អស់អ្នកដែលជ្រើសរើសយកពន្លឺនឹងទទួលសេចក្ដីសង្គ្រោះ
«ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា?»។—ទំនុកដំកើង ២៧:១
១. តើព្រះយេហូវ៉ាប្រទានសំវិធានការអ្វីដើម្បីជួយទ្រទ្រង់ជីវិតយើង?
ព្រះយេហូវ៉ាគឺជាប្រភពនៃពន្លឺថ្ងៃ ដែលជួយទ្រទ្រង់ជីវិតនៅលើផែនដី។ (លោកុប្បត្តិ ១:២, ១៤) ទ្រង់ក៏ជាអ្នកដែលបង្កើតពន្លឺខាងវិញ្ញាណដែរ គឺជាពន្លឺដែលកំចាត់នូវភាពងងឹតក្នុងលោកីយ៍របស់សាតាំងដែលបណ្ដាលឲ្យស្លាប់នោះ។ (អេសាយ ៦០:២; កូរិនថូសទី២ ៤:៦; អេភេសូរ ៥:៨-១១; ៦:១២) អ្នកដែលជ្រើសរើសយកពន្លឺ ក៏អាចនិយាយយល់ព្រមនឹងអ្នកសរសេរទំនុកដំកើងដែលថា៖ «ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា?» (ទំនុកដំកើង ២៧:១ក) ក៏ប៉ុន្តែ អ្នកដែលជ្រើសរើសយកភាពងងឹត នឹងទន្ទឹងចាំតែទទួលនូវការកាត់ទោសវិញប៉ុណ្ណោះ ដូចជានៅសម័យរបស់ព្រះយេស៊ូដូច្នោះដែរ។—យ៉ូហាន ១:៩-១១; ៣:១៩-២១, ៣៦
២. នៅសម័យបូរាណ តើអ្វីបានកើតឡើងដល់អស់អ្នកដែលបានបដិសេធពន្លឺរបស់ព្រះយេហូវ៉ា? ហើយចុះអ្នកដែលបានស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់វិញនឹងមានអ្វីកើតឡើងចំពោះគេ?
២ នៅសម័យរបស់លោកអេសាយនោះ មនុស្សភាគច្រើនក្នុងចំណោមរាស្ត្ររបស់ព្រះដែលមានកិច្ចព្រមព្រៀងជាមួយនឹងទ្រង់ ក៏បានបដិសេធមិនព្រមទទួលពន្លឺនោះទេ។ ជាលទ្ធផល អេសាយបានឃើញព្រះរាជាណាចក្រខាងជើងរបស់ជនជាតិអ៊ីស្រាអែលត្រូវបំផ្លាញចោលតែម្ដង។ បន្ថែមទៅទៀត នៅឆ្នាំ៦០៧ ម.ស.យ. ទីក្រុងយេរូសាឡិមនិងព្រះវិហារនៅឯណោះ ត្រូវបំផ្លាញចោលនិងប្រជាជនទាំងឡាយនៅក្នុងទីក្រុងនោះ ក៏ត្រូវនាំចេញជានិរទេសជន។ ក៏ប៉ុន្តែ អ្នកដែលបានស្ដាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានទទួលនូវកម្លាំងឲ្យទប់ទល់នឹងការក្បត់ជំនឿដែលមាននៅសម័យនោះ។ ចំពោះឆ្នាំ៦០៧ម.ស.យ. ព្រះយេហូវ៉ាបានសន្យាថា អ្នកដែលស្ដាប់បង្គាប់ទ្រង់នឹងរួចរស់ជីវិត។ (យេរេមា ២១:៨, ៩) សព្វថ្ងៃនេះ យើងទាំងអស់គ្នាដែលស្រឡាញ់ពន្លឺអាចរៀនអ្វីជាច្រើនទៀតពីអ្វីៗដែលកើតឡើងនៅសម័យនោះ។—អេភេសូរ ៥:៥
សុភមង្គលរបស់អ្នកដែលនៅក្នុងពន្លឺ
៣. នៅសព្វថ្ងៃនេះ តើយើងអាចមានទំនុកចិត្តទៅលើអ្វី? តើយើងស្រឡាញ់«សាសន៍សុចរិត»មួយណា? ហើយតើ«សាសន៍»នោះមាន‹ទីក្រុងដ៏មាំមួន›អ្វី?
៣ «យើងមានទីក្រុង១ដ៏មាំមួន ទ្រង់នឹងដំរូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង ចូរបើកទ្វារ ដើម្បីឲ្យសាសន៍សុចរិត ដែលរក្សាសេចក្ដីស្មោះត្រង់បានចូលមកចុះ!»។ (អេសាយ ២៦:១, ២) នេះជាពាក្យដែលបញ្ជាក់ពីអំណររបស់អ្នកដែលបានទុកចិត្តទៅលើព្រះយេហូវ៉ា។ នៅសម័យរបស់អេសាយ សាសន៍យូដាដែលបានស្មោះត្រង់នោះ បានទុកចិត្តទៅលើព្រះយេហូវ៉ាជាប្រភពនៃសន្ដិសុខពិតប្រាកដ មិនមែនទៅលើព្រះមិនពិតរបស់ជនរួមជាតិជាមួយគេនោះទេ។ សព្វថ្ងៃនេះ យើងមានទំនុកចិត្តដូចគ្នាដែរ។ ម្យ៉ាងទៀត យើងស្រឡាញ់«សាសន៍សុចរិត»របស់ព្រះយេហូវ៉ា គឺជា«អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦; ម៉ាថាយ ២១:៤៣) ព្រះយេហូវ៉ាក៏ទ្រង់ស្រឡាញ់សាសន៍នោះដែរ ដោយព្រោះចរិយាដ៏ស្មោះត្រង់របស់អ្នករួមសាសន៍នោះ។ ដោយសារព្រះយេហូវ៉ាប្រទានពរ នោះអ៊ីស្រាអែលនៃព្រះមាន«ទីក្រុង១ដ៏មាំមួន» គឺជាអង្គការមួយដែលគាំទ្រនិងការពារពួកគេ ដែលនោះប្រៀបដូចជាទីក្រុងមួយអ៊ីចឹង។
៤. តើយើងគួរបណ្ដុះបណ្ដាលឲ្យមានគំនិតបែបណា?
៤ អ្នកដែលនៅក្នុង«ទីក្រុង»នេះទទួលស្គាល់យ៉ាងច្បាស់ថា«អ្នកណាដែលមានគំនិតជាប់តាម[ព្រះយេហូវ៉ា] នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់»។ ព្រះយេហូវ៉ាគាំទ្រអ្នកដែលមានគំនិតចង់ទុកចិត្តនឹងទ្រង់និងអនុវត្តតាមគោលការណ៍ដ៏សុចរិតរបស់ទ្រង់។ ដូច្នេះ អ្នកស្មោះត្រង់ក្នុងសាសន៍យូដាបានធ្វើតាមការដាស់តឿនរបស់អេសាយដែលថា៖ «ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច»។ (អេសាយ ២៦:៣, ៤; ទំនុកដំកើង ៩:១០; ៣៧:៣; សុភាសិត ៣:៥) អ្នកដែលមានគំនិតអ៊ីចឹងពឹង«ព្រះដ៏ជាព្រះយេហូវ៉ា»ជាថ្មដាតែមួយគត់ដែលអាចការពារគេបាន។ ពួកគេក៏«មានសេចក្ដីសុខពេញខ្នាត»ជាមួយនឹងទ្រង់។—ភីលីព ១:២; ៤:៦, ៧
ព្រះនឹងធ្វើឲ្យសត្រូវរបស់ទ្រង់អាម៉ាស់មុខ
៥, ៦. (ក) តើតាមរបៀបណាដែលបាប៊ីឡូនពីបុរាណបានត្រូវគេធ្វើឲ្យអាម៉ាស់មុខនោះ? (ខ) តើយ៉ាងដូចម្ដេចដែល«បាប៊ីឡូនដ៏ជាធំ»បានត្រូវគេធ្វើឲ្យអាម៉ាស់មុខ?
៥ ចុះយ៉ាងណាវិញ បើសិនជាអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ារងទុក្ខលំបាកនោះ? ពួកគេមិនចាំបាច់ខ្លាចទេ។ ព្រះយេហូវ៉ាអនុញ្ញាតឲ្យអ្វីបែបនេះកើតឡើងមួយរយៈ ក៏ប៉ុន្តែក្រោយមកទ្រង់ដោះទុក្ខនោះ ហើយអ្នកដែលបណ្ដាលឲ្យមានទុក្ខលំបាកនោះ ត្រូវប្រឈមមុខនឹងការកាត់ទោសពីទ្រង់។ (ថែស្សាឡូនីចទី២ ១:៤-៧; ធីម៉ូថេទី២ ១:៨-១០) សូមពិចារណានូវករណីរបស់‹ទីក្រុងមួយយ៉ាងខ្ពស់›។ អេសាយ ប្រាប់ថា៖ «[ព្រះយេហូវ៉ា]ទ្រង់បានទំលាក់ពួកអ្នកដែលនៅទីខ្ពស់ ឯទីក្រុងយ៉ាងខ្ពស់ទ្រង់រំលំចុះ គឺទ្រង់រំលំក្រុងនោះចុះដល់ដី ក៏បន្ទាបទៅដល់ធូលីដីផង ជើងមនុស្សនឹងដើរជាន់ គឺទាំងជើងរបស់មនុស្សទាល់ក្រ នឹងជំហានរបស់មនុស្សកំសត់ទុគ៌តផង»។ (អេសាយ ២៦:៥, ៦) ទីក្រុងយ៉ាងខ្ពស់នេះប្រហែលជាទីក្រុងបាប៊ីឡូន។ ទីក្រុងនោះពិតជាបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះមានទុក្ខវេទនា។ ក៏ប៉ុន្តែ តើអ្វីបានកើតឡើងដល់ទីក្រុងបាប៊ីឡូន? នៅឆ្នាំ៥៣៩ ម.ស.យ. សាសន៍មេឌីនិងសាសន៍ពើស៊ីបានដណ្ដើមយកទីក្រុងបាប៊ីឡូន។ នេះជាការដែលធ្វើឲ្យគេអាម៉ាស់មុខមែនហ្ន៎!
៦ នៅសម័យយើងនេះ ទំនាយរបស់អេសាយពណ៌នាយ៉ាងច្បាស់ត្រឹមត្រូវអំពីអ្វីដែលបានកើតឡើងដល់«បាប៊ីឡូនដ៏ជាធំ» ចាប់តាំងពីឆ្នាំ១៩១៩។ ពេលវាត្រូវបង្ខំឲ្យរំដោះរាស្ត្ររបស់ព្រះយេហូវ៉ាពីសេវកភាពខាងវិញ្ញាណ នោះបាប៊ីឡូនដ៏ធំដែលជាទីក្រុងយ៉ាងខ្ពស់នោះបានធ្លាក់ពីអំណាចទាំងអាម៉ាស់មុខនៅឆ្នាំនោះ។ (វិវរណៈ ១៤:៨) មានអ្វីដែលបានកើតឡើងជាបន្តបន្ទាប់ដែលធ្វើឲ្យអាម៉ាស់មុខកាន់តែខ្លាំងឡើងទៅទៀត។ គ្រីស្ទានមួយក្រុមតូចនោះបានបែរទៅ«ដើរជាន់»អ្នកដែលធ្លាប់ឃុំគេទុកពីមុន។ នៅឆ្នាំ១៩២២ រាស្ត្ររបស់ព្រះបានចាប់ផ្ដើមប្រកាសប្រាប់ពីទីបញ្ចប់នៃពិភពគ្រីស្ទសាសនា ទាំងផ្សព្វផ្សាយប្រាប់អំពីពេលដែលទេវតា៤អង្គបានផ្លុំត្រែរបស់ខ្លួន នៅវិវរណៈ ៨:៧-១២ និងសេចក្ដីវេទនាបីមុខដែលមាននៅវិវរណៈ ៩:១-១១:១៥។
«សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត»
៧. តើអ្នកដែលទទួលពន្លឺរបស់ព្រះយេហូវ៉ាបានទទួលការណែនាំអ្វី? ហើយតើពួកគេសង្ឃឹមទៅលើអ្វី និងរាប់ទុកអ្វីជាវិសេស?
៧ ព្រះយេហូវ៉ាទ្រង់សង្គ្រោះអស់អ្នកដែលចូលក្នុងពន្លឺរបស់ទ្រង់ ហើយទ្រង់ក៏នាំផ្លូវរបស់គេ ដូចជាអេសាយនិយាយថា៖ «សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ! ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។ ហ្នឹងហើយ! ឱព្រះយេហូវ៉ាអើយ! យើងខ្ញុំបានរង់ចាំទ្រង់ នៅក្នុងផ្លូវនៃសេចក្ដីយុត្ដិធម៌របស់ទ្រង់ ព្រលឹងយើងខ្ញុំប្រាថ្នាដល់ព្រះនាមទ្រង់ គឺដល់សេចក្ដីដែលរំឭកពីទ្រង់»។ (អេសាយ ២៦:៧, ៨) ព្រះយេហូវ៉ាគឺជាព្រះមួយអង្គដែលប្រកបទៅដោយសេចក្ដីសុចរិត និងអស់អ្នកដែលថ្វាយបង្គំទ្រង់ ក៏ត្រូវគោរពតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់ដែរ។ ពេលដែលគេធ្វើអ៊ីចឹង ព្រះយេហូវ៉ាក៏នាំផ្លូវរបស់គេទាំងធ្វើឲ្យដំណើរតាមផ្លូវនោះមានភាពស្រួលជាង។ ដោយការស្ដាប់តាមការណែនាំរបស់ទ្រង់ នោះអ្នកដ៏មានចិត្តរាបទាបទាំងនេះក៏បង្ហាញថា សេចក្ដីសង្ឃឹមរបស់គេគឺពឹងទៅលើព្រះយេហូវ៉ា និងពួកគេរាប់ទុកព្រះនាមរបស់ទ្រង់ជាអ្វីដ៏វិសេសលើសលប់ គឺជា«សេចក្ដីរំឭក»របស់ទ្រង់។—និក្ខមនំ ៣:១៥
៨. តើអេសាយបានបង្ហាញគំនិតអ្វី ដែលជាគំរូល្អ?
៨ អេសាយក៏បានរាប់ទុកព្រះនាមរបស់ព្រះយេហូវ៉ាគឺជាអ្វីដ៏វិសេសដែរ។ ហេតុការណ៍នោះគឺជាក់ស្តែងដោយសារពាក្យបន្តបន្ទាប់របស់គាត់ដែលថា៖ «នៅវេលាយប់ ព្រលឹងនៃទូលបង្គំប្រាថ្នាដល់ទ្រង់ ហ្នឹងហើយ! វិញ្ញាណនៅក្នុងទូលបង្គំនឹងស្វែងរកទ្រង់ ដោយខ្មីឃ្មាតដែរ ដ្បិតកំពុងតែដែលសេចក្ដីយុត្ដិធម៌របស់ទ្រង់នៅលើផែនដី នោះពួកមនុស្សនៅលោកីយ៍ គេរៀនតាមសេចក្ដីសុចរិត»។ (អេសាយ ២៦:៩) «ព្រលឹង»របស់អេសាយបានប្រាថ្នាដល់ព្រះយេហូវ៉ាអស់ពីចិត្តពីថ្លើម។ សូមនឹកគិតពីព្យាការីនេះ កំពុងតែឆ្លៀតពេលយប់ស្ងាត់ដើម្បីអធិស្ឋានទូលព្រះយេហូវ៉ា ទាំងប្រាប់ពីគំនិតក្នុងដួងចិត្តរបស់គាត់ទាំងព្យាយាមរកការណែនាំពីព្រះយេហូវ៉ា។ នេះជាគំរូដ៏ប្រសើរណាស់ហ្ន៎! ម្យ៉ាងទៀត អេសាយបានរៀនអំពីសេចក្ដីសុចរិតពីកិច្ចការជំនុំជំរះរបស់ព្រះយេហូវ៉ា។ ក្នុងរឿងនេះ គាត់រំឭកយើងថាការប្រុងប្រយ័ត្នជារៀងរហូតគឺត្រូវការជាចាំបាច់ ដោយប្រុងស្មារតីខិតខំយល់ដឹងពីព្រះហឫទ័យរបស់ព្រះយេហូវ៉ា។
អ្នកខ្លះបានជ្រើសរើសយកភាពងងឹតវិញ
៩, ១០. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសយ៉ាងណា ចំពោះសាសន៍ដ៏មិនស្មោះរបស់ទ្រង់នោះ? ក៏ប៉ុន្តែ តើពួកគេបានប្រព្រឹត្តតបវិញយ៉ាងដូចម្ដេច?
៩ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ចំពោះសាសន៍យូដា ក៏ប៉ុន្តែ គួរឲ្យសោកស្ដាយដែលគេទាំងអស់គ្នាមិនបានប្រព្រឹត្តតបនឹងនោះទេ។ ជាញឹកញយ មនុស្សភាគច្រើនបានជ្រើសរើសយកការបះបោរនិងការក្បត់ជំនឿជាជាងជ្រើសរើសពន្លឺនៃសេចក្ដីពិតរបស់ព្រះយេហូវ៉ា។ អេសាយបាននិយាយថា៖ «បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្តសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ»។—អេសាយ ២៦:១០
១០ នៅសម័យរបស់អេសាយ មនុស្សសាសន៍យូដាភាគច្រើនមិនព្រមទទួលស្គាល់ថា ព្រះយេហូវ៉ាបានការពារគេពីសត្រូវរបស់គេទេ។ ពេលដែលទ្រង់ប្រទានពរដល់គេជាសន្ដិភាព សាសន៍នោះមិនបានបង្ហាញនូវកតញ្ញូធម៌សោះ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានលះចោលពួកគេឲ្យគេបំរើ«ចៅហ្វាយឯទៀត» នៅទីបំផុតទ្រង់បានអនុញ្ញាតឲ្យសាសន៍យូដាត្រូវចាប់យកជាឈ្លើយទៅបាប៊ីឡូននៅឆ្នាំ៦០៧ ម.ស.យ.។ (អេសាយ ២៦:១១-១៣) យ៉ាងណាក៏ដោយ នៅទីបំផុត សាសន៍យូដាមួយចំនួនដែលនៅសល់បានត្រឡប់ទៅមាតុភូមិវិញ ក្រោយពីបានត្រូវកែតម្រង់។
១១, ១២. (ក) តើអ្នកដែលធ្លាប់ចាប់ឃុំឃាំងសាសន៍យូដាបានមានអនាគតបែបណា? (ខ) នៅឆ្នាំ១៩១៩ តើអ្នកដែលធ្លាប់ចាប់អ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាឃុំទុកនឹងមានអនាគតបែបណា?
១១ ចុះយ៉ាងណាចំពោះអ្នកដែលបានចាប់សាសន៍យូដាឃុំទុកនោះ? អេសាយទាយថា៖ «គេបានស្លាប់អស់ហើយ ឥតរស់មកវិញទៀតឡើយ គេកន្លងបង់ហើយ ឥតងើបឡើងវិញទេ ដូច្នេះ ទ្រង់បានធ្វើទោស ហើយបំផ្លាញគេ ព្រមទាំងធ្វើឲ្យសេចក្ដីនឹកចាំពីគេសូន្យបាត់ទៅ»។ (អេសាយ ២៦:១៤) ត្រូវហើយ ក្រោយពីបាប៊ីឡូនបានរលំនៅឆ្នាំ៥៣៩ ម.ស.យ. នោះវាលែងមានសេចក្ដីសង្ឃឹមនៅអនាគតតទៅទៀត។ បន្ទាប់មក ទីក្រុងនោះនឹងលែងមានទៀត។ វានឹងបាន«កន្លងបង់ហើយ»ហើយចក្រភពដ៏ធំរបស់វា ឥឡូវស្ថិតតែក្នុងសៀវភៅប្រវត្ដិសាស្ត្រប៉ុណ្ណោះ។ នេះជាការព្រមានខ្លាំងយ៉ាងណាទៅហ្ន៎! ចំពោះអស់អ្នកដែលសង្ឃឹមទៅលើអ្នកដែលមានអំណាចក្នុងលោកីយ៍នេះ។
១២ ផ្នែកខ្លះៗពីទំនាយនេះបានសម្រេចពេលព្រះបានអនុញ្ញាតឲ្យអ្នកបំរើចាក់ប្រេងតាំងរបស់ទ្រង់ត្រូវជាប់ជាឈ្លើយខាងវិញ្ញាណនៅឆ្នាំ១៩១៨និងត្រូវរំដោះនៅឆ្នាំ១៩១៩។ ចាប់ពីពេលនោះទៅ អនាគតរបស់អ្នកដែលបានឃុំគេទុកពីមុន ជាពិសេសពិភពគ្រីស្ទសាសនា បានអស់សង្ឃឹមយ៉ាងខ្លាំង។ ក៏ប៉ុន្តែ ប្រសិទ្ធពរដែលរាស្ត្ររបស់ព្រះយេហូវ៉ានឹងទទួលគឺជាពរដ៏ប្រសើរពិតមែន។
«ទ្រង់បានចំរើនសាសន៍នេះ»
១៣, ១៤. តើអ្នកបំរើចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ាបានទទួលពរអ្វីខ្លះតាំងពីឆ្នាំ១៩១៩មក?
១៣ នៅឆ្នាំ១៩១៩ ព្រះបានប្រទានពរដល់អ្នកបំរើរបស់ទ្រង់ដែលបានត្រូវចាក់ប្រេងតាំង ដោយសារពួកគេបានប្រែចិត្ត ម្ល៉ោះហើយទ្រង់បានធ្វើឲ្យគេរីកចំរើន។ ទីមួយ នៅពេលនោះទ្រង់យកចិត្តទុកដាក់ទៅលើការបង្គ្រប់ចំនួននៃអ្នកដែលរួមជាមួយអ៊ីស្រាអែលនៃព្រះ បន្ទាប់មកព្រះបានចាប់ផ្ដើមប្រមូល«មនុស្ស១ហ្វូងយ៉ាងធំ»ដែលជា«ចៀមឯទៀត»។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពរទាំងប៉ុន្មាននេះបានត្រូវទាយទុកជាមុនក្នុងទំនាយរបស់អេសាយដែលថា៖ «ទ្រង់បានចំរើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ! ទ្រង់បានចំរើនសាសន៍នេះហើយ គេលើកដំកើងទ្រង់ឡើង ទ្រង់បានវាតព្រំស្រុកឲ្យធំទូលាយទៅ។ ឱព្រះយេហូវ៉ាអើយ! ក្នុងគ្រាដែលមានទុក្ខ នោះគេបានរកទ្រង់ គេបានបញ្ចេញពាក្យអធិស្ឋានជាហូរហែក្នុងកាលដែលទ្រង់វាយផ្ចាលគេ»។—អេសាយ ២៦:១៥, ១៦
១៤ សព្វថ្ងៃនេះ ព្រំប្រទល់របស់អ៊ីស្រាអែលនៃព្រះបានរីកទាល់តែព័ទ្ធជុំវិញផែនដីទាំងមូល និងក៏មានអ្នកដែលរួមជាមួយមនុស្ស១ហ្វូងធំនោះបានត្រូវនាំចូលដែរ ឥឡូវមានប្រមាណ៦លាននាក់ដែលរួមចំណែកកិច្ចផ្សព្វផ្សាយដំណឹងល្អដោយចិត្តរំភើប។ (ម៉ាថាយ ២៤:១៤) នេះគឺជាពរដ៏ប្រសើរណាស់ហ្ន៎! ដែលព្រះយេហូវ៉ាបានប្រទាន។ ហើយនេះក៏នាំឲ្យមានសិរីល្អដ៏លើសលប់យ៉ាងណាទៅហ្ន៎! មកដល់ព្រះនាមរបស់ទ្រង់។ ព្រះនាមនោះត្រូវផ្សាយទូទៅជាង២៣៥ប្រទេស។ នេះគឺជាការសម្រេចយ៉ាងអស្ចារ្យនូវសេចក្ដីសន្យារបស់ទ្រង់។
១៥. នៅឆ្នាំ១៩១៩ តើមានអ្វីកើតឡើងដែលប្រៀបដូចជាការប្រោសឲ្យរស់ឡើងវិញនោះ?
១៥ សាសន៍យូដាបានត្រូវការជំនួយពីព្រះយេហូវ៉ា ដើម្បីរួចពីសេវកភាពនៅទីក្រុងបាប៊ីឡូន។ ពួកគេនឹងមិនអាចធ្វើអ៊ីចឹងបានឡើយ បើសិនជាគេគ្មានជំនួយនោះ។ (អេសាយ ២៦:១៧, ១៨) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានបង្ហាញថាទ្រង់គាំទ្រអ៊ីស្រាអែលនៃព្រះដោយទ្រង់បានរំដោះគេនៅឆ្នាំ១៩១៩។ នោះនឹងមិនបានកើតឡើងទេ បើសិនជាគ្មានជំនួយពីទ្រង់។ ការផ្លាស់ប្ដូរនូវកាលៈទេសៈរបស់គេបានធ្វើឲ្យភ្ញាក់ផ្អើលដល់ម្ល៉េះបានជា អេសាយបានប្រៀបនោះទៅនឹងការប្រោសឲ្យរស់ឡើងវិញ ដោយថា៖ «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញ ជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ! ចូរភ្ញាក់ឡើង ហើយច្រៀងចុះ! ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក»។ (អេសាយ ២៦:១៩; វិវរណៈ ១១:៧-១១) មែនហើយ បើនិយាយជាអត្ថបដិរូប មនុស្សស្លាប់ទាំងនោះ នឹងកើតឡើងវិញចំពោះសកម្មភាពដែលមានជាថ្មី!
ការការពារនៅសម័យមួយដែលប្រកបទៅដោយគ្រោះថ្នាក់
១៦, ១៧. (ក) នៅឆ្នាំ៥៣៩ ម.ស.យ. តើសាសន៍យូដាត្រូវតែធ្វើអ្វីដើម្បីរួចរស់ជីវិតពីការរលំនៃបាប៊ីឡូន? (ខ) តាមមើលទៅ សព្វថ្ងៃនេះ តើ«បន្ទប់ខ្លួន»តំណាងអ្វីទៅ ហើយតើនោះមានប្រយោជន៍អ្វីសំរាប់យើង?
១៦ អ្នកបំរើរបស់ព្រះយេហូវ៉ាតែងតែត្រូវការទ្រង់ដើម្បីការពារពួកគេ។ ក៏ប៉ុន្តែ បន្ដិចទៀត ព្រះយេហូវ៉ានឹងលូកព្រះហស្តមួយដងជាស្រេច ដើម្បីទាស់នឹងលោកីយ៍របស់សាតាំង និងអ្នកថ្វាយបង្គំរបស់ទ្រង់នឹងត្រូវការជំនួយពីទ្រង់ច្រើនជាងពេលមុនៗទៅទៀត។ (យ៉ូហានទី១ ៥:១៩) ចំពោះពេលនោះដែលនឹងប្រកបទៅដោយគ្រោះថ្នាក់ព្រះយេហូវ៉ាបានព្រមានថា៖ «ចូរមក! ជនជាតិខ្ញុំអើយ! ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ! ត្រូវឲ្យពួនខ្លួនបន្ដិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ ដ្បិតមើល! ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសម្រេច ទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ»។ (អេសាយ ២៦:២០, ២១; សេផានា ១:១៤) ការព្រមាននេះបានប្រាប់សាសន៍យូដាពីរបៀបដែលគេអាចរួចរស់ពីការរលំរបស់បាប៊ីឡូននៅឆ្នាំ៥៣៩ ម.ស.យ.។ អ្នកដែលបានស្ដាប់ការព្រមាននេះ បាននៅក្នុងផ្ទះរបស់គេដើម្បីការពារខ្លួនពីពួកទាហានដែលច្បាំងនៅតាមផ្លូវ។
១៧ សព្វថ្ងៃនេះ «បន្ទប់ខ្លួន»ដែលត្រូវរៀបរាប់ក្នុងទំនាយនោះទំនងជាទាក់ទងនឹងក្រុមជំនុំរាប់ម៉ឺនក្រុមនៃរាស្ត្ររបស់ព្រះយេហូវ៉ាទូទាំងពិភពលោក។ សូម្បីតែឥឡូវនេះ ក្រុមជំនុំទាំងនេះគឺជាកន្លែងដែលការពារគ្រីស្ទានទាំងឡាយ និងជាកន្លែងដែលគេរកឃើញនូវសុវត្ថិភាពក្នុងចំណោមបងប្អូនរបស់គេ ទាំងទទួលការយកចិត្តទុកដាក់ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ពីអ្នកចាស់ទុំទាំងឡាយ។ (អេសាយ ៣២:១, ២; ហេព្រើរ ១០:២៤, ២៥) គឺដូច្នោះមែន ជាពិសេសដោយដឹងថាទីបញ្ចប់នៃរបបលោកីយ៍នេះគឺជិតហើយ និងដោយព្រោះនោះនឹងជាពេលមួយដែលការរួចរស់ជីវិតពឹងពាក់ទៅលើការស្ដាប់បង្គាប់។—សេផានា ២:៣
១៨. បន្ដិចទៀត តើព្រះយេហូវ៉ានឹង«សម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ»ដោយរបៀបណា?
១៨ អេសាយបានទាយអំពីពេលនោះដោយថា៖ «នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងយកដាវមុតក្លាដ៏ធំ ហើយមានកម្លាំងរបស់ទ្រង់ទៅធ្វើទោសដល់សត្វសម្បើម ជានាគដែលរត់ពួន គឺសត្វសម្បើម ជានាគក្ងិកក្ងក់នោះឯង ហើយទ្រង់នឹងសម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ»។ (អេសាយ ២៧:១) តើអ្វីដែល«សត្វសម្បើម»ត្រូវតំណាងនៅសព្វថ្ងៃនេះ? នោះទំនងជា«ពស់ពីបុរាណ»ដែលជាសាតាំង ព្រមទាំងរបបដ៏អាក្រក់របស់វា ដែលវាប្រើដើម្បីច្បាំងនឹងអ៊ីស្រាអែលនៃព្រះ។ (វិវរណៈ ១២:៩, ១០, ១៧; ១៣:១៤, ១៦, ១៧) នៅឆ្នាំ១៩១៩ សត្វសម្បើមនេះបានបាត់បង់អំណាចទៅលើរាស្ត្ររបស់ព្រះ។ នៅទីបំផុត វានឹងលេចបាត់តែម្ដង។ (វិវរណៈ ១៩:១៩-២១; ២០:១-៣, ១០) ដូច្នេះ ព្រះយេហូវ៉ានឹង«សម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ»។ ក្នុងពេលចន្លោះនោះ ទោះបីសត្វសម្បើមនោះនឹងខិតខំប្រឆាំងរាស្ត្ររបស់ព្រះយេហូវ៉ាយ៉ាងណាក៏ដោយ ក៏វានឹងមិនបានជោគជ័យទេ។ (អេសាយ ៥៤:១៧) នេះជាអ្វីដែលជួយសំរាលទុក្ខយ៉ាងណាទៅហ្ន៎!
«ចំការសំរាប់ធ្វើស្រាទំពាំងបាយជូរ»
១៩. សព្វថ្ងៃនេះ តើអ្នកសំណល់នៃអ៊ីស្រាអែលនៃព្រះកំពុងតែស្ថិតក្នុងស្ថានភាពអ្វី?
១៩ ដោយសារយើងមានពន្លឺពីព្រះយេហូវ៉ាដូច្នេះ យើងមានហេតុជាច្រើនដែលយើងគួរអរឡើង មែនទេ? យើងពិតជាមានមែន! អេសាយបានពណ៌នាយ៉ាងពីរោះអំពីអំណររបស់រាស្ត្រព្រះយេហូវ៉ា ពេលគាត់សរសេរថា៖ «នៅគ្រានោះ នឹងមានចំការ សំរាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងជូនថា អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ»។ (អេសាយ ២៧:២, ៣) ព្រះយេហូវ៉ាបានថែទាំ‹ចំការទំពាំងបាយជូរ›របស់ទ្រង់ ជាអ្នកសំណល់នៃអ៊ីស្រាអែលនៃព្រះដែលនៅផែនដី និងក៏បានថែរក្សាអ្នកដែលធ្វើការនឿយហត់ដោយរួមធ្វើការជាមួយនឹងគេ។ (យ៉ូហាន ១៥:១-៨) លទ្ធផលជាផលផ្លែដែលនាំសិរីល្អដល់ព្រះនាមរបស់ទ្រង់នឹងបណ្ដាលឲ្យអ្នកបំរើរបស់ទ្រង់នៅលើផែនដីអរសប្បាយជាខ្លាំង។
២០. តើព្រះយេហូវ៉ាការពារក្រុមជំនុំគ្រីស្ទានយ៉ាងដូចម្ដេច?
២០ យើងគួររំភើបចិត្តដោយដឹងថា ព្រះយេហូវ៉ាលែងមានសេចក្ដីខ្ញាល់នឹងអ្នកចាក់ប្រេងតាំងរបស់ទ្រង់ ដែលជាហេតុដែលទ្រង់បានអនុញ្ញាតឲ្យគេត្រូវឃុំទុកក្នុងសេវកភាពខាងវិញ្ញាណនៅឆ្នាំ១៩១៨។ ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់បានមានបន្ទូលថា៖ «អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញនឹងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង បើពុំនោះ ឲ្យគេមកពឹងពាក់កម្លាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ»។ (អេសាយ ២៧:៤, ៥) ដើម្បីធានាថា ដំណាំទំពាំងបាយជូររបស់ទ្រង់បន្តបង្កើត«ស្រាទំពាំងបាយជូរ»ជាច្រើន នោះព្រះយេហូវ៉ាបំផ្លាញចោលនូវឥទ្ធិពលអាក្រក់ណាដែលអាចប្រៀបដូចជាអញ្ចាញដែលបង្ខូចបង្ខាតដំណាំទ្រង់។ ដូច្នេះ កុំឲ្យអ្នកណាគំរាមកំហែងដល់សុខុមាលភាពរបស់ក្រុមជំនុំឡើយ។ ចូរឲ្យយើងទាំងអស់គ្នា‹មកពឹងពាក់កម្លាំងព្រះយេហូវ៉ា› ដោយរកពេញព្រះហឫទ័យរបស់ទ្រង់និងឲ្យទ្រង់ការពារ។ ដោយធ្វើអ៊ីចឹង យើងមានមេត្រីនឹងទ្រង់ ដែលគឺជាអ្វីសំខាន់ដល់ម្ល៉េះបានជាអេសាយបាននិយាយអំពីនោះពីរដង។—ទំនុកដំកើង ៨៥:១, ២, ៨; រ៉ូម ៥:១
២១. តើដោយដូចម្ដេចដែលផែនដីត្រូវពោរពេញទៅដោយ«ផល»?
២១ ពរនឹងមានជាបន្តបន្ទាប់ដែរ៖ «នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផល ផ្សាយទៅពេញលើផែនដី»។ (អេសាយ ២៧:៦) ខនេះបានត្រូវសម្រេចតាំងពីឆ្នាំ១៩១៩មកម្ល៉េះ ទាំងជាភស្តុតាងបញ្ជាក់ពីតេជានុភាពរបស់ព្រះយេហូវ៉ា។ អ្នកចាក់ប្រេងតាំងបានធ្វើឲ្យផែនដីពោរពេញទៅដោយ«ផល» ដែលជាម្ហូបអាហារខាងវិញ្ញាណ។ អ្នកចាក់ប្រេងតាំងទាំងឡាយរក្សាខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះដោយអំណរ ទោះបីពួកគេនៅក្នុងលោកីយ៍មួយដ៏ខូចអាក្រក់ក៏ដោយ។ ម្ល៉ោះហើយ ព្រះយេហូវ៉ាបន្តប្រទានពរដល់គេ ដោយធ្វើឲ្យគេរីកចំរើន។ ជាលទ្ធផល រាប់លាននាក់ដែលជាអ្នករួមធ្វើការជាមួយនឹងគេ គឺជាចៀមឯទៀត«បំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:១៥) កុំឲ្យយើងភ្លេចពីឯកសិទ្ធិដ៏អស្ចារ្យនេះ គឺជាការបរិភោគពី«ផល»នេះនិងការចែកចាយផលនោះដល់អ្នកឯទៀត។
២២. តើអ្នកដែលព្រមទទួលពន្លឺនឹងបានពរអ្វីខ្លះ?
២២ ក្នុងសម័យដ៏ពិបាករស់នៅនេះ គឺជាពេលដែលភាពងងឹតគ្របលើផែនដីទាំងមូលនិងសាសន៍ទាំងឡាយផងដែរ ចំណែកយើងវិញ យើងមានអំណរគុណដែលព្រះយេហូវ៉ាបញ្ចេញពន្លឺខាងវិញ្ញាណទៅលើរាស្ត្ររបស់ទ្រង់ មែនទេ? (អេសាយ ៦០:២; រ៉ូម ២:១៩; ១៣:១២) អស់អ្នកណាដែលព្រមទទួលពន្លឺនោះ នឹងទទួលនូវសេចក្ដីសុខក្នុងចិត្តគំនិតនិងអំណរនាពេលឥឡូវនេះ ថែមទាំងជីវិតជារៀងរហូតនាពេលអនាគត។ ដោយមានហេតុល្អសមស្រប នោះយើងដែលស្រឡាញ់ពន្លឺក៏សរសើរដំកើងព្រះយេហូវ៉ាចេញពីដួងចិត្ត និងពោលពាក្យដូចជាអ្នកសរសេរទំនុកដំកើងថា៖ «ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា?។ ចូររង់ចាំព្រះយេហូវ៉ាចុះ! ចូរមានកម្លាំងហើយឲ្យចិត្តក្លាហានឡើង! អើ! គួររង់ចាំព្រះយេហូវ៉ាទៅ!»។—ទំនុកដំកើង ២៧:១ខ, ១៤
តើអ្នកចាំទេ?
• តើអ្នកដែលជិះជាន់រាស្ត្ររបស់ព្រះនឹងមានអនាគតបែបណា?
• តើអេសាយបានទាយអំពីការរីកចំរើនអ្វី?
• តើ«បន្ទប់ខ្លួន»ដែលយើងគួរចូល នោះជាអ្វី? ហើយតើហេតុអ្វី?
• ហេតុអ្វីបានជាស្ថានភាពរបស់រាស្ត្រនៃព្រះយេហូវ៉ាជាអ្វីដ៏សរសើរដំកើងដល់ទ្រង់?
[ប្រអប់នៅទំព័រ២២]
ប្រកាសនវត្ថុថ្មី
ពត៌មានភាគច្រើនដែលបានមានក្នុងអត្ថបទសិក្សាទាំងពីរនេះ ក៏បានមានក្នុងសុន្ទរកថាមួយដែលមានក្នុងកម្មវិធីមហាសន្និបាតសំរាប់ឆ្នាំ២០០០/២០០១។ នៅចុងសុន្ទរកថានោះ ប្រកាសនវត្ថុថ្មីមួយបានត្រូវបង្ហាញ ដែលមានចំណងជើងថាបទទំនាយរបស់អេសាយគឺជាពន្លឺសំរាប់មនុស្សជាតិទាំងឡាយ ក្បាលទី១។ សៀវភៅនេះដែលមាន៤១៦ទំព័រ គឺជាការពិគ្រោះខនិមួយៗពីជំពូក១-៤០ក្នុងសៀវភៅអេសាយ។
[រូបភាពនៅទំព័រ១៨]
មានតែមនុស្សសុចរិតដែលអាចចូលក្នុង‹ទីក្រុងដ៏មាំមួន›របស់ព្រះយេហូវ៉ា ដែលជាអង្គការរបស់ទ្រង់
[រូបភាពនៅទំព័រ១៩]
អេសាយបានទូលព្រះយេហូវ៉ា«នៅវេលាយប់»
[រូបភាពនៅទំព័រ២១]
ព្រះយេហូវ៉ាការពារ«ចំការទំពាំងបាយជូរ»របស់ទ្រង់ និងធ្វើឲ្យបង្កើតផល