ការបញ្ចេញពន្លឺ—ដែលធំនិងតូច ភាគទីពីរ
«នៅក្នុងពន្លឺនៃទ្រង់ នោះយើងខ្ញុំនឹងបានភ្លឺ»។—ទំនុកដំកើង ៣៦:៩
១. តើការខំខ្នះខ្នែងអ្វីខ្លះដែលបានធ្វើឡើងដើម្បីឲ្យយល់នឹងនិមិត្តរូបនៃសៀវភៅវិវរណៈ?
សៀវភៅគម្ពីរវិវរណៈបានធ្វើឲ្យជនគ្រីស្ទានចាប់អារម្មណ៍តាំងពីយូរឆ្នាំមកហើយ។ សៀវភៅនេះផ្ដល់ឲ្យឧទាហរណ៍ដ៏ល្អនូវរបៀបដែលពន្លឺនៃសេចក្ដីពិតបានកាន់តែច្បាស់ៗឡើង។ ក្នុងឆ្នាំ១៩១៧ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាបានបោះពុម្ពនូវការពន្យល់នៃវិវរណៈ ក្នុងសៀវភៅដែលមានចំណងជើងថា សេចក្ដីអាថ៌កំបាំងដែលត្រូវបានបញ្ចប់។ សៀវភៅនេះបានលាតត្រដាងពួកមេដឹកនាំខាងពិភពគ្រីស្ទសាសនានិងខាងនយោបាយដោយឥតខ្លាច ប៉ុន្តែការពន្យល់ជាច្រើនបានយកមកពីប្រភពផ្សេងៗឯទៀត។ តែសៀវភៅ សេចក្ដីអាថ៌កំបាំងដែលត្រូវបានបញ្ចប់បានប្រើសំរាប់ជាការសាកល្បងនឹងភក្ដីភាពរបស់ពួកសិស្សព្រះគម្ពីរ ចំពោះនឹងការដឹកនាំដែលមើលឃើញដែលព្រះយេហូវ៉ាកំពុងតែប្រើ។
២. តើអត្ថបទ«កំណើតនៃសាសន៍»បានបញ្ចេញពន្លឺអ្វីទៅលើសៀវភៅវិវរណៈ?
២ ការបញ្ចេញពន្លឺដ៏គួរឲ្យចាប់អារម្មណ៍បានបញ្ចេញទៅលើសៀវភៅវិវរណៈ ដែលមានក្នុងប្រកាសនវត្ថុនៃអត្ថបទ«កំណើតនៃសាសន៍»ក្នុងទស្សនាវដ្ដី ប៉មយាម ១ មីនា ឆ្នាំ១៩២៥។ គេបានគិតថាវិវរណៈជំពូក១២ បានរៀបរាប់អំពីសង្គ្រាមមួយរវាងពួកពាហិរជន និងសាសនាកាតូលិករ៉ូម៉ាំង ដែលមានកូនប្រុសតំណាងសង្ឃរាជវិហារកាតូលិក។ ប៉ុន្តែអត្ថបទនោះបង្ហាញថាវិវរណៈ ១១:១៥-១៨ បានទាក់ទងទៅនឹងអត្ថន័យនៃជំពូក១២ ដោយបញ្ជាក់ថា នេះទាក់ទងនឹងកំណើតនៃព្រះរាជាណាចក្ររបស់ព្រះ។
៣. តើប្រកាសនវត្ថុអ្វីទៀតដែលបានបញ្ចេញពន្លឺទៅលើវិវរណៈ?
៣ ការទាំងនេះបាននាំឲ្យមានការយល់កាន់តែច្បាស់ឡើងៗនៃវិវរណៈ ដែលមាននៅក្នុងប្រកាសនវត្ថុឈ្មោះ ពន្លឺដែលមានពីរក្បាលនៅក្នុងឆ្នាំ១៩៣០។ ប៉ុន្តែនៅមានការធ្វើឲ្យប្រសើរឡើងទៀតនៅក្នុងសៀវភៅដែលមានឈ្មោះ «បាប៊ីឡូនដ៏ធំបានរលំហើយ»! ព្រះរាជាណាចក្ររបស់ព្រះគឺគ្រប់គ្រង! (១៩៦៣)a និង«ក្រោយមកនឹងបានបញ្ចប់សេចក្ដីអាថ៌កំបាំងនៃព្រះ» (១៩៦៩)។b ប៉ុន្តែ នៅមានអ្វីជាច្រើនថែមទៀតក្នុងការរៀនអំពីទំនាយនៃសៀវភៅវិវរណៈ។ ត្រូវហើយ ការបញ្ចេញពន្លឺបានភ្លឺឡើងក្នុងឆ្នាំ១៩៨៨ ដោយមានប្រកាសនវត្ថុឈ្មោះ វិវរណៈ—កំរិតខ្ពស់បំផុតរបស់វាជិតមកដល់ហើយ!c កត្ដាចំពោះការបំភ្លឺបន្ដិចម្ដងៗនេះ គឺមកពីហេតុការណ៍ពិតដែលថាទំនាយនៃវិវរណៈ ទាក់ទង់នឹង«ថ្ងៃរបស់ព្រះអម្ចាស់» ដែលបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៩១៤។ (វិវរណៈ ១:១០) ដូច្នេះហើយសៀវភៅវិវរណៈនឹងត្រូវបានយល់កាន់តែច្បាស់លាស់ថែមទៀតកាលដែលថ្ងៃកាន់តែជឿនទៅមុខ។
ការបានធ្វើឲ្យយល់ច្បាស់ឡើងអំពី«រាជការ»
៤, ៥. (ក) តើតាមរបៀបណាដែលពួកសិស្សព្រះគម្ពីរបានយល់អំពីរ៉ូម ១៣:១? (ខ) តើនៅពេលក្រោយមកជំហររបស់បទគម្ពីរចំពោះ«រាជការ»បានធ្វើឲ្យឃើញយ៉ាងណាដែរ?
៤ ការបញ្ចេញពន្លឺបានឃើញនៅឆ្នាំ១៩៦២ដែលជាប់ទាក់ទងនឹងរ៉ូម ១៣:១ ដែលចែងថា៖ «ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ»។ ពួកសិស្សព្រះគម្ពីរដើមបានយល់ថា«រាជការ»ដែលបានរៀបរាប់នៅទីនេះបានសំដៅទៅអំណាចខាងលោកីយ៍។ ពួកគេបានយល់ពីបទគម្ពីរនេះថា បើសិនជាជនគ្រីស្ទានម្នាក់បានកេណ្ឌក្នុងពេលសង្គ្រាម គាត់នឹងត្រូវពាក់ឯកសណ្ឋាន លីកាំភ្លើងលើស្មា ហើយទៅជួរមុខនិងទៅឯលេណដ្ឋាន។ គេបានគិតថាដោយសារតែជនគ្រីស្ទានមិនអាចសម្លាប់មនុស្សគ្នីគ្នាបាននោះ គាត់ត្រូវតែបាញ់គ្រាប់កាំភ្លើងទៅលើមេឃបើមានស្ថានការណ៍ដ៏មិនល្អបានកើតឡើង។d
៥ ទស្សនាវដ្ដីប៉មយាម ១៥ វិច្ឆិកា និង ១ ធ្នូ ក្នុងឆ្នាំ១៩៦២ បានបញ្ចេញពន្លឺយ៉ាងច្បាស់ទៅលើប្រធានក្នុងការពិភាក្សាពាក្យបន្ទូលរបស់ព្រះយេស៊ូនៅម៉ាថាយ ២២:២១៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ ពាក្យរបស់សាវ័កប៉ុលនៅក្នុងកិច្ចការ ៥:២៩ ក៏មានការទាក់ទងគ្នាដែរ៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ ពួកជនគ្រីស្ទានចុះចូលនឹងសេសារ—«រាជការ»—នៅក្រោមស្ថានការណ៍ណាដែលការធ្វើនេះ មិនតម្រូវឲ្យជនគ្រីស្ទានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ព្រះ។ ការចុះចូលនឹងសេសារគឺជាអ្វីដែលមានលក្ខខណ្ឌ មិនមែនជាពេញលេញនោះទេ។ ពួកជនគ្រីស្ទានថ្វាយរបស់សេសារវិញ លុះត្រាតែការធ្វើនេះមិនទង្គិចនឹងតម្រូវរបស់ព្រះ។ ជាការគួរឲ្យស្កប់ស្កល់មែនដោយបានយល់យ៉ាងច្បាស់លាស់អំពីរឿងនេះ!
ការបញ្ចេញពន្លឺទៅលើការរៀបចំខាងអង្គការ
៦. (ក) ដើម្បីនឹងចៀសវាងពីរចនាតាមលំដាប់សក្ដិដែលមាននៅក្នុងពិភពគ្រីស្ទសាសនា តើមានគោលការណ៍អ្វីដែលបានចាប់ផ្ដើមប្រើនោះ? (ខ) នៅទីបំផុត តើអ្វីដែលបានឃើញជាផ្លូវត្រឹមត្រូវចំពោះការជ្រើសរើសអស់អ្នកដែលមើលការខុសត្រូវក្នុងក្រុមជំនុំ?
៦ ចំពោះអ្នកណាដែលនឹងត្រូវបំរើជាអ្នកចាស់ទុំនិងអ្នកងារជំនួយក្នុងក្រុមជំនុំនោះ រឿងនេះក៏មានការសង្ស័យដែរ។ ដើម្បីនឹងចៀសវាងពីរចនាតាមលំដាប់សក្ដិដែលមានជាច្រើនក្នុងពិភពគ្រីស្ទសាសនានោះ គេក៏ត្រូវបានសន្និដ្ឋានថា ពួកទាំងនេះត្រូវតែជ្រើសរើជាប្រជាធិបតេយ្យ ដោយការបោះឆ្នោតពីសមាជិកនៃក្រុមជំនុំនិមួយៗ។ ប៉ុន្តែ ការបញ្ចេញពន្លឺកាន់តែមានច្រើនឡើងនៅក្នុងទស្សនាវដ្ដីប៉មយាមនៃ១ កញ្ញា និង ១៥ តុលា នៃឆ្នាំ១៩៣២ ដែលបានបង្ហាញថាមិនមានមូលដ្ឋានចំពោះការបោះឆ្នោតក្នុងបទគម្ពីរនោះឡើយ។ ដូច្នេះ គណៈកម្មាធិការខាងកិច្ចបំរើក៏បានយកមកជំនួសវិញ ហើយអ្នកដឹកនាំខាងកិច្ចបំរើក៏បានជ្រើសរើដោយសមាគម។
៧. ដោយមានការបញ្ចេញពន្លឺ ជាលទ្ធផល តើមានអ្វីដែលបានធ្វើឲ្យប្រសើរឡើងក្នុងរបៀបដែលអ្នកបំរើក្នុងក្រុមជំនុំត្រូវតែងតាំងនោះ?
៧ ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១និងទី១៥ មិថុនានៃឆ្នាំ១៩៣៨ គឺមានការបញ្ចេញពន្លឺដោយបង្ហាញថា ពួកអ្នកបំរើក្នុងក្រុមជំនុំមិនត្រូវបោះឆ្នោតទេ ប៉ុន្តែត្រូវបានឲ្យតែងតាំងឡើងដោយព្រះធិបតេយ្យ។ ក្នុងឆ្នាំ១៩៧១ ការបញ្ចេញពន្លឺមួយទៀតបានបង្ហាញថា ក្រុមជំនុំនិមួយៗមិនត្រូវនៅក្រោមបង្គាប់នៃអ្នកបំរើតែម្នាក់នោះឡើយ។ ផ្ទុយទៅវិញ គឺត្រូវឲ្យមានក្រុមអ្នកចាស់ទុំ ឬក្រុមអ្នកត្រួតពិនិត្យ ដែលបានចាត់តាំងមកដោយគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ដូច្នេះដោយមានពន្លឺកាន់តែច្បាស់ឡើងជាង៤០ឆ្នាំកន្លងមកនេះ គឺបានឃើញយ៉ាងជាក់ស្តែងថា ពួកចាស់ទុំព្រមទាំងពួកអ្នកងារជំនួយ គួរតែត្រូវតែងតាំងដោយ«អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ»តាមរយៈគណៈអភិបាល។ (ម៉ាថាយ ២៤:៤៥-៤៧, ព.ថ.) នេះគឺសមស្របនឹងអ្វីៗដែលបានកើតឡើងក្នុងសម័យនៃគ្រាពួកសាវ័ក។ ពួកបុរសដូចជាធីម៉ូថេនិងទីតុសបានតែងតាំងឡើងជាអ្នកត្រួតពិនិត្យ ដោយគណៈអភិបាលនៅសតវត្សទីមួយ។ (ធីម៉ូថេទី១ ៣:១-៧; ៥:២២; ទីតុស ១:៥-៩) ហើយរឿងទាំងនេះគឺមានការសម្រេចយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងអេសាយ ៦០:១៧៖ «អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង»។
៨. (ក) ការមានសេចក្ដីពិតកាន់តែច្រើនឡើង ជាលទ្ធផល តើមានអ្វីដែលបានធ្វើឲ្យប្រសើរឡើងក្នុងរបៀបដែលសមាគមបានប្រតិបត្ដិនោះ? (ខ) តើមានគណៈកម្មាធិការនៃគណៈអភិបាលយ៉ាងណាខ្លះ ហើយតើមានសកម្មភាពឬការមើលត្រួតពិនិត្យនិមួយៗដោយយ៉ាងណាដែរ?
៨ មានរឿងមួយទៀត ដែលមានការទាក់ទងនឹងប្រតិបត្ដិការនៃសមាគមប៉មយាម។ ជាច្រើនឆ្នាំហើយដែលគណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា មានផ្នែកជាមួយនឹងក្រុមប្រឹក្សានៃអ្នកដឹកនាំនៃសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋប៉ិនស៊ីវ៉ានី ហើយរឿងអ្វីៗគឺអ្នកប្រធានកាន់កាប់ទាំងអស់។ ដូចជាបានបង្ហាញមកក្នុងសៀវភៅប្រចាំឆ្នាំ១៩៧៧នៃស្មរបន្ទាល់ព្រះយេហូវ៉ា (ទំព័រ ២៥៨-៩) ក្នុងឆ្នាំ១៩៧៦ គណៈអភិបាលបានចាប់ផ្ដើមប្រតិបត្ដិដោយមានប្រាំមួយគណៈកម្មាធិការ ដែលនិមួយៗបានចាត់ការឲ្យមើលទទួលខុសត្រូវចំពោះទិដ្ឋភាពផ្សេងៗនៃកិច្ចការពិភពលោក។ គណៈកម្មាធិការខាងបុគ្គលិកគឺមើលទទួលខុសត្រូវខាងរឿងផ្ទាល់ខ្លួន រួមទាំងការយកចិត្តទុកដាក់នៃអស់អ្នកដែលបំរើក្នុងក្រុមគ្រួសារបេតអែលពាសពេញពិភពលោក។ គណៈកម្មាធិការបោះពុម្ពផ្សាយគឺមើលខុសត្រូវរឿងខាងសង្គមនិងភាពត្រឹមត្រូវតាមច្បាប់ ដូចជាសម្បត្ដិ និងការបោះពុម្ព។ គណៈកម្មាធិការខាងកិច្ចបំរើគឺមើលខុសត្រូវខាងកិច្ចការផ្សាយ និងពិនិត្យមើលអ្នកធ្វើដំណើរត្រួតពិនិត្យ ពួកអ្នកត្រួសត្រាយពេញពេល និងសកម្មភាពនៃអ្នកផ្សាយក្នុងក្រុមជំនុំ។ គណៈកម្មាធិការសិក្សាគឺមើលទទួលខុសត្រូវសំរាប់កិច្ចប្រជុំក្នុងក្រុមជំនុំ ពិធីសន្និបាតពិសេស និងសន្និបាតតាមមណ្ឌល មហាសន្និបាតនិងមហាសន្និបាតអន្តរជាតិ ព្រមទាំងសាលាអប់រំខាងវិញ្ញាណរបស់ប្រជារាស្ត្ររបស់ព្រះ។ គណៈកម្មាធិការនិពន្ធគឺមើលទទួលខុសត្រូវខាងការរៀបចំនិងការបកប្រែនៃប្រកាសនវត្ថុគ្រប់ប្រភេទ ដោយធានារ៉ាប់រងនូវអ្វីៗទាំងអស់គឺឲ្យសមស្របជាមួយនឹងបទគម្ពីរ។ គណៈកម្មាធិការអធិបតីមើលថែរក្សាចំពោះការអាសន្ននិងរឿងត្រូវការជាបន្ទាន់។ ហើយក្នុងទសវត្ស១៩៧០ដែរ ការិយាល័យសាខានៃសមាគមប៉មយាមបានចាប់ផ្ដើមដឹកនាំ ដោយគណៈកម្មាធិការជាជាងដឹកនាំដោយពួកអ្នកត្រួតពិនិត្យ។e
ពន្លឺដែលទាក់ទងនឹងចរិយារបស់ជនគ្រីស្ទាន
៩. តើតាមរបៀបណាដែលពន្លឺនៃសេចក្ដីពិតមានឥទ្ធិពលទៅលើ ទំនាក់ទំនងនៃជនគ្រីស្ទានចំពោះរដ្ឋាភិបាលនៃពិភពលោកនោះ?
៩ មានការបញ្ចេញពន្លឺជាច្រើនដែលជាប់ទាក់ទងនឹងចរិយារបស់ជនគ្រីស្ទាន។ ជាឧទាហរណ៍ ចូរពិចារណាមើលអំពីរឿងអព្យាក្រឹតភាព។ ការបញ្ចេញពន្លឺដ៏សំខាន់មួយបានបញ្ចាំងទៅលើប្រធាននេះ ក្នុងអត្ថបទ«អព្យាក្រឹតភាព»នៅក្នុងទស្សនាវដ្ដីប៉មយាមនៃ១ វិច្ឆិកានៃឆ្នាំ១៩៣៩។ នេះបានមានឡើងចំពេលវេលាមែន ក្រោយពីការចាប់ផ្ដើមសង្គ្រាមលោកលើកទី២! អត្ថបទនេះបានឲ្យអត្ថន័យអព្យាក្រឹតភាព ហើយបានបង្ហាញថា ពួកជនគ្រីស្ទានមិនត្រូវចូលទាក់ទងខាងរឿងនយោបាយ ឬការប្រឈមមុខរវាងសាសន៍និងសាសន៍ឡើយ។ (មីកា ៤:៣, ៥; យ៉ូហាន ១៧:១៤, ១៦) នេះជាកត្ដាដែលបណ្ដាលឲ្យពួកសាសន៍ជាច្រើនស្អប់ពួកគេ។ (ម៉ាថាយ ២៤:៩) សង្គ្រាមទាំងឡាយរបស់ពួកអ៊ីស្រាអែលពីសម័យបុរាណមិនបានផ្ដល់គំរូចំពោះពួកជនគ្រីស្ទានទេ ដូចជាព្រះយេស៊ូបានពន្យល់យ៉ាងច្បាស់នៅម៉ាថាយ ២៦:៥២។ ម្យ៉ាងវិញទៀត គ្មានសាសន៍ខាងនយោបាយណាមួយនៅសព្វថ្ងៃនេះដែលជាព្រះធិបតេយ្យភាព គឺគ្រប់គ្រងដោយព្រះដូចសាសន៍អ៊ីស្រាអែលពីសម័យបុរាណនោះឡើយ។
១០. តើការបញ្ចេញពន្លឺបានសម្ដែងឲ្យឃើញយ៉ាងណា នូវរបៀបដែលពួកជនគ្រីស្ទានត្រូវចាត់ទុកអំពីឈាមនោះ?
១០ ពន្លឺក៏បានបញ្ចេញឲ្យឃើញចំពោះភាពបរិសុទ្ធនៃឈាមដែរ។ សិស្សព្រះគម្ពីរបានគិតថាការហាមប្រាមពីការបរិភោគឈាមក្នុងសៀវភៅកិច្ចការ ១៥:២៨, ២៩ គឺគ្រាន់តែចំពោះពួកជនជាតិយូដាតែប៉ុណ្ណោះ។ ប៉ុន្តែកិច្ចការ ២១:២៥ បង្ហាញថា ក្នុងសម័យនៃគ្រាពួកសាវ័ក បទបញ្ជានេះក៏បានទាក់ទងនឹងសាសន៍ដែលបានក្លាយជាអ្នកជឿដែរ។ ដូច្នេះការធ្វើឲ្យឈាមជាបរិសុទ្ធគឺជាប់ទាក់ទងដល់ពួកជនគ្រីស្ទានទាំងអស់ ដូចបានបង្ហាញមកក្នុងទស្សនាវដ្ដីប៉មយាមនៃ១ កក្កដានៃឆ្នាំ១៩៤៥។ នេះមានន័យថា មិនគ្រាន់តែបដិសេធចោលការបរិភោគឈាមប៉ុណ្ណោះទេ ដូចជាសាច់ក្រកដែលមានឈាម ប៉ុន្តែ ត្រូវតែចៀសវាងចេញពីឈាមរបស់មនុស្ស ដូចជាក្នុងករណីនៃការចាក់បញ្ចូលឈាមជាដើម។
១១. តើបានឃើញយ៉ាងណាដែរ ចំពោះទស្សនៈជនគ្រីស្ទាននៃការប្រើថ្នាំជក់នោះ?
១១ ជាលទ្ធផលនៃការមានពន្លឺកាន់តែភ្លឺច្រើនឡើង ទម្លាប់ណាមួយដែលនៅដើមដំបូងគ្រាន់តែមិនយល់ព្រម ត្រូវបានចាត់ទុកជាទោសកម្មដ៏ធ្ងន់ធ្ងរនៅពេលក្រោយមក។ ឧទាហរណ៍មួយអំពីរឿងនេះគឺជាប់ទាក់ទងនឹងការប្រើថ្នាំជក់។ នៅក្នុងទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូននៃ១ សីហាឆ្នាំ១៨៩៥ បងប្រុសរ៉ាសិលបានសំដៅទៅកូរិនថូសទី១ ១០:៣១ និងកូរិនថូសទី២ ៧:១ ហើយបានសរសេរថា៖ «ខ្ញុំមិនអាចឃើញនូវរបៀបណាដែលជាសិរីល្អដល់ព្រះ ឬក៏ជាប្រយោជន៍ដល់ជនគ្រីស្ទានណាម្នាក់ទេ ចំពោះជនគ្រីស្ទានណាដែលប្រើថ្នាំជក់តាមភាពណាក៏ដោយ»។ ចាប់តាំងពីឆ្នាំ១៩៧៣មក គឺបានយល់យ៉ាងច្បាស់ថា គ្មានអ្នកប្រើថ្នាំជក់ណាម្នាក់អាចធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាបានឡើយ។ ក្នុងឆ្នាំ១៩៧៦ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានស្មរបន្ទាល់ណាម្នាក់ដែលធ្វើការក្នុងគ្រឹះស្ថានលេងល្បែងស៊ីសង ហើយអាចមានឋានៈល្អក្នុងក្រុមជំនុំនោះទេ។
ការធ្វើឲ្យប្រសើរឡើងក្នុងរឿងផ្សេងៗទៀត
១២. (ក) ការបញ្ចេញពន្លឺបានសម្ដែងយ៉ាងណាអំពីចំនួនកូនសោនៃព្រះរាជាណាចក្រដែលបានប្រគល់ឲ្យពេត្រុសនោះ? (ខ) នៅពេលដែលពេត្រុសបានប្រើកូនសោនិមួយៗ តើមានកាលៈទេសៈយ៉ាងណា?
១២ មានពន្លឺកាន់តែច្រើនឡើងទៀត ក្នុងរឿងក្នុងកូនសោជានិមិត្តរូបមួយចំនួនដែលព្រះយេស៊ូបានផ្ដល់ឲ្យពេត្រុស។ ពួកសិស្សព្រះគម្ពីរបានធ្លាប់ជឿថា ពេត្រុសបានទទួលកូនសោពីរដែលសំរាប់បើកផ្លូវឲ្យមនុស្សទទួលព្រះរាជាណាចក្រជាមរតក—កូនសោមួយគឺសំរាប់ពួកយូដាដែលបានប្រើនៅបុណ្យភិន្ដាកុសឆ្នាំ៣៣ ស.យ. និងកូនសោមួយទៀតបានប្រើសំរាប់ពួកសាសន៍ដទៃក្នុងក្នុងឆ្នាំ៣៦ ស.យ. នៅពេលដែលពេត្រុសបានផ្សាយទៅកូនេលាស។ (កិច្ចការ ២:១៤-៤១; ១០:៣៤-៤៨) ក្រោយមក ដូចជាមានក្រុមទីបីដែលទាក់ទងជាមួយសាសន៍—សាម៉ារី។ ពេត្រុសបានប្រើកូនសោទីពីរនៅពេលដែលបានបើកឱកាសឲ្យពួកគេទទួលព្រះរាជាណាចក្រ។ (កិច្ចការ ៨:១៤-១៧) ដូច្នេះ កូនសោទីបីបានប្រើ នៅពេលដែលពេត្រុសបានផ្សាយទៅកូនេលាស។—ប៉មយាម ១ តុលា ១៩៧៩ ទំព័រ ១៦-២២, ២៦
១៣. តើការបញ្ចេញពន្លឺអ្វីដែលបានសម្ដែងអំពីក្រោលចៀមដែលបានរៀបរាប់មកក្នុងយ៉ូហានជំពូក ១០?
១៣ ពីកាំរស្មីនៃពន្លឺត្រូវបានឃើញថា ព្រះយេស៊ូមិនត្រឹមតែសំដៅទៅក្រោលចៀមពីរប៉ុណ្ណោះទេ តែទ្រង់បានសំដៅទៅក្រោលចៀមបីវិញ។ (យ៉ូហានជំពូក ១០) ទាំងនេះគឺមាន (១) ក្រោលចៀមសាសន៍យូដាដែលយ៉ូហានបាទីស្ទជាអ្នកឆ្មាំ (២) ក្រោលនៃពួកទទួលមរតកនៃព្រះរាជាណាចក្រ ហើយ (៣) ក្រោលនៃ«ចៀមឯទៀត»ដែលមានសេចក្ដីសង្ឃឹមខាងផែនដី។—យ៉ូហាន ១០:២, ៣, ១៥,១៦; ប៉មយាម ១៥ កុម្ភៈក្នុងឆ្នាំ១៩៨៤ ទំព័រ ១០-២០
១៤. តើការបញ្ចេញពន្លឺធ្វើឲ្យឃើញច្បាស់យ៉ាងណា អំពីការចាប់ផ្ដើមនៃឆ្នាំសោមន្សនោះ?
១៤ ការយល់នៃនិមិត្តរូបចំពោះឆ្នាំសោមនស្សក៏បានទទួលការធ្វើឲ្យយល់ច្បាស់លាស់ដែរ។ នៅក្រោមច្បាប់ ជារៀងរាល់ឆ្នាំទី៥០ គឺមានការធ្វើបុណ្យសោមន្សយ៉ាងធំមួយ ដែលត្រូវយករបស់ឲ្យទៅអ្នកម្ចាស់ដើមវិញ។ (លេវីវិន័យ ២៥:១០) នេះត្រូវបានធ្លាប់យល់ជាយូរយាមកថា ការប្រព្រឹត្តឡើងនេះគឺតំណាងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ ក្នុងកំឡុងថ្មីៗនេះ ត្រូវបានឃើញច្បាស់ថា ការតំណាងឆ្នាំសោមន្សនេះបានចាប់ផ្ដើមឡើងនៅបុណ្យភិន្ដាកុស ៣៣ ស.យ. នៅពេលពួកអ្នកដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធចាក់មកលើ បានរំដោះឲ្យរួចចេញពីសេវកភាពពីក្រិត្យវិន័យនៃកិច្ចព្រមព្រៀងលោកម៉ូសេ។—ទស្សនាវដ្ដី ១ មករា ឆ្នាំ១៩៨៧ ទំព័រ១៨-២៨ (ជាភាសាអង់គ្លេស)
ពន្លឺកាន់តែភ្លឺឡើងចំពោះសារព័នសព្ទ
១៥. តើពន្លឺអ្វីដែលបានបញ្ចេញឲ្យឃើញចំពោះការប្រើពាក្យ«គម្រោងការណ៍»?
១៥ «លោកបានស្វែងរកពាក្យពីរោះ នឹងសេចក្ដីដែលបានតែងទុកយ៉ាងត្រឹមត្រូវគឺជាពាក្យដ៏ពិតទាំងអស់»។ (សាស្ដា ១២:១០) ពាក្យទាំងនេះអាចទាក់ទងនឹងប្រធានដែលយើងកំពុងតែពិគ្រោះនេះ ពីព្រោះពន្លឺបានបញ្ចាំងមកមិនគ្រាន់តែទៅលើរឿងដូចជាលទ្ធិនិងចរិយាប៉ុណ្ណោះទេ ប៉ុន្តែទៅលើសារព័នសព្ទនិងអត្ថន័យត្រឹមត្រូវដែរ។ ជាឧទាហរណ៍ ក្នុងចំពោះពួកសិស្សព្រះគម្ពីរ ប្រកាសនវត្ថុដ៏ជាទីស្រឡាញ់មួយគឺក្នុងក្បាលទី១ នៃការសិក្សានៅក្នុងបទគម្ពីរ ដែលមានចំណងជើងថា គម្រោងការណ៍របស់ព្រះនៃកំឡុងពេល។ ប៉ុន្តែនៅពេលក្រោយមកត្រូវបានយល់ថា បន្ទូលរបស់ព្រះបានចែងថា មានតែមនុស្សទេដែលជាអ្នកធ្វើគម្រោងការណ៍ប៉ុណ្ណោះ។ (សុភាសិត ១៩:២១) ព្រះគម្ពីរមិនដែលចែងថា ព្រះយេហូវ៉ាជាអ្នកដែលគ្រោងការណ៍ឡើយ។ ទ្រង់មិនចាំបាច់គ្រោងការណ៍ទេ។ អ្វីដែលទ្រង់ប្រាថ្នានោះនឹងបានសម្រេចជាមិនខាន ពីព្រោះដោយប្រាជ្ញានិងព្រះចេស្ដាដ៏គ្មានព្រំដែនរបស់ទ្រង់ ដូចជាយើងអាចអាននៅអេភេសូរ ១:៩, ១០ថា៖ «ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដី អាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់»។ ដូច្នេះបន្ដិចម្ដងៗត្រូវបានឃើញថា ពាក្យ«គោលបំណង»ជាពាក្យដ៏ត្រឹមត្រូវនៅពេលដែលសំដៅទៅព្រះយេហូវ៉ានោះ។
១៦. តើអ្វីដែលបានឃើញបន្ដិចម្ដងៗ ដែលជាការយល់ត្រឹមត្រូវនៃលូកា ២:១៤?
១៦ រួចកមកក៏មានការយល់ឲ្យបានច្បាស់ទៀតអំពីលូកា ២:១៤។ យោងទៅតាមសេចក្ដីបកប្រែព្រះគម្ពីរឃីងជេម្សដែលអានថា៖ «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្ដាលមនុស្សដែលមានមេត្រីចិត្ត»។ គេត្រូវបានយល់ថា នេះមិនបានសម្ដែងគំនិតដោយត្រឹមត្រូវទេ ដ្បិតមេត្រីចិត្តរបស់ព្រះមិនបានសម្ដែងទៅពួកមនុស្សអាក្រក់ឡើយ។ ដូច្នេះ ពួកស្មរបន្ទាល់បានធ្លាប់គិតថា នេះជារឿងមួយនៃសន្ដិភាពដល់មនុស្សដែលមានមេត្រីចិត្តទៅនឹងព្រះ។ ដូច្នេះ ពួកគេនៅតែសំដៅទៅពួកអ្នកដែលចាប់អារម្មណ៍នឹងព្រះគម្ពីរជាបុគ្គលដែលមានមេត្រីចិត្ត។ ប៉ុន្តែក្រោយមកត្រូវបានយល់ថា អ្វីមួយដែលទាក់ទងនោះជាមេត្រីចិត្ត មិនមែនពីផ្នែករបស់មនុស្សទេ តែពីផ្នែកនៃព្រះវិញ។ ដូច្នេះហើយបានជាន័យលក្ខណៈរបស់សេចក្ដីបកប្រែពិភពលោកថ្មីនៃលូកា ២:១៤ បានចែងអំពី«មនុស្សដែលទ្រង់[ព្រះ]យល់ព្រម»។ ពួកជនគ្រីស្ទានដែលប្រកបជីវិតស្របទៅតាមការថ្វាយខ្លួនរបស់គេ គឺមានមេត្រីចិត្តពីព្រះ។
១៧, ១៨. តើអ្វីដែលព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញថាគ្មានទោស ហើយតើទ្រង់នឹងធ្វើអ្វីឲ្យបានបរិសុទ្ធ?
១៧ ក្នុងភាពស្រដៀងគ្នាដែរ ជាយូរយាមកហើយ ស្មរបន្ទាល់បាននិយាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបង្ហាញឲ្យឃើញថាគ្មានទោស។ ប៉ុន្តែ តើសាតាំងបានសម្ដែងការសង្ស័យទៅលើព្រះនាមព្រះយេហូវ៉ាទេ? ចំពោះរឿងនេះ តើភ្នាក់ងាររបស់សាតាំងណាមួយបានសង្ស័យអំពីព្រះនាមព្រះយេហូវ៉ា ហាក់បីដូចជាព្រះយេហូវ៉ាមិនមានសិទ្ធិចំពោះនាមនោះឬ? ច្បាស់ជាគ្មានទេ។ គឺមិនមែនជានាមនៃព្រះយេហូវ៉ាទេ ដែលសាតាំងបានប្រកួតប្រឆាំងនោះ ហើយនេះមិនត្រូវការបង្ហាញឲ្យឃើញថាគ្មានទោសឡើយ។ ហេតុដូច្នេះហើយបានជាក្នុងប្រកាសនវត្ថុសមាគមប៉មយាមថ្មីៗនេះ មិនចែងអំពីព្រះនាមព្រះយេហូវ៉ាដែលបានបង្ហាញឲ្យឃើញថាគ្មានទោសនោះឡើយ។ ពួកគេនិយាយអំពីអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ដែលថាបានបង្ហាញឲ្យឃើញថាគ្មានទោស ហើយព្រះនាមរបស់ទ្រង់ធ្វើឲ្យបានបរិសុទ្ធ។ នេះគឺស្របទៅតាមអ្វីដែលព្រះយេស៊ូបានមានបន្ទូលប្រាប់យើងឲ្យអធិស្ឋាន៖ «សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) ម្ដងហើយម្ដងទៀត ព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់នឹងធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ ហើយពួកសាសន៍អ៊ីស្រាអែលមិនបានប្រកួតទេ ប៉ុន្តែពួកគេបានប្រមាថនាមនោះ។—អេសេគាល ២០:៩, ១៤, ២២; ៣៦:២៣
១៨ ជាការគួរឲ្យចាប់អារម្មណ៍ដែរ ក្នុងឆ្នាំ១៩៧១សៀវភៅមួយដែលមានចំណងជើងថា «សាសន៍នឹងដឹងថាអញនេះហើយជាព្រះយេហូវ៉ា—ដោយដូចម្ដេច»? បានធ្វើឲ្យឃើញច្បាស់ថា៖ «ព្រះយេស៊ូគ្រីស្ទបានប្រយុទ្ធ . . . ដើម្បីនឹងបង្ហាញឲ្យឃើញថាគ្មានទោសដល់អធិបតេយ្យភាពសកលលោករបស់ព្រះយេហូវ៉ា ហើយសំរាប់សេចក្ដីរុងរឿងនៃព្រះនាមរបស់ព្រះយេហូវ៉ា»។ (ទំព័រ ៣៦៤-៥) ក្នុងឆ្នាំ១៩៧៣ ព្រះរាជាណាចក្ររបស់ព្រះមួយពាន់ឆ្នាំចូលជិតហើយ បានចែងថា៖ «‹សេចក្ដីវេទនាជាខ្លាំង›ដែលនឹងមកដល់នៅខាងមុខនេះ ជាពេលវេលាសំរាប់ព្រះយេហូវ៉ាដ៏មានព្រះចេស្ដាបំផុត ដើម្បីបង្ហាញឲ្យឃើញថាគ្មានទោសដល់អធិបតេយ្យភាពសកលលោករបស់ទ្រង់ និងធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ (ទំព័រ ៤០៩) រួចមកនៅឆ្នាំ១៩៧៥ការសង្គ្រោះរបស់មនុស្សចេញពីលោកីយ៍ដ៏ទុកព្រួយជិតមកដល់ហើយ! បានថ្លែងថា៖ «ព្រឹត្ដិការណ៍ដ៏ធំក្នុងប្រវត្ដិសាស្ត្រសកលលោកនឹងត្រូវបានសម្រេច នៅពេលណាដែលអធិបតេយ្យភាពសកលលោករបស់ព្រះយេហូវ៉ាបានបង្ហាញឲ្យឃើញថាគ្មានទោស ហើយធ្វើឲ្យព្រះនាមរបស់ទ្រង់បានបរិសុទ្ធ»។—ទំព័រ ២៨១ (ជាភាសាអង់គ្លេស)
១៩, ២០. តើតាមរបៀបណាដែលយើងអាចបង្ហាញការអបអរចំពោះការបញ្ចេញពន្លឺខាងវិញ្ញាណ?
១៩ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាមានប្រសិទ្ធិពរណាស់ដោយបានឃើញពន្លឺខាងវិញ្ញាណនេះ! ជាការផ្ទុយគ្នាដ៏ស្រឡះ ចំពោះការងងឹតខាងវិញ្ញាណនៃពួកមេដឹកនាំនៃពិភពគ្រីស្ទសាសនា បព្វជិតម្នាក់បានសម្ដែងថា៖ «ហេតុអ្វីក៏មានអំពើបាប? ហេតុអ្វីក៏មានទុក្ខវេទនា? ហេតុអ្វីក៏មានអារក្ស? នេះជាសំនួរទាំងឡាយដែលខ្ញុំចង់សួរព្រះអម្ចាស់នៅពេលដែលខ្ញុំឡើងទៅស្ថានសួគ៌»។ ប៉ុន្តែ ស្មរបន្ទាល់ព្រះយេហូវ៉ាអាចប្រាប់គាត់នូវមូលហេតុទាំងនេះបាន៖ ពីព្រោះដំណើររឿងនៃសិទ្ធិអធិបតេយ្យភាពរបស់ព្រះយេហូវ៉ា ហើយចំពោះថាតើមនុស្សអាចរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដល់ព្រះ ថ្វីបើមានការប្រឆាំងពីអារក្សក្ដី។
២០ ក្នុងឆ្នាំជាច្រើនមកនេះ ការបញ្ចេញពន្លឺទាំងធំទាំងតូចបានបញ្ចាំងឲ្យភ្លឺដល់ផ្លូវរបស់អ្នកបំរើព្រះយេហូវ៉ា។ នេះជាការសម្រេចនៃបទគម្ពីរ ដូចនៅទំនុកដំកើង ៩៧:១១ និងសុភាសិត ៤:១៨។ ប៉ុន្តែសូមឲ្យយើងកុំភ្លេចថា ការដើរក្នុងពន្លឺមានន័យថា យើងអបអរចំពោះពន្លឺដែលកាន់តែមានច្រើនឡើង ហើយប្រកបជីវិតឲ្យបានស្របទៅតាមដែរ។ ដូចជាយើងបានឃើញមកហើយ ការបញ្ចេញពន្លឺកាន់តែច្រើនឡើងនេះ គឺទាក់ទងនឹងចរិយាហើយមុខងារផ្សាយរបស់យើង។
[កំណត់សម្គាល់]
a (ជាភាសាអង់គ្លេស)
b (ជាភាសាអង់គ្លេស)
c (ជាភាសាអង់គ្លេស)
d ក្នុងការប្រតិកម្មនឹងទស្សនៈនេះ ប៉មយាម ១ មិថុនា និង១៥ មិថុនា នៃឆ្នាំ១៩២៩បានបកស្រាយថា «រាជការ»ជាព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទ។ គឺដោយជំហរដ៏សំខាន់នេះហើយ ដែលត្រូវបានកែនៅក្នុងឆ្នាំ១៩៦២។
e ទស្សនាវដ្ដីប៉មយាម ១៥ មេសាក្នុងឆ្នាំ១៩៩២បានប្រកាសថាបងប្រុសដែលបានជ្រើសរើសមួយចំនួននៃ«ចៀមឯទៀត»ត្រូវបានចាត់ឲ្យជួយគណៈអភិបាល ដែលមានសភាពស្មើនឹងពួកនេធីនិមនៃសម័យរបស់លោកអែសរ៉ា។—យ៉ូហាន ១០:១៦; អែសរ៉ា ២:៥៨
តើនៅចាំទេ?
◻ តើមានពន្លឺអ្វីខ្លះដែលបានបញ្ចេញទៅលើការចុះចូលនឹង«រាជការ»?
◻ ការបញ្ចេញពន្លឺ ជាលទ្ធផលមានអ្វីចំពោះការលូតលាស់ខាងអង្គការនោះ?
◻ តើការបញ្ចេញពន្លឺកាន់តែច្រើនឡើងមានឥទ្ធិពលទៅលើចរិយាជនគ្រីស្ទានយ៉ាងណា?
◻ ពន្លឺខាងវិញ្ញាណបានធ្វើឲ្យមានអ្វី ចំពោះការធ្វើឲ្យល្អប្រសើរក្នុងការយល់ចំពោះចំណុចខាងព្រះគម្ពីរណាមួយ?
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣១]
Keys on page 31: Drawing based on photo taken in Cooper-Hewitt, National Design Museum, Smithsonian Institution