលនវត្ថុដែលពួកគេទទួលជាមត៌កនោះ នៅតែជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធម៉ាន៉ាសេដដែល។—ជន. ២៧:១-៨; ៣៦:៦-៨
១០ កូនស្រីរបស់ស្លូផិហាតជឿថា ពួកគេនឹងមិនខ្វះអ្វីឡើយ ឲ្យតែពួកគេស្ដាប់តាមព្រះយេហូវ៉ា។ គម្ពីរចែងថា៖ «ពួកកូនស្រីស្លូផិហាតក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ»។ រួចមក «ម័សឡា ធើសា ហុកឡា មីលកានឹងណូហា ជាកូនស្រីរបស់ស្លូផិហាត គេបានយកប្ដីក្នុងពួកបងប្អូនរបស់ឪពុកគេគ្រប់គ្នា។ គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេក៏បាននៅជាប់ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ»។ (ជន. ៣៦:១០-១២) ស្ត្រីទាំងនោះបានស្ដាប់បង្គាប់ព្រះយេហូវ៉ា។ (យ៉ូស. ១៧:៣, ៤) ដូចគ្នាដែរ គ្រិស្តសាសនិកដែលនៅលីវក៏បង្ហាញថាខ្លួនមានជំនឿមាំមួនមែន ដោយស្ដាប់តាមព្រះយេហូវ៉ាក្នុងការរៀបអាពាហ៍ពិពាហ៍«ក្នុងព្រះអម្ចាស់»តែប៉ុណ្ណោះ។—១កូ. ៧:៣៩
១១, ១២. តើកាលែបបានបង្ហាញយ៉ាងណាថា គាត់ទុកចិត្តទៅលើព្រះយេហូវ៉ា?
១១ យើងត្រូវតែស្ដាប់តាមព្រះយេហូវ៉ាគ្រប់ជំពូក ដូចបុរសជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះកាលែប។ (ចោទិ. ១:៣៦) ក្រោយព្រះយេហូវ៉ាបានប្រោសជនជាតិអ៊ីស្រាអែលឲ្យរួចពីស្រុកអេស៊ីប លោកម៉ូសេបានចាត់ចារបុរស១២នាក់ឲ្យមើលស្រុកកាណាន។ ប៉ុន្តែ មានតែបុរសពីរនាក់គត់ គឺកាលែបនិងយ៉ូស្វេ ដែលបានដាស់តឿនបណ្ដាជនឲ្យទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា ហើយចូលទៅក្នុងស្រុក។ (ជន. ១៤:៦-៩) ជាង៤០ឆ្នាំក្រោយមក យ៉ូស្វេនិងកាលែបមិនទាន់ស្លាប់នៅឡើយ ហើយគាត់ទាំងពីរនាក់នៅតែបានប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក។ ក្រោយមក ព្រះយេហូវ៉ាបានតែងតាំងយ៉ូស្វេដើម្បីនាំមុខពួកអ៊ីស្រាអែលឲ្យចូលទៅក្នុងស្រុកសន្យា។ រីឯចារបុរស១០នាក់ដែលមិនបានទុកចិត្តទៅលើព្រះយេហូវ៉ា តាមមើលទៅ ពួកគេបានស្លាប់ក្នុងទីរហោឋានពេលពួកអ៊ីស្រាអែលបានដើរចុះឡើងនៅទីនោះអស់រយៈ៤០ឆ្នាំ។—ជន. ១៤:៣១-៣៤
១២ ពេលមានអាយុច្រើនហើយ កាលែបដែលបានរួចរស់ជីវិតពីដំណើរកាត់ទីរហោឋានយ៉ាងយូរនោះ បានឈរនៅមុខយ៉ូស្វេហើយមានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំគ្រប់ជំពូក»។ (សូមអាន យ៉ូស្វេ ១៤:៦-៩) ពេលដែលកាលែបមានអាយុ៨៥ឆ្នាំ គាត់សុំស្រុកភ្នំទុកជាទីលំនៅ ស្របទៅតាមអ្វីដែលព្រះយេហូវ៉ាបានសន្យាទុកជាមុន ទោះបីជាទឹកដីនោះពេញទៅដោយខ្មាំងសត្រូវនៅក្នុងទីក្រុងធំៗដែលមានកំពែងរឹងមាំក្ដី។—យ៉ូស. ១៤:១០-១៥
១៣. ទោះជាយើងមានទុក្ខលំបាកណាក៏ដោយ តើយើងត្រូវតែធ្វើអ្វីដើម្បីទទួលពរ?
១៣ បើយើង‹ធ្វើតាមព្រះយេហូវ៉ាគ្រប់ជំពូក› ដូចកាលែបដែលជាមនុស្សស្មោះត្រង់នោះ ទ្រង់ក៏នឹងប្រទានពរឲ្យយើងដែរ។ បើយើងមានបញ្ហាក្នុងជីវិត ព្រះយេហូវ៉ានឹងជួយយើង ពីព្រោះយើង‹ធ្វើតាមទ្រង់គ្រប់ជំពូក›។ ប៉ុន្តែ ការធ្វើដូច្នេះអស់មួយជីវិតដូចកាលែប មិនតែងតែស្រួលទេ។ កាលដំបូង ស្តេចសាឡូម៉ូនបានស្ដាប់តាមព្រះយេហូវ៉ា ប៉ុន្តែក្រោយមក ពេលគាត់មានអាយុច្រើនហើយ ភរិយាទាំងប៉ុន្មានបានបង្វែរចិត្តគាត់ឲ្យទៅតាមព្រះដទៃវិញ ហើយគាត់«មិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាតដូចជាដាវីឌជាព្រះបិតា»នោះទេ។ (១ពង្ស. ១១:៤-៦) មិនថាយើងជួបប្រទះទុក្ខលំបាកអ្វីក៏ដោយ គប្បីឲ្យយើងស្ដាប់តាមព្រះយេហូវ៉ាគ្រប់ជំពូក ហើយនឹកដល់ទ្រង់ជានិច្ច។
នៅគ្រប់ទាំងផ្លូវ ចូរយកព្រះយេហូវ៉ាជាទីពឹងចុះ!
១៤, ១៥. តើជីវិតរបស់ន៉ាអូមីបង្រៀនយើងអ្វីខ្លះ ស្តីអំពីសារៈសំខាន់នៃការយកព្រះយេហូវ៉ាជាទីពឹង?
១៤ យើងត្រូវតែយកព្រះយេហូវ៉ាជាទីពឹង ជាពិសេសពេលដែលយើងធ្លាក់ទឹកចិត្តដោយសារអស់សង្ឃឹមបន្ដិច។ សូមគិតអំពីកាលៈទេសៈរបស់លោកស្រីចំណាស់ម្នាក់ ឈ្មោះន៉ាអូមី ដែលមានទាំងស្វាមីនិងកូនប្រុសពីរនាក់ស្លាប់បាត់បង់ជីវិត។ ពេលន៉ាអូមីចេញពីស្រុកម៉ូអាប់ដើម្បីវិលត្រឡប់ទៅឯស្រុកយូដាវិញ គាត់មានប្រសាសន៍ដោយសោកសៅថា៖ «កុំហៅខ្ញុំថា ន៉ាអូមី[ដែលមានន័យថា «ជាទីសោមនស្ស»]ឡើយ ត្រូវហៅថា ម៉ារ៉ា[ដែលមានន័យថា «ជូរល្វីង»]វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់! ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ។ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្ដាបានធ្វើទុកខ្ញុំដូច្នេះ?»។—រស់. ១:២០, ២១
១៥ ន៉ាអូមីពិតជាក្រៀមក្រំចិត្តណាស់! ទោះជាយ៉ាងណាក៏ដោយ ពេលយើងអានសៀវភៅនាងរស់ យើងឃើញថា ន៉ាអូមីមិនឈប់យកព្រះយេហូវ៉ាជាទីពឹងឡើយ។ ក្រោយមក ស្ថានភាពក្នុងជីវិតន៉ាអូមីបានប្រែប្រួលខ្លាំងណាស់! កូនប្រសារបស់ន៉ាអូមី ឈ្មោះនាងរស់ ដែលជាស្រីមេម៉ាយដូចម្ដាយក្មេកផង បានរៀបការជាមួយនឹងលោកបូអូស ហើយបង្កើតបានកូនប្រុសមួយ។ ន៉ាអូមីបានបីបមថែរក្សាចៅនោះ ហើយកំណត់ហេតុក្នុងគម្ពីរចែងថា៖ «ពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា៖ ‹មានកូនប្រុស១កើតមកឲ្យន៉ាអូមី›។ នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ»។ (រស់. ៤:១៤-១៧) នាអនាគតកាល ពេលន៉ាអូមីរស់ឡើងវិញនៅលើផែនដីម្ដងទៀត គាត់នឹងរៀនថា នាងរស់ ដែលនឹងរស់ឡើងវិញជាមួយម្ដាយក្មេកដែរ បានក្លាយទៅជាជីដូនម្នាក់របស់ព្រះយេស៊ូដែលជាមេស្ស៊ី។ (ម៉ាថ. ១:៥, ៦, ១៦) ដូចក្នុងករណីរបស់ន៉ាអូមី យើងមិនអាចដឹងទុកជាមុនថា ស្ថានការណ៍ពិបាកនឹងទៅជាយ៉ាងណានៅពេលអនាគតទេ។ ដូច្នេះ ចូរឲ្យយើងយកព្រះយេហូវ៉ាជាទីពឹងក្នុងគ្រប់កាលៈទេសៈទាំងអស់ ស្របទៅតាមដំបូន្មានក្នុងសៀវភៅសុភាសិត ៣:៥, ៦ ដែលដាស់តឿនថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។
ចូរពឹងសកម្មពលបរិសុទ្ធ
១៦. នៅសម័យបុរាណ តើសកម្មពលបរិសុទ្ធបានជួយអ្នកចាស់ទុំជនជាតិអ៊ីស្រាអែលយ៉ាងណាខ្លះ?
១៦ បើយើងនឹកដល់ព្រះយេហូវ៉ាជានិច្ច ទ្រង់នឹងនាំផ្លូវយើងដោយវិញ្ញាណឬសកម្មពលបរិសុទ្ធរបស់ទ្រង់។ (កា. ៥:១៦-១៨) អ្នកចាស់ទុំ៧០នាក់ដែលបានជ្រើសរើសដើម្បី«ជួយ[ម៉ូសេ]ផ្ទុកនូវបន្ទុកបណ្ដាជន»អ៊ីស្រាអែលនោះ ក៏មានសកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើពួកគាត់ដែរ។ ក្នុងចំណោមអ្នកចាស់ទុំទាំង៧០នាក់នោះ គម្ពីររៀបរាប់អំពីឈ្មោះរបស់លោកអែលដាតនិងមីដាតតែប៉ុណ្ណោះ។ ប៉ុន្តែ យើងដឹងថា សកម្មពលរបស់ព្រះយេហូវ៉ាបានជួយពួកគាត់ទាំងអស់គ្នាឲ្យបំពេញភារកិច្ចរៀងៗខ្លួន។ (ជន. ១១:១៣-២៩) ពួកគាត់ច្បាស់ជាអ្នកដែលប៉ិនប្រសប់ មានចិត្តកោតខ្លាចដល់ព្រះ និងជាមនុស្សទៀងត្រង់ដ៏គួរឲ្យទុកចិត្តដូចបុរសទាំងប៉ុន្មានដែលម៉ូសេបានជ្រើសរើសពីលើកមុន។ (និក្ខ. ១៨:២១) គ្រិស្តសាសនិកដែលជាអ្នកចាស់ទុំក្នុងក្រុមជំនុំនាសម័យនេះ ក៏មានគុណសម្បត្ដិបែបនោះដែរ។
១៧. តើសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាមានតួនាទីអ្វីក្នុងការកសាងរោងថ្វាយបង្គំ?
១៧ សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាក៏មានតួនាទីសំខាន់ក្នុងការកសាងរោងឧបោសថឬរោងថ្វាយបង្គំ ពេលពួកអ៊ីស្រាអែលបានធ្វើដំណើរក្នុងទីរហោឋាន។ ព្រះយេហូវ៉ាបានតែងតាំងលោកបេសាលាលឲ្យធ្វើជាមេជាងក្នុងការកសាងរោងនោះ។ ព្រះយេហូវ៉ាក៏សន្យាថា ទ្រង់នឹង«បំពេញគាត់ដោយព្រះវិញ្ញាណ»ឬសកម្មពលរបស់ទ្រង់ ដើម្បី«ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់»។ (និក្ខ. ៣១:៣-៥) បុរសឯទៀត«ដែលចំណានការ» បានធ្វើការជាមួយបេសាលាលនិងអ្នកជំនួយរបស់គាត់ ឈ្មោះអូហូលីអាប់ ដើម្បីបំពេញភារកិច្ចដ៏ពិសេសនោះ។ ណាមួយទៀត សកម្មពលរបស់ព្រះយេហូវ៉ាបានជំរុញឲ្យបណ្ដាជនថ្វាយតង្វាយយ៉ាងច្រើនដោយស្ម័គ្រពីចិត្ត។ (និក្ខ. ៣១:៦; ៣៥:៥, ៣០-៣៤) សកម្មពលដដែលនោះក៏ជំរុញអ្នកបម្រើព្រះយេហូវ៉ានៅសម័យនេះដែរ ឲ្យធ្វើការអស់ពីសមត្ថភាពក្នុងការលើកតម្កើងរាជាណាចក្ររបស់ទ្រង់។ (ម៉ាថ. ៦:៣៣) យើងម្នាក់ៗប្រហែលជាប្រសប់ធ្វើកិច្ចការផ្សេងៗដែរ។ ប៉ុន្តែ យើងត្រូវតែអធិស្ឋានសុំសកម្មពលរបស់ព្រះយេហូវ៉ា ហើយអនុញ្ញាតឲ្យសកម្មពលនោះណែនាំយើង ទើបអាចបំពេញកិច្ចការដែលទ្រង់ឲ្យរាស្ត្រទាំងឡាយធ្វើនៅសម័យនេះ។—លូ. ១១:១៣
ចូរគោរពកោតខ្លាចព្រះយេហូវ៉ាជាដរាប
១៨, ១៩. (ក) តើសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជំរុញយើងឲ្យមានចិត្តគំនិតបែបណា? (ខ) តើអ្នកបានរៀនអ្វីខ្លះពីគំរូរបស់ស៊ីម្មាននិងអាណ?
១៨ សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជំរុញយើងឲ្យគោរពកោតខ្លាចទ្រង់ ហើយនេះជួយយើងឲ្យនឹកដល់ទ្រង់ជានិច្ច។ ព្រះយេហូវ៉ាបានបង្គាប់រាស្ត្រទ្រង់ពីបុរាណថា ពួកគេត្រូវតែ‹រាប់ឈ្មោះព្រះយេហូវ៉ាជាបរិសុទ្ធ ព្រមទាំងកោតខ្លាចដល់ទ្រង់›។ (អេសា. ២៩:២៣) មនុស្សចំណាស់ពីរនាក់នៅទីក្រុងយេរូសាឡិមនាសតវត្សរ៍ទីមួយដែលបានគោរពកោតខ្លាចព្រះយេហូវ៉ា គឺលោកស៊ីម្មាននិងលោកស្រីអាណ។ (សូមអាន លូកា ២:២៥-៣៨) ស៊ីម្មានជឿទៅលើទំនាយដែលរៀបរាប់អំពីអ្នកដែលត្រូវលេចមកជាមេស្ស៊ី។ ដូច្នេះ គាត់កំពុង«រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល»។ ព្រះយេហូវ៉ាបានចាក់សកម្មពលបរិសុទ្ធទៅលើស៊ីម្មាន ហើយបានធានាថា គាត់នឹងមិនផុតជីវិតមុនឃើញអ្នកដែលជាមេស្ស៊ីទេ។ រួចមក ស៊ីម្មានបានឃើញអ្នកដែលនឹងក្លាយទៅជាមេស្ស៊ីមែន! នៅថ្ងៃមួយនាឆ្នាំ២ មុនគ.ស. លោកយ៉ូសែបដែលជាឪពុកចិញ្ចឹម និងនាងម៉ារាដែលជាមាតារបស់បុត្រឈ្មោះយេស៊ូ បានយកកូនទៅឯវិហារ។ សកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាបានជំរុញស៊ីម្មានឲ្យប្រកាសទំនាយអំពីអ្នកដែលជាមេស្ស៊ី ព្រមទាំងទាយថា ម៉ារានឹងមានទុក្ខសោកជាខ្លាំង។ នេះបានកើតឡើងមែន ពេលគេបោះភ្ជាប់ព្រះយេស៊ូនៅលើបង្គោលទារុណកម្ម។ ប៉ុន្តែ សូមស្រមៃគិតអំពីអំណរជាខ្លាំងដែលស៊ីម្មានមាន ពេលគាត់បីកូនដែលជា«គ្រីស្ទនៃព្រះអម្ចាស់[យេហូវ៉ា]»! ស៊ីម្មានពិតជាតាំងគំរូល្អឲ្យអ្នកបម្រើព្រះយេហូវ៉ាសព្វថ្ងៃនេះ ស្តីអំពីការគោរពកោតខ្លាចទ្រង់។
១៩ ស្ត្រីមេម៉ាយម្នាក់ដែលមានអាយុ៨៤ឆ្នាំ ឈ្មោះអាណ ក៏ជាអ្នកដែលគោរពកោតខ្លាចព្រះយេហូវ៉ាដែរ ហើយ«គាត់មិនទៅណាឆ្ងាយពីព្រះវិហារទេ»។ (លក. [លូ.] ២:៣៧, ខ.ស.) អាណបានគោរពកោតខ្លាចព្រះយេហូវ៉ាទាំងយប់ទាំងថ្ងៃ «ដោយការតមហើយអធិស្ឋាន»។ អាណក៏មានវត្តមានដែរ ពេលបុត្រឈ្មោះយេស៊ូបានយកទៅឯវិហារ។ អាណច្បាស់ជាមានអំណរគុណណាស់! ពេលឃើញបុត្រនោះដែលនឹងក្លាយទៅជាមេស្ស៊ី។ ប្រាកដហើយ! អាណបាន«អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរសដល់អស់អ្នកដែលនៅរង់ចាំសេចក្ដីប្រោសលោះនៅក្រុងយេរូសាឡិម»។ ចិត្តរបស់អាណបានជំរុញគាត់ឲ្យប្រាប់ដំណឹងល្អនេះដល់អ្នកដទៃ! គ្រិស្តសាសនិកនៅសព្វថ្ងៃនេះដែលមានវ័យចាស់ដូចស៊ីម្មាននិងអាណ ក៏មានចិត្តរីករាយដែរ ដែលគ្មាននរណាហួសអាយុដើម្បីធ្វើជាសាក្សីរបស់ព្រះយេហូវ៉ាឡើយ។
២០. មិនថាយើងមានអាយុច្រើនឬតិចក្ដី តើយើងត្រូវតែធ្វើអ្វី? ហេតុអ្វី?
២០ មិនថាយើងមានអាយុច្រើនឬតិចក្ដី យើងរាល់គ្នាត្រូវតែនឹកដល់ព្រះយេហូវ៉ាជានិច្ច។ ពេលយើងមានចិត្តរាបទាបក្នុងការព្យាយាមប្រាប់អ្នកដទៃអំពីរាជ្យរបស់ព្រះយេហូវ៉ានិងការដ៏អស្ចារ្យរបស់ទ្រង់ នោះទ្រង់នឹងប្រទានពរឲ្យយើង។ (ទំនុក. ៧១:១៧, ១៨; ១៤៥:១០-១៣) ប៉ុន្តែ បើយើងពិតជាចង់លើកតម្កើងព្រះយេហូវ៉ាមែន យើងត្រូវតែមានលក្ខណៈដូចទ្រង់។ តើការពិនិត្យមើលកំណត់ហេតុឯទៀតក្នុងគម្ពីរ អាចបង្រៀនយើងអ្វីខ្លះ ស្តីអំពីរបៀបបង្ហាញលក្ខណៈដូចព្រះយេហូវ៉ា?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីបង្ហាញថា ព្រះយេហូវ៉ាពិតជាស្ដាប់ការអធិស្ឋាន?
• ហេតុអ្វីបានជាចាំបាច់ឲ្យយើងស្ដាប់តាមព្រះយេហូវ៉ាគ្រប់ជំពូក?
• សូម្បីតែពេលដែលយើងធ្លាក់ទឹកចិត្តក្ដី ម្ដេចក៏សំខាន់ម្ល៉េះឲ្យយើងយកព្រះយេហូវ៉ាជាទីពឹង?
• តើសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាជួយរាស្ត្រទ្រង់យ៉ាងណា?
[រូបភាពនៅទំព័រ៩]
ការអធិស្ឋានរបស់លោកនេហេមាមានប្រសិទ្ធភាព
[រូបភាពនៅទំព័រ១០]
ការនឹកចាំពីជីវិតរបស់ន៉ាអូមី អាចជួយយើងឲ្យយកព្រះយេហូវ៉ាជាទីពឹង