ចូរពេញចិត្តនឹងការសិក្សាផ្ទាល់ខ្លួនក្នុងបន្ទូលរបស់ព្រះ
«ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន»។—ទំនុកដំកើង ៧៧:១២
១, ២. (ក) ហេតុអ្វីបានជាយើងគួរកំណត់ពេលសំរាប់ការរំពឹងគិត? (ខ) តើពាក្យ«រំពឹងគិត»និង«ជញ្ជឹង»មានន័យអ្វី?
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូគ្រីស្ទ យើងគួរយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះ ហើយយកចិត្តទុកដាក់នឹងមូលហេតុដែលយើងបំរើទ្រង់។ ក៏ប៉ុន្តែ មនុស្សជាច្រើនសព្វថ្ងៃសែនរវល់ ដល់ម្ល៉េះបានជាពួកគេពុំមានពេលដើម្បីរំពឹងគិតឡើយ។ ពួកគេវីវក់តែនឹងការប្រមូលទ្រព្យសម្បត្ដិ ទិញសំភារៈទំនើបៗ ហើយភ្លើតភ្លើនក្នុងការកំសាន្តសប្បាយ។ តើយើងអាចជៀសវាងពីការប្រព្រឹត្តដ៏ឥតប្រយោជន៍ទាំងនេះយ៉ាងដូចម្ដេច? ដោយយើងកំណត់ពេលរាល់ថ្ងៃសំរាប់កិច្ចការដ៏ចាំបាច់ដែលរួមទាំងការបរិភោគអាហារនិងការសម្រាន្ត យើងក៏ត្រូវឆ្លៀតពេលរាល់ថ្ងៃដើម្បីរំពឹងគិតអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ា និងរំពឹងគិតអំពីរបៀបដែលទ្រង់ទាក់ទងនឹងមនុស្សជាតិ។—ចោទិយកថា ៨:៣; ម៉ាថាយ ៤:៤
២ តើអ្នកឆ្លៀតឱកាសដើម្បីរំពឹងគិតដែរទេ? តើការរំពឹងគិតរួមបញ្ចូលអ្វីទៅ? វចនានុក្រមមួយបកស្រាយន័យពាក្យរំពឹងគិតថា៖ «គិតជញ្ជឹង, ទ្រឹងគិត»។ ហើយពាក្យ«ជញ្ជឹង»បានន័យថា៖ «រិះគិត, ត្រិះរិះ, ពិចារណា, រំពឹង, សម្រឹងទ្រឹងគិត»។ តើនេះមានន័យអ្វីសំរាប់យើង?
៣. តើការរីកចំរើនខាងវិញ្ញាណពាក់ព័ន្ធនឹងអ្វីទៀត?
៣ ពាក្យជញ្ជឹងនិងរំពឹងគិតនេះគួររំឭកយើងពីអ្វីដែលសាវ័កប៉ុលបានសរសេរដល់ធីម៉ូថេជាអ្នកបំរើជាមួយនឹងគាត់ថា៖ «ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន នឹងបង្រៀនគេ ដរាបដល់ខ្ញុំមក . . . ចូរឧស្សាហ៍[«ជញ្ជឹងគិត», ព.ថ.]តាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។ ត្រូវមែន ជំនឿននិងការរីកចំរើនជាអ្វីដ៏ចាំបាច់ណាស់ ហើយសំនេររបស់ប៉ុលបញ្ជាក់ថា ការជញ្ជឹងគិតអំពីរឿងខាងវិញ្ញាណ និងការជឿនទៅមុខតែងពាក់ព័ន្ធនឹងគ្នា។ សព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ដើម្បីមានការពេញចិត្តដែលមកពីការរីកចំរើនខាងវិញ្ញាណនោះ យើងត្រូវ«ជញ្ជឹងគិត» ហើយ«កាន់ខ្ជាប់»តាមអ្វីៗដែលកត់ទុកក្នុងបន្ទូលរបស់ព្រះ។—ធីម៉ូថេទី១ ៤:១៣-១៥
៤. តើអ្នកអាចប្រើឧបករណ៍ណាខ្លះ ជាជំនួយក្នុងការជញ្ជឹងគិតយ៉ាងទៀងទាត់លើបន្ទូលរបស់ព្រះយេហូវ៉ា?
៤ ម៉ោងល្អសំរាប់ការរំពឹងគិតនោះ ស្រេចទៅលើចំណូលចិត្តរបស់អ្នកផ្ទាល់ ហើយនិងកាលវិភាគនៃក្រុមគ្រួសាររបស់អ្នក។ បងប្អូនជាច្រើនឆ្លៀតនៅពេលព្រលឹមដើម្បីជញ្ជឹងគិតអំពីខមួយក្នុងព្រះគម្ពីរ ពេលដែលពួកគេអានកូនសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។ តាមពិត មុននឹងចាប់ផ្ដើមធ្វើកិច្ចការ បងប្អូនប្រមាណ២០.០០០នាក់ជាអ្នកបំរើស្ម័គ្រចិត្តនៅទីស្នាក់ការបេតអែលនានាទូទាំងពិភពលោក ពួកគេឆ្លៀត១៥នាទីដើម្បីពិនិត្យមើលខបទគម្ពីរប្រចាំថ្ងៃ។ នៅក្នុងកម្មវិធីរៀងរាល់ព្រឹក មានតែបីបួននាក់ប៉ុណ្ណោះក្នុងក្រុមគ្រួសារបេតអែលដែលមានឱកាសរៀបរាប់អំពីខបទគម្ពីរ តែបងប្អូនឯទៀតក៏ជញ្ជឹងគិតអំពីអ្វីដែលត្រូវអាននិងរៀបរាប់នោះដែរ។ ពួកស្មរបន្ទាល់ឯទៀតក៏ជញ្ជឹងគិតអំពីបន្ទូលរបស់ព្រះយេហូវ៉ាពេលដែលពួកគេធ្វើដំណើរទៅកន្លែងធ្វើការ។ ពួកគេស្ដាប់កាសែតម៉ាញេដែលមានអំនានពីព្រះគម្ពីរពីទស្សនាវដ្ដីប៉មយាម ហើយពីទស្សនាវដ្ដីភ្ញាក់រឭក!ដែលមានភាសាផ្សេងៗ។ មេផ្ទះខ្លះក៏ស្ដាប់អំនានដូចនេះដែរ ពេលដែលពួកគាត់ធ្វើកិច្ចការផ្ទះ។ ដោយធ្វើដូចនេះ ពួកគេយកតម្រាប់តាមអេសាភ ជាអ្នកតែងបទទំនុកដំកើង ដែលបានសរសេរថា៖ «ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម។ ទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មាន»។—ទំនុកដំកើង ៧៧:១១, ១២
ចិត្តគំនិតល្អនាំឲ្យមានប្រយោជន៍
៥. ហេតុដូចម្ដេចបានជាយើងគួរចាត់ទុកការសិក្សាផ្ទាល់ខ្លួនជាអ្វីដ៏សំខាន់?
៥ ក្នុងសម័យទំនើបយើងនេះដែលនិយមប្រើទូរទស្សន៍ វីដេអូ និងកុំព្យូទ័រនោះ នេះបានធ្វើឲ្យមនុស្សជាច្រើនបែរជាខ្ជិលអានទៅវិញ។ ក្នុងចំណោមពួកស្មរបន្ទាល់ព្រះយេហូវ៉ាមិនគួរមានគំនិតបែបនេះឡើយ ត្បិតការអានព្រះគម្ពីរប្រៀបដូចជាចំណងដ៏មាំដែលចងភ្ជាប់យើងជាមួយព្រះយេហូវ៉ា។ រាប់ពាន់ឆ្នាំមុននេះ លោកយ៉ូស្វេចាប់ផ្ដើមនាំមុខសាសន៍អ៊ីស្រាអែលជំនួសលោកម៉ូសេ។ គាត់ក៏ត្រូវអានដោយខ្លួនឯងនូវបន្ទូលរបស់ព្រះ ដើម្បីទទួលបានអំណោយពរពីព្រះយេហូវ៉ា។ (យ៉ូស្វេ ១:៨; ទំនុកដំកើង ១:១, ២) នេះក៏ជាតម្រូវការមួយនៅសព្វថ្ងៃនេះដែរ។ ប៉ុន្តែ មនុស្សខ្លះមិនសូវចេះអានដោយព្រោះបានរៀនតិចពេក ឬអ្នកខ្លះក៏ខ្ជិលអានជាដើម។ ដូច្នេះ តើអ្វីទៅដែលអាចជួយយើងបណ្ដុះឲ្យមានចិត្តចង់អាននិងសិក្សាបន្ទូលរបស់ព្រះ? បន្ទូលរបស់ស្តេចសាឡូម៉ូននៅសុភាសិត ២:១-៦ អាចប្រាប់ចម្លើយបាន។ សូមបើកព្រះគម្ពីររបស់អ្នក ហើយអានខទាំងប៉ុន្មាននេះ។ រួចមក យើងសូមពិគ្រោះខទាំងនេះ។
៦. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះចំណេះដែលមកពីព្រះ?
៦ មុនដំបូង យើងអានពាក្យដាស់តឿនដូចតទៅនេះថា៖ «កូនអើយ! បើឯងនឹងទទួលពាក្យអញ ហើយនឹងប្រមូលពាក្យបណ្ដាំរបស់អញ ទុកនៅជាប់នឹងឯង ដើម្បីឲ្យបានប្រុងត្រចៀកស្ដាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់[ឬ«សមត្ថភាពចេះវែកញែក», ព.ថ.] . . . »។ (សុភាសិត ២:១, ២) តើយើងអាចទាញយកមេរៀនអ្វីពីបន្ទូលនេះ? នេះបង្ហាញថា យើងម្នាក់ៗមានភារកិច្ចផ្ទាល់ខ្លួន។ សូមកត់សម្គាល់ល័ក្ខខ័ណ្ឌនេះដែលថា៖ «បើឯងនឹងទទួលពាក្យអញ»។ ពាក្យ «បើ»នេះគឺសំខាន់ណាស់ ពីព្រោះមនុស្សលោកភាគច្រើនមិនយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះឡើយ។ បើយើងចង់ពេញចិត្តក្នុងការសិក្សាបន្ទូលរបស់ព្រះ យើងត្រូវស្ម័គ្រចិត្តទទួលស្ដាប់បន្ទូលរបស់ព្រះយេហូវ៉ា ហើយយកចិត្តទុកដាក់ចំពោះបន្ទូលនោះប្រៀបដូចជារតនសម្បត្ដិដែលយើងមិនចង់ឲ្យបាត់បង់ឡើយ។ យើងមិនគួរអនុញ្ញាតឲ្យកាលវិភាគប្រចាំថ្ងៃធ្វើឲ្យយើងរវល់ពេក ឬមានស្មារតីមិនមូលដល់ម្ល៉េះបានជាយើងបែរជាមានចិត្តសោះអង្គើយមិនរវីរវល់អានបន្ទូលរបស់ព្រះ ឬរហូតដល់មិនសូវជឿទៀតផង។—រ៉ូម ៣:៣, ៤
៧. តាមកាលៈទេសៈរបស់យើងផ្ទាល់ ហេតុអ្វីបានជាយើងគួរមានវត្តមាន និងគួរប្រុងស្ដាប់នៅឯកិច្ចប្រជុំគ្រីស្ទាន?
៧ តើយើងពិតជា«ប្រុងត្រចៀកស្ដាប់» ហើយយកចិត្តទុកដាក់ពេលមានការពន្យល់រៀបរាប់ពីបន្ទូលរបស់ព្រះនៅឯកិច្ចប្រជុំគ្រីស្ទានរបស់យើងមែនឬ? (អេភេសូរ ៤:២០, ២១) តើយើង«ផ្ចង់ចិត្ត» ដើម្បីរៀនឲ្យចេះវែកញែកឬទេ? អ្នកខ្លះដែលថ្លែងសុន្ទរកថាប្រហែលជាមិនចេះបង្រៀនល្អបំផុតទេ ប៉ុន្តែពេលដែលគាត់កំពុងតែកាត់ស្រាយបន្ទូលរបស់ព្រះនោះ យើងគួរតែយកចិត្តទុកដាក់ស្ដាប់គាត់។ ដើម្បីប្រុងស្ដាប់នូវប្រាជ្ញារបស់ព្រះយេហូវ៉ា យើងត្រូវមានវត្តមាននៅឯកិច្ចប្រជុំគ្រីស្ទាននានាដែលសមតាមកាលៈទេសៈរបស់យើង។ (សុភាសិត ១៨:១) សូមគិតទៅមើល បើបងប្អូនខ្លះបានអាក់ខានចូលរួមកិច្ចប្រជុំនៅទីក្រុងយេរូសាឡិមនៅបន្ទប់ជាន់ខាងលើ ពេលបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ.នោះ ពួកគេពិតជាខកចិត្តមែន! ថ្វីបើកម្មវិធីប្រជុំយើងសព្វថ្ងៃមិនមានព្រឹត្ដិការណ៍ដ៏អស្ចារ្យកើតឡើងដូចប្រជុំនោះក្ដី តែយើងពិគ្រោះដោយសិក្សាអំពីសៀវភៅដ៏សំខាន់បំផុតរបស់យើង គឺព្រះគម្ពីរ។ ហេតុដូច្នេះហើយ បើយើងប្រុងស្ដាប់និងមើលផ្ទៀងតាមក្នុងព្រះគម្ពីរពេលប្រជុំគ្នានោះ កម្មវិធីប្រជុំនិមួយៗក៏នឹងផ្ដល់អំណោយពរដល់យើងផងដែរ។—កិច្ចការ ២:១-៤; ហេព្រើរ ១០:២៤, ២៥
៨, ៩. (ក) តើការសិក្សាផ្ទាល់ខ្លួនតម្រូវឲ្យយើងធ្វើអ្វី? (ខ) បើប្រៀបធៀបតម្លៃនៃមាស ហើយតម្លៃនៃការយល់ដឹងអំពីព្រះវិញ តើអ្នកគិតថាមួយណាមានតម្លៃជាង?
៨ ស្តេចសាឡូម៉ូនដែលមានប្រាជ្ញានោះ បានមានបន្ទូលតទៅទៀតថា៖ «អើ! បើឯងស្រែកហៅរកដំរិះ[ឬ«ការយល់ដឹង», ព.ថ.] ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់[ឬ«សមត្ថភាពចេះវែកញែក», ព.ថ.] . . . »។ (សុភាសិត ២:៣) តើព្រះបន្ទូលនេះសបញ្ជាក់នូវចិត្តគំនិតបែបណា? នេះសបញ្ជាក់ពីសេចក្ដីចង់យល់នូវន័យក្នុងបន្ទូលរបស់ព្រះយេហូវ៉ា! ខនេះបង្កប់អត្ថន័យ ជាការស្ម័គ្រចិត្តចង់សិក្សា ដោយមានបំណងចង់បានសមត្ថភាពចេះវែកញែក ក៏ចង់យល់ធ្លុះអំពីព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ យ៉ាងច្បាស់ណាស់ ការសិក្សាបែបនេះតម្រូវឲ្យយើងខិតខំប្រឹងប្រែង ហើយការខំប្រឹងប្រែងនេះទាក់ទងនឹងបន្ទូលបន្តបន្ទាប់ទៀតរបស់សាឡូម៉ូន ហើយនិងពាក្យប្រៀបប្រដូចដែលទ្រង់ប្រើ។—អេភេសូរ ៥:១៥-១៧
៩ សាឡូម៉ូនមានបន្ទូលតទៅទៀតថា៖ «បើឯងខំរក[ការយល់ដឹង]ដូចជារកប្រាក់ ហើយស្វែងរក[ការយល់ដឹង]ដូចជារកកំណប់ទ្រព្យ . . . »។ (សុភាសិត ២:៤) បន្ទូលនេះញ៉ាំងឲ្យយើងនឹកគិតអំពីការសម្រេចដែលគួរឲ្យកត់សម្គាល់របស់មនុស្សជាតិដែលមានតាំងពីរាប់សតវត្សមកម្ល៉េះក្នុងការជីករករ៉ែ និងការខំរាវរកមាសនិងប្រាក់ ដែលជាអ្វីដែលពួកគេចាត់ទុកថាមានតម្លៃនោះ។ មនុស្សខ្លះបានសម្លាប់គ្នាដើម្បីឲ្យបានមាស។ មនុស្សឯទៀតបានជីករកមាសអស់មួយជីវិតរបស់ពួកគេតែម្ដង។ ប៉ុន្តែ តើមាសមានតម្លៃពិតមែនឬ? សូមឧបមាថា អ្នកដើរវង្វេងកាត់សមុទ្រខ្សាច់ ហើយស្រេកទឹកស្ទើរតែស្លាប់នោះ តើអ្នកចង់បានអ្វីទៅ? តើអ្នកចង់បានមាសមួយដុំ ឬក៏ទឹកត្រជាក់មួយកែវ? យ៉ាងណាក្ដី មនុស្សចេះតែខ្នះខ្នែងរកមាសដែលមានតម្លៃប្រែប្រួលចុះឡើងហើយជាអ្វីដែលគ្មានតម្លៃពិតប្រាកដនោះទេ!a បើដូច្នេះ យើងគួរមានចិត្តខ្នះខ្នែងកាន់តែខ្លាំង ក្នុងការស្វែងរកប្រាជ្ញា ហើយស្វែងរកសមត្ថភាពចេះវែកញែក និងការយល់ដឹងអំពីព្រះនិងព្រះហឫទ័យរបស់ទ្រង់! ប៉ុន្តែ តើការស្វែងរកបែបនេះមានប្រយោជន៍អ្វីទៅ?—ទំនុកដំកើង ១៩:៧-១០; សុភាសិត ៣:១៣-១៨
១០. បើយើងសិក្សាបន្ទូលរបស់ព្រះ តើយើងអាចរកឃើញអ្វីទៅ?
១០ ការពិពណ៌នារបស់សាឡូម៉ូនបន្តទៀតថា៖ «នោះឯងនឹងបានយល់សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់[ឬ«ចំណេះពី», ព.ថ.]ព្រះអង្គ»។ (សុភាសិត ២:៥) សូមគិតទៅមើល! មនុស្សយើងដែលមានបាបនៅឡើយ អាចទទួល«ចំណេះពីព្រះ»បាន គឺចំណេះអំពីព្រះយេហូវ៉ាដែលជាព្រះអម្ចាស់មហាក្សត្រនៃសកលលោកទាំងមូលនេះ! (ទំនុកដំកើង ៧៣:២៨; កិច្ចការ ៤:២៤) រាប់សតវត្សមកហើយ ពួកអ្នកទស្សនវិទូ និងមនុស្សឯទៀតក្នុងលោកីយ៍នេះដែលធ្លាប់ចាត់ទុកខ្លួនជាអ្នកប្រាជ្ញនោះ ពួកគេរកយល់មិនបាននូវសេចក្ដីអាថ៌កំបាំងនៃជីវិតនិងសកលលោកយើងនេះឡើយ។ ពួកគេក៏ពុំបានយល់នូវ«ចំណេះពីព្រះ»ដែរ។ ហេតុអ្វី? ទោះជាមានចំណេះពីព្រះក្នុងបន្ទូលរបស់ទ្រង់រាប់ពាន់ឆ្នាំមកហើយក៏ដោយ ពួកអ្នកប្រាជ្ញទាំងនោះមើលងាយព្រះគម្ពីរជាសៀវភៅស្រួលយល់ពេក ហើយក៏មិនព្រមជឿ ដូច្នេះពួកគេក៏មិនបានយល់ន័យអំពីចំណេះទាំងនោះដែរ។—កូរិនថូសទី១ ១:១៨-២១
១១. តើមានប្រយោជន៍អ្វីខ្លះមកពីការសិក្សាផ្ទាល់ខ្លួន?
១១ សាឡូម៉ូនផ្ដល់មូលហេតុមួយទៀតឲ្យយើងសិក្សាព្រះគម្ពីរ ដូចតទៅថា៖ «ព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់[ឬ«សមត្ថភាពចេះវែកញែក», ព.ថ.] នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក»។ (សុភាសិត ២:៦) ព្រះយេហូវ៉ារមែងឲ្យប្រាជ្ញា ចំណេះ និងសមត្ថភាពចេះវែកញែកដល់អស់អ្នកដែលសុខចិត្តស្វែងរកទ្រង់។ យើងពិតជាមានហេតុពេញចិត្តសិក្សាផ្ទាល់ខ្លួនក្នុងបន្ទូលរបស់ព្រះមែន ទោះជានេះតម្រូវឲ្យមានការខំប្រឹងប្រែង ការហាត់ពត់លត់ដំខ្លួន ឬការលះបង់ផ្សេងៗក៏ដោយ។ យ៉ាងណាក្ដី ការសិក្សាសព្វថ្ងៃនេះពិតជាស្រួលជាងសម័យបុរាណមែន ត្បិតពួកគេត្រូវសរសេរចម្លងព្រះគម្ពីរដោយដៃសិន មិនដូចយើងដែលមានព្រះគម្ពីរបានបោះពុម្ពស្រាប់ហើយនោះទេ!—ចោទិយកថា ១៧:១៨, ១៩
ការដើរបែបគួរនឹងព្រះយេហូវ៉ា
១២. តើយើងគួរមានបំណងចិត្តអ្វី ក្នុងការរកចំណេះពីព្រះ?
១២ តើយើងគួរមានបំណងចិត្តអ្វីពេលយើងសិក្សាផ្ទាល់ខ្លួននោះ? តើយើងចង់ឲ្យអ្នកដទៃកោតស្ងើចនឹងយើងឬ? តើយើងចង់អួតពីចំណេះខ្ពស់ជាងដែលយើងមានឬ? តើយើងចង់បានកេរ្ដិ៍ឈ្មោះជាអ្នកចេះទាំងអស់ក្នុងព្រះគម្ពីរឬ? មិនមែនទេ! យើងមានបំណងចិត្តចង់ធ្វើជាពួកគ្រីស្ទានពិតដែលប្រុងប្រៀបតែជួយមនុស្សដទៃ ដោយមានចិត្តគំនិតចង់ពង្រឹងកម្លាំងអ្នកដទៃដូចព្រះគ្រីស្ទបានធ្វើដែរ។ (ម៉ាថាយ ១១:២៨-៣០) សាវ័កប៉ុលបានព្រមានថា៖ «រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ»។ (កូរិនថូសទី១ ៨:១) ហេតុនេះហើយបានជាយើងត្រូវមានចិត្តរាបទាប ដូចម៉ូសេបានបង្ហាញពេលដែលគាត់ទូលចំពោះព្រះយេហូវ៉ាថា៖ «សូមសំដែងបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានស្គាល់ទ្រង់ ហើយឲ្យទូលបង្គំបានប្រកបដោយព្រះគុណនៃទ្រង់ពិត»។ (និក្ខមនំ ៣៣:១៣) ត្រូវមែន យើងគួរមានចិត្តប្រាថ្នាចង់បានចំណេះដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះ មិនមែនឲ្យមនុស្សកោតស្ងើចនឹងយើងឡើយ។ យើងចង់ធ្វើជាអ្នកបំរើដែលមានចិត្តរាបទាប ហើយដែលដើរបែបគួរនឹងព្រះ។ តើយើងអាចបំពេញគោលដៅនេះបានយ៉ាងណា?
១៣. តើយើងត្រូវធ្វើយ៉ាងណាដើម្បីដើរបែបគួរជាអ្នកបំរើព្រះ?
១៣ ប៉ុលបានទូន្មានធីម៉ូថេអំពីរបៀបផ្គាប់ព្រះហឫទ័យរបស់ព្រះ ដោយមានប្រសាសន៍ថា៖ «ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (ធីម៉ូថេទី២ ២:១៥) ឃ្លាដែលថា «កាត់ស្រាយ . . . យ៉ាងត្រឹមត្រូវ»នោះ មកពីកិរិយាសព្ទភាសាក្រិចដែលភ្ជាប់ជាមួយគ្នា ដែលន័យដើមមានន័យថា ‹កាត់ត្រង់›។ (សេចក្ដីបកប្រែពហុភាសារបស់ព្រះរាជាណាចក្រព្រះ ជាភាសាអង់គ្លេស) យោងទៅតាមបណ្ឌិតខ្លះ កិរិយាសព្ទនេះនាំឲ្យគិតអំពីអ្នកកាត់ដេរដែលកាត់ក្រណាត់តាមគំរូមួយ ឬកសិករដែលភ្ជួរដីតាមគន្លងនង្គ័ល។ ជាលទ្ធផលនោះនឹងមានភាពត្រឹមត្រូវ ឬត្រង់ល្អ។ គោលចំណុចដ៏សំខាន់នេះចង់បញ្ជាក់ថា បើធីម៉ូថេចង់ដើរបែបគួរជាអ្នកបំរើដែលសព្វព្រះហឫទ័យព្រះ នោះគាត់ត្រូវតែ«ខំប្រឹង»ដើម្បីប្រាកដថា ការបង្រៀននិងកិរិយារបស់គាត់ស្របតាមបន្ទូលនៃសេចក្ដីពិត។—ធីម៉ូថេទី១ ៤:១៦
១៤. តើការសិក្សាផ្ទាល់ខ្លួនគួរមានអានុភាពអ្វីលើសំដីនិងការប្រព្រឹត្តរបស់យើង?
១៤ ប៉ុលបានបញ្ជាក់ចំណុចដដែលនេះ ពេលគាត់ដាស់តឿនបងប្អូនគ្រីស្ទានគ្នីគ្នារបស់គាត់នៅទីក្រុងកូល៉ុស ឲ្យពួកគេ«ដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់»ព្រះហឫទ័យរបស់ទ្រង់ និង«បង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់[ឬ«ទទួលចំណេះពិតពី», ព.ថ.]ព្រះកាន់តែច្បាស់ឡើង»។ (កូល៉ុស ១:១០) ក្នុងខនេះប៉ុលបង្ហាញថា ការ«បង្កើតផលក្នុងគ្រប់ទាំងការល្អ» និងការ«ទទួលចំណេះពិតពីព្រះកាន់តែច្បាស់ឡើង» នោះជាអ្វីដ៏ចាំបាច់ណាស់ដើម្បីដើរបែបគួរនឹងព្រះយេហូវ៉ា។ នេះបានសេចក្ដីថា ព្រះយេហូវ៉ាមិនសង្កត់ធ្ងន់ទៅលើទស្សនៈរបស់យើងអំពីការទទួលចំណេះតែប៉ុណ្ណោះនោះទេ តែអ្វីដែលសំខាន់ចំពោះទ្រង់គឺ យើងធ្វើតាមបន្ទូលរបស់ទ្រង់យ៉ាងផ្ចិតផ្ចង់ប៉ុនណា ដោយសំដីនិងការប្រព្រឹត្តរបស់យើង។ (រ៉ូម ២:២១, ២២) នេះបានន័យថា បើយើងចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ នោះការសិក្សាផ្ទាល់ខ្លួនត្រូវមានអានុភាពលើរបៀបគិតគូរ និងអាកប្បកិរិយារបស់យើង។
១៥. តើយើងអាចការពារគំនិតនិងទប់ចិត្តរបស់យើងដោយដូចម្ដេចបាន?
១៥ សព្វថ្ងៃនេះសាតាំងព្យាយាមបំផ្លាញភាពខាងវិញ្ញាណរបស់យើង ដោយខំប្រឹងឲ្យមានឥទ្ធិពលលើចិត្តគំនិតរបស់យើង។ (រ៉ូម ៧:១៤-២៥) ហេតុនេះហើយបានជាយើងត្រូវការពារគំនិត និងទប់ចិត្តរបស់យើងដើម្បីដើរបែបគួរនឹងព្រះយេហូវ៉ាជាព្រះរបស់យើង។ ដោយយើងមាន«ចំណេះពីព្រះ»នេះជួយយើងឲ្យតយុទ្ធនឹងឥទ្ធិពលរបស់សាតាំងនិងអាច«នាំអស់ទាំងគំនិត ឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រីស្ទវិញ»។ ហេតុនេះហើយបានជាយើងគួរសិក្សាព្រះគម្ពីររាល់តែថ្ងៃដោយយកចិត្តទុកដាក់ ពីព្រោះយើងចង់ជំរះបំណងចិត្តខាងសាច់ឈាមចេញ និងដកគំនិតប្រកបដោយអត្តទត្ថភាពចេញពីចិត្តគំនិតយើងផងដែរ។—កូរិនថូសទី២ ១០:៥
ជំនួយដែលជួយឲ្យយើងយល់ដឹង
១៦. តើយើងអាចទទួលប្រយោជន៍បានយ៉ាងណា ពេលព្រះយេហូវ៉ាបង្រៀនយើង?
១៦ សេចក្ដីបង្រៀនពីព្រះយេហូវ៉ាតែងនាំឲ្យមានគុណប្រយោជន៍ខាងវិញ្ញាណនិងខាងរូបកាយផងដែរ។ សេចក្ដីបង្រៀនពីព្រះយេហូវ៉ាមិនមែនជារឿងសាសនាដ៏គួរឲ្យធុញទ្រាន់និងគ្មានប្រយោជន៍នោះទេ។ ហេតុដូច្នេះហើយបានជាយើងអានថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។ (អេសាយ ៤៨:១៧) តើព្រះយេហូវ៉ានាំឲ្យយើងដើរតាមផ្លូវរបស់ទ្រង់ដែលមានប្រយោជន៍នោះ តាមរបៀបណាខ្លះ? ទីមួយ យើងមានព្រះគម្ពីរបរិសុទ្ធ ជាបន្ទូលរបស់ទ្រង់។ ព្រះគម្ពីរជាសៀវភៅសិក្សាចំបង ហើយយើងគួរពិនិត្យមើលព្រះគម្ពីរជានិច្ច។ នេះហើយជាហេតុដែលយើងគួរប្រុងស្ដាប់នៅពេលប្រជុំគ្នាជាបណ្ដាគ្រីស្ទានដោយបើកព្រះគម្ពីរមើលផ្ទៀងតាម។ ទង្វើបែបនេះតែងផ្ដល់ប្រយោជន៍ ដូចបានបញ្ជាក់ក្នុងកំណត់ហេតុក្នុងសៀវភៅកិច្ចការ ជំពូកទី៨ អំពីមន្ត្រីម្នាក់ជនជាតិអេធីយ៉ូពី។
១៧. ព្រឹត្ដិការណ៍ដែលទាក់ទងនឹងមន្ត្រីជនជាតិអេធីយ៉ូពីនោះ តើនេះបង្ហាញយើងពីអ្វីទៅ?
១៧ មន្ត្រីម្នាក់ជនជាតិអេធីយ៉ូពីនោះ ជាអ្នកចូលសាសនាយូដា។ គាត់មានចិត្តស្មោះជឿទៅលើព្រះ ហើយគាត់ក៏បានសិក្សាបទគម្ពីរផងដែរ។ កំពុងដែលមន្ត្រីជនជាតិអេធីយ៉ូពីជិះរទេះនោះ ទាំងអានសំនេររបស់អេសាយ ភីលីពបានរត់ទាន់នឹងរទេះហើយបានសួរថា៖ «លោកមើលយល់ឬទេ?»។ តើមន្ត្រីជនជាតិអេធីយ៉ូពីឆ្លើយយ៉ាងណា? គាត់ឆ្លើយថា៖ «‹បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្ដេចឲ្យខ្ញុំយល់បាន?›។ រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា»។ រួចមក វិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យភីលីពជួយមន្ត្រីជនជាតិអេធីយ៉ូពីនោះឲ្យយល់ទំនាយអេសាយបាន។ (កិច្ចការ ៨:២៧-៣៥) តើដំណើររឿងនេះបង្ហាញពីអ្វីទៅ? នេះបង្ហាញថា ការអានព្រះគម្ពីរតែខ្លួនឯងប៉ុណ្ណោះ មិនគ្រប់គ្រាន់ដើម្បីទទួលការយល់ដឹងទេ។ តាមរយៈវិញ្ញាណរបស់ទ្រង់ ព្រះយេហូវ៉ាកំពុងតែប្រើក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ ក្នុងការជួយយើងឲ្យយល់បន្ទូលរបស់ទ្រង់តាមត្រូវពេល។ តើទ្រង់ធ្វើនេះដោយដូចម្ដេច?—ម៉ាថាយ ២៤:៤៥-៤៧; លូកា ១២:៤២
១៨. តើក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អជួយយើងយ៉ាងណាខ្លះ?
១៨ ថ្វីបើក្រុមអ្នកបំរើបានត្រូវពណ៌នាជា ‹ពួកអ្នកស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ក៏ដោយ ព្រះយេស៊ូមិនដែលមានបន្ទូលថា ពួកគាត់មិនចេះធ្វើខុសទេ។ ក្រុមបុរសចាក់ប្រេងតាំងដ៏ស្មោះត្រង់នេះ នៅតែជាពួកគ្រីស្ទានមិនគ្រប់ល័ក្ខណ៍ដដែល។ ទោះជាពួកគាត់មានបំណងល្អៗក៏ដោយ ជួនកាលពួកគាត់អាចយល់ច្រឡំ ដូចអ្នកចាក់ប្រេងតាំងខ្លះនៅសតវត្សទីមួយក៏អាចយល់ច្រឡំដែរ។ (កិច្ចការ ១០:៩-១៥; កាឡាទី ២:៨, ១១-១៤) យ៉ាងណាក្ដី ពួកគាត់តែងមានបំណងចិត្តបរិសុទ្ធ ហើយព្រះយេហូវ៉ាកំពុងតែប្រើពួកគាត់ក្នុងការផ្គត់ផ្គង់ដល់យើងនូវឧបករណ៍ដែលជាជំនួយក្នុងការសិក្សាព្រះគម្ពីរ ដើម្បីពង្រឹងជំនឿរបស់យើងទៅលើបន្ទូលរបស់ព្រះ និងសេចក្ដីសន្យារបស់ទ្រង់។ ឧបករណ៍ដ៏សំខាន់មួយដែលពួកគាត់បានរៀបចំឲ្យយើងគឺ សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ។ សព្វថ្ងៃសេចក្ដីបកប្រែនេះបានបកប្រែទាំងមូលឬក៏ផ្នែកខ្លះៗដែលមានគ្រប់៤២ភាសាហើយ និងបានត្រូវបោះពុម្ព១១៤លានក្បាល។ តើយើងអាចប្រើព្រះគម្ពីរនេះដោយប្រសិទ្ធភាពក្នុងការសិក្សាផ្ទាល់ខ្លួនបានយ៉ាងណា?—ធីម៉ូថេទី២ ៣:១៤-១៧
១៩. សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ មានសេចក្ដីយោង តើសេចក្ដីបកប្រែនេះមានលក្ខណៈណាខ្លះ ដែលអាចជួយក្នុងការសិក្សាផ្ទាល់ខ្លួន?
១៩ ជាឧទាហរណ៍ សូមពិចារណាសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធ មានសេចក្ដីយោង។ សេចក្ដីបកប្រែមួយនេះមានជួរមួយសំដៅទៅលើបទគម្ពីរដែលទាក់ទងគ្នា និងមានសម្គាល់ហេតុនានា ហើយមានផ្នែកមួយទៀតជួយរកបទគម្ពីរតាមពាក្យសំខាន់ៗហៅថា «លិបិក្រមនៃពាក្យក្នុងព្រះគម្ពីរ» និង«លិបិក្រមនៃពាក្យក្នុងសម្គាល់ហេតុ» ហើយក៏មានពត៌មានបន្ថែមនៅចុងព្រះគម្ពីរ ដែលរៀបរាប់លំអិតនូវ៤៣ប្រធាន រួមមានផែនទីនិងតារាងផ្សេងៗ។ ព្រះគម្ពីរនេះមាន«ពាក្យលំនាំ» ដែលពន្យល់អំពីឯកសារជាច្រើនដែលបានត្រូវប្រើក្នុងការបកប្រែព្រះគម្ពីរដ៏ល្អឯកនេះ។ បើមានព្រះគម្ពីរមួយនេះជាភាសាណាដែលអ្នកចេះអាននោះ ចូររៀនឲ្យចេះប្រើជំនួយទាំងនេះហើយឆ្លៀតយកប្រយោជន៍ពីជំនួយទាំងប៉ុន្មាននេះចុះ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរជាសៀវភៅចំបងសំរាប់កម្មវិធីសិក្សារបស់យើង ហើយយើងសប្បាយណាស់ដែលយើងមានសេចក្ដីបកប្រែមួយដែលប្រើព្រះនាមរបស់ព្រះ យ៉ាងហោចណាស់ក្នុងបទគម្ពីរភាសាហេព្រើរ ក្នុងការលើកបញ្ជាក់ពីការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។—ទំនុកដំកើង ១៤៩:១-៩; ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០
២០. តើមានសំនួរអ្វីខ្លះអំពីការសិក្សាផ្ទាល់ខ្លួន ដែលយើងត្រូវឆ្លើយនោះ?
២០ ឥឡូវយើងឆ្ងល់ថា៖ ‹តើយើងត្រូវការជំនួយណាទៀត ដើម្បីយល់សេចក្ដីក្នុងព្រះគម្ពីរ? តើយើងអាចឆ្លៀតពេលបានយ៉ាងណា សំរាប់ការសិក្សាផ្ទាល់ខ្លួន? តើយើងអាចធ្វើអ្វីទៅ ដើម្បីឲ្យការសិក្សារបស់យើងមានប្រសិទ្ធភាពច្រើនជាង? តើការសិក្សារបស់យើងផ្ទាល់គួរមានឥទ្ធិពលអ្វីលើអ្នកដទៃ?›។ អត្ថបទជាបន្ទាប់នឹងពិគ្រោះលក្ខណៈដ៏សំខាន់ទាំងនេះ ដែលមានអានុភាពលើការរីកចំរើនរបស់យើងជាជនគ្រីស្ទាន។
[កំណត់សម្គាល់]
a តាំងពីឆ្នាំ១៩៧៩ តម្លៃនៃមាសបានប្រែប្រួលចុះឡើង គឺនៅឆ្នាំ១៩៨០ មាសមួយតម្លឹងមានតម្លៃជាអតិបរិមា គឺ១.០២៨ដុល្លារអាមេរិក ហើយមកដល់ឆ្នាំ១៩៩៩ មាសមួយតម្លឹងបានចុះតម្លៃជាអប្បបរិមា គឺ៣០៥ដុល្លារអាមេរិកវិញ។
តើអ្នកចាំទេ?
• តើការ«រំពឹងគិត» និងការ«ជញ្ជឹងគិត» រួមបញ្ចូលអ្វីទៅ?
• តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះការសិក្សាបន្ទូលរបស់ព្រះ?
• តើយើងគួរមានបំណងចិត្តអ្វីពេលសិក្សាផ្ទាល់ខ្លួន?
• តើយើងមានឧបករណ៍អ្វីខ្លះដែលអាចជួយឲ្យយើងយល់ព្រះគម្ពីរ?
[រូបភាពនៅទំព័រ១៤]
មុននឹងចាប់ផ្ដើមធ្វើការនោះសមាជិកក្រុមគ្រួសារបេតអែល ចាត់ទុកការពិនិត្យមើលខបទគម្ពីរប្រចាំថ្ងៃ ជាអ្វីដែលពង្រឹងកម្លាំងខាងវិញ្ញាណរបស់ពួកគេ
[រូបភាពនៅទំព័រ១៤]
យើងអាចឆ្លៀតពេលក្នុងកាលដែលធ្វើដំណើរ ដើម្បីស្ដាប់កាសែតម៉ាញេដែលមានអំនានព្រះគម្ពីរ
[រូបភាពនៅទំព័រ១៦]
ព្រះគម្ពីរជារតនសម្បត្ដិ ដែលអាចនាំឲ្យបានជីវិតជារៀងរហូត