យុវជនដែលមានអនាគតដ៏សន្ដិសុខ
«ករណីនៃការរំលោភណាមួយក៏ដូចជារន្ធត់ហើយដ៏ជិនឆ្អន់ដែរ»—នេះហើយជារបៀបដែលចៅក្រម ជាប្រធានមើលខុសត្រូវខាងវិនិច្ឆ័យកិច្ចថ្មីៗបានរៀបរាប់អំពីបទឧក្រិដ្ឋ។ ពួកក្រុមក្មេងជំទង់ប្រាំបីនាក់ ដែលមានអាយុពី១៤ទៅ១៨ឆ្នាំ បានស្ទាក់ចាប់រំលោភទេសចរណ៍ម្នាក់នៅកណ្ដាលទីក្រុងឡុនដុន ហើយក៏បោះនាងទៅឯប្រឡាយទឹក ថ្វីបើនាងបានប្រាប់គេថា មិនចេះហែលទឹកក៏ដោយ។ គួរឲ្យយោគយល់ហើយ ដែលម្ដាយរបស់យុវជនម្នាក់បាននិយាយថា ពេលដែលគាត់បានឃើញពត៌មានក្នុងទូរទស្សន៍រាយការណ៍អំពីអ្វីៗដែលកូនប្រុសរបស់គាត់បានប្រព្រឹត្ត នោះធ្វើឲ្យគាត់ទៅជាឈឺ។
គួរឲ្យស្ដាយណាស់ រឿងនេះបង្ហាញអំពីអ្វីដែលកំពុងកើតឡើងក្នុងសង្គមនៅសព្វថ្ងៃនេះ។ អំពើឃោរឃៅបានក្លាយជាការធម្មតា មិនថាឡើយក្នុងសកម្មភាពខាងបទឧក្រិដ្ឋ ការទាស់ទែងក្នុងគ្រួសារ ឬការប្រឆាំងគ្នានៅក្នុងអតីតយូកូស្លាវា ទ្វីបអាហ្វ្រិកកណ្ដាល ហើយកន្លែងឯទៀតក៏ដោយ។ មនុស្សក្មេងមានវ័យធំឡើងក្នុងស្ថានភាពដ៏ច្របូកច្របល់បែបនេះ ហើយពួកគេបានឮរឿងទាំងនេះជាញឹកញាប់ដែរ។ ដោយមូលហេតុទាំងនេះហើយ បានជាមនុស្សភាគច្រើនបានក្លាយទៅជាឥតមានមនោសញ្ចេតនា ឥតចេះ«ស្រឡាញ់តាមធម្មតាមនុស្ស» ហើយ«មិនចេះទប់ចិត្ត»។—ធីម៉ូថេទី២ ៣:៣
«សាហាវ»
ពេលដែលសាវ័កប៉ុលបានសរសេរសំបុត្រលើកទីពីររបស់គាត់ ទៅធីម៉ូថេជាអ្នកចាស់ទុំគ្នាឯង ស្រុករ៉ូមជាមហាអំណាច។ អំពើឃោរឃៅនិងភាពសាហាវគឺមានទូទៅក្នុងសៃវៀនរ៉ូម។ ប៉ុន្តែ ប៉ុលបានព្រមានថាក្នុងអនាគត នឹងមាន«គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) គួរឲ្យចាប់អារម្មណ៍មែន ពាក្យក្រិកដែលបានរៀបរាប់ពេលវេលាទាំងនេះ គឺជា«គ្រាលំបាកណាស់» ក៏បញ្ចូលគំនិតអំពីគ្រាដ៏«សាហាវ»។ ឧបត្ដិហេតុក្នុងកំឡុងការផ្សាយរបស់ព្រះយេស៊ូកាលពីទ្រង់មានព្រះជន្មាយុជាង៣០ឆ្នាំមុននេះ បង្ហាញនូវអ្វីដែលគាំទ្រភាពសាហាវក្នុងសម័យរបស់ទ្រង់។
ព្រះយេស៊ូទើបតែបានមកដល់តាមទូកនៅទិសខាងកើតនៃសមុទ្រកាលីឡេ។ កាលដែលទ្រង់កំពុងតែឡើងគោក នោះមានបុរសពីរនាក់បានមកប្រឈមនឹងទ្រង់។ ដោយសារតែអាការក្រៅដ៏សាហាវហើយការស្រែក គឺបញ្ជាក់ថា ពួកគេមានអ្វីខុសប្លែកមែន។ ពួកគេ«សាហាវខុសធម្មតា» តាមការពិត មានអារក្សចូល។a អ្វីដែលគេស្រែក គឺជាវិញ្ញាណកំណាចដែលគ្រប់គ្រោងអំពើឃោរឃៅរបស់គេ។ វាស្រែកឡើងថា «ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយនឹងទ្រង់មានការអ្វីនឹងគ្នា។ តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី»? វិញ្ញាណកំណាចដែលចូលអ្នកទាំងពីរនោះ ដឹងថាព្រះបានកំណត់ពេលវេលាសំរាប់ជំនុំជំរះពួកបិសាច។ នេះមានន័យថាសេចក្ដីហិនវិនាសរបស់វាហើយ។ ប៉ុន្តែ ទំរាំដល់ពេលនោះ ពួកគេនឹងប្រើអំណាចអធិធម្មជាតិដើម្បីបង្កើតបញ្ហាដ៏សាហាវរបស់វា។ មានតែសកម្មភាពដ៏អព្ភូតហេតុរបស់ព្រះយេស៊ូទេ ក្នុងការបណ្ដេញពួកបិសាច ដែលផ្ដល់ការធូរស្បើយដល់បុរសពីរនាក់នោះ។—ម៉ាថាយ ៨:២៨-៣២; យូដាស ៦
ពេលមនុស្សសព្វថ្ងៃនេះ រួមបញ្ចូលយុវជន ដែលបានប្រព្រឹត្តតាមរបៀបដ៏ឆ្កួតនោះ ជាការល្អណាស់បើយើងនឹកចាំនូវឧបត្ដិហេតុនោះ។ ហេតុអ្វី? ពីព្រោះនៅសតវត្សទី២០នេះ យើងជួបប្រទះការគ្រោះថ្នាក់ ដូចសៀវភៅព្រះគម្ពីរវិវរណៈ បានពន្យល់ថា៖ «វេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) សូមចាំឲ្យច្បាស់ថា នេះជាការអាម៉ាស់មុខចំពោះសាតាំងដែលមាន «សេចក្ដីឃោរឃៅជាខ្លាំង» ពីព្រោះវាដឹងថា ពេលវេលាវាខ្លីណាស់។
ការប្រទូស្តវាយ
ដូចបានរៀបរាប់ជារឿយៗក្នុងទស្សនាវដ្ដីនេះ ក្នុងឆ្នាំ១៩១៤បានឃើញការលើកព្រះយេស៊ូឲ្យសោយរាជ្យជាស្តេចនៃព្រះរាជាណាចក្រនៃព្រះនៅលើស្ថានសួគ៌។ ភ្លាមនោះ ព្រះយេស៊ូបានចាប់ផ្ដើមប្រឆាំងមហាសត្រូវរបស់ព្រះ សាតាំង។ ហេតុដូច្នេះ បានជាអារក្សនិងបិសាចរបស់វាបានបណ្ដេញចោលពីស្ថានសួគ៌ ហើយឥឡូវនេះពួកវាកំពុងធ្វើការប្រទូស្តវាយនៅឯផែនដីនេះវិញ។ (វិវរណៈ ១២:៧-៩) ដោយត្រូវដាក់កំណត់ដល់វា សាតាំង «វាដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងលេបបាន»។ (ពេត្រុសទី១ ៥:៨) តើអ្នកណាជាចំណីដ៏ងាយរបស់វា? តើមិនសមហេតុសមផលទេឬ គឺចំពោះអ្នកណាដែលខ្វះការពិសោធក្នុងជីវិត និងទំនាក់ទំនងមនុស្ស? ពួកក្មេងៗសព្វថ្ងៃនេះបានក្លាយជាចំណីនៃអារក្ស។ តាមរយៈការកំសាន្តខាងភ្លេងនិងការស្វែងរកការលំហែកាយ ពួកគេត្រូវអារក្សល្បួងយ៉ាងស្រួល។—អេភេសូរ ៦:១១, ១២
ទោះជាក្មេងៗដែលខំប្រឹងឲ្យបានជោគជ័យក៏ដោយ ពួកគេត្រូវមានការបង្អាក់ដែរ។ តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ ឪពុកម្ដាយដែលមានការពិសោធខាងសង្គ្រាម ហើយខ្វះខាតខាងវត្ថុ ក៏ខំខ្នះខ្នែងទំនុកបំរុងគ្រួសាររបស់គេឲ្យមានជីវភាពដ៏ធូរធា។ វត្ថុទ្រព្យ ការលំហែឥតកំណត់ និងការកំសាន្តបានទៅជាគោលដៅដ៏សំខាន់។ ជាលទ្ធផល មនុស្សជាច្រើនបានទទួលការឈឺចាប់។ ប៉ុលបានព្រមានធីម៉ូថេថា «ឯអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន . . . ដ្បិតការស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម . . . ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។ (ធីម៉ូថេទី១ ៦:៩, ១០) ជាទូទៅយើងឃើញថា មនុស្សនៅសង្គមដែលស្រឡាញ់តែវត្ថុ ត្រូវឈឺចាប់ខាងសេដ្ឋកិច្ច ខាងលុយកាក់ និងខាងចិត្តគំនិត។ ក្នុងចំណោមពួកគេ គឺក្មេងៗជាច្រើនដែលរងគ្រោះនឹងកលល្បិចនៃមហាសត្រូវរបស់ព្រះ។
ប៉ុន្តែ យ៉ាងរីករាយណាស់ ដែលមានដំណឹងល្អ។ ហើយនេះគឺទាក់ទងយុវជនដែលមានអនាគតដ៏សុខសាន្តនៅខាងមុខគេ។ តើយ៉ាងដូចម្ដេចបានទៅ?
ចូររក នោះអ្នកនឹងបានទទួល
យុវជនជាច្រើនមានបំណងដ៏ខ្ពង់ខ្ពស់។ ពួកគេបដិសេធខ្នាតគំរូដ៏ដុនដាប ដែលមានក្នុងចំណោមមនុស្សចាស់ៗ។ ពួកគេខ្លាចនឹងអយុត្ដិធម៌និងអាកប្បកិរិយាដ៏រឹងរូសនៃពួកនយោបាយនិងអ្នកជំនួញ ដែលឃ្លានតែអំណាច។ ប្រសិនបើអ្នកជាមនុស្សក្មេង អ្នកប្រហែលជាមានអារម្មណ៍ដូចនេះដែរ។
សូមពិចារណាមើលស៊ីដ្រិក ជាក្មេងជុំទុងម្នាក់ ដែលមិនមែនជាការពិសោធដ៏ចម្លែកប៉ុន្មាន។ ជាក្មេងម្នាក់ គាត់តែងតែមានសេចក្ដីខ្លាចជាច្រើន រួមទាំងការខ្លាចស្លាប់ទៀត។ គាត់បានឆ្ងល់ថាតើអ្វីជាគោលបំណងនៃជីវិត។ ដោយរកចម្លើយមិនបានសំរាប់សំនួររបស់គាត់ ពេលគាត់មានអាយុ១៥ឆ្នាំ នោះគាត់បានឈប់គិតដល់ន័យនៃជីវិត ដូចក្មេងៗឯទៀត។ គាត់នឹកចាំថា«យើងបានជក់កញ្ឆា ហើយអង្គុយនិយាយលេងអស់រាប់ម៉ោង។ ខ្ញុំជឿថាពួកគេគិតដូចខ្ញុំដែរ ប៉ុន្តែគ្មានអ្នកណាមានចម្លើយទេ»។b
ស៊ីដ្រិក ដូចជាយុវជនទាំងឡាយ ចង់បានការសប្បាយជាខ្លាំង។ គ្រាន់តែប្រើគ្រឿងញៀនមិនបានបំពេញចិត្តគាត់ទេ។ មិនយូរប៉ុន្មាន គាត់ក៏ក្លាយទៅជាអ្នកលួចហើយលក់គ្រឿងញៀន។ ប៉ុន្តែ គាត់នៅតែស្វែងរកការសប្បាយថ្មីៗ។ គាត់ចាប់ផ្ដើមលួចសំរាប់អ្នកដែលបានស្នើវត្ថុណាមួយ។ គាត់បានសារភាពថា «ខ្ញុំចូលចិត្តធ្វើការនេះណាស់។ ប៉ុន្តែ ខ្ញុំមិនដែលលួចរបស់ពីមនុស្សធម្មតាទេ។ ប្រសិនបើខ្ញុំលួចឡាន ខ្ញុំទុកឲ្យវិញក្នុងសភាពល្អ។ ប្រសិនបើខ្ញុំចូលលួចហាងជំនួញ ខ្ញុំលួចតែកន្លែងដែលខ្ញុំដឹងថាពួកគេមានការធានារ៉ាប់រងគ្រប់គ្រាន់។ ដោយវែកញែកបែបនេះ បង្ហាញនូវការសមហេតុផលនៃការប្រព្រឹត្តរបស់ខ្ញុំ»។ ត្រូវហើយ នៅទីបំផុត ស៊ីដ្រិកបានគុក។
ស៊ីដ្រិកបានចាំថា៖ «ម៉ាក ជាអ្នកជាប់គុកដែរបាននិយាយជាមួយខ្ញុំ។ ដោយឃើញ ខ្ញុំមានរូបសាក់ឈើឆ្កាងនៅលើដៃខ្ញុំ គាត់បានសួរខ្ញុំនូវមូលហេតុដែលខ្ញុំមានសាក់។ គាត់បានគិតថា ប្រហែលជាមានន័យសំខាន់ចំពោះសាសនាខ្ញុំហើយមើលទៅ»។ ពីរបីសប្ដាហ៍ក្រោយមក ម៉ាកបានឲ្យស៊ីដ្រិកនូវសៀវភៅមួយឈ្មោះ អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីមួយក្បាល។c «‹អ្នកអាចរស់នៅជានិរន្តរ៍›—ពាក្យពីរបីម៉ាត់នេះ គឺបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ភ្លាម។ នេះជាអ្វីដែលយើងតែងតែនិយាយ ប៉ុន្តែយើងមិនដែលដឹងពីសេចក្ដីពិតអំពីរស់នៅជានិរន្តរ៍នៅឡើយទេ»។ ក្រោយពីបានពិគ្រោះជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានមកលេងគុក ស៊ីដ្រិកស្រាប់តែគិតឃើញថា អ្វីដែលគាត់ប្រាថ្នានោះអាចសម្រេចបាន—ប៉ុន្តែ គឺសម្រេចបានតែតាមផ្លូវរបស់ព្រះទេ។
ស៊ីដ្រិកកត់សម្គាល់ថា «កាលណាខ្ញុំឈប់ទាក់ទងជាមួយអតីតមិត្តរបស់ខ្ញុំ ខ្ញុំមានការលូតលាស់ច្រើន»។ ការលូតលាស់របស់គាត់ក្នុងការយោគយល់ ហើយអំពីសុភមង្គលដ៏ពិតប្រាកដ នោះមិនមែនជាការស្រួលទេ។ គាត់និយាយថា «ខ្ញុំនៅតែខំប្រឹងឲ្យបានលូតលាស់។ ខ្ញុំត្រូវប្រយ័ត្នអំពីរបៀបដែលខ្ញុំគិត»។ ប្រាកដមែន ស៊ីដ្រិកឥឡូវនេះដឹងថាជាអ្នកមានរបៀបគិតតាមឧត្តមគតិខ្លួន នោះបាននាំឲ្យគាត់ចូលអន្ទាក់អារក្ស ដោយគិតថាគោលដៅរបស់គាត់អាចសម្រេចបាន ដោយប្រព្រឹត្តក្នុងសកម្មភាពដែលគិតតែពីការសប្បាយ។
គួរសប្បាយណាស់ ស៊ីដ្រិកបានចេញពីគុកជាយូរហើយ ហើយគាត់មានចិត្តរីករាយដែលមានមិត្តភាពជាមួយអ្នកដែលរកឃើញនូវអ្វីដែលគេខំស្វែងរកនោះ។ ឥឡូវនេះគាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ា ហើយមានសេចក្ដីសង្ឃឹមនឹងរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី។ គាត់រង់ចាំការបញ្ចប់នៃឥទ្ធិពលរបស់សាតាំងទាំងអស់របស់វា។
មែនហើយ មិនមែនមានតែយុវជនដូចស៊ីដ្រិកទេ ដែលមានអនាគតដ៏សុខសាន្តនោះ អ្នកឯទៀតបានចិញ្ចឹមដោយឪពុកម្ដាយដែលគោរពព្រះ ជាអ្នកដែលបានបណ្ដុះសេចក្ដីស្រឡាញ់នៃសេចក្ដីពិតព្រះគម្ពីរក្នុងកូនចៅរបស់គេ។
ការអប់រំតាមព្រះនាំឲ្យមានរង្វាន់
ស្តេចសាឡូម៉ូនដ៏មានប្រាជ្ញាបានសរសេរថា «ចូរបង្ហាត់កូនក្មេងឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ (សុភាសិត ២២:៦) ការនេះបានឃើញជាក់ស្តែងចំពោះក្មេងៗជាច្រើន ដែលបានជ្រើសរើសធ្វើតាមខ្នាតគំរូព្រះគម្ពីរ។
ស៊ីឡា ហ្គួដិន និងសារាបានប្រព្រឹត្តបែបនេះ។ ពួកគេនឹកចាំថា ឪពុកម្ដាយរបស់គេបានដៅបញ្ជាក់លើការសំខាន់ក្នុងការគោរពបញ្ជាព្រះគ្រីស្ទដែល ឲ្យ‹ទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស›ដោយផ្សាយដំណឹងល្អព្រះរាជាណាចក្រ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ស៊ីឡាបាននឹកចាំថា «ពេលត្រូវសម្រេចចិត្តណាមួយ ម្ដាយនិងខ្ញុំតែងតែនិយាយជាមួយគ្នា ‹តើនេះនឹងមានឥទ្ធិផលលើកិច្ចផ្សាយយ៉ាងណាដែរ›»? គាត់បានសារភាពថា «យើងបានលះបង់ចោលគម្រោងការណ៍ជាច្រើន ដោយសារតែការវែកញែកបែបនេះ។ ប៉ុន្តែ យើងទទួលបានពរ»! សូម្បីតែនៅចុងថ្ងៃដ៏យូរ ដែលបានទៅជួបមនុស្សតាមផ្ទះនឹងដំណឹងល្អក៏ដោយ ស៊ីឡានិងម្ដាយរបស់នាងដើរច្រៀងតាមផ្លូវទៅផ្ទះ។ គាត់និយាយថា «ខ្ញុំពោរពេញទៅដោយអំណរ។ ក្នុងគំនិតរបស់ខ្ញុំ ខ្ញុំនៅតែមានអំណរនៅជានិច្ច»។
ហ្គូដិនចាំអំពីការសប្បាយនៅពេលរាត្រីថ្ងៃសៅរ៍ជាច្រើន។ ហ្គូដិននឹកឃើញថា «ខ្ញុំត្រូវបានអញ្ជើញទៅផ្ទះរបស់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ ដែលយើងសប្បាយនឹងការសួរសំនួរព្រះគម្ពីរនិងការពិគ្រោះខាងវិញ្ញាណ។ យើងបានលើកទឹកចិត្តដោយអាចទន្ទេញខពីព្រះគម្ពីរ និយាយដោយឥតលាក់លាមលើព្រះគម្ពីរ និយាយការពិសោធអំពីការផ្សាយ ហើយដឹងអំពីការរីកចំរើនខាងកិច្ចបំរើព្រះរាជាណាចក្រ។ អ្វីៗទាំងអស់នេះបានជួយឲ្យខ្ញុំមានគ្រឹះល្អហើយនឹងបណ្ដុះសេចក្ដីស្រឡាញ់ដល់ព្រះយេហូវ៉ា»។
សារ៉ាមានអនុស្សាវរីយ៍ដ៏រីករាយនៃពេលល្ងាចៗដែលបានទៅលេងបងប្អូនស្មរបន្ទាល់គ្នីគ្នា។ «យើងញ៉ាំអាហារជាមួយគ្នា។ ហើយដើម្បីបញ្ចប់ការជួបជុំគ្នា យើងបានលេងប្យ៉ាណូ ជួយកំដរអ្នកច្រៀងចំរៀងព្រះរាជាណាចក្រនៃព្រះ។ ភ្លេងបានជួយពួកយើងច្រើនមែន ជាពិសេសក្នុងកំឡុងនៅសាលារៀន ពីព្រោះនេះហុចឱកាសឲ្យយើងធ្វើអ្វីៗជាគ្រួសារជាមួយគ្នា»។
មែនហើយ មិនមែនយុវជនទាំងអស់ ដែលចង់ផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ា មានកាលៈទេសៈគ្រួសារដ៏សុក្រឹតទេ។ ប៉ុន្តែ ការជិតស្និទ្ធជាមួយគ្រួសារស្មរបន្ទាល់ឯទៀតក្នុងក្រុមជំនុំ អាចផ្ដល់សន្ដិសុខដល់ពួកគេ។
រក្សាទុកគ្រឹះសន្ដិសុខសំរាប់អនាគត
យុវជនសព្វថ្ងៃនេះមានការជ្រើសរើស។ ពួកគេអាចបន្តជាមួយពិភពលោកដ៏កំណាចនេះ ដែលរង់ចាំសេចក្ដីហិនវិនាស«សេចក្ដីវេទនាជាខ្លាំង» នៅខាងមុខនេះ ដែលព្រះយេស៊ូបានទាយ។ ឬក៏ពួកគេអាច «តាំងចិត្តសង្ឃឹមដល់ព្រះ . . . គឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ» ដូចដែលអេសាភជាអ្នកតែងបទទំនុកដំកើងបានច្រៀង។ ដោយគោរពដល់ព្រះនឹងការពារគេកុំឲ្យដូចជា «ដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀតត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ»។—ម៉ាថាយ ២៤:២១; ទំនុកដំកើង ៧៨:៦-៨
នៅក្នុងជាង៨០,០០០ក្រុមជំនុំ នៃស្មរបន្ទាល់ព្រះយេហូវ៉ាពេញពិភពលោក អ្នកនឹងឃើញយុវជនជាច្រើនដែលអ្នកអាចសរសើរ។ ពួកគេធ្វើតាមឱវាទរបស់ប៉ុលទៅធីម៉ូថេ ឲ្យ«ធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង យ៉ាងនោះឯងទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្ដិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ»។ ជាលទ្ធផល ពួកគេឥឡូវនេះនឹង ‹ចាប់បានជីវិតដ៏ពិតប្រាកដ›។ (ធីម៉ូថេទី១ ៦:១៨, ១៩) សូមឆ្លៀតឱកាសរៀនអំពីគ្រីស្ទានដ៏ស្មោះនេះឲ្យបានច្រើន តាមរយៈទៅឯកិច្ចប្រជុំរបស់គេ។ ពេលនោះអ្នកនឹងអាចមានសេចក្ដីសង្ឃឹមនៃសន្ដិភាពទៅអនាគតដែរ។
[កំណត់សម្គាល់]
a «សាហាវ» បកប្រែពាក្យក្រិកដដែល ដែលប្រើនៅម៉ាថាយ ៨:២៨ និងធីម៉ូថេទី២ ៣:១
b ឈ្មោះត្រូវបានប្ដូរ។
c បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក។
[រូបភាពនៅទំព័រ៧]
វិញ្ញាណកំណាចគាំទ្រមនុស្ស «សាហាវឥតធម្មតា» ជាមនុស្សដែលព្រះយេស៊ូបានប្រោសឲ្យជា។
[រូបភាពនៅទំព័រ៨]
ស្ថាបនា‹គ្រឹះដ៏ល្អសំរាប់អនាគត›