ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីមួយ
«តើអញនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យអញ?»។ លោកអេសាយដែលជាកូនអ័ម៉ូសបានតបឆ្លើយចំពោះសេចក្ដីអញ្ជើញនេះពីព្រះយេហូវ៉ាដោយទូលថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។ (អេសាយ ១:១; ៦:៨) ភ្លាមៗនោះ អេសាយទទួលភារកិច្ចជាព្យាការីម្នាក់។ កិច្ចការដែលគាត់ធ្វើក្នុងនាមជាព្យាការីនោះ បានកត់ទុកក្នុងសៀវភៅអេសាយក្នុងព្រះគម្ពីរ។
ព្យាការីអេសាយបានសរសេរសៀវភៅនោះផ្ទាល់ ហើយមានព័ត៌មានទាក់ទងរយៈពេល៤៦ឆ្នាំ ប្រហែលជាចាប់ពីឆ្នាំ៧៧៨ មុនគ.ស. រហូតដល់ក្រោយឆ្នាំ៧៣២ មុនគ.ស.។ សៀវភៅអេសាយមានសេចក្ដីទំនាយយ៉ាងធ្ងន់ដែលកាត់ទោសសាសន៍យូដា អ៊ីស្រាអែលនិងសាសន៍ឯទៀតនៅជុំវិញស្រុកទាំងនោះ តែការជំនុំជម្រះមិនមែនជាមូលបទនៃសៀវភៅនោះឡើយ។ ផ្ទុយទៅវិញ ប្រធានបទសំខាន់ក្នុងសៀវភៅអេសាយសំដៅទៅលើ‹សេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា›វិញ។ (អេសាយ ២៥:៩) តាមពិត ឈ្មោះអេសាយមានន័យថា «សេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា»។ អត្ថបទនេះនឹងពិនិត្យមើលគោលសំខាន់ៗពីសៀវភៅអេសាយ ១:១–៣៥:១០។
‹ពួកសំណល់នឹងត្រឡប់មកវិញ›
ព្រះគម្ពីរមិនប្រាប់ថា អេសាយបានប្រកាសសារទំនាយក្នុងជំពូកមួយដល់ប្រាំនៃសៀវភៅនោះមុនឬក្រោយគាត់បានទទួលមុខតំណែងជាព្យាការីទេ។ (អេសាយ ៦:៦-៩) យ៉ាងណាក៏ដោយ យើងអាចយល់ច្បាស់ថា គ្រានោះពួកសាសន៍យូដានិងពួកអ្នកនៅទីក្រុងយេរូសាឡិមសុទ្ធតែឈឺខាងវិញ្ញាណហាក់ដូចជាមានជំងឺ«ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល»។ (អេសាយ ១:៦) មានការថ្វាយបង្គំរូបព្រះទូទាំងស្រុកនោះ។ ពួកអ្នកដឹកនាំប្រជាជនសុទ្ធតែពុករលួយទាំងអស់។ ពួកស្ត្រីទាំងឡាយមានចិត្តធំ ហើយប្រជាជនមិនបានបម្រើព្រះយេហូវ៉ាស្របទៅតាមព្រះហឫទ័យទ្រង់ទេ។ ព្រះយេហូវ៉ាបង្គាប់ឲ្យអេសាយទៅជួបប្រជាជនម្ដងហើយម្ដងទៀត ដើម្បីនិយាយជាមួយពួកអ្នកដែលឥតយល់ហើយអត់ចង់បានចំណេះដឹងផង។
ពលទ័ពអ៊ីស្រាអែលនិងពួកស៊ីរីបានគំរាមកំហែងទន្ទ្រានចូលស្រុកយូដា។ ដូច្នេះ ព្រះយេហូវ៉ាប្រើអេសាយនិងកូនគាត់«សំរាប់ជាទីសំគាល់»ក្នុងការធានាថា ពួកអ៊ីស្រាអែលដែលសហការជាមួយពួកស៊ីរីនោះ មិនអាចឈ្នះពួកយូដាបានទេ។ (អេសាយ ៨:១៨) យ៉ាងណាក៏ដោយ មានតែការគ្រប់គ្រងរបស់«ម្ចាស់នៃមេត្រីភាព»ប៉ុណ្ណោះ ដែលអាចនាំឲ្យមានសេចក្ដីសុខសាន្តដែលមិនចេះផុត។ (អេសាយ ៩:៦, ៧) ទោះជាព្រះយេហូវ៉ាប្រើសាសន៍អាសស៊ើរជា«ដំបងនៃសេចក្ដីកំហឹងរបស់[ទ្រង់]»ក្ដី ទ្រង់ក៏នឹងជំនុំជម្រះសាសន៍នោះដែរ។ នៅទីបំផុត សាសន៍យូដាត្រូវគេចាប់ជាឈ្លើយសឹក តែក្រោយមក‹ពួកសំណល់នឹងត្រឡប់មកវិញ›។ (អេសាយ ១០:៥, ២១, ២២) ‹លំពង់១ដែលដុះចេញពីគល់របស់អ៊ីសាយ›ជាការតំណាងអ្នកគ្រប់គ្រងមួយរូប ហើយពេលទ្រង់សោយរាជ្យនោះនឹងមានយុត្ដិធម៌ពិតនៅលើផែនដី។—អេសាយ ១១:១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៨, ៩—តើកូនស្រីរបស់ក្រុងស៊ីយ៉ូនបានត្រូវ«លះចោលដូចជាបង្ហាដែលនៅចំការទំពាំងបាយជូរ» ហើយ«ដូចជាជំរំនៅចំការត្រសក់»យ៉ាងដូចម្ដេច? នេះមានន័យថា ពេលពួកអាសស៊ើរទន្ទ្រានចូលទីក្រុងយេរូសាឡិម ក្រុងនោះត្រូវមើលទៅដូចជាគ្មានអ្វីការពារទេ ដូចនឹងបង្ហាឬខ្ទមមួយនៅចម្ការទំពាំងបាយជូរនិងចម្ការត្រសក់។ ប៉ុន្តែ ព្រះយេហូវ៉ាជួយការពារទីក្រុងយេរូសាឡិម ហើយមិនអនុញ្ញាតឲ្យទីក្រុងនោះទៅជាហិនហោចដូចទីក្រុងសូដុំមនិងកូម៉ូរ៉ាទេ។
១:១៨—តើព្រះយេហូវ៉ាមានន័យអ្វីពេលមានបន្ទូលថា៖ «មកចុះ! យើងនឹងពិភាក្សាជាមួយគ្នា»? តាមពិតនេះមិនមែនជាសេចក្ដីអញ្ជើញឲ្យពិភាក្សាគ្នាដើម្បីសម្របសម្រួលក្នុងការដោះស្រាយនោះទេ។ ផ្ទុយទៅវិញ ដោយសារព្រះយេហូវ៉ាជាចៅក្រមសុចរិត ខនេះសំដៅទៅលើការបើកឱកាសឲ្យសាសន៍អ៊ីស្រាអែលកែប្រែនិងសម្អាតខ្លួន។
៦:១១—ពេលអេសាយសួរថា៖ «ឱព្រះអម្ចាស់អើយ! តើដល់យូរប៉ុន្មានទៅ?» តើគាត់ចង់ដឹងអំពីអ្វី? អេសាយមិនចង់ដឹងអំពីរយៈពេលដែលគាត់ត្រូវប្រាប់សាររបស់ព្រះយេហូវ៉ាចំពោះរាស្ត្រដែលមិនព្រមធ្វើតាមនោះទេ។ ផ្ទុយទៅវិញ គាត់ចង់ដឹងថាតើភាពខ្សោយខាងវិញ្ញាណរបស់រាស្ត្រព្រះនឹងនាំឲ្យព្រះនាមទ្រង់អបយសយូរប៉ុន្មានទៀត?
៧:៣, ៤—ហេតុអ្វីក៏ព្រះយេហូវ៉ាសព្វព្រះទ័យជួយសង្គ្រោះស្តេចអេហាស(ឬអ័ហាស)ដែលជាមនុស្សអាក្រក់នោះ? ស្តេចនៃស្រុកស៊ីរីនិងរាជាណាចក្រអ៊ីស្រាអែលមានផែនការទម្លាក់រាជ្យស្តេចអេហាស ហើយតែងតាំងដៃជើងម្នាក់ឲ្យគ្រប់គ្រងជំនួស គឺកូនរបស់លោកតាបបៀលដែលមិនមែនជាពូជដាវីឌ។ ល្បិចសម្ងាត់នេះអាចបំពេញបំណងអារក្សក្នុងការបង្អាក់ដល់ដំណើរការនៃកិច្ចព្រមព្រៀងរបស់ព្រះជាមួយដាវីឌថាទ្រង់នឹងឲ្យកូនចៅដាវីឌគ្រងរាជ្យជារៀងរហូត។ ព្រះយេហូវ៉ាបានសង្គ្រោះស្តេចអេហាសដើម្បីការពារវង្សត្រកូលរបស់«ម្ចាស់នៃមេត្រីភាព»។—អេសាយ ៩:៦
៧:៨—ក្នុងរយៈពេល៦៥ឆ្នាំនោះ តើពួកអេប្រាអិម«ត្រូវបែកខ្ញែករតាត់រតាយអស់ទៅ»យ៉ាងដូចម្ដេច? មិនយូរប៉ុន្មានក្រោយអេសាយបានប្រាប់ទំនាយនេះ គឺ«ក្នុងរាជ្យពេកាជាស្តេចអ៊ីស្រាអែល» នោះគេបានដឹកប្រជាជនចេញពីរាជាណាចក្រដែលមានកុលសម្ព័ន្ធ១០ ហើយបាននាំជនបរទេសឲ្យចូលមករស់នៅក្នុងស្រុកនោះវិញ។ (ពង្សាវតារក្សត្រទី២ ១៥:២៩) គេបានធ្វើដូច្នេះយូរឆ្នាំ គឺរហូតដល់ស្តេចអេសារហាដោនបានស្នងរាជ្យពីបិតាទ្រង់នាមសានហេរីបដែលជាសាសន៍អាសស៊ើរ។ (ពង្សាវតារក្សត្រទី២ ១៧:៦; អែសរ៉ា ៤:១, ២; អេសាយ ៣៧:៣៧, ៣៨) ៦៥ឆ្នាំដែលបានរៀបរាប់នៅអេសាយ ៧:៨ សំដៅទៅលើពេលដែលគេដឹកប្រជាជនពីស្រុកសាម៉ារីឲ្យទៅនៅប្រទេសក្រៅ ហើយនាំយកពួកប្រទេសក្រៅឲ្យមករស់នៅស្រុកសាម៉ារីវិញ។
១១:១, ១០—តើព្រះយេស៊ូគ្រិស្តអាចធ្វើជា«លំពង់១[ដែល]ដុះចេញពីគល់របស់អ៊ីសាយ»និង«ឫសនៃអ៊ីសាយ»បានយ៉ាងណា? (រ៉ូម ១៥:១២) ព្រះយេស៊ូបាន«ដុះចេញពីគល់របស់អ៊ីសាយ»ដោយសារទ្រង់កើតមកក្នុងត្រកូលលោកអ៊ីសាយ គឺតាមវង្សដាវីឌដែលជាកូនអ៊ីសាយ។ (ម៉ាថាយ ១:១-៦; លូកា ៣:២៣-៣២) ក៏ប៉ុន្តែ ពេលព្រះយេស៊ូទទួលអំណាចគ្រប់គ្រង នេះក៏មានឥទ្ធិពលលើអយ្យកោរបស់ទ្រង់វិញ។ ដ្បិតព្រះយេស៊ូទទួលអំណាចនិងសិទ្ធិប្រទានជីវិតជារៀងរហូតនៅលើផែនដីដល់អស់អ្នកដែលស្ដាប់បង្គាប់ទ្រង់ ដូច្នេះទ្រង់ក៏ក្លាយជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប»នៃមនុស្សទាំងនោះ។ (អេសាយ ៩:៦) យ៉ាងនេះ ព្រះយេស៊ូក៏ជា«ឫស»នៃពួកអយ្យកោទ្រង់ដែរ រួមទាំងលោកអ៊ីសាយផងដែរ។
មេរៀនសម្រាប់យើង:
១:៣: បើយើងមិនព្រមរស់នៅស្របទៅតាមតម្រូវការរបស់ព្រះដែលជាអ្នកបង្កើតយើង នោះគឺហាក់ដូចជាយើងចេះតិចជាងសត្វគោឬសត្វលាទៅទៀត។ ផ្ទុយទៅវិញ ការបណ្ដុះឲ្យមានចិត្តកតញ្ញូចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើងនឹងបង្ការកុំឲ្យយើងប្រព្រឹត្តដោយឥតពិចារណាទាំងបោះបង់ចោលទ្រង់។
១:១១-១៣: ព្រះយេហូវ៉ាធុញទ្រាន់ចំពោះបុណ្យសាសនាដែលមនុស្សធ្វើដោយលាក់ពុត និងការអធិស្ឋានឲ្យតែរួចពីមាត់។ ការប្រព្រឹត្តនិងសេចក្ដីអធិស្ឋានរបស់យើងត្រូវផុសចេញពីចិត្តដែលមានបំណងត្រឹមត្រូវ។
១:២៥-២៧; ២:២; ៤:២, ៣: ប្រជាជនយូដាត្រូវរួចពីទាសភាព ហើយស្រុកយូដាត្រូវលែងមានភាពហិនហោចទៀតពេលជនសំណល់មួយចំនួនប្រែចិត្តនិងត្រឡប់ទៅទីក្រុងយេរូសាឡិម ព្រមទាំងស្ដារការថ្វាយបង្គំពិតឡើងវិញ។ ព្រះយេហូវ៉ាតែងតែមានព្រះទ័យមេត្ដាចំពោះអស់អ្នកដែលប្រែចិត្តពីកំហុសរបស់ខ្លួន។
២:២-៤: ពេលយើងមានចិត្តខ្នះខ្នែងក្នុងការផ្សាយសារព្រះរាជាណាចក្ររបស់ព្រះនិងការបញ្ចុះបញ្ចូលឲ្យមានសិស្ស នេះអាចជួយឲ្យមនុស្សគ្រប់ទាំងសាសន៍រៀនអំពីរបៀបរស់នៅដែលនាំឲ្យមានភាពសុខសាន្តនិងសាមគ្គីភាព។
៤:៤: ព្រះយេហូវ៉ានឹងដកចេញឬលាងជម្រះកុំឲ្យមានភាពស្មោកគ្រោកខាងសីលធម៌និងទោសពីការកំចាយឈាមទៀត។
៥:១១-១៣: បើមនុស្សមិនទប់ចិត្តឬគ្មានតុល្យភាពពេលជ្រើសរើសការកម្សាន្ត នេះមានន័យថាគេមិនព្រមធ្វើតាមចំណេះឬប្រព្រឹត្តដោយប្រាជ្ញាទេ។—រ៉ូម ១៣:១៣
៥:២១-២៣: ពួកគ្រិស្តសាសនិកដែលជាអ្នកត្រួតពិនិត្យ (គឺពួកអ្នកចាស់ទុំ) ត្រូវប្រយ័ត្នកុំឲ្យ«រាប់ខ្លួនថា ជា[អ្នក]មានប្រាជ្ញា»។ ពួកគាត់ក៏ត្រូវចេះប្រមាណពេល«ផឹកស្រាទំពាំងបាយជូរ» ហើយមិនគួររើសមុខទេ។
«ព្រះយេហូវ៉ាទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប»
អេសាយជំពូក១៣ដល់២៣ជាសេចក្ដីទំនាយយ៉ាងធ្ងន់អំពីសាសន៍ផ្សេងៗ។ ប៉ុន្តែ «ព្រះយេហូវ៉ាទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប»ដោយអនុញ្ញាតឲ្យគ្រប់ទាំងកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែលវិលត្រឡប់ទៅស្រុកកំណើតវិញ។ (អេសាយ ១៤:១) សារក្នុងជំពូក២៤ដល់២៧ដែលប្រាប់ថាស្រុកយូដាត្រូវហិនហោចនោះ ក៏មានសេចក្ដីសន្យាថាស្រុកនោះត្រូវគេស្ដារឡើងវិញផងដែរ។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីក្រោធរបស់ទ្រង់ចំពោះ«ពួកប្រមឹកក្នុងពួកអេប្រាអិម[គឺអ៊ីស្រាអែល]» ដោយព្រោះរាជាណាចក្រនោះបានចងសម្ព័ន្ធមេត្រីជាមួយសាសន៍ស៊ីរី។ ទ្រង់ក៏មានសេចក្ដីក្រេវក្រោធចំពោះ«ពួកសង្ឃនឹងពួកហោរា»នៃរាជាណាចក្រយូដាដែរ ដោយព្រោះពួកគេចង់យកពួកសាសន៍អាសស៊ើរជាសម្ព័ន្ធមិត្តវិញ។ (អេសាយ ២៨:១, ៧) អេសាយក៏ប្រាប់ថា៖ «អើរាល[ឬទីក្រុងយេរូសាឡិម]»ត្រូវទទួលទុក្ខវេទនាដែរ ដោយព្រោះបាន«រៀបចំដំណើរ[ចង់]ចុះទៅឯស្រុកអេស៊ីព្ទ»ដើម្បីសូមគេជួយការពារទីក្រុងនោះ។ (អេសាយ ២៩:១; ៣០:១, ២) យ៉ាងណាក៏ដោយ អេសាយបានទាយថា មនុស្សណាដែលបង្ហាញថាគាត់ជឿទៅលើព្រះយេហូវ៉ា នោះនឹងទទួលសេចក្ដីសង្គ្រោះវិញ។
ព្រះយេហូវ៉ានឹងការពារ«ភ្នំស៊ីយ៉ូន»ដូចជា‹សិង្ហដែលគ្រហឹមពីលើរំពា›។ (អេសាយ ៣១:៤) ហើយមានសេចក្ដីសន្យាថា៖ «មើល! នឹងមានស្តេច១អង្គសោយរាជ្យដោយសុចរិត»។ (អេសាយ ៣២:១) ពេល«ពួករាជទូតដែលសូមមេត្រីភាព»កំពុងតែយំអណ្ដឺតអណ្ដកដោយសារពួកអាសស៊ើរគំរាមកំហែងដល់សាសន៍យូដា នោះព្រះយេហូវ៉ាសន្យាព្យាបាលឬ«អត់ទោសចំពោះអំពើទុច្ចរិតរបស់»រាស្ត្រទ្រង់។ (អេសាយ ៣៣:៧, ២២-២៤) «ព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយទ្រង់ក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេដែរ»។ (អេសាយ ៣៤:២) ស្រុកយូដាមិនត្រូវហិនហោចជារៀងរហូតទេ។ «ទីរហោស្ថានហើយទីហួតហែងនឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយហើយផ្កាឡើងដូចជាកុឡាប»។—អេសាយ ៣៥:១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១៣:១៧—តើសាសន៍មេឌីមិនរាប់អានប្រាក់ហើយមិនមានចិត្តរីករាយចំពោះមាសក្នុងន័យអ្វី? ពួកមេឌីនិងសាសន៍ពើស៊ីពេញចិត្តចំពោះកិត្ដិនាមដែលមកពីជ័យជម្នះក្នុងចម្បាំង ជាជាងគិតច្រើនពេកអំពីជ័យភណ្ឌដែលគេទទួលនោះ។ ជាក់ស្តែងគឺស្តេចស៊ីរូសដែលឲ្យដល់ពួកនិរទេសជនដែលកំពុងត្រឡប់ទៅស្រុកវិញ នូវគ្រឿងប្រដាប់ផ្សេងៗធ្វើពីមាសនិងប្រាក់ដែលស្តេចនេប៊ូក្នេសាបានយកជារបឹបពីព្រះវិហាររបស់ព្រះយេហូវ៉ា។
១៤:១, ២—តើរាស្ត្ររបស់ព្រះយេហូវ៉ាបាន‹ចាប់ជាឈ្លើយនូវអស់អ្នកដែលពីដើមបានចាប់គេជាឈ្លើយ និងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនគេ›បានយ៉ាងណា? ចំពោះប្រជាជនខ្លះដូចដានីយ៉ែលដែលបានទទួលមុខតំណែងជាអ្នកធំនៅទីក្រុងបាប៊ីឡូនក្រោមអំណាចពួកមេឌីពើស៊ី នេះបានកើតឡើងមែន។ តួយ៉ាងពីរទៀតគឺនាងអេសធើរដែលបានក្លាយជាមហាក្សត្រីសាសន៍ពើស៊ី និងលោកម៉ាដេកាយដែលបានទទួលមុខតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពពើស៊ី។
២០:២-៥—តើអេសាយពិតជាដើរខ្លួនអាក្រាតគ្រប់៣ឆ្នាំឬ? ប្រហែលជាអេសាយបានដោះតែអាវធំហើយស្លៀកពាក់តែខោអាវក្នុងប៉ុណ្ណោះ។
២១:១—តើ«វាលរហាលក្បែរសមុទ្រ»សំដៅទៅលើតំបន់មួយណា? ទោះបីជាទីក្រុងបាប៊ីឡូនមិនមានទីតាំងក្បែរសមុទ្រណាមួយក្ដី ពាក្យនេះសំដៅទៅលើទីក្រុងនោះ។ នេះគឺពីព្រោះតំបន់នោះតែងតែលិចទឹកដែលជោរជន់មកពីទន្លេអ៊ើប្រាតនិងទន្លេទីគ្រីហើយក្លាយជាវាលភក់ដែលមើលទៅដូចជាសមុទ្រ។
២៤:១៣-១៦—តើពួកយូដាត្រូវ«នៅក្នុងបណ្ដាជនជាតិដែលនៅកណ្ដាលផែនដី . . . ដូចជាការអង្រួនដើមអូលីវហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរក្រោយដែលបេះរួចពីជាន់ដើមជាស្រេចហើយ»យ៉ាងដូចម្ដេច? ដូចជាមានផ្លែបន្ដិចបន្តួចនៅជាប់លើដើមឈើឬដើមទំពាំងបាយជូរក្រោយបានច្រូតវាហើយ នោះមានតែមនុស្សតិចតួចទេដែលអាចរួចរស់ជីវិតពេលគេបំផ្លាញចោលទីក្រុងយេរូសាឡិមនិងស្រុកយូដា។ មិនថាអ្នករួចរស់ជីវិតត្រូវបំបរបង់ចេញទៅ«នៅ[ស្រុកបាប៊ីឡូន]ទិសខាងកើត» ឬទៅ«នៅស្រុកក្បែរសមុទ្រ[មេឌីទែរ៉ានេ]»ក្ដី នោះគេនៅតែលើកតម្កើងព្រះយេហូវ៉ាទៀត។
២៤:២១—តើ«ពួកពលបរិវារនៃស្ថានខ្ពស់»និង«ពួកស្តេចនៃលោកីយនៅផែនដី»សំដៅទៅលើអ្នកណា? «ពួកពលបរិវារនៃស្ថានខ្ពស់»ប្រហែលជាសំដៅទៅលើពួកទេវតាអាក្រក់។ បើដូច្នេះ «ពួកស្តេចនៃលោកីយនៅផែនដី»សំដៅទៅលើមនុស្សដែលមានអំណាចគ្រប់គ្រង តែស្ថិតក្រោមឥទ្ធិពលដ៏ខ្លាំងរបស់ពួកបិសាច។—យ៉ូហានទី១ ៥:១៩
២៥:៧—តើ«ស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មាន»ជាអ្វី? ការប្រៀបធៀបនេះនាំឲ្យគិតពីខ្មាំងសត្រូវពីររបស់មនុស្សជាតិ ពោលគឺ បាបនិងសេចក្ដីស្លាប់។
មេរៀនសម្រាប់យើង:
១៣:២០-២២; ១៤:២២, ២៣; ២១:១-៩: ទំនាយដែលជាបន្ទូលរបស់ព្រះយេហូវ៉ាតែងតែសម្រេចពិត ដូចក្នុងករណីទីក្រុងបាប៊ីឡូន។
១៧:៧, ៨: ទោះជាប្រជាជនអ៊ីស្រាអែលភាគច្រើនមិនបានស្ដាប់តាមព្រះយេហូវ៉ាក៏ដោយ បុគ្គលខ្លះបានស្វែងរកទ្រង់វិញ។ ស្រដៀងគ្នាដែរ មនុស្សខ្លះក្នុងពិភពគ្រិស្តសាសនាក៏ធ្វើតាមសារអំពីព្រះរាជាណាចក្ររបស់ព្រះដែរ។
២៨:១-៦: សាសន៍អ៊ីស្រាអែលត្រូវចុះចាញ់នឹងសាសន៍អាសស៊ើរមែន តែព្រះយេហូវ៉ាចាត់វិធានការឲ្យប្រជាជនស្មោះត្រង់ខ្លះរួចរស់ជីវិតបាន។ ពេលព្រះយេហូវ៉ាជំនុំជម្រះមនុស្សដូច្នេះ ទ្រង់មិនទុកឲ្យមនុស្សសុចរិតអស់សង្ឃឹមឡើយ។
២៨:២៣-២៩: ពេលព្រះយេហូវ៉ាកែតម្រង់បុគ្គលដែលមានចិត្តស្មោះ ទ្រង់ធ្វើដូច្នេះស្របទៅតាមកាលៈទេសៈនិងអ្វីដែលគេត្រូវការរៀងៗខ្លួន។
៣០:១៥: បើយើងចង់ទទួលសេចក្ដីសង្គ្រោះពីព្រះយេហូវ៉ា យើងត្រូវ«ផ្អាកសំរាក»ឬលែងពឹងមធ្យោបាយរបស់មនុស្សលោកដើម្បីឲ្យបានសេចក្ដីសង្គ្រោះ។ បើយើង«នៅតែស្ងៀម»ដោយមិនខ្លាចអ្វីឡើយ នោះយើងបង្ហាញពីទំនុកចិត្តថាព្រះយេហូវ៉ាមានសមត្ថភាពការពារយើងបាន។
៣០:២០, ២១: យើង«ឃើញ»ព្រះយេហូវ៉ា និង«ឮ»ព្រះសូរសៀងទ្រង់ដែលនាំឲ្យបានសេចក្ដីសង្គ្រោះ ដោយធ្វើតាមអ្វីដែលទ្រង់មានបន្ទូលតាមរយៈព្រះគម្ពីរដែលទ្រង់បណ្ដាលឲ្យមនុស្សសរសេរ ហើយតាមរយៈ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។—ម៉ាថាយ ២៤:៤៥
ទំនាយរបស់អេសាយពង្រឹងទំនុកចិត្តយើង លើព្រះបន្ទូលរបស់ព្រះ
យើងពិតជាមានចិត្តកតញ្ញូណាស់ដោយមានសាររបស់ព្រះយេហូវ៉ាកត់ទុកក្នុងសៀវភៅអេសាយ! បទទំនាយទាំងប៉ុន្មានដែលបានសម្រេចហើយ នោះពង្រឹងទំនុកចិត្តរបស់យើងថា ‹ពាក្យដែលចេញពីមាត់របស់ព្រះយេហូវ៉ាមិនដែលវិលមកឯទ្រង់វិញដោយឥតកើតផលដូច្នោះ›ឡើយ។—អេសាយ ៥៥:១១
ចុះយ៉ាងណាចំពោះបទទំនាយទាំងប៉ុន្មានអំពីព្រះមេស្ស៊ី ដូចនៅអេសាយ ៩:៧ និង១១:១-៥, ១០? ទំនាយទាំងនោះក៏ពង្រឹងជំនឿរបស់យើងទៅលើសំវិធានការរបស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះយើងមែនទេ? ហើយសៀវភៅអេសាយក៏មានទំនាយឯទៀតដែលកំពុងតែសម្រេចនៅសម័យនេះ ឬក៏នឹងសម្រេចនៅពេលអនាគតដែរ។ (អេសាយ ២:២-៤; ១១:៦-៩; ២៥:៦-៨; ៣២:១, ២) ប្រាកដហើយ សៀវភៅអេសាយពិតជាផ្ដល់ទីសំអាងថែមទៀតថា «ព្រះបន្ទូលនៃព្រះនោះរស់នៅហើយពូកែផង»។—ហេព្រើរ ៤:១២