ចូរអប់រំខ្លួនឲ្យមានចិត្តគំនិតជាអ្នកតូចជាងគេ
«អ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺអ្នកធំ»។—លូក. ៩:៤៨
តើអ្នកអាចរកចម្លើយឃើញឬទេ?
តើអ្វីអាចជួយយើងអប់រំខ្លួនឲ្យមានចិត្តគំនិតជាអ្នកតូចជាងគេ?
តើតាមរបៀបណាអ្នកតូចជាងគេគឺជា«អ្នកធំ»?
តើតាមរបៀបណាយើងអាចបង្ហាញចិត្តរាបទាបក្នុងចំណងអាពាហ៍ពិពាហ៍ ក្នុងក្រុមជំនុំ និងក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀត?
១, ២. តើលោកយេស៊ូបានដាស់តឿនពួកសាវ័ករបស់លោកឲ្យធ្វើអ្វី ហើយហេតុអ្វីលោកបានធ្វើដូច្នេះ?
នៅឆ្នាំ៣២ គ.ស. លោកយេស៊ូនៅស្រុកកាលីឡេពេលដែលមានបញ្ហាកើតឡើង។ សាវ័ករបស់លោកខ្លះកំពុងឈ្លោះប្រកែកគ្នាអំពីអ្នកណាធំជាងក្នុងចំណោមពួកគាត់។ លូកាជាអ្នកសរសេរសៀវភៅដំណឹងល្អរៀបរាប់ថា៖ «ពួកគាត់ចាប់ផ្ដើមជជែកគ្នាអំពីអ្នកណាក្នុងចំណោមពួកគាត់នឹងទៅជាអ្នកធំជាងគេ។ លោកយេស៊ូជ្រាបអំពីអ្វីដែលពួកគាត់កំពុងវែកញែកក្នុងចិត្ត ដូច្នេះលោកក៏យកកូនក្មេងម្នាក់មកឲ្យឈរក្បែរលោក រួចមានប្រសាសន៍ទៅពួកគាត់ថា៖ ‹អ្នកណាដែលទទួលស្វាគមន៍ក្មេងនេះដោយនូវឈ្មោះខ្ញុំ អ្នកនោះក៏ទទួលស្វាគមន៍ខ្ញុំដែរ ហើយអ្នកណាដែលទទួលស្វាគមន៍ខ្ញុំ ក៏ទទួលលោកដែលបានចាត់ឲ្យខ្ញុំមកផង។ ព្រោះអ្នកណាដែលកាន់ចរិយាជាអ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះគឺអ្នកធំ›»។ (លូក. ៩:៤៦-៤៨) ដោយចិត្តអត់ធ្មត់ប៉ុន្តែម៉ឺងម៉ាត់ លោកយេស៊ូបានជួយពួកសាវ័កឲ្យដឹងថាពួកគាត់ត្រូវមានចិត្តរាបទាប។
២ តើការដាស់តឿនរបស់លោកយេស៊ូឲ្យពួកសាវ័កកាន់ចរិយាជាអ្នកតូចជាងគេគឺសមស្របនឹងចិត្តគំនិតរបស់ជនជាតិយូដានៅសតវត្សរ៍ទី១ឬទេ? ឬក៏ផ្ទុយនឹងចិត្តគំនិតជាទូទៅរបស់ពួកគេវិញ? សៀវភៅវចនានុក្រមមួយ (Theological Dictionary of the New Testament) ដែលរៀបរាប់អំពីស្ថានភាពសង្គមនាសម័យនោះពន្យល់ថា៖ «ក្នុងគ្រប់ការទាំងអស់ គេតែងតែគិតថាអ្នកណាសំខាន់ជាងគេ ហើយការផ្ដល់កិត្ដិយសដល់បុគ្គលដែលគេគិតថាសមនឹងទទួលកិត្ដិយសជារឿងសំខាន់សម្រាប់ពួកគេជានិច្ច»។ លោកយេស៊ូដាស់តឿនពួកសាវ័ករបស់លោកឲ្យមានចិត្តគំនិតខុសពីមនុស្សទូទៅនៅសម័យនោះ។
៣. (ក) តើការកាន់ចរិយាជាអ្នកតូចជាងគេមានន័យដូចម្ដេច ហើយហេតុអ្វីយើងប្រហែលជាពិបាកធ្វើដូច្នេះ? (ខ) តើមានសំណួរអ្វីខ្លះស្តីអំពីការអប់រំខ្លួនឲ្យមានចិត្តគំនិតជាអ្នកតូចជាងគេ?
៣ ពាក្យក្រិចដែលបានត្រូវបកប្រែថា«អ្នកតូចជាងគេ»មានន័យថាអ្នកដែលមានចិត្តរាបទាប សុភាព ទន់ទាប មិនសូវសំខាន់ ឬមិនសូវមានកិត្ដិយសនិងឥទ្ធិពល។ លោកយេស៊ូបានយកក្មេងតូចម្នាក់មកធ្វើជាគំរូដើម្បីធ្វើឲ្យពួកសាវ័ករបស់លោកដឹងច្បាស់ថា ពួកគាត់គួរមានចិត្តរាបទាបនិងចិត្តសុភាព។ ការដាស់តឿននោះគឺជាប់ទាក់ទងនឹងគ្រិស្តសាសនិកពិតនៅសព្វថ្ងៃនេះក៏ដូចនៅសតវត្សរ៍ទី១ដែរ។ យើងប្រហែលជាពិបាកកាន់ចរិយាធ្វើជាអ្នកតូចជាងគេ ជាពិសេសក្នុងស្ថានភាពខ្លះ។ ភាពមិនល្អឥតខ្ចោះរបស់យើងនាំឲ្យយើងមានអំណួត ហើយព្យាយាមឲ្យបានប្រសើរជាងអ្នកឯទៀត។ មជ្ឈដ្ឋានដែលពោរពេញទៅដោយការប្រកួតប្រជែងដែលយើងរស់នៅនិងចិត្តគំនិតរបស់ពិភពលោកនេះប្រហែលជានាំឲ្យយើងគិតតែពីប្រយោជន៍ខ្លួន ចង់ឈ្នះចង់ចាញ់គ្នា ឬប្រើអ្នកឯទៀតជាឈ្នាន់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។ តើអ្វីអាចជួយយើងអប់រំខ្លួនឲ្យមានចិត្តគំនិតជាអ្នកតូចជាងគេ? តើតាមរបៀបណាដែល‹អ្នកតូចជាងគេក្នុងចំណោមយើង គឺជាអ្នកធំ›? តើក្នុងរឿងណាខ្លះក្នុងជីវិតដែលយើងគួរព្យាយាមបង្ហាញចិត្តរាបទាប?
«ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎!»
៤, ៥. តើអ្វីអាចជំរុញយើងអប់រំខ្លួនឲ្យមានចិត្តរាបទាប? សូមលើកឧទាហរណ៍។
៤ របៀបមួយដែលអាចជួយយើងឲ្យមានចិត្តរាបទាបជាង គឺដោយចាំថាព្រះយេហូវ៉ាខ្ពង់ខ្ពស់ជាងយើងឆ្ងាយណាស់។ តាមការពិត«គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ទ្រង់បានទេ»។ (អេ. ៤០:២៨) សាវ័កប៉ូលបានរៀបរាប់អំពីលក្ខណៈខ្លះនៃភាពរុងរឿងរបស់ព្រះយេហូវ៉ា ដោយសរសេរថា៖ «ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ!»។ (រ៉ូម ១១:៣៣) ទោះជាចំណេះរបស់មនុស្សជាតិក្នុងរឿងជាច្រើនបានកើនឡើងជាខ្លាំងតាំងពីសាវ័កប៉ូលបានសរសេរពាក្យទាំងនេះប្រហែលជា២.០០០ឆ្នាំមុនក៏ដោយ ពាក្យទាំងនេះនៅតែជាការពិត។ ទោះជាយើងចេះដឹងច្រើនយ៉ាងណាក៏ដោយ យើងគួរមានចិត្តរាបទាបដោយដឹងថាយើងនៅតែមានអ្វីច្រើនមិនចេះអស់ដើម្បីរៀនអំពីព្រះយេហូវ៉ា កិច្ចការនិងការប្រព្រឹត្តរបស់លោក។
៥ ការទទួលស្គាល់ថាយើងមិនអាចយល់អំពីកិច្ចការរបស់ព្រះបានទេ បានជួយឡេអូaឲ្យចាត់ទុកខ្លួនគាត់ជាអ្នកតូចជាងគេ។ ជាយុវជនមួយរូប ឡេអូចាប់អារម្មណ៍យ៉ាងខ្លាំងអំពីរឿងវិទ្យាសាស្ត្រ។ ដោយមានបំណងចង់ដឹងឲ្យបានច្រើនបំផុតអំពីសកលលោក គាត់បានសិក្សាអំពីតារារូបវិទ្យា ហើយបានទាញមេរៀនដ៏សំខាន់មួយ។ គាត់និយាយថា៖ «ដោយផ្អែកលើការសិក្សាស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំបានដឹងថាទ្រឹស្តីវិទ្យាសាស្ត្រសព្វថ្ងៃនេះប៉ុណ្ណោះ ទំនងជាមិនអាចជួយមនុស្សជាតិឲ្យយល់អំពីសកលលោកទាំងស្រុងបានទេ។ ដូច្នេះ ខ្ញុំបានប្ដូរមកសិក្សាខាងច្បាប់វិញ»។ ក្រោយមក ឡេអូបានក្លាយជារដ្ឋអាជ្ញា ហើយក្រោយមកបានក្លាយជាចៅក្រម។ នៅទីបំផុត គាត់និងប្រពន្ធគាត់បានសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា បានទទួលយកសេចក្ដីពិត ហើយបានប្រគល់ខ្លួនជូនព្រះដើម្បីបម្រើលោក។ ទោះជាគាត់ធ្លាប់ទទួលការអប់រំខ្ពស់ក្ដី តើអ្វីបានជួយឡេអូឲ្យកាន់ចរិយាជាអ្នកតូចជាងគេ? គាត់ឆ្លើយដោយមិនស្ទាក់ស្ទើរថា៖ «យើងដឹងថាទោះជាយើងបានរៀនច្រើនយ៉ាងណាក៏ដោយអំពីព្រះយេហូវ៉ានិងសកលលោក គឺនៅតែមានអ្វីៗជាច្រើនទៀតដែលយើងត្រូវស្វែងយល់»។
៦, ៧. (ក) តើព្រះយេហូវ៉ាបានទុកគំរូដ៏អស្ចារ្យអ្វីស្តីអំពីចិត្តរាបទាប? (ខ) តើចិត្តរាបទាបរបស់ព្រះយេហូវ៉ាអាចធ្វើឲ្យមនុស្សទៅជា«អ្នកធំ»យ៉ាងដូចម្ដេច?
៦ កត្ដាផ្សេងទៀតដែលជួយយើងឲ្យមានចិត្តរាបទាប គឺដោយសារព្រះយេហូវ៉ាផ្ទាល់បង្ហាញចិត្តរាបទាប។ សូមពិចារណាអំពីខគម្ពីរនេះដែលចែងថា៖ «យើងជាអ្នករួមការងារជាមួយនឹងព្រះ»។ (១កូ. ៣:៩) ពិតជាអស្ចារ្យមែន! ព្រះយេហូវ៉ាជាព្រះដែលមានភាពឧត្តុង្គឧត្តមដែលមិនអាចប្រៀបផ្ទឹមបាន ចាត់ទុកយើងជាអ្នករួមការងារជាមួយនឹងលោក។ លោកផ្ដល់កិត្ដិយសនេះដល់យើង ដោយឲ្យយើងមានឱកាសបំពេញកិច្ចបម្រើផ្សាយរបស់យើងដោយប្រើគម្ពីរដែលជាបណ្ដាំរបស់លោក។ ទោះជាព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យគ្រាប់ពូជដែលយើងដាំនិងស្រោចទឹក ដុះឡើងក៏ដោយ លោកឲ្យយើងមានតួនាទីប្រកបដោយកិត្ដិយស គឺឲ្យយើងធ្វើជាអ្នករូមការងារជាមួយនឹងលោក។ (១កូ. ៣:៦, ៧) ព្រះពិតជាបានទុកគំរូយ៉ាងអស្ចារ្យស្តីអំពីចិត្តរាបទាប។ គំរូរបស់ព្រះយេហូវ៉ាស្តីអំពីចិត្តរាបទាបប្រាកដជាលើកទឹកចិត្តយើងម្នាក់ៗយ៉ាងខ្លាំងឲ្យកាន់ចរិយាជាអ្នកតូចជាងគេ។
៧ គំរូរបស់ព្រះស្តីអំពីចិត្តរាបទាបបានមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដាវីឌដែលជាអ្នកតែងទំនុកតម្កើង។ គាត់បានច្រៀងជូនព្រះយេហូវ៉ាថា៖ «ទ្រង់បានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំ ហើយព្រះហឫទ័យស្រទន់របស់ទ្រង់បានលើកទូលបង្គំឡើងជាធំ»។ (២សាំ. ២២:៣៦) ដាវីឌបានដឹងថាគាត់អាចធ្វើអ្វីៗដ៏អស្ចារ្យនៅអ៊ីស្រាអែលបាន គឺដោយសារព្រះយេហូវ៉ាបានបង្ហាញចិត្តរាបទាប ពោលគឺលោកឱនព្រះនេត្រឬបន្ទាបខ្លួនលោកដើម្បីយកចិត្តទុកដាក់ចំពោះគាត់។ (ទំនុក. ១១៣:៥-៧) តើយើងមានចិត្តគំនិតដូចដាវីឌឬទេ? គុណសម្បត្ដិ សមត្ថភាព និងឯកសិទ្ធិផ្សេងៗដែលយើងមាន យើង«បានទទួល»ពីព្រះយេហូវ៉ា។ (១កូ. ៤:៧) បុគ្គលដែលកាន់ចរិយាជាអ្នកតូចជាងគេជា«អ្នកធំ» គឺគាត់បានក្លាយជាអ្នកបម្រើដែលកាន់តែមានប្រយោជន៍ចំពោះព្រះយេហូវ៉ា។ (លូក. ៩:៤៨) សូមយើងសញ្ជឹងគិតអំពីរបៀបដែលយើងអាចធ្វើដូច្នេះ។
‹អ្នកតូចជាងគេក្នុងចំណោមអ្នករាល់គ្នាគឺជាអ្នកធំ›
៨. តើចិត្តរាបទាបមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះអង្គការព្រះយេហូវ៉ា?
៨ ចិត្តរាបទាបគឺសំខាន់ចាំបាច់ដើម្បីឲ្យយើងស្កប់ចិត្តនឹងការរៀបចំរបស់ព្រះ ហើយគាំទ្រការរៀបចំរបស់ក្រុមជំនុំ។ ជាឧទាហរណ៍ សូមពិចារណាអំពីពេត្រាដែលជាស្ត្រីវ័យក្មេងម្នាក់ដែលបានធំឡើងក្នុងក្រុមគ្រួសារសាក្សីព្រះយេហូវ៉ា។ ដោយសារពេត្រាចង់ធ្វើអ្វីៗតាមចិត្តខ្លួន នាងបានចាកចេញពីក្រុមជំនុំ។ ប៉ុន្មានឆ្នាំក្រោយមក នាងបានចូលរួមជាមួយនឹងក្រុមជំនុំម្ដងទៀត។ ឥឡូវនេះនាងសប្បាយរីករាយនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា ហើយចង់គាំទ្រការរៀបចំរបស់ក្រុមជំនុំ។ តើអ្វីបានជួយនាងឲ្យកែប្រែទស្សនៈរបស់នាង? នាងបានសរសេរថា៖ «ដើម្បីឲ្យមានអារម្មណ៍ស្រួលក្នុងអង្គការរបស់ព្រះ គុណសម្បត្ដិសំខាន់បំផុតពីរដែលខ្ញុំត្រូវយល់និងត្រូវអប់រំខ្លួន គឺចិត្តរាបទាបនិងចិត្តសុភាព»។
៩. តើបុគ្គលដែលមានចិត្តរាបទាបមានចិត្តគំនិតបែបណាចំពោះសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលយើងទទួល ហើយហេតុអ្វីនេះធ្វើឲ្យគាត់កាន់តែមានប្រយោជន៍ច្រើនថែមទៀត?
៩ បុគ្គលដែលមានចិត្តរាបទាបមានចិត្តដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះការរៀបចំរបស់ព្រះយេហូវ៉ា រួមទាំងសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ ដូច្នេះ បុគ្គលបែបនេះខំប្រឹងសិក្សាគម្ពីរ ហើយចូលចិត្តអានទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រលឹក! (Awake!)។ ដូចអ្នកបម្រើដ៏ស្មោះត្រង់ជាច្រើននាក់ទៀតរបស់ព្រះយេហូវ៉ា គាត់ប្រហែលជាមានទម្លាប់អានសៀវភៅថ្មីនីមួយៗមុននឹងទុកក្នុងទូរសៀវភៅរបស់គាត់។ ពេលយើងបង្ហាញចិត្តដឹងគុណនិងចិត្តរាបទាបដោយអាននិងសិក្សាសៀវភៅផ្សេងៗរបស់យើង ដែលមានមូលដ្ឋានលើគម្ពីរ នោះយើងជឿនទៅមុខខាងកិច្ចបម្រើព្រះ ហើយព្រះយេហូវ៉ាអាចប្រើយើងកាន់តែច្រើនថែមទៀតក្នុងកិច្ចបម្រើរបស់លោក។—ហេ. ៥:១៣, ១៤
១០. តើតាមរបៀបណាយើងអាចបង្ហាញចិត្តគំនិតជាអ្នកតូចជាងគេក្នុងក្រុមជំនុំ?
១០ អ្នកដែលកាន់ចរិយាជាអ្នកដែលតូចជាងគេគឺជា«អ្នកធំ»តាមរបៀបមួយទៀត។ ក្រុមជំនុំនីមួយៗមានបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ ដែលបានត្រូវតែងតាំងក្រោមការដឹកនាំនៃសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ាឲ្យបម្រើជាអ្នកចាស់ទុំ។ ពួកគាត់រៀបចំកិច្ចការផ្សេងៗខាងការគោរពប្រណិប័ន៍ព្រះដូចជាកិច្ចប្រជុំក្រុមជំនុំ កិច្ចផ្សព្វផ្សាយ និងការទៅលេងបងប្អូនដើម្បីលើកទឹកចិត្តពួកគាត់។ ពេលយើងបង្ហាញចិត្តគំនិតជាអ្នកតូចជាងគេដោយគាំទ្រការរៀបចំទាំងនេះដោយស្ម័គ្រចិត្ត យើងជួយក្រុមជំនុំឲ្យមានអំណរ សេចក្ដីសុខសាន្ត និងសាមគ្គីភាព។ (សូមអាន ហេប្រឺ ១៣:៧, ១៧) ប្រសិនបើអ្នកកំពុងបម្រើជាអ្នកចាស់ទុំ ឬជំនួយការខាងកិច្ចបម្រើ តើអ្នកបានបង្ហាញចិត្តរាបទាបនិងចិត្តដឹងគុណចំពោះព្រះយេហូវ៉ាដែលបានឲ្យអ្នកនូវឯកសិទ្ធិបែបនេះក្នុងកិច្ចបម្រើលោកឬទេ?
១១, ១២. តើចិត្តគំនិតបែបណា នឹងធ្វើឲ្យយើងកាន់តែមានប្រយោជន៍ដល់អង្គការរបស់ព្រះយេហូវ៉ា ហើយហេតុអ្វី?
១១ អ្នកដែលកាន់ចរិយាជាអ្នកតូចជាងគេគឺជា«អ្នកធំ» ឬកាន់តែមានប្រយោជន៍ចំពោះអង្គការរបស់ព្រះយេហូវ៉ា ពីព្រោះចិត្តគំនិតរបស់គាត់ធ្វើឲ្យគាត់ក្លាយជាអ្នកបម្រើដ៏ល្អនិងមានប្រយោជន៍របស់ព្រះ។ លោកយេស៊ូបានដាស់តឿនពួកសាវ័ករបស់លោកឲ្យកាន់ចរិយាជាអ្នកតូចជាងគេ ដោយសារសាវ័កខ្លះទទួលឥទ្ធិពលពីចិត្តគំនិតជាទូទៅរបស់មនុស្សនៅសម័យនោះ។ លូកា ៩:៤៦ចែងថា៖ «ពួកគាត់ចាប់ផ្ដើមជជែកគ្នាអំពីអ្នកណាក្នុងចំណោមពួកគាត់នឹងទៅជាអ្នកធំជាងគេ»។ តើយើងក៏ប្រហែលជាចាប់ផ្ដើមគិតថា យើងប្រសើរជាងបងប្អូនរួមជំនឿឬខ្ពង់ខ្ពស់ជាងមនុស្សទូទៅដែរឬទេ? ក្នុងពិភពលោកនេះ មនុស្សជាច្រើនជុំវិញយើងមានចិត្តអំណួត ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ចូរយើងជៀសវាងពីអំណួត ដោយបង្ហាញចិត្តរាបទាប។ កាលដែលយើងធ្វើដូច្នេះ ហើយចាត់ទុកការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាជាអ្វីដែលសំខាន់បំផុត យើងនឹងធ្វើឲ្យបងប្អូនប្រុសស្រីរបស់យើងកាន់តែមានកម្លាំងចិត្តឡើងវិញ។
១២ ការដាស់តឿនរបស់លោកយេស៊ូឲ្យកាន់ចរិយាជាអ្នកតូចជាងគេ ពិតជាជំរុញចិត្តយើងមែន។ តើយើងគួរព្យាយាមបង្ហាញចិត្តគំនិតជាអ្នកតូចជាងគេក្នុងគ្រប់ស្ថានភាពក្នុងជីវិតឬទេ? ចូរយើងផ្ដោតអារម្មណ៍ជាពិសេសទៅលើស្ថានភាពបីយ៉ាង។
ចូរព្យាយាមធ្វើជាអ្នកតូចជាងគេ
១៣, ១៤. តើតាមរបៀបណាប្ដីឬប្រពន្ធគួរកាន់ចរិយាជាអ្នកតូចជាងគេ ហើយតើនេះអាចមានឥទ្ធិពលយ៉ាងណាទៅលើចំណងអាពាហ៍ពិពាហ៍?
១៣ ក្នុងចំណងអាពាហ៍ពិពាហ៍។ មនុស្សជាច្រើននៅសព្វថ្ងៃនេះខ្វល់ខ្វាយអំពីសិទ្ធិរបស់ខ្លួនដល់ម្ល៉េះបានជាពួកគេទាមទារសិទ្ធិរបស់ពួកគេ ទោះជាការធ្វើដូច្នេះមានន័យថាត្រូវបំពានសិទ្ធិអ្នកឯទៀតក៏ដោយ។ ប៉ុន្តែ អ្នកដែលតូចជាងគេធ្វើតាមចិត្តគំនិតដែលប៉ូលបានលើកទឹកចិត្តយើង។ ប៉ូលបានសរសេរសំបុត្រទៅបងប្អូននៅក្រុងរ៉ូមថា៖ «ចូរយើងស្វែងរកអ្វីដែលនាំឲ្យមានសន្ដិភាព និងអ្វីដែលជួយគ្នាទៅវិញទៅមកឲ្យមានភាពរឹងមាំ»។ (រ៉ូម ១៤:១៩) បុគ្គលដែលកាន់ចរិយាជាអ្នកតូចជាងគេខំប្រឹងឲ្យមានសន្ដិភាពជាមួយមនុស្សទាំងអស់ ហើយជាពិសេសជាមួយគូអាពាហ៍ពិពាហ៍ជាទីស្រឡាញ់របស់គាត់។
១៤ សូមពិចារណាអំពីការកម្សាន្តសប្បាយ។ គូអាពាហ៍ពិពាហ៍ប្រហែលជាមានចំណង់ចំណូលចិត្តខុសគ្នាស្តីអំពីការកម្សាន្ត។ ប្រហែលជាប្ដីចូលចិត្តនៅផ្ទះយ៉ាងស្ងាត់ស្ងៀម ហើយអានសៀវភៅនៅពេលសម្រាកពីការងារ។ ផ្ទុយទៅវិញ ប្រពន្ធប្រហែលជាចង់ទៅបរិភោគអាហារនៅភោជនីយដ្ឋានឬចង់ទៅលេងមិត្តភក្ដិ។ ប្រពន្ធងាយនឹងគោរពប្ដីរបស់នាងជាង ពេលដែលនាងឃើញថាប្ដីនាងបង្ហាញចិត្តរាបទាប ហើយពិតជាគិតអំពីអ្វីដែលនាងចូលចិត្តនិងអ្វីដែលនាងមិនចូលចិត្តជាជាងគិតអំពីចំណង់ចំណូលចិត្តរបស់ខ្លួន។ ប្ដីនឹងស្រឡាញ់ហើយឲ្យតម្លៃប្រពន្ធខ្លាំងជាង ពេលដែលគាត់ឃើញថានាងមិនទាមទារឲ្យគាត់ធ្វើតាមចិត្តរបស់នាងទេ តែគិតអំពីអារម្មណ៍របស់គាត់វិញ! ពេលដែលគូម្នាក់ៗកាន់ចរិយាជាអ្នកតូចជាងគេ នោះពួកគាត់អាចពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់។—សូមអាន ភីលីព ២:១-៤
១៥, ១៦. នៅទំនុក ទី១៣១ តើដាវីឌបានជូនយោបល់ឲ្យមានចិត្តគំនិតបែបណា ហើយតើនេះគួរមានឥទ្ធិពលយ៉ាងណាចំពោះការប្រព្រឹត្តរបស់យើងក្នុងក្រុមជំនុំ?
១៥ ក្នុងក្រុមជំនុំ។ មនុស្សជាច្រើនក្នុងពិភពលោកនេះរស់នៅដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នាភ្លាមៗរបស់ខ្លួន។ ពួកគេមិនសូវមានចិត្តអត់ធ្មត់ ហើយមិនចូលចិត្តរង់ចាំអ្វីទាំងអស់។ ការអប់រំខ្លួនឲ្យមានចិត្តគំនិតជាអ្នកតូចជាងគេជួយយើងឲ្យរង់ចាំព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ១៣១:១-៣) ប្រយោជន៍ដែលមកពីការមានចិត្តរាបទាបហើយចេះរង់ចាំព្រះយេហូវ៉ាគឺយើងទទួលពរ ការសម្រាលទុក្ខ ការស្កប់ចិត្ត ហើយមានសុវត្ថិភាព។ មិនមែនជាការចម្លែកឡើយដែលដាវីឌបានលើកទឹកចិត្តជនរួមជាតិអ៊ីស្រាអែលឲ្យរង់ចាំព្រះរបស់ពួកគេដោយចិត្តអត់ធ្មត់!
១៦ អ្នកអាចទទួលការសម្រាលទុក្ខស្រដៀងគ្នានេះ ពេលដែលអ្នករង់ចាំព្រះយេហូវ៉ាដោយចិត្តរាបទាប។ (ទំនុក. ៤២:៥) ប្រហែលជាអ្នក«ចង់បានកិច្ចការដ៏ល្អប្រសើរ» ហើយដូច្នេះអ្នក«ព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ»។ (១ធី. ៣:១-៧) អ្នកគួរធ្វើអ្វីៗទាំងអស់ដែលអ្នកអាចធ្វើបានដើម្បីឲ្យសកម្មពលបរិសុទ្ធអប់រំអ្នកឲ្យមានគុណសម្បត្ដិដែលអ្នកត្រួតពិនិត្យត្រូវមាន។ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកត្រូវរង់ចាំយូរជាងអ្នកឯទៀត? បុគ្គលដែលតូចជាងគេ រង់ចាំទទួលឯកសិទ្ធិក្នុងកិច្ចបម្រើដោយចិត្តអត់ធ្មត់ និងបន្តបម្រើព្រះយេហូវ៉ាដោយចិត្តរីករាយ ហើយនឹងរីករាយចំពោះភារកិច្ចណាក៏ដោយដែលលោកបានប្រគល់ឲ្យ។
១៧, ១៨. (ក) ពេលយើងសុំការអភ័យទោសហើយសុខចិត្តអភ័យទោសឲ្យអ្នកឯទៀត តើយើងទទួលប្រយោជន៍អ្វីខ្លះ? (ខ) តើសុភាសិត ៦:១-៥ផ្ដល់ឱវាទអ្វី?
១៧ ក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀត។ ការសុំអភ័យទោសគឺជាការពិបាកសម្រាប់មនុស្សជាច្រើន។ ក៏ប៉ុន្តែ អ្នកបម្រើរបស់ព្រះយេហូវ៉ាអប់រំខ្លួនឲ្យមានចិត្តគំនិតជាអ្នកតូចជាងគេ ដោយសារភាពកំហុសរបស់ខ្លួន ហើយសុំការអភ័យទោស។ ពួកគេក៏បម្រុងតែនឹងអភ័យទោសឲ្យអ្នកឯទៀតចំពោះអំពើខុសឆ្គងរបស់ពួកគេដែរ។ ចិត្តអំណួតបណ្ដាលឲ្យមានការបែកបាក់គ្នានិងជម្លោះ រីឯការអភ័យទោសនាំឲ្យមានសន្ដិភាពក្នុងក្រុមជំនុំ។
១៨ យើងប្រហែលជាត្រូវ‹បន្ទាបខ្លួន›ដោយសុំការអភ័យទោសយ៉ាងស្មោះពីបុគ្គលម្នាក់ទៀត ប្រសិនបើយើងមិនអាចធ្វើតាមកិច្ចព្រមព្រៀងដោយសារស្ថានភាពដែលយើងមិនអាចផ្លាស់ប្ដូរបាន។ ទោះជាអ្នកឯទៀតប្រហែលជាមានចំណែកក្នុងបញ្ហានោះក៏ដោយ គ្រិស្តសាសនិកដែលមានចិត្តរាបទាបគិតអំពីកំហុសរបស់ខ្លួន ហើយសុខចិត្តទទួលកំហុសនោះ។—សូមអាន សុភាសិត ៦:១-៥
១៩. តើមានមូលហេតុអ្វីខ្លះដែលយើងម្នាក់ៗមានចិត្តដឹងគុណចំពោះឱវាទគម្ពីរដែលឲ្យយើងកាន់ចរិយាជាអ្នកតូចជាងគេ?
១៩ ដោយសារគម្ពីរលើកទឹកចិត្តយើងឲ្យអប់រំខ្លួនជាអ្នកតូចជាងគេ យើងពិតជាមានចិត្តដឹងគុណចំពោះព្រះមែន! ជួនកាលយើងប្រហែលជាពិបាកបង្ហាញចិត្តរាបទាប។ ប៉ុន្តែ ប្រសិនបើយើងគិតថាព្រះយេហូវ៉ាខ្ពង់ខ្ពស់ជាងយើងឆ្ងាយណាស់ ហើយចាំថាលោកផ្ទាល់បានបង្ហាញចិត្តរាបទាប នោះយើងនឹងចង់បង្ហាញគុណសម្បត្ដិដ៏អស្ចារ្យនេះ។ ដោយធ្វើដូច្នេះ យើងនឹងបង្ហាញថាយើងពិតជាអ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលមានប្រយោជន៍ច្រើនជាង។ ដូច្នេះ សូមឲ្យយើងម្នាក់ៗកាន់ចរិយាជាអ្នកតូចជាងគេ។
[កំណត់សម្គាល់]
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
[រូបភាពនៅទំព័រ១៥]
[រូបភាពនៅទំព័រ១៦]
ព្រះយេហូវ៉ាផ្ដល់កិត្ដិយសឲ្យយើងមានឯកសិទ្ធិផ្សព្វផ្សាយដំណឹងល្អ
[រូបភាពនៅទំព័រ១៩]
តើអ្នកមានឱកាសអ្វីខ្លះដើម្បីកាន់ចរិយាជាអ្នកតូចជាងគេ?