ចូរអ្នកមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ
«ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹង[ការវិនិច្ឆ័យ] នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។—សុភាសិត ២:៦
១. តើតាមរបៀបណាដែលយើងអាចមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ?
ព្រះយេហូវ៉ាជាអ្នកបង្រៀនដ៏ឧត្តមរបស់យើង។ (អេសាយ ៣០:២០, ២១) ប៉ុន្តែ តើយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលផលប្រយោជន៍ពី‹ចំណេះអំពីព្រះ› ដែលបានសម្ដែងមកក្នុងបន្ទូលរបស់ទ្រង់? មួយចំណែក យើងត្រូវតែ‹មានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ›—ឲ្យមានសេចក្ដីប្រាថ្នាពីចិត្តចង់ទទួលនិងបង្ហាញគុណសម្បត្ដិនេះ។ ចំពោះរឿងនេះ យើងត្រូវតែទុកចិត្តលើព្រះ ពីព្រោះអ្នកប្រាជ្ញម្នាក់បាននិយាយថា៖ «ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹង[ការវិនិច្ឆ័យ] នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។ (សុភាសិត ២:១-៦) តើអ្វីជាចំណេះ ប្រាជ្ញា និងការវិនិច្ឆ័យ?
២. (ក) តើអ្វីជាចំណេះ? (ខ) តើអ្វីជាអត្ថន័យនៃប្រាជ្ញា? (គ) តើអ្វីជាការវិនិច្ឆ័យ?
២ ចំណេះ គឺការដឹងអំពីហេតុការណ៍ពិត ដែលបានទទួលមកដោយការពិសោធ ការពិនិត្យមើល ឬការសិក្សា។ ប្រាជ្ញា គឺសមត្ថភាពក្នុងការយកចំណេះមកប្រើឲ្យបានត្រឹមត្រូវ។ (ម៉ាថាយ ១១:១៩) ស្តេចសាឡូម៉ូនបានបង្ហាញអំពីប្រាជ្ញា នៅពេលដែលស្ត្រីពីរនាក់បានទាមទារយកកូនតែមួយជារបស់ផងខ្លួន ហើយទ្រង់បានប្រើចំណេះរបស់ទ្រង់អំពីចិត្តភក្ដីរបស់ម្ដាយដល់កូននាង ដើម្បីដោះស្រាយការជម្លោះនេះ។ (ពង្សាវតារក្សត្រទី១ ៣:១៦-២៨) ការវិនិច្ឆ័យ គឺ«ដំណើរឈ្លាសវៃនៃការជំនុំជំរះ»។ នេះគឺជា«អានុភាពឬញាណសតិដែលអាចដឹងមុតធ្លុះក្នុងកិច្ចការផ្សេងៗ»។ (Webster’s Universal Dictionary) បើយើងមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ ព្រះយេហូវ៉ានឹងប្រទានឲ្យគុណសម្បត្ដិនេះដល់យើងតាមរយៈរាជបុត្រារបស់ទ្រង់។ (ធីម៉ូថេទី២ ២:១, ៧) ប៉ុន្តែ តើការវិនិច្ឆ័យមានឥទ្ធិពលលើលក្ខណៈផ្សេងៗនៃជីវិតដូចម្ដេច?
ការវិនិច្ឆ័យនិងពាក្យសំដីរបស់យើង
៣. តើអ្នកនឹងពន្យល់យ៉ាងណាក្នុងសុភាសិត ១១:១២, ១៣ ហើយតើ«ការឥតមានប្រាជ្ញា»មានន័យយ៉ាងណា?
៣ ការវិនិច្ឆ័យនឹងជួយយើងឲ្យដឹងថា«មានពេលដែលគួរនៅស្ងៀម ហើយពេលសំរាប់និយាយ»។ (សាស្ដា ៣:៧) គុណសម្បត្ដិនេះនឹងធ្វើឲ្យយើងប្រយ័ត្នប្រយែងនូវពាក្យសំដីរបស់យើង។ សុភាសិត ១១:១២, ១៣ ចែងថា៖ «អ្នកណាដែលមើលងាយ ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ តែអ្នកណាមាន[ការវិនិច្ឆ័យ] រមែងនៅស្ងៀមវិញ។ អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ នោះឈ្មោះថាបើកការអាថ៌កំបាំង តែអ្នកណាដែលមានចិត្តស្មោះត្រង់ នោះតែងគ្របបាំងរឿងរ៉ាវវិញ»។ ត្រូវហើយ បុរសឬស្ត្រីម្នាក់ដែលមើលងាយបុគ្គលម្នាក់ទៀត គឺ«ឥតមានប្រាជ្ញាទេ»។ យោងទៅតាមលោក វ៉ីលាម ហ្គាស៊ីញាស ជាអ្នករៀបចំសទ្ទានុក្រម បុគ្គលបែបនេះ គឺ«ឥតមានអធ្យាស្រ័យឡើយ»។ គាត់ឥតមានការវែកញែកល្អ ហើយការប្រើពាក្យដូចជា ‹ចិត្ត› បង្ហាញថាឥតមានគុណសម្បត្ដិល្អនៃបុគ្គលខាងក្នុង។ បើអ្នកអះអាងថាជាគ្រីស្ទានណាម្នាក់និយាយដើមគេ រហូតដល់និយាយបង្កាច់ ឬជេរប្រមាថគេ ពួកអ្នកចាស់ទុំដែលបានតែងតាំង ត្រូវតែចាត់វិធានការបញ្ចប់ស្ថានការណ៍ដ៏ឥតត្រឹមត្រូវនេះចេញពីក្រុមជំនុំ។—លេវីវិន័យ ១៩:១៦; ទំនុកដំកើង ១០១:៥; កូរិនថូសទី១ ៥:១១
៤. តើពួកគ្រីស្ទានដែលចេះវិនិច្ឆ័យនិងស្មោះត្រង់ ធ្វើយ៉ាងណាអំពីពត៌មានសម្ងាត់?
៤ មិនដូចពួកអ្នកដែល«ឥតមានប្រាជ្ញា» ពួកអ្នកដែលមាន‹ការវិនិច្ឆ័យច្រើន›រមែងនៅស្ងៀមនៅពេលដែលត្រូវធ្វើ។ ពួកគេមិនបញ្ចេញឲ្យអ្នកដទៃដឹងនូវពត៌មានសម្ងាត់ឡើយ។ (សុភាសិត ២០:១៩) ដោយដឹងថា ការនិយាយមិនប្រយ័ត្នប្រយែងអាចធ្វើឲ្យមានគ្រោះថ្នាក់ ពួកអ្នកដែលចេះវិនិច្ឆ័យ គឺ‹មានចិត្តស្មោះត្រង់›។ ពួកគេមានចិត្តស្មោះដល់ពួកអ្នកជឿគ្នីគ្នា ហើយមិនបញ្ចេញរឿងសម្ងាត់ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់បងប្អូនគេឡើយ។ បើពួកគ្រីស្ទានដែលចេះវិនិច្ឆ័យទទួលពត៌មានសម្ងាត់ ដែលទាក់ទងនឹងក្រុមជំនុំ ពួកគេមិនប្រាប់អ្នកដទៃ រហូតដល់អង្គការរបស់ព្រះយេហូវ៉ាឃើញថា ជាការត្រឹមត្រូវក្នុងប្រាប់ឲ្យដឹងតាមរយៈប្រកាសនវត្ថុណាមួយ។
ការវិនិច្ឆ័យនិងចរិយារបស់យើង
៥. តើ‹ពួកមនុស្សល្ងីល្ងើ›ចាត់ទុកចរិយាខូចអាក្រក់ដូចម្ដេច ហើយហេតុអ្វី?
៥ ព្រះគម្ពីរសុភាសិតជួយយើងឲ្យប្រើការវិនិច្ឆ័យ ហើយឲ្យជៀសវាងចរិយាមិនត្រឹមត្រូវ។ ឧទាហរណ៍ សុភាសិត ១០:២៣ ចែងថា៖ «ឯការដែលមនុស្សល្ងីល្ងើប្រព្រឹត្តអាក្រក់ នោះដូចជាល្បែងលេងសប្បាយដល់គេ តែមនុស្សដែលមាន[ការវិនិច្ឆ័យ] នោះចូលចិត្តនឹងប្រាជ្ញាវិញ»។ ចំពោះអស់អ្នកដែលចាត់ទុកចរិយាខូចអាក្រក់«ដូចជាល្បែង» គឺមើលមិនឃើញនូវការប្រព្រឹត្តដ៏មិនប្រពៃរបស់គេទេ ហើយមិនគិតថាព្រះជាបុគ្គល ដែលមនុស្សទាំងឡាយត្រូវរៀបរាប់ទូលថ្វាយពីដំណើររបស់ខ្លួនឡើយ។ (រ៉ូម ១៤:១២) ‹ពួកមនុស្សល្ងីល្ងើ›បែបនេះ ក្លាយទៅជាមានការវែកញែកដែលមិនសមហេតុផល ដល់កំរិតដែលគេស្មានថា ព្រះទតមិនឃើញនូវការប្រព្រឹត្តមិនប្រពៃរបស់គេ។ ដោយសកម្មភាពរបស់គេ គេនិយាយថា៖ ‹គ្មានព្រះយេហូវ៉ាទេ›។ (ទំនុកដំកើង ១៤:១-៣; អេសាយ ២៩:១៥, ១៦) ពីព្រោះពួកគេឥតមានការដឹកនាំដោយគោលការណ៍របស់ព្រះ នោះពួកគេឥតមានការវិនិច្ឆ័យ និងមិនអាចវែកញែកត្រឹមត្រូវឡើយ។—សុភាសិត ២៨:៥
៦. ហេតុអ្វីក៏ចរិយាខូចអាក្រក់គឺល្ងីល្ងើ ហើយតើយើងមានទស្សនៈយ៉ាងណា បើយើងមានការវិនិច្ឆ័យ?
៦ ‹បុរសដែលមានការវិនិច្ឆ័យ› ដឹងថាចរិយាខូចអាក្រក់ គឺមិនមែនជា«ល្បែង»ទេ។ គាត់ដឹងថានេះនឹងធ្វើឲ្យព្រះមិនសព្វព្រះហឫទ័យ ហើយអាចបំបែកបំបាក់ទំនាក់ទំនងរបស់យើងជាមួយទ្រង់ផង។ ចរិយាបែបនេះគឺល្ងីល្ងើ ពីព្រោះវាធ្វើឲ្យមនុស្សលែងមានការគោរពខ្លួន ធ្វើឲ្យខូចដល់អាពាហ៍ពិពាហ៍ ធ្វើឲ្យមានគ្រោះថ្នាក់ដល់គំនិតនិងរូបកាយ ហើយនាំឲ្យបាត់បង់នូវភាពវិញ្ញាណផង។ ដូច្នេះ សូមឲ្យយើងមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ ហើយជៀសវាងចរិយាខូចអាក្រក់ឬអំពើឥតសីលធម៌។—សុភាសិត ៥:១-២៣
ការវិនិច្ឆ័យនិងអារម្មណ៍របស់យើង
៧. តើកំហឹងមានឥទ្ធិពលលើរូបកាយយ៉ាងណាខ្លះ?
៧ ការមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ ជួយយើងឲ្យទប់អារម្មណ៍របស់យើងដែរ។ សុភាសិត ១៤:២៩ ចែងថា៖ «អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយ[ការវិនិច្ឆ័យ]ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសំញែងសេចក្ដីចំកួតរបស់ខ្លួនវិញ»។ មូលហេតុមួយដែលមនុស្សវិនិច្ឆ័យចង់ជៀសវាងកំហឹងឆុរឆេវ នោះគឺពីព្រោះកំហឹងមានឥទ្ធិពលដ៏អាក្រក់ដល់ខ្លួនយើង។ វាអាចធ្វើឲ្យយើងឡើងឈាម ហើយធ្វើឲ្យមានបញ្ហាដកដង្ហើម។ គ្រូពេទ្យជាច្រើនបានសំដៅទៅកំហឹង ជាអ្វីធ្វើឲ្យអារម្មណ៍ទៅជាធ្ងន់ធ្ងរឡើង ឬបណ្ដាលឲ្យមានជម្ងឺ ដូចជារោគហឺត រោគស្បែក បញ្ហាខាងរំលាយអាហារ និងរោគដំបៅក្រពះ។
៨. ការមានចិត្តឆុរឆេវអាចនាំទៅដល់អ្វី ប៉ុន្តែ តើការវិនិច្ឆ័យអាចជួយយើងយ៉ាងណាក្នុងរឿងនេះ?
៨ គឺមិនមែនគ្រាន់តែជៀសវាងគ្រោះថ្នាក់ដល់សុខភាពយើងនោះទេ ដែលយើងត្រូវប្រើការវិនិច្ឆ័យ ហើយឲ្យ«មិនឆាប់ខឹង»នោះ។ ដោយមានចិត្តឆុរឆេវ អាចនាំទៅដល់សកម្មភាពល្ងីល្ងើ ដែលយើងនឹងសោកស្ដាយ។ ការវិនិច្ឆ័យធ្វើឲ្យយើងពិចារណាមើលនូវលទ្ធផលពីការនិយាយឥតហ្វ្រាំងទប់ ឬចរិយាពុំបានគិតឲ្យស្រួលបួល ហើយនេះនឹងជួយយើងពីការ«សំញែងសេចក្ដីចំកួត» ដោយប្រព្រឹត្តអ្វីដែលឥតប្រាជ្ញា។ ការវិនិច្ឆ័យនឹងជួយយើងជាពិសេស ឲ្យដឹងថាកំហឹងនោះអាចធ្វើឲ្យយើងគិតមិនបានស្រួល ដែលធ្វើឲ្យយើងមិនអាចប្រើការជំនុំជំរះត្រឹមត្រូវបាន។ នេះនឹងធ្វើឲ្យអន់ថយដល់សមត្ថភាពរបស់យើងក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយរស់នៅស្របតាមគោលការណ៍ដ៏សុចរិតរបស់ព្រះ។ ត្រូវហើយ ការបណ្ដោយតាមកំហឹងដ៏ឆុរឆេវ គឺអាចធ្វើឲ្យហិនហោចខាងវិញ្ញាណ។ តាមការពិត «កំហឹង»ត្រូវបានចាត់ទុកក្នុងចំណោម«កិច្ចការខាងសាច់ឈាម»ដ៏ស្អប់ខ្ពើម ដែលនឹងឃាំងយើងមិនឲ្យចូលព្រះរាជាណាចក្ររបស់ព្រះ។ (កាឡាទី ៥:១៩-២១) បើអញ្ចឹង ជាគ្រីស្ទានដែលចេះវិនិច្ឆ័យ សូមឲ្យយើង«បានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ»។—យ៉ាកុប ១:១៩
៩. តើការវិនិច្ឆ័យនិងសេចក្ដីស្រឡាញ់បងប្អូន ជួយយើងឲ្យដោះស្រាយការទាស់ទែងគំនិតគ្នាដូចម្ដេច?
៩ បើយើងទៅជាមានចិត្តខឹង ការវិនិច្ឆ័យនឹងបង្ហាញថា យើងត្រូវរមែងនៅស្ងៀមស្ងាត់ ដើម្បីជៀសវាងការប៉ះទង្គិចគ្នា។ សុភាសិត ១៧:២៧ ចែងថា៖ «អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមាន[ការវិនិច្ឆ័យ] នោះក៏តែងតែមានចិត្តត្រជាក់ដែរ»។ ការវិនិច្ឆ័យនិងសេចក្ដីស្រឡាញ់បងប្អូន នឹងជួយយើងឲ្យទប់ទល់ពីការនិយាយតាមសន្ទុះចិត្តនូវអ្វីដែលធ្វើឲ្យឈឺចាប់។ បើសិនជាកំហឹងបានផ្ទុះឡើងហើយ សេចក្ដីស្រឡាញ់និងចិត្តរាបទាបនឹងជំរុញយើងឲ្យសុំទោស។ ប៉ុន្តែ ចូរឧបមាថា មានអ្នកណាម្នាក់បានធ្វើឲ្យយើងអាក់អន់ចិត្ត។ បើអញ្ចឹង សូមឲ្យយើងទៅនិយាយជាមួយគាត់ តាមបែបបទដ៏ស្លូតបូតនិងដ៏រាបទាប ហើយដោយមានគោលដៅបង្កើតសេចក្ដីសុខសាន្ត។—ម៉ាថាយ ៥:២៣, ២៤; ១៨:១៥-១៧
ការវិនិច្ឆ័យនិងគ្រួសាររបស់យើង
១០. តើប្រាជ្ញានិងការវិនិច្ឆ័យមានមុខនាទីយ៉ាងណាក្នុងជីវភាពគ្រួសារ?
១០ សមាជិកក្នុងគ្រួសារ ត្រូវការបង្ហាញប្រាជ្ញានិងការវិនិច្ឆ័យ ពីព្រោះគុណសម្បត្ដិទាំងនេះនឹងកសាងគ្រួសារ។ សុភាសិត ២៤:៣, ៤ ចែងថា៖ «ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារ[ការវិនិច្ឆ័យ]ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន ហើយដោយសារដំរិះ នោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្ដិដ៏វិសេស ជារបស់ដែលគាប់ចិត្ត»។ ប្រាជ្ញានិងការវិនិច្ឆ័យ គឺប្រៀបដូចនឹងដុំឈើសង់ផ្ទះដ៏ល្អៗសំរាប់ជីវភាពគ្រួសារឲ្យបានជោគជ័យ។ ការវិនិច្ឆ័យនឹងជួយឪពុកម្ដាយគ្រីស្ទាន សុំឲ្យកូនប្រាប់នូវអារម្មណ៍និងសេចក្ដីខ្វល់ខ្វាយរបស់គេ។ បុគ្គលដែលចេះវិនិច្ឆ័យគឺអាចធ្វើការទាក់ទងគ្នា អាចស្ដាប់និងយល់ដឹងធ្លុះក្នុងអារម្មណ៍និងគំនិតនៃប្ដីប្រពន្ធរបស់គេ។—សុភាសិត ២០:៥
១១. តើស្ត្រីរៀបការអាច‹សង់ផ្ទះរបស់នាងឡើង›យ៉ាងដូចម្ដេច?
១១ ប្រាជ្ញានិងការវិនិច្ឆ័យ គឺច្បាស់ជាសំខាន់ណាស់សំរាប់ឲ្យជីវភាពគ្រួសារប្រកបដោយសុភមង្គល។ ឧទាហរណ៍ សុភាសិត ១៤:១ ចែងថា៖ «គ្រប់ទាំងស្រីៗដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ»។ ប្រពន្ធដែលប្រកបដោយប្រាជ្ញានិងការវិនិច្ឆ័យក្នុងការចុះចូលដ៏ត្រឹមត្រូវនឹងប្ដីរបស់នាង នឹងខំប្រឹងប្រែងជួយកសាងគ្រួសាររបស់នាង។ អ្វីមួយដែលនឹង‹សង់ផ្ទះរបស់នាងឡើង› នោះគឺថានាងតែងតែនិយាយល្អពីប្ដីរបស់នាង ហើយនេះនឹងធ្វើឲ្យគេគោរពប្ដីរបស់គាត់ដ៏ច្រើនទៀត។ ហើយប្រពន្ធដែលចេះវិនិច្ឆ័យនិងមានសមត្ថភាព ដែលមានសេចក្ដីគោរពកោតខ្លាចព្រះយេហូវ៉ា នឹងទទួលការសរសើរច្រើន។—សុភាសិត ១២:៤; ៣១:២៨, ៣០
ការវិនិច្ឆ័យនិងដំណើរក្នុងជីវិតរបស់យើង
១២. តើពួកអ្នកដែល«ឥតប្រាជ្ញា»ចាត់ទុកការចំកួតដូចម្ដេច ហើយហេតុអ្វី?
១២ ការវិនិច្ឆ័យនឹងជួយយើងឲ្យរក្សាដំណើរត្រឹមត្រូវក្នុងជីវិតរបស់យើង។ នេះត្រូវបានបង្ហាញមកក្នុងសុភាសិត ១៥:២១ ដែលចែងថា៖ «ឯការចំកួតជាសេចក្ដីអំណរ ដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមាន[ការយោគយល់] គេរមែងដើរតាមផ្លូវទៀងត្រង់វិញ»។ តើយើងអាចយល់សុភាសិតនេះយ៉ាងណាបាន? ដំណើរនៃការចំកួត ឬល្ងីល្ងើ ជាសេចក្ដីអំណរដល់មនុស្សប្រុស ស្រី និងក្មេងៗដែលឥតសមហេតុផល។ ពួកគេ«ឥតប្រាជ្ញា» ឥតមានឆន្ទៈល្អ ហើយឥតមានប្រាជ្ញាដល់ម្ល៉េះ ដែលគេមានអំណរនឹងការចំកួត។
១៣. តើសាឡូម៉ូនបានវិនិច្ឆ័យយ៉ាងណាអំពីការសើចសប្បាយ និងភាពរវើរវាយ?
១៣ ស្តេចនៃសាសន៍អ៊ីស្រាអែល សាឡូម៉ូនបានដឹងថា ភាពរវើរវាយគឺឥតប្រយោជន៍ទេ។ ទ្រង់សារភាពថា៖ «យើងបាននិយាយចំពោះចិត្តយើងថា ‹មកចុះ យើងនឹងល្បងលឯងដោយការអរសប្បាយ ឯងនឹងបានគ្រឹកគ្រេងសប្បាយទទេ› តែមើល ការនោះក៏ឥតប្រយោជន៍ដែរ យើងបាននិយាយពីការសើចសប្បាយថា៖ ‹នេះជាការចំកួតទទេ ហើយពីការគ្រឹកគ្រេងថា ‹តើមានផលអ្វី›»? (សាស្ដា ២:១, ២) ជាបុរសដែលចេះវិនិច្ឆ័យ សាឡូម៉ូនបានឃើញថា សំណើចក្អាកក្អាយនិងការសើចសប្បាយមិនមែនជាអ្វីដ៏ស្កប់ចិត្តទេ ពីព្រោះនេះមិននាំឲ្យមានសុភមង្គលដ៏ស្មោះនិងជាស្ថាពរឡើយ។ ការសើចសប្បាយបែបនេះប្រហែលជាជួយយើងឲ្យភ្លេចបញ្ហារបស់យើងបន្ដិចបន្តួច ប៉ុន្តែក្រោយមក បញ្ហាប្រហែលជាអាចមានច្រើនជាងមុនទៅទៀត។ សាឡូម៉ូនអាចនិយាយយ៉ាងត្រឹមត្រូវអំពីការសប្បាយបែបនេះ ជា«ការចំកួតទទេ»។ ហេតុអ្វី? ពីព្រោះការសើចសប្បាយដែលមិនគិតវែងឆ្ងាយ អាចធ្វើឲ្យស្មុគស្មាញដល់ការធ្វើវិនិច្ឆ័យត្រឹមត្រូវ។ នេះប្រហែលជាធ្វើឲ្យយើងចាត់ទុករឿងធ្ងន់ធ្ងរជាអ្វីដែលមិនសំខាន់។ ការអរសប្បាយដោយពាក្យសំដី ហើយសកម្មភាពនៃអ្នកកំប្លែងក្នុងព្រះរាជវាំង គឺមិនអាចចាត់ទុកជាអ្វីមានផលប្រយោជន៍ឡើយ។ ការវិនិច្ឆ័យដល់សារៈសំខាន់នៃការពិសោធរបស់សាឡូម៉ូន ជាមួយការសើចសប្បាយ និងសំណើចក្អាកក្អាយ នឹងជួយយើងឲ្យជៀសវាងពីការ«ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។—ធីម៉ូថេទី២ ៣:១, ៤
១៤. តើដូចម្ដេចដែលថាមនុស្សចេះវិនិច្ឆ័យ«ដើរទៅមុខ»?
១៤ តើដូចម្ដេចដែលថាមនុស្សចេះវិនិច្ឆ័យ«ដើរទៅមុខ»? ការវិនិច្ឆ័យខាងវិញ្ញាណ ហើយការអនុវត្តតាមគោលការណ៍របស់ព្រះ នាំមនុស្សដល់ដំណើរទៀងត្រង់ទៅមុខ។ សេចក្ដីបកប្រែព្រះគម្ពីររបស់ បាយិងថិន ចែងចំៗថា៖ «ការចំកួតគឺបរមសុខដល់មនុស្សគ្មានខួរក្បាល តែមនុស្សមានប្រាជ្ញានឹងដើរទៅមុខ»។ ‹បុរសចេះវិនិច្ឆ័យ› នឹងបង្កើតផ្លូវត្រង់សំរាប់ជើងគាត់ ហើយអាចដឹងធ្លុះរវាងការខុសត្រូវ ដោយសារការអនុវត្តបន្ទូលរបស់ព្រះក្នុងជីវិត។—ហេព្រើរ ៥:១៤; ១២:១២, ១៣
ចូរពឹងព្រះយេហូវ៉ាសំរាប់ការវិនិច្ឆ័យជានិច្ច
១៥. តើយើងរៀនអ្វីពីសុភាសិត ២:៦-៩?
១៥ ដើម្បីនឹងកាន់ដំណើរទៀងត្រង់ក្នុងជីវិត យើងគ្រប់ៗគ្នាត្រូវការទទួលស្គាល់នូវភាពមិនគ្រប់ល័ក្ខណ៍របស់យើង ហើយពឹងព្រះយេហូវ៉ាសំរាប់ការវិនិច្ឆ័យខាងវិញ្ញាណ។ សុភាសិត ២:៦-៩ ចែងថា៖ «ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹង[ការវិនិច្ឆ័យ] នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្ដីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្ដីទៀងត្រង់ ដើម្បីឲ្យបានរក្សាអស់ទាំងផ្លូវច្រកនៃសេចក្ដីយុត្ដិធម៌ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់ យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្ដិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ»។—ប្រៀបធៀប យ៉ាកុប ៤:៦
១៦. ហេតុអ្វីក៏គ្មានប្រាជ្ញា ការវិនិច្ឆ័យ ឬឱវាទ ដែលអាចទាស់នឹងព្រះយេហូវ៉ាបាន?
១៦ ដោយទទួលស្គាល់ការពឹងពាក់របស់យើងទៅលើព្រះយេហូវ៉ា សូមឲ្យយើងខំប្រឹងវិនិច្ឆ័យបំណងព្រះហឫទ័យរបស់ទ្រង់ ដោយជីកយ៉ាងជ្រៅក្នុងបន្ទូលរបស់ទ្រង់។ ទ្រង់មានប្រាជ្ញាបរិបូរ ហើយឱវាទរបស់ទ្រង់គឺមានប្រយោជន៍ជានិច្ច។ (អេសាយ ៤០:១៣; រ៉ូម ១១:៣៤) តាមការពិត ឱវាទណាមួយដែលនិយាយប្រឆាំងនឹងបន្ទូលព្រះ គឺឥតមានតម្លៃឡើយ។ សុភាសិត ២១:៣០ ចែងថា៖ «គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ»។ (ប្រៀបធៀប សុភាសិត ១៩:២១) មានតែការវិនិច្ឆ័យខាងវិញ្ញាណ ដែលបានដុះចេញពីការសិក្សាបន្ទូលរបស់ព្រះ ដោយប្រើប្រកាសនវត្ថុដែលផ្ដល់មកតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ប៉ុណ្ណោះ ដែលនឹងជួយយើងឲ្យស្វែងរកដំណើរត្រឹមត្រូវក្នុងជីវិត។ (ម៉ាថាយ ២៤:៤៥-៤៧) ដូច្នេះ សូមឲ្យយើងដឹកនាំផ្លូវជីវិតរបស់យើងឲ្យស្របតាមឱវាទនៃព្រះយេហូវ៉ា ដោយដឹងថា ទោះជាមានឱវាទប្រឆាំងណាដែលគួរឲ្យជឿយ៉ាងណាក៏ដោយ នេះគឺមិនអាចយកមកប្រៀបធៀបនឹងបន្ទូលរបស់ទ្រង់បានឡើយ។
១៧. តើអាចមានលទ្ធផលយ៉ាងណា បើឲ្យឱវាទខុស?
១៧ ពួកគ្រីស្ទានវិនិច្ឆ័យដែលផ្ដល់ឲ្យឱវាទ ដឹងថានេះត្រូវធ្វើឡើងដោយមានមូលដ្ឋានលើបន្ទូលរបស់ព្រះទាំងស្រុង ហើយថាការសិក្សាព្រះគម្ពីរនិងការរំពឹងគិត គឺត្រូវការជាចាំបាច់ មុននឹងឆ្លើយសំនួរណាមួយ។ (សុភាសិត ១៥:២៨) បើសិនណាឆ្លើយខុសដល់សំនួរនៃរឿងធ្ងន់ធ្ងរណាមួយ នេះគឺអាចមានគ្រោះថ្នាក់ដ៏ធំ។ ដូច្នេះ ពួកចាស់ទុំគ្រីស្ទានត្រូវការការវិនិច្ឆ័យខាងវិញ្ញាណ ហើយត្រូវតែអធិស្ឋានសុំការដឹកនាំពីព្រះយេហូវ៉ា នៅពេលជួយអ្នកជឿគ្នីគ្នាខាងវិញ្ញាណ។
មានការវិនិច្ឆ័យខាងវិញ្ញាណជាច្រើន
១៨. បើសិនជាមានបញ្ហាណាមួយកើតឡើងក្នុងក្រុមជំនុំ តើការវិនិច្ឆ័យអាចជួយយើងយ៉ាងណា ក្នុងការរក្សាការថ្លឹងថ្លែងខាងវិញ្ញាណរបស់យើង?
១៨ ដើម្បីឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ យើងត្រូវការ‹ការវិនិច្ឆ័យក្នុងគ្រប់ការទាំងអស់›។ (ធីម៉ូថេទី២ ២:៧) ការសិក្សាព្រះគម្ពីរដ៏ខ្នះខ្នែង ហើយធ្វើតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ព្រះ និងអង្គការរបស់ទ្រង់ នឹងជួយយើងឲ្យវិនិច្ឆ័យរបៀបដែលត្រូវធ្វើធ្វើ ពេលជួបប្រឈមមុខស្ថានការណ៍ ដែលអាចនាំយើងទៅដល់ដំណើរខុស។ ឧទាហរណ៍ ឧបមាថា មានអ្វីមួយក្នុងក្រុមជំនុំ មិនត្រូវបានដោះស្រាយតាមរបៀបដែលយើងចង់ធ្វើ។ ការវិនិច្ឆ័យខាងវិញ្ញាណនឹងជួយយើងឲ្យឃើញ គឺគ្មានមូលហេតុទេ ក្នុងការឈប់ចូលរួមជាមួយរាស្ត្ររបស់ព្រះយេហូវ៉ា ហើយឲ្យឈប់បំរើព្រះនោះ។ ចូរគិតអំពីឯកសិទ្ធិរបស់យើងក្នុងការបំរើព្រះយេហូវ៉ា សេរីភាពខាងវិញ្ញាណដែលយើងមាន អំណរដែលទទួលពីកិច្ចបំរើរបស់យើង ជាអ្នកផ្សាយព្រះរាជាណាចក្រ។ ការវិនិច្ឆ័យខាងវិញ្ញាណនឹងជួយយើងឲ្យយល់ដឹងត្រឹមត្រូវ ហើយឲ្យដឹងថាយើងបានថ្វាយខ្លួនដល់ព្រះ ហើយគួរតែអបអរទំនាក់ទំនងរបស់យើងជាមួយទ្រង់ មិនថាអ្នកដទៃបានធ្វើយ៉ាងណាក៏ដោយ។ បើគ្មានអ្វីសោះដែលយើងអាចធ្វើ ដើម្បីដោះស្រាយបញ្ហានោះ យើងត្រូវតែរង់ចាំព្រះយេហូវ៉ា ឲ្យទ្រង់ដោះស្រាយស្ថានការណ៍នោះ។ ជាជាងឈប់ឬមានការអស់សង្ឃឹមនោះ សូមឲ្យយើង«សង្ឃឹមដល់ព្រះចុះ»។—ទំនុកដំកើង ៤២:៥, ១១
១៩. (ក) តើអ្វីជាសារៈសំខាន់នៃការអធិស្ឋានរបស់ប៉ុលទៅពួកភីលីព? (ខ) តើការវិនិច្ឆ័យអាចជួយយើងយ៉ាងណា បើយើងមិនយល់អ្វីមួយឲ្យបានច្បាស់លាស់?
១៩ ការវិនិច្ឆ័យខាងវិញ្ញាណជួយយើងឲ្យរក្សាការស្មោះត្រង់ដល់ព្រះនិងរាស្ត្រទ្រង់។ ប៉ុលបានប្រាប់ពួកភីលីពថា៖ «ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ»។ (ភីលីព ១:៩, ១០) ដើម្បីវែកញែកឲ្យបានត្រឹមត្រូវ យើងត្រូវការ‹ចំណេះត្រឹមត្រូវនិងការវិនិច្ឆ័យពេញលេញ›។ ពាក្យក្រិកនៅទីនេះ បកប្រែ «ការវិនិច្ឆ័យ» ឲ្យអត្ថន័យថា«ការយល់ដឹងខាងផ្លូវចិត្ត»។ នៅពេលដែលយើងបានរៀនអ្វីមួយ យើងចង់ដឹងថាតើលក្ខណៈនេះជាប់ទាក់ទងព្រះនិងព្រះគ្រីស្ទយ៉ាងណា ហើយត្រូវរំពឹងគិតនូវរបៀបដែលលក្ខណៈដំកើងបុគ្គលិកលក្ខណៈនិងសំវិធានការរបស់ព្រះយេហូវ៉ា។ នេះនឹងបង្កើនការវិនិច្ឆ័យនិងការអបអរចំពោះអ្វីដែលព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទបានធ្វើសំរាប់យើង។ បើសិនជាយើងមិនយល់អ្វីមួយឲ្យបានច្បាស់លាស់ ការវិនិច្ឆ័យនឹងជួយយើងឲ្យដឹងថា យើងមិនត្រូវបោះបង់ចោលជំនឿរបស់យើង ក្នុងគ្រប់ការសំខាន់ៗដែលយើងបានរៀនអំពីព្រះ ព្រះគ្រីស្ទ និងគោលបំណងរបស់ព្រះឡើយ។
២០. តើយើងអាចមានការវិនិច្ឆ័យខាងវិញ្ញាណដ៏ច្រើនយ៉ាងដូចម្ដេច?
២០ យើងនឹងមានការវិនិច្ឆ័យកាន់តែច្រើនឡើងទៀត បើសិនជាយើងធ្វើឲ្យគំនិតនិងសកម្មភាពរបស់យើងស្របជាមួយនឹងបន្ទូលរបស់ព្រះ។ (កូរិនថូសទី២ ១៣:៥) ដោយធ្វើតាមរបៀបដ៏មានប្រយោជន៍នឹងជួយយើងឲ្យមានចិត្តរាបទាប មិនប្រកាន់ទៅតាមមតិរបស់ខ្លួន ហើយរិះគន់ដល់អ្នកដទៃឡើយ។ ការវិនិច្ឆ័យនឹងជួយយើងឲ្យទទួលប្រយោជន៍ពីការកែណែនាំ ហើយរក្សាទុកនូវរបស់ដែលសំខាន់បំផុត។ (សុភាសិត ៣:៧) ដោយមានចិត្តចង់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូមឲ្យយើងខំប្រឹងឲ្យបានពេញទៅដោយចំណេះត្រឹមត្រូវ។ នេះនឹងជួយយើងឲ្យវិនិច្ឆ័យពីការខុសត្រូវ សម្រេចនូវអ្វីដែលពិតជាសំខាន់ ហើយកាន់ជាប់ដ៏ស្មោះត្រង់នូវទំនាក់ទំនងដ៏មានតម្លៃរបស់យើងជាមួយព្រះយេហូវ៉ា។ យើងអាចធ្វើការទាំងនេះបាន បើយើងមានចិត្តទោរទន់ទៅរកការវិនិច្ឆ័យ។ ប៉ុន្តែ មានអ្វីមួយដែលត្រូវការជាចាំបាច់។ យើងត្រូវតែឲ្យការវិនិច្ឆ័យការពារយើង។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ ហេតុអ្វីក៏យើងត្រូវទោរទន់ទៅរកការវិនិច្ឆ័យ?
◻ តើតាមរបៀបណាដែលការវិនិច្ឆ័យមានឥទ្ធិពលលើពាក្យសំដីនិងចរិយារបស់យើង?
◻ តើការវិនិច្ឆ័យមានឥទ្ធិពលលើអារម្មណ៍របស់យើងយ៉ាងណា?
◻ ហេតុអ្វីក៏យើងត្រូវតែពឹងព្រះយេហូវ៉ារកការវិនិច្ឆ័យជានិច្ច?
[រូបភាពនៅទំព័រ២១]
ការវិនិច្ឆ័យជួយយើងឲ្យទប់ទល់អារម្មណ៍របស់យើង
[រូបភាពនៅទំព័រ២៣]
ស្តេចសាឡូម៉ូនដែលចេះវិនិច្ឆ័យ បានដឹងថាភាពរវើរវាយគឺមិនមែនជាអ្វីដែលស្កប់ចិត្តទេ