-
ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញាសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មេរៀនទី៤៨
ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា
ក្នុងគ្រាសប្បាយ មិត្តជិតស្និទ្ធធ្វើឲ្យយើងកាន់តែរីករាយ ហើយក្នុងគ្រាលំបាក ពួកគេជួយយើងឲ្យកាន់តែរឹងមាំ។ ប៉ុន្តែ គម្ពីរព្រមានយើងថាមិនមែនមនុស្សទាំងអស់សុទ្ធតែជាមិត្តភក្ដិល្អទេ។ ដូច្នេះ តើតាមរបៀបណាអ្នកអាចជ្រើសរើសបានមិត្តភក្តិល្អ? សូមពិចារណាសំណួរដូចតទៅ៖
១. តើមិត្តភក្តិដែលអ្នកជ្រើសរើសនឹងមានឥទ្ធិពលយ៉ាងណាមកលើអ្នក?
ជាធម្មតា បើយើងចំណាយពេលច្រើនជាមួយនឹងអ្នកណា យើងទំនងជាមានលក្ខណៈដូចអ្នកនោះ។ ពួកគេអាចមានឥទ្ធិពលល្អឬអាក្រក់មកលើយើង ទោះជាយើងចំណាយពេលជាមួយនឹងពួកគេដោយផ្ទាល់ ឬតាមបណ្ដាញគេហទំព័រក៏ដោយ។ ដូចខគម្ពីរចែងថា៖ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ តែអ្នកដែលសេពគប់មនុស្សល្ងីល្ងើ[អ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ា]នឹងជួបបញ្ហា»។ (សុភាសិត ១៣:២០) មិត្តភក្តិដែលស្រឡាញ់និងគោរពប្រណិប័តន៍ព្រះយេហូវ៉ាអាចជួយយើងឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក ព្រមទាំងជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ។ ប៉ុន្តែ បើយើងមានមិត្តជិតស្និទ្ធដែលមិនស្រឡាញ់ព្រះយេហូវ៉ា នោះពួកគេអាចនាំយើងឲ្យចេញឆ្ងាយពីលោក។ ហេតុនេះ គម្ពីរលើកទឹកចិត្តយើងឲ្យជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា! ពេលយើងមានមិត្តភក្តិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេនឹងមានឥទ្ធិពលល្អមកលើយើង ហើយយើងក៏នឹងមានឥទ្ធិពលល្អទៅលើពួកគេវិញដែរ។ យើងអាច«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»។—ថែស្សាឡូនិចទី១ ៥:១១
២. តើមិត្តភក្តិដែលអ្នកជ្រើសរើសនឹងធ្វើឲ្យព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា?
ព្រះយេហូវ៉ាជ្រើសរើសមិត្តភក្តិយ៉ាងយកចិត្តទុកដាក់។ «លោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់»។ (សុភាសិត ៣:៣២) តើព្រះយេហូវ៉ានឹងមានអារម្មណ៍យ៉ាងណា បើយើងជ្រើសរើសមិត្តភក្តិដែលមិនស្រឡាញ់លោក? លោកច្បាស់ជាខកចិត្តខ្លាំងណាស់! (សូមអាន យ៉ាកុប ៤:៤) ផ្ទុយទៅវិញ បើយើងបដិសេធការសេពគប់អាក្រក់ ហើយចូលទៅជិតព្រះយេហូវ៉ានិងអស់អ្នកដែលស្រឡាញ់លោក នោះលោកនឹងពេញចិត្តយើង ហើយលោកនឹងជ្រើសរើសយើងធ្វើជាមិត្តរបស់លោក។—ចម្រៀងសរសើរព្រះ ១៥:១-៤
បង្កើនចំណេះ
សូមពិចារណាអំពីមូលហេតុដែលការជ្រើសរើសមិត្តភក្តិគឺសំខាន់ខ្លាំងណាស់ ហើយសូមមើលរបៀបដែលអ្នកអាចមានមិត្តភក្តិល្អ។
៣. ចូរប្រុងប្រយ័ត្នចំពោះការសេពគប់អាក្រក់
ការសេពគប់អាក្រក់សំដៅលើការរាប់អានមនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ានិងខ្នាតតម្រារបស់លោក។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើតាមរបៀបណាយើងអាចចាប់ផ្ដើមមានការសេពគប់អាក្រក់ដោយមិនដឹងខ្លួន?
សូមអាន កូរិនថូសទី១ ១៥:៣៣ រួចពិភាក្សាសំណួរដូចតទៅ៖
តើមនុស្សប្រភេទណាដែលអ្នកប្រហែលជាចាត់ទុកថាជាការសេពគប់អាក្រក់? ហេតុអ្វី?
សូមអាន ចម្រៀងសរសើរព្រះ ១១៩:៦៣ រួចពិភាក្សាសំណួរនេះ៖
តើអ្នកចង់ធ្វើជាមិត្តជាមួយនឹងមនុស្សបែបណា?
៤. មនុស្សដែលខុសពីយើងក៏អាចធ្វើជាមិត្តល្អរបស់យើងបានដែរ
គម្ពីររៀបរាប់អំពីបុរសពីរនាក់នៅសម័យអ៊ីស្រាអែល ម្នាក់ឈ្មោះយ៉ូណាថាន ម្នាក់ឈ្មោះដាវីឌ។ ពួកគាត់ទាំងពីរនាក់ខុសគ្នាឆ្ងាយណាស់ ទាំងអាយុទាំងឋានៈ។ ប៉ុន្តែ ពួកគាត់មានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយគ្នា។ សូមអាន សាំយូអែលទី១ ១៨:១ រួចពិភាក្សាសំណួរនេះ៖
តាមខគម្ពីរនេះ ហេតុអ្វីមិត្តភក្តិមិនចាំបាច់ត្រូវមានអាយុស្រករគ្នាឬឋានៈដូចគ្នា?
សូមអាន រ៉ូម ១:១១, ១២ រួចពិភាក្សាសំណួរនេះ៖
តើមិត្តភក្តិដែលស្រឡាញ់ព្រះយេហូវ៉ាអាចលើកទឹកចិត្តគ្នាយ៉ាងដូចម្ដេច?
ក្នុងវីដេអូនេះ សូមមើលរបៀបដែលយុវជនម្នាក់រកបានមិត្តភក្តិដែលមិនបានរំពឹងទុក។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ ហេតុអ្វីឪពុកម្ដាយរបស់អេគាលព្រួយបារម្ភអំពីការសេពគប់របស់កូននៅសាលារៀន?
ដំបូង ហេតុអ្វីអេគាលចង់ធ្វើជាមិត្តជាមួយនឹងសិស្សនៅសាលារៀន?
តើអេគាលបានយកឈ្នះអារម្មណ៍ឯកោតាមរបៀបណា?
៥. របៀបបណ្ដុះមិត្តភាពល្អ
សូមពិចារណាអំពីរបៀបរកបានមិត្តពិត និងរបៀបដែលយើងអាចធ្វើជាមិត្តពិត។ លេងវីដេអូ។
សូមអាន សុភាសិត ១៨:២៤ និង២៧:១៧ រួចពិភាក្សាសំណួរដូចតទៅ៖
តើមិត្តពិតជួយគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច?
តើអ្នកមានមិត្តល្អដូចនោះទេ? បើមិនមានទេ តើអ្នកអាចធ្វើយ៉ាងណា?
សូមអាន ភីលីព ២:៤ រួចពិភាក្សាសំណួរនេះ៖
ដើម្បីមានមិត្តល្អ អ្នកត្រូវធ្វើជាមិត្តល្អ។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
មនុស្សខ្លះនិយាយថា៖ «មានមិត្តបែបណាក៏បានដែរ ប្រសើរជាងគ្មានមិត្តសោះ»។
តើអ្នកនឹងនិយាយយ៉ាងណា?
សេចក្ដីសង្ខេប
ពេលយើងជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយយើងផ្ទាល់ក៏ទទួលប្រយោជន៍ដែរ។
រៀនសាឡើងវិញ
តើមិត្តភក្តិដែលយើងជ្រើសរើសនឹងធ្វើឲ្យព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា?
តើយើងមិនគួរជ្រើសរើសមនុស្សបែបណាធ្វើជាមិត្ត?
តើតាមរបៀបណាអ្នកអាចពង្រឹងចំណងមិត្តភាពជាមួយនឹងមិត្តល្អរបស់អ្នក?
ស្វែងយល់ថែមទៀត
សូមមើលរបៀបដែលមិត្តភក្តិល្អអាចជួយគ្នាក្នុងគ្រាលំបាក។
«ចូរពង្រឹងចំណងមិត្តភាពមុនទីបញ្ចប់មកដល់» (ទស្សនាវដ្ដីប៉មយាម ខែវិច្ឆិកា ឆ្នាំ២០១៩)
សូមគិតអំពីអ្វីដែលអ្នកអាចធ្វើដើម្បីមានមិត្តភក្តិល្អ។
តើអ្នកគួរដឹងអ្វីខ្លះអំពីការមានមិត្តភក្តិតាមអ៊ីនធឺណិត?
សូមអានបទពិសោធន៍«ខ្ញុំចង់បានឪពុកម្នាក់យ៉ាងខ្លាំង» ដើម្បីដឹងអំពីមូលហេតុដែលបុរសម្នាក់បានគិតឡើងវិញអំពីមិត្តភក្តិដែលគាត់បានជ្រើសរើស។
«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត» (ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១២)
-
-
ចូរជ្រើសរើសការកម្សាន្ដដែលព្រះយេហូវ៉ាពេញចិត្តសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
១. ពេលយើងជ្រើសរើសការកម្សាន្ត តើយើងគួរចាំអំពីអ្វី?
ពេលអ្នកសម្រាក តើអ្នកចូលចិត្តធ្វើអ្វី? អ្នកខ្លះចូលចិត្តនៅផ្ទះអានសៀវភៅ ស្ដាប់ចម្រៀង មើលភាពយន្ត ឬមើលអ្វីផ្សេងៗក្នុងប្រព័ន្ធអ៊ីនធឺណិត។ រីឯអ្នកខ្លះទៀតចូលចិត្តទៅខាងក្រៅជាមួយមិត្តភក្តិ ដូចជាទៅលេងភ្នំ ទៅហែលទឹក ឬលេងកីឡាជាដើម។ ទោះជាយើងចូលចិត្តការកម្សាន្តមួយណាក៏ដោយ យើងត្រូវធ្វើឲ្យប្រាកដថា ការកម្សាន្តរបស់យើងជា«អ្វីដែលលោកម្ចាស់ពេញចិត្ត»។ (អេភេសូរ ៥:១០) ជាការសំខាន់ដែលយើងយល់អំពីចំណុចនេះ។ ហេតុអ្វី? ដោយសារការកម្សាន្តរបស់មនុស្សនៅសព្វថ្ងៃនេះ ច្រើនតែរួមបញ្ចូលអ្វីដែលព្រះយេហូវ៉ាស្អប់ដូចជា អំពើឃោរឃៅ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ឬមន្តអាគមជាដើម។ (សូមអាន ចម្រៀងសរសើរព្រះ ១១:៥) តើអ្វីនឹងជួយយើងឲ្យចេះជ្រើសរើសការកម្សាន្តដោយប្រាជ្ញា?
ប្រសិនបើយើងជ្រើសរើសមិត្តភក្តិដែលស្រឡាញ់ព្រះយេហូវ៉ា ពួកគេអាចមានឥទ្ធិពលល្អមកលើយើង និងជួយយើងឲ្យចេះជ្រើសរើសការកម្សាន្តល្អ។ ដូចយើងបានរៀននៅមេរៀនមុនៗ «អ្នកដែលសេពគប់មនុស្សមានប្រាជ្ញានឹងមានប្រាជ្ញាដែរ»។ ផ្ទុយទៅវិញ បើយើងសេពគប់ជាទៀងទាត់ជាមួយនឹងមនុស្សដែលមិនស្រឡាញ់ខ្នាតតម្រារបស់ព្រះ នោះយើង«នឹងជួបបញ្ហា»ជាមិនខាន។—សុភាសិត ១៣:២០
-