ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែវិច្ឆិកា
w០០-E ១/២ ទំ. ៣១ វ. ២
ដំបូន្មានដ៏មានប្រាជ្ញារបស់ម្ដាយ
ស្តីអំពីប្រពន្ធដែលមានសមត្ថភាព ម្ដាយរបស់ស្តេចលេមយួលបានប្រាប់គាត់ថា៖ «ប្ដីនាងនឹងទុកចិត្តចំពោះនាង»។ (ខ១១) ក្នុងន័យម្យ៉ាងទៀត ប្ដីមិនតម្រូវឲ្យប្រពន្ធសុំការសម្រេចចិត្តពីគាត់គ្រប់រឿងនោះទេ។ គូអាពាហ៍ពិពាហ៍គួរពិភាក្សាគ្នាមុននឹងសម្រេចចិត្តរឿងសំខាន់ៗ ដូចជាការទិញអ្វីដែលថ្លៃៗ ឬការចិញ្ចឹមអប់រំកូន។ ការប្រាស្រ័យទាក់ទងគ្នាក្នុងរឿងទាំងនេះ ពង្រឹងចំណងមិត្តភាពរវាងប្ដីនិងប្រពន្ធ។
it-2-E ទំ. ១១៨៣
ប្រពន្ធ
ក្រឹត្យវិន័យរបស់ព្រះផ្ដល់ការការពារដល់ប្រពន្ធ។ ប្ដីមានឋានៈខ្ពស់ជាងគេក្នុងក្រុមគ្រួសារ។ ទោះជាដូច្នោះក៏ដោយ ព្រះតម្រូវឲ្យគាត់ផ្គត់ផ្គង់ចិញ្ចឹមបីបាច់ក្រុមគ្រួសារខាងផ្លូវកាយនិងខាងការគោរពប្រណិប័តន៍ព្រះ។ ម្យ៉ាងទៀត ពេលមានកំហុសណាមួយក្នុងគ្រួសារ នោះឆ្លុះបញ្ចាំងអំពីប្ដី។ ហេតុនេះហើយប្ដីមានភារកិច្ចធ្ងន់។ មួយវិញទៀត ទោះជាគាត់មានឯកសិទ្ធិធំជាងប្រពន្ធក៏ដោយ ក្រឹត្យវិន័យរបស់ព្រះបានការពារប្រពន្ធ ហើយក៏ឲ្យនាងនូវឯកសិទ្ធិពិសេសមួយចំនួនដែរ ដើម្បីនាងអាចរស់នៅដោយមានសុភមង្គលនិងភាពសុខសាន្ត។
ឧទាហរណ៍ខ្លះនៃការរៀបចំក្នុងក្រឹត្យវិន័យដែលទាក់ទងនឹងប្រពន្ធគឺ មិនថាជាប្ដីឬប្រពន្ធក្ដី បើប្រព្រឹត្តអំពើផិតក្បត់អាចត្រូវស្លាប់។ បើប្ដីសង្ស័យថាប្រពន្ធរបស់គាត់ផិតក្បត់ គាត់អាចនាំនាងទៅជួបពួកសង្ឃ ព្រោះព្រះយេហូវ៉ាជាអ្នកវិនិច្ឆ័យរឿងនោះ ហើយបើរកឃើញថាប្រពន្ធធ្វើខុសមែន នាងនឹងមិនអាចមានកូនទេ។ ផ្ទុយទៅវិញ បើរកឃើញថានាងមិនខុសទេ ប្ដីនោះត្រូវធ្វើឲ្យនាងមានកូន ដើម្បីបង្ហាញដល់មហាជនថានាងបរិសុទ្ធគ្មានសៅហ្មងទេ។ (ជន. ៥:១២-៣១) ប្ដីអាចលែងលះប្រពន្ធបាន បើគាត់ឃើញថានាងធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។ នេះទំនងជាអ្វីមួយចំនួនដូចជា ការមិនបង្ហាញការគោរពចំពោះប្ដី ឬបង្ខូចកេរ្ដិ៍ឈ្មោះក្រុមគ្រួសារ ឬក្រុមគ្រួសារឪពុករបស់ប្ដី។ ប៉ុន្តែ ប្រពន្ធបានត្រូវការពារដោយក្រឹត្យវិន័យ ដែលថាប្ដីត្រូវសរសេរសំបុត្រលែងលះឲ្យដល់នាង ដើម្បីនាងមានសិទ្ធិរៀបការម្ដងទៀតបាន។ (ចោ. ២៤:១, ២) បើប្រពន្ធបានធ្វើសម្បថណាមួយដែលប្ដីគិតថាមិនប្រកបដោយប្រាជ្ញា ឬប៉ះពាល់ដល់ក្រុមគ្រួសារ ប្ដីអាចផ្ដាច់សម្បថនោះបាន។ (ជន. ៣០:១០-១៥) ប៉ុន្តែ នេះបានការពារប្រពន្ធពីការរហ័សសន្យាអ្វីមួយដែលប្រហែលជានាំឲ្យនាងពិបាកក្រោយមក។
ក្រឹត្យវិន័យម៉ូសេបានអនុញ្ញាតឲ្យប្ដីមានប្រពន្ធច្រើន តែក្រឹត្យវិន័យនេះក៏ផ្ដល់ការការពារដល់ប្រពន្ធដែរ។ ប្ដីមិនអាចប្ដូរសិទ្ធិកូនច្បងពីកូនប្រុសរបស់ប្រពន្ធដែលគាត់មិនសូវស្រឡាញ់ ឲ្យទៅកូនប្រុសរបស់ប្រពន្ធដែលគាត់ស្រឡាញ់ជាងឡើយ។ (ចោ. ២១:១៥-១៧) បើកូនស្រីអ៊ីស្រាអែលម្នាក់ដែលត្រូវឪពុកលក់ឲ្យធ្វើជាខ្ញុំបម្រើគេ ហើយក្រោយមកម្ចាស់នោះបានយកនាងធ្វើជាប្រពន្ធចុង ម្ចាស់នោះអាចអនុញ្ញាតឲ្យគេលោះនាងបាន បើនាងធ្វើឲ្យគាត់មិនពេញចិត្ត។ ប៉ុន្តែ ម្ចាស់នោះមិនអាចលក់នាងទៅឲ្យអ្នកប្រទេសក្រៅបានទេ។ (និក្ខ. ២១:៧, ៨) បន្ថែមទៅទៀត បើម្ចាស់ឬកូនប្រុសគាត់យកនាងធ្វើជាប្រពន្ធចុង ហើយក្រោយមករៀបការជាមួយនឹងប្រពន្ធម្នាក់ទៀត ម្ចាស់នោះឬកូនប្រុសដែលយកនាងធ្វើប្រពន្ធ ត្រូវផ្ដល់ម្ហូបអាហារ សម្លៀកបំពាក់ និងទីជម្រក ព្រមទាំងបំពេញច្បាប់ជាប្ដីចំពោះនាងផងដែរ។—និក្ខ. ២១:៩-១១
បើប្ដីចោទប្រកាន់មិនពិតថាប្រពន្ធមិនមែនជាស្ត្រីក្រមុំបរិសុទ្ធ នៅពេលដែលរួមដំណេកជាមួយនាង ហើយបានបង្ហាញភ័ស្តុតាងមិនពិត ប្ដីនោះនឹងត្រូវទទួលទោស ហើយត្រូវបង់ប្រាក់ឲ្យឪពុករបស់នាងមួយទ្វេជាពីរនូវតម្លៃខាន់ស្លា ហើយមិនអាចលែងលះនាងឡើយ។ (ចោ. ២២:១៣-១៩) បើបុរសម្នាក់បានល្បួងលួងលោមស្ត្រីក្រមុំបរិសុទ្ធម្នាក់ឲ្យរួមដំណេកនឹងខ្លួន គាត់ត្រូវបង់តម្លៃខាន់ស្លាឲ្យឪពុករបស់នាង បើឪពុកនោះអនុញ្ញាតឲ្យនាងរៀបការជាមួយ ហើយបុរសនោះមិនអាចលែងលះនាងឡើយ។—ចោ. ២២:២៨, ២៩; និក្ខ. ២២:១៦, ១៧
ឋានៈរបស់ប្រពន្ធក្នុងសង្គមហេប្រឺខុសគ្នាឆ្ងាយពីឋានៈរបស់ប្រពន្ធក្នុងសង្គមបស្ចិមប្រទេសនៅសព្វថ្ងៃនេះ។ ទោះជាយ៉ាងនោះក៏ដោយ ប្រពន្ធជនជាតិហេប្រឺដ៏ស្មោះត្រង់ ពេញចិត្តនឹងឋានៈរបស់គាត់និងកិច្ចការរបស់គាត់។ នាងបានជួយប្ដីចិញ្ចឹមអប់រំកូន ចាត់ចែងកិច្ចការផ្ទះ ហើយនាងស្កប់ចិត្តនិងពេញចិត្តនឹងកិច្ចការជាច្រើន ដោយសារនាងអាចបង្ហាញអស់ពីសមត្ថភាពនូវលក្ខណៈធម្មជាតិនិងទេពកោសល្យទាំងអស់របស់នាងជាស្ត្រីភេទ។
ការពណ៌នាអំពីប្រពន្ធល្អ។ ចិត្តសប្បាយនិងសកម្មភាពរបស់ប្រពន្ធដ៏ស្មោះត្រង់ បានត្រូវរៀបរាប់ក្នុងសុភាសិត ជំពូកទី៣១។ នាងបានត្រូវពណ៌នាថាមានតម្លៃជាងផ្កាថ្មក្រហមទៅទៀតចំពោះប្ដីនាង។ ប្ដីនាងអាចទុកចិត្តនាង។ នាងជាស្រីឧស្សាហ៍។ នាងត្បាញរវៃធ្វើសម្លៀកបំពាក់ឲ្យក្រុមគ្រួសារ។ នាងចេះទិញប្រដាប់ប្រដាដែលក្រុមគ្រួសារត្រូវការ ហើយនាងធ្វើការនៅចម្ការទំពាំងបាយជូរ និងចាត់ចែងកិច្ចការឲ្យពួកអ្នកបម្រើ។ នាងជួយអ្នកឯទៀតដែលត្រូវការជំនួយ។ នាងរៀបចំសម្លៀកបំពាក់ស្អាតបាតឲ្យក្រុមគ្រួសារ។ នាងថែមទាំងរកចំណូលខ្លះពីស្នាដៃរបស់នាង។ នាងចេះលៃលកទុកអ្វីៗដើម្បីក្រុមគ្រួសារមានគ្រប់គ្រាន់ មុនពេលមានរឿងអាសន្នកើតឡើង។ នាងបង្ហាញនូវប្រាជ្ញានិងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ហើយតាមរយៈការកោតខ្លាចព្រះយេហូវ៉ានិងការចេះធ្វើការល្អ នាងទទួលការសរសើរពីប្ដីនិងកូនៗនាង។ ដោយហេតុទាំងនោះ នាងនាំឲ្យអ្នកផងក្នុងស្រុកសរសើរប្ដីនិងក្រុមគ្រួសាររបស់នាង។ ពិតណាស់ ប្ដីដែលមានប្រពន្ធល្អ ឈ្មោះថាបានរបស់ល្អនិងប្រកបដោយព្រះគុណពីព្រះយេហូវ៉ា។—សុភ. ១៨:២២
ក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ខ្នាតតម្រាក្នុងក្រុមជំនុំគ្រិស្តសាសនិក គឺប្ដីគួរមានប្រពន្ធតែមួយប៉ុណ្ណោះ។ (១កូ. ៧:២; ១ធី. ៣:២) ប្រពន្ធបានត្រូវបង្គាប់ឲ្យចុះចូលនឹងប្ដី មិនថាប្ដីជាអ្នកជឿឬមិនជឿក្ដី។ (អេភ. ៥:២២-២៤) ប្រពន្ធត្រូវបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្ដី ហើយប្ដីក៏ត្រូវបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្រពន្ធវិញដែរ។ នាងមិនមែន«ជាម្ចាស់លើរូបកាយរបស់ខ្លួនទេ»។ (១កូ. ៧:៣, ៤) ប្រពន្ធបានត្រូវបង្គាប់ថាចូរឲ្យសម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ គឺជាផលដែលបង្កើតដោយសកម្មពលបរិសុទ្ធ នោះប្រហែលជាអាចធ្វើឲ្យប្ដីដែលមិនជឿក្លាយទៅជាគ្រិស្តសាសនិក តាមរយៈការប្រព្រឹត្តរបស់នាងជាប្រពន្ធ។—១ពេ. ៣:១-៦
ប្រើក្នុងន័យធៀប។ ក្នុងន័យធៀប ព្រះយេហូវ៉ាបានហៅជនជាតិអ៊ីស្រាអែលថាជាប្រពន្ធ ដោយសារលោកបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ។ (អេ. ៥៤:៦) សាវ័កប៉ូលរៀបរាប់អំពីព្រះយេហូវ៉ាថាជាបិតានៃគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ហើយគាត់និយាយអំពី«ក្រុងយេរូសាឡិមនៅស្ថានលើ»ថាជាម្ដាយរបស់ពួកគេ ក្នុងន័យធៀបព្រះយេហូវ៉ាបានរៀបការជាមួយនឹងនាងសម្រាប់គោលបំណងនេះ គឺបង្កើតគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ (កាឡ. ៤:៦, ៧, ២៦) ក្រុមជំនុំគ្រិស្តសាសនិកក៏បានត្រូវហៅថាជាកូនក្រមុំ ឬប្រពន្ធរបស់លោកយេស៊ូគ្រិស្តដែរ។—អេភ. ៥:២៣, ២៥; បប. ១៩:៧; ២១:២, ៩
w០០-E ១/២ ទំ. ៣១ វ. ៣-៤
ដំបូន្មានដែលប្រកបដោយប្រាជ្ញារបស់ម្ដាយម្នាក់
ប្រពន្ធដែលមានសមត្ថភាព មានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ក្នុងសុភាសិតជំពូកទី៣១ ខ១៣ដល់២៧បានដកស្រង់នូវដំបូន្មាននិងគោលការណ៍ខ្លះ ដែលប្រពន្ធគ្រប់វ័យអាចប្រើដើម្បីផ្ដល់ប្រយោជន៍ដល់ក្រុមគ្រួសាររបស់នាង។ ជាឧទាហរណ៍ ដោយសារតម្លៃសម្លៀកបំពាក់និងប្រដាប់ប្រដាផ្សេងៗចេះតែឡើងថ្លៃ ប្រពន្ធដែលមានសមត្ថភាពរៀនដេរប៉ាក់និងចាយវាយត្បិតត្បៀត ដើម្បីក្រុមគ្រួសារនាងមានសម្លៀកបំពាក់ស្អាតបាតនិងរៀបរយ។ (ខ១៣, ១៩, ២១, ២២) ដើម្បីកាត់បន្ថយតម្លៃម្ហូបក្នុងក្រុមគ្រួសារ នាងដាំបន្លែផ្សេងៗ ហើយទិញអ្វីៗដោយចេះគិត។—ខ១៤, ១៦
ច្បាស់ណាស់ ស្ត្រីនេះមិនបរិភោគ«អាហារដោយសេចក្ដីកំជិលឡើយ»។ នាងធ្វើការនឿយហត់ ហើយនាងចាត់ចែងកិច្ចការក្នុងផ្ទះដោយប៉ិនប្រសប់។ (ខ២៧) នាងទម្លាប់«ចង្កេះឲ្យមានកំឡាំង» ដែលមានន័យថានាងប្រុងប្រៀបធ្វើកិច្ចការផ្សេងៗដែលតម្រូវឲ្យប្រើកម្លាំង។ (ខ១៧) នាងក្រោកពីព្រលឹមមុនថ្ងៃរះ ចាប់ផ្ដើមធ្វើកិច្ចការរបស់នាង ហើយនាងធ្វើការយ៉ាងឧស្សាហ៍រហូតដល់យប់។ ហេតុនេះហើយបានជាចង្កៀងដែលបំភ្លឺពេលនាងធ្វើការ តែងតែឆេះជានិច្ច។—ខ១៥, ១៨
w០០-E ១/២ ទំ. ៣១ វ. ៥
ដំបូន្មានដែលប្រកបដោយប្រាជ្ញារបស់ម្ដាយម្នាក់
សំខាន់បំផុត ប្រពន្ធដែលមានសមត្ថភាពជាបុគ្គលដែលមានចំណងមិត្តភាពល្អជាមួយនឹងព្រះ។ នាងកោតខ្លាចព្រះ ហើយគោរពប្រណិប័តន៍លោកដោយការគោរពយ៉ាងជ្រាលជ្រៅនិងការកោតស្ងើចចំពោះលោក។ (ខ៣០) នាងក៏ជួយប្ដីរបស់នាងក្នុងការបង្ហាត់បង្រៀនកូនឲ្យធ្វើដូច្នោះដែរ។ ខ២៦ចែងថា នាងបង្រៀនកូន«ដោយប្រាជ្ញា» ហើយ«នៅអណ្ដាតនាងមានសេចក្ដីសប្បុរស»។
w០០-E ១/២ ទំ. ៣១ វ. ៨
ដំបូន្មានដែលប្រកបដោយប្រាជ្ញារបស់ម្ដាយម្នាក់
ដោយមានបទពិសោធន៍ផ្ទាល់ខ្លួន ម្ដាយរបស់ស្តេចលេមយួលរំលឹកកូនប្រុសរបស់គាត់អំពីសារៈសំខាន់នៃការឲ្យតម្លៃចំពោះប្រពន្ធ។ ស្តេចលេមយួលគួរស្រឡាញ់ប្រពន្ធរបស់គាត់ជាងគេបន្ទាប់ពីព្រះយេហូវ៉ា។ ដូច្នេះ សូមស្រមៃគិតអំពីអារម្មណ៍ជ្រាលជ្រៅរបស់គាត់ ពេលគាត់សារភាពជាសាធារណៈថា៖ «មានស្រីៗជាច្រើនបានប្រព្រឹត្តដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។—សុភ. ៣១:២៩
w១១-E ១/៨ ទំ. ២៩ វ. ២
ថ្ងៃនៃសេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងនិងការទន្ទឹងចាំដោយត្រេកអរ
បងប្រុសម៉ូរីសបានអានសុភាសិត ២៧:២១ ដែលថា៖ «មានបាវដីសំរាប់សំរងប្រាក់ ហើយមានឡសំរាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែសេចក្ដីដែលគេសរសើរពីអ្នកនោះទេ»។ គាត់បានពន្យល់ថាមាសនិងប្រាក់ត្រូវការសំរងឬដុតវា យើងត្រូវសំរងឬសម្រិតសម្រាំង ដោយការសរសើរដែរ។ តើតាមរបៀបណា? ការសរសើរអាចសឲ្យយើងឃើញនូវធាតុពិតរបស់បុគ្គលម្នាក់។ ការសរសើរអាចនាំបុគ្គលម្នាក់មានអំណួតនិងធ្វើឲ្យចំណងមិត្តភាពរវាងគាត់និងព្រះយេហូវ៉ាប្រេះឆា ឬក៏អាចជំរុញចិត្តយើងឲ្យទទួលស្គាល់ថាយើងជំពាក់ព្រះយេហូវ៉ា ហើយនោះជួយឲ្យយើងមានការតាំងចិត្តខ្លាំងថែមទៀតមិនបំពានខ្នាតតម្រារបស់លោក។ ដូច្នេះ បងប្រុសម៉ូរីសបានដាស់តឿនសិស្សនៅសាលាគីលាតឲ្យទទួលយកការសរសើរណាពីអ្នកឯទៀតតាមរបៀបត្រឹមត្រូវ ពោលគឺប្រើឱកាសនោះដើម្បីបង្ហាញថាពួកគេមាន«សេចក្ដីស្ញែងខ្លាច»ត្រឹមត្រូវចំពោះ«ព្រះយេហូវ៉ា»។
ថ្ងៃទី១៤-២០ ខែវិច្ឆិកា
w១៥-E ១/២ ទំ. ៤-៦
តើតាមរបៀបណាយើងអាចរីករាយនឹងការនឿយហត់របស់ខ្លួន?
«ការដែលគ្រប់មនុស្សបានស៊ីហើយផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ទាំងការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទាននៃព្រះ»។ (សាស្ដ. ៣:១៣) បើព្រះចង់ឲ្យយើងរីករាយនឹងកិច្ចការរបស់យើង តើមិនសមហេតុសមផលទេឬដែលលោកនឹងបង្ហាញយើងអំពីរបៀបទទួលអំណរបែបនេះ? (អេ. ៤៨:១៧) យើងពិតជាអរគុណលោកណាស់ ដែលលោកបានបង្ហាញយើងនូវរបៀបទទួលអំណរ ពោលគឺតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ សូមពិចារណាដំបូន្មានដែលមានមូលដ្ឋានក្នុងគម្ពីរ ដែលជួយយើងទទួលការស្កប់ចិត្តពីការងាររបស់យើង។
ចូរបណ្ដុះឲ្យមានចិត្តគំនិតត្រឹមត្រូវចំពោះការងារ
ទោះជាការងាររបស់អ្នកភាគច្រើនប្រើខួរក្បាល ប្រើកម្លាំង ឬប្រើទាំងពីរក្ដី សូមទទួលស្គាល់ថា៖ «អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកំរៃឬ[ប្រយោជន៍]»។ (សុភ. ១៤:២៣) តើមានប្រយោជន៍អ្វីខ្លះ? ប្រយោជន៍មួយគឺការងារនឿយហត់ជួយយើងឲ្យផ្គត់ផ្គង់ខ្លួន។ ពិតណាស់ ព្រះសន្យាថាលោកនឹងបំពេញសេចក្ដីត្រូវការរបស់អ្នកដែលគោរពប្រណិប័តន៍លោកយ៉ាងស្មោះអស់ពីចិត្ត។ (ម៉ាថ. ៦:៣១, ៣២) ប៉ុន្តែ លោកក៏តម្រូវឲ្យយើងខំអស់ពីសមត្ថភាពរបស់យើងក្នុងការចិញ្ចឹមជីវិតដោយទៀងត្រង់ដែរ។—២ថែ. ៣:១០
ហេតុនេះ យើងអាចចាត់ទុកការងាររបស់ខ្លួនជាមធ្យោបាយចិញ្ចឹមជីវិត។ ការងារជាវិធីដ៏ប្រសើរដើម្បីឲ្យយើងបំពេញភារកិច្ចផ្សេងៗរបស់យើង។ យុវជនម្នាក់ឈ្មោះយ៉ូស្វេដែលមានអាយុ២៥ឆ្នាំ បាននិយាយថា៖ «ការចិញ្ចឹមខ្លួនឯងជាជោគជ័យមួយក្នុងជីវិត។ បើអ្នកមានការងារដែលអាចឲ្យអ្នកបង់ចំណាយដែលអ្នកត្រូវការ ការងារនោះសម្រេចគោលបំណងរបស់វាហើយ»។
បន្ថែមទៅទៀត ការធ្វើការនឿយហត់នាំឲ្យអ្នកចេះគោរពខ្លួនឯង។ សំខាន់បំផុត ការងារនឿយហត់មិនគ្រាន់តែធ្វើយ៉ាងនឿយហត់ប៉ុណ្ណោះទេ តែពេលយើងអប់រំខ្លួនឲ្យបំពេញកិច្ចការនោះ សូម្បីតែពិបាកឬអផ្សុកក្ដី យើងអាចស្កប់ចិត្តដោយដឹងថាយើងចេះដាក់កម្រិតខ្ពស់ចំពោះខ្លួន។ បើយើងធ្វើដូច្នោះ យើងកំពុងយកឈ្នះទំនោរចិត្តខ្ជិលច្រអូស។ (សុភ. ២៦:១៤) ក្នុងន័យនោះហើយដែលការងារនាំឲ្យយើងស្កប់ចិត្តយ៉ាងខ្លាំង។ ដូចបានរៀបរាប់នៅអត្ថបទមុន អេរ៉ុនបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយណាស់ ក្រោយពីខ្ញុំបានបំពេញកិច្ចការនឿយហត់ពេញមួយថ្ងៃ។ ពិតមែនតែខ្ញុំអស់កម្លាំង ហើយប្រហែលគ្មានអ្នកណាឃើញការងារខ្ញុំទេ តែខ្ញុំសប្បាយណាស់ដែលខ្ញុំបានសម្រេចកិច្ចការនោះ»។
ចូរព្យាយាមបំពេញកិច្ចការរបស់អ្នក
គម្ពីរបានចែងសរសើរបុរសដែល«ខ្នះខ្នែងក្នុងការរកស៊ីរបស់ខ្លួន» ហើយសរសើរស្ត្រីដែល«ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្ត»។ (សុភ. ២២:២៩; ៣១:១៣) ពិតណាស់ បុគ្គលម្នាក់មិនប៉ិនប្រសប់ការងារដោយស្វ័យប្រវត្ដិនោះទេ ហើយមានមនុស្សតិចណាស់ដែលចូលចិត្តធ្វើអ្វីដែលខ្លួនមិនពូកែធ្វើ។ តាមមើលទៅ នេះជាមូលហេតុដែលមនុស្សជាច្រើនមិនចូលចិត្តការងាររបស់ខ្លួន ដោយសារពួកគេមិនបានខំអស់ពីសមត្ថភាពដើម្បីធ្វើការរបស់ខ្លួនឲ្យបានល្អ។
ការពិត បុគ្គលម្នាក់អាចរៀនឲ្យចូលចិត្តកិច្ចការស្ទើរតែទាំងអស់បាន បើគាត់ធ្វើការនោះដោយមានចិត្តគំនិតត្រឹមត្រូវ គឺដោយផ្ដោតអារម្មណ៍ទៅលើការរៀនអំពីរបៀបធ្វើការងារនោះឲ្យបានល្អ។ យុវជនម្នាក់ឈ្មោះវីល្លាមអាយុ២៤ឆ្នាំបាននិយាយថា៖ «ពេលអ្នកធ្វើការងារមួយអស់ពីសមត្ថភាព ហើយឃើញលទ្ធផលពីនោះ អ្នកនឹងស្កប់ចិត្តបំផុត។ អ្នកមិនអាចមានអារម្មណ៍នោះបានទេ បើអ្នកធ្វើលំៗឬធ្វើឲ្យតែបានៗ»។
ចូរផ្ដោតអារម្មណ៍ទៅលើប្រយោជន៍ដែលអ្នកឯទៀតទទួលពីកិច្ចការរបស់អ្នក
សូមជៀសវាងពីការគិតតែអំពីលុយច្រើនប៉ុនណាដែលអ្នកអាចរកបាន។ ផ្ទុយទៅវិញ សូមសួរខ្លួនអ្នកនូវសំណួរដូចតទៅនេះ៖ ‹ហេតុអ្វីការងារនេះសំខាន់ចាំបាច់? តើមានអ្វីកើតឡើងបើខ្ញុំធ្វើអត់ហើយ ឬមិនបង្ហើយត្រឹមត្រូវ? តើការងារខ្ញុំផ្ដល់ប្រយោជន៍អ្វីខ្លះដល់អ្នកឯទៀត?›។
ជាការល្អឲ្យយើងគិតអំពីសំណួរចុងក្រោយនេះ ព្រោះអ្វីដែលធ្វើឲ្យគាប់ចិត្តនឹងការងារបំផុត គឺពេលយើងឃើញថាការងារនោះផ្ដល់ប្រយោជន៍ដល់អ្នកឯទៀត។ លោកយេស៊ូផ្ទាល់បានមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្ម. ២០:៣៥) អ្នកដែលទទួលប្រយោជន៍ចំៗពីការងារនឿយហត់របស់យើងមានដូចជា អតិថិជននិងចៅហ្វាយរបស់យើង។ ប៉ុន្តែក្រៅពីនោះក៏មានសមាជិកគ្រួសាររបស់យើងនិងអ្នកដែលខ្វះខាតដែរ។
សមាជិកគ្រួសាររបស់យើង។ ពេលដែលមេគ្រួសារធ្វើការនឿយហត់ដើម្បីផ្គត់ផ្គង់គ្រួសារ គាត់ផ្ដល់ប្រយោជន៍ដល់ពួកគេយ៉ាងហោចណាស់តាមរបៀបពីរយ៉ាង។ ទី១ គាត់ប្រាកដថាក្រុមគ្រួសារគាត់មានអ្វីដែលចាំបាច់សម្រាប់ជីវិត ដូចជាម្ហូបអាហារ សម្លៀកបំពាក់ និងទីជម្រក។ ម្ល៉ោះហើយ គាត់បំពេញភារកិច្ចដែលព្រះបានប្រគល់ឲ្យគាត់ក្នុងការ«ទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន»។ (១ធី. ៥:៨) ទី២ អ្នកចិញ្ចឹមគ្រួសារដែលខ្នះខ្នែង បង្រៀនអ្នកផ្ទះគាត់អំពីសារៈសំខាន់នៃការធ្វើការនឿយហត់។ នៅអត្ថបទមុន ហ្សេនបាននិយាយថា៖ «ប៉ាខ្ញុំជាគំរូដ៏ប្រសើរជាអ្នកដែលធ្វើការនឿយហត់។ គាត់ជាមនុស្សទៀងត្រង់ដែលធ្វើការនឿយហត់ពេញមួយជីវិត។ ការងាររបស់គាត់គឺជាជាងឈើ។ តាមរយៈគំរូរបស់គាត់ ខ្ញុំបានរៀនអំពីប្រយោជន៍នៃការប្រើដៃ ដើម្បីធ្វើប្រដាប់ប្រដាដែលអ្នកឯទៀតស្រួលប្រើប្រាស់»។
អ្នកដែលខ្វះខាត។ សាវ័កប៉ូលបានឲ្យដំបូន្មានគ្រិស្តសាសនិកឲ្យ«ធ្វើការ . . . យ៉ាងនឿយហត់ដោយដៃខ្លួនឯង ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត»។ (អេភ. ៤:២៨) ពិតណាស់ ពេលយើងធ្វើការនឿយហត់ដើម្បីទំនុកបម្រុងខ្លួននិងក្រុមគ្រួសារ យើងក៏អាចជួយអ្នកដែលខ្វះខាតដែរ។ (សុភ. ៣:២៧) ដូច្នេះការងារនឿយហត់អាចធ្វើឲ្យយើងមានសុភមង្គលច្រើនជាងដែលមកពីការឲ្យគេ។
ចូរធ្វើលើសពីតម្រូវការ
ក្នុងសុន្ទរកថានៅលើភ្នំ លោកយេស៊ូបានមានប្រសាសន៍ថា៖ «បើអ្នកដែលមានអំណាចប្រើអ្នកឲ្យធ្វើការ ដោយបញ្ជាឲ្យទៅតាមគាត់មួយគីឡូម៉ែត្រ ចូរទៅជាមួយនឹងគាត់ពីរគីឡូម៉ែត្រចុះ»។ (ម៉ាថ. ៥:៤១) តើអ្នកអាចធ្វើតាមគោលការណ៍នេះក្នុងការងាររបស់អ្នកយ៉ាងដូចម្ដេច? ជាជាងធ្វើលំៗ សូមរកវិធីធ្វើលើសពីតម្រូវការ។ សូមកំណត់គោលដៅផ្ទាល់ខ្លួន ដោយធ្វើការងាររបស់អ្នកឲ្យបានល្អជាង ឬលឿនជាងតម្រូវការ។ សូមមានមោទនភាពចំពោះការងារទាំងអស់របស់អ្នក សូម្បីតែកិច្ចការតូចតាច។
ពេលអ្នកធ្វើលើសពីតម្រូវការ អ្នកទំនងជាចូលចិត្តការងាររបស់អ្នកជាង។ ហេតុអ្វី? ដោយសារអ្នកចេះកាន់កាប់សកម្មភាពរបស់អ្នក។ អ្នកកំពុងឲ្យច្រើនជាង ដោយសារអ្នកចង់ឲ្យ មិនមែនដោយសារអ្នកណាម្នាក់បង្ខំអ្នកនោះទេ។ (ភីលេ. ១៤) ស្តីអំពីរឿងនេះ យើងប្រហែលជានឹកចាំគោលការណ៍ដែលបានត្រូវកត់ទុកនៅសុភាសិត ១២:២៤ ដែលថា៖ «ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបំរើវិញ»។ ពិតណាស់ ពួកយើងខ្លះនឹងត្រូវបម្រើគេ ឬត្រូវបង្ខំឲ្យធ្វើការ។ ប៉ុន្តែ បុគ្គលម្នាក់ដែលគ្រាន់តែធ្វើការលំៗ អាចមានអារម្មណ៍ថាគាត់ជាខ្ញុំបម្រើគេ ហើយតែងតែនៅក្រោមនឹមនៃការបង្គាប់ពីអ្នកឯទៀត។ ប៉ុន្តែ បុគ្គលដែលធ្វើលើសពីតម្រូវការដោយសារគាត់បានសម្រេចចិត្តធ្វើ មានអារម្មណ៍ថាគាត់ចេះគ្រប់គ្រងជីវិតរបស់ខ្លួន។ គាត់គ្រប់គ្រងលើសកម្មភាពរបស់គាត់ជានិច្ច។
ការងារសំខាន់ក៏ពិតមែន តែសូមចាត់ទុកវាជារឿងបន្ទាប់បន្សំ
ការចេះធ្វើការនឿយហត់គឺគួរឲ្យសរសើរណាស់ ប៉ុន្តែ ជាការល្អឲ្យយើងចាំថាមានអ្វីផ្សេងទៀតដែលសំខាន់ជាងការងារ។ ពិតមែន គម្ពីរលើកទឹកចិត្តយើងឲ្យធ្វើការដោយខ្នះខ្នែង។ (សុភ. ១៣:៤) ប៉ុន្តែ គម្ពីរមិនលើកទឹកចិត្តយើងឲ្យជក់ស្លុងនឹងការងារនោះទេ។ សាស្ដា ៤:៦ចែងថា៖ «បើមានតែ១ក្ដាប់ ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្ដាប់ ហើយមានទាំងការនឿយហត់នឹងការខំជាអសារឥតការផង»។ តើអ្វីជាចំណុចសំខាន់? គឺបុគ្គលដែលជក់ស្លុងនឹងការងារ ប្រហែលជាមិនដែលពេញចិត្តនឹងផលដែលមកពីការងាររបស់គាត់ទេ បើការងារនោះស៊ីកម្លាំងនិងពេលវេលាទាំងអស់របស់គាត់។ ជាលទ្ធផល ការងាររបស់គាត់ទៅជាអ្វីដែល«អសារឥតការ»ទៅវិញ។
គម្ពីរអាចជួយយើងបណ្ដុះឲ្យមានចិត្តគំនិតត្រឹមត្រូវចំពោះការងារ។ ទោះជាគម្ពីរប្រាប់ឲ្យយើងខំធ្វើកិច្ចការរបស់យើងក៏ពិតមែន តែគម្ពីរក៏ឲ្យដំបូន្មានយើងឲ្យ«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភី. ១:១០) តើអ្វីជាការដែលសំខាន់ជាង? នោះរួមបញ្ចូលការចំណាយពេលជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្ដិ។ សំខាន់ជាងនោះទៅទៀតគឺកិច្ចការដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ ដូចជាការអានគម្ពីរជារៀងរាល់ថ្ងៃ និងការរំពឹងគិតអំពីអ្វីដែលយើងអាន។
អ្នកដែលចេះរក្សាជីវិតពួកគេឲ្យមានតុល្យភាព ទំនងជាពេញចិត្តនឹងការងាររបស់ពួកគេកាន់តែខ្លាំង។ យុវជនវីល្លាមបាននិយាយថា៖ «ចៅហ្វាយម្នាក់ដែលខ្ញុំធ្លាប់ធ្វើការជាមួយ គឺជាគំរូល្អជាអ្នកដែលចេះរក្សាតុល្យភាពក្នុងរឿងការងារ។ គាត់ធ្វើការនឿយហត់ ហើយគាត់មានទំនាក់ទំនងល្អជាមួយភ្ញៀវរបស់គាត់ ដោយសារគាត់ធ្វើការល្អ។ ប៉ុន្តែនៅចុងថ្ងៃ ពេលការងារគាត់រួចរាល់ហើយ គាត់ទុកចោលការងាររបស់គាត់មួយឡែកសិន ហើយផ្ដោតអារម្មណ៍ទៅលើក្រុមគ្រួសាររបស់គាត់ និងការគោរពប្រណិប័តន៍ព្រះ។ ហើយដឹងទេ ក្នុងចំណោមអ្នកដែលខ្ញុំធ្លាប់ស្គាល់ គាត់ជាបុគ្គលម្នាក់ដែលមានសុភមង្គលបំផុត!»។
[ប្រអប់នៅទំព័រ៥]
តើពួកគេមានទស្សនៈយ៉ាងណាចំពោះការងារ?
«ពេលខ្ញុំអស់កម្លាំងនៅចុងថ្ងៃ ខ្ញុំមានអារម្មណ៍ថាខ្លួនបានសម្រេចកិច្ចការ ហើយមានអំណរ។ ខ្ញុំដឹងថាខ្ញុំពិតជាបានធ្វើការអស់ពីចិត្តនៅថ្ងៃនោះមែន» (នីក)។
«ការធ្វើការយ៉ាងនឿយហត់ ជារបៀបធ្វើការដ៏ល្អបំផុត។ បើអ្នកបម្រុងធ្វើអ្វីមួយដែលមានប្រយោជន៍ សូមធ្វើឲ្យបានត្រឹមត្រូវ» (គ្រីស្ទាន)។
«រាងកាយរបស់មនុស្សអាចធ្វើអ្វីមួយលើសពីធម្មតា។ ខ្ញុំចូលចិត្តបង្ហាញអំណរគុណចំពោះអំណោយនៃជីវិត ដោយប្រើរាងកាយខ្ញុំធ្វើការនឿយហត់និងជួយអ្នកឯទៀត» (ដាវីឌ)។
w១៥-E ១/២ ទំ. ៦ វ. ៣-៥
តើយើងអាចរីករាយនឹងការនឿយហត់របស់ខ្លួនយ៉ាងដូចម្ដេច?
ការងារសំខាន់ក៏ពិតមែន តែសូមចាត់ទុកវាជារឿងបន្ទាប់បន្សំ
ការចេះធ្វើការនឿយហត់គឺគួរឲ្យសរសើរណាស់ ប៉ុន្តែ ជាការល្អឲ្យយើងចាំថាមានអ្វីផ្សេងទៀតដែលសំខាន់ជាងការងារ។ ពិតមែន គម្ពីរលើកទឹកចិត្តយើងឲ្យធ្វើការដោយខ្នះខ្នែង។ (សុភ. ១៣:៤) ប៉ុន្តែ គម្ពីរមិនលើកទឹកចិត្តយើងឲ្យជក់ស្លុងនឹងការងារនោះទេ។ សាស្ដា ៤:៦ចែងថា៖ «បើមានតែ១ក្ដាប់ ទាំងប្រកបដោយសេចក្ដីសុខ នោះវិសេសជាងមាន២ក្ដាប់ ហើយមានទាំងការនឿយហត់នឹងការខំជាអសារឥតការផង»។ តើអ្វីជាចំណុចសំខាន់? គឺបុគ្គលដែលជក់ស្លុងនឹងការងារ ប្រហែលជាមិនដែលពេញចិត្តនឹងផលដែលមកពីការងាររបស់គាត់ទេ បើការងារនោះស៊ីកម្លាំងនិងពេលវេលាទាំងអស់របស់គាត់។ ជាលទ្ធផល ការងាររបស់គាត់ទៅជាអ្វីដែល«អសារឥតការ»ទៅវិញ។
គម្ពីរអាចជួយយើងបណ្ដុះឲ្យមានចិត្តគំនិតត្រឹមត្រូវចំពោះការងារ។ ទោះជាគម្ពីរប្រាប់ឲ្យយើងខំធ្វើកិច្ចការរបស់យើងក៏ពិតមែន តែគម្ពីរក៏ឲ្យដំបូន្មានយើងឲ្យ«ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភី. ១:១០) តើអ្វីជាការដែលសំខាន់ជាង? នោះរួមបញ្ចូលការចំណាយពេលជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្ដិ។ សំខាន់ជាងនោះទៅទៀតគឺកិច្ចការដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ ដូចជាការអានគម្ពីរជារៀងរាល់ថ្ងៃ និងការរំពឹងគិតអំពីអ្វីដែលយើងអាន។
អ្នកដែលចេះរក្សាជីវិតពួកគេឲ្យមានតុល្យភាព ទំនងជាពេញចិត្តនឹងការងាររបស់ពួកគេកាន់តែខ្លាំង។ យុវជនវីល្លាមបាននិយាយថា៖ «ចៅហ្វាយម្នាក់ដែលខ្ញុំធ្លាប់ធ្វើការជាមួយ គឺជាគំរូល្អជាអ្នកដែលចេះរក្សាតុល្យភាពក្នុងរឿងការងារ។ គាត់ធ្វើការនឿយហត់ ហើយគាត់មានទំនាក់ទំនងល្អជាមួយភ្ញៀវរបស់គាត់ ដោយសារគាត់ធ្វើការល្អ។ ប៉ុន្តែនៅចុងថ្ងៃ ពេលការងារគាត់រួចរាល់ហើយ គាត់ទុកចោលការងាររបស់គាត់មួយឡែកសិន ហើយផ្ដោតអារម្មណ៍ទៅលើក្រុមគ្រួសាររបស់គាត់ និងការគោរពប្រណិប័តន៍ព្រះ។ ហើយដឹងទេ ក្នុងចំណោមអ្នកដែលខ្ញុំធ្លាប់ស្គាល់ គាត់ជាបុគ្គលម្នាក់ដែលមានសុភមង្គលបំផុត!»។
ថ្ងៃទី២១-២៧ ខែវិច្ឆិកា
w១១-E ១/១១ ទំ. ២១ វ. ១-៦
ចូរចូលទៅជិតព្រះ
ចូរបំពេញកាតព្វកិច្ចរបស់យើងចំពោះព្រះ
តើអ្នកធ្លាប់ឆ្ងល់ទេថា៖ ‹តើអ្វីជាគោលបំណងនៃជីវិត?›។ ព្រះយេហូវ៉ាមិនគ្រាន់តែឲ្យយើងនូវសមត្ថភាពសួរសំណួរដូចនេះប៉ុណ្ណោះទេ តែក៏ឲ្យយើងចង់ដឹងចម្លើយយ៉ាងខ្លាំងដែរ។ យើងពិតជាអរគុណព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់របស់យើងណាស់ ដែលលោកមិនបានទុកឲ្យយើងនៅក្នុងភាពងងឹត។ ចម្លើយដែលយើងចង់ដឹងជាខ្លាំងនេះ គឺនៅក្នុងគម្ពីរដែលជាបណ្ដាំរបស់លោក។ សូមពិចារណាពាក្យសម្ដីរបស់ស្តេចសាឡូម៉ូន ដែលបានត្រូវរកឃើញក្នុងសាស្ដា ១២:១៣។
សាឡូម៉ូនស្ថិតក្នុងស្ថានភាពដ៏ពិសេស។ គាត់អាចផ្ដល់ចម្លើយដ៏ល្អអំពីរបៀបស្វែងរកសុភមង្គលនិងអត្ថន័យនៃជីវិត។ ដោយសារគាត់មានប្រាជ្ញាលើសពីមនុស្សធម្មតា មានទ្រព្យសម្បត្ដិស្តុកស្តម្ភ និងមានអំណាចជាស្តេចទៀតនោះ គាត់អាចពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវការខំស្វែងរករបស់មនុស្សជាតិ ជាពិសេសទ្រព្យសម្បត្ដិនិងមុខមាត់។ (សាស្ដា ២:៤-៩; ៤:៤) ម្យ៉ាងទៀត ព្រមជាមួយនឹងការដឹកនាំពីព្រះ គាត់បានសរុបអ្វីដែលគាត់បានរកឃើញដោយនិយាយថា៖ «សេចក្ដីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។ ពាក្យទាំងនេះបញ្ជាក់ពីរង្វាន់ដ៏ប្រសើរបំផុតនិងអ្វីល្អបំផុតដែលមនុស្សត្រូវខំប្រឹងព្យាយាមធ្វើ។
«ចូរកោតខ្លាចដល់ព្រះ»។ ស្ដាប់ទៅគំនិតអំពីការកោតខ្លាចព្រះប្រហែលមិនគួរឲ្យទាក់ទាញចិត្តទេ។ ប៉ុន្តែ ការកោតខ្លាចនេះជាចិត្តគំនិតដ៏ល្អ។ យើងមិនគួរគិតអំពីអ្នកបម្រើម្នាក់ដែលខ្លាចធ្វើឲ្យចៅហ្វាយដ៏កាចខឹងនោះទេ តែយើងគួរគិតអំពីកូនដែលចង់ផ្គាប់ចិត្តឪពុកដែលគាត់ស្រឡាញ់ជាខ្លាំងវិញ។ ឯកសារយោងមួយបានរៀបរាប់ថា ការកោតខ្លាចព្រះជា«ចិត្តគំនិតស្ងើចសរសើរនិងស្ញប់ស្ញែងដែលរាស្ត្ររបស់លោកបង្ហាញចំពោះលោក ដោយសារពួកគេស្រឡាញ់និងគោរពភាពធំប្រសើរនិងឫទ្ធានុភាពរបស់លោក»។ ចិត្តគំនិតបែបនោះជំរុញយើងឲ្យធ្វើតាមបំណងប្រាថ្នារបស់ព្រះ ដោយសារយើងស្រឡាញ់លោក ហើយយើងដឹងថាលោកក៏ស្រឡាញ់យើងដែរ។ ការកោតខ្លាចនេះមិនមែនគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះទេ តែជាការបង្ហាញដោយការប្រព្រឹត្ត។ តើតាមរបៀបណា?
«កាន់តាមបញ្ញត្តទ្រង់ចុះ»។ ការកោតខ្លាចព្រះជំរុញយើងឲ្យស្ដាប់បង្គាប់លោក។ គឺសមហេតុផលមែនដែលយើងស្ដាប់បង្គាប់ព្រះយេហូវ៉ា ដោយសារលោកជាអ្នកបង្កើតយើង។ លោកដឹងនូវវិធីល្អបំផុតឲ្យយើងរស់នៅ ដូចអ្នកផលិតឧបករណ៍មួយ គាត់ដឹងនូវវិធីល្អបំផុតក្នុងការប្រើឧបករណ៍នោះ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត។ លោកចង់ឲ្យយើងមានសុភមង្គល ហើយបញ្ញត្ដិរបស់លោកបានត្រូវរៀបចំដើម្បីជាប្រយោជន៍ដល់យើង។ (អេ. ៤៨:១៧) សាវ័កយ៉ូហានបកស្រាយយ៉ាងនេះថា៖ «ការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។ (១យ៉ូន. ៥:៣) ពេលយើងស្ដាប់បង្គាប់ព្រះ យើងបង្ហាញថាយើងស្រឡាញ់លោក ហើយបញ្ញត្ដិរបស់លោកសឲ្យឃើញថាលោកស្រឡាញ់យើង។
«ប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។ ពាក្យទាំងនេះបញ្ជាក់អំពីមូលហេតុសំខាន់ឲ្យយើងកោតខ្លាចព្រះនិងស្ដាប់បង្គាប់លោក។ ការធ្វើដូច្នោះជាកាតព្វកិច្ចរបស់យើង។ ព្រះយេហូវ៉ាជាអ្នកបង្កើតយើង ដូច្នេះយើងជំពាក់ជីវិតលោក។ (ទំនុក. ៣៦:៩) យើងក៏ជំពាក់លោកនូវការស្ដាប់បង្គាប់ដែរ។ ពេលយើងរស់នៅដូចដែលលោកចង់ឲ្យយើងរស់ នោះយើងកំពុងបំពេញកាតព្វកិច្ចរបស់យើង។
បើដូច្នេះ តើអ្វីជាគោលបំណងនៃជីវិត? បើនិយាយឲ្យចំទៅ គឺយើងមានជីវិតដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ គ្មានវិធីប្រសើរជាងនេះដែលធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារឡើយ។ សូមស្វែងយល់ថែមទៀតអំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ានិងអំពីរបៀបដែលលោកអ្នកអាចប្រើជីវិតស្របតាមបំណងប្រាថ្នាព្រះ។ សាក្សីព្រះយេហូវ៉ារីករាយនឹងជួយលោកអ្នក។