សិរីរុងរឿងរបស់ព្រះយេហូវ៉ាភ្លឺទៅលើរាស្ត្រទ្រង់
«ព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង»។—អេសាយ ៦០:២០
១. តើព្រះយេហូវ៉ាប្រទានពរទៅលើរាស្ត្រស្មោះត្រង់របស់ទ្រង់យ៉ាងដូចម្ដេចខ្លះ?
«ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងរាស្ត្រទ្រង់។ ទ្រង់តាក់តែងមនុស្សរាបសា ដោយសេចក្ដីសង្គ្រោះ»។ (ទំនុកដំកើង ១៤៩:៤) នេះជាពំនោលរបស់អ្នកតែងបទទំនុកដំកើងកាលពីបុរាណកាល ហើយប្រវត្ដិសាស្ត្របានបញ្ជាក់ថា ពំនោលនេះគឺជាការពិតមែន។ ពេលរាស្ត្ររបស់ព្រះយេហូវ៉ានៅស្មោះត្រង់នឹងទ្រង់ នោះទ្រង់ថែរក្សាពួកគេ ធ្វើឲ្យពួកគេរីកចំរើន និងការពារពួកគេទៀតផង។ នៅសម័យបុរាណ ព្រះយេហូវ៉ាធ្លាប់ជួយរាស្ត្រទ្រង់ឈ្នះពួកសត្រូវរបស់ពួកគេ។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាជួយរាស្ត្រទ្រង់មានភាពរឹងមាំខាងវិញ្ញាណជានិច្ច និងធានាពួកគេថា ទ្រង់នឹងសង្គ្រោះពួកគេដែរដោយផ្អែកលើយញ្ញបូជារបស់ព្រះយេស៊ូជាមូលដ្ឋាន។ (រ៉ូម ៥:៩) ព្រះយេហូវ៉ាធ្វើដូច្នេះ ពីព្រោះទ្រង់ចាត់ទុករាស្ត្រទ្រង់ថាល្អស្អាត។
២. ទោះជារាស្ត្ររបស់ព្រះជួបប្រទះនឹងការប្រឆាំងក៏ដោយ តើពួកគេជឿជាក់ទៅលើអ្វី?
២ ប៉ុន្តែ ក្នុងរបបលោកីយ៍នេះដែលស្ថិតក្នុងភាពងងឹតនោះ អស់អ្នកដែល«រស់ដោយគោរពប្រតិបត្ដិដល់ព្រះ» នឹងពើបប្រទះនឹងការប្រឆាំងជាមិនខាន។ (ធីម៉ូថេទី២ ៣:១២) យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាទតឃើញអ្នកប្រឆាំងទាំងនេះ ហើយទ្រង់ព្រមានពួកគេថា៖ «សាសន៍ណា នឹងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ! សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង»។ (អេសាយ ៦០:១២) សព្វថ្ងៃនេះ ការប្រឆាំងមានច្រើនយ៉ាង។ នៅប្រទេសខ្លះ អ្នកប្រឆាំងខំដាក់កំហិតឬក៏ដាក់បំរាមទៅលើការថ្វាយបង្គំព្រះយេហូវ៉ារបស់ជនគ្រីស្ទានដ៏ស្មោះត្រង់។ នៅប្រទេសឯទៀត អ្នកនិយមជ្រុលខាងសាសនាធ្វើបាបរាស្ត្រព្រះយេហូវ៉ាខាងផ្លូវកាយនិងដុតចោលផ្ទះរបស់ពួកគេ។ ប៉ុន្តែ សូមចាំថា ព្រះយេហូវ៉ាបានសម្រេចព្រះទ័យរួចទៅហើយអំពីលទ្ធផលនៃការប្រឆាំងដើម្បីរារាំងការសម្រេចនៃព្រះហឫទ័យរបស់ទ្រង់។ អ្នកប្រឆាំងនឹងទទួលបរាជ័យពុំខាន។ អស់អ្នកដែលតយុទ្ធនឹងស៊ីយ៉ូនដោយប្រឆាំងនឹងកូនស៊ីយ៉ូននៅលើផែនដីនេះ មិនអាចបានជោគជ័យទេ។ ការធានានេះពីព្រះយេហូវ៉ា ដែលជាព្រះដ៏ឧត្តមរបស់យើង ពិតជាលើកទឹកចិត្តនិងធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅណាស់ មែនទេ?
បានទទួលពរលើសពីការសង្ឃឹមទៅទៀត
៣. តើសោភ័ណភាពនិងភាពរីកចំរើននៃអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាត្រូវតំណាងដោយនិមិត្តរូបអ្វី?
៣ តាមការពិត នៅថ្ងៃជាន់ក្រោយបង្អស់នៃរបបលោកីយ៍នេះ ព្រះយេហូវ៉ាបានប្រទានពរទៅលើរាស្ត្រទ្រង់លើសពីអ្វីដែលពួកគេបានសង្ឃឹមទៅទៀត។ ជាពិសេស ទ្រង់បានតាក់តែងជាបណ្ដើរៗនូវដំណាក់ទ្រង់ និងអ្នកក្នុងដំណាក់ទ្រង់ដែលមានព្រះនាមទ្រង់នៅជាប់នឹងពួកគេ។ យោងទៅតាមទំនាយរបស់អេសាយ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ស៊ីយ៉ូនថា៖ «សេចក្ដីលំអនៃព្រៃល្បាណូននឹងមកឯឯង គឺជាឈើកកោះ ឈើស្រល់ នឹងឈើស្រឡៅផង ដើម្បីនឹងតុបតែងកន្លែងនៃទីបរិសុទ្ធរបស់អញ ហើយអញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម»។ (អេសាយ ៦០:១៣) ភ្នំដែលគ្របដណ្ដប់ដោយព្រៃស្តុកដុះទ្រុបទ្រុលគឺជាទិដ្ឋភាពដ៏សែនស្អាត។ ដើមឈើធំត្រសុំត្រសាយខៀវស្រងាត់គឺជានិមិត្តរូបដ៏សក្ដិសមនឹងសោភ័ណភាពនិងភាពរីកចំរើនដែលអ្នកថ្វាយបង្គំព្រះយេហូវ៉ាមាននោះ។—អេសាយ ៤១:១៩; ៥៥:១៣
៤. តើ«ទីបរិសុទ្ធ» និង«ទីនៃជើង[ព្រះយេហូវ៉ា]»ជាអ្វី? ហើយតើកន្លែងទាំងនេះបានត្រូវតាក់តែងយ៉ាងដូចម្ដេច?
៤ នៅអេសាយ ៦០:១៣ តើ«ទីបរិសុទ្ធ»និង«ទីនៃជើង[ព្រះយេហូវ៉ា]»សំដៅទៅលើអ្វី? ពាក្យនេះសំដៅទៅទីធ្លានៃព្រះវិហារខាងវិញ្ញាណដ៏រុងរឿងរបស់ព្រះយេហូវ៉ា ដែលជាការរៀបចំសំរាប់ការថ្វាយបង្គំទ្រង់តាមរយៈព្រះយេស៊ូគ្រីស្ទ។ (ហេព្រើរ ៨:១-៥; ៩:២-១០, ២៣) ព្រះយេហូវ៉ាបានមានបន្ទូលថា ទ្រង់មានគោលបំណងធ្វើឲ្យព្រះវិហារខាងវិញ្ញាណរបស់ទ្រង់រុងរឿង ដោយនាំមនុស្សចេញពីគ្រប់ទាំងសាសន៍ឲ្យមកថ្វាយបង្គំនៅទីនោះ។ (ហាកាយ ២:៧) អេសាយធ្លាប់ឃើញដោយភ្នែកផ្ទាល់នូវមនុស្សទាំងហ្វូងៗពីគ្រប់ទាំងសាសន៍ ដើរហូរហែឆ្ពោះទៅដល់ភ្នំនៃការថ្វាយបង្គំព្រះយេហូវ៉ាដែលបានត្រូវលើកដំកើងឲ្យខ្ពង់ខ្ពស់ឡើង។ (អេសាយ ២:១-៤) រាប់រយឆ្នាំក្រោយមក សាវ័កយ៉ូហានមានចក្ខុនិមិត្តដែលបង្ហាញពី«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ អ្នកទាំងនោះ«ស្ថិតនៅចំពោះបល្ល័ង្កព្រះ . . . [និង]បំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ»។ (វិវរណៈ ៧:៩, ១៥) នៅពេលទំនាយទាំងនេះបានត្រូវសម្រេចនូវសម័យយើងនេះ យើងបានឃើញផ្ទាល់នឹងភ្នែកនូវការតាក់តែងនូវដំណាក់របស់ព្រះយេហូវ៉ា។
៥. តើកូនរបស់ស៊ីយ៉ូនមានការកែលំអដ៏ធំអ្វី?
៥ នេះជាការកែលំអដ៏ធំណាស់ សំរាប់ស៊ីយ៉ូន! ព្រះយេហូវ៉ាមានបន្ទូលថា៖ «ទោះបើឯងបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម្ល៉េះបានជាគ្មានមនុស្សណាដើរកាត់ឯងឡើយ គង់តែអញនឹងធ្វើឲ្យឯងបានជាទីប្រសើរ[«ជាហេតុដែលធ្វើឲ្យមានមោទនភាព», ព.ថ.] នៅអស់កល្បជានិច្ចវិញ ជាទីអំណរដល់ច្រើនដំណតទៅ»។ (អេសាយ ៦០:១៥) ពេលសង្គ្រាមលោកលើកទីមួយជិតចប់នោះ «អ៊ីស្រាអែលនៃព្រះ»បាននៅស្ងាត់ជ្រងំមួយគ្រាពិតមែន។ (កាឡាទី ៦:១៦) ស៊ីយ៉ូនពិតជាបានមានអារម្មណ៍ថា គាត់បានត្រូវ«ចោលស្ងាត់»ដ្បិតកូនរបស់គាត់នៅលើផែនដីមិនបានយល់ច្បាស់លាស់អំពីព្រះហឫទ័យរបស់ព្រះចំពោះពួកគេឡើយ។ រួចមក នៅឆ្នាំ១៩១៩ ព្រះយេហូវ៉ាបានប្រោសអ្នកបំរើចាក់ប្រេងតាំងរបស់ទ្រង់ឲ្យមានសកម្មភាពឡើងវិញ ហើយតាំងពីគ្រានោះមក ព្រះយេហូវ៉ាបានប្រទានពរឲ្យពួកគេរីកចំរើនយ៉ាងអស្ចារ្យខាងវិញ្ញាណ។ ម្យ៉ាងទៀត សេចក្ដីសន្យាក្នុងខនេះពិតជាបណ្ដាលឲ្យយើងរីករាយណាស់ មែនទេ? ព្រះយេហូវ៉ានឹងចាត់ទុកស៊ីយ៉ូនជា«ហេតុដែលធ្វើឲ្យមានមោទនភាព»។ ពិតមែនហើយ កូនរបស់ស៊ីយ៉ូននិងព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់នឹងមានមោទនភាពចំពោះស៊ីយ៉ូន។ ស៊ីយ៉ូននឹងជា«ទីអំណរ» គឺថា ជាហេតុនាំឲ្យមានចិត្តរីករាយក្រៃលែង។ ហើយអំណរនោះមិនមានសំរាប់តែមួយរយៈពេលខ្លីប៉ុណ្ណោះទេ។ ព្រះគុណដែលកូនស៊ីយ៉ូននៅលើផែនដីនេះទទួលពេលដែលពួកគេតំណាងស៊ីយ៉ូននោះ នឹងបន្ត«ច្រើនដំណតទៅ» ឬថា នឹងមិនដែលឈប់ឡើយ។
៦. តើជនគ្រីស្ទានដ៏ពិតប្រើទ្រព្យធនរបស់សាសន៍នានាយ៉ាងដូចម្ដេចខ្លះ?
៦ ឥឡូវនេះ សូមស្ដាប់នូវសេចក្ដីសន្យាមួយទៀតរបស់ព្រះ។ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ស៊ីយ៉ូនដោយថា៖ «ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្ដានៃយ៉ាកុប»។ (អេសាយ ៦០:១៦) តើស៊ីយ៉ូនជញ្ជក់«ទឹកដោះនៃអស់ទាំងសាសន៍» និង«បឺតដោះនៃពួកស្តេច»យ៉ាងដូចម្ដេច? ក្នុងន័យថា ជនគ្រីស្ទានចាក់ប្រេងតាំងនិង«ចៀមឯទៀត»ដែលជាសហការីរបស់ពួកគេ នឹងប្រើទ្រព្យធនរបស់សាសន៍នានាដើម្បីជួយធ្វើឲ្យការថ្វាយបង្គំពិតជឿនទៅមុខ។ (យ៉ូហាន ១០:១៦) វិភាគទានស្ម័គ្រចិត្តដែលត្រូវជូន ជួយផ្ដល់លទ្ធភាពឲ្យមានកិច្ចផ្សព្វផ្សាយនិងកិច្ចបង្រៀនដ៏ធំទូទាំងពិភពលោក។ ការប្រើប្រាស់នូវបច្ចេកទេសទំនើបៗយ៉ាងឈ្លាសវៃជួយផ្ដល់លទ្ធភាពបោះពុម្ពព្រះគម្ពីរនិងប្រកាសនវត្ថុព្រះគម្ពីរបានរាប់រយភាសា។ សព្វថ្ងៃនេះ ជាងមុនៗទៅទៀតក្នុងប្រវត្ដិសាស្ត្រ មនុស្សច្រើនបំផុតអាចទទួលនូវសេចក្ដីពិតពីព្រះគម្ពីរបាន។ ជនជាតិជាច្រើនកំពុងតែរៀនថា ព្រះយេហូវ៉ាជាព្រះអង្គសង្គ្រោះដ៏ពិត និងជាព្រះដែលបានប្រោសលោះអ្នកបំរើចាក់ប្រេងតាំងរបស់ទ្រង់ចេញពីការឃុំឃាំងខាងវិញ្ញាណនោះ។
ការរីកចំរើនជឿនទៅមុខក្នុងអង្គការរបស់ព្រះ
៧. តើកូនរបស់ស៊ីយ៉ូនបានជឿនទៅមុខយ៉ាងអស្ចារ្យដោយដូចម្ដេចខ្លះ?
៧ ព្រះយេហូវ៉ាបានតាក់តែងរាស្ត្ររបស់ទ្រង់ តាមរបៀបមួយទៀត គឺទ្រង់បានប្រទានពរឲ្យមានការជឿនទៅមុខផ្នែកអង្គការរបស់ទ្រង់។ នៅអេសាយ ៦០:១៧ យើងអានបន្ទូលដែលថា៖ «អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង»។ ការដាក់មាសជំនួសលង្ហិនគឺជាការកែលំអម្យ៉ាង ហើយគឺដូចគ្នាដែរចំពោះសំភារៈឯទៀតដែលត្រូវរៀបរាប់ក្នុងខទាំងនោះ។ សមស្របនឹងនេះ អ៊ីស្រាអែលនៃព្រះបានមានការកែលំអជាបណ្ដើរៗនូវផ្នែកនៃរបៀបរៀបចំក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់។ សូមពិចារណាឧទាហរណ៍ខ្លះៗ។
៨-១០. សូមរៀបរាប់នូវការកែលំអខ្លះៗផ្នែកអង្គការរបស់ព្រះ ដែលបានកើតឡើងតាំងពីឆ្នាំ១៩១៩មក។
៨ មុនឆ្នាំ១៩១៩ ក្រុមជំនុំនៃរាស្ត្ររបស់ព្រះត្រូវត្រួតពិនិត្យដោយអ្នកចាស់ទុំនិងគ្រូគង្វាលដែលក្រុមជំនុំបោះឆ្នោតជ្រើសរើស។ ចាប់ពីឆ្នាំនោះ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›បានចាប់ផ្ដើមជ្រើសតាំងនាយកកិច្ចបំរើប្រចាំក្រុមជំនុំនិមួយៗ ដើម្បីចាត់ចែងកិច្ចផ្សព្វផ្សាយ។ (ម៉ាថាយ ២៤:៤៥-៤៧) ប៉ុន្តែ ក្នុងក្រុមជំនុំជាច្រើន ការរៀបចំបែបនេះមិនបានជឿនទៅមុខបានល្អឡើយ ដោយព្រោះអ្នកចាស់ទុំខ្លះដែលបានត្រូវជ្រើសរើសនោះ មិនបានចូលរួមកិច្ចផ្សព្វផ្សាយឲ្យបានពេញលេញទេ។ ហេតុនេះហើយបានជា នៅឆ្នាំ១៩៣២ ក្រុមជំនុំទាំងឡាយបានត្រូវណែនាំឲ្យឈប់បោះឆ្នោតជ្រើសរើសអ្នកចាស់ទុំនិងគ្រូគង្វាលទៀត។ ផ្ទុយទៅវិញ ក្រុមជំនុំទាំងឡាយត្រូវជ្រើសរើសគណៈកម្មាធិការខាងកិច្ចបំរើ ដើម្បីសហការជាមួយនាយកកិច្ចបំរើ។ ការរៀបចំនោះគឺប្រៀបដូចជា«លង្ហិន»ជំនួស«ឈើ» ជាការកែលំអដ៏ប្រសើរណាស់!
៩ នៅឆ្នាំ១៩៣៨ ក្រុមជំនុំទាំងឡាយបានសម្រេចចិត្តសម្របសម្រួលទៅតាមការរៀបចំមួយដ៏ល្អជាង និងដែលសមស្របទៅតាមគំរូក្នុងព្រះគម្ពីរជាងមុន។ កិច្ចការចាត់ចែងក្រុមជំនុំត្រូវប្រគល់ដល់អ្នកដែលត្រូវហៅថា អ្នកបំរើក្រុមជំនុំ និងអ្នកបំរើឯទៀត ដែលទាំងអស់គ្នាសុទ្ធតែត្រូវរើសតាំងដោយអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ។ គ្មានការបោះឆ្នោតទៀតហើយ! តាមវិធីនេះ អ្នកបំរើទាំងអស់ក្នុងក្រុមជំនុំត្រូវតែងតាំងតាមបែបបទនៃព្រះធិបតេយ្យ។ នោះប្រៀបដូចជា«ដែកឲ្យជំនួសថ្ម»ឬក៏«មាស»ជំនួស«លង្ហិន»។
១០ តាំងពីពេលនោះមក មានការរីកចំរើនទៅមុខជាបន្តបន្ទាប់ទៀតដែរ។ តួយ៉ាងដូចជានៅឆ្នាំ១៩៧២ អង្គការរបស់ព្រះបានទទួលស្គាល់ថា វិធីត្រួតពិនិត្យក្រុមជំនុំឲ្យដូចតាមគំរូនៃជនគ្រីស្ទាននៅសតវត្សទីមួយ គឺតាមរយៈក្រុមអ្នកចាស់ទុំដែលរួមធ្វើការជាមួយគ្នា និងដែលត្រូវរើសតាំងតាមលំនាំព្រះធិបតេយ្យ ហើយដោយគ្មានអ្នកចាស់ទុំណាម្នាក់មានអំណាចលើអ្នកចាស់ទុំឯទៀតឡើយ។ បន្ថែមទៅទៀត ជិតពីរឆ្នាំមុននេះ អង្គការរបស់ព្រះបានបោះមួយជំហានទៅមុខទៀត។ មានការកែប្រែផ្លាស់ប្ដូរក្នុងស្រទាប់ដឹកនាំនៃអង្គភាពសាជីវកម្មមួយចំនួន ដើម្បីឲ្យគណៈអភិបាលប្រមូលអារម្មណ៍ទៅលើរឿងខាងវិញ្ញាណរបស់រាស្ត្រព្រះឲ្យបានច្រើនជាងមុន ជាជាងបំបែរអារម្មណ៍ទៅលើរឿងដឹកនាំសាជីវកម្មវិញ។
១១. តើអ្នកណាបានបណ្ដាលឲ្យមានការកែប្រែក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា? ហើយតើការកែប្រែនេះបានបណ្ដាលឲ្យមានលទ្ធផលអ្វី?
១១ តើអ្នកណាកំពុងតែបណ្ដាលឲ្យមានការកែប្រែដោយធ្វើឲ្យរីកចំរើននេះ? គឺជាព្រះយេហូវ៉ា។ គឺជាព្រះយេហូវ៉ាទេដែលមានបន្ទូលថា៖ «អញនឹងនាំមាសមក»។ (កំណែជាអក្សរទ្រេត) ហើយគឺជាព្រះយេហូវ៉ាទេដែលមានបន្ទូលថា៖ «អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯង»។ (កំណែជាអក្សរទ្រេត) ពិតណាស់ គឺជាព្រះយេហូវ៉ាដែលគ្រប់គ្រងរាស្ត្ររបស់ទ្រង់។ ការជឿនទៅមុខនៃអង្គការរបស់ទ្រង់ដែលបានត្រូវទាយទុកជាមុននោះ គឺជាវិធីមួយទៀតដែលព្រះយេហូវ៉ាកំពុងតែតាក់តែងរាស្ត្ររបស់ទ្រង់។ ស្មរបន្ទាល់ព្រះយេហូវ៉ាបានទទួលពរជាច្រើនដោយសារការជឿនទៅមុខនោះ។ នៅអេសាយ ៦០:១៨ យើងអានបន្ទូលថា៖ «នៅក្នុងស្រុកឯងនឹងមិនដែលឮនិយាយពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនឯងឡើយ គឺឯងនឹងហៅកំផែងឯងថា‹សេចក្ដីសង្គ្រោះ›ហើយទ្វារឯងថា‹សេចក្ដីសរសើរ›»។ បន្ទូលនោះគឺពីរោះស្ដាប់ណាស់! ប៉ុន្តែ តើបន្ទូលនោះអាចទៅជាសច្ចភាពយ៉ាងដូចម្ដេច?
១២. តើសន្ដិភាពបានគ្រប់គ្រងជនគ្រីស្ទានដ៏ពិតយ៉ាងដូចម្ដេច?
១២ ជនគ្រីស្ទានដ៏ពិតពឹងពាក់ព្រះយេហូវ៉ាទាំងស្រុងឲ្យបានការណែនាំ ហើយអេសាយបានទាយអំពីលទ្ធផលដោយថា៖ «កូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្ដិសុខជាបរិបូរ»។ (អេសាយ ៥៤:១៣) ម្យ៉ាងទៀត វិញ្ញាណរបស់ព្រះយេហូវ៉ាមានឥទ្ធិពលលើរាស្ត្រទ្រង់ ហើយផលផ្លែមួយនៃវិញ្ញាណនោះគឺជាសេចក្ដីសុខសាន្ត។ (កាឡាទី ៥:២២, ២៣, ព្រះគម្ពីរភាសាខ្មែរសម្រាយ) សេចក្ដីសុខសាន្តដែលមានក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ា ធ្វើឲ្យរាស្ត្ររបស់ព្រះក្លាយជាទីជ្រកកោនមួយក្នុងពិភពលោកដែលពោរពេញទៅដោយអំពើឃោរឃៅ។ សេចក្ដីសុខសាន្តរបស់រាស្ត្រព្រះដែលមានមូលដ្ឋានលើសេចក្ដីសស្រឡាញ់ដែលជនគ្រីស្ទានមានចំពោះគ្នានឹងគ្នានោះ គឺប្រៀបដូចជាការពិសោធន៍ទុកជាមុននូវជីវភាពរស់នៅក្នុងពិភពលោកថ្មី។ (យ៉ូហាន ១៥:១៧; កូល៉ុស ៣:១៤) យើងទាំងអស់គ្នាពិតជារំភើបចិត្តណាស់! ដែលយើងអាចពិសោធ និងជួយបណ្ដុះបណ្ដាលឲ្យមានសន្ដិភាពដែលនាំមកនូវសេចក្ដីសរសើរនិងកិត្ដិយសចំពោះព្រះរបស់យើង ហើយក៏ជាផ្នែកដ៏ធំនៃទីមនោរម្យខាងវិញ្ញាណរបស់យើងផងដែរ។—អេសាយ ១១:៩
ពន្លឺរបស់ព្រះយេហូវ៉ានឹងបន្តភ្លឺជានិច្ច
១៣. ហេតុដូចម្ដេចបានជាយើងអាចជឿជាក់ថា ពន្លឺរបស់ព្រះយេហូវ៉ានឹងមិនឈប់ភ្លឺទៅលើរាស្ត្រទ្រង់?
១៣ តើពន្លឺរបស់ព្រះយេហូវ៉ានឹងបន្តភ្លឺមកលើរាស្ត្ររបស់ទ្រង់ឬទេ? ប្រាកដជានឹងបន្តភ្លឺមែន! នៅអេសាយ ៦០:១៩, ២០ យើងអានបន្ទូលថា៖ «គ្រានោះព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់ឯងនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងបានសំរាប់ជាពន្លឺដល់ឯងតទៅ គឺព្រះយេហូវ៉ា ទ្រង់នឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯងវិញ ហើយព្រះនៃឯងនឹងជាសិរីល្អដល់ឯងដែរ ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្ដីសោកសៅរបស់ឯងនឹងផុតទៅ»។ នៅឆ្នាំ១៩១៩ ពេលគ្រានៃ«សេចក្ដីសោកសៅ»របស់ជនដែលបានធ្វើនិរទេសខាងវិញ្ញាណបានចប់ហើយនោះ ពន្លឺរបស់ព្រះយេហូវ៉ាបានចាប់ផ្ដើមភ្លឺមកលើពួកគេ។ ជាង៨០ឆ្នាំក្រោយមក អ្នកទាំងនោះនៅតែទទួលព្រះគុណពីព្រះ ហើយពន្លឺរបស់ទ្រង់បន្តភ្លឺមកលើពួកគេ។ ពន្លឺនោះនឹងមិនឈប់ភ្លឺនោះទេ។ សំរាប់រាស្ត្ររបស់ព្រះយេហូវ៉ា ទ្រង់នឹងមិន«លិច»ដូចជាព្រះអាទិត្យ ឬក៏«ជ្រេ»ដូចជាព្រះចន្ទឡើយ។ ផ្ទុយទៅវិញ ទ្រង់នឹងបន្តតាក់តែងរាស្ត្ររបស់ទ្រង់ដោយបញ្ចាំងពន្លឺមកលើពួកគេជានិច្ចនិរន្តរ៍តទៅ។ នេះជាការធានាដ៏ប្រសើរណាស់! ចំពោះយើងទាំងអស់គ្នាដែលរស់នៅថ្ងៃជាន់ក្រោយបង្អស់នៃលោកីយ៍ដ៏ងងឹតនេះ។
១៤, ១៥. (ក) តើរាស្ត្រទាំងឡាយរបស់ព្រះត្រូវរាប់ជា«សុចរិត»ក្នុងន័យអ្វី? (ខ) តើចៀមឯទៀតរង់ចាំការសម្រេចដ៏សំខាន់អ្វី ស្តីអំពីអេសាយ ៦០:២១?
១៤ សូមស្ដាប់នូវសេចក្ដីសន្យាមួយទៀតរបស់ព្រះយេហូវ៉ា ចំពោះពួកអ្នកនៅលើផែនដីដែលតំណាងស៊ីយ៉ូន ពោលគឺ អ៊ីស្រាអែលនៃព្រះ។ អេសាយ ៦០:២១ ចែងថា៖ «ពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមរដកនៅជាដរាប គេជាមែកដែលអញបានផ្សាំ ជាការដែលដៃអញបានធ្វើ ដើម្បីឲ្យអញបានដំកើង[«តាក់តែង», ព.ថ.]ឡើង»។ នៅឆ្នាំ១៩១៩ ពេលគ្រីស្ទានចាក់ប្រេងតាំងបានត្រូវប្រោសឲ្យមានសកម្មភាពឡើងវិញ ពួកគេជារាស្ត្រមួយក្រុមដ៏ប្លែកណាស់។ ក្នុងរបបលោកីយ៍នេះដែលសឲ្យឃើញថាមានពេញទៅដោយអំពើបាប នោះគ្រីស្ទានចាក់ប្រេងតាំងបានត្រូវ«រាប់ជាសុចរិត»ដោយសារជំនឿមុតមាំរបស់ពួកគេទៅលើយញ្ញបូជាលោះរបស់ព្រះគ្រីស្ទយេស៊ូ។ (រ៉ូម ៣:២៤; ៥:១) រួចមក ដូចជាសាសន៍អ៊ីស្រាអែលដែលបានត្រូវរំដោះពីការឃុំឃាំងនៅបាប៊ីឡូន នោះគ្រីស្ទានចាក់ប្រេងតាំងបានយក«ស្រុក»មួយ គឺជាស្រុកឬក៏វិស័យសកម្មភាពខាងវិញ្ញាណ ដែលមានទីមនោរម្យខាងវិញ្ញាណសំរាប់ពួកគេ។ (អេសាយ ៦៦:៨) ស្រុកនោះគឺខុសគ្នាពីអ៊ីស្រាអែលពីបុរាណ ពីព្រោះភាពស្រស់បំព្រងនៃស្រុកនោះ នឹងមិនដែលស្រពាប់ស្រពោនទេ ពីព្រោះអ៊ីស្រាអែលនៃព្រះនឹងមិនប្រព្រឹត្តដោយឥតស្មោះត្រង់ ដូចអ៊ីស្រាអែលពីបុរាណនោះឡើយ។ ជំនឿ ការស៊ូទ្រាំ និងចិត្តខ្នះខ្នែងរបស់ពួកគេនឹងមិនដែលឈប់នាំមកនូវកិត្ដិយសចំពោះព្រះនាមរបស់ព្រះឡើយ។
១៥ សមាជិកទាំងអស់នៃសាសន៍ខាងវិញ្ញាណនេះបានចូលជាភាគីនៃកិច្ចព្រមព្រៀងថ្មី។ អស់អ្នកទាំងនោះមានក្រិត្យវិន័យរបស់ព្រះយេហូវ៉ាដិតជាប់ក្នុងចិត្តរបស់ពួកគេ ហើយព្រះយេហូវ៉ាបានអត់ឱនទោសចំពោះបាបរបស់ពួកគេដោយផ្អែកលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ (យេរេមា ៣១:៣១-៣៤) ព្រះយេហូវ៉ារាប់អ្នកទាំងនោះថាសុចរិត និងជា«កូន» ហើយទ្រង់ប្រព្រឹត្តទៅលើពួកគេដូចជាពួកគេជាមនុស្សគ្រប់ល័ក្ខណ៍ហើយ។ (រ៉ូម ៨:១៥, ១៦, ២៩, ៣០) ចៀមឯទៀតដែលជាសហការីរបស់អ្នកចាក់ប្រេងតាំង ក៏បានទទួលការអត់ឱនទោសតាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ ហើយពួកគេក៏ត្រូវរាប់ជាសុចរិតនិងជាមិត្តសំឡាញ់របស់ព្រះដោយសារជំនឿរបស់ពួកគេ ដូចលោកអ័ប្រាហាំដែរ។ «គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ ហើយចៀមឯទៀតនេះកំពុងតែរង់ចាំពរដ៏ប្រសើរមួយទៀតដែរ។ ក្រោយអ្នកទាំងនេះរួចរស់ផុតពី«គ្រាវេទនាយ៉ាងធំ» ឬក៏ក្រោយពួកគេត្រូវប្រោសឲ្យរស់ឡើងវិញនោះ ពួកគេនឹងមើលឃើញបន្ទូលនៅអេសាយ ៦០:២១ ក្លាយជាការពិតដោយអត្ថានុរូប ពេលផែនដីទាំងមូលក្លាយជាសួនមនោរម្យ។ (វិវរណៈ ៧:១៤; រ៉ូម ៤:១-៣) នៅពេលនោះ «មនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកដំកើង ៣៧:១១, ២៩
ការរីកចំរើននៅតែមានជាបន្ត
១៦. តើព្រះយេហូវ៉ាបានសន្យាអ្វីដ៏អស្ចារ្យ? ហើយតើនេះបានសម្រេចយ៉ាងដូចម្ដេច?
១៦ ក្នុងខចុងក្រោយក្នុងអេសាយជំពូកទី៦០ យើងអានសេចក្ដីសន្យាចុងបញ្ចប់របស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់ស៊ីយ៉ូនថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេសាយ ៦០:២២) នៅសម័យយើងនេះ ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យាទ្រង់ពិតមែន។ ពេលអ្នកចាក់ប្រេងតាំងត្រូវប្រោសឲ្យមានសកម្មភាពឡើងវិញនៅឆ្នាំ១៩១៩ ពួកគេមានចំនួនតិច គឺពិតជា«អ្នកតូចបំផុត»។ ចំនួនរបស់អ្នកទាំងនោះបានចំរើនឡើងពេលអ្នកផ្សេងទៀតដែលជាអ៊ីស្រាអែលខាងវិញ្ញាណបានត្រូវនាំចូល រួចក្រោយមកចៀមឯទៀតមួយចំនួនកាន់តែច្រើនឡើងៗចាប់ផ្ដើមចូលជាមួយពួកគេដែរ។ សន្ដិភាពក្នុងចំណោមរាស្ត្ររបស់ព្រះ និងទីមនោរម្យខាងវិញ្ញាណនៅ«ស្រុក»របស់ពួកគេ បានទាក់ទាញមនុស្សចិត្តស្មោះជាច្រើនដល់ម្ល៉េះ បានជា«អ្នកតូចបំផុត»បានក្លាយជា«សាសន៍១យ៉ាងពូកែ»។ នៅពេលបច្ចុប្បន្ន «សាសន៍»នេះគឺធំជាងប្រទេសខ្លះលើពិភពលោកនេះ ដោយមានសមាសភាពជាអ៊ីស្រាអែលនៃព្រះព្រមជាមួយមនុស្សជាង៦លាននាក់ទៀតដែលជា«សាសន៍ដទៃ»ដែលបានថ្វាយខ្លួនរួចហើយ។ (អេសាយ ៦០:១០) អស់អ្នកដែលជាអនុរាស្ត្រនោះ ក៏ចូលរួមភ្លឺដោយរស្មីរបស់ព្រះយេហូវ៉ា ដែលធ្វើឲ្យពួកគេល្អស្អាតនៅចំពោះទ្រង់។
១៧. តើការពិចារណានូវអេសាយជំពូកទី៦០បានមានឥទ្ធិពលយ៉ាងណាមកលើអ្នក?
១៧ ពិតណាស់ ការពិចារណានូវចំណុចសំខាន់ៗក្នុងអេសាយជំពូកទី៦០ បានជួយពង្រឹងជំនឿរបស់យើង។ យើងទទួលការលើកទឹកចិត្តមែន ដោយដឹងថាព្រះយេហូវ៉ាបានជ្រាបជាយូរមកហើយថា រាស្ត្ររបស់ទ្រង់នឹងធ្វើនិរទេសខាងវិញ្ញាណ ហើយរួចមកនឹងត្រូវនាំមកវិញ។ យើងនឹកអស្ចារ្យក្នុងចិត្តដែលព្រះយេហូវ៉ាបានទាយជាមុនអំពីការរីកចំរើនដ៏ធំក្រៃលែងក្នុងចំនួនអ្នកថ្វាយបង្គំពិតសព្វថ្ងៃនេះ។ ម្យ៉ាងទៀត ការដឹងថាព្រះយេហូវ៉ានឹងមិនចាកចេញពីយើងឡើយ ជាអ្វីដែលសម្រាលទុក្ខយើងណាស់! សេចក្ដីស្រឡាញ់របស់ទ្រង់គឺសឲ្យឃើញក្នុងការធានាថា ទ្វារកំផែងនៃ«ទីក្រុង»នោះនឹងនៅចំហជានិច្ច ដើម្បីទទួលយ៉ាងរាក់ទាក់អស់អ្នក«សមទទួលជីវិតជារៀងរហូត»! (កិច្ចការ ១៣:៤៨, ព.ថ.) ព្រះយេហូវ៉ានឹងបន្តភ្លឺមកលើរាស្ត្ររបស់ទ្រង់។ ស៊ីយ៉ូននឹងបន្តធ្វើជាហេតុដែលធ្វើឲ្យមានមោទនភាពពេលកូនរបស់គាត់ភ្លឺដោយរស្មីដែលកាន់តែភ្លឺចិញ្ចាចឡើងៗ។ (ម៉ាថាយ ៥:១៦) នេះពិតជាធ្វើឲ្យយើងប្ដេជ្ញាខ្លាំងជាងមុនទៅទៀត ដើម្បីនៅជិតស្និទ្ធនឹងអ៊ីស្រាអែលនៃព្រះនិងបង្ហាញថា យើងស្រឡាញ់ឯកសិទ្ធិភ្លឺដោយពន្លឺរបស់ព្រះយេហូវ៉ា!
តើអ្នកចេះពន្យល់ទេ?
• តើយើងជឿជាក់អ្វី ស្តីអំពីការប្រឆាំង?
• តើកូនរបស់ស៊ីយ៉ូនបាន«បឺតទឹកដោះនៃអស់ទាំងសាសន៍»យ៉ាងដូចម្ដេច?
• តើតាមវិធីណាខ្លះដែលព្រះយេហូវ៉ាបាន‹នាំលង្ហិនឲ្យជំនួសឈើ›?
• តើលក្ខណៈពីរណា ដែលត្រូវបញ្ជាក់នៅអេសាយ ៦០:១៧, ២១?
• តើ«អ្នកតូចបំផុត»បាន«ត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ»យ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៥]
ទោះប្រឈមមុខនឹងការប្រឆាំងដ៏ឃោរឃៅក៏ដោយ ‹ព្រះយេហូវ៉ាតាក់តែងរាស្ត្រទ្រង់ដោយសេចក្ដីសង្គ្រោះ›
[រូបភាពនៅទំព័រ១៦]
រាស្ត្ររបស់ព្រះប្រើទ្រព្យធនរបស់សាសន៍នានា ដើម្បីជួយឲ្យការថ្វាយបង្គំពិតជឿនទៅមុខ
[រូបភាពនៅទំព័រ១៧]
ព្រះយេហូវ៉ាបានប្រទានពរទៅលើរាស្ត្រទ្រង់ឲ្យមាន ការរីកចំរើននិងមានសន្ដិភាពក្នុងអង្គការរបស់ទ្រង់