ចូរធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានកាន់តែប្រសើរឡើង
«អញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម»។—អេសាយ ៦០:១៣
១, ២. តើពាក្យ«កំណល់កល់ជើង»ក្នុងបទគម្ពីរភាសាហេប្រឺអាចសំដៅលើអ្វីខ្លះ?
ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ»។ (អេសាយ ៦៦:១) ព្រះក៏បានមានប្រសាសន៍អំពី«កំណល់កល់ជើង»របស់លោកដែរ នៅពេលលោកមានប្រសាសន៍ថា៖ «អញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម»។ (អេសាយ ៦០:១៣) តើតាមរបៀបណាលោកធ្វើឲ្យកំណល់កល់ជើងលោកបានរុងរឿង ឬធ្វើឲ្យប្រសើរឡើង? ម្យ៉ាងទៀត តើនេះមានន័យយ៉ាងណាសម្រាប់ពួកអ្នកដែលរស់នៅលើកំណល់កល់ជើងលោក ពោលគឺផែនដី?
២ ក្នុងបទគម្ពីរភាសាហេប្រឺ ពាក្យ«កំណល់កល់ជើង»ក៏បានត្រូវប្រើដែរដើម្បីរៀបរាប់អំពីវិហារសម័យបុរាណរបស់ព្រះនៅអ៊ីស្រាអែល។ (របាក្សត្រទី១ ២៨:២; ទំនុកតម្កើង ១៣២:៧) វិហារនោះស្អាតណាស់ចំពោះព្រះយេហូវ៉ា ដោយសារនោះជាកន្លែងសំខាន់បំផុតនៅផែនដីសម្រាប់ការគោរពប្រណិប័តន៍ពិត។ ម្យ៉ាងទៀត វិហារនោះបានត្រូវប្រើដើម្បីលើកតម្កើងព្រះយេហូវ៉ា។
៣. តើយើងមានកន្លែងតែមួយដែលសំខាន់បំផុតសម្រាប់ការគោរពប្រណិប័តន៍ពិតនៅសព្វថ្ងៃនេះឬទេ? តើរបៀបរៀបចំនេះបានចាប់ផ្ដើមនៅពេលណា?
៣ តើយើងមានកន្លែងតែមួយដែលសំខាន់បំផុតសម្រាប់ការគោរពប្រណិប័តន៍ពិតនៅសព្វថ្ងៃនេះឬទេ? យើងមិនមានវិហារដូចនៅសម័យបុរាណទេ។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាមានរបៀបរៀបចំដើម្បីឲ្យមនុស្សគោរពប្រណិប័តន៍លោក ហើយទៅជាមិត្តរបស់លោក។ របៀបរៀបចំនេះប្រៀបដូចជាវិហាររបស់ព្រះយេហូវ៉ា ហើយនោះនាំឲ្យលោកទទួលការលើកតម្កើងច្រើនជាងអគារណាទាំងអស់។ របៀបរៀបចំនេះអាចធ្វើឡើងដោយសារតែថ្លៃលោះរបស់លោកយេស៊ូ។ តើរបៀបរៀបចំនេះបានចាប់ផ្ដើមនៅពេលណា? គឺនៅឆ្នាំ២៩ គ.ស. ពេលលោកយេស៊ូបានទទួលការជ្រមុជទឹក ហើយបានត្រូវរើសតាំងជាសម្ដេចសង្ឃនៃវិហារ ឬរបៀបរៀបចំរបស់ព្រះយេហូវ៉ា។—ហេប្រឺ ៩:១១, ១២
រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវសរសើរលោកនៅផែនដីនាពេលឥឡូវនេះ
៤, ៥. (ក) យោងទៅតាមទំនុកទី៩៩ តើអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាចង់ធ្វើអ្វី? (ខ) តើយើងគួរសួរខ្លួនយើងនូវសំណួរអ្វី?
៤ យើងដឹងគុណយ៉ាងខ្លាំងចំពោះរបៀបរៀបចំរបស់ព្រះសម្រាប់ការគោរពប្រណិប័តន៍ពិត។ យើងបង្ហាញថាយើងដឹងគុណព្រះយេហូវ៉ាដោយប្រាប់អ្នកឯទៀតអំពីនាមរបស់លោក និងអំពីថ្លៃលោះដែលជាអំណោយដ៏អស្ចារ្យពីលោក។ យើងរំភើបចិត្តដែលគ្រិស្តសាសនិកពិតជាង៨លាននាក់កំពុងសរសើរព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ! ទោះជាមនុស្សជាច្រើនដែលមានជំនឿសាសនា យល់ខុសថាពួកគេនឹងសរសើរព្រះនៅស្ថានសួគ៌ក្រោយពីពួកគេបានស្លាប់ក្ដី រាស្ត្ររបស់ព្រះយេហូវ៉ាដឹងថាគឺសំខាន់ណាស់ដែលពួកគេសរសើរលោកនៅផែនដីនាពេលឥឡូវនេះ។
៥ ពេលយើងសរសើរព្រះយេហូវ៉ា យើងធ្វើតាមគំរូនៃអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះដែលបានរៀបរាប់នៅទំនុកតម្កើង ៩៩:១-៣, ៥ (សូមអាន)។ ម៉ូសេ អេរ៉ុន និងសាំយូអែលដែលជាបុរសស្មោះត្រង់បានគាំទ្រទាំងស្រុងនូវរបៀបរៀបចំរបស់ព្រះសម្រាប់ការគោរពប្រណិប័តន៍ពិតនៅសម័យមុន។ (ទំនុកតម្កើង ៩៩:៦, ៧) សព្វថ្ងៃនេះ ពួកអ្នកដែលព្រះយេហូវ៉ាបានរើសតាំងដែលនៅផែនដីនៅឡើយ បម្រើលោកយ៉ាងស្មោះត្រង់ស្របតាមរបៀបរៀបចំរបស់លោកសម្រាប់ការគោរពប្រណិប័តន៍ពិត។ នេះប្រៀបដូចជាពួកគាត់បម្រើព្រះនៅផ្នែកនៅផែនដីនៃវិហារ។ ក្រោយពីពួកគាត់ឡើងទៅស្ថានសួគ៌ ពួកគាត់នឹងបម្រើជាសង្ឃជាមួយនឹងលោកយេស៊ូ។ «ចៀមឯទៀត»រាប់លាននាក់ជួយពួកគាត់យ៉ាងស្មោះត្រង់។ (យ៉ូហាន ១០:១៦) ក្រុមទាំងពីរគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នាដោយសាមគ្គីភាព។ ប៉ុន្តែ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំគាំទ្រទាំងស្រុងនូវរបៀបរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិតឬទេ?›។
តើអ្នកណាបម្រើព្រះនៅវិហាររបស់លោក?
៦, ៧. តើក្រុមជំនុំគ្រិស្តសាសនិកនៅសម័យដើមបានចាប់ផ្ដើមមានបញ្ហាអ្វី ហើយមកដល់ឆ្នាំ១៩១៩ តើអ្វីបានកើតឡើង?
៦ តិចជាង១០០ឆ្នាំក្រោយពីក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើង ការក្បត់ជំនឿបានដុះដាលឡើងដូចគម្ពីរបានប្រកាសទុកជាមុន។ (សកម្មភាព ២០:២៨-៣០; ថែស្សាឡូនិចទី២ ២:៣, ៤) ក្រោយពីពេលនោះ គឺកាន់តែពិបាកដឹងថាអ្នកណាជាអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះ។ រាប់រយឆ្នាំក្រោយមក ព្រះយេហូវ៉ាបានប្រើលោកយេស៊ូដើម្បីបញ្ជាក់ថាអ្នកណាជាអ្នកដែលពិតជាបម្រើព្រះនៅវិហាររបស់លោក ឬសមស្របតាមរបៀបរៀបចំរបស់លោក។
៧ មកដល់ឆ្នាំ១៩១៩ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថាអ្នកណាជាពួកអ្នកដែលបានទទួលការពេញចិត្តពីព្រះ ហើយដែលបម្រើនៅវិហាររបស់ព្រះ។ ពួកគាត់បានធ្វើការផ្លាស់ប្ដូរផ្សេងៗដើម្បីឲ្យពួកគាត់គោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលធ្វើឲ្យលោកកាន់តែពេញចិត្ត។ (អេសាយ ៤:២, ៣; ម៉ាឡាគី ៣:១-៤) ហេតុនេះ អ្វីដែលសាវ័កប៉ូលបានឃើញក្នុងគំនិតរាប់រយឆ្នាំមុន បានចាប់ផ្ដើមក្លាយទៅជាការពិត។
៨, ៩. តើ«សួនឧទ្យាន»ដែលប៉ូលបានឃើញក្នុងគំនិតគឺជាអ្វី?
៨ ប៉ូលបានរៀបរាប់អំពីអ្វីដែលគាត់បានឃើញក្នុងគំនិតនៅកូរិនថូសទី២ ១២:១-៤ (សូមអាន)។ អ្វីដែលព្រះយេហូវ៉ាបានបង្ហាញឲ្យប៉ូលឃើញក្នុងគំនិតនោះ គឺជាអ្វីមួយដែលនឹងកើតឡើងនៅពេលអនាគត។ តើ«សួនឧទ្យាន»ដែលប៉ូលបានឃើញគឺជាអ្វី? ទី១ ពាក្យ«សួនឧទ្យាន»នេះអាចសំដៅលើសួនឧទ្យានពិតប្រាកដដែលមិនយូរទៀតនឹងមាននៅផែនដី។ (លូកា ២៣:៤៣) ទី២ នេះអាចសំដៅលើស្ថានភាពដ៏ល្អឥតខ្ចោះដែលពោរពេញទៅដោយសេចក្ដីសុខសាន្តក្នុងចំណោមរាស្ត្រព្រះដែលយើងនឹងមាននៅពិភពលោកថ្មី។ ទីបី នេះអាចសំដៅលើស្ថានភាពដ៏អស្ចារ្យនៅស្ថានសួគ៌ក្នុង«សួនឧទ្យានរបស់ព្រះ»។—ការបើកបង្ហាញ ២:៧
៩ ប៉ុន្តែ ហេតុអ្វីប៉ូលបាននិយាយថាគាត់«បានឮពាក្យដែលគាត់មិនត្រូវប្រាប់ ជាពាក្យដែលមនុស្សមិនមានច្បាប់និយាយ»? គឺដោយសារនោះមិនមែនជាពេលដែលគាត់ត្រូវពន្យល់យ៉ាងល្អិតល្អន់អំពីអ្វីដ៏អស្ចារ្យដែលគាត់បានឃើញក្នុងគំនិតទេ។ ប៉ុន្តែសព្វថ្ងៃនេះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងប្រាប់អ្នកឯទៀតអំពីពរដែលរាស្ត្រលោកកំពុងទទួលនៅឥឡូវនេះ!
១០, ១១. នៅសព្វថ្ងៃនេះ តើយើងមានឯកសិទ្ធិអ្វី?
១០ ក្នុងចំណោមរាស្ត្រព្រះមានស្ថានភាពដ៏ពិសេសដែលប្រៀបដូចជាសួនឧទ្យាន។ តើស្ថានភាពដ៏ពិសេសនេះគឺជាអ្វី? គឺជាសេចក្ដីសុខសាន្តដែលព្រះផ្ដល់ឲ្យរាស្ត្រលោក។ ស្ថានភាពដែលពោរពេញទៅដោយសេចក្ដីសុខសាន្តក្នុងចំណោមរាស្ត្រព្រះ បង្ហាញយ៉ាងច្បាស់ថាអ្នកណាជាអ្នកដែលបានទទួលការពេញចិត្តពីព្រះ ហើយដែលគោរពប្រណិប័តន៍លោកសមស្របតាមរបៀបរៀបចំរបស់លោក។—ម៉ាឡាគី ៣:១៨
១១ យើងរំភើបចិត្តដោយដឹងថា តាំងពីឆ្នាំ១៩១៩ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអ្នកគោរពប្រណិប័តន៍លោកដែលជាមនុស្សមិនល្អឥតខ្ចោះ មានឯកសិទ្ធិជួយធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្ររបស់លោកកាន់តែសុខសាន្តដូចនៅសួនឧទ្យាន។ តើអ្នកកំពុងជួយធ្វើកិច្ចការដ៏អស្ចារ្យនេះឬទេ? តើអ្នកឲ្យតម្លៃទៅលើឯកសិទ្ធិជាអ្នកធ្វើការជាមួយនឹងព្រះយេហូវ៉ាដើម្បីលើកតម្កើងលោកនៅផែនដីឬទេ?
ព្រះយេហូវ៉ាកំពុងធ្វើឲ្យអង្គការរបស់លោក កាន់តែប្រសើរឡើង
១២. ហេតុអ្វីយើងដឹងថាអេសាយ ៦០:១៧បានក្លាយទៅជាការពិត? (សូមមើលរូបភាពនៅដើមអត្ថបទ)
១២ អ្នកប្រកាសទំនាយអេសាយបានប្រកាសទុកជាមុនថានឹងមានការផ្លាស់ប្ដូរដ៏អស្ចារ្យជាច្រើនដែលនឹងកើតឡើងក្នុងអង្គការរបស់ព្រះផ្នែកនៅផែនដី។ (សូមអាន អេសាយ ៦០:១៧) គ្រិស្តសាសនិកថ្មីឬវ័យក្មេងបានអាន ឬឮអំពីការផ្លាស់ប្ដូរទាំងនោះ។ ប៉ុន្តែ មានបងប្អូនជាច្រើននាក់ដែលមានឯកសិទ្ធិឃើញការផ្លាស់ប្ដូរទាំងនោះ! អ្នកបម្រើដ៏ស្មោះត្រង់ទាំងនេះជឿជាក់ថាព្រះកំពុងប្រើលោកយេស៊ូដែលជាស្តេចរបស់យើងដើម្បីដឹកនាំអង្គការរបស់លោក! ពេលយើងស្ដាប់បទពិសោធន៍របស់គ្រិស្តសាសនិកជាទីស្រឡាញ់ទាំងនេះ យើងនឹងមានជំនឿនិងទំនុកចិត្តកាន់តែខ្លាំងទៅលើព្រះយេហូវ៉ា។
ស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានគឺជាស្ថានភាពដ៏ពិសេសមួយដែលពោរពេញទៅដោយសេចក្ដីសុខសាន្តក្នុងចំណោមគ្រិស្តសាសនិកពិតនៅសព្វថ្ងៃនេះ
១៣. យោងទៅតាមទំនុកតម្កើង ៤៨:១២-១៤ តើយើងត្រូវធ្វើអ្វី?
១៣ គ្រិស្តសាសនិកពិតទាំងអស់ត្រូវប្រាប់អ្នកឯទៀតអំពីអង្គការរបស់ព្រះយេហូវ៉ា។ ទោះជាយើងរស់នៅក្នុងពិភពលោកដ៏អាក្រក់របស់សាថានក៏ដោយ យើងមានបងប្អូនរួមជំនឿដែលមានសេចក្ដីសុខសាន្តនិងសាមគ្គីភាព នេះពិតជាអស្ចារ្យមែន! យើងត្រូវប្រាប់«កូនចៅតទៅ»ដោយអំណរ អំពីអង្គការរបស់ព្រះយេហូវ៉ា និងអំពីស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលពោរពេញទៅដោយសេចក្ដីសុខសាន្តដែលប្រៀបដូចជាសួនឧទ្យាន!—សូមអាន ទំនុកតម្កើង ៤៨:១២-១៤
១៤, ១៥. ក្រោយឆ្នាំ១៩៧០ តើមានការផ្លាស់ប្ដូរអ្វីខ្លះ ហើយតើនេះបានផ្ដល់ប្រយោជន៍អ្វីដល់អង្គការរបស់ព្រះ?
១៤ ក្នុងក្រុមជំនុំផ្សេងៗរបស់យើង បងប្អូនវ័យចាស់ជាច្រើននាក់បានឃើញការផ្លាស់ប្ដូរដែលបានធ្វើឲ្យអង្គការព្រះយេហូវ៉ាផ្នែកនៅផែនដីកាន់តែប្រសើរឡើង។ ពួកគាត់ចាំអំពីពេលដែលក្រុមជំនុំនីមួយៗមានបុគ្គលម្នាក់ដែលធ្វើជាអ្នកត្រួតពិនិត្យក្រុមជំនុំជាជាងមានក្រុមអ្នកចាស់ទុំ។ ពួកគាត់ក៏ចាំអំពីពេលដែលប្រទេសផ្សេងៗមានបុគ្គលម្នាក់ដែលធ្វើជាអ្នកត្រួតពិនិត្យការិយាល័យសាខាជាជាងគណៈកម្មាធិការការិយាល័យសាខា ឬពេលប្រធានសមាគមប៉មយាមជាអ្នកផ្ដល់ការណែនាំជាជាងគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ ទោះជាបងប្រុសទាំងអស់នេះមានជំនួយការដ៏ស្មោះត្រង់ក្ដី មានតែបុគ្គលម្នាក់ដែលទទួលខុសត្រូវចំពោះការសម្រេចចិត្តនៅក្នុងក្រុមជំនុំ នៅការិយាល័យសាខា និងនៅមន្ទីរចាត់ការពិភពលោក។ ក្រោយឆ្នាំ១៩៧០ ការផ្លាស់ប្ដូរផ្សេងៗបានត្រូវធ្វើឡើងដើម្បីឲ្យក្រុមអ្នកចាស់ទុំមានភារកិច្ចធ្វើការសម្រេចចិត្តជាជាងបុគ្គលតែម្នាក់។
១៥ ហេតុអ្វីអង្គការរបស់ព្រះបានទទួលប្រយោជន៍ពីការផ្លាស់ប្ដូរទាំងនេះ? គឺដោយសារការផ្លាស់ប្ដូរទាំងនេះមានមូលដ្ឋានទៅលើការយល់ដឹងច្បាស់ជាងអំពីបទគម្ពីរ។ ក្រុមអ្នកចាស់ទុំធ្វើការសម្រេចចិត្តជាជាងមានបុគ្គលតែម្នាក់ដែលធ្វើការសម្រេចចិត្តទាំងអស់ យ៉ាងនេះអង្គការរបស់ព្រះទទួលប្រយោជន៍ពីគុណសម្បត្ដិផ្សេងៗនៃពួកអ្នកចាស់ទុំទាំងអស់ ដែលជា«អំណោយជាមនុស្ស»ពីព្រះយេហូវ៉ា។—អេភេសូរ ៤:៨; សុភាសិត ២៤:៦
១៦, ១៧. តើអ្នកកោតស្ងើចចំពោះការផ្លាស់ប្ដូរណាខ្លះនៅពេលថ្មីៗនេះ ហើយហេតុអ្វី?
១៦ សូមគិតអំពីការផ្លាស់ប្ដូរខ្លះក្នុងសៀវភៅរបស់យើងនៅពេលថ្មីៗនេះ។ ក្នុងកិច្ចបម្រើផ្សាយ យើងចូលចិត្តស្នើផ្ដល់សៀវភៅផ្សេងៗដ៏ស្អាតនិងដែលមានប្រយោជន៍។ សូមគិតផងដែរអំពីរបៀបដែលយើងប្រើបច្ចេកវិជ្ជាថ្មីដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ជាឧទាហរណ៍ គេហទំព័រjw.orgអាចផ្សាយដល់មនុស្សកាន់តែច្រើន ដើម្បីពួកគេអាចទទួលជំនួយដែលពួកគេពិតជាត្រូវការ។ ការផ្លាស់ប្ដូរទាំងអស់នេះបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្ស ហើយស្រឡាញ់ពួកគេ។
យើងក៏សប្បាយដែលយើងទទួលការបង្ហាត់បង្រៀនពីសាលាជាច្រើនរបស់យើងខាងគម្ពីរដែរ
១៧ យើងយល់អំពីប្រយោជន៍នៃការផ្លាស់ប្ដូរកិច្ចប្រជុំរបស់យើង គឺដើម្បីឲ្យយើងអាចមានពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឬមានពេលសិក្សាផ្ទាល់ខ្លួន។ ម្យ៉ាងទៀត យើងសប្បាយចិត្តចំពោះការផ្លាស់ប្ដូរក្នុងកម្មវិធីសន្និបាតនិងមហាសន្និបាតរបស់យើង។ រាល់ឆ្នាំកម្មវិធីទាំងនោះគឺកាន់តែល្អឡើង! យើងក៏សប្បាយដែលយើងទទួលការបង្ហាត់បង្រៀនពីសាលាជាច្រើនរបស់យើងខាងគម្ពីរដែរ។ ការផ្លាស់ប្ដូរទាំងអស់នេះបង្ហាញច្បាស់ថាព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក ហើយក៏បង្ហាញដែរថាលោកបន្តធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានកាន់តែប្រសើរឡើង!
របៀបដែលយើងជួយធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យានកាន់តែប្រសើរឡើង
១៨, ១៩. តើតាមរបៀបណាយើងអាចជួយធ្វើឲ្យស្ថានភាពក្នុងចំណោមរាស្ត្រព្រះកាន់តែប្រសើរឡើង?
១៨ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវឯកសិទ្ធិដើម្បីជួយធ្វើឲ្យស្ថានភាពសុខសាន្តក្នុងចំណោមរាស្ត្រលោកកាន់តែប្រសើរឡើង។ ប៉ុន្តែ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រយ៉ាងខ្នះខ្នែង ហើយជួយអ្នកឯទៀតក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ រាល់លើកដែលយើងជួយបុគ្គលណាម្នាក់ឲ្យក្លាយទៅជាអ្នកបម្រើព្រះ យើងក៏ជួយធ្វើឲ្យស្ថានភាពនោះដែលប្រៀបដូចជាសួនឧទ្យានកាន់តែល្អប្រពៃដែរ។—អេសាយ ២៦:១៥; ៥៤:២
១៩ ពេលយើងខំព្យាយាមធ្វើឲ្យបុគ្គលិកលក្ខណៈរបស់យើងជាគ្រិស្តសាសនិកកាន់តែល្អ នោះយើងក៏ជួយធ្វើឲ្យស្ថានភាពសុខសាន្តក្នុងចំណោមរាស្ត្រព្រះកាន់តែប្រសើរដែរ។ ជាលទ្ធផល នេះជួយធ្វើឲ្យស្ថានភាពនោះមានលក្ខណៈកាន់តែទាក់ទាញចិត្តមនុស្ស។ តាមធម្មតា អ្វីដែលទាក់ទាញអ្នកឯទៀតឲ្យមកអង្គការព្រះគឺការប្រព្រឹត្តដែលធ្វើឲ្យមានសន្ដិភាពនិងការប្រព្រឹត្តដ៏ស្អាតស្អំរបស់យើង មិនគ្រាន់តែចំណេះរបស់យើងខាងគម្ពីរប៉ុណ្ណោះទេ។ ក្រោយមកអ្វីទាំងនេះទាក់ទាញពួកគេមកព្រះយេហូវ៉ានិងលោកយេស៊ូ។
២០. យោងទៅតាមសុភាសិត ១៤:៣៥ តើយើងចង់ធ្វើអ្វី?
២០ ព្រះយេហូវ៉ានិងលោកយេស៊ូច្បាស់ជាពេញចិត្តណាស់ ពេលដែលលោកទាំងពីរឃើញស្ថានភាពក្នុងចំណោមរាស្ត្រព្រះនៅសព្វថ្ងៃនេះដែលប្រៀបដូចជាសួនឧទ្យានដ៏ស្អាតមួយ។ ឥឡូវនេះ យើងមានអំណរពេលយើងធ្វើឲ្យស្ថានភាពនោះកាន់តែប្រសើរឡើង។ នៅពេលអនាគតយើងនឹងមានអំណរខ្លាំងជាងនេះទៅទៀត កាលដែលយើងខំប្រឹងធ្វើឲ្យផែនដីក្លាយទៅជាសួនឧទ្យានពិតប្រាកដ។ យើងគួរនឹកចាំជានិច្ចអំពីពាក្យនៅសុភាសិត ១៤:៣៥ដែលថា៖ «មហាក្សត្រតែងផ្ដល់គុណដល់អ្នកបំរើណាដែលប្រព្រឹត្តដោយអើពើ»ឬប្រព្រឹត្តដោយមានការយល់ធ្លុះជ្រៅ។ សូមឲ្យយើងបង្ហាញថាយើងមានការយល់ធ្លុះជ្រៅពេលយើងខំប្រឹងធ្វើឲ្យស្ថានភាពសុខសាន្តក្នុងចំណោមរាស្ត្រព្រះកាន់តែប្រសើរឡើង!