«អ្នកតូច»បានប្រែជា«មនុស្ស១ពាន់»
«អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ»។—អេសាយ ៦០:២២
១, ២. (ក) ហេតុអ្វីក៏សេចក្ដីងងឹតគ្របលើផែនដីសព្វថ្ងៃនេះ? (ខ) តើតាមរបៀបណាដែលពន្លឺរបស់ព្រះយេហូវ៉ា បានរះជាបណ្ដើរៗមកលើរាស្ត្ររបស់ទ្រង់នោះ?
«សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង»។ (អេសាយ ៦០:២) ពាក្យទាំងនេះពណ៌នាយ៉ាងត្រឹមត្រូវនូវស្ថានការណ៍លើផែនដីតាំងពីឆ្នាំ១៩១៩មកម្ល៉េះ។ ពិភពគ្រីស្ទសាសនាបានបដិសេធចោលនូវសញ្ញាសំគាល់ពីវត្តមានព្រះយេស៊ូគ្រីស្ទដ៏ជាស្តេច ដែលជា«ពន្លឺលោកីយ»។ (យ៉ូហាន ៨:១២; ម៉ាថាយ ២៤:៣) ដោយព្រោះសាតាំងមាន«សេចក្ដីឃោរឃៅជាខ្លាំង» ហើយជាមេ«ម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះ» នៅសតវត្សទី២០នេះគឺបានមានភាពកាចសាហាវណាស់ ដែលជាគ្រាដ៏បំផ្លិចបំផ្លាញជាងគេបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្សលោក។ (វិវរណៈ ១២:១២; អេភេសូរ ៦:១២) មនុស្សភាគច្រើនរស់នៅក្នុងសេចក្ដីងងឹតខាងវិញ្ញាណ។
២ ប៉ុន្តែ ពន្លឺក៏នៅតែរះឡើងនៅសព្វថ្ងៃនេះដែរ។ ព្រះយេហូវ៉ា«រះឡើងភ្លឺ»មកលើពួកអ្នកបំរើទ្រង់ គឺពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ ជាពួកអ្នកនៅផែនដីដែលតំណាង«ស្ត្រី»ស្ថានសួគ៌របស់ទ្រង់នោះ។ (អេសាយ ៦០:១) ជាពិសេសតាំងពីពួកគេបានត្រូវដោះលែងចេញពីការឃុំឃាំងក្នុងបាប៊ីឡូននៅឆ្នាំ១៩១៩មក នោះពួកទាំងនេះបានបញ្ចាំងសិរីរុងរឿងរបស់ព្រះ ហើយបាន‹ឲ្យពន្លឺរបស់គេភ្លឺនៅមុខមនុស្សលោក›។ (ម៉ាថាយ ៥:១៦) តាំងពីឆ្នាំ១៩១៩ ទៅឆ្នាំ១៩៣១ នោះពន្លឺខាងឯព្រះរាជាណាចក្របានរះកាន់តែភ្លឺឡើងៗ កាលដែលពួកអ្នកទាំងនេះបានលះចោលនូវគំនិតទាស់ទែងទាំងប៉ុន្មានរបស់បាប៊ីឡូន។ ពួកគេបានកើនចំនួនដល់រាប់ម៉ឺននាក់ កាលដែលព្រះយេហូវ៉ាបានបំពេញតាមសេចក្ដីសន្យារបស់ទ្រង់ ដែលថា៖ «អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វ១ហ្វូងនៅកណ្ដាលវាលស្មៅ គេនឹងបញ្ចេញសូរអ៊ូអរជាខ្លាំង ដោយមានគ្នាច្រើន»។ (មីកា ២:១២) នៅក្នុងឆ្នាំ១៩៣១ សិរីរុងរឿងរបស់ព្រះយេហូវ៉ាមកលើរាស្ត្ររបស់ទ្រង់ បានឃើញកាន់តែជាក់ស្តែងពេលដែលគេបានទទួលយកឈ្មោះ ស្មរបន្ទាល់ព្រះយេហូវ៉ា។—អេសាយ ៤៣:១០, ១២
៣. តើតាមរបៀបណាដែលបានឃើញជាក់ស្តែងថា ពន្លឺរបស់ព្រះយេហូវ៉ានឹងរះឡើងលើពួកអ្នកឯទៀតក្រៅពីពួកអ្នកចាក់ប្រេងតាំង?
៣ តើព្រះយេហូវ៉ានឹងរះឡើងមកលើតែពួកសំណល់នៃ«ហ្វូងតូច»នោះទេឬ? (លូកា ១២:៣២) មិនមែនអ៊ីចឹងទេ។ ទស្សនាវដ្ដីប៉មយាម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣១ បានចង្អុលប្រាប់អំពីក្រុមមួយទៀត។ ដោយពន្យល់យ៉ាងល្អនូវអេសេគាល ៩:១-១១ បានបង្ហាញថា បុរសម្នាក់ដែលស្ពាយដបទឹកខ្មៅជារបស់អ្នកសរសេរ ដែលបានរៀបរាប់ក្នុងខទាំងនោះ តំណាងពួកអ្នកចាក់ប្រេងតាំងដែលនៅសល់។ តើនរណាដែលបានត្រូវគូសសម្គាល់នៅលើថ្ងាសដោយ«ម្នាក់»នេះ? គឺពួក«ចៀមឯទៀត» ជាពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅជាអនន្តលើផែនដីមនោរម្យ។ (យ៉ូហាន ១០:១៦; ទំនុកដំកើង ៣៧:២៩) នៅឆ្នាំ១៩៣៥ ក្រុមពួក«ចៀមឯទៀត»នេះ បានត្រូវយល់ថាជា«មនុស្ស១ហ្វូងយ៉ាងធំ . . . ពីគ្រប់ទាំងសាសន៍» ដែលសាវ័កយ៉ូហានបានឃើញក្នុងចក្ខុនិមិត្តរបស់លោក។ (វិវរណៈ ៧:៩-១៤) ពីឆ្នាំ១៩៣៥រហូតមកដល់ឥឡូវនេះ គឺមានការប្រុងស្មារតីជាច្រើន ដែលបានសំដៅទៅលើការប្រមូលហ្វូងធំនេះចូលមក។
៤. តើ«ស្តេចទាំងប៉ុន្មាន» និង«អស់ទាំងសាសន៍»ដែលបានរៀបរាប់ក្នុងអេសាយ ៦០:៣ ជាអ្នកណាគេ?
៤ កិច្ចការប្រមូលនេះបានត្រូវសំដៅទៅលើទំនាយរបស់អេសាយ ពេលដែលទំនាយនេះចែងថា៖ «អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង»។ (អេសាយ ៦០:៣) តើ«ស្តេចទាំងប៉ុន្មាន»ដែលបានរៀបរាប់នៅទីនេះ ជាពួកអ្នកណាទៅ? ពួកនេះគឺជាអ្នកសំណល់នៃពួក១៤៤.០០០នាក់ ចូលរួមជាមួយនឹងព្រះយេស៊ូគ្រីស្ទ ក៏ជាអ្នកគ្រងមរដកនូវព្រះរាជាណាចក្រនៅស្ថានសួគ៌ ហើយបាននាំមុខក្នុងកិច្ចការធ្វើបន្ទាល់។ (រ៉ូម ៨:១៧; វិវរណៈ ១២:១៧; ១៤:១) សព្វថ្ងៃនេះ «អស់ទាំងសាសន៍»ជាអស់អ្នកដែលមានសេចក្ដីសង្ឃឹមខាងផែនដីដែលបានមកឯព្រះយេហូវ៉ាឲ្យទ្រង់បង្រៀនគេ ហើយដែលថែមទាំងអញ្ជើញអ្នកដទៃឲ្យធ្វើអ៊ីចឹងដែរ មានចំនួនច្រើនជាងប៉ុន្មានពាន់នាក់ជាអ្នកសំណល់នៃពួកអ្នកចាក់ប្រេងតាំង។—អេសាយ ២:៣
ពួកអ្នកបំរើដ៏ខ្នះខ្នែងរបស់ព្រះយេហូវ៉ា
៥. តើហេតុការណ៍ពិតអ្វីដែលបង្ហាញថា ការខ្នះខ្នែងនៃរាស្ត្ររបស់ព្រះយេហូវ៉ាឥតបានថយចុះនោះ?
៥ ទូទាំងសតវត្សទី២០នេះ ពួកស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យទំនើបនេះ បានបង្ហាញការខ្នះខ្នែងយ៉ាងណាទៅហ្ន៎! ហើយទោះជាមានការបង្ខិតបង្ខំកាន់តែច្រើនឡើងក៏ដោយ ក៏ការខ្នះខ្នែងរបស់គេឥតបានថយឡើយ កាលដែលឆ្នាំ២០០០បានមកដល់ហើយនោះ។ ពួកគេនៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ដែលថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩, ២០) ចំនួនអ្នកផ្សាយដំណឹងល្អយ៉ាងសកម្មក្នុងកំឡុងឆ្នាំខាងកិច្ចបំរើមុននេះ មានអតិបរមាថ្មីគឺ៥.៩១២.៤៩២នាក់។ ពួកគេបានចំណាយចំនួនម៉ោងដ៏ល្អអស្ចារ្យ ដែលសរុបទៅមាន១.១៤៤.៥៦៦.៨៤៩ម៉ោង ក្នុងការនិយាយប្រាប់អ្នកដទៃអំពីព្រះនិងគោលបំណងរបស់ទ្រង់។ ពួកគេបានត្រឡប់ទៅជួបពួកអ្នកដែលចាប់អារម្មណ៍ អស់៤២០.០៤៧.៧៩៦ដង ហើយបានបង្រៀនព្រះគម្ពីរដោយឥតគិតថ្លៃតាមផ្ទះដល់មនុស្ស៤.៤៣៣.៨៨៤នាក់។ នេះគឺជារបាយការណ៍ដ៏អស្ចារ្យពីកិច្ចការដ៏ខ្នះខ្នែងម្ល៉េះហ្ន៎!
៦. តើមានការរៀបចំថ្មីអ្វី ដែលបានធ្វើឡើងសំរាប់ពួកអ្នកត្រួសត្រាយ ហើយតើមានលទ្ធផលយ៉ាងណាដែរ?
៦ នៅខែមករាឆ្នាំមុននេះ នោះគណៈអភិបាលបានប្រកាសប្រាប់ ពីការប្រែប្រួលចំនួនម៉ោងសំរាប់ពួកអ្នកត្រួសត្រាយ។ ច្រើនអ្នកបានឆ្លៀតយកប្រយោជន៍ពីការប្រែប្រួលនេះ ដើម្បីចូលធ្វើជាអ្នកត្រួសត្រាយពេញពេល ឬជាអ្នកត្រួសត្រាយជំនួយ។ ជាឧទាហរណ៍ ក្នុងកំឡុងបួនខែដំបូងនៅឆ្នាំ១៩៩៩ នោះការិយាល័យសាខានៅប្រទេសហូឡង់ បានទទួលប័ណ្ណសុំធ្វើជាអ្នកត្រួសត្រាយពេញពេល ដែលមានចំនួនបួនដងច្រើនជាងពេលដំណាលគ្នានេះនៅឆ្នាំ១៩៩៨។ ប្រទេសហ្កាណារាយការណ៍ថា៖ «តាំងពីចំនួនម៉ោងថ្មីចាប់ប្រតិបត្ដិឡើង នោះចំនួននៃពួកអ្នកត្រួសត្រាយពេញពេលរបស់យើងបានកើនឡើងយ៉ាងទៀងទាត់»។ នៅក្នុងឆ្នាំកិច្ចបំរើនៅឆ្នាំ១៩៩៩ នោះអ្នកត្រួសត្រាយទូទាំងពិភពលោកមានចំនួន៧៣៨.៣៤៣នាក់ ដែលជាការសម្ដែងយ៉ាងអស្ចារ្យនូវ‹ចិត្តឧស្សាហ៍ធ្វើការល្អ›។—ទីតុស ២:១៤
៧. តើព្រះយេហូវ៉ាបានប្រទានពរលើសកម្មភាពដ៏ខ្នះខ្នែងនៃរាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច?
៧ តើព្រះយេហូវ៉ាបានប្រទានពរលើសកម្មភាពដ៏ខ្នះខ្នែងនេះឬទេ? មែនហើយ។ តាមរយៈអេសាយ នោះទ្រង់មានបន្ទូលថា៖ «ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ»។ (អេសាយ ៦០:៤) «ពួកកូនប្រុសៗ» និង«ពួកកូនស្រីៗ»ដែលបានចាក់ប្រេងតាំង និងបានប្រមូលឲ្យចូលមកហើយនោះ ក៏នៅតែបំរើព្រះយ៉ាងខ្នះខ្នែងដែរ។ ហើយឥឡូវ ពួកចៀមឯទៀតរបស់ព្រះយេស៊ូ ក៏កំពុងតែប្រមូលឲ្យមកខាងឯពួកអ្នកចាក់ប្រេងតាំងដែលនៅសល់នេះ នៅ២៣៤ប្រទេសនិងកោះ។
«ធ្វើការល្អគ្រប់មុខ»
៨. តើស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែធ្វើ«ការល្អ»អ្វីខ្លះ?
៨ ពួកគ្រីស្ទានមានភារកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រ និងដើម្បីជួយពួកអ្នកចាប់អារម្មណ៍ឲ្យក្លាយទៅជាពួកសិស្សនោះដែរ។ ប៉ុន្តែពួកគេ«មានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ (ធីម៉ូថេទី២ ៣:១៧) ដូច្នេះហើយ ដោយសេចក្ដីស្រឡាញ់ពួកគេមើលថែរក្សាគ្រួសាររបស់ខ្លួន បង្ហាញនូវការរាក់ទាក់ និងទៅលេងពួកអ្នកឈឺ។ (ធីម៉ូថេទី១ ៥:៨; ហេព្រើរ ១៣:១៦) ហើយជនស្ម័គ្រចិត្តគឺកំពុងតែជាប់រវល់នឹងកិច្ចការ ដូចជាការសាងសង់សាលព្រះរាជាណាចក្រ ដែលជាកិច្ចការមួយដែលធ្វើបន្ទាល់ផងដែរ។ នៅប្រទេសតូហ្គោ ក្រោយពីបានសាងសង់រួចនូវសាលព្រះរាជាណាចក្រមួយ នោះពួកអ្នកទទួលខុសត្រូវខាងគ្រីស្ទសាសនាមួយដែលឡូឡា នោះចង់ដឹងមូលហេតុអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាអាចសាងសង់អាគាររបស់ខ្លួន រីឯសាសនារបស់គេត្រូវតែជួលមនុស្សឲ្យធ្វើការនេះជំនួសគេវិញ! ប្រទេសតូហ្គោរាយការណ៍ថាការសាងសង់សាលព្រះរាជាណាចក្រ ដែលមានគុណភាពល្អ គឺមានឥទ្ធិពលដ៏វិជ្ជមានម្ល៉េះដល់ពួកអ្នកជិតខាង ដែលមនុស្សខ្លះខំរកជួលផ្ទះឬសាងសង់ផ្ទះនៅម្ដុំៗដែលសាលព្រះរាជាណាចក្រនឹងត្រូវសង់ឡើងនោះ។
៩. តើស្មរបន្ទាល់ព្រះយេហូវ៉ាបានធ្វើយ៉ាងណា កាលដែលមានមហន្តរាយ?
៩ នៅពេលខ្លះ ក៏តម្រូវឲ្យធ្វើកិច្ចការល្អម្យ៉ាងទៀតនោះដែរ។ ប្រទេសជាច្រើនក្នុងកំឡុងឆ្នាំកិច្ចការបំរើមុននេះ គឺបានមានមហន្តរាយ ហើយជាញឹកញាប់នោះពួកអ្នកដែលទៅជួយមុនគេបំផុត គឺស្មរបន្ទាល់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ ច្រើនកន្លែងនៅប្រទេសហុងឌុយរ៉ាស បានត្រូវធ្វើឲ្យខ្ទេចខ្ទីដោយព្យុះសង្ឃរាឈ្មោះមីជ។ សាខាការិយាល័យនៅទីនោះក៏បានបង្កើតគណៈកម្មាធិការយ៉ាងរហ័ស ដើម្បីរៀបចំផ្ដល់ជំនួយ។ ពួកស្មរបន្ទាល់នៅប្រទេសហុងឌុយរ៉ាស និងស្មរបន្ទាល់នៅប្រទេសជាច្រើនទៀត បានផ្ដល់ឲ្យខោអាវ ម្ហូបអាហារ ថ្នាំពេទ្យ និងរបស់ចាំបាច់ឯទៀត។ គណៈកម្មាធិការខាងការសង់តាមភូមិភាគ បានប្រើជំនាញរបស់គេដើម្បីសាងសង់ឡើងវិញនូវផ្ទះជាច្រើន។ មិនយូរប៉ុន្មាន បងប្អូនរបស់យើងដែលជាអ្នករងគ្រោះមហន្តរាយនោះ បានត្រូវជួយឲ្យត្រឡប់ទៅធ្វើកិច្ចការធម្មតារបស់គេវិញ។ នៅប្រទេសអេក្វាទ័រ ស្មរបន្ទាល់ព្រះយេហូវ៉ាបានមកជួយបងប្អូនរបស់គេ ពេលដែលមានទឹកជំនន់យ៉ាងខ្លាំងបានកំទេចចោលនូវផ្ទះខ្លះនោះ។ ក្រោយពីបានមើលនូវរបៀបដែលមានសមត្ថភាព ដែលពួកគេបានដោះស្រាយនឹងស្ថានការណ៍នេះ នោះមន្ត្រីរាជការម្នាក់បានមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំជួលក្រុមនេះ នោះខ្ញុំនឹងអាចសម្រេចការដ៏អស្ចារ្យបាន! មនុស្សដែលដូចអ្នករាល់គ្នា គួរតែមានក្នុងគ្រប់ភូមិភាគលើពិភពលោកនេះ»។ កិច្ចការល្អបែបនេះនាំឲ្យមានការសរសើរដល់ព្រះយេហូវ៉ា និងជាទីសំអាងនៃ«សេចក្ដីគោរពប្រតិបត្ដិដល់ព្រះ [ដែល]មានប្រយោជន៍គ្រប់ជំពូក»។—ធីម៉ូថេទី១ ៤:៨
ពួកគេ«រសាត់មកដូចជាពពក»
១០. ទោះជាចំនួននៃពួកអ្នកចាក់ប្រេងតាំងកំពុងតែរលុះទៅក៏ដោយ ហេតុអ្វីក៏ព្រះនាមរបស់ព្រះយេហូវ៉ានៅតែបានប្រកាសប្រាប់ច្រើនជាងមុន?
១០ ឥឡូវព្រះយេហូវ៉ាក៏មានបន្ទូលសួរថា៖ «តើពួកណាហ្ន៎! ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ? ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ . . . ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង»។ (អេសាយ ៦០:៨-១០) ពួកដំបូងដែលបានតបឆ្លើយនឹង‹ការរះឡើង›របស់ព្រះយេហូវ៉ា គឺជា«ពួកកូនប្រុសៗ»របស់ទ្រង់ គឺពួកជនគ្រីស្ទានចាក់ប្រេងតាំង។ រួចមក ក៏មាន«ពួកសាសន៍ដទៃ» គឺពួកហ្វូងធំ ដែលបំរើបងប្អូនចាក់ប្រេងតាំងរបស់គេយ៉ាងស្មោះត្រង់ ហើយធ្វើតាមការនាំមុខនៃពួកនោះក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ។ ដូច្នេះហើយ ទោះជាចំនួននៃពួកចាក់ប្រេងតាំងកំពុងតែរលុះបន្ដិចម្ដងៗក៏ដោយ ក៏ព្រះនាមរបស់ព្រះយេហូវ៉ានៅតែបានប្រកាសទូទាំងផែនដីច្រើនជាងមុនៗទៅទៀត។
១១. តើអ្វីដែលកំពុងតែមានជាបន្ត ហើយតើមានលទ្ធផលយ៉ាងណាក្នុងឆ្នាំ១៩៩៩?
១១ ជាលទ្ធផលនោះ មនុស្សរាប់លាននាក់កំពុងតែ«ហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាប» ដោយរកទីជ្រកកោនក្នុងក្រុមជំនុំគ្រីស្ទាន។ មនុស្សរាប់សែននាក់បានត្រូវបញ្ចូលរៀងរាល់ឆ្នាំ ហើយទ្វារនៅបើកចំហឲ្យមនុស្សជាច្រើនទៀតចូល។ អេសាយមានប្រសាសន៍ថា៖ «ទ្វារកំផែងរបស់ឯងនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្ដិរបស់សាសន៍ទាំងប៉ុន្មានមកឯឯង»។ (អេសាយ ៦០:១១) ឆ្នាំមុននេះ មាន៣២៣.៤៣៩នាក់បានទទួលបុណ្យជ្រមុជទឹក ជាតំណាងនូវការថ្វាយខ្លួនរបស់គេដល់ព្រះយេហូវ៉ា ហើយទ្រង់មិនទាន់បិទទ្វារទេ។ «ទីគាប់ចិត្តរបស់អស់ទាំងសាសន៍» ដែលជាសមាជិកនៃពួកហ្វូងធំ គឺកំពុងតែចូលតាមទ្វារនោះទាំងហ្វូងៗ។ (ហាកាយ ២:៧) គ្មានអ្នកណាម្នាក់ដែលចង់ចេញពីសេចក្ដីងងឹតដែលបានត្រូវបណ្ដេញមិនឲ្យចូលនោះឡើយ។ (យ៉ូហាន ១២:៤៦) សូមកុំឲ្យមនុស្សបែបនេះ បាត់បង់នូវអំណររបស់គេចំពោះពន្លឺនោះឡើយ!
ក្លាហានពេលប្រឈមមុខនឹងការប្រឆាំង
១២. តើពួកអ្នកដែលស្រឡាញ់សេចក្ដីងងឹត បានខំប្រឹងពន្លត់ពន្លឺយ៉ាងដូចម្ដេច?
១២ អស់អ្នកដែលស្រឡាញ់សេចក្ដីងងឹត នោះស្អប់ពន្លឺពីព្រះយេហូវ៉ា។ (យ៉ូហាន ៣:១៩) អ្នកខ្លះព្រមទាំងខំពន្លត់ពន្លឺនោះទៀតផង។ នេះមិនមែនជាអ្វីដែលគួរឲ្យចម្លែកទេ។ សូម្បីតែព្រះយេស៊ូដែលជា«ពន្លឺដ៏ពិត . . . ដែលបំភ្លឺដល់មនុស្សទាំងអស់» ក៏បានត្រូវគេចំអកមើលងាយ ប្រឆាំង ហើយនៅក្រោយបំផុត បានត្រូវជនរួមជាតិរបស់ទ្រង់ធ្វើគុតដល់ទ្រង់ទៀតផង។ (យ៉ូហាន ១:៩) ក្នុងកំឡុងសតវត្សទី២០នេះ ស្មរបន្ទាល់ព្រះយេហូវ៉ាក៏បានត្រូវគេចំអកមើលងាយ ចាប់ដាក់គុក ដាក់បម្រាម ព្រមទាំងសម្លាប់ចោល កាលដែលពួកគេបញ្ចាំងពន្លឺរបស់ព្រះយេហូវ៉ាដោយចិត្តស្មោះត្រង់។ នៅក្នុងឆ្នាំថ្មីៗនេះ ពួកអ្នកប្រឆាំងបានអាងអ្នកផ្សាយពត៌មាន ដើម្បីប្រកាសពាក្យកុហកអំពីអស់អ្នកដែលបញ្ចាំងពន្លឺរបស់ព្រះ។ អ្នកខ្លះចង់ឲ្យមនុស្សជឿថា ស្មរបន្ទាល់ព្រះយេហូវ៉ាជាពួកដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ ហើយគួរតែដាក់កំរិតឬក៏បម្រាម។ តើពួកអ្នកប្រឆាំងបែបនេះបានជោគជ័យឬទេ?
១៣. តើមានលទ្ធផលយ៉ាងណា ពីការបង្ហាញនូវហេតុការណ៍ពិតដោយចេះវិនិច្ឆ័យ ជូនដល់អ្នកផ្សាយពត៌មានស្តីអំពីកិច្ចការរបស់យើងនោះ?
១៣ គឺឥតបានជោគជ័យទេ។ ពេលដែលសមរម្យនឹងធ្វើ នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានទៅជួបអ្នកផ្សាយពត៌មាន ដើម្បីនឹងពន្យល់នូវហេតុការណ៍ពិត។ ជាលទ្ធផល នោះព្រះនាមរបស់ព្រះយេហូវ៉ាបានត្រូវបោះពុម្ពទូទៅក្នុងកាសែត និងទស្សនាវដ្ដី និងតាមវិទ្យុព្រមទាំងតាមទូរទស្សន៍ផងដែរ។ នេះបានធ្វើឲ្យមានលទ្ធផលល្អក្នុងកិច្ចការផ្សព្វផ្សាយ។ ជាឧទាហរណ៍ នៅប្រទេសដាណឺម៉ាក កម្មវិធីមួយតាមទូរទស្សន៍ជាតិ បានធ្វើការវិភាគតាមប្រធាន «មូលហេតុដែលជំនឿរបស់ពួកជនជាតិដាណឺម៉ាកកំពុងតែឱនថយ»។ ស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវគេសម្ភាសន៍ជាមួយនឹងពួកសាសនាឯទៀត។ ក្រោយមក ស្ត្រីម្នាក់ដែលបានឃើញពត៌មាននោះ បានមានប្រសាសន៍ថា៖ «គឺឃើញបានជាក់ស្តែងណាស់ ថាអ្នកណាដែលមានវិញ្ញាណរបស់ព្រះនោះ»។ ការសិក្សាព្រះគម្ពីរក៏បានចាប់ផ្ដើមឡើងជាមួយនឹងគាត់ទៅ។
១៤. មិនយូរប៉ុន្មានទៀតទេ តើពួកប្រឆាំងទាំងនេះនឹងត្រូវជំរុញឲ្យទទួលស្គាល់អ្វី ដែលធ្វើឲ្យគេមានចិត្តទុក្ខព្រួយនោះ?
១៤ ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថា មនុស្សជាច្រើនក្នុងពិភពលោកនេះនឹងប្រឆាំងពួកគេ។ (យ៉ូហាន ១៧:១៤) ប៉ុន្តែពួកគេបានត្រូវពង្រឹងដោយទំនាយរបស់អេសាយ ដែលថា៖ «ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងឱនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាតជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល»។ (អេសាយ ៦០:១៤) មិនយូរប៉ុន្មានទៀតទេ ពួកប្រឆាំងទាំងនេះនឹងទទួលស្គាល់ថាគេបានវាយទាស់នឹងព្រះផ្ទាល់ ហើយនេះនឹងធ្វើឲ្យគេមានចិត្តទុក្ខព្រួយមែន។ តើមានអ្នកណាដែលអាចឈ្នះនឹងការប្រយុទ្ធបែបនេះ?
១៥. តើស្មរបន្ទាល់ព្រះយេហូវ៉ា«បឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍»ដោយរបៀបណា ហើយតើសេចក្ដីនេះបានត្រូវបង្ហាញយ៉ាងណាដោយកិច្ចការផ្សព្វផ្សាយនិងការបង្រៀនរបស់គេ?
១៥ ព្រះយេហូវ៉ាមានបន្ទូលសន្យាថែមទៀតថា៖ «អញនឹងធ្វើឲ្យឯងបានជាទីប្រសើរ នៅអស់កល្បជានិច្ចវិញ . . . ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះឯង»។ (អេសាយ ៦០:១៥, ១៦) ត្រូវហើយ ព្រះយេហូវ៉ាជាអ្នកសង្គ្រោះរាស្ត្ររបស់ទ្រង់។ ប្រសិនបើពួកគេទុកចិត្តលើទ្រង់ នោះពួកគេនឹងបាន«នៅអស់កល្បជានិច្ច»។ ហើយពួកគេនឹង«បឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍» ដោយប្រើធនធានផ្សេងៗ ដើម្បីឲ្យជឿនលឿនទៅមុខខាងការថ្វាយបង្គំពិត។ ជាឧទាហរណ៍ ការប្រើដោយប្រាជ្ញានូវកុំព្យូទ័រនិងបច្ចេកវិជ្ជាខាងគមនាគមន៍ ក៏សម្រួលនូវការបោះពុម្ពទស្សនាវដ្ដីប៉មយាម ១២១ភាសា និងទស្សនាវដ្ដីភ្ញាក់រឭក! ៦២ភាសាទាន់គ្នា។ កុំព្យូទ័រប្រូក្រាមដ៏ជាក់លាក់មួយបានគ្រោងទុកដើម្បីជួយធ្វើការបកប្រែ សេចក្ដីបកប្រែពិភពលោកថ្មី ចេញជាភាសាផ្សេងទៀត ហើយនេះក៏នាំឲ្យមានអំណរច្រើនណាស់។ នៅពេលដែលបទគម្ពីរគ្រីស្ទានភាសាក្រិកបានបកប្រែចេញជាភាសាក្រូអាស៊ី នៅឆ្នាំ១៩៩៩ នោះមានមនុស្សរាប់ពាន់នាក់បានហូរទឹកភ្នែកដោយអំណរ។ បងប្រុសចំណាស់ម្នាក់ បានមានប្រសាសន៍ថា៖ «ខ្ញុំបានរង់ចាំទទួលព្រះគម្ពីរនេះជាយូរយារមកហើយ។ ឥឡូវនេះខ្ញុំអាចស្លាប់ដោយស្រួលចិត្តវិញ!»។ ការចែកចាយនូវសេចក្ដីបកប្រែពិភពលោកថ្មី ទាំងមូលឬក៏ជាផ្នែក បានលើសជាង១០០លានក្បាលហើយ៣៤ភាសា។
ខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់
១៦, ១៧. (ក) ទោះជាពិបាកក៏ដោយ ហេតុអ្វីក៏ការរក្សាខ្នាតតម្រាខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាសំខាន់នោះ? (ខ) តើបទពិសោធន៍អ្វីដែលបង្ហាញឲ្យឃើញថា យុវជនអាចជៀសវាងការធ្វើឲ្យកខ្វក់ពីលោកីយ៍នេះ?
១៦ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលប្រព្រឹត្តអាក្រក់ នោះតែងស្អប់ដល់ពន្លឺ»។ (យ៉ូហាន ៣:២០) ផ្ទុយទៅវិញ អស់អ្នកដែលនៅក្នុងពន្លឺ នោះស្រឡាញ់ខ្នាតតម្រាសីលធម៌ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ តាមរយៈអេសាយ នោះព្រះយេហូវ៉ាមានបន្ទូលថា៖ «ពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់»។ (អេសាយ ៦០:២១ក) គឺអាចជាការពិបាកណាស់ ក្នុងការរក្សាខ្នាតតម្រាដ៏សុចរិតនៅក្នុងលោកីយ៍ដែលមានពេញដោយអំពើឥតសីលធម៌ខាងកាម ការភូតភរ សេចក្ដីលោភ និងអំនួតនោះ។ ជាឧទាហរណ៍ នៅប្រទេសខ្លះ សេដ្ឋកិច្ចកំពុងតែរីកចំរើន ហើយជាការស្រួលនឹងបែរទៅស្វះស្វែងរកទ្រព្យសម្បត្ដិ។ ប៉ុន្តែ ប៉ុលបានព្រមានថា៖ «ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ»។ (ធីម៉ូថេទី១ ៦:៩) ជាទីសោកស្ដាយយ៉ាងណាទៅហ្ន៎ ពេលដែលបុគ្គលណាម្នាក់ជក់ស្លុងនឹងសហគ្រាសខាងពាណិជ្ជកម្មដល់ម្ល៉េះបានជាគាត់សុខចិត្តលះបង់នូវអ្វីដែលពិតជាសំខាន់ ដូចជាការសេពគប់ពួកគ្រីស្ទាន កិច្ចបំរើដ៏ពិសិដ្ឋ គោលការណ៍ខាងសីលធម៌ និងភារកិច្ចទាំងឡាយក្នុងគ្រួសារនោះ!
១៧ ការរក្សាខ្នាតតម្រាដ៏សុចរិតអាចជាការពិបាក ជាពិសេសចំពោះយុវជន ក្នុងកាលដែលពួកមិត្តៗរបស់គេប្រើគ្រឿងញៀន និងប្រព្រឹត្តអំពើឥតសីលធម៌។ នៅប្រទេសស៊ូរីណាម ក្មេងស្រីម្នាក់ដែលមានអាយុ១៤ឆ្នាំ បានត្រូវក្មេងប្រុសដ៏សង្ហារម្នាក់មកទាក់ទងនៅឯសាលា ហើយបានអញ្ជើញនាងឲ្យរួមដំណេកនឹងគាត់។ នាងបានបដិសេធ ដោយពន្យល់ថាព្រះគម្ពីរហាមមិនឲ្យធ្វើអ៊ីចឹងខាងក្រៅអាពាហ៍ពិពាហ៍ឡើយ។ ក្មេងស្រីៗឯទៀតនៅឯសាលាបានសើចចំអកដាក់នាង ហើយបានខំបង្ខិតបង្ខំនាងឲ្យផ្លាស់ប្ដូរគំនិតនាង ដោយនិយាយថាគេគ្រប់គ្នាចង់រួមដំណេកជាមួយនឹងបុរសនេះណាស់។ ប៉ុន្តែ យុវនារីនេះបានកាន់ជំហរមុតមាំ។ ប៉ុន្មានសប្ដាហ៍ក្រោយមក ក្មេងប្រុសនេះបានត្រូវគេពិនិត្យរោគសញ្ញាដឹងថាមានមេរោគអេច្ចអាយវី ព្រមទាំងបានទៅជាឈឺយ៉ាងខ្លាំង។ ក្មេងស្រីនេះបានសប្បាយចិត្តណាស់ ដែលនាងបានគោរពតាមសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ា ដែលឲ្យ‹ជៀសវាងពីការសហាយស្មន់›។ (កិច្ចការ ១៥:២៨, ២៩) ស្មរបន្ទាល់ព្រះយេហូវ៉ាគឺមានការពេញចិត្តណាស់នឹងយុវជនក្នុងចំណោមពួកគេ ដែលកាន់ជំហរមុតមាំចំពោះអ្វីដែលត្រឹមត្រូវនោះ។ ជំនឿរបស់គេ និងជំនឿរបស់មាតាបិតារបស់គេគឺ«ដំកើងឡើង» ឬក៏ផ្ដល់កិត្ដិយសដល់ព្រះនាមរបស់ព្រះយេហូវ៉ា។—អេសាយ ៦០:២១ខ
ព្រះយេហូវ៉ាបានប្រទាននូវការរីកចំរើន
១៨. (ក) តើព្រះយេហូវ៉ាបានធ្វើអ្វីដ៏អស្ចារ្យសំរាប់រាស្ត្រទ្រង់នោះ? (ខ) តើមានទីសំអាងណាខ្លះ ដែលថាយើងមិនទាន់ដល់ទីបញ្ចប់ទេ ហើយតើសេចក្ដីសង្ឃឹមដ៏រុងរឿងអ្វី ដែលនឹងមានសំរាប់អស់អ្នកដែលនៅជាមួយនឹងពន្លឺនេះ?
១៨ ត្រូវហើយ ព្រះយេហូវ៉ាទ្រង់បញ្ចាំងពន្លឺមកលើរាស្ត្រទ្រង់ ក៏ប្រទានប្រសិទ្ធិពរ ទ្រង់ដឹកនាំគេ ព្រមទាំងពង្រឹងពួកគេទៀតផង។ ក្នុងកំឡុងសតវត្សទី២០ ពួកគេបានឃើញនូវការសម្រេចនៃពាក្យរបស់អេសាយ ដែលថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេសាយ ៦០:២២) ពីចំនួនមួយក្ដាប់នៅឆ្នាំ១៩១៩ នោះព្រះយេហូវ៉ាពិតជាបាននាំមកនូវ«សាសន៍១យ៉ាងពូកែ»។ ហើយការរីកចំរើនបែបនេះ មិនទាន់ដល់ទីបញ្ចប់ទេ! ឆ្នាំមុននេះ១៤.០៨៨.៧៥១នាក់ បានរួមធ្វើពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូ។ មនុស្សច្រើននាក់នោះមិនមែនជាស្មរបន្ទាល់ដ៏សកម្មនោះទេ។ យើងមានចិត្តសប្បាយដែលគេបានទៅធ្វើពិធីបុណ្យដ៏សំខាន់នោះ ហើយយើងអញ្ជើញពួកគេឲ្យខិតខំជាបន្តទៅជិតពន្លឺនេះ។ ព្រះយេហូវ៉ានៅតែរះឡើងយ៉ាងភ្លឺមកលើរាស្ត្ររបស់ទ្រង់។ ទ្វារដែលចូលទៅអង្គការរបស់ទ្រង់ គឺនៅបើកចំហនៅឡើយ។ បើអ៊ីចឹង សូមឲ្យយើងទាំងអស់គ្នាប្ដេជ្ញាចិត្ត ឲ្យនៅជាមួយនឹងពន្លឺរបស់ព្រះយេហូវ៉ា។ ប្រសិទ្ធិពរដែលយើងមានសព្វថ្ងៃនេះគឺច្រើនយ៉ាងណាទៅហ្ន៎! ហើយនឹងមានអំណរនៅអនាគតយ៉ាងណាទៅហ្ន៎ដែរ ពេលដែលការបង្កើតទាំងអស់ នឹងសរសើរព្រះយេហូវ៉ា ហើយអរសប្បាយនឹងភាពត្រចះត្រចង់នៃសិរីរុងរឿងរបស់ទ្រង់នោះ!—វិវរណៈ ៥:១៣, ១៤
តើអ្នកអាចពន្យល់បានទេ?
• តើអ្នកណាដែលបានបញ្ចាំងពន្លឺរបស់ព្រះយេហូវ៉ា ក្នុងថ្ងៃជាន់ក្រោយបង្អស់ទាំងនេះ?
• តើអ្វីដែលបញ្ជាក់ថា ការខ្នះខ្នែងនៃរាស្ត្ររបស់ព្រះយេហូវ៉ាឥតបានថយចុះនោះ?
• តើមានកិច្ចការល្អណាខ្លះ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែរវល់ធ្វើនោះ?
• ទោះជាមានការប្រឆាំងយ៉ាងខ្លាំងក៏ដោយ តើយើងអាចទុកចិត្តអំពីអ្វី?
[រូបភាពនៅទំព័រ១៥]
មនុស្សនៅតែចូលអង្គការរបស់ព្រះយេហូវ៉ាទាំងហ្វូងៗនៅឡើយ
[រូបភាពនៅទំព័រ១៦]
យើងមានចិត្តសប្បាយដែលព្រះយេហូវ៉ានៅបើកទ្វារចំហនៅឡើយ ចំពោះអស់អ្នកដែលស្រឡាញ់ពន្លឺនេះ